យកអធិបតេយ្យភាពធ្វើជាចំណាប់ខ្មាំងនយោបាយ៖ កំហុសឆ្គងរបស់អ្នកវិភាគកម្ពុជាក្នុងជម្លោះព្រំដែន
#OpEd
អត្ថបទមួយនេះ ខ្ញុំបាទសរសេរមិនមែនក្នុងនាមអ្នកចេះច្បាប់ ឬក្នុងនាមមេធាវីទេ តែក្នុងនាមជាពលរដ្ឋម្នាក់ ដែលកើតឡើង ធំដឹងក្តី ទទួលបានការអប់រំ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមាតុភូមិដែលឆ្លងកាត់ការបែកបាក់ជាច្រើនជំនាន់ តែខ្ញុំនៅតែជាទីស្រលាញ់ពេញចិត្ត ជាមាតុភូមិដែលមានភាពស៊ីវីល័យ វប្បធម៌ សីលធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿង។
ប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងជូរចត់ថា រាល់ពេលដែលជាតិខ្មែរបែកបាក់ គឺជារបត់ដែលប្រទេសជិតខាងតែងតែឆ្លៀតឱកាសជាន់ឈ្លី និងលេបត្របាក់ទឹកដី។ ថ្ងៃនេះ កម្ពុជាកំពុងឈរនៅចំពោះមុខសង្រ្គាមភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងជាថ្មី ពីសំណាក់ចរន្តជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងព្យាយាមឈ្លានពានទាំងលើផ្នែកភូមិសាស្ត្រ វប្បធម៌ និងនិទានកថាប្រវត្តិសាស្ត្ររបស់យើង។
ក្នុងកាលៈទេសៈដ៏ស្ងាត់កំបាំងតែគ្រោះថ្នាក់នេះ អ្វីដែលមាតុភូមិយើងត្រូវការជាបន្ទាន់បំផុត មិនមែនជាការបន្តហែកហួរគ្នាឯង ឬការយកបញ្ហាជាតិមកធ្វើជាល្បែងនយោបាយនោះទេ។ យើងត្រូវការជាចាំបាច់នូវការដាស់ «ស្មារតីជាតិ» មួយដែលបរិសុទ្ធ។ យើងត្រូវការការផ្សះផ្សា និងការរួបរួមជាតិពិតប្រាកដ ដោយហ៊ានលះបង់ចោលនូវរាល់គំនុំ និងការខ្វែងគំនិតគ្នានៅផ្ទៃក្នុង ហើយងាកមកឈរត្រង់ជួរគ្នា បង្កើតជាខែលការពារអធិបតេយ្យភាពជាតិ។ ពីព្រោះថា ប្រសិនបើកម្ពុជាបាត់បង់ទឹកដី អត្តសញ្ញាណ និងភាពថ្លៃថ្នូរជាជាតិសាសន៍ហើយនោះ រាល់សេរីភាព និងការប្រកួតប្រជែងខាងនយោបាយរបស់យើង ក៏លែងមានអត្ថន័យអ្វីទៀតដែរ។
ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទាំងរូបខ្ញុំ សាធារណជនទូទៅ ព្រមទាំងរាជរដ្ឋាភិបាល សុទ្ធតែមានមហិច្ឆតារួមតែមួយ គឺចង់ឃើញកម្ពុជាលេចត្រដែត ជាជាតិសាសន៍ដ៏រឹងមាំ និងមានអំណាចទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ដោយឈរលើឧត្តមគតិស្នេហាជាតិ និងបំណងប្រាថ្នាចង់ឃើញការរួបរួមគ្នាយ៉ាងពិតប្រាកដនេះហើយ ទើបការសង្កេតលើមតិសាធារណៈនាពេលបច្ចុប្បន្ន បានធ្វើឱ្យខ្ញុំមើលឃើញនូវភាពផ្ទុយគ្នាដ៏គួរឱ្យព្រួយបារម្ភមួយ រវាងការអនុវត្តសេរីភាពបញ្ចេញមតិ និងភាពកម្សោយនៃការកសាង “អំណាចជាតិ” (National Power)។
នៅក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសង្គ្រាមព័ត៌មាន (Information Warfare) បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនគ្រាន់តែជាសមរភូមិនៅលើខ្សែបន្ទាត់ព្រំដែន ឬនៅលើតុលាការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសមរភូមិមនោគមវិជ្ជា និងការកសាង «ទឡ្ហីករណ៍ជាតិ» ដ៏រឹងមាំមួយ។
នយោបាយវាយប្រហារគ្នាឯង និងវោហារស័ព្ទ “ឯកភាពជាតិ” ដ៏ស្រពិចស្រពិលនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ គឺជាសសរស្ដម្ភដ៏សំខាន់ដែលមិនអាចខ្វះបាន។ ប៉ុន្តែ អ្វីដែលគេសង្កេតឃើញនៅក្នុងទិដ្ឋភាពនយោបាយកម្ពុជា គឺអ្នកវិភាគ និងអ្នកបង្កើតមាតិកាសង្គមមួយចំនួន បានយកបញ្ហាអធិបតេយ្យភាពជាតិ ដែលជាបញ្ហារស់រានមានជីវិតរបស់ប្រទេស មកធ្វើជាឧបករណ៍សម្រាប់ប្រយុទ្ធក្នុងនយោបាយផ្ទៃក្នុង។
ជំនួសឱ្យការតម្រង់មុខព្រួញទៅរកការគំរាមកំហែងពីខាងក្រៅ ពួកគេបែរជាលើកដៃចង្អុលបន្ទោសរដ្ឋាភិបាលខ្លួនឯង ដោយចោទប្រកាន់ពីការខ្វះការយកចិត្តទុកដាក់ ឬកំហុសឆ្គងក្នុងការដឹកនាំ។ រាល់ពេលមានភាពតានតឹង ឬជម្លោះព្រំដែនកើតឡើង យើងតែងតែសង្កេតឃើញនិន្នាការមួយលេចឡើងជាប្រចាំ គឺការចេញមុខអំពាវនាវរបស់ក្រុមអ្នករិះគន់ទាំងនេះ ដែលស្រែកទាមទារឱ្យមាន “ការផ្សះផ្សាជាតិ” “ការបង្រួបបង្រួមជាតិ” និង “ឯកភាពជាតិ”។ វោហារស័ព្ទទាំងនេះស្តាប់ទៅពិតជាពីរោះ និងមានលក្ខណៈស្នេហាជាតិ។ ប៉ុន្តែ ប្រសិនបើគិតវិភាគឱ្យបានស៊ីជម្រៅ ការអំពាវនាវទាំងនេះច្រើនតែបង្កប់នូវភាពស្រពិចស្រពិល និងគ្មានភាពប្រាកដប្រជា ដែលនាំឱ្យមានសំណួរជាយុទ្ធសាស្ត្រសួរត្រឡប់មកវិញថា៖ តើការទាមទារឱ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិនេះ គឺដើម្បីរួបរួមជាមួយអ្នកណា? ហើយជាមួយក្រុមណាឱ្យប្រាកដ? ប្រសិនបើការស្រែករកការផ្សះផ្សាជាតិនេះ សំដៅលើការទាមទារឱ្យរដ្ឋាភិបាលត្រូវតែសម្របសម្រួលជាមួយក្រុមប្រឆាំង ឬក្រុមនយោបាយណាមួយជាមុនសិន ទើបព្រមរួបរួមគ្នាការពារជាតិនោះ វាមិនមែនជាឯកភាពជាតិពិតប្រាកដឡើយ តែវាគឺជាការយកបញ្ហាអធិបតេយ្យភាពជាតិមកធ្វើជា “ចំណាប់ខ្មាំងនយោបាយ”។
ផលវិបាកដ៏គ្រោះថ្នាក់បំផុតនៃការបន្លំវោហារស័ព្ទនយោបាយនេះ គឺការបន្សាបកម្លាំងជាតិ (Neutralization of National Power)។ ជំនួសឱ្យការប្រមូលផ្តុំកម្លាំងបញ្ញា ស្មារតី និងធនធានទាំងអស់ ឆ្ពោះទៅរកការកសាង “គោលជំហរជាតិរួមតែមួយដ៏រឹងមាំ” ដើម្បីប្រឈមមុខនឹងមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាង ក្រុមអ្នកវិភាគទាំងនោះបែរជាទាញអារម្មណ៍ពលរដ្ឋឱ្យមកខ្វល់ខ្វាយពីលក្ខខណ្ឌនៃការផ្សះផ្សាផ្ទៃក្នុងដែលមិនចេះចប់មិនចេះហើយទៅវិញ។
យុទ្ធសាស្ត្រ៖ ការវាយលុករបស់បរទេស និងភាពទន់ខ្សោយនៃ «ទឡ្ហីករណ៍តបត» កម្ពុជាការបែកខ្ញែកកម្លាំងដោយសារការចោទសួរគ្នាឯងពីបញ្ហាឯកភាពជាតិនេះ បានបង្កើតឱ្យមានចន្លោះប្រហោងខាងយុទ្ធសាស្ត្រដ៏ធំបំផុតរបស់កម្ពុជានៅក្នុងសង្គ្រាមព័ត៌មានបច្ចុប្បន្ន។ នៅក្នុងជម្លោះអន្តរជាតិ ភាគីដែលមានសមត្ថភាពកសាង និងផ្សព្វផ្សាយ ទស្សនទានជាតិ របស់ខ្លួនបានល្អជាង គឺជាអ្នកមានប្រៀប។
នៅពេលដែលសង្គមខ្មែរកំពុងតែវង្វេងវង្វាន់ ភាគីថៃដែលកំពុងមានមហិច្ឆតាលេបត្របាក់ទឹកដី ពួកគេបាននិងកំពុងបន្តសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងសកម្ម តាមរយៈការរុញច្រានព្រំដែន ការផ្លាស់ប្តូរភូមិសាស្ត្រ និងការកសាង ទស្សនទានជាតិនិយម របស់គេយ៉ាងរឹងមាំ។ ក្រុមជាតិនិយមថៃមានភាពប៉ិនប្រសប់ក្នុងការបង្កើត «ទឡ្ហីករណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌» តម្រូវតាមមហិច្ឆតារបស់គេ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម ការអប់រំ និងសកម្មភាពនយោបាយ ពួកគេបានប្រមូលផ្តុំកម្លាំងសរុបរបស់ជាតិគេ ដើម្បីបង្កើតជាសំឡេងតែមួយយ៉ាងគគ្រឹកគគ្រេង។
ផ្ទុយទៅវិញ ក្នុងពេលដែលភាគីម្ខាងទៀតកំពុងវាយលុកផ្នែកមនោគមវិជ្ជា អ្នកវិភាគ និងអ្នកបង្កើតមាតិកាកម្ពុជាមួយចំនួន បែរជាបោះបង់ចោលតួនាទីជាអ្នកការពារផ្លូវច្បាប់ និងប្រវត្តិសាស្ត្រជាតិ។ ជំនួសឱ្យការប្រមូលផ្ដុំឯកសារផ្លូវច្បាប់ (ដូចជាសាលដីកា តុលាការ ICJ ឆ្នាំ១៩៦២ កិច្ចព្រមព្រៀងអន្តរជាតិនានា) ដើម្បីកសាងជា ទឡ្ហីករណ៍តបត (Counter-Argument) ទៅកាន់ទស្សនៈរបស់បរទេស ពួកគេបែរជាបង្វែរសមរភូមិមកវាយប្រហារគ្នាឯង។ ការធ្វើបែបនេះ ស្មើនឹងការបើកទ្វារចំហរឱ្យចរន្តគំនិត និងអំណះអំណាងរបស់បរទេសវាយលុក និងចាក់ឫសយ៉ាងជ្រៅ ទាំងក្នុងឆាកអន្តរជាតិ និងក្នុងស្មារតីយុវជនខ្មែរមួយចំនួន។
កាតព្វកិច្ច និងភាពចាស់ទុំរបស់រដ្ឋាភិបាល៖ ស្ថាបត្យករនៃ “ឯកភាពជាតិ” ពិតប្រាកដ
នៅក្នុងទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ និងនយោបាយការបរទេសនៃប្រទេសជឿនលឿន មានគោលការណ៍មាសមួយគឺ “Politics stops at the water’s edge” (ជម្លោះនយោបាយក្នុងស្រុក ត្រូវតែបញ្ចប់នៅត្រឹមខ្សែបន្ទាត់ព្រំដែន)។ នៅពេលដែលប្រទេសជាតិប្រឈមមុខនឹងបញ្ហាអធិបតេយ្យភាព គ្រប់និន្នាការទាំងអស់ត្រូវតែឈរក្នុងជំហរតែមួយដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែ ការទាមទារឱ្យប្រជាពលរដ្ឋ និងអ្នកវិភាគឈប់រិះគន់ ហើយងាកមករួបរួមគ្នានេះ មិនអាចកើតឡើងដោយឯកឯង ឬកើតចេញពីការបង្ខិតបង្ខំបានឡើយ។
ក្នុងនាមជាអ្នកកាន់អំណាច និងជាស្ថាប័នដែលមានការទទួលខុសត្រូវខ្ពស់បំផុតលើជោគវាសនាជាតិ រដ្ឋាភិបាលត្រូវតែជាអ្នកបោះជំហានមុនគេ ក្នុងការបង្ហាញនូវ «ភាពចាស់ទុំខាងនយោបាយ»។ រដ្ឋាភិបាលគួរតែបើកលំហរ និងទទួលយកជាបណ្តើរៗនូវអ្នកដែលមានមតិផ្ទុយ ដោយមិនត្រូវមើលឃើញរាល់ការរិះគន់ថាជាការវាយប្រហារជានិច្ចនោះទេ។ ទន្ទឹមនឹងនេះ ការពង្រឹងកម្លាំងជាតិទប់ទល់នឹងបរទេស គឺទាមទារជាដាច់ខាតនូវការធ្វើ កំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីលុបបំបាត់ភាពអសកម្ម អំពើពុករលួយ និងភាពអយុត្តិធម៌នានា ក្នុងគោលដៅកសាងទំនុកចិត្តពេញលេញពីសាធារណជនឡើងវិញ។
ជាងនេះទៅទៀត វោហារស័ព្ទនៃការផ្សះផ្សា និងឯកភាពជាតិ មិនត្រូវទុកឱ្យត្រឹមតែជាការអំពាវនាវរបស់អ្នកវិភាគ ឬគ្រាន់តែជាពាក្យស្លោករបស់រដ្ឋនោះទេ។ រដ្ឋាភិបាលខ្លួនឯងត្រូវតែធ្វើជាគំរូ (Lead by example) និងបង្ហាញនូវ ឆន្ទៈនយោបាយពិតប្រាកដ ក្នុងការអនុវត្តគោលជំហរ «ខ្មែរតែមួយ» ដោយបើកច្រកសម្រាប់ការរួបរួម និងបង្រួបបង្រួមជាតិពិតប្រាកដ ដើម្បីប្រមូលផ្តុំធនធានបញ្ញវន្ត និងអ្នកនយោបាយគ្រប់និន្នាការទាំងអស់ មកធ្វើជាខែលការពារមាតុភូមិរួម។
សេចក្តីសន្និដ្ឋាន
សេរីភាពបញ្ចេញមតិ គឺជាគុណតម្លៃប្រជាធិបតេយ្យ ប៉ុន្តែវាមិនត្រូវក្លាយជាអាវុធដែលយករកាប់បំពង់កខ្លួនឯង នៅក្នុងបរិបទនៃការការពារអធិបតេយ្យភាពជាតិនោះទេ។ ការស្រែកហៅរកឯកភាពជាតិដែលប្រហោងក្នុង និងខ្វះគោលដៅច្បាស់លាស់ពីសំណាក់អ្នកវិភាគមួយចំនួន មិនត្រឹមតែមិនបានជួយការពារជាតិទេ តែវាបានក្លាយជាកត្តាបំផ្លាញដោយប្រយោលនូវថាមពលរួមរបស់ខ្មែរ ដែលជាជ័យជម្នះដោយមិនបាច់ច្បាំងរបស់ប្រទេសជិតខាង។
កម្ពុជាកំពុងត្រូវការជាបន្ទាន់នូវការផ្លាស់ប្តូរផ្នត់គំនិតដ៏ទូលំទូលាយ ដែលទាមទារឱ្យមាន ឆន្ទៈនយោបាយពិតប្រាកដ ទាំងពីសំណាក់រដ្ឋាភិបាលក្នុងការកែទម្រង់ខ្លួនឯង និងភាពចាស់ទុំពីសំណាក់អ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយ។ ប្រសិនបើសង្គមខ្មែរនៅតែបន្តវង្វេងនៅក្នុងការប្រើប្រាស់បញ្ហាព្រំដែន ជាឧបករណ៍សម្រាប់វាយប្រហារគ្នាឯងខាងនយោបាយផ្ទៃក្នុង នោះយើងនឹងបន្តបរាជ័យក្នុងការកសាង ទឡ្ហីករណ៍ជាតិ មួយដែលរឹងមាំ ហើយយើងនឹងក្លាយជាអ្នកចាញ់នៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយ។ ឯកភាពជាតិពិតប្រាកដ ចាប់ផ្ដើមចេញពីការកសាងទំនុកចិត្តរវាងខ្មែរនិងខ្មែរ និងការកំណត់ឱ្យច្បាស់ថា នរណាជាដៃគូប្រកួតប្រជែងពិតប្រាកដនៅលើឆាកអន្តរជាតិ៕
លោកមេធាវី ឡុង បញ្ញាវុឌ្ឍ គឺជាស្ថាបនិកក្រុមហ៊ុនមេធាវី PAN & Associates Law Firm។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈរបស់លោកផ្ទាល់។





