វិភាគអន្តរជាតិ៖ លោក ត្រាំ កំពុងបង្ហាញចិន ចង់យកតៃវ៉ាន់ត្រូវធ្វើដូចម្ដេច?
(វ៉ាស៊ីនតោន)៖ ចាប់តាំងពីត្រឡប់មកកាន់អំណាចកាលពីឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារជាច្រើនរាប់ចេញពីតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកខាងកើតដោយកំណត់គោលដៅលើទូកសង្ស័យដឹកគ្រឿងញៀន រហូតដល់ការរួមដៃគ្នាជាមួយអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងនឹងអ៉ីរ៉ង់ដល់ទៅ២លើក កាលពីឆ្នាំខែមិថុនា ឆ្នាំ២០២៥ និងកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ លោក ត្រាំក៏បានបញ្ជាផងដែរឱ្យយោធាអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនមេដឹកនាំនៃប្រទេសនេះគឺលោក នីកូឡាស ម៉ាឌូរ៉ូ យកទៅកាត់ទោសនៅសហរដ្ឋអាមេរិក ស្របពេលកំពុងខ្ទប់ដង្ហើមគុយបាសន្សឹមៗតាមរយៈការបិទខ្ទប់ប្រេង ក្រោមក្ដីសង្ឃឹមថាការបិទខ្ទប់នេះនឹងបង្កទៅជាវិបត្តិមនុស្សធម៌ដែលត្រួសត្រាយផ្លូវឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើគុយបា។
សកម្មភាពទាំងអស់នេះរបស់លោក ត្រាំ ធ្វើឡើងដោយរំលងច្បាប់អន្តរជាតិ ហើយអ្នកដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតគឺចិន។ ជាពិសេសក្នុងករណីគុយបា បាននិងកំពុងផ្ដល់ឧទាហរណ៍ ដ៏មានប្រយោជន៍មួយសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង យកទៅអនុវត្តតាមក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់លោកនៃការបង្រួបបង្រួមជាមួយតៃវ៉ាន់នៅពេលអនាគត។ និយាយឱ្យងាយយល់ អ្វីដែលលោក ត្រាំបានធ្វើ វាបានបង្ហាញពីវិធីសាស្ត្រដែលកំពូលមហាអំណាចមួយអាចច្របាច់កប្រទេសមួយឱ្យឱនក្បាលសុំចុះចាញ់។ ប្រទេសទាំងអស់នៅលើពិភពលោកពឹងផ្អែកលើប្រព័ន្ធសំខាន់ៗ ជាច្រើនរួមមានស្បៀងអាហារ ទឹក ការដឹកជញ្ជូន និងទូរគមនាគមន៍។ ប៉ុន្តែប្រព័ន្ធមួយដែលអាចគ្រប់គ្រងលើប្រព័ន្ធទាំងអស់នេះគឺ «ថាមពលអគ្គិសនី»។ នៅពេលប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដួលរលំ ប្រព័ន្ធសំខាន់ៗដទៃទៀតក៏នឹងដួលរលំទៅជាមួយដែរ ហើយក្នុងករណីបែបនេះប្រទេស ឬដែនដីដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈដើម្បីដំណើរការប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីគឺងាយរងគ្រោះ ជាងគេបំផុត។
ជាឧទាហរណ៍៖ ដូចជាករណីគុយបាដែលពឹងផ្អែកជាយូរណាស់មកហើយលើការនាំចូលប្រេងពីវ៉េណេស៊ុយអេឡា និងម៉ិកស៉ិក លោក ត្រាំ បានទាញយកប្រយោជន៍ពីភាពងាយរងគ្រោះនេះតាមរយៈ ការអនុវត្តការបិទខ្ទប់ទាំងស្រុងមិនឱ្យប្រេងហូរចូលទៅកាន់គុយបា។ ប្រជាជនគុយបារាប់លាននាក់កំពុងប្រឈមមុខគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ រីឯស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតមួយចំនួនត្រូវបិទទ្វារ ហើយត្រាក់ទ័រសម្រាប់ធ្វើកសិកម្ម និងរថយន្តដឹកទំនិញនានាត្រូវផ្អាកសកម្មភាពដោយសារខ្វះប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងត្រដាបត្រដួសដោយសារតែអគ្គិសនីម្ដងមាន ម្ដងដាច់។ ការបិទខ្ទប់នេះជាឧបករណ៍មួយដែលលោក ត្រាំ កំពុងប្រើប្រាស់ដើម្បីដាក់សម្ពាធលើរបបដឹកនាំគុយបាដែលលោក ត្រាំ ព្យាករថានឹងដួលរលំឆាប់ៗ។
សម្រាប់លោក ស៊ី ជីនពីង វិធីសាស្ត្របិទខ្ទប់របស់លោក ត្រាំ លើគុយបាអាចយកមកប្រើការបាន ជំនួសឱ្យការធ្វើសង្រ្គាមទ្រង់ទ្រាយធំលើកទ័ពឆ្លងសមុទ្រវាយចូលតៃវ៉ាន់ដែលជាសេណារីយ៉ូដ៏គ្រោះថ្នាក់ និងប្រថុយប្រថានមួយដែលទំនងជានឹងបង្ខំឱ្យសហរដ្ឋអាមេរិក និងជប៉ុនលូកដៃធ្វើអន្តរាគមន៍ជួយតៃវ៉ាន់។ តាមក្រុមអ្នកជំនាញ ជំនួសឱ្យការបាញ់មីស៊ីលលើទីក្រុងតៃប៉ិ ឬសម្រុកឡើងលើឆ្នេររបស់តៃវ៉ាន់ ចិនអាចនឹងប្រើប្រាស់វិធីសាស្ត្រ «ធ្វើចត្តាឡីស័ក» នៅក្រោមកម្រិតនៃការបិទខ្ទប់ទាំងស្រុងនៅជុំវិញកោះតៃវ៉ាន់ដោយអនុញ្ញាតឱ្យនាវាឆ្មាំសមុទ្រចិនបញ្ឈប់ ឬទប់ស្កាត់កុំឱ្យកប៉ាល់ដឹកប្រេងចូលទៅកាន់ កំពង់ផែតៃវ៉ាន់ ក្រោមហេតុផលត្រួតពិនិត្យសុវត្ថិភាព ឬប្រតិបត្តិការប្រឆាំងនឹងការរត់ពន្ធ។ ការបង្កការរំខានទោះបីជាតិចតួចក៏ដោយ តែវានៅតែអាចរាំងស្ទះដល់ការផ្គត់ផ្គង់យ៉ាងឆាប់រហ័ស ហើយម្យ៉ាង ដោយសារតៃវ៉ាន់នាំចូលស្ទើរតែទាំងស្រុងឥន្ធនៈក្នុងនោះភាគច្រើនឧស្ម័ន LNG ការកកស្ទះកប៉ាល់ដឹកឧស្ម័ន LNG នៅឯសមុទ្រអាចនឹងបង្កឱ្យមានការខ្វះខាតថាមពលក្នុងពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
ដូចគ្នានឹងគុយបា តៃវ៉ាន់អាចប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីដែលអាចនឹងបង្កការរំខានដល់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងមន្ទីរពេទ្យ ព្រមទាំងឧស្សាហកម្មផលិតសំខាន់ៗរួមមានរោងចក្រផលិតបន្ទះឈីប ដែលសេដ្ឋកិច្ចឌីជីថលសកលត្រូវការជាចាំបាច់ អាចនឹងគាំងដំណើរការ។ នៅទីនេះ គោលដៅមិនមែនការបង្ខំឱ្យចុះចាញ់ភ្លាមៗនោះទេ តែជាការខ្ទប់ដង្ហើមបន្តិចម្ដងៗ។ ក្នុងសេណារីយ៉ូតៃវ៉ាន់ ចិនអាច រង់ចាំរហូតដល់មានវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌កើតឡើងធ្ងន់ធ្ងររហូតដល់កម្រិតដែលអាចប្រើវាជាហេតុផលធ្វើអន្តរាគមន៍រក្សាស្ថិរភាពនៅតៃវ៉ាន់ និងសង្រ្គោះប្រជាជនតៃវ៉ាន់។ នៅក្រោមច្បាប់អន្តរជាតិ ការបិទខ្ទប់ជាសកម្មភាពសង្រ្គាម តែការធ្វើចត្តាឡីស័ក ឬការត្រួតពិនិត្យពន្ធគយអាចនឹងត្រូវបានចាត់ទុកថាជាសកម្មភាពអនុវត្តច្បាប់ ជាជាងជាសកម្មភាពយោធា។ ដូច្នេះចិនដែលតែងតែអះអាងជា រឿយៗថា តៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន អាចនឹងអះអាងថាការធ្វើចត្តាឡីស័កតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងនៃការអនុវត្តច្បាប់តែប៉ុណ្ណោះ។
ម្លោះហើយថាតើសហរដ្ឋអាមេរិក និងជប៉ុនអាចនឹងប្រថុយគ្រោះថ្នាក់ធ្វើសង្រ្គាមជាមួយចិនដើម្បីតៃវ៉ាន់ នៅក្រោមសេណារីយ៉ូដោយគ្រាន់តែប៉េកាំងធ្វើចត្តាឡីស័កតៃវ៉ាន់ក្រោមការអនុវត្តច្បាប់ពន្ធគយ ដែរ ឬក៏យ៉ាងណា? ចម្លើយលោក Brahma Chellaney ជាសាស្ត្រចារ្យផ្នែកសិក្សាពីយុទ្ធសាស្ត្រមកពីស្ថាប័ន Center for Policy Research មានមូលដ្ឋានក្នុងទីក្រុងញូវដែលី យល់ថាគឺ «ទេ» ជាពិសេសក្នុងពេលមួយដែលសហរដ្ឋអាមេរិកបានចំណាយធនធានយោធា និងលុយ ដោយសារតែការធ្វើអន្តរាគមន៍យោធារបស់លោក ត្រាំនៅក្រៅប្រទេស។ លើសពីនេះទៅទៀត ប្រទេសផ្សេងទៀត ក៏ប្រហែលជានឹងស្ទាក់ស្ទើរក្នុងការចូលរួមការពារតៃវ៉ាន់ផងដែរ។ ដូចដែលសហរដ្ឋអាមេរិកប្រើប្រាស់ពន្ធគយសម្លុតគំរាមកុំឱ្យប្រទេសទី៣ ដូចជាម៉ិកស៉ិកបន្តផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា ចិនអាចនឹងប្រើ អំណាចសេដ្ឋកិច្ច និងតួនាទីដ៏សំខាន់របស់ខ្លួនក្នុងពាណិជ្ជកម្មពិភពលោក រួមទាំងការរឹតត្បិតការនាំចេញរ៉ែកម្រដើម្បីកំញើញទប់ស្កាត់កុំឱ្យប្រទេសដទៃលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។
ពួកប្រទេសកំពូលមហាអំណាចសុទ្ធតែកំពុងរៀនសូត្រពីគ្នាទៅវិញទៅមក ដោយការធ្វើសកម្មភាពណាមួយអាចនឹងក្លាយជាឧទាហរណ៍ ឬគំរូទាំងបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះអ្វីដែលកំពុងកើតឡើង លើគុយបា មិនមែនជាគ្រោះថ្នាក់ដែលកើតឡើងតែម្ដងនោះទេ តែវាអាចនឹងក្លាយជាគំរូសម្រាប់ការធ្វើតេស្ដ និងការអនុវត្តត្រៀមធ្វើសកម្មភាពជាក់ស្ដែង។ ប្រសិនបើពិភពលោកឈរឱបដៃមើលលោក ត្រាំ ច្រចាច់កគុយបាដែលមានប្រជាជន១១លាននាក់ឱ្យដាច់ខ្យល់ នោះលោក ស៊ី ជីនពីងក៏នឹងមិនមានហេតុផលអ្វីត្រូវខ្លាចអនុវត្តវិធីសាស្ត្រដូចគ្នានេះលើតៃវ៉ាន់ដែលមានប្រជាជន ២៣លាននាក់នោះដែរ៕
-Fresh News-






