ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការជំរុញដំណោះស្រាយ លើបញ្ហាព្រំដែនដោយសន្តិវិធី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការជំរុញដំណោះស្រាយ
លើបញ្ហាព្រំដែនដោយសន្តិវិធី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
———–
សំណួរទី ១៖ តើភាគីកម្ពុជាបានអនុវត្តសកម្មភាពអ្វីខ្លះ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?
ចម្លើយ៖ ភាគីកម្ពុជាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស និងជំរុញឱ្យបន្តការងារខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង។ កម្ពុជាក៏បានស្នើឱ្យមានការកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់កិច្ចប្រជុំ JBC និងការចុះវាស់វែងព្រំដែន ដូចជាការចុះបោះបង្គោលបណ្តោះអាសន្ន និងសាងសង់ឡើងវិញនូវបង្គោលចាស់តាមគំរូដើម។ បន្ថែមពីនេះ កម្ពុជាក៏បានស្នើរៀបចំកិច្ចប្រជុំបច្ចេកទេស និងក្រុមប្រតិបត្តិការ(OG) ដើម្បីធានាថាការងារទាំងអស់ត្រូវបានអនុវត្តតាមផែនការដែលបានឯកភាពគ្នាពីមុន និងបន្តទៅមុខដោយសន្តិវិធី និងដោយប្រសិទ្ធភាព។
សំណួរទី ២៖ ហេតុអ្វីបានជាកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ មិនទាន់អាចប្រព្រឹត្តទៅបានតាមការស្នើរបស់កម្ពុជា?
ចម្លើយ៖ កិច្ចប្រជុំមិនទាន់អាចប្រព្រឹត្តទៅបាន ដោយសារភាគីថៃបានស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលថា កំពុងរង់ចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មី បន្ទាប់ពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ ការពន្យារពេលនេះបានបង្កឱ្យដំណើរការដោះស្រាយបញ្ហាព្រំដែនយឺតយ៉ាវ និងប៉ះពាល់ដល់ការអនុវត្តការងារលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពរួចមកហើយ។ បច្ចុប្បន្ន ថៃមានរដ្ឋាភិបាលថ្មី ហើយភាគីកម្ពុជាក៏បានដាក់សំណើជាថ្មីទៅភាគីថៃដើម្បីបើកកិច្ចប្រជុំ JBC និងនៅតែបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីឱ្យដំណើរការកិច្ចប្រជុំនេះ ក៏ដូចជាការងារវាស់វែងជាក់ស្តែងអាចដំណើរការឡើងវិញឱ្យបានឆាប់រហ័ស។
សំណួរទី ៣៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះបញ្ហាព្រំដែន និងសកម្មភាពរបស់ភាគីថៃ?
ចម្លើយ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយតវ៉ាប្រឆាំងសកម្មភាពឈ្លានពានរបស់យោធាថៃ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតពីការប្រើប្រាស់កម្លាំង។ ជាមួយគ្នានេះ កម្ពុជាក៏បញ្ជាក់ថា ការកំណត់ព្រំដែនត្រូវផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍មិនកែប្រែខ្សែព្រំដែន និងសន្ធិសញ្ញាបារាំង-សៀម ព្រមទាំងផែនទី និងឯកសារផ្លូវការដែលបានទទួលស្គាល់។ ទន្ទឹមនឹងនេះ កម្ពុជានៅតែគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងកិច្ចប្រជុំបច្ចេកទេស ពីព្រោះមានតែវិធីនេះទេដែលអាចរក្សាស្ថិរភាព និងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
សំណួរទី ៤៖ តើការពន្យារពេលរបស់ភាគីថៃចំពោះកិច្ចប្រជុំ JBC ប៉ះពាល់អ្វីខ្លះចំពោះចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?
ចម្លើយ៖ ការពន្យារពេលរបស់ភាគីថៃ ចំពោះកិច្ចប្រជុំ JBC បានប៉ះពាល់ដោយផ្ទាល់ដល់ការអនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រោះចំណុចនេះបានកំណត់ឱ្យភាគីទាំងពីរបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សតាមយន្តការ JBC។ ការយឺតយ៉ាវនេះ ធ្វើឱ្យការចុះវាស់វែង និងបោះបង្គោលព្រំដែនមិនអាចអនុវត្តបានតាមផែនការដែលបានឯកភាពគ្នា។
បន្ថែមពីនេះ វាក៏ប៉ះពាល់ផងដែរដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ក្រុមការងារនៅលើទីតាំងជាក់ស្តែង ព្រមទាំងការផ្តល់អាទិភាពដល់តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ជារួមមកការពន្យារពេលនេះ មិនត្រឹមតែធ្វើឱ្យដំណើរការបច្ចេកទេសយឺតយ៉ាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ស្មារតីនៃការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែនផងដែរ៕





