Grand News Asia Close

ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ចំណេះដឹងទូទៅ វប្បធម៌-ប្រវត្តិសាស្រ្ដ-សាសនា 1152
ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា

(ភ្នំពេញ)៖ ចំណេះដឹង ស្តីពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម ព្រះរាជអាជ្ញា សម្រាប់អ្នកចង់ប្រកបអាជីពជាចៅក្រម និងព្រះរាជអាជ្ញា។

ក៖ លក្ខខណ្ឌ

ជម្រើសដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា រួមមាន៖

*ជម្រើសទី១ តាមរយៈការប្រឡងប្រជែងទូទៅ
១៖ ត្រូវមានសញ្ជាតិខ្មែរពីកំណើត
២៖ ត្រូវមានអាយុ ៣៥ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ ៤០ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង
៣៖ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
៤៖ មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
៥៖ ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

*ជម្រើសទី២ តាមរយៈការប្រឡងប្រជែងផ្ទៃក្នុង ចំពោះបេក្ខជនជាមន្ត្រីរាជការ និងក្រឡាបញ្ជី ដែលស្ថិតក្នុងក្របខណ្ឌនៃក្រសួងយុត្តិធម៌៖
១៖ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
២៖ ត្រូវមានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌ យ៉ាងតិច ៥ឆ្នាំ
៣៖ ត្រូវមានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។

ចំពោះបេក្ខជនជាមេធាវី៖
១៖ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
២៖ បានបំពេញវិជ្ជាជីវៈមេធាវី យ៉ាងតិច ៥ឆ្នាំ
៣៖ ត្រូវមានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង
៤៖ មានសញ្ជាតិខ្មែរពីកំណើត។

*ករណីពិសេស៖ រាជរដ្ឋាភិបាល អាចជ្រើសរើសមន្ត្រីរាជការដែលមានសញ្ញាបត្រច្បាប់ និងដែលមានគុណសម្បត្តិការងារខ្ពស់ ចំនួន ៥រូប ក្នុងជំនាន់នីមួយៗ ឲ្យចូលរៀនក្នុងសាលាភូមិន្ទចៅក្រម ដោយពុំចាំបាច់ការឆ្លងកាត់ការប្រឡង។

ខ៖ ឯកសារតម្រូវ

១៖ ប្រវត្តិរូបសង្ខេបមានបិទរូបថត ៤x ៦ ចំនួន ១ច្បាប់
២៖ រូបថតបច្ចុប្បន្នទំហំ ៤x ៦ ចំនួន ៣សន្លឹក
៣៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានការបញ្ជាក់ថតចម្លងត្រឹម ត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
៤៖ សញ្ញាបត្របរិញ្ញាបត្រច្បាប់ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវ តាមច្បាប់ដើម) ចំនួន ១ច្បាប់
៥៖ សលាកបត្រឯកត្តជន (មានបិទរូបថតទំហំ៤x៦) ចំនួន ៣ច្បាប់
៦៖ បង្កាន់ដៃទទួលពាក្យប្រឡងប្រជែង (មានបិទរូបថតទំហំ៤x៦) ចំនួន ១ច្បាប់
៧៖ លិខិតបញ្ជាក់ពីក្រសួងសាមី ចំពោះមន្ត្រីរាជការ ចំនួន ១ច្បាប់
៨៖ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតចំនួន ១ច្បាប់
៩៖ ព្រឹត្តិបត្រថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ (នៅសុពលភាពពេលដាក់ពាក្យ) ចំនួន ១ច្បាប់
១០៖ វិញ្ញាបនបត្រពិនិត្យកាយសម្បទាចេញដោយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ (ពេលដាក់ពាក្យ) ចំនួន ១ច្បាប់។

គ៖ មុខវិជ្ជាប្រឡង

*ការប្រឡងប្រជែងទូទៅ

ដំណាក់កាលទី១ – វិញ្ញាសាសរសេរ
១៖ នីតិព្រហ្មទណ្ឌ (នីតិព្រហ្មទណ្ឌទូទៅ និងនីតិព្រហ្មទណ្ឌពិសេស) រយៈពេល ៣ម៉ោង មេគុណ ១
២៖ នីតិវិធីព្រហ្មទណ្ឌ រយៈពេល ៣ម៉ោង មេគុណ ១
៣៖ នីតិរដ្ឋប្បវេណី រយៈពេល ៣ម៉ោង មេគុណ ១
៤៖ នីតិវិធីរដ្ឋប្បវេណី រយៈពេល ៣ម៉ោង មេគុណ ១

ដំណាក់កាលទី២ – វិញ្ញាសាសួរផ្ទាល់មាត់
១៖ នីតិរដ្ឋធម្មនុញ្ញ រយៈពេល ៣ម៉ោង មេគុណ ១
២៖ នីតិភូមិបាល (ដីធ្លី) រយៈពេល ៣ម៉ោង មេគុណ ១
៣៖ វប្បធម៌ទូទៅ (ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌) រយៈពេល ៣ម៉ោង មេគុណ ២

*ការប្រឡងប្រជែងផ្ទៃក្នុង
ដំណាក់កាលទី១ – វិញ្ញាសាសរសេរ

១៖ នីតិព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់
២៖ នីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច

ដំណាក់កាលទី២ – វិញ្ញាសាសួរផ្ទាល់មាត់
១៖ វប្បធម៌ទូទៅ (ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌) និងក្រមសីលធម៌ចៅក្រម៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង