Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍ លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេស ដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 299
អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍ លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេស ដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍ លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេស ដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា

 

(ភ្នំពេញ)៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុក បំពេញការងារតាមផែនការ និងការចង់បានរបស់ខ្លួន។ ផែនការ និងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថា មិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជា ល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោមលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានដឹកនាំកិច្ចប្រជុំសម្ងាត់ជាមួយសង្គមស៊ីវិលក្នុងស្រុក រួមមានអង្គការអាដហុក Adhoc, អង្គការសង់ត្រាល់របស់ មឿន តុលា, អង្គការខុមហ្វ្រែលជាដើមក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្របន្ថែមដល់អង្គការទាំងនេះ ក្នុងការអុកឡុកការបោះឆ្នោត ដោយពួកគេបានរៀបចំដាក់អ្នកសង្កេតការណ៍នៅតាមការិល័យបោះឆ្នោតនានា និងរៀបចំសេចក្តីថ្លែងការណ៍រួចឱ្យហើយ និយាយអាក្រក់ពីការបោះឆ្នោតនៅកម្ពុជា។

ពួកគេមិនបានឱ្យតម្លៃលើការរៀបចំដោយរលូន និងត្រឹមត្រូវតាមនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ហើយក៏បានបន្ទាបបន្ថោកសិទ្ធិសេរីភាពនៃការសម្តែងមតិរបស់ពលរដ្ឋកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់កម្ពុជា ដែលអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានច្រើនលើសលុបរហូតដល់ ៨៤,៥៨% ដែលជាចំនួនដ៏ច្រើនក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនោះអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ដែលទទួលការគាំទ្រលុយពីអង្គការបណ្តាញអាស៊ីដើម្បីបោះឆ្នោតសេរី (ANFREL) បានដាក់អ្នកសង្កេតការណ៍ជាង ៥០០០នាក់ ចល័តតាមការិយាល័យបោះឆ្នោតដើម្បីបង្គ្រប់កិច្ច និងចេញសេចក្តីថ្លែងការណ៍តាមការរៀបចំនិងការចង់បានរបស់បរទេស។ ជាមួយគ្នានេះ អង្គការអន្តរជាតិនានានៅក្រៅប្រទេសដូចជា CIVICUS monitor, Human Rights Watch, Amnesty International រួមនឹងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រថវិកាដោយបរទេស និងអ្នកកាសែតបរទេសមួយចំនួន ចាំបន្ទរតាមដើម្បីបង្កើតឱ្យមានភាពស្រអាប់ និងលាបពណ៌ថាការបោះឆ្នោតក្លែងក្លាយ មិនសេរី មិនយុត្តិធម៌ មានការគំរាមកំហែងជាដើមស្របតាមផែនការកំណត់។

ហេតុដូច្នេះ បានជាទាំងមុន និងក្រោយការបោះឆ្នោត ក្រុមប្រឆាំងជ្រុលនិយម រួមនឹងប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការប្រឆាំងកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន បរទេស និងរដ្ឋបរទេសបានចេញមកធ្វើប្រតិកម្មលើដំណើរការបោះឆ្នោតកម្ពុជា ដោយវាយតម្លៃផ្ទុយពីស្ថានភាពពិតប្រាកដដែលត្រូវបានពលរដ្ឋខ្មែរ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថាប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពគ្រប់គ្រាន់។

នេះបង្ហាញយ៉ាងច្បាស់ពីមុខមាត់ពិតនៃអង្គការសង្គមស៊ីវិលដូចជា អង្គការខុមហ្វ្រែល ដែលស៊ីឈ្នួលបរទេសដើម្បីអនុវត្តផែនការ និងធ្វើតាមការចង្អុលបង្ហាញរបស់បរទេស។ នេះក៏មិនមែនជារឿងចម្លែកដែរព្រោះអង្គការសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលបរទេសយូរមកហើយ ហើយចលនាបដិវត្តន៍ពណ៌នាពេលកន្លងទៅ អង្គការទាំងនេះក៏មានឈ្មោះក្នុងនោះដែរ។

ការបោះឆ្នោតកាលពីឆ្នាំ២០១៣ ពួកគេបានបង្កើតបន្ទប់ស្ថានការណ៍ដើម្បីបំភ្លៃការពិត និងបញ្ឆេះបដិវត្តន៍ពណ៌នៅកម្ពុជា។ រហូតមកដល់ពេលនេះ ឧបាយកលទុច្ចរិតទាំងនេះមិនត្រូវបានបោះបង់ទេ ពួកគេនៅតែរក្សាដដែល ដោយគ្រាន់តែមិនចេញមុខជាចំហដូចពីមុនតែប៉ុណ្ណោះ។​

យុទ្ធសាស្ត្របរទេសដែលធ្លាប់ប្រើដើម្បីផ្តួលរំលំរដ្ឋាភិបាលនានាតាមរយៈបដិវត្តន៍ពណ៌ដែលប្រើប្រាស់ក្រុមបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលគឺ៖

ទី១៖ ផ្តល់ការគាំទ្រថវិកាដល់បក្សប្រឆាំងនិងសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល

ទី២៖ ធ្វើឃាតនយោបាយតាមរយៈការដាក់ទណ្ឌកម្មនយោបាយផ្សេងៗ

ទី៣៖ ធ្វើឃាតសេដ្ឋកិច្ចតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ទី៤៖ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដើម្បីទាញយកសាធារណមតិឱ្យជឿលើខ្លួន

និងទី៥៖ បង្កើតឱ្យមានចលាចលសង្គមដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបឈរបះបោរតាមរយៈបដិវត្តន៍ពណ៌។

វិធីសាស្ត្រទាំង ៥ នេះត្រូវបានគេប្រើប្រាស់អស់ហើយនៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យដោយសារតែអាយ៉ងរបស់ពួកគេផ្ទាល់ធ្វើឱ្យបែកធ្លាយផែនការ។

ពលរដ្ឋខ្មែរនឹងចងចាំនូវទង្វើប្រឆាំងជាតិសាសន៍ខ្លួនឯងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបាន ឃុបឃិតជាមួយបរទេសធ្វើទុកបុកម្នេញមកលើសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ រដ្ឋបរទេសគួរគោរពនូវ ឯករាជភាពរបស់កម្ពុជា និងត្រូវចេះទទួលស្គាល់សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ។

ពលរដ្ឋខ្មែរចំនួន ៨៤,៥៨% ស្មើប្រមាណជាង ៨,២លានចេញទៅបោះឆ្នោត បានបង្ហាញយ៉ាងច្បាស់ពីដំណើរការលទ្ធិប្រជាធិបតេ្យដ៏រឹងមាំរបស់កម្ពុជា ហើយពលរដ្ឋជាង ៦,៣ លាននាក់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ បង្ហាញពីការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសយកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ មិនជ្រើសរើសយកក្រុមជនក្បត់ជាតិដែលបម្រើផលប្រយោជន៍បរទេសឡើយ៕

ដោយចៅចាក់ស្មុក​

រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង