Grand News Asia Close

ការអភិវឌ្ឍន៍ និងការផ្ដល់ជំនួយ​ ផ្សាភ្ជាប់ជាមួយការកំរាមកំហែង៖ ទិសដៅបន្តរបស់កម្ពុជា

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1008
ការអភិវឌ្ឍន៍ និងការផ្ដល់ជំនួយ​ ផ្សាភ្ជាប់ជាមួយការកំរាមកំហែង៖ ទិសដៅបន្តរបស់កម្ពុជា ពិធីសម្ពោធកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ រូបថត រដ្ឋបាល​ខេត្ត​កំពង់ធំ

#វិភាគសង្គម

កាលពីពេលថ្មីៗនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងក្នុងការកាត់ជំនួយទៅដល់ប្រទេសហ្សាំប៊ិក ពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប្រសិនបើការទាមទាររបស់អាមេរិកមិនអាចទទួលបានការឯកភាពលើការស្នើប្រើប្រាស់រ៉ែរបស់ប្រទេសនេះ។ នេះយោងទៅតាមការរាយការណ៍របស់ការសែត The New York Times។​​

សហរដ្ឋអាមេរិកបានទុកពេលជូនប្រទេសហ្សំប៊ិក ដើម្បីធ្វើការចរចារហូតដល់ខែឧសភា ហើយក្នុងករណីការចរចាមិនបានជោគជ័យ ការណ៍នោះនឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សប្រមាណ ១,៣លាននាក់ភ្លាមៗ ដែលបាននិងកំពុងប្រើប្រាស់ជំនួយផ្នែកវេជ្ជសាស្រ្តពីសហរដ្ឋអាមេរិក។

ជាការពិតណាស់នៅក្នុងអាណត្តិ​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងអាណត្តិទី២ នេះ រដ្ឋបាលរបស់លោកបាននិងកំពុងអនុវត្តគោលនយោបាយការបរទេស «ជនជាតិអាមេរិកត្រូវឈានមុខគេ -​ The American First» ឬអ្វីៗ​ត្រូវ​ផ្ដល់​អាទិភាពលើ​ជនជាតិ​អាមេរិក។ ក្នុងន័យនេះ ប្រសិនបើប្រទេស ឬអង្គការណាមួយមិនអាចផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិកនោះ គឺរដ្ឋបាលរបស់លោកមិនញញើតក្នុងការកាត់បន្ថយ ឬកាត់ផ្ដាច់ជំនួយទាំងស្រុងទៅដល់ប្រទេស ឬអង្គភាពនោះឡើយ។ ហេតុផលនេះ ការចរចាដើម្បីបន្តទទួលជំនួយពីសហរដ្ឋអាមេរិក រួមជាមួយនឹងភាពបត់បែនយ៉ាងលឿនរបស់លោក ត្រាំ គឺជាវិញ្ញាសារដ៏ពិបាកមួយដល់ប្រទេសទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ។

ប្រសិនបើយើងក្រឡេកមើលមកប្រទេសកម្ពុជាវិញ កម្ពុជានៅតែមានការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប៉ុន្តែមិនទាំងស្រុងនោះឡើយ ដោយ​ហេតុ​ថា​សហរដ្ឋអាមេរិកចូលរួមប្រមាណ ១៥ ភាគរយនៃយុទ្ធនាការសរុប។ កម្ពុជាបាននិងកំពុងព្យាយាមបន្តធ្វើពិពិធកម្មដៃគូសហប្រតិបត្តិការមិនត្រឹមតែផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងវិស័យផ្សេងៗទៀតផងដែរដូចជាវិស័យពាណិជ្ជកម្ម និងផលិតកម្មជាដើម។ ជាក់ស្ដែងកាលពីពាក់កណ្ដាលឆ្នាំ២០២៥ នៅខណៈពេលដែលសហរដ្ឋអាមេរិកបានចេញយុទ្ធនាការកាត់បន្ថយការចំណាយរបស់ខ្លួនតាមរយៈការបង្កកជំនួយផ្សេងៗ ទូទាំងសកលលោករួមបញ្ចូលទាំងជំនួយផ្នែកវេជ្ជសាស្រ្តផងដែរនោះ ភ្លាមៗនោះកម្ពុជា​បានប្រកាសការសហការជាមួយនឹងដៃគូអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ តួយ៉ាង UNAIDS។ ក្នុងន័យនេះ ហានិភ័យដែលសហរដ្ឋអាមេរិកប្រើប្រាស់យុទ្ធសាស្រ្តដូចប្រទេសហ្សាំប៊ិក មកលើកម្ពុជា គឺមានទាប។

តើការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) បាននាំមកនូវឱកាស និងការគំរាមកំហែងអ្វីខ្លះដល់កម្ពុជា?

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦​ កន្លងទៅ ​ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្ត្រអាមេរិក Charles River Laboratories (CRL) បានវិនិយោគជាង ៥០០ លានដុល្លារនៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគផ្ទាល់ពីបរទេសធំជាងគេមួយរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនៅក្នុងពិធីថា «គម្រោងវិនិយោគនេះនឹងបង្កើតការងារថ្មី បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលជំនាញ និងពង្រឹងសេដ្ឋកិច្ចជនបទ ក៏ដូចជាជួយកម្ពុជាឱ្យក្លាយជាផ្នែកសំខាន់មួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ជីវវិទ្យា និងសុខាភិបាលអន្តរជាតិ»។ ចំណែកលោកស្រី Shannon M. Parisotto អគ្គនាយកប្រតិបត្តិជាន់ខ្ពស់របស់ CRL បានថ្លែងថា «វិនិយោគនេះមិនមែនត្រឹមតែជាទុនប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយុទ្ធសាស្ត្ររយៈពេលវែងជាមួយកម្ពុជា ផ្អែកលើទំនុកចិត្ត និងអត្ថប្រយោជន៍រួម ហើយក្រោមការដឹកនាំរបស់ CRL កម្ពុជានឹងក្លាយជាផ្នែកសំខាន់ និងទុកចិត្តបានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល»។

នៅខណៈពេលដែលមានការលើកឡើងបែបវិជ្ជមានពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា ក៏មានការបង្ហាញកង្វល់មួយចំនួននៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងការវិនិយោគនេះ ដែលបណ្ដាលមកពីប្រវត្តិរបស់ក្រុមហ៊ុនខាងលើផ្សាភ្ជាប់ទៅនឹងការជួញដូរសត្វព្រៃ ដែលធ្លាប់ធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាផងដែរ។ បន្ថែម​ពី​លើ​នេះ​ក៏​មានការយល់ឃើញថា ដើម្បីជំរុញឱ្យមានតម្លាភាព និងមានភាពជាម្ចាស់លើការអនុវត្ត គប្បីមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក។

ជាក់ស្ដែង ការចូលរួមពីអ្នកវិនិយោគក្នុងស្រុកនឹងធ្វើឱ្យការវិនិយោគនោះមានភាពជាម្ចាស់ដល់កម្ពុជា ប៉ុន្តែមិនមែនជាការចង់បានរបស់អ្នកវិនិយោគនោះឡើយ ដោយហេតុថាអ្នកវិនិយោគចង់មានការគ្រប់គ្រង និងភាពជាម្ចាស់លើដំណើរការ និងការសម្រេចចិត្តនានារបស់ខ្លួន ពិសេសការការពារចំណូល និងបច្ចេកវិទ្យា។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានការចង់បានអ្នកវិនិយោគចូលមកដាក់ទុនដើម្បីកំណើនការងារ និងសេដ្ឋកិច្ច កម្ពុជានៅមិនអាចដាក់ការរឹតត្បិតខ្លាំងពេកសម្រាប់អ្នកវិនិយោគនោះឡើយ ប៉ុន្តែមិនមែនមានន័យថាកម្ពុជាត្រូវបិទភ្នែកអនុញ្ញាតឱ្យបណ្ដាអ្នកវិនិយោគប្រព្រឹត្តអំពើមិនគប្បីនៅក្នុងប្រទសកម្ពុជាឡើយ។

ដើម្បីចៀសវាងរឿងហេតុដែលធ្វើបានកើតមានឡើងកាលពីអតីតកាល និងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាគប្បីត្រូវមានគ្របខណ្ឌច្បាប់ និងបទបញ្ញត្តិច្បាស់លាស់មួយសម្រាប់ការអនុវត្តតាមរយៈរបាយការណ៍ដែលអាចទុកចិត្ត និងផ្ទៀងផ្ទាត់បានដែលស្របតាមស្តង់ដារថែទាំសត្វ និងបរិស្ថានដែលទទួលស្គាល់ជាអន្តរជាតិ។ បន្ថែមពីនេះអង្គភាពដែលមានសមត្ថិកិច្ចត្រូវអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសអនុញ្ញាតឱ្យមានការចូលរួមពីប្រជាជនដែលរស់នៅក្នុងសហគមន៍ដើម្បីទទួលការឯកភាព និងកាត់បន្ថយផលប៉ះពាលជាអតិបរិមា ដើម្បីការពារសត្វព្រៃ និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ៕

ឆាយ វណ្ណៈ គឺជាអ្នកសារព័ត៌មានផ្នែកសង្គម នយោបាយ។ ទស្សនៈដែល​បាន​លើកឡើង​ គឺជា​ទស្សនៈ​របស់​លោក​ផ្ទាល់។

-Phnom Penh Post-
———————

អត្ថបទទាក់ទង