Grand News Asia Close

វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប

ដោយ៖ សុវណ្ណា ពិទូ ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប

ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺជាមាគ៌ានយោបាយថ្មីមួយ ដែលអាចប្រមើមើលឃើញថា យើងអាចឈានឆ្ពោះទៅរកផ្លូវវិជ្ជមាន ច្រើនជាងផ្លូវអវិជ្ជមានសម្រាប់ដំណោះស្រាយក្នុងស្ថានភាព លំបាកដែលកើតចេញពីជម្លោះព្រំដែន កម្ពុជា-ថៃ និងជាពន្លឺសម្រាប់អនាគត។

ជាការពិត ការសម្រេច ចិត្ត ខាងយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយ គឺទាម ទារ ការវិភាគល្អិតល្អន់ និងការប្រុងប្រយ័ត្នខ្ពស់បំផុត ដែលផ្តោតជាសំខាន់ទៅ លើគោលដៅរយៈ ពេលខ្លី និងរយៈពេលវែង ពោលគឺមានន័យថា ជោគវាសនាប្រទេសជាតិមួយ នឹងប្រែប្រួល ដោយ ផ្អែកលើការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសនោះ ចំពោះបញ្ហាប្រទាញ ប្រទង់នៃ ឥទ្ធិពល មហាអំណាច ដែលយើងមិនអាចរលាស់ខ្លួនចេញដោយឯករាជ្យតែឯងបានឡើយ។

ក្នុងបរិបទកម្ពុជាពេលនេះ យើងត្រូវហ៊ានទទួលស្គាល់ថា យើងកំពុងស្ថិតក្នុង ស្ថានភាពក៏លំបាក បំផុតដែលពុំធ្លាប់ជួបចាប់តាំងពីការដួលរលំរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយប៉ុលពត។ ក្រោយបិទបញ្ចប់សម័យកាលអាវខ្មៅដ៏យង់ឃ្នង មេដឹកនាំកម្ពុជា លោក ហ៊ុន សែន អតីត នាយ ក រដ្ឋមន្ត្រីដ៏មានឥទ្ធិពល ត្រូវបានគេមើលឃើញថា បាន ដឹក នាំ ប្រជាជនចាប់ផ្តើមជីវិតថ្មី កសាង ប្រទេសពីគំនរផេះផង់ ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតទទួលបានការរីកចម្រើន ស៊ីវិល័យ និង កំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿន។ ប៉ុន្តែឧបសគ្គដែល កម្ពុជាកំពុងជួបប្រទះ នៅ ពេល នេះ គឺវាពិតជាធំ និងស្មុគស្មាញ ដែលទាមទារការប្រយ័ត្ន ប្រយែងខ្ពស់បំផុត ក្នុងការ សម្រេចចិត្តបោះ ជំហ៊ានទៅមុខ។

សម្រាប់អ្នកតាមដានដិតដល់អំពីស្ថានការណ៍នយោបាយក្នុងស្រុក និងក្រៅស្រុក អាចនឹង កត់ សម្គាល់ បានខ្លះថា បច្ចុប្បន្នទំនោរជារួមក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ និងការអនុវត្ត ផែន ការ យុទ្ធសាស្ត្រជាតិនីមួយៗ ហាក់ស្ថិតក្នុងសភាពសន្សឹមៗនៅឡើយ។ បានសេចក្តីថា ចំណុច ស្នូល នៃដំណើរការដែលមានលក្ខណៈជាយុទ្ធសាស្ត្រ និងរបត់នយោបាយជាពិសេស ក្នុងទំនាក់ ទំន ងអន្តរ ជាតិ គឺមានកំរិតខ្ពស់ជាងពេលណាៗទាំងអស់។ មេដឹកនាំកម្ពុជាត្រូវបាន គេមើល ឃើញ ថា បានគិត ពិចារណាច្រើនលើកច្រើនសារ ម៉ត់ចត់ ល្អិតល្អន់បំផុត មុនពេលធ្វើសេចក្តីសម្រេចចិត្តណាមួយ។

ត្រង់ចំណុចនេះ ខ្ញុំពុំមានសុទិដ្ឋិនិយមជ្រុលពេកនោះទេ ការដែលកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សា សន្តិភាព របស់អាមេរិកហើយ កម្ពុជានឹងឈ្នះសត្រូវឈ្លានពាននោះទេ ប៉ុន្តែយ៉ាងហោចណាស់ យើង អាចនឹងមានបង្អែកយុទ្ធសាស្ត្រ ឬជាអាវក្រោះគ្រាន់ការពារខ្លួន ការពារជីវិត និងអាចឱ្យ បន្ត រស់បាន ដើម្បីតស៊ូទៅមុខ ទៀតតែប៉ុណ្ណោះក្រោមគោលបំណងរួមនៃបណ្តា ប្រទេសដែល លើក កម្ព ស់ តម្លៃនៃសន្តិភាព។ ការនិយាយបែបនេះ គឺកម្ពុជាមិនផ្តេកផ្កួលទាំងស្រុងលើមហាអំណាច ដោយភ្លេច ពង្រឹងកត្តាខាងក្នុងនោះទេ ផ្ទុយទៅវិញ កម្ពុជាដឹងច្បាស់ថា មានតែយើងខ្លាំងខ្លួនឯងប៉ុណ្ណោះ ទើប អាច ការពារ ខ្លួនឯងបាន ប៉ុន្តែឥទ្ធិពលមហាអំណាចពិតជាមានតម្លៃថ្លៃខ្លាំងណាស់ កំឡុងពេល ដែល យើងនៅទន់ខ្សោយនៅឡើយ។

ងាកមកស្ថានការណ៍ទូទៅក្នុងប្រទេសវិញ ច្បាស់ណាស់ថា នៅពេលដែលការងារ ធំៗជា យុទ្ធ សាស្ត្រ ត្រូវធ្វើក្នុងសភាពមួយៗគិតសន្សឹមៗ ប្រព័ន្ធការងារជាទូទៅក៏កំពុង ស្ថិតក្នុងគន្លងដូចគ្នាដែរ ព្រោះតែប្រព័ន្ធរដ្ឋមួយមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំរួមរបស់រាជរដ្ឋាភិបាល ដែលជា ក្បាល ម៉ាស៊ីន ដាក់ចេញនូវផែនការជាតិនោះឡើយ។ កិច្ចការនយោបាយ គឺពាក់ព័ន្ធដល់ការវិនិយោគ ពាណិ ជ្ជកម្ម ការទូត ទំនាក់ទំនងអន្តរជាតិ យោធា សេដ្ឋកិច្ច និងពាក់ព័ន្ធគ្រប់ផ្នែក នៃសរសៃ ឈាម ប្រទេសជាតិ។ កំឡុងពេលនេះ កម្ពុជាអាចដើរយឺតបន្តិច ប៉ុន្តែយ៉ាងហោចណាស់ យើងមិន ដើរខុស។ កម្ពុជាអាចទប់ទល់ស្ថានការណ៍បាន ប្រសើរជាងលោតផ្លោះ អាចខុសផ្លូវនាំ អន្តរាយ ដល់ ជាតិ។

ខ្ញុំសុំមិនអត្ថាធិប្បាយច្រើនអំពីអ្វីទៅ ជាក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នោះទេ ព្រោះខ្ញុំយល់ថាព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ៉ាងទូលំទូលាយ និងមានការវិភាគ វែងញែក អំពីផលចំនេញនិងខាតពីមនុស្សជាច្រើនរួចទៅហើយ។ ប៉ុន្តែខ្ញុំចង់រំលឹកអំពីការដែល ប្រជាពលរដ្ឋ កម្ពុជា គួរតែមើលឃើញ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ផលប៉ះពាល់ និងទុក្ខ លំបាកដែលប្រទេសជាតិកំពុងតែជួបប្រទះឱ្យបានច្បាស់លាស់។

អ្នកមិនយល់ការពិតអំពីស្ថានភាពរបស់ជាតិ អាចវិភាគតាមអារម្មណ៍ មិនគ្រប់ជ្រុងជ្រោយ ប៉ុន្តែ អ្នកដែលយល់ ហើយមើលឃើញច្បាស់អំពីការពិតនៃបញ្ហារបស់កម្ពុជា តែបែរជាប្រឹងរុញ ឱ្យប្រទេស ជាតិធ្លាក់ផ្លូវអន្តរាយ គឺមិនសមនឹងត្រូវបានគាំទ្រឱ្យបញ្ចេញមតិនោះទេ។ ជាក់ស្តែងមានទស្សនៈ អប់រំ មួយតែងតែពន្យល់ថា «ពងមាន់ជល់និងថ្ម» ចង់សំដៅថា បរាជ័យ និងបែកខ្ទេចខ្ទី គឺពងមាន់ មិនមែន ជាថ្ម នោះ ទេ»។ ចំណុចសំខាន់យើងត្រូវហ៊ានទទួលស្គាល់ការពិតថា «បច្ចុប្បន្នយើង គឺជាពងមាន់ ចំណែកសត្រូវគឺជាថ្ម»។ ការទទួលយកការពិតនេះ អាចនឹងឈឺចាប់ ប៉ុន្តែយើងគ្មាន ជម្រើសឡើយ។ ប្រសិនបើយើងចង់ឱ្យជាតិយើងបន្តអាចរស់បានក្នុងគ្រាដ៏លំបាកនេះ គឺត្រូវទទួល ស្ម័គ្រ ស្មោះគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាជីវិតឱ្យគង់ ដូចពាក្យមួយពោលថា «រក្សាព្រៃឱ្យគង់ មិនខ្វះអុសដុត»។ ប៉ុន្តែប្រសិនបើយើងជឿលើការញុះញង់ ចង់រុញឱ្យស្លាប់ ឱ្យធ្លាក់ ជ្រោះអន្តរាយ ដោយនិទានដដែលៗថា «ពងមាន់នឹងឈ្នះថ្ម ត្រូវតែសំរុកចូល កុំភ័យខ្លាច សត្រូវ ឱ្យសោះ» នោះហើយជាយុទ្ធសាស្ត្រ សម្លាប់ជាតិខ្មែរយ៉ាងពិតប្រាកដ។

ខ្ញុំមិនសុំឱ្យមិត្តអ្នកអាន គាំទ្រគំនិតដែលត្រូវធ្វើជាអ្នកទន់ខ្សោយ ដើម្បីឱ្យសត្រូវជាន់ឈ្លី ឈ្លានពាន តាម ចិត្តនោះឡើយ។ ប៉ុន្តែក្នុងនាមជាខ្មែរ ដែលយល់ពីការពិតនៃសង្គម ជាតិរបស់យើងក្នុង កាលៈ ទេសៈ ដ៏លំបាកនេះ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកអានពិចារណាអំពីលទ្ធផលនៃទង្វើ ជាជាងគ្រាន់ តែនិយាយ ឱ្យ ពិរោះ ស្តាប់ប៉ុណ្ណោះ។ ជាក់ស្តែងសត្រូវបង្ហោះផ្សាយរូបភាព ឈ្លានពានអធិបតេយ្យភាព របស់ យើង រៀងរាល់ថ្ងៃ ក្នុងបំណងប្រមាថ និងបំផ្លាញផ្លូវចិត្តយើង ហើយមានតែអ្នកស្នេហា ជាតិក្លែង ក្លាយ ប៉ុណ្ណោះ ដែលតែងតែបង្ហោះសារបន្ទរសកម្មភាពរបស់សត្រូវ ដើម្បីញ្ឈឺចិត្តខ្មែរក្នុងស្រុក។

បើបងប្អូនពិនិត្យសកម្មភាពនេះឱ្យដិតដល់ បងប្អូននឹងមើលឃើញច្បាស់ថា សត្រូវនិងអ្នកស្នេហា ជាតិក្លែងក្លាយ គឺជាដៃគូរសហការដ៏ល្អបំផុត ក្នុងផែនការបំផ្លាញខ្មែរ។

អ្វីដែលយើងអាចធ្វើបានគឺត្រូវរៀនរស់ក្នុងចម្លោះនៃឧបសគ្គ និងសំពាធដ៏ធ្ងន់ ហើយដាស់ តឿន ខ្លួនឯងថា ពេលនេះយើងជាតួអង្គពងមាន់ មិនមែនជាថ្មនោះទេ។ សុំកុំសម្លាប់ខ្លួនដោយ គ្រាន់តែ ដោះដូរនូវពាក្យថា អ្នកក្លាហានឱ្យសោះ។ មេដឹកនាំកម្ពុជាបច្ចុប្បន្ន លោកគ្មានជម្រើស អ្វីល្អជាង ការ រក្សាអាយុជីវិតរបស់ប្រជាជនឱ្យគង់វង្សនោះទេ។ ចំណែកទឹកដីគឺជាការប្រកាន់ជំហរមិនកែប្រែ ម៉ឺង ម៉ាត់បំផុត ថាយើងនឹងមិនចង់ឱ្យបាត់ បង់នោះឡើយ។

ក្នុងភារកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី យើងនឹងរួមគ្នាកសាងជាតិយើង ហើយ ចង ចាំជានិច្ចថា មរតកដូនតា ឬភាពជាកម្មសិទ្ធិរបស់យើងត្រូវតែយកមកវិញទោះក្នុងតម្លៃណាក៏ដោយ និងការពារ ឱ្យបាន ជាដាច់ ខាតសម្រាប់កូនចៅយើងជំនាន់ក្រោយ។ បើអ្នកចង់ធ្វើអ្វីមួយដើម្បីជាតិ សុំ កុំគ្រាន់តែគិតអំពីទង្វើថាគួរឬពុំគួរ ប៉ុន្តែសុំគិតអំពីលទ្ធផលថានឹងបានប្រយោជន៍ដល់ជាតិ ឬ បំផ្លាញជាតិទាំងមូល?៕

ចាន់ សុទ្ធាវី -និស្សិតឆ្នាំទី៣ វិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង