បទយកការណ៍៖ ពលរដ្ឋ និងយុវជនកម្ពុជាបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក៏ដូចជាលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ

AKP | ភ្នំពេញ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥–ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើងដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដែលបានរៀបចំឡើងនៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនោះ ត្រូវបានពលរដ្ឋកម្ពុជា និងយុវជនបង្ហាញការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក៏ដូចជាលើកទឹកចិត្តដល់វីរកងទ័ពជួរមុខដែលកំពុងប្រឈមមុខជាមួយកងទ័ពថៃ ដែលចេះតែបង្កហេតុម្តងហើយម្តងទៀត។
ក្នុងចំណោមស្រទាប់មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋខ្មែទាំងប្រុសស្រី និងបណ្តាយុវជនរាប់ម៉ឺននាក់បានចូលរួមក្នុងពិធីនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីមោទនភាពជាខ្មែរ “Solidarity March” ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៥ ដោយម្នាក់ៗបានបង្ហាញទឹកចិត្តមោះមុត និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវចំពោះមុខដែលចេះតែគឃ្លើនចង់ឈ្លានពានទឹកដីខ្មែរតាមខ្សែបន្ទាប់ព្រំដែន។
ជាមួយគ្នានេះ ពួកក្រុមជ្រុលនិយមថៃ និងកងទ័ពថៃដែលល្មោភសង្រ្គាមមួយចំនួនតែងតែបង្កើតនូវព្រឹត្ដិការណ៍អាក្រក់ និងការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនមកលើកម្ពុជា ដែលពួកនេះតែងយាយីម្តងហើយម្តងទៀតមិនចេះឈប់ឈរតាមមហិច្ឆតាឈា្លនពានរបស់ពួកវា។
ចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃដែលបានកើតឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បណ្ដាលឱ្យបាត់បង់កងទ័ពកម្ពុជាម្នាក់។ រហូតមកដល់ពេលនេះកងទ័ពនៃប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា ដែលងាយផុយស្រួលក្នុងការផ្ទុះសង្រ្គាម ហើយកងទ័ពកម្ពុជាដ៏អង់អាចក្លាហានបានឈរការពារដែនអធិបតេយ្យយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន ហើយប្ដេជ្ញាដាច់ខាតមិនឱ្យពួកឈ្លានពានទាំងនេះ មកឆក់ប្លន់ទឹកដីសូម្បីតែមួយមីលីម៉ែត្រនោះឡើយ។
ជាមួយនឹងការលើកឡើងរបស់កងទ័ព ក៏ដូចជាប្រជាជនកម្ពុជាសម្ដែងការគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព និងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្ដេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្ដិភាព ប៉ុន្ដែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្ដេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ។
តាមរយៈការរួមកម្លាំងគ្នាដ៏ធំសម្បើមទាំងអ្នកមកចូលរួមដោយផ្ទាល់ ក៏ដូចជាពលរដ្ឋនៅតាមផ្ទះសម្បែងផងនោះ ដោយម្នាក់ៗសុទ្ធតែប្តេជ្ញារួមគ្នាជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជាកងទ័ពជួរមុខដោយមិនឱ្យខ្មាំងសត្រូវឈ្លានពានបៀតបៀនយាយីទឹកដីទាំងពេលនេះ ឬពេលខាងមុខជាដាច់ខាត។
លោក ចាន់ សុខា ជាពលរដ្ឋម្នាក់ ដែលបានមកចូលរួមក្នុងពិធីនេះបញ្ជាក់ប្រាប់ថាលោកពិតជាមានមោទកភាពណាស់ដែលឃើញពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈបានបង្ហាញការរួមសាមគ្គីគ្នាក្នុងថ្ងៃនេះដើម្បីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងសត្រូវឈ្លានពាន។ លោកសុខា បញ្ជាក់ថា៖ «ខ្ញុំពិតជារំភើបនៅពេលឃើញពលរដ្ឋកម្ពុជាយើងគ្រប់ស្រទាប់វណ្ណៈបានមកទីនេះហើយបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រឆាំងចោរសៀមឈ្លានពានទឹកដីកម្ពុជា»។
ចំណែក កញ្ញា ម៉ារ៉ា ពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ ដែលកំពុងឈរស្រែកជ័យឃោសនៅក្បែរវិមានឯករាជ្យ ជាមួយមិត្តភក្តិបានចាត់ព្រឹត្ដិការណ៍នេះគឺពិតជាល្អណាស់ ពីព្រោះយើងជាតិខ្មែរត្រូវតែជួយគ្នាហើយយើងរួមគ្នាសាមគ្គីគ្នា។ កញ្ញារូបនេះបន្ថែមថា៖ «យើងជួយជាតិយើង ទោះយើងមិនបានទៅសមរភូមិមុខក៏ដោយតែនៅសមរភូមិក្រោយក៏យើងត្រូវតែចេះជួយគ្នាដែរ។ យើងម្នាក់ៗត្រូវតែចេះជួយជាតិរបស់យើង»។
ដោយកំពុងតែស្រែកច្រៀង និងលើកទង់ជាតិកម្ពុជានៅតាមដងផ្លូវ លោក មែន សុធី រស់នៅរាជធានី ភ្នំពេញបានលើកឡើងជុំវិញការរៀបចំកម្មវិធីនេះថា៖ «ខ្ញុំមានការរំភើបនៅពេលដែលឃើញពលរដ្ឋដ៏ច្រើនកុះករមកចូលរួម ដោយបង្ហាញនូវសាមគ្គីភាព លើកស្ទួយជាតិ ប្រឆាំងរាល់អំពើឈ្លានពាន រំលោភបំពានព្រំដែនរបស់ជាតិយើងពីសំណាក់ពួកចោរសៀម។ កាលណាយើរួបរួមគ្នា យើងនឹងឈ្នះខ្មាំងសត្រូវ ពួកខ្មាំងវាមិនអាចធ្វើអ្វីយើងបានឡើយ»។
បើទោះបីមានវ័យជាង៦០ ឆ្នាំ ក៏ដោយ អ្នកស្រី ឡុង ចាន់ថាល ក៏បានមកចូលរួមក្នុងព្រឹត្ដិការណ៍នេះផងដែរ និងបានបង្ហាញទឹកចិត្ដក៏មោះមុតថាអ្នកស្រីពិតជាស្រឡាញ់ជាតិខ្មែរណាស់ ហេតុនេះអ្នកស្រីត្រូវតែចេញមកជាមួយពលរដ្ឋដទៃទៀត ប្រឆាំងសៀមឈ្លានពានទឹកដីរបស់កម្ពុជាយើង។ អ្នកស្រីក៏បានជំរុញដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវងើបឡើងព្រមៗគ្នាជួយជាតិយើង។
ថ្លែងក្នុងឱកាសនៃកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅខាងមុខមហាស្រពកោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះបានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា ការជួបជុំនៅពេលនេះ ក៏អាចជាសារមួយផងដែរ ហើយសារនោះគឺបញ្ជាក់ថា ពេលដែលប្រទេសកម្ពុជា មានការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដី របស់ប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ទៀតថា៖ «យើងនឹងងើបឈរ ដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងជាតិរបស់យើងក្នុងការ ការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ។ ទោះជាយ៉ាងក្តី យើងជ្រើសរើសស្របតាមការណែនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្នែកលើមូលដ្ឋានច្បាប់»៕
ដោយ៖ មករា និង រិទ្ធី







