Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ប្រវត្តិសង្រ្គាម និងការទាមទារទឹកដីកម្ពុជាពីថៃមកវិញ មិនមែនដោយសារសង្រ្គាម

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1036
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ប្រវត្តិសង្រ្គាម និងការទាមទារទឹកដីកម្ពុជាពីថៃមកវិញ មិនមែនដោយសារសង្រ្គាម អ្នកជំនាញអារ្យធម៌ខ្មែរ៖ ប្រវត្តិសង្រ្គាម និងការទាមទារទឹកដីកម្ពុជាពីថៃមកវិញ មិនមែនដោយសារសង្រ្គាម

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្រោយពីការបិទបញ្ចប់វដ្ដសង្រ្គាម២១ថ្ងៃ, បើនិយាយអំពីទង្វើឈ្លានពានរបស់ទាហានថៃ ដែលបាននិងកំពុងយកគ្រឿងចក្រអាអ៊ិច ឬគ្រឿងចក្រផ្សេងផ្សេងៗទៀត មកធ្វើសកម្មភាពដើរទន្រ្ទានឈូសឆាយ វាយកំទេច ដុតលួចប្លន់សម្ភារៈ វត្ដអារាម,ផ្ទះសម្បែង, អគារពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទាំងកំរោលព្រៃផ្សៃ។ ដើម្បីយកលួសបន្លា និងសំបកទូរដឹកទំនិញកុងតឺទើចាស់ៗ ហ៊ុំព័ទ្ធមកលើដែនអធិបតេយ្យកម្ពុជា តាមបណ្ដាលខេត្ដព្រំដែន ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់,ព្រះវិហារ និងខេត្តឧត្ដរមានជ័យ មានចំនួន១៤ទីតាំង យ៉ាងពាសវាលពាសកាល តាមទំនើងចិត្ត បំណងដើម្បីបង្កើតជញ្ជាំងរបងព្រំដែនថ្មី យ៉ាងគឃ្លើនរបស់ទីក្រុងបាងកក។

នេះគឺរាល់ទង្វើនិងសកម្មភាពរបស់ទីក្រុងបាងកក មិនអាចកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិបានទេ ពីព្រោះមិនផ្អែកតាមច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមូលដ្ឋានជាសកល។ ព្រោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញា ឆ្នាំ១៩០៤ និង ១៩០៧ រវាងបារាំង-សៀមយ៉ាងច្បាស់លាស់រួចហើយ។ បន្ថែមពីលើនេះទៀត ថៃបានរំលោភបំពានទាំងកំរោលលើសន្ធិសញ្ញា MOU ឆ្នាំ ២០០០ ជាច្បាប់កំពូលរវាងប្រទេសទាំងពីរដែលហាមឃាត់មិនឲ្យភាគីណាមួយធ្វើការផ្លាស់ប្តូរស្ថានភាពខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បោះបង្គោលរួចរាល់នោះទេ។

ដូច្នេះចំពោះការងារបោះបង្គោលព្រំដែន លើដីជាក់ស្ដែងត្រូវធ្វើឡើងដោយ គណៈកម្មការចម្រុះកិច្ចការព្រំដែន-JBC នៃប្រទេសទាំងពីរ មិនមែនដោយប្រើកម្លាំងយោធា យកទាំងកំរោលរបស់ប្រទេសណាមួយឡើយ។

លោក រ័ត្ន សណ្តាប់ បន្ដថា បើនិយាយអំពីប្រវត្ដិសាវតារសង្រ្គាមឈ្លានពានទាំងកំរោលរបស់ទីក្រុងបាងកកមកលើកម្ពុជា បើគិតត្រឹមសម័យទំនើបចាប់ពីទសវត្សឆ្នាំ១៩៤០មក មិនមែនជារឿងថ្មី ឬជាលើកទី១ដ៏គួរឲ្យភ្ញាក់ផ្អើលនោះទ្បើយ គឺមានជាច្រើនលើកច្រើនសារ។ ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យគត់សម្គាល់នោះនៅត្រង់ថា កម្ពុជាបានទាមទារទឹកដីពីថៃត្រទ្បប់មកវិញ ពុំមែនដោយសារសង្រ្គាមទ្បើយ គឺតាមយន្ដការអន្ដរជាតិ និងច្បាប់អន្ដរជាតិដ៏ប្រពៃថ្លៃថ្លាបំផុត។ក្នុងនោះ មានដូចជា៖

​១៖ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ នាឆ្នាំ ១៩៤១ – ១៩៤៦ ថៃបានឆ្លៀតឱកាសវាយយកខេត្តបាត់ដំបង សៀមរាប (លើកលែងតែទីរួមខេត្ត និងប្រាសាទអង្គរវត្ត) កំពង់ធំ (ផ្នែកខ្លះ) និងស្ទឹងត្រែង (ផ្នែកខ្លះ) បន្ទាប់ពីជប៉ុនចាញ់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ បារាំងបានបង្ខំឲ្យថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រគល់ទឹកដីទាំងនោះ មកឲ្យខ្មែរវិញជាស្ថាពរ។

​២៖ ករណីប្រាសាទព្រះវិហារ​ ថៃបានបញ្ជូនទ័ពឈ្លានពានទាំងកំរោលមកកាន់កាប់ប្រាសាទព្រះវិហារនៅឆ្នាំ ១៩៥៤ ​កម្ពុជាបានប្តឹងទៅតុលាការយុត្ដិធម៌អន្តរជាតិទីក្រុងឡាអេ- ICJ នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ តុលាការបានសម្រេចឲ្យកម្ពុជាឈ្នះក្តី ហើយថៃត្រូវដកទ័ព និងប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ។​ នេះជាដំណោះស្រាយផ្លូវច្បាប់អន្តរជាតិជាសកល និងយុត្តិធម៌បំផុត នៃប្រវត្តិសាស្ត្រកម្ពុជា។

​៣៖ ​ក្រោយមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារឆ្នាំ ២០០៨-២០១១ ​កម្ពុជាបានស្នើឲ្យតុលាការយុត្ដិធម៌អន្តរជាតិ-ICJ បកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ។ ​នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០១៣ តុលាការបានសម្រេចថា ផ្ទៃដីនៅជុំវិញប្រាសាទព្រះវិហារ (តំបន់ ៤.៦ គីឡូម៉ែត្រការ៉េ) គឺជាកម្មសិទ្ធិរបស់កម្ពុជា ហើយថៃត្រូវដកកម្លាំងចេញពីតំបន់នោះ។

ហេតុនេះទង្វើឈ្លានពានរបស់យោធាទីក្រុងបាងកក ដែលកំពុងយកលួសបន្លា និងទូរទំនិញកុងតឺនើចាស់ៗមកហ៊ុំព័ទ្ធ​បង្កើតរបងព្រំដែនថ្មីបើកចំហ តាមទំនើងចិត្ត គឺគ្មានតម្លៃតាមច្បាប់អន្តរជាតិ និងមិនអាចបង្កើតឲ្យជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីនោះជាអន្ដរជាតិបានទ្បើយ៕

-FN-

អត្ថបទទាក់ទង