Grand News Asia Close

ទាក់ទងនឹងជំហរការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1050
ទាក់ទងនឹងជំហរការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងជំហរការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហរការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
———–

– សំណួរទី ១៖ ទន្ទឹមនឹងការឈ្លានពានឥតឈប់ឈររបស់ថៃ តើរាជរដ្ឋាភិបាលកំពុងអនុវត្តសកម្មភាព និងវិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី?

– ចម្លើយ៖ កម្ពុជាបានជ្រើសរើសយកជម្រើសសន្តិភាព និងផ្អែកលើច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ហើយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មលើវិស័យការទូតពីព្រោះវាជាមធ្យោបាយសន្តិវិធីដែលមិនបង្ហូរឈាម ដោយប្រើប្រាស់យន្តការ JBC និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងរយៈពេលកន្លងមក កម្ពុជាបានតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពរំលោភបំពាននានា ហើយក្រសួង និងស្ថាប័នពាក់ព័ន្ធក៏បានចេញសេចក្តីប្រកាសព័ត៌មាន លិខិតតវ៉ា សេចក្តីថ្លែងការណ៍ និងការបំភ្លឺជាច្រើនលើកជាប់ៗគ្នាផងដែរ ព្រមទាំងរៀបចំសន្និសីទសារព័ត៌មានដោយធ្វើបច្ចុប្បន្នភាពជូនពលរដ្ឋជ្រាបជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងអ្នកសង្កេតការណ៍ទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាញឹកញាប់។ ទាំងនេះបង្ហាញថា រាជរដ្ឋាភិបាលពិតជាបានធ្វើសកម្មភាពជាក់ស្តែងយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី។ តាមរយៈសកម្មភាពទាំងនេះ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងទូលំទូលាយអំពីភាពជាជនរងគ្រោះរបស់កម្ពុជាដោយការឈ្លានពានរបស់ថៃ និងបានយល់ពីការតស៊ូការពារទឹកដីដោយមធ្យោបាយត្រឹមត្រូវដែលនោះគឺជាជម្រើសសន្តិភាព។

– សំណួរទី ២៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលផ្តល់អាទិភាពដល់យន្តការការទូត និងច្បាប់អន្តរជាតិ ជំនួសឱ្យ ការប្រើប្រាស់កម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

– ចម្លើយ៖ ភាពខ្លាំងពិតប្រាកដគឺអាស្រ័យលើដំណោះស្រាយយូរអង្វែង មិនមែនជាការប៉ះទង្គិចគ្នាបណ្តោះអាសន្ននោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ថា «បើទោះបីជាកងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារមាតុភូមិក៏ដោយ ក៏ការបង្ហូរឈាមមិនមែនជាដំណោះស្រាយនោះឡើយ»។ តាមរយៈការប្រើប្រាស់យន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ប្រទេសទាំងពីរអាចទទួលបានសេចក្តីសម្រេចពិតប្រាកដមួយដែលមានការទទួលស្គាល់ជាសកល និងអាចកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនដែលខុសពីជម្លោះប្រដាប់អាវុធដែលបង្កការលំបាកដល់ប្រជាពលរដ្ឋនៅតាមព្រំដែន និងបង្កអស្ថិរភាពសេដ្ឋកិច្ច។ នេះហើយជាហេតុផលដែលរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតដល់ការដោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូត និងចៀសវាងការប្រើកម្លាំងប្រដាប់អាវុធ៕

អត្ថបទទាក់ទង