Grand News Asia Close

មេបក្សប្រឆាំងថៃព្យាយាម​ទាញ​ប្រធានាធិបតីបារាំង​ ម៉ាក្រុង ឲ្យ​មក​ប្រទេស​ថៃដើម្បីផលប្រយោជន៍​ មុនពេល​លោក ម៉ាក្រុង ​មក​កម្ពុជា​នៅខែវិច្ឆិកា

ដោយ៖ Morm Sokun ​​ | 60 នាទីមុន ព័ត៌មានជាតិ 1011
មេបក្សប្រឆាំងថៃព្យាយាម​ទាញ​ប្រធានាធិបតីបារាំង​ ម៉ាក្រុង ឲ្យ​មក​ប្រទេស​ថៃដើម្បីផលប្រយោជន៍​ មុនពេល​លោក ម៉ាក្រុង ​មក​កម្ពុជា​នៅខែវិច្ឆិកា មេបក្សប្រឆាំងថៃព្យាយាម​ទាញ​ប្រធានាធិបតីបារាំង​ ម៉ាក្រុង ឲ្យ​មក​ប្រទេស​ថៃដើម្បីផលប្រយោជន៍​ មុនពេល​លោក ម៉ាក្រុង ​មក​កម្ពុជា​នៅខែវិច្ឆិកា

មេបក្សប្រឆាំងដ៏ធំនៅថៃ គឺ​លោក ណាត់ថាផុង រឿងបញ្ញាវុធ បាន​ជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ អានុ​ទី​ន ឆាន់​វី​រៈ​គុល អញ្ចើញប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកបំពេញទស្សនកិច្ចនៅប្រទេសថៃឲ្យ​បាន​មុន​ពេលដែល​ប្រធានាធិបតីបារាំង​ត្រូវ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូលហ្រ្វង់កូហ្វូនី នៅ​ភ្នំពេញ នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក​ថា ប្រសិន​បើ​ប្រធានាធិបតី​បារាំង អេម៉ានូអែល ម៉ាក្រុង មក​ប្រទេស​ថៃ​មុន​ នោះ​វា​នឹង​មាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ផល​ចំណេញ​លើ​បញ្ហា​​ព្រំដែន​ដល់​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ Bangkok post។

ថ្លែងនៅក្នុងរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែឧសភា លោក ណាត់ថាផុង បាននិយាយថា លោកគាំទ្រដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ អានុ​ទី​ន ទៅកាន់ប្រទេសបារាំង ដែលធ្វើឡើង​ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃទី២៧ ខែឧសភា ដោយ​ហេតុ​ថា ដំណើរទស្សនកិច្ចនេះមានសារៈ​សំខាន់ និងចាំបាច់ ហើយ​លោក​បាន​ជំរុញ​ឲ្យ​នាយករដ្ឋម​ន្ត្រី អានុទីន​ ប្រើប្រាស់ឱកាសនេះ​ដើម្បីបញ្ជាក់​យ៉ាងច្បាស់​ ​អំពីតួនាទីយុទ្ធសាស្ត្ររបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ។

មេបក្ស​ប្រឆាំង​ ណាត់ថាផុង រូប​នេះ ក៏បានស្នើឱ្យលោកអានុទីន ប្រើដំណើរទស្សនកិច្ចនេះ​ដើម្បីពង្រឹងការ​គាំទ្រ​ពី​អន្តរជាតិសម្រាប់ប្រទេសថៃផងដែរ ហើយក្នុងនោះលោកបានស្នើលោក អានុទីនឱ្យអញ្ជើញ​ប្រធានាធិបតី​បារាំង ឲ្យមកបំពេញចូលទស្សនកិច្ចនៅក្នុងប្រទេសថៃ មុនដំណើរ​ទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅខែវិច្ចកាខាងមុខ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ Francophonie។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​ លោក ម៉ាក្រុង បាន​បញ្ជាក់​ពី​ការ​ធ្វើដំណើរ​មក​ចូលរួមកិច្ចប្រជុំ​នេះ​នៅ​ភ្នំពេញ​រួច​ហើយ ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីកន្លង​ទៅ។

មេបក្សប្រឆាំងរូបនេះបាននិយាយថា «ប្រសិនបើប្រធានាធិបតីបារាំងលោក ម៉ាក្រុងអាចបំពេញទស្សន​កិច្ចនៅប្រទេសថៃ មុនពេលធ្វើដំណើរទៅកម្ពុជា នោះវានឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កិច្ចពិភាក្សា​អំពីការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ»។

មេដឹកនាំបក្សប្រឆាំងដដែល​បាន​និយាយថា អាទិភាពសំខាន់មួយ​ទៀត​សម្រាប់លោក ​អានុទីន គឺការបង្ហាញ​ថា ថៃគឺជា​​សសរទ្រទ្រង់​ស្ថិរភាពក្នុងអាស៊ាន និងជាស្ពានភ្ជាប់រវាងប្លុកតំបន់នេះជាមួយសហភាពអឺរ៉ុប។ ថៃអាចបង្ហាញពីការងារ​របស់ខ្លួនក្នុងការបំពេញស្តង់ដារដែល​កំណត់ដោយ​អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសក្នុងការពង្រឹងតម្លាភាព និងដោះស្រាយអំពើពុករលួយ។

គួររម្លឹកផងដែរថា កាលពីកន្លងមក លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែតក៏បានបំពេញ​ទស្សនកិច្ចទៅប្រទេសបារាំង នឹងបានរៀបរាប់​ពីការ​ឈ្លានពាន​របស់​ថៃមកលើប្រទេសកម្ពុជា​ប្រាប់​លោក​ ម៉ាក្រុងផងដែរ និងបញ្ជាក់ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយសន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់។​

លោក ហ៊ុន ម៉ាណែត មិនបាន​ស្នើ​ឲ្យ​បារាំង​កាន់​ជើង​កម្ពុជា​ទេ ប៉ុន្តែ​លោកស្នើ​ឲ្យ​ប្រទេស​បារាំងដឹកនាំ​ដោយ​ លោក ម៉ាក្រុង បន្ត​លើក​តម្កើង​គោលការណ៍​របស់​ខ្លួន​ដែល​ស៊ីសង្វាក់​គ្នា​ខ្លាំង​ ជាមួយ​នឹង​គោលការណ៍​របស់​ប្រទេស​កម្ពុជា នោះ​គឺ​គោលការណ៍​គោរព​គោរពច្បាប់​អន្តរជាតិ គោរពអធិបតេយ្យភាព និង​គោរព​បូរណភាពទឹកដី​នៃ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក៕

-Phnom Penh Post-

អត្ថបទទាក់ទង