Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 536

CNV:

ឯកឧត្តម Ueno Atsushi អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ដែលបានចូលរួមនៅក្នុងឱកាសនេះ​!

ប្រារព្ធពិធី ៣ រួមគ្នា

ថ្ងៃនេះ យើងប្រារព្ធនូវពិធី ៣ រួមគ្នា។ ទី១ គឺការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ទី២ ពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងតៃន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទី៣ គឺខួបអនុស្សាវរីយ៍លើកទី ៧០​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

(១) នាវា Westerdam ត្រឡប់ចូលមកកម្ពុជាធ្វើស្លាកប្រវត្តិសាស្ត្រអំពីកាយវិការមនុស្សធម៌របស់កម្ពុជា

អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្ដិចថា កាលពីជាង ៣ ឆ្នាំមុន អ្នកទាំងអស់គ្នានៅទីនេះ ពិតជាបានដឹងហើយថា កំ​ពង់ផែក្រុងព្រះសីហនុរបស់យើងបានធ្វើកិច្ចការដ៏សំខាន់មួយ គឺការសង្រ្គោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់ ឱ្យពួកគេមានសុវត្ថិភាព​បានវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ នេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។ ខ្ញុំបានឮថា នៅខែធ្នូឆ្នាំនេះ នាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ជាមួយនឹងការគ្រោងទុករបស់កំពង់ផែ ដើម្បីនឹងធ្វើផ្លាកសញ្ញាមួយជាប្រវត្តិសាស្រ្ត បង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សលោក មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានោះទេ។ ខ្ញុំអរគុណចំពោះការខិតខំរបស់កម្មករកម្មការិនី និងថ្នាក់ដឹកនាំនៃកំពង់ផែ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងឋានៈជាម្ចាស់ផ្ទះ។ (ក្នុងពេល)ដែលមាន(ប្រទេសនានាមានការ)ភ័យខ្លាចមិនហ៊ានឱ្យនាវានេះចូល កម្ពុជាបានធ្វើកិច្ចការដ៏ល្អ។ ខ្ញុំសង្ឃឹមថា (នៅលើ)នាវា Westerdam ដែលនឹងមកនៅក្នុងខែធ្នូនេះ នឹងអាចមានមនុស្សមួយចំនួនដែលធ្លាប់ជាប់គាំងនៅលើនាវាមកកាន់កំពង់ផែក្រុងព្រះសីហនុនេះ។

(២) ០១ ឧសភា ជួបសំណេះសំណាលកម្មករកំពង់ផែក្រុងព្រះសីហនុ តំណាងកម្មករទូទាំងប្រទេស

ថ្ងៃនេះ ៣ ឆ្នាំក្រោយ ខ្ញុំមកកាន់ទីនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីការខកខានក្នុងរយៈពេលនៃកូវីដ-១៩ ដែលវាយាយីយើង។ ក៏សូមបញ្ជាក់ថា កាលពីមុននេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ឧសភា ខ្ញុំតែងមកកាន់ទីនេះ ដើម្បីសំណេះសំណាល តំណាងឱ្យកម្មករកម្មការិនីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងមានរាប់ពាន់រោងចក្រ។ យើងមិនអាចដើរគ្រប់ទីកន្លែងទេ។ ខ្ញុំបានជ្រើសរើសយកកំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើពិធីសំណេះ​សំណាល តំណាងឱ្យកម្មករ/ការិនីទូទាំងប្រទេស។ ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ អរគុណជាមួយនឹង​ការអបអរសាទរចំពោះកម្មករ/ការិនីនៅទូទាំងប្រទេស ដែលបានខិតខំរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

(៣) គោរពសិទ្ធិកម្មករ មិនមែនធ្វើតែមួយថ្ងៃ គឺត្រូវធ្វើជារៀងរាល់ថ្ងៃ

ថ្ងៃនេះ ប្រហែលជាមានរោងចក្រមិនតិចជាង៩០% ទេ ដែលធ្វើការជួបជុំកម្មករ/ការិនី សប្បាយរីករាយ រហូតទៅដល់មានការប្រឡងបវរកញ្ញា ប្រឡងចម្រៀង និងលេងរបាំផ្សេងៗនៅតាមរោងចក្រផង។ តែខ្ញុំក៏សូមរំលឹកថា “ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ គឺថ្ងៃទី ០១ ខែឧសភា នោះទេ។ ការគោរពសិទ្ធិកម្មករ ត្រូវតែធ្វើឱ្យបានទៀងទាត់ ធ្វើជារៀងរាល់ថ្ងៃ ធ្វើជារៀងរាល់ពេល។ នោះគឺជាចំណុចដ៏ល្អបំផុតក្នុងទំនាក់ទំនងរវាងកម្មករនិងម្ចាស់រោងចក្រ”។​ កុំភ្លេចថាវាប្រៀបដូចជាឆ្នាំងបាយ។ ថៅកែមានប្រាក់បង្កើតរោងចក្រ ហើយយើងក៏តាមរយៈរោងចក្រនោះមានការងារធ្វើ។ ដូច្នេះ មានរឿងអ្វីត្រូវដោះស្រាយ ត្រូវនិយាយគ្នា។

(៤) សូមកុំធ្វើអន្តរជាតូបនីយកម្មការធ្វើបាតុកម្ម, ការស៊ីឈ្នួលធ្វើបាតុកម្ម មិនមែនជាការគោរពសិទ្ធិ

ខ្ញុំក៏សូមស្នើឱ្យមិត្តភក្ដិបរទេសខ្លះ ដែលបានឧបត្ថម្ភប្រាក់កាសធ្វើអន្តរជាតូបនីយកម្មលើការធ្វើបាតុកម្ម (ដែលនៅសល់)មនុស្សជាង ១០០នាក់ ប្រមាណជាង ២ឆ្នាំមកហើយ។ វាមិនគួរទេ។ បាតុកម្មតាំងពីមនុស្សជាង ៣០០នាក់ រហូតទៅដល់មនុស្សនៅសល់តែជាង ១០០នាក់។ (នេះវាបាន)ចោទចេញជាសំណួរថា “ខ្លួនជាកម្មករសោះ ក៏ប៉ុន្តែ រយៈពេលអត់មានការងារធ្វើ ២ឆ្នាំ នៅមានបាយស៊ី នៅមានកម្លាំងមកធ្វើបាតុកម្ម? តើរាជរដ្ឋាភិបាលដឹង ឬមិនដឹងរឿងនេះ?”។ មិនមែនរាជរដ្ឋាភិបាលមិនដឹងទេ កន្លែងបើកលុយនៅកន្លែងណានោះ។ ការស៊ីឈ្នួលបាតុកម្ម មិនមែនជារឿងល្អ ហើយជាការគោរពសិទ្ធិនោះទេ។ នៅលើពិភពលោក នៅក្នុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ពិភពលោកបានបិទឬក៏កាត់បន្ថយរោងចក្រ ក្រុមហ៊ុនកាត់បន្ថយចំនួនកម្មករ។ ប្រទេសគេអាចធ្វើទៅបាន។ នៅប្រទេសយើង ចម្លែកតែកន្លែងមួយហ្នឹងកម្មករបានចាប់ផ្ដើមធ្វើបាតុកម្មទាមទារការងារធ្វើវិញ តាំងពីជាង ៣០០នាក់ រហូតមកនៅតែជាង ១០០នាក់ទេ។ នៅធ្វើបាន​។

(៥) សហជីពមួយចំនួនបានការឧបត្ថម្ភហិរញ្ញវត្ថុពីបរទេស

អ្នកដែលបានចេញទៅ(តាមការរៀបចំរបស់ក្រសួងការងារ) គេយកប្រាក់សំណងបូកជាមួយនឹងការរកការងារធ្វើថែម។ គេធ្វើបាន។ នៅសល់ជាង ១០០នាក់(មិនព្រមឈប់ការតវ៉ា)។ សញ្ញាសួរនៅត្រង់ថា ខ្លួនជាកម្មករសោះ ហេតុអ្វីខ្លួនមានលុយរស់បានរហូតមកដល់ពេលនេះ និងដំណើរការធ្វើបាតុកម្ម?។ សូមមិត្តភក្ដិ​បរទេសដែលផ្ដល់លុយបែបនេះ ដកខ្លួនចេញ កុំធ្វើអន្តរជាតូបនីយកម្មការបាតុកម្មនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏មានមនុស្សរបស់ខ្ញុំដែរ។ គាត់បានប្រាប់ខ្ញុំថា “លោកពូ! នៅថ្ងៃទី១ ខែឧសភា បើខ្ញុំមិនដង្ហែក្បូនទេ គេនឹងកាត់ផ្ដាច់លុយរបស់ខ្ញុំ”។ ខ្ញុំមិននិយាយពីជប៉ុនទេ ជប៉ុនអត់ធ្វើអញ្ចឹងទេ។ មានប្រទេសផ្សេង ព្រោះអ្នកទាំងនេះបាននិយាយជាមួយខ្ញុំផ្ទាល់ថា “លោកពូ! បើខ្ញុំមិនទៅដង្ហែក្បួនឬញ្ញតិ្តអីបន្ដិចបន្ដួច នៅថ្ងៃទី១ ឧសភាទេ គេនឹងកាត់ផ្ដាច់នូវថវិកាដែលគេផ្ដល់ឱ្យខ្ញុំ”។ អញ្ចឹងសហជីពនៅកម្ពុជាមួយចំនួន គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស។ នេះវាជារឿងមួយ ប៉ុន្តែរឿងនោះសូមកុំឱ្យទៅហួសតែប៉ុណ្ណឹងទេ។

(៦) ទិវាពលកម្មអន្តរជាតិត្រូវធ្វើ ៣៦៥ ថ្ងៃ, ទាញវិនិយោគទុនទាំងក្នុងនិងក្រៅប្រទេសបង្កើតការងារ

ខ្ញុំសូមថាកុំឱ្យមាន ទិវាពលកម្មអន្តរជាតិត្រឹមតែ១ថ្ងៃ គឺសុំឱ្យមានទិវាបែបហ្នឹង ការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិពលករ គឺត្រូវធ្វើ ៣៦៥ថ្ងៃ … ទើបវាជាការត្រឹមត្រូវ។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអបអរសាទរជាមួយនឹងកម្មករ/ការិនី ដែលកំពុងធ្វើការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងថែមទៀត ដើម្បីដោះស្រាយការងារធ្វើឱ្យកម្មករ/ការិនីតាមរយៈនៃការទាក់ទាញវិនិយោគទុនទាំងក្នុងប្រទេសនិងក្រៅប្រទេស បង្កើតការងារឱ្យកាន់តែច្រើន ដើម្បីដោះស្រាយការងារធ្វើឱ្យប្រជាជនយើង។ សូម្បីតែទីផ្សារការងារនៅក្រៅប្រទេស យើងក៏កំពុងតែប្រឹងប្រែងដើម្បីរកផងដែរ រាប់ទាំងពលកររបស់យើងកំពុងតែធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនទៅៗ ព្រោះជប៉ុនត្រូវការកម្លាំងពលកម្ម។ យើងត្រូវតែមានជំនាញដើម្បីធ្វើការនៅទីនោះ ​…។

(៧) ខួបលើកទី៤៤ឆ្នាំនៃការទទួលដោះស្រាយការកកស្ទះជំនួយនៅកំពង់ផែព្រះសីហនុ

ឆ្នាំនេះក៏ជាខួបលើកទី៤៤ឆ្នាំ នៃការដែលខ្ញុំមានវត្តមានជាលើកដំបូងនៅកំពង់ផែព្រះសីហនុនេះឯង។ នៅក្នុងខែឧសភា ឆ្នាំ១៩៧៩ ពេលនោះខ្ញុំជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែ​ត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានគណៈកម្មការដឹកជញ្ជូនរំដោះទំនិញចេញពីកំពង់ផែកំពង់សោម។ (នៅក្នុងចំណោមនេះ)ប្រហែលជាមិនមានកម្មករជំនាន់នោះទេ ប៉ុន្តែប្រហែលជានៅមានកូនឬក្មួយដែលនៅធ្វើការនៅទីនេះ។ ពេលនោះ យើងមានទំនិញច្រើនមកកកស្ទះនៅទីនេះ។ កប៉ាល់ដឹកជំនួយមកពីសហភាពសូវៀតនិងប្រទេសមួយចំនួនទៀតមកឱ្យយើង មកកកកុញនៅកន្លែងហ្នឹង។ មធ្យោបាយដឹកជញ្ជូនមានតិច ហើយដឹកបានតែពេលថ្ងៃទេ ពេលយប់ដឹកវាមិនបាន។

(៨) ប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគតនៅទីលានតេជោ ថ្ងៃ ២ ធ្នូ ២០២១

ពិតមែនថាពេលនោះខ្ញុំជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋាភិបាលជំនាន់នោះ ដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ ខ្ញុំមកស្គាល់កំពង់ផែនេះ នៅក្នុងខែឧសភា ជាមួយនឹងកូនប្រុស ហ៊ុន ម៉ាណែត បន្ទាប់ពី(គាត់បាន)ហៅខ្ញុំពូរយៈពេល២ខែ។ ក្រោយមក ទៅណាមួយជំហានក៏គេតាមដែរ។ គេស្គាល់កំពង់ផែខេត្តព្រះសីហនុនៅក្នុងពេលដែលគេអាយុតិចណាស់ … តែឥឡូវគេធំហើយ។ (សម្ដេចសួរ៖ កាលពីឆ្នាំ២០២១ ខ្ញុំមក(កន្លែង)ហ្នឹងដែរ? ខ្ញុំនិយាយនៅ(កន្លែង)ហ្នឹងពីបេក្ខភាពនាយករដ្ឋមន្ត្រី?​ ឆ្លើយ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនិយាយនៅទីលានតេជោ ២ ធ្នូ ២០២១ …) ឥឡូវគេក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត។​

(៩) បើកំពង់ផែធ្លាក់ទៅក្នុងការគ្រប់គ្រងឯកជន ជប៉ុនមិនអោយខ្ចីប្រាក់និងផ្តល់ជំនួយទេ

ថ្ងៃនេះ ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការបើកការដ្ឋានដើម្បីសាងសង់នូវចំណតកុងតឺន័រកំព់ងផែស្វយ័តនៅទីក្រុងព្រះសីហនុនេះ។ អ្វីដែលបានកើតឡើងនៅកំពង់ផែនេះ ខ្ញុំគួរតែរំលឹកបន្តិច ហើយរឿងនេះកំពង់ផែនេះត្រូវចងចាំ។ បើសិនជាខ្ញុំមិនរវាសរវៃទេ កំពង់ផែនេះធ្លាក់ទៅក្នុងដៃឯកជនទៅហើយពេលនោះ។ នៅចាំទេ ដំណាក់កាលនោះគឺរដ្ឋាភិបាលចម្រុះ ប្រទាញប្រទង់គ្នាយ៉ាងខ្លាំង។ ខ្ញុំមិនយល់ព្រមជាមួយនឹងការឱ្យកំពង់ផែនេះទៅផ្នែកឯកជនទេ។ ខ្ញុំអាចនិយាយបានថា​បើកំពង់ផែនេះ ក្លាយទៅជាកំពង់ផែឯកជន សូមកុំសង្ឃឹមថាជប៉ុនអាចផ្ដល់លុយឱ្យយើងខ្ចីនិងផ្ដល់ជំនួយសម្រាប់កំពង់ផែនេះ។ ជប៉ុនគាត់អត់ត្រូវការជំពាក់ជំពិនជាមួយអ្នកណាទេ។ បើគាត់ធ្វើ(គឺ)គាត់ធ្វើហើយ។ កាលនោះរឿងច្រើនណាស់។ សូម្បីតែអ្នកខ្លះយកឡានតែ២គ្រឿងយកមកដាក់ វាទៅជាចង់គ្រប់គ្រងកំពង់ផែដែរ។ នៅចាំទេរឿងឡាន២គ្រឿង? អាហ្នឹងនៅ(ចន្លោះ)ឆ្នាំ១៩៩៨ ឬ ១៩៩៩ យកឡាន២គ្រឿងកញ្ចាស់ៗ មក រួចហើយមកចង់គ្រប់គ្រងកំពង់ផែទាំងមូលហើយចែកហ៊ុន ចែកប្រាក់​ចំណេញ។

បន្ទាប់មកទៀត ផែនេះស្មុគស្មាញណាស់។ និយាយពីធុញ​រឿងស្កេនកុងតឺន័រ។ កើតរឿងរ៉ាវមិនចេះតិច។ ទីចុងបំផុត ឱ្យដកចេញទាំងអស់ ឈប់ស្កេន ឱ្យមានអីមានទៅ … រឿងវាស្មុគស្មាញសាំញ៉ាំ មិនខុសពីការដែលគេបបួលយើងឱ្យលក់គយទេ។ កន្លែងហ្នឹងវាស្មុគស្មាញណាស់។ ប៉ុន្តែ ហ៊ុន សែន ជាគ្រូពេទ្យវះកាត់ធ្វើអោយ កំពង់ផែព្រះសីហនុនេះមានការរីកលូតលាស់។ ខ្ញុំនិយាយអំពីប្រវត្តិនេះបន្តិច។ ខ្លះគេថាអត់លុយអញ្ចេះ ខ្លះគេថាអត់លុយអញ្ចុះ។ ខ្ញុំថាកំពង់ផែហ្នឹងវាមិនផ្អូមទេ​។ ទុកវាអញ្ចឹងសិនទៅ ហើយចាំយើងមានលទ្ធភាព យើងសាងសង់។

(១០) ជប៉ុនរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងនាំមុខផ្ដល់ជំនួយឥតសំណង

ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ គួរតែឱ្យខ្ញុំរំលឹកខ្លះ។ សូមអភ័យទោសពីឯកឧត្តម(ឯកអគ្គរដ្ឋទូត)។ ខ្ញុំនិយាយច្រើនជាងឯកឧត្តមទាក់ទងនឹងរឿងនេះ។ ខ្ញុំបានធ្វើការជាមួយមិត្តជប៉ុនរយៈពេល៣៣ ឆ្នាំហើយ តាំងពីជំនាន់ឯកឧត្តម Toshiki Kaifu ធ្វើជានាយករដ្ឋមន្ត្រី Taro Nakayama ជារដ្ឋមន្ត្រីការបរទេស។ នោះគឺជាពេលដែលធ្វើដំណើរទៅជប៉ុនដើម្បីចុះហត្ថលេខាលើការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលហៅកាត់ជាភាសាអង់គ្លេសថា SNC។ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ បន្ទាប់ទៅជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមុខទៅលើការអភិវឌ្ឍកម្ពុជា ក្នុងការផ្ដល់ជំនួយឥតសំណង។

(១១) វិធីរបស់ជប៉ុនក្នុងការដោះបំណុល ដើម្បីអោយកម្ពុជាអាចខ្ចីប្រាក់ឡើងវិញ

ខ្ញុំសូមបញ្ជាក់ មកដល់ឆ្នាំ ១៩៩៩ បានជប៉ុនផ្ដល់ឱ្យយើងខ្ចីលុយ។ មូលហេតុអីទៅបានជាអញ្ចឹង? ជប៉ុនផ្ដល់ជំនួយច្រើនជាងគេ ប៉ុន្តែរឿងឱ្យប្រាក់កម្ចីគឺអត់ឱ្យខ្ចីតែម្ដង។ មូលហេតុគឺរបបមុនៗ បានជំពាក់លុយជប៉ុន ជាពិសេសរបប លន់ នល់ ។ អញ្ចឹង ជប៉ុនគិតទាំងការ គិតទាំងដើម គិតទាំងប្រាក់ពិន័យ។ ជាក្រឹត្យក្រម ធម្មតាទេ បើយើងមិនទាន់សងលុយគេទេ មិនអាចទាន់ខ្ចីលុយគេថែមបាន។ សូមអរគុណជប៉ុនដែលមានវិធីដោះបំណុល។ រឿងនេះជាបទពិសោធន៍មួយដែលប្រទេសនានាអាចរៀនសូត្រពីជប៉ុន។ ជប៉ុនដឹងថាយើងអត់មានលុយ។ ដើម្បីសងលុយជប៉ុនបានតើជប៉ុនធ្វើយ៉ាងម៉េច? ជប៉ុនផ្ដល់ទំនិញឱ្យមកកម្ពុជាជាស័ង្កសី ជាប្រេងសាំង ប្រេងកាត ជាទំនិញមួយចំនួនមកលក់នៅកម្ពុជា។ ដល់លក់បានហើយ … យើងបានលុយហ្នឹងទៅសងជប៉ុន … ជប៉ុនបានលុយហ្នឹង យកទៅទុកក្នុងរតនាគាររបស់យើង។ គាត់អត់យកលុយហ្នឹងទៅជប៉ុនវិញទេ។ ដល់បានគ្រប់ យកលុយជប៉ុនសងជប៉ុនវិញ។ ខ្ញុំនិយាយ(រឿងនេះក្នុង)ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ វាជារឿងពិតដែលខ្ញុំបានឆ្លងកាត់ គ្រប់ហេតុការណ៍ គ្រប់រឿង​នៅក្នុងដំណាក់កាលចុងក្រោយ …។

(១២) សងលុយអស់ ជប៉ុនផ្ដល់កម្ចីពង្រឹងនិងពង្រីកសមត្ថភាពកំពង់ផែ

ដល់យើង​សងលុយជប៉ុនអស់ហើយ (យើងបាន)ចុះហត្ថលេខា​ (ខ្ញុំនៅចាំ អតីតអគ្គរដ្ឋទូតជប៉ុនឈ្មោះ (Satoshi) Saito ជាអ្នកចុះ​ហត្ថលេខាដំបូង) ចាប់ផ្ដើមកសាងកំពង់ផែហ្នឹង។ ចាប់ផ្ដើមពីត្រង់ហ្នឹងមក។ ប៉ុន្ដែបើយោងទៅលើប្រវត្ដិ ជប៉ុនបានសិក្សាតាំងពីឆ្នាំ១៩៩៧ អំពីការកសាងកំពង់ផែនេះ ប៉ុន្ដែជប៉ុនអត់មានលទ្ធភាពដើម្បីផ្ដល់(កម្ចី)។​ គាត់ផ្ដល់ច្រើនរឿងជំនួយឥតសំណង តែរឿងកម្ចីមួយគឺអត់ឲ្យតែម្ដង។ យើងអត់ទាន់សងលុយ​ជប៉ុន។ ដល់​តែសងលុយជប៉ុនរួចហើយ ជប៉ុនឲ្យខ្ចីលុយ។ លើកនេះ លើកនេះ សម្រាប់ការងារ(ពង្រីកសមត្ថ ភាពកំពង់ផែ)នេះ ជប៉ុនអោយខ្ចីជាង ៧០០ លានដុល្លារ។ ខ្ញុំបានមកចូលរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនជាបន្ដបន្ទាប់សម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់ផង បើកការដ្ឋានផង ហើយថ្ងៃនេះមកជាមួយឯកឧត្តមអគ្គរដ្ឋទូតនៅទីនេះ Atsushi គឺយើងមកបើកការដ្ឋាន​មានចរិតយុទ្ធសាស្ដ្រនៅក្នុងការអនុវត្ដការព្រមព្រៀងរវាងនាយករដ្ឋមន្ដ្រីជប៉ុននិងកម្ពុជា។

(១៣) ចរចាជាមួយនាយករដ្ឋមន្រ្តីជប៉ុន ពីការធ្វើអោយកំពង់ផែកម្ពុជាមានជម្រៅទឹកជ្រៅ

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ។ ខ្ញុំគួរតែរំលឹកថា ក្នុងការចរចារបស់ខ្ញុំ​ជាមួយនាយករដ្ឋមន្ដ្រីជប៉ុន ខ្ញុំតែងអំពាវនាវឲ្យជប៉ុនពង្រីកឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន​នូវ(កំពង់ផែ)ទឹកជ្រៅ។ មុនពេលឯកឧត្តម Shinzo Abe ឈប់ធ្វើនាយករដ្ឋមន្ដ្រីនៅឆ្នាំ២០១៨ នៅទីក្រុង​តូក្យូ (ក្នុងការទទួលទាន)បាយផងចរចាផង (ដោយសារឯកឧត្តម Shinzo Abe ត្រូវទទួលភ្ញៀវច្រើន) ក្នុងកិច្ចប្រជុំបណ្ដាប្រទេសមេគង្គ-ជប៉ុន … យើងបានឯកភាពគ្នាចាប់យកនូវចំណុចស្នូលធ្វើម៉េចហៅថា ការផ្ដល់ភស្ដុភាកម្មក្នុងសមុទ្រ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទិននឹងរឿង​កំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនបានធ្វើ​រួច​មកហើយ។ ខ្ញុំបានអំពាវនាវឲ្យនាយករដ្ឋមន្ដ្រី Shinzo Abe … ធ្វើយ៉ាងម៉េចពន្លឿនគំរោងធ្វើឲ្យកំពង់ផែមានជម្រៅទឹកកាន់តែជ្រៅ។ បន្ទាប់ទៅជាមួយឯកឧត្តម (Fumio) Kishida នាយករដ្ឋមន្ដ្រីបច្ចុប្បន្ននេះ​ ក្នុងជំនួបខែមីនាឆ្នាំកន្លងទៅ ជំនួបនៅ​តូក្យូ និងនៅភ្នំពេញ ខ្ញុំក៏នៅតែលើករឿងហ្នឹង។ ព្រោះអ្វី?

(១៤) ក្នុងជម្រៅទឹក ៩ម២ ផែទទួលបាននាវា១៨% ការដឹកទំនិញត្រូវខាត ២០០ដុល្លារ/កុងតឺន័រ

សព្វថ្ងៃនេះ ទិន្នន័យបញ្ជាក់ថា មុនពេលដែលកំពង់ផែនេះ​ត្រូវបានពង្រីក ជម្រៅទឹករបស់យើងមានជាង ៨ម៉ែត្រទេ។ ជប៉ុនបាន(ជួយ)ធ្វើឲ្យផែយើងមានជម្រៅដល់ទៅ ៩ម៉ែត្រ ២ តឹក។ ខ្ញុំសូមបញ្ជាក់ណា ៩ ម៉ែត្រ ២ តឹក នេះ យើងទទួលបានទំនិញត្រឹមតែ ១៨% នៃនាវាទេ។ នាវា​ធំៗ ​មិនបានចូលមកដល់ទេ​។ អញ្ចឹងតម្លៃដឹកជញ្ជូនដែលអ្នកវិនិយោគនៅកម្ពុជា(នៅមានថ្លៃដឹកជញ្ជូនខ្ពស់)។ ត្រូវដឹកទៅកន្លែងឆ្ងាយ ត្រូវ​ខាត​ក្នុង​មួយកុងតឺន័រ ឬ TEU (twenty-foot equivalent unit) ចំនួន ២០០ ដុល្លារ។ បញ្ហាវាស្ថិតនៅត្រង់កន្លែងហ្នឹង។ អ្នក​វិនិយោគមកកម្ពុជា ត្រូវខាតបង់ ២០០ ដុល្លារអាមេរិក ក្នុងមួយប្រអប់/កុងតឺន័រ លើការដឹកជញ្ជូនតាមនេះ។

(១៥) ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុមាន ៣ ដំណាក់កាល ២០២៦ ២០២៨ និង ២០២៩

អញ្ចឹងបាន​ជាយើងត្រូវធ្វើរឿងនេះ។ ឆ្នាំ ​២០២៤ ពិតមែនតែយើងពង្រីកផែកុងតឺន័រទៀតបាន៣៥០ ម៉ែត្រទៀត ចំនួនកុងតឺន័រដែលចូលមក នឹងកើនឡើងពី ៥សែន ៥ម៉ឺន (កុងតឺន័រ) ទៅដល់ ១លាន ប៉ុន្ដែសមត្ថភាពទទួលនាវានៅតែ១៨% ដដែល។ យើងនៅតែបង់ខាតចំនួន ២០០ដុល្លារក្នុងមួយកុងតឺន័រដដែល។ បន្ទាប់ទៅទៀតនៅឆ្នាំ​២០២៦ ជាជំហានទី១ (ផែនឹងមាន)ជម្រៅទឹកដល់ទៅ ១៤ម៉ែត្រ ៥តឹក។ ក្នុងជំរៅទឹក ១៤ម៉ែត្រ ៥តឹក យើងអាចទទួល​នាវាបានរហូតដល់ ៩៣% … ជាមួយនឹងការចំណេញប្រាក់​ ២០០ក្នុងមួយកុងតឺន័រ។ ដល់ឆ្នាំ២០២៨ ជាជំហានទី២ យើងនឹងមានកំពង់ផែកុងតឺន័រប្រវែង ៤០០ម៉ែត្រថែមទៀត (និងផែមាន)ជម្រៅទឹក ១៦ម៉ែត្រ ៥តឹក។ ពេលនោះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងមិនចាំបាច់ចូលទៅកំពង់ផែណាទាំងអស់ … (ឆ្នាំ ២០២៨) ​យើង​អត់ទៅផ្ទេរទំនិញនៅកំពង់ផែណាទាំងអស់ ដោយសារផែមានជំរៅទឹកដល់ ១៦ម៉ែត្រ ៥តឹក។ ចុងក្រោយ ដល់ទៅឆ្នាំ២០២៩ ចំណតកុងតឺន័រថ្មីជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ និងមានជំរៅទឹក ១៧ម៉ែត្រ ៥តឹក។ ពេលនោះ(សមត្ថភាពកំពង់ផែនៅ)កម្ពុជា ដូចគេដូចឯងលើពិភពលោក …។

(១៦) ការធ្វើឲ្យជម្រៅទឹកកាន់តែជ្រៅ ជាការស្រាយឧបសគ្គធំជាងគេ

ប្រសិនបើយើងស្ទះនៅបំពង់ក តើសរីរាង្គរបស់យើងវាយ៉ាងម៉េច? ប្រទេសរបស់យើងស្ថានភាពផ្លាស់ប្ដូរទាំង​ស្រុងទៅហើយ។ កាលពីពេលមុន យើងតែងតែដឹកទំនិញចូលមកផ្គត់ផ្គង់ក្នុងប្រទេសច្រើនជាងដឹកចេញ។ឥឡូវ​ការដឹកចេញ ច្រើនជាងដឹកចូល ដោយសារយើងជាប្រទេសនាំចេញ។ ឯកឧត្តមអគ្គរដ្ឋទូត Ueno Atsushi ប្រសិនបើខ្ញុំឧស្សាហ៍លើកជាមួយមិត្តជប៉ុនថាឲ្យពន្លឿនការធ្វើឲ្យទឹកជ្រៅ សូមកុំថ្នាំងថ្នាក់ជាមួយខ្ញុំ ព្រោះចក្ខុវិស័យរបស់ខ្ញុំទៅលើបញ្ហាយុទ្ធសាស្ត្រនៃការគ្រប់គ្រងនិងដឹកនាំប្រទេសនេះ ខ្ញុំយល់ច្បាស់ថា អ្វីទៅដែលជាឧបសគ្គ? អញ្ចឹងបើរឿងហ្នឹងជាឧបសគ្គខ្ញុំត្រូវតែនិយាយ។ ខ្ញុំអត់សុំយកមកធ្វើបង្ហើយចង្ក្រានបាយផ្ទះខ្ញុំទេ។ ខ្ញុំយកមកដើម្បីពន្លឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែលឿន។

(១៧) គ្មានប្រទេសណាអោយដកលុយមកចាយស្រស់ៗ ទេ

ជាងនេះទៅទៀត អ្នកខ្លះគេថា ជប៉ុនជួយលុយច្រើនណាស់ ឱ្យខ្ចីឱ្យអីហ្នឹង ហើយពួកភ្នំពេញពុករលួយ។ ឱ្យទៅសួរជប៉ុនខ្លួនឯងទៅ។ ខ្ញុំអត់ដឹងទេ។ ជប៉ុនដេញថ្លៃអីខ្លួនឯងនៅតូក្យូ។ រួចហើយជប៉ុនមកធ្វើទៅ។ ដល់ពេលសម្ពោធហៅខ្ញុំមកសម្ពោធមក។ ខ្ញុំធ្វើម៉េចបានកាន់លុយជប៉ុន? អ្នកណាចង់ថាចោទប្រកាន់អំពីរឿងរដ្ឋាភិបាលភ្នំពេញពុករលួយ ស៊ីលុយជប៉ុនអី(គួរតែយល់)។ ជប៉ុនមិនមែនល្ងង់ទេ។ ជប៉ុនគឺជាប្រទេសដែលមានការគ្រប់គ្រងហ្មត់ចត់។ អត់ធ្វើផ្តេសផ្តាសបានទេ។ គ្មានប្រទេសណាដែលគេឱ្យលុយយើងមកស្រស់​ៗ ហើយមានលទ្ធភាពទៅដកលុយហ្នឹងយកមកចាយទេ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់អំពីចំណុចនេះ។

(១៨) មិនមានកំពង់ផែណាមួយដើរតួនាទីជំនួសកំពង់ផែក្រុងព្រះសីហនុឡើយ

សារៈសំខាន់នៅកន្លែងនេះ ខ្ញុំសុំបញ្ជាក់ថាអត់មានកំពង់ផែកន្លែងណាមួយដែលអាចដើរតួនាទីជំនួសកំពង់ផែនៅកន្លែងនេះទេ។ អញ្ចឹងបានជាខ្ញុំស្នើថា ទន្ទឹមនឹងការពង្រីកទីលាននេះ យើងត្រូវតែបូមទឹកឱ្យជ្រៅ បើសិនជាទឹកហ្នឹងមិនជ្រៅទេ បានសេចក្តីថា យើងកសាងទីលាននេះវាអត់មានកប៉ាល់ចតដដែល ដោយសារតែកប៉ាល់ធំៗវាចូលមិនបាន … យើងកំពុងមាន(ជំរៅទឹក) ៩ម៉ែត្រ ២តឹក។ អញ្ចឹងយើងនឹងធ្វើឱ្យដល់ ១៧ម៉ែត្រ ៥តឹក។ យើងត្រូវធ្វើអោយមានជម្រៅទឹកដល់ជិត ១១ម៉ែត្រដើម្បីធានាឱ្យនាវាដឹកជញ្ជូនមកដល់។ នេះជាផលចំណេញសម្រាប់ប្រជាជនកម្ពុជា។

(១៩) សមាហរណកម្មកំពង់ផែជាមួយតំបន់សេដ្ឋកិច្ចពិសេស

ផលចំណេញនោះគឺការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ក្នុងនោះមានអ្នកវិនិយោគជប៉ុន។ ខ្ញុំគាំទ្រជាមួយនឹងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម អគ្គរដ្ឋទូត ថាធ្វើសមាហរណកម្មកំពង់ផែជា​មួយនឹងតំបន់សេដ្ឋកិច្ចពិសេសនៅជាប់កន្លែងហ្នឹងតែម្តងទៅដើម្បីឱ្យវាដំណើរការ។ អញ្ចឹងអ្នកវិនិយោគជប៉ុននឹងពេញចិត្តមកវិនិយោគនៅទីនេះជាមួយនឹងកំពង់ផែដែលជប៉ុនបានជួយនៅទីនេះ។ ដូច្នេះវាជារឿងមួយល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ដែលខ្ញុំមានសង្ឃឹមយ៉ាងច្រើន ហើយខ្ញុំមានមោទនភាពណាស់ជាមួយនឹងអ្វីដែលយើងបានធ្វើក្នុងរយៈពេល ៧០ឆ្នាំ។ ពិតមែនហើយ កម្ពុជាជួបសង្គ្រាម របបប្រល័យពូជសាសន៍ មានរឿងនេះ រឿងនោះ ប៉ុន្តែសំរាប់ការប្រារព្ធពិធីក្នុងខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ខ្ញុំអាចនិយាយបានដោយមោទនភាពថា មកដល់ពេលនេះ កម្ពុជានិងជប៉ុនបានដើរដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនង។

(២០) លើកកម្ពស់ជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួបទី៧០នៃទំនាក់ទំនង

ជាមួយអតីតនាយករដ្ឋមន្រ្តី Shinzo Abe ភាគីយើងទាំងពីរបានលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ មិនទាន់ប្រើប្រាស់ពាក្យគ្រប់ជ្រុងជ្រោយទេ។ នៅពេលដែលឯកឧត្តម Kishida ទស្សនកិច្ចនៅកម្ពុជានៅខែមីនា ឆ្នាំ២០២២ កន្លងទៅ ខ្ញុំបានលើកជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី Kishida ថាទំនាក់ទំនងរបស់យើងរីកចម្រើនហើយ គួរតែរុញវាឱ្យទៅដល់ដំណាក់កាលនៃទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បន្ទាប់ទៅ ១ខែក្រោយ ខ្ញុំធ្វើដំណើរទៅខេត្ត Kumamoto ដើម្បីចូលរួមវេទិកាទឹក ខ្ញុំបានលើកបំណងនេះទៀត។ ទៅចូលរួមបុណ្យសពរបស់ឯកឧត្តម Shinzo Abe … ដល់ទៅពេលខែវិច្ឆិកា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Kishida មកចូលរួមប្រជុំអាស៊ាន-ជប៉ុន។ ក្នុងជំនួបទ្វេភាគី ឯកឧត្តម Kishida បានឯកភាពគ្នាថា ខួបលើកទី ៧០ នៃទំនាក់ទំនងរបស់យើង ត្រូវលើកកម្ពស់ទំនាក់ទំនងនេះឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រឿងនេះវាគួរតែត្រូវបានធ្វើ ព្រោះឥឡូវកិច្ចសហប្រតិបត្តិការគឺមានទាំងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ។ កងទ័ពនៃប្រទេសទាំងពីរ គេទស្សនកិច្ចទៅវិញទៅមក នាវាជើងទឹករបស់ជប៉ុនចូលមកកម្ពុជាញឹកញាប់ ដូច្នេះវាអត់មានអីខាតបង់ទេ។

(២១) កម្ពុជាគាំទ្រគំនិតផ្តើមដែល ១)បំរើសន្តិភាព/អភិវឌ្ឍន៍ ២)មិនប្រឆាំងប្រទេស/ក្រុមប្រទេស ៣) គោរពមជ្ឈភាពអាស៊ាន

គំនិតផ្តួចផ្តើមមួយចំនួនរបស់ជប៉ុនបានទទួលការគាំទ្រពីសំណាក់កម្ពុជា ដូចជា ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ កម្ពុជាគឺជាប្រទេសទី១ ដែលបានគាំទ្រជប៉ុនលើគំនិតហ្នឹងដោយផ្អែកទៅលើគោលការណ៍៣។ មិនមែនសំរាប់តែប្រទេសជប៉ុនមួយទេ តែគឺប្រទេសទាំងអស់។ បើចង់ឱ្យកម្ពុជាគាំទ្រគំនិតផ្តើមនានា ត្រូវតែមានចំណុច៣ ពិសេស។ គំនិតផ្តួចផ្តើមណាក៏ដោយ ត្រូវតែ ទី១​ បម្រើឱ្យសន្តិភាពនិងការអភិវឌ្ឍ … បើគ្រាន់តែដាក់គំនិតចេញមកដោយមិនបម្រើឱ្យគោលដៅសន្តិភាពនិងការអភិវឌ្ឍ គ្រាន់តែច្បាំងគ្នាទេ ខ្ញុំមិនគាំទ្រទេ។ អ្វីដែលជប៉ុនដាក់មកគឺស្របជាមួយនឹងអ្វីដែលយើងចង់បាន។ ឯចំណុចទី២ មិនប្រឆាំងជាមួយប្រទេសណា ឬក្រុមណាមួយទេ។ មិនមែនជាសម្ព័ន្ធភាពដើម្បីនឹងប្រឆាំងគ្នាទេ។ បើសិនជាគំនិតផ្តួចផ្តើមមានគោលដៅប្រ​ឆាំង​ជាមួយប្រទេសណាផ្សេង គឺកម្ពុជានឹងមិនគាំទ្រទេ អាហ្នឹងគឺសុំបញ្ជាក់ជាសាធារណៈ។ ឯចំណុចទី៣ គោ​រពមជ្ឈភាពរបស់អាស៊ាននិងទស្សនាទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន … អាស៊ានមិនគិតតែដើរគាំទ្រគេទេ ត្រូវឱ្យអ្នកដទៃគាំទ្រអាស៊ានផង។

អញ្ចឹងវាស្របគ្នា។ បើវាស្របគ្នាអញ្ចឹងគឺ ខ្ញុំអត់មានរឿងអីខ្លាចទេ ព្រោះនយោបាយការបរទេសកម្ពុជា​គេបានដឹងហើយ គឺជាគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ អញ្ចឹងទេ រាល់គំនិតផ្តួចផ្តើមទាំងអស់ត្រូវធានា៣ យ៉ាង បើធានា៣ យ៉ាង មិនបានទេគឺកម្ពុជាមិនចូលរួម មិនគាំទ្រ។ ដាក់ចេញមក ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែឥណ្ឌូប៉ាស៊ីហ្វិកមានគោលដៅប្រឆាំងជាមួយប្រទេសផ្សេង គឺកម្ពុជាមិនគាំទ្រទេ។ ខ្ញុំសុំនៅស្ងៀមហើយ ឬក៏ខ្ញុំជំទាស់តែម្តង។ បើគ្រាន់តែដាក់មកប្រឆាំងអ្នកនេះ ប្រឆាំងអ្នកនោះ ទប់អ្នកនេះ ទប់អ្នកនោះ កម្ពុជាអត់លេងជាមួយទេអាហ្នឹង។

(២២) ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឆ្នាំ២០២២ ឡើងដល់ ១ ៩៤៨ លាន(ដុល្លារ)

ត្រឡប់មកទំនាក់ទំនងរវាងពាណិជ្ជកម្មកម្ពុជា-ជប៉ុន … ខ្ញុំនិយាយពីរឿងដោះបំណុលជប៉ុន​។ ជប៉ុនដឹកជំនួយមកឱ្យយើង យកទៅលក់ បានលុយ យកទៅសងជប៉ុន។ ជប៉ុនយកលុយនេះទៅឱ្យខ្មែរទៀត។ ប៉ុន្តែឥឡូវទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឆ្នាំ២០២២ កន្លងទៅ ឡើងដល់ ១ ៩៤៨ លាន(ដុល្លារ) ក្នុង ១ ៩៤៨ លាន កម្ពុជានាំទៅជប៉ុន ១ ១៧៣ លាន ឯជប៉ុននាំចូលមកកម្ពុជា ៧៧៤ លាន។ ខ្ញុំសង្ឃឹមយ៉ាងមាំថា ក្នុងដំណាក់កាលឯកឧត្តមអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនិញកម្ពុជាចូលទៅប្រទេសជប៉ុនកាន់តែច្រើន។ កម្ពុជានិងជប៉ុន ជាសមា​ជិកនៃកិច្ច​ព្រមព្រៀងគ្រប់ជ្រុងជ្រោយ RCEP ជាមួយគ្នា។ ប៉ុន្តែទំនាក់ទំនងទ្វេភាគីដែលមានរួចមកហើយ ចាំ​បាច់​ត្រូវពង្រឹងដើម្បីឲ្យទំនិញរបស់កម្ពុជាចូលទៅទីផ្សារជប៉ុនកាន់តែច្រើន។ ចំណុចនេះ គឺជាចំណុចល្អណាស់ ដែលខ្ញុំសុំលើកទឹកចិត្តដើម្បីឲ្យធ្វើកិច្ចការងារនេះបន្តទៀតសម្រាប់ប្រទេសយើងទាំង២។

(២៣) ខែវិច្ឆិកាបាញ់កាំជ្រួចជប៉ុន៣ ដង ១) ទិវាឯករាជ ២) បុណ្យអុំទូក ៣) ខួបទី៧០ទំនាក់ទំនងកម្ពុជាជប៉ុន

តើអតីតរដ្ឋទូតជប៉ុន ដែលពេលនេះគាត់ជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន បានរាយការណ៍ជូនឯកឧត្តមអគ្គរដ្ឋទូតហើយឬនៅ? គាត់ស្នើសុំបាញ់កាំជ្រួចជប៉ុននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅមុខព្រះមរមរាជវាំង។ គាត់សុំយកកាំជ្រួចជប៉ុនមកបាញ់តែម្តង។​ ខ្ញុំថាបាន។ បាញ់សប្បាយតើ។ អញ្ចឹងនៅក្នុងខែវិច្ឆិកា យើងអាចបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងចំនួន ៣ ដង។ ទី ១ គឺបាញ់នៅថ្ងៃឯករាជ្យ ៩ វិច្ឆិកា។ បន្ទាប់ទៅបាញ់កាំជ្រួចជប៉ុន យកអ្នកបច្ចេកទេសពីជប៉ុនមក បូកជាមួយនឹងអ្នកបច្ចេកទេសយើង បាញ់ទាំងកាំជ្រួចជប៉ុនតែម្តង មើលបាញ់ ២ ម៉ោងមើល បាញ់ឲ្យប្រជាជនទៅមើលសប្បាយរីករាយ លេងកម្សាន្តនៅហ្នឹង។ បន្ទាប់ទៅយើងបាញ់ ៣យប់ ៣ថ្ងៃទៀត នៅថ្ងៃប្រណាំងទូក អកអំបុក សំពះព្រះខែ។ អញ្ចឹងខែវិច្ឆិកាបាញ់ ៣ ដង ប៉ុន្តែមានបាញ់ម្តង បាញ់ពិសេស គឺកាំជ្រួចជប៉ុនបាញ់ក្នុងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

(២៤) ប្រើគ្រាប់ភ្នែកជប៉ុន បាត់ឈឺក្បាលមក ៣៣ ឆ្នាំហើយ

ខ្ញុំមិនភ្លេចអរគុណចំពោះមិត្តជប៉ុន។ រឿងនេះខ្ញុំធ្លាប់បាននិយាយខ្លះៗ។ មានរឿងមួយ មិនទាន់ដឹងច្រើន។ ជួន​កាលអ្នកខ្លះភ្លេច ឬអ្នកដែលធ្លាប់បានស្តាប់ខ្ញុំនោះ ទទួលមរណភាពទៅឬចាស់ពេក។ បើគិតមកដល់ពេលនេះ ៣៣ ឆ្នាំនេះ ខ្ញុំអត់ដែលឈឺក្បាលសូម្បីបន្តិច។ ហេតុអី? នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ រហូតដល់ខ្ញុំមាន Analgin ដាក់នៅក្នុងហោប៉ៅជាប់ជានិច្ច។ ពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកឲ្យ។ តាំងពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលទេ។ រឿងនេះវាទាក់ទងនឹងការផលិត ការប្រើប្រាស់គ្រាប់ភ្នែក។ ឲ្យតែមានយើងចេះតែដាក់ហើយ។ មើលរូបថត ពេលពេលខ្លះភ្នែកជួនកាលរូងទៅ ជួនកាលធំទៅ ព្រោះយកភ្នែកយើងទៅតម្រូវគ្រាប់ភ្នែកគេផលិត។ ប៉ុន្តែមិត្តជប៉ុនបានជួយផលិតភ្នែកឲ្យខ្ញុំ។ ឆ្នាំ២០១៧ ឯកឧត្ដម Shinzo Abe អញ្ជើញខ្ញុំទៅទស្សនកិច្ចផ្លូវការ ក៏បានធ្វើគ្រាប់ភ្នែក ៤ គ្រាប់ទៀត។ ឥឡូវគ្រាប់ភ្នែកសិប្បនិម្មិត៤ គ្រាប់ហ្នឹង អស់សុពលភាពហើយ។

ឯកឧត្តមអគ្គរដ្ឋទូតមកដល់ ស្នើសុំថា ឥឡូវជប៉ុននឹងផ្តល់គ្រាប់ភ្នែកបន្ថែមទៀត។ ខ្ញុំអរគុណណាស់ដែលបានជួយខ្ញុំ។ អញ្ចឹងបានអ្នកខ្លះគេនិយាយលេងថា លោក ហ៊ុន សែន មានទស្សនៈវែងឆ្ងាយ មើលឃើញវែងឆ្ងាយដោយសារគាត់ប្រើគ្រាប់ភ្នែកជប៉ុន។ គ្រាប់ភ្នែកនេះគឺគុណភាពវាល្អ វាត្រជាក់ ប្រៀបធៀបជាមួយនឹងពេលមុន ខ្ញុំឈឺក្បាលនោះឈឺ ពីឆ្នាំ ១៩៩០ មកដល់ឥឡូវ វា ៣៣ ឆ្នាំ អត់ដែលឈឺក្បាលទេ។ ដែលកាលពីមុនមួយថ្ងៃជួនកាលលេប Analgin ២ ដង លេប Analgin តែងតែអាលាក់ហ្ស៊ី ព្រោះ Analgin គេឈប់ផលិតហើយ។ គេមាននៅសល់ចេះតែយកមកដាក់ហោប៉ៅ … ឲ្យតែឈឺក្បាលដាក់អាហ្នឹងហើយ។ តែដាក់អាហ្នឹងចេញ អាលាក់ហ្ស៊ីហើយចេញតាមមុខអីបន្តិចបន្តួចទម្រាំតែវាបាត់ឈឺក្បាលក៏វារមាស់ខ្នង រមាស់ដៃអញ្ចឹងទៅ។ ប៉ុន្តែ ៣៣ ឆ្នាំនេះអត់ទេ … ធ្វើការជាមួយអ្នកទាំងអស់គ្នា ពង្រីកកំពង់ផែកំពង់សោមនេះបានក៏មិនចេះតិចដែរ។

(២៥) ១៩៨៨/៨៩៖ “កម្ពុជាមិនមែនជាធុងសំរាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យទេ”

ខ្ញុំក៏សុំយកឱកាសនេះ និយាយទៅដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។ ម្សិលមិញនេះ ខ្ញុំក៏បានទៅពិនិត្យបន្ថែមទៀត បន្ទាប់ពីការដ្ឋា្ននទី ១ និងការដ្ឋានទី ២ នៃការចម្រោះទឹកស្អាតធ្លាក់ទៅសមុទ្រ ការដ្ឋានទី ៣ ធ្វើបានដូចជា៩០ ភាគរយហើយ។ សរុប៣ ទីតាំងនេះ យើងនឹងអាចទម្លាក់ទឹកទៅក្នុងសមុទ្របាន៧២ ភាគរយ។ នេះជាការរួមចំណែកមួយដើម្បីការពារបរិស្ថាននៅតំបន់តាមឆ្នេររបស់យើង។ ខ្ញុំមានមោទនភាពទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំ នៅឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៩០ មានក្រុមហ៊ុនបរទេសមួយ​ មកចង់ធ្វើរោងចក្រអគ្គិសនីនៅលើកោះរបស់យើង ក្នុងមួយឆ្នាំឲ្យ royalty មកយើង ៣០ លានដុល្លារ ជាមួយនឹងការផលិតភ្លើងផ្តល់ឲ្យយើង ប៉ុន្តែ ត្រូវដឹកសំរាមពីប្រទេសគេមកដុតក្នុងប្រទេសយើង។ ពេលហ្នឹងសួរឯកឧត្តម ជា ចាន់តូ ដែលជារដ្ឋមន្រ្តីផែនការទទួលបន្ទុកវិនិយោគ ឯកឧត្តម យឹម ឆៃលី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំបានសួរ ឲ្យឆ្លើយឲ្យខ្ញុំថា តើ១ ម៉ឺនតោនមានវិទ្យុសកម្មប៉ុន្មាន? គេថាគេមិនច្បាស់ទេ ប្រហែលមួយដប ប៉េនីស៊ីលីន។ ខ្ញុំថាវាល្មមគ្រប់គ្រាន់ដើម្បីបំផ្លាញតំបន់ឆ្នេរ។ ខ្ញុំអត់ឲ្យ។

ឆ្នាំ ១៩៩៧ ហើយណា នៅមានគណៈប្រតិភូចម្រុះប្រហែលជា៥ ជាតិសាសន៍ មនុស្ស៨ នាក់ មកជួបខ្ញុំនៅផ្ទះតាខ្មៅ។ គេថាបច្ចេកវិទ្យានេះទំនើបណាស់។ ម៉ូឌែលចុងក្រោយ ដាក់នៅតាមកោះ ឬនៅតាមឆ្នេរ ឬនៅតាមតំបន់ណាមួយ ដុតសំរាមមកគឺថាផលិតអគ្គិសនី។ ខ្ញុំថាសុំទោស។ យកទៅផលិតនៅក្នុងប្រទេសរបស់អស់​លោកទៅ។ ប្រទេសរបស់ខ្ញុំមិនផលិតអាហ្នឹងទេ។ បើសិនអញ្ចេះខ្ញុំយល់ព្រម។ បើអ្នកឯងយកសំរាមក្នុងប្រទេសខ្ញុំផលិតអាហ្នឹងខ្ញុំព្រម។ ប្រទេសមួយចំនួនមានវិបត្តិអត់មានកន្លែងចាក់សំរាម។ កប់សំរាមចូលទៅក្នុងដី ហើយគេចង់យកយើងធ្វើជាកន្លែងចាក់សំរាម។ រឿងនេះ ខ្ញុំបានប្រកាសនៅឆ្នាំ ១៩៨៨ ថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យទេ។ ដូចជាអ្វីដែល ហ៊ុន សែន បាននិយាយអញ្ចឹង ដាក់មកបើថាប្រព័ន្ធទូរស័ព្ទដាក់អាល្អមក កុំដាក់ស្អីអារញ៉េរញ៉ៃមក ហៅក៏មិនឮ ស្អីក៏មិនបាន ប្រើអ៊ីនធឺណែតមិនបាន។ ឥឡូវហ្នឹងថា បើដាក់មកដាក់អាទំនើប មិនទំនើបមិនទទួល។ ជំនាន់ហ្នឹងបានខ្ញុំប្រកាសវាអញ្ចេះ អឺរ៉ុបខាងកើតគេឈប់ផលិតរបស់ហ្នឹង ដល់អឺរ៉ុបខាងកើតគេលក់ឲ្យយើងថោកៗ យើងទៅប្រឹងអរគុណគេទៀត។ បើនិយាយពីឡានថតទូរទស្សន៍ ប្រហែលជាសុំឲ្យទូរទស្សន៍ជាតិទុកអាឡានហ្នឹងតាំងថ្ងៃក្រោយ។ អាឡានទូរទស្សន៍ហ្នឹងយកមកយើងចោះវាដាក់ម៉ាស៊ីនត្រជាក់ រួចទៅដល់ពេលយើងទៅទិញគេទៀត គេឈប់ផលិតហើយហ្នឹង។ គេលក់របស់ចាស់ចេញពីឃ្លាំងមកឲ្យយើង។

(២៦) ត្រូវការឲ្យសកម្មភាពស៊ីហ្គេមជាថ្ងៃបុណ្យជាតិសម្រាប់ប្រជាជនកម្ពុជា

និ​យាយដល់ទូរទស្សន៍ សុំប្រកាសថ្ងៃនេះតែម្តង។ យប់មិញនេះ ខ្ញុំជាមួយ ជា សុផារ៉ា ជាមួយ ស៊ុន ចាន់ថុល អីនេះនាំគ្នាបានសាច់​គោក្លែម … យប់មិញឡើងទៅមើល(ការប្រកួតបាល់)។ បើកមើលប៉ុស្តិណាក៏មិនឃើញ។ អញ្ចឹងក៏សួរទៅ (Fresh News) វុត្ថាៗ ឯងជួយមើលៗ ប៉ុស្តិណា? បន្ទាប់ទៅ ទូរស័ព្ទទៅទូរទស្សន៍ជាតិ។ ទូរទស្សន៍ជាតិវាឆ្លើយថាវាផ្សាយតែការប្រកួតរវាងគូខ្មែរជាមួយនឹងគូបរទេស។ ខ្ញុំថាអាងាប់។ ស៊ីហ្គេមនៅសល់តែប៉ុន្មានថ្ងៃទៀត ៤ ថ្ងៃទៀត គ្រាន់តែហែ(គប់ភ្លើង)ស៊ីហ្គេមទេ គេក្លាយជាបុណ្យមួយនៅតាមខេត្ត។ ហេតុ​អ្វីឯងប្រកួត ប្រជាជនចង់មើល ឯងមិនព្រមផ្សាយ? ឥឡូវសុំផ្តាំទៅទូរទស្សន៍ជាតិ ល្ងាចនេះត្រូវតែផ្សាយឲ្យបាន បើផ្សាយមិនបាន អគ្គនាយកដកទាំងអស់ អត់មានទុកមួយទេ ប្រាប់ឲ្យហើយ។ នាយករដ្ឋមន្ត្រីត្រូវការឲ្យ​​ប្រទេសនេះក្លាយទៅជាថ្ងៃបុណ្យរបស់ជាតិ សម្រាប់ប្រជាជនកម្ពុជា។ មោទ​នភាពរបស់ប្រជាជនកម្ពុជា រឿងអីអ្ហែងទុកឲ្យប្រទេសខ្មែរស្ងប់ស្ងាត់ចឹង ក្នុងពេលដែលមានស៊ីហ្គេម? គេប្រកួតកីឡាមិនព្រមផ្សាយ មើលគ្រប់ទូរទស្សន៍ទាំងអស់ឲ្យវាចេះភ្ញាក់រលឹកមើល។ ខ្លះទៅផ្សាយអំពីកីឡាស្អី ឥឡូវប្រកួតប៉ុន្មានដូចជា ១១ វិញ្ញាសាហើយ ប៉ុន្តែគ្មានអ្នកណាទៅផ្សាយ។

ទូរទស្សន៍ជាតិ រដ្ឋមន្ត្រីវាទៅណា? ឥឡូវហ្នឹងកំពុងជេរតែម្តង រឿងធ្វើល្អមួយគគោកមក។ ខ្ញុំបានរំលឹកហើយតាំងពីមុនមកថា រឿងការផ្សាយនេះ ត្រូវតែយកចិត្តទុកដាក់ វាមានអី វាដេកធ្វើមិនដឹងទៅ។ ឯងទីចុងបំផុតចាំមើល។ ទៅឃើញថា ថៃស៊ីសាំងហ្គាពួរ ២-១។ ដល់ទៅយប់បន្តិច វៀតណាមស៊ីឡាវ ៣-០។ បានមើលប៉ុណ្ណឹង។ គេត្រូវការមើលអ្នកណាទាត់យ៉ាងម៉េច … បើថាធ្វើទូរទស្សន៍ប៉ុណ្ណឹងមិនបាន ធ្វើរដ្ឋមន្ត្រីប៉ុណ្ណឹងមិនបាន នាំគ្នាចេញទៅ។ អញដកមុនស៊ីហ្គេមហ្មង … រួចឡានទូរទស្សន៍ហ្នឹងទៀត វាមានការផ្សាយឥឡូវហ្នឹង គេយកចេញពីមជ្ឈមណ្ឌលផ្សាយនោះ ឯងគ្រាន់តែកាច់យកសោះ ម៉េចក៏មិនធ្វើ? ឥឡូវក្រៅពីទូរទស្សន៍ជាតិផ្សាយ នៅមានទូរទស្សន៍ដទៃទៀតផ្សាយ នាំគ្នាផ្សាយ ឲ្យវាសប្បាយមួយទូទាំងប្រទេសមើល។

ម្សិលមិញគ្រាន់តែទាត់ខ្មែរជាមួយនឹងទីម័រខាងកើត ហ្វេសប៊ុករបស់ BTV កើនដល់ ១៥ ម៉ឺននាក់ចូលមើល មិនទាន់គិតពីមើលតាមទូរទស្សន៍នានាទេ គ្រាន់តែហ្វេសប៊ុករបស់ BTV ១៥០K។ ហេតុអ្វីបានជាអស់លោកមិនចាប់អារម្មណ៍? ហើយទៅកាន់តំណែងហ្នឹងឬក៏ចង់អស់តំណែង? បើថាមិននេះទេ យប់ហ្នឹងអស់តំណែងមុនម៉ោង៩ យប់។ ជាមួយ ហ៊ុន សែន ធ្វើការលឿនណាស់។ កុំមកបង្ខូចព្រឹត្តិការណ៍ក្នុងពេលដែលខ្លួនឯងមានសម្ភារគ្រប់គ្រាន់ និងទទួលបន្ទុកការងារផ្សព្វផ្សាយ … ឆ្លៀតជេរអគ្គនាយកទូរទស្សន៍ពីហ្នឹងទៅតែម្តង … កំពុងតែមានការប្រកួតលើទឹកដីរបស់ខ្លួន ហើយបញ្ចាំងទៅឃើញថៃជាមួយសាំងហ្គាពួរប្រកួតគ្នា ឲ្យឃើញថា វៀតណាមជាមួយឡាវប្រកួតគ្នា។ ល្ងាចនេះដល់ពូលអីគេ? …។

អំពាវនាវគ្រប់ទូរទស្សន៍ឯកជន បើទូរទស្សន៍ជាតិខ្ជិល ទូរទស្សន៍ឯកជនចាប់ធ្វើទៅ ផ្សាយទៅ ឲ្យគេមើល។ ឲ្យតែរបស់រដ្ឋ គឺយ៉ាប់ហ្មង។ ចឹងបានថា រកស៊ីមិនរួសរាយជាមួយរដ្ឋ។ ប៉ុន្តែរដ្ឋខ្លះក៏គេចេះភ្ងាក់រលឹកដែរ … ថ្មើរហ្នឹងជួនកាលគេប្រកួតសី គេប្រកួតស្អីណា ព្រោះកីឡាខ្លះគេប្រកួតមុនពេលបើក ហើយរឿងស្អីឯងមិនធ្វើ។ ឥឡូវអំពាវនាវគ្រប់ទូរទស្សន៍ទាំងអស់នាំគ្នាផ្សាយទៅ។ ខ្លះទូរទស្សន៍សុទ្ធតែ២ នោះ ខ្លះដល់ ៣ នោះ ក្រុមហ៊ុន គិត ម៉េង ទូរទស្សន៍ដល់ ៣ នោះ បាយ័ន ២ ហង្សមាស ២ សុទ្ធតែមាន។ ផ្សាយមិនបានប៉ុណ្ណឹង យ៉ាប់មែន។ ហើយអានេះចេះខ្ញុំឡើងទៅមើល កុំអីអត់ផ្សាយឲ្យគេមើល ថាចាំតែគូខ្មែរជាមួយបរទេសទើបផ្សាយ … ព្រឹត្តិការណ៍ថ្ងៃបុណ្យរបស់ប្រទេស ហើយឥឡូវប្រហែលជាកំពុងហែនៅបាត់ដំបងមិនដឹង។ ម្សិលហែនៅពោធិសាត់។ ឥឡូវតែមិនស្រួលហែនៅបាត់ដំបង គឺតាមខេត្តនីមួយៗគេចាត់ទុកដូចថ្ងៃបុណ្យគេអញ្ចឹង រឿងអីបានជាពួកហ្នឹងវាធ្វើចឹងទៅកើត។ ល្មមដឹងហើយ កាញារីទ្ធ មិនស្រួលវាអត់មើលទេ វាអត់មើល វាអត់ដឹងទេ។

យប់មិញបាញ់ប្រាក់ចំណូលសម្រាប់ខែ៤ នេះទៅ អត់ទាន់ឃើញ កាញារីទ្ធ ចូលមកទៀត។ (សម្តេចមើលទូរស័ព្ទថាឯកឧត្តម ខៀវ កាញារីទ្ធ មើលសារឬនៅ)។ កាញារីទ្ធឆ្លើយ នៅម៉ោង ៤:៤៧ នាទីយប់មិញ។ ឯ អៀង ម៉ូលី យប់មិញបែបក្រោកពីភ្លឺដែរ ម៉ោង ៤:០៨ នាទី … សមាជិកខ្លះក៏ទទួលបានរហ័ស សមាជិកខ្លះ ១៥ ថ្ងៃក្រោយបានឆ្លើយ​។ សម័យឌីជីថល ប៉ុន្តែបើមនុស្សអត់ឌីជីថលទេ វាអត់ឌីជីថលតែទាំងអស់ហ្នឹង ព្រោះប្រដាប់វាត្រូវការមនុស្សប្រើ បើមនុស្សអត់ទៅកាន់ ធ្វើម៉េច? យើងទៅប្រើវា មិនមែនវាមកប្រើយើងណា … ឯងប្រឹងរត់ពីនេះទៅ។ កុំអីយើងនៅកំសាន្តនៅមាត់សមុទ្រថែមបន្តិចទៀត ប៉ុន្តែប្រញាប់ទៅមើលបាល់។ រកអីមើលមិនឃើញ។ រួចហើយបានវាបាញ់ program មកឲ្យយើង វាត្រូវថ្ងៃណាអីថ្ងៃណា។ ឲ្យតែមានបាល់ទាត់ ហើយកីឡាស្អីៗនាំគ្នាផ្សាយទៅ។ គេមានមជ្ឈមណ្ឌលផ្សព្វផ្សាយរបស់គេតើ …។

(២៧) អ្នកចង់បំបែកបំបាក់រវាងព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល សូមយល់ឲ្យច្បាស់រវាងរបបប្រធានាធិបតី និងរបបសភា

ស៊ីហ្គេមវានឹងមកដល់នៅពេល ៤ ថ្ងៃខាងមុខនេះ។ ខ្ញុំក៏សូមបញ្ជាក់ទៅមនុស្សមួយចំនួនដែលកំពុងញុះញង់ បំបែកបំបាក់រវាងព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល។ មុនដំបូងខ្ញុំគិតថា ឲ្យវានិយាយឲ្យផុតសិន ហើយចាំទៅ ចាំប្រាប់វាថា របបប្រធានាធិបតី និងរបបសភា វាខុសគ្នាម៉េច? ប៉ុន្តែ ឥឡូវគួរតែនិយាយឲ្យហើយទៅ។ ​វាថា អត់យាងព្រះមហាក្សត្រទៅបើកស៊ីហ្គេម។ ព្រះមហាក្សត្រព្រះអង្គប្រទានភ្លើងរួចហើយ។ ក្នុងប្រទេសអាស៊ាន មានតែប្រទេស៣ ទេ ដែលប្រមុខរដ្ឋទៅប្រកាសបើក មួយប្រធានាធិបតីឥណ្ឌូនេស៊ី ដោយគេជារបបប្រធា​នាធិបតី អត់មាននាយករដ្ឋមន្ត្រីទេ។ ២ គឺហ្វីលីពីន គឺគេអត់មាននាយករដ្ឋមន្ត្រី គេមានតែប្រធានាធិបតី និងអនុប្រធានាធិបតី។ ៣ គឺស៊ុលតង់ព្រុយណេ ដែលព្រះអង្គកាន់ជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង ព្រះអង្គកាន់ទាំងអស់។ ក្រៅពីនោះគឺ នាយករដ្ឋមន្ត្រីចេញទៅប្រកាស។ របបសភាគឺបែបនេះឯង​​។

នៅឡាវ នៅពេលដែលខ្ញុំទៅចូលរួមដែរនោះ ពេលនោះគេមានអគ្គលេខាបក្សនិងប្រធានាធិបតី ប៉ុន្តែនាយករដ្ឋមន្រ្តី Bouasone Bouphavanh។ នៅវៀតណាមកាលពីពេលមុននោះ នាយករដ្ឋមន្រ្តី Pham Van Khai។ នៅប្រទេសដែលមាននាយករដ្ឋមន្រ្តី របបសភាគឺនាយករដ្ឋមន្រ្តីជាអ្នក​ចេញប្រកាស​ … បើអស់លោកមិនចេះ ច្បាស់ភាសាខ្មែរអំពីរបបប្រធានាធិបតីឬរបបសភាទេ អស់លោកគួរតែចេះថា régimes parlementaires ឬ régime présidentiel។ អ្នកឯងស្គាល់ឲ្យច្បាស់ទៅ បើថាស្គាល់មិនច្បាស់ទេ កុំធ្វើជាអ្នកចេះ កុំធ្វើជាអ្នកព្រ​ហើន ញុះញង់ឲ្យមានជម្លោះរវាងព្រះមហាក្សត្រនិងនាយករដ្ឋមន្រ្តី។ ព្រះមហាក្សត្រទ្រង់មិនដណ្ដើមតួនាទីរបស់នាយករដ្ឋមន្រ្តីទេ។ នាយករដ្ឋមន្រ្តីក៏មិនដណ្ដើមតួនាទីព្រះមហាក្សត្រដែរ។ នៅប្រទេសជប៉ុន ក៏នាយករដ្ឋមន្រ្តីចេញទៅប្រកាសដែរ មិនមែនព្រះចៅអធិរាជចេញទៅប្រកាសឯណា។ ប្រទេសចិនអាហ្នឹងករណីមួយផ្សេង គាត់ជាប្រធានបក្ស គាត់ជាប្រធានរដ្ឋ គាត់ចេញប្រកាស។

(២៨) ការមិនយកប្រាក់នានា មានបំណងទាក់ទាញមនុស្សមកស្គាល់កម្ពុជា

មានអ្នកខ្លះញ៉ែតៗ (ពីការដែល)កម្ពុជាមិនយកលុយពីគេទេ។ ដឹងតើលុយ។ ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ​ ក៏ប៉ុន្តែការដែលកម្ពុជាបង្កើតនូវការមិនយកប្រាក់នេះ ក្នុងគោលបំណងដើម្បីទាញយកមនុស្សទាំងឡាយចូលមកស្គាល់កម្ពុជា។ កម្ពុជាក្រតែបេះដូងវាធំ។ រួចហើយមានអាខ្លះខំសម្ភាសន៍ជាមួយវិទ្យុបរទេសនិយាយភាសាខ្មែរ បេះដូងធំទាល់តែបេះដូងរីក។ លុយ ៧ លានដុល្លារ យើងចាយថែមដើម្បីចិញ្ចឹមកីឡាករ/ការិនីបរទេស ហើយខ្ញុំជឿជាក់ យើងមិនទាមទារមកវិញទេ តែខ្ញុំជឿចំណុចមួយ ដល់តែពេលស៊ីហ្គេមលើកក្រោយនៅប្រទេសដទៃ គេក៏អត់យកលុយពីកម្ពុជាវិញដែរ។ ចាំមើលៗ កាប់ថ្មចំណាំ។ ប៉ុន្តែ អ្វីដែលកម្ពុជាចង់បាន កម្ពុជាចង់បង្ហាញទឹកចិត្តមួយដូចដែលកម្ពុជាធ្វើ Westerdam នៅទីនេះ។ យកម្នាក់ ៥០ ដុល្លារ ក៏វាមិនក្លាយទៅជាអ្នកមានបានដែរ។ ក្រុមចូលចិត្តជេរហ្នឹង ធ្វើម៉េចធ្វើឲ្យតែផ្ទុយ។ ឯងផ្ទុយចំនួនភាគតិចណាស់អាពៅ បើប្រៀបធៀបជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងមានមោទនភាព។

(២៩) ជូនដំណើរកីឡាករ/ការិនីទៅប្រកួតឲ្យបានល្អ មិនគិតតែឈ្នះទេ តែត្រូវធានាភាពថ្លៃថ្នូរ

ខ្ញុំនិយាយច្រើនបន្តិចហើយ។ ទំនាក់ទំនងយើងគឺជិត(ស្និត)អញ្ចឹង។ ហ្នឹងគឺជារឿងពិត។ ខ្ញុំធ្វើការជាមួយមិត្តជប៉ុន៣៣ ឆ្នាំ។ ខ្ញុំស្គាល់តូក្យូដំបូង ខ្ញុំមានឈ្មោះជប៉ុន យ៉ាម៉ាអ៊ូឈី អ៊ីឈីរ៉ូ ហើយប្រពន្ធខ្ញុំ យ៉ាម៉ាអ៊ូឈី កាស៊ីកូ។ ខ្ញុំស្គាល់ឈ្មោះជប៉ុនប្រពន្ធ។ មិនស្គាល់ឈ្មោះប្រពន្ធយ៉ាងម៉េច? ទៅដេកពេទ្យ ជាធម្មតា យើងត្រូវរក្សាសម្ងាត់នៃសុខភាពរបស់យើង។ អញ្ចឹងគ្រូពេទ្យគេដាក់ឈ្មោះខ្ញុំថា យ៉ាម៉ាអ៊ូឈី អ៊ីឈីរ៉ូ ដល់ប្រពន្ធខ្ញុំ យ៉ាម៉ាអ៊ូឈី កាស៊ីកូ។ ថ្ងៃនេះ ដោយសារតែខ្ញុំត្រឡប់ទៅវិញ ដំបូងថាត្រឡប់ទៅតាមរថយន្តទេ ក៏ប៉ុន្តែល្ងាចនេះ ខ្ញុំត្រូវជួបជាមួយនឹងកីឡាករ/ការិនីរបស់យើងដែលត្រូវចូលប្រកួតស៊ីហ្គេម។ រាល់ដង មុនចេញទៅប្រកួតស៊ីហ្គេម ខ្ញុំតែងតែជូនដំណើរពួកគេ។ ឥឡូវ ទោះបីគេប្រកួតក្នុងផ្ទះ ក៏ខ្ញុំត្រូវជូនដំណើរគេនៅវិមានសន្តិភាព ដើម្បីឲ្យគេទៅកាន់ការប្រកួតឲ្យបានល្អ ក្នុងឋានៈជាម្ចាស់ផ្ទះ។ យើងមិនមែនគិតតែឈ្នះទេ តែយើងក៏ត្រូវធ្វើម៉េចធានានូវភាពថ្លៃថ្នូរ។ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ថ្លៃថ្នូរ កុំផ្លោះរបងចូលទៅមើលកន្លែងដែលអត់មានសំបុត្រ។ ថ្ងៃនេះ ខ្ញុំបានពាំនាំមកសម្រាប់កម្មករ/ការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១ ៣៥០ នាក់ ក្នុងម្នាក់ៗជូនថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនសាលាក្រុងព្រះសីហនុចំនួន ២ លានរៀល​។ ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាមួយនឹងការអបអរសាទរនៃការប្រកាសបើក​ការដ្ឋានសាងសង់ចំណតកំពង់ផែកុងតឺនឺរ និងជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ខ្ញុំសូមជូនពរឯកឧត្ដមអគ្គរដ្ឋទូត ប្រិយមិត្ត​ជប៉ុនទាំងឡាយដែលចូលរួមនៅទីនេះ ជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនកម្មករ/ការិនី និងមន្រ្តីបុគ្គលិកទាំងអស់នៅទីនេះ សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

********

Selected Comments Samdech Techo Hun Sen,
At the 137th anniversary celebration of International Labor Day – May 1, and the groundbreaking ceremony for Sihanoukville container terminal and the celebration of the 70th anniversary of diplomatic relations between Cambodia and Japan
[Unofficial Translation]


CNV: 01/05/2023

(1) Westerdam to return to Sihanoukville port to mark the history of Cambodia’s humanitarian gesture

Today we are celebrating three ceremonies together. The first is the celebration of the 137th anniversary of International Labor Day. The second is the groundbreaking ceremony for the construction of the container terminal at Sihanoukville Autonomous Port (SAP), and the third is the 70th anniversary of the Cambodian-Japanese diplomatic relations […] three years ago, everyone here knew that the port of Sihanoukville had done an important job of rescuing (the stranded) Westerdam ship, on which there were thousands of people who finally safely returned to their country. This is a humanitarian gesture of Cambodia. I heard that in December this year, the Westerdam will return to Cambodia with the SAP planned to make a historic mark on Cambodia’s concern for the right to life […]

(2) Respect workers’ rights, not just one day, but every day

Every year on May 1st, I come here to talk to SAP workers on behalf of workers throughout the Kingdom of Cambodia. We have thousands of factories. We cannot go talk everywhere. I chose Sihanoukville Port to hold a get-together on behalf of workers across the country. On behalf of the Royal Government and on my own behalf, I would like to express my gratitude and congratulations to the workers all over the country who have worked hard to contribute to the development of the nation. Today, there are probably not less than 90% of factories that hold happy workers’ gatherings […] I would remind you that “effort to respect for workers’ rights is not just one day, May 1st. We must respect workers’ rights regularly, daily, every time.” That is the best point in the relationship between workers and factory owners […]

(3) Do not internationalize demonstrations, hired demonstrations are not respect for rights

I would ask some foreign friends who have sponsored the internationalization of the (remaining) more than 100 demonstrators for more than two years. It should not be. It was started with more than 300 demonstrators and the number has dwindled to just over 100. (One can) raise the question “how can someone who is a worker can, during the two years of unemployment, feed themselves and are full of energy to protest? It is not that the Royal Government does not know where is the source of their financial support?” Hired demonstration is not a good thing and it is not a respect for rights […] may our foreign friends who give such money, withdraw themselves, and stop internationalize the demonstrations in Cambodia […] some unions in Cambodia are given money by foreigners […]

(4) If the port falls under private management, Japan would not lend money and provide assistance

I should remind a little bit (regarding the poet management), and SAP must remember. If I had not been careful, this port would have fallen into private hands. It was in the time of coalition government. I did not agree with giving this port to the private sector. I can say that if this port becomes a private port, we could not expect Japan to lend us money and provide assistance for this port. Definitely, Japan will not involve […] Hun Sen has been a surgeon who makes this port of Sihanoukville grow […] Some say how could we develop the port while we have no money. I say that (if we have not got money yet, we may leave) the port (as is) and it is not rotten. Leave it at that and wait until we can afford to build it. This year marks the 70th anniversary of Cambodia-Japan relations […] I have worked with my Japanese friends for 33 years, from the time of His Excellency Toshiki Kaifu as Prime Minister and Taro Nakayama as Foreign Minister. That was the time when I traveled to Japan to sign the establishment of the Supreme National Council (SNC). Japan has contributed to the search for peace in Cambodia. Next, Japan played an important role in providing grants for the development of Cambodia […]

(5) Japan’s way to help Cambodia pay off debt so that it can borrow again

Japan agreed to give us a loan only in 1999. Why is that? […] the reason is the previous regimes owed money to Japan, especially the Lon Nol regime. Japan calculated those debts in principles, interests, and the fines. As a rule, if we have not repaid them yet, we cannot borrow more money […] Japan knows we do not have money to repay the debts. What does Japan do? Japan supplies Cambodia with corrugated zincs, gasoline, and kerosene for sale in Cambodia. We sold them out […] we got the money to pay Japan […] Japan got the money and put it in our treasury. They did not take the money out to Japan […] when we have paid those debts we signed (with the former Japanese ambassador (Satoshi) Saito to start building the port […]

(6) Negotiations with the Prime Ministers of Japan on deepening Cambodian ports

Before His Excellency Shinzo Abe stepped down as Prime Minister in 2018, in Tokyo, […] we agreed to focus on what is called maritime logistics. We pinpointed on issues related to the port of Sihanoukville […] with His Excellency (Fumio) Kishida, the current Prime Minister […] in Tokyo and in Phnom Penh, I continue to raise this issue with Japan. Why? […] before the port was expanded, our water depth was over eight meters. Japan has (helped) to deepen the port up to 9 meters 2 meters deep […] and the port can receive 18% of the cargo ships […] investors in Cambodia still have to bear the shipping cost of 200 USD per Container or TEU (twenty-foot equivalent unit) […] in 2026, (the port will have) water depth up to 14 meters 5 water […] that can receive up to 93% ships with a profit of USD 200 per container. By 2028, as the second phase, we will have a 400-meter-long container port ready and a water depth of 16 meters 5 meters, at which time, in the Asia-Pacific region, we do not need to transfer goods at any ports any more […] and finally, by 2029, the new container terminal of 430 meters long will be ready and the water depth of 17 meters 5 meters will ensure (the capacity of the port in) Cambodia the same as anywhere in the world […]

(7) No other port to replace Sihanoukville Port

[…] I would like to emphasize that there is no other port that can replace the sea port in this place (Preah Sihanouk) […] along with the expansion of this port, we have to pump and deepen the waterway. If the water is not deep, it means that we build the container port and there are no ships tom dock at this site because the big ships can’t get in […] we are now at 9 meters deep. We will make it 17 meters 5 deep […] the profit is to attract investors to Cambodia, including Japanese investors. I support the Ambassador’s initiative to integrate the port with the SEZ right next to it. Japanese investors will see that an attraction for investment […]

(8) Cambodia supports the initiative that 1) serves peace/development 2) does not oppose countries/groups of countries and 3) respects the ASEAN Centrality

[…] A number of Japanese initiatives have received support from Cambodia, such as the free and open Indo-Pacific. Cambodia is the first country to support Japan […] based on three principles, not just for Japan, but for all countries […] firstly, serve peace and development […] if it is just coming up with ideas that are not serving peace and development, but fight, I do not support […] secondly, it must not be against any country or group. It must not be an alliance to oppose each other […] and thirdly, it must respect the ASEAN centrality and ASEAN Indo-Pacific ideology […]

(9) Trade volume between Cambodia and Japan in 2022 rose to 1,948 million (US dollars)

[…] Back to the relationship between Cambodia-Japan trade […] the trade volume between Cambodia-Japan in 2022 last year reached 1,948 million (dollars), of which Cambodia exported to Japan 1,173 million and Japan imported to Cambodia USD 774 million. I sincerely hope that during the Ambassador’s tenure, we will increase the volume of Cambodian goods to Japan. Cambodia and Japan are members of the RCEP but with existing bilateral relations we just need to strengthen it to allow more Cambodian goods to enter the Japanese market […]

(10) In November, Japanese fireworks on Independence Day; Water Festival; and 70th Anniversary of Cambodia-Japan relations

The former Japanese ambassador, who is now the president of the Cambodia-Japan Friendship Association, proposed to fire Japanese fireworks in November 2023 in front of the Royal Palace […] we can fire fireworks in front of the Royal Palace three times. The first one was to be fired at the celebration of Independence Day, November 9 […] next, we fired for 3 nights and 3 days on the day of the water festival – boat racing, eating Ambok (flattened freshly harvested rice), to worship the moon god […] and on another special occasion to celebrate the 70th anniversary of Cambodia-Japan relations […]

(11) Let us celebrate SEA Games as a national holiday for Cambodians

Last night I went up to watch (football match). I could not see any broadcast. I asked to (Fresh News) Vutha, can you help me watch any live broadcast (of football matches)? Then, I called the national television. National TV replied that it only broadcasts the match between Cambodian and foreign pairs […] SEA Games is just a few days away, and just sending the SEA Games torch to the province, people make it a festival in the provinces. People wanted to watch, and you do not do the broadcast? Please tell the national television this evening that the live broadcast must be up and ready […] the Prime Minister needs this country to become a national holiday for the Cambodian people. It is the pride of the Cambodian people. Why leave Cambodia quiet during the SEA Games? […] I am calling on all private TV stations, if the national TV is lazy, to start broadcasting for people to watch […] the national holiday events […]

(12) SEA Games free (of charge) attracts people to know Cambodia

[…] There are some who criticize the fact that Cambodia does not charge participation fee in the SEA Games. I am not hostile to money, but the fact is that Cambodia does not charge (fees for the SEA Games) aims to get people to know Cambodia. Cambodia is poor, but its heart is generous […] we are spending 7 million dollars to provide with foreign players/athletes […] I believe that in the next SEA Games in other countries, they will consider not charging from Cambodia […] what Cambodia wanted is to show Cambodia’s heart as we did to the Westerdam […]

(13) Send players/athletes to compete; not just to win, but to ensure dignity […] I have to meet with our players/athletes who are going to the SEA Games. Every time before going to the SEA Games, I always meet with them to send them off officially. Even if they play at home, I have to send them at the Peace Palace to get them to play well as hosts. We do not just want to win, but we must do our best to ensure dignity. I am calling on our citizens to observe dignity, do not jump over the fence where there is no ticket […]./.

អត្ថបទទាក់ទង