Grand News Asia Close

វិភាគអន្តរជាតិ៖​ ហេតុអ្វីបេសកកម្មរបស់កុម្ម៉ង់ដូរអាមេរិក SEAL Team 6 នៅកូរ៉េខាងជើងបរាជ័យ?

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1063
វិភាគអន្តរជាតិ៖​ ហេតុអ្វីបេសកកម្មរបស់កុម្ម៉ង់ដូរអាមេរិក SEAL Team 6 នៅកូរ៉េខាងជើងបរាជ័យ? វិភាគអន្តរជាតិ៖​ ហេតុអ្វីបេសកកម្មរបស់កុម្ម៉ង់ដូរអាមេរិក SEAL Team 6 នៅកូរ៉េខាងជើងបរាជ័យ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩ បានបញ្ជូនកុម្ម៉ង់ដូរ SEAL Team 6 ទៅកាន់កូរ៉េខាងជើង ក្នុងគោលបំណងដំឡើងឧបករណ៍អេឡិចត្រូនិកដែលអាចឱ្យសហរដ្ឋអាមេរិកលបស្ដាប់ ការទំនាក់ទំនង ឬកិច្ចសន្ទនារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបើកកិច្ចចរចានុយក្លេអ៊ែរ។ បេសកកម្មនេះអាចផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវព័ត៌មានសម្ងាត់ ដ៏សំខាន់ ប៉ុន្តែតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកុម្ម៉ង់ដូរចូលក្នុងទឹកដីកូរ៉េខាងជើង ជាបេសកកម្មមួយដ៏ប្រថុយប្រថាន ពោលគឺប្រសិនបើឱ្យកូរ៉េខាងជើងដឹង នោះមិនត្រឹមតែបំផ្លាញកិច្ចចរចានៅពេលនោះ ប៉ុណ្ណោះទេ តែវាក៏អាចបង្កទៅជាវិបត្តិចំណាប់ខ្មាំង ឬផ្ទុះរាលដាលទៅជាជម្លោះជាមួយសត្រូវមានអាវុធនុយក្លេអ៊ែរដូចជាកូរ៉េខាងជើង។ ដើម្បីធ្វើបេសកកម្មនេះ សហរដ្ឋអាមេរិកនៅក្រោមអាណត្តិទី១របស់ លោក ត្រាំ បានជ្រើសរើស SEAL Team 6 ជាកុម្ម៉ង់ដូរដែលបានដឹកនាំបេសកកម្មតាមសម្លាប់ Osama bin Laden។ តាមកាសែត News York Times ដែលជាអ្នករាយការណ៍មុនគេពី ប្រតិបត្តិការឆ្នាំ២០១៩ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងមិនបានទទួលស្គាល់ជាសាធារណៈថាមាន ឬមិនមានប្រតិបត្តិការនេះឡើយ។ News York Times ឱ្យដឹង ទៀតផងថាប្រតិបត្តិការរបស់កុម្ម៉ង់ដូរ SEAL Team 6 បានទទួលបរាជ័យ។ ដូច្នេះហេតុអ្វីបានប្រតិបត្តិការដឹកនាំកុម្ម៉ង់ដូរលំដាប់កំពូលរបស់សហរដ្ឋអាមេរិកបរាជ័យ?

* បេសកកម្មក្នុងទីងងឹត
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកស្ទើរតែមិនអាចជ្រើសរើសចារកម្ម និងដំឡើងឧបករណ៍លួចស្ដាប់ក្នុងទឹកដីកូរ៉េខាងជើងនោះទេ។ ការដឹងជាមុនពីអ្វីដែលលោក គីម ជុងអ៊ុនកំពុងគិតបានក្លាយជាអាទិភាពកំពូលមួយរបស់លោក ត្រាំ អំឡុងអាណត្តិទី១។ មេដឹកនាំកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាមនុស្សដ៏មានគ្រោះថ្នាក់ និងពិបាកព្យាករ ហើយទំនាក់ទំនងរបស់ លោកជាមួយលោក ត្រាំកាលពីឆ្នាំ២០១៨ មានពេលខ្លះល្អ ហើយពេលខ្លះទៀតគឺឈានដល់ការគំរាមពីសង្រ្គាមនុយក្លេអ៊ែរ។ ប្រឈមនឹងភាពមិនច្បាស់លាស់បែបនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានប្រាប់ទៅកាន់សេតវិមានថាពួកគេមានមធ្យោបាយដោះស្រាយបញ្ហានេះ នោះគឺ «ដំឡើងឧបករណ៍អេឡិចត្រូនិកដែលអាចលបស្ដាប់កិច្ចសន្ទនារបស់លោក គីម»។ តាមយោធាអាមេរិក ការងារដំឡើង ឧបករណ៍អេឡិចត្រូនិកក្នុងទឹកដីកូរ៉េខាងជើងត្រូវបានប្រគល់ទៅឱ្យកុម្ម៉ង់ដូរ SEAL Team 6 ក្នុងឆ្នាំ២០១៨។ នេះជាបេសកកម្មមួយដ៏ពិបាក ពីព្រោះ SEAL Team 6 ត្រូវធ្វើដំណើរឆ្លងសមុទ្រឡើងទៅ ដីគោក ដោយមិនអាចប្រើដ្រូនកុំឱ្យកូរ៉េខាងជើងចាប់សញ្ញាបាន ដើម្បីដំឡើងឧបករណ៍លបស្ដាប់ និងត្រឡប់ទៅវិញដោយមិនបន្សល់ទុកដាន។

នៅក្រោមអាណត្តិទីមួយរបស់លោក​ ត្រាំ មេដឹកនាំយោធាកំពូលៗក្នុងមន្ទីរបញ្ចកោណជឿថាសូម្បីតែសកម្មភាពយោធាតូចៗប្រឆាំងកូរ៉េខាងជើង ក៏អាចបង្កទៅជាការសងសឹកដ៏មហន្តរាយពីសត្រូវដូចជា កូរ៉េខាងជើងដែលមានកាំភ្លើងធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាង ៨០០០ដើមដែលតម្រង់រួចជាស្រេចទៅរកកងទ័ពអាមេរិកជិត ២៨ ០០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង និងមានមីស៊ីលនុយក្លេអ៊ែរអាចបាញ់ ដល់សហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី កុម្ម៉ង់ដរូ SEAL នៅតែជឿជាក់ថាពួកគេអាចបំពេញបេសកម្មនេះបាន ក៏ព្រោះតែពួកគេធ្លាប់បានធ្វើពីមុនមកដែរ។ តួយ៉ាង កាលពីឆ្នាំ២០០៥ កុម្ម៉ង់ដូរ SEAL បានប្រើប្រាស់នាវាមុជទឹកខ្នាតតូចមួយគ្រឿងធ្វើដំណើរចូលទៅកាន់ឆ្នេរសមុទ្រក្នុងកូរ៉េខាងជើង និងបានត្រឡប់ទៅវិញដោយសុវត្ថិភាព។ ប្រតិបត្តិការឆ្នាំ២០០៥ ធ្វើឡើងក្រោមអាណត្តិរបស់ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush។ តាម New York Times ប្រតិបត្តិការនេះទទួលបានភ្លើងបៃតងពីលោក ដូណាល់ ត្រាំ។ តែនៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ខាងលើ លោក ត្រាំ ដែលបានត្រឡប់មកកាន់អំណាចសាជាថ្មីកាលពីដើមឆ្នាំ២០២៥នេះ បានឆ្លើយថា លោកមិនបានដឹងអ្វីឡើយ ដោយទើបតែឮជាលើកដំបូងប៉ុណ្ណោះ។

* ប្រតិបត្តិការបរាជ័យ
កុម្ម៉ង់ដូរ SEAL Team 6 បានហាត់សមជាច្រើនខែក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ហើយបន្តធ្វើវារហូតដល់សប្ដាហ៍ដំបូងនៃឆ្នាំ២០១៩។ នៅខែកុម្ភៈឆ្នាំដដែល លោក ត្រាំ បានប្រកាសថារូបលោកនឹងជួប លោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ នៅដំណាច់ខែកុម្ភៈ។ បន្ថែមពីលើនេះ ដើម្បីធ្វើបេសកកម្មនេះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចំណាយពេលជាច្រើនខែ ដើម្បីតាមឃ្លាំមើលសកម្មភាព មនុស្សក្នុងដែនសមុទ្រ ដូចជាសិក្សាពីសកម្មភាពនេសាទ និងជ្រើសរើសពេលវេលាដែលស្ងប់ស្ងាត់ ឬមិនមានចរាចរណ៍ទូកតែម្ដង។ ក្រោយមក ចារកម្មអាមេរិកបានផ្ដល់យោបល់ឱ្យ SEAL Team 6 ធ្វើបេសកកម្មនៅពេលពាក់កណ្ដាលយប់។ ដោយចាកចេញពីនាវាមុជទឹកនៅក្បែរតំបន់ឆ្នេរកូរ៉េខាងជើង កុម្ម៉ង់ដូរ SEAL Team 6 បានជិះក្នុងនាវាមុជទឹកខ្នាតតូច២គ្រឿងទៅកាន់ទីតាំងដែលពួកគេបាន កំណត់សម្រាប់ការឈប់សំចតនៅក្រោមផ្ទៃសមុទ្រ។ តែក្នុងបេសកកម្មនេះមានកំហុសតូចៗចំនួន៣បានកើតឡើងដែលធ្វើឱ្យប្រតិបត្តិការទាំងមូលបរាជ័យ។

កំហុសទី១៖ ក្នុងពេលយប់ងងឹត នាវាមុជទឹកខ្នាតតូចទី១ បានទៅដល់ទីតាំងដែលត្រូវឈប់សំចតក្រោមផ្ទៃសមុទ្រតាមផែនការ ប៉ុន្តែនាវាមុជទឹកទី២ បែរជាបើកហួសទៅវិញ ហើយត្រូវបកក្បាលត្រឡប់ក្រោយ វិញ។ តាមផែនការ នាវាមុជទឹកខ្នាតតូចទាំង២គ្រឿងត្រូវឈប់សំចតក្រោមផ្ទៃសមុទ្រក្នុងទិសដៅស្របគ្នា តែនៅពេលបកក្បាលត្រឡប់ក្រោយ នាវាមុជទឹកទី២បែរជាសិ្ថតនៅទិសដៅប្រញ្ច្រាសគ្នាទៅវិញ។ ដោយគ្មានពេលវេលាច្រើន កុម្ម៉ង់ដូរ SEAL Team 6 បានសម្រេចចិត្តបញ្ជូនកុម្ម៉ង់ដូររបស់ខ្លួនឡើងទៅលើឆ្នេរមុន ហើយចាំកែតម្រូវទិសដៅនាវាមុជទឹកតាមក្រោយ។ កុម្ម៉ង់ដូរបានមុជហែលទឹកនៅក្រោមទឹក តម្រង់ទៅកាន់ឆ្នេរជាមួយឧបករណ៍លបស្ដាប់។ នៅត្រង់នេះ កំហុសទី២បានកើតឡើង ហើយមានទូកមួយគ្រឿងកំពុងអណ្ដែតលើផ្ទៃសមុទ្រ។ នៅលើទូកនោះមានជនជាតិកូរ៉េខាងជើងដែលកុម្ម៉ង់ដូរ SEAL Team 6 ពិបាកមើលឃើញ។ ពីព្រោះថាវែនតាពាក់សម្រាប់មើលពេលងងឹតរបស់ពួកគេត្រូវបានផលិតឡើងដើម្បីចាប់កម្ដៅ តែសម្លៀកបំពាក់ដែលជនជាតិកូរ៉េខាងជើងស្លៀកបានត្រជាក់ស្ទើរកក ដោយសារ ខ្យល់ត្រជាក់នៃទឹកសមុទ្រ។ កុម្ម៉ង់ដូរ SEAL Team 6 បានធ្វើដំណើរទៅដល់ឆ្នេរ និងចាប់ផ្ដើមដោះសម្លៀកបំពាក់មុជទឹកចេញ ដោយគោលដៅស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ។ ត្រឡប់ទៅមើល នាវាមុជទឹកខ្នាតតូចទាំង២គ្រឿង​វ​ិញ ក្រុមពីឡុតបានព្យាយាមបង្វែរនាវាមុជទឹកទាំង២ឱ្យស្របទិសដៅគ្នា។ ប៉ុន្តែ ពួកគេបានបើកទ្វារកាប៊ីនកន្លែងពីឡុតអង្គុយដើម្បីងាយស្រួលមើល និងធ្វើការទំនាក់ទំនង ស្របពេលពីឡុតម្នាក់ទៀតបានបញ្ឆេះម៉ាស៊ីនដើម្បីបង្វែរនាវាមុជទឹក។ កំហុសទី៣ក៏បានកើតឡើង។ សមាជិកនៃកុម្ម៉ង់ដូរ SEAL Team 6 មួយចំនួនបានសង្ស័យថាការបញ្ឆេះម៉ាស៊ីនអាចឮដល់អ្នកនៅលើ ទូកកូរ៉េខាងជើង ហើយអាចឱ្យពួកគេមើលឃើញពន្លឺចេញពីកាប៊ីនចំហរបស់នាវាមុជទឹកធុនតូចនៅក្រោមផ្ទៃទឹកដ៏ងងឹត។​ នៅពេលនោះទូកកូរ៉េខាងជើងបានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់នាវាមុជទឹកខ្នាតតូច និងបាញ់ភ្លើងពិលមើល ហើយចាប់ផ្ដើមនិយាយគ្នាហាក់ដូចជាពួកគេបានឃើញអ្វីមួយ។

ក្រុមពីឡុតនៅលើនាវាមុជទឹកខ្នាតតូច បានឱ្យសញ្ញាថាទូកកូរ៉េខាងជើងនៅតែស្ថិតក្នុងចម្ងាយឆ្ងាយពីពួកគេ។ តែកុម្ម៉ង់ដូរ SEAL Team 6 នៅលើឆ្នេរមើលឃើញផ្សេងគ្នា ដោយក្នុងទីងងឹត ពួកគេឃើញ ហាក់ដូចជាទូកកូរ៉េខាងជើងនោះកំពុងស្ថិតនៅពីលើនាវាមុជទឹក។ ដោយសារតែការផ្ដាច់ទំនាក់ទំនង អ្នកនៅលើនាវាមុជទឹកគ្មានមធ្យោបាយទំនាក់ទំនងជាមួយកុម្ម៉ង់ដូរនៅលើឆ្នេរឡើយ ធ្វើ​ឱ្យកុម្ម៉ង់ដូរ SEAL Team 6 មិនដឹងថាទូកនោះជាទូកល្បាតរបស់ឆ្មាំសមុទ្រកូរ៉េខាងជើង ឬក៏ជាទូកនេសាទធម្មតា។ ក្នុងពេលនោះដែរ ស្រាប់តែបុរសម្នាក់នៅលើទូកកូរ៉េខាងជើងបានហក់ចូលក្នុងទឹកសមុទ្រ។ ដោយមិនមានដ្រូន ការផ្ដាច់ទំនាក់ទំនង និងបច្ចេកវិទ្យាទំនើបៗជាច្រើនដែលកុម្ម៉ង់ដូរ SEAL Team 6 ធ្លាប់តែប្រើ ពួកគេត្រូវធ្វើការសម្រេចចិត្តមួយដ៏សំខាន់ នោះគឺត្រឡប់ទៅកាន់នាវាមុជទឹកមិនត្រូវបន្សល់ទុកដានដោយ សម្លាប់អ្នកនៅលើទឹកកូរ៉េខាងជើងនោះទាំងអស់។ កុម្ម៉ង់ដូរ SEAL Team 6 បានឡើងទៅលើទូកដើម្បីពិនិត្យមើលថាតើអ្នកនៅលើទូកពិតជាស្លាប់មែន ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា News York Times ដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីបេសកកម្មខាងលើ បានឱ្យដឹងថាកុម្ម៉ង់ដូរ SEAL Team 6 បានបោះសាកសពចូលទៅក្នុងទឹកដើម្បីកុំឱ្យ អាជ្ញាធរកូរ៉េខាងជើងឃើញ។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីអាមេរិកទាំងនេះបាននិយាយដែរថាកុម្ម៉ង់ដូរ SEAL Team 6 ថែមទាំងយកកូនកាំបិតចាក់សាកសពបន្ថែមឱ្យធ្លាយសួតទៀតផង ដើម្បីឱ្យប្រាកដថា សាកសពទាំងនោះលិចចូលទៅក្នុងទឹក។ តែនៅទីបំផុត អ្នកដែលនៅលើទូកកូរ៉េខាងជើងដែលគ្មានអាវុធ និងគ្មានឯកសណ្ឋាន គឺជាជនស៊ីវិលកូរ៉េខាងជើងមានគ្នាពី២ ទៅ៣នាក់ ត្រូវបានកុម្ម៉ង់ដូរ SEAL Team 6 សម្លាប់ ក្នុងនោះរួមមានទាំងម្នាក់លោតចូលក្នុងទឹកផងដែរ។ កុម្ម៉ង់ដូរ SEAL Team 6 បានត្រឡប់ទៅកាន់នាវាមុជទឹកខ្នាតតូច និងបញ្ជូនសញ្ញាទៅឱ្យនាវមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មកទួលយកពួកគត្រឡប់ទៅវិញដោយសុវត្ថិភាព ក្រោយបេសកកម្មរបស់ពួកគេបរាជ័យ។ កូរ៉េខាងជើងមិនបានធ្វើសេចក្ដីថ្លែងការណ៍អ្វីទេ តែចាប់តាំងពីពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដបាញ់មីស៊ីល ជាបន្តបន្ទាប់ និងបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដែលគេជឿថាសព្វថ្ងៃកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ៥០គ្រាប់ និងអាចផលិតបន្ថែមបាន៤០គ្រាប់ទៀត៕
-Fresh News-

អត្ថបទទាក់ទង