Grand News Asia Close

វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់យោធាអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន ស្របច្បាប់ឬ?

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1042
វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់យោធាអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន ស្របច្បាប់ឬ? វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់យោធាអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន ស្របច្បាប់ឬ?

(វ៉ាស៊ីនតោន)៖ ការវាយប្រហាររបស់យោធាអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងតំបន់ Caribbean បានសម្លាប់មនុស្សរាប់សិបនាក់ដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចោទថាជាពួកភេរវកររត់ពន្ធគ្រឿងញៀនដែលទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរាប់ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋបាលលោក ត្រាំ បាននិយាយថាខ្លួនមានសិទ្ធិស្របច្បាប់សម្រាប់ការវាយប្រហារ ប៉ុន្តែ ប្រតិបត្តិការរបស់យោធាអាមេរិកនៅក្នុងតំបន់ Caribbean បែរជាកំពុងស្ថិតនៅក្រោមការសង្ស័យពីបណ្ដាប្រទេសជាច្រើន ក្នុងនោះមានទាំងសម្ព័ន្ធមិត្តរបស់អាមេរិកថាតើវាស្របច្បាប់ ឬមិនស្របច្បាប់ទៅវិញ? ដូច្នេះប្រតិបត្តិការយោធាអាមេរិកប្រឆាំងគ្រឿងញៀនក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងតំបន់ Caribbean ពិតជាស្របច្បាប់ ឬយ៉ាងណា?

* តើសហរដ្ឋអាមេរិកកំពុងធ្វើអ្វី?

យោធាអាមេរិកបានដឹកនាំការវាយប្រហារយ៉ាងហោច ២០លើកប្រឆាំងនឹងទូកសង្ស័យដឹកគ្រឿងញៀនទាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត (ឆ្នេរប៉ាស៊ីហ្វិកនៃតំបន់អាមេរិកឡាទីន) និងតំបន់ Caribbean ដោយសម្លាប់ មនុស្សយ៉ាងហោច ៨០នាក់។ ការវាយប្រហារទាំងនោះគឺផ្ទុយទាំងស្រុងទៅនឹងវិធីសាស្ត្រកន្លងមកដែលត្រូវបានប្រើប្រាស់ដោយឆ្មាំសមុទ្រអាមេរិកក្នុងការស្ទាក់ចាប់ការរត់ពន្ធគ្រឿងញៀនក្នុងតំបន់ដែនសមុទ្រ ហើយបញ្ជូន ជនសង្ស័យទៅឱ្យតុលាការកាត់ទោស។ ប៉ុន្តែនីតិវិធីនេះត្រូវបានរដ្ឋបាលលោក ត្រាំ អះអាងថាមិនមានប្រសិទ្ធភាពនោះទេ។ រដ្ឋបាលលោក ត្រាំ បានចាត់ទុកពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាអង្គការភេរវករ និងបានចោទប្រកាន់ថាក្រុមជនអន្ធពាល Tren de Aragua មានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ជាអ្នកកាងនៅពីក្រោយ តែខាងទីក្រុងការ៉ាកាសបានច្រានចោលការចោទប្រកាន់បែបនេះ។ ក្រុមអង្គការការពារសិទ្ធិមនុស្សវិញ ក្នុងនោះរួមមានទាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានថ្កោលទោសការវាយប្រហាររបស់យោធាអាមេរិកដោយចាត់ទុកថាជាទង្វើខុសច្បាប់ និងជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ខណៈក្រុមគ្រួសារសាច់ញាតិអ្នកដែលត្រូវបានសម្លាប់ក្នុងនោះមានទាំងជាអ្នកនេសាទ បានបដិសេធថាសាច់ញាតិរបស់ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ឡើយ។

* តើរដ្ឋបាលលោក ត្រាំ និយាយអ្វីខ្លះ?

នៅក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក មានតែសភាតែមួយគត់ដែលមានសិទ្ធិអំណាចប្រកាសសង្រ្គាម។ តែទោះជាបែបនេះក្ដី រដ្ឋបាលលោក ត្រាំបាននិយាយថាលោកប្រធានាធិបតី ត្រាំ កំពុងប្រើប្រាស់តួនាទីរបស់លោកដែល មានចែងនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពអាមេរិក និងសិទ្ធិអំណាចរបស់លោកដើម្បីដឹកនាំទំនាក់ទំនងការបរទេសនៅក្នុងការបញ្ជាឱ្យបើកការវាយប្រហារ។ តាមក្រុមអ្នកជំនាញច្បាប់ ប្រធានាធិបតីអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កាលពីអតីតកាលបានបញ្ជាក់ពីភាពត្រឹមត្រូវសម្រាប់ការប្រើប្រាស់កម្លាំងយោធានៅក្នុងការធ្វើសកម្មភាពមួយចំនួននៅឯបរទេស នៅពេលមានពាក់ព័ន្ធនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដោយមិនបានសុំការអនុញ្ញាតជាមុនពីសភាអាមេរិកនោះទេ ហើយសកម្មភាពទាំងនោះទៀតសោតក៏មិនស្ថិតក្នុងកម្រិតធ្វើសង្រ្គាមដែលតម្រូវឱ្យមាន ការយល់ព្រមពីសភានោះដែរ។ នៅក្នុងការជូនដំណឹងមួយទៅកាន់សភាដែលតម្រូវនៅក្រោមច្បាប់ War Powers Act រដ្ឋបាលលោក ត្រាំ បាននិយាយថាយោធាអាមេរិកបច្ចុប្បន្នកំពុងចូលរួមក្នុង «ជម្លោះប្រដាប់អាវុធ មិនមែនអន្តរជាតិ»។

រដ្ឋបាលលោក ត្រាំ ក៏បានលើកឡើងក្នុងសេចក្ដីជូនដំណឹងនោះដែរថាយោធាមានហេតុផលស្របច្បាប់ក្នុងការប្រើប្រាស់កម្លាំងក្រោមក្របខណ្ឌស្វ័យការពារប្រឆាំងនឹងសមាជិកពួកឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនដែល ទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាក្រុមប្រដាប់អាវុធមិនមែនរដ្ឋ និងខុសច្បាប់ ក៏ព្រោះតែពួកឧក្រិដ្ឋជនទាំងនោះជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរាប់ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មាន Reuters​ ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិក៣រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានរាយការណ៍កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកាថា ក្រសួងយុត្តិធម៌អាមេរិក បានលើកឡើងពីភាពត្រឹមត្រូវខាងផ្លូវច្បាប់ដោយបញ្ជាក់ ច្បាស់ៗថាយោធាអាមេរិកដែលបានចូលរួមក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននឹងមិនត្រូវទទួលខុសត្រូវខាងផ្លូវច្បាប់ឡើយ។

* ដូច្នេះតើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកស្របច្បាប់ ឬ?

ក្រុមអ្នកជំនាញខាងច្បាប់មួយចំនួនបាននិយាយថាការវាយប្រហាររបស់យោធាអាមេរិកប្រហែលជារំលោភបំពានលើច្បាប់អន្តរជាតិ ព្រមទាំងច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលប្រឆាំងនឹងការសម្លាប់មនុស្ស និងហាមឃាត់លើការធ្វើឃាត។ ច្បាប់អន្តរជាតិអនុញ្ញាតសម្រាប់ការប្រើប្រាស់កម្លាំងស្វ័យការពារខ្លួន ប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធណាមួយ ឬស្ថិតក្នុងស្ថានភាពដែលការវាយប្រហារប្រដាប់អាវុធអាច នឹងកើតឡើងភ្លាមៗ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រាប់សភាទាំង២របស់សហរដ្ឋអាមេរិកថាសកម្មភាពប្រព្រឹត្តដោយពួកឧក្រិដ្ឋជនគ្រឿងញៀនគឺជាការវាយប្រហារប្រដាប់អាវុធលើសហរដ្ឋអាមេរិក ដោយសំអាងលើ ការកើនឡើងនៃលំហូរគ្រឿងញៀនខុសច្បាប់ សមត្ថភាពទាហានប៉ារ៉ានៃពួកឧក្រិដ្ឋជនគ្រឿងញៀន និងការបាត់បង់អាយុជីវិតមនុស្សដ៏ច្រើននៅក្នុងបណ្ដាប្រទេសជាច្រើនដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿងញៀន។ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកច្បាប់យល់ថាការអះអាងទាំងនេះរបស់រដ្ឋបាលលោក ត្រាំ មិនគ្រប់គ្រាន់ទេនៅក្រោមច្បាប់អាមេរិក និងអន្តរជាតិ។ ម្យ៉ាង ការប្រកាសចាត់ទុកពួកឧក្រិដ្ឋជនគ្រឿងញៀនជាភេរវករ ក៏មិនអាចកំណត់ថាតើ សកម្មភាពយោធាស្រប ឬមិនស្របច្បាប់បាននោះដែរ។ ក្រុមអ្នកជំនាញផ្នែកច្បាប់បានបន្ថែមទៀតថាពួកឧក្រិដ្ឋជនគ្រឿងញៀនដែលរកលុយតាមរយៈការលក់គ្រឿងញៀនខុសច្បាប់មិនស័ក្តិសមនឹងនិយមន័យនៅក្នុង ច្បាប់អន្តរជាតិអំពីក្រុមប្រដាប់អាវុធមិនមែនរដ្ឋដូចជាក្រុម al Qaeda ដែលជាអង្គការមួយមានគោលដៅដឹកនាំការវាយប្រហារក្រោមហេតុផលនយោបាយ និងមនោគមន៍វិជ្ជានោះទេ។

នៅក្រោមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកត្រូវតែធ្វើការបែងចែកឱ្យបានច្បាស់លាស់រវាងគោលដៅស្របច្បាប់ និងជនស៊ីវិល។ ក្រុមអ្នករិះគន់បាននិយាយថារដ្ឋបាលលោក ត្រាំមិនបានផ្ដល់ភស្តុតាងអំពីការបែងចែករបៀបនេះ នៅក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននោះទេ ដោយគ្រាន់តែនិយាយថាប្រតិបត្តិការយោធាធ្វើឡើងស្របតាមច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានសម្ព័ន្ធមិត្តអាមេរិកមួយចំនួនបានចាប់ផ្ដើមចោទសួរពីភាពស្របច្បាប់នៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។ តួយ៉ាង បារាំងតាមរយៈរដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាបានបង្ហាញការព្រួយបារម្ភអំពីប្រតិបត្តិការយោធាអាមេរិកនៅក្នុងតំបន់ Caribbean ពីព្រោះប្រតិបត្តិការទាំងនោះបានបំពានច្បាប់អន្តរជាតិ។ កាលពីថ្ងៃអង្គារផងដែរ ទូរទស្សន៍​ CNN បានរាយការណ៍ថាចក្រភពអង់គ្លេសបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean ដោយសារតែជឿថាការវាយប្រហារ ដែលយោធាអាមេរិកកំពុងធ្វើគឺខុសច្បាប់។ ដោយឡែក កាលពីថ្ងៃអង្គារដដែល ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបញ្ជាឱ្យកងកម្លាំងសន្តិសុខនៃប្រទេសរបស់លោកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ជាមួយសហរដ្ឋអាមេរិក រហូតដល់សហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារលើទូកនៅក្នុងតំបន់ Caribbean៕

-Fresh News-

អត្ថបទទាក់ទង