Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលនៅឯវេទិការតំបន់៖

នៅក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនកិច្ចប្រជុំអំពីការវិវត្តថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសកម្មភាពនានាដើម្បីតាមដានការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់ជាលើកទី២។ ប្រមុខការទូតកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ក្នុងការសម្របសម្រួលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាននានាសម្រាប់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួមចំណែកបញ្ជូនកងកម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបសហការីអាស៊ានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ ក៏បានបង្កើតការរៀបចំ និងកិច្ចព្រមព្រៀងនានា ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង និង ជំហានជាក់ស្តែងឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី ស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ គឺមិនប៉ះពាល់ដល់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ប្រទេសទាំង២បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់ដ៏ចាំបាច់នៃការពង្រឹងបទឈប់បាញ់លើកទី២ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែនតាមរយៈទំនាក់ទំនងបើកចំហនិងដោយផ្ទាល់ ការជឿទុកចិត្តគ្នាទៅវិញទៅមក វិធានការកសាងទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។ ជាក់ស្តែង នៅពេលដែលកិច្ចប្រជុំនេះកំពុងប្រព្រឹត្តទៅ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩,៦៣៥ នាក់ មកពី ២,៤៤៨ គ្រួសារ នៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានព្រោះមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញចោល។ ជាលទ្ធផល ពួកគេបន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នានិងបង្ហាញការប្តេជាចិត្តនៅក្នុងកិច្ចព្រមព្រៀងក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និងស្មោះត្រង់ក្នុងការរក្សានិងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងអាចស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែនប៉ុណ្ណោះទេ តែវាថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ាន ឱ្យបន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា “ប្រឈមនឹងបញ្ហាធ្ងន់ធ្ងរម្តងហើយម្តងទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ ការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋដែលកំពុងកើនឡើង បណ្តាលឱ្យហានិភ័យនៃការកើនឡើងនូវផ្នត់គំនិតដែលថា “អ្នកខ្លាំងគឺត្រឹមត្រូវ អាចក្លាយជារឿងធម្មតា។ ក្នុងនាមជាតំបន់មួយដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួលបានយ៉ាងលំបាក ហើយត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយនោះ អាស៊ានពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះ គឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង។”
លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសភីលីពីន ក្នុងនាមប្រធានអាស៊ាន បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងការទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)បន្តពីប្រទេសម៉ាឡេស៊ី។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីភាពសកម្មនៃការងារការទូតរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់វេទិកាអន្តរជាតិ និងវេទិកាតំបន់ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក៏ដូចជាការពារបូរណភាពទឹកដីកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

សូមអរគុណ

អត្ថបទទាក់ទង