Grand News Asia Close

ជំនួបទ្វេភាគីមេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាច្រើនវិស័យ នៃប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ថែមទៀត

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1058
ជំនួបទ្វេភាគីមេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាច្រើនវិស័យ នៃប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ថែមទៀត ជំនួបទ្វេភាគីមេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាច្រើនវិស័យ នៃប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ថែមទៀត

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីន នាឱកាសនេះ ព្រមទាំងទស្សនកិច្ចផ្លូវការរបស់សម្ដេច នៅប្រទេសហ្វីលីពីន នាដើមឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងពីមិត្តភាពរឹងមាំ និងការប្តេជ្ញាចិត្តមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែខ្ពស់ថែមទៀត។ សម្ដេចបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឱកាសដែរប្រធានាធិបតីហ្វីលីពីន និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី០៧-០៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងនាមនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចបានបញ្ជាក់ថា៖ «កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន»។

នៅក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពី «សេវាអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ» រួមទាំងលិខិតប្តូរសារស្ដីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។

ចំពោះវិស័យពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, កម្ពុជា-ហ្វីលីពីនបានពិភាក្សាអំពីគំនិតផ្តួចផ្តើម និងយន្តការជាក់ស្តែង ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន។ កម្ពុជាត្រៀមខ្លួនធ្វើជាដៃគូគួរឱ្យទុកចិត្ត ក្នុងការចូលរួមចំណែកដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន។ កម្ពុជាសូមអរគុណសហគមន៍ហ្វីលីពីននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេស ទាំងពីរ។ កម្ពុជាសូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម និងរីករាយចំពោះកំណើន នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ដោយឡែកការអភិវឌ្ឍសង្គម និងមូលធនមនុស្ស កម្ពុជា-ហ្វីលីពីន បានកំណត់អំពីកាលានុវត្តភាពនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សុខុមាលភាពរបស់ពលករ និងការថែទាំសុខភាព។ វិស័យទាំងនេះជួយធ្វើឱ្យប្រសើរឡើងដោយផ្ទាល់នូវគុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ដែរថា៖ «ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ យើងនឹងបន្តពង្រឹងកិច្ចសហការបន្ថែមទៀត តាមរយៈការកសាងសមត្ថភាពការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្ដូរនាយទាហាន។ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគី (JCBC) លើកទី៥ នៅឆ្នាំ២០២៦។ JCBC ជាយន្តការទ្វេភាគីសម្រាប់ការត្រួតពិនិត្យអំពីវឌ្ឍនភាព និងដាក់ចេញនូវទិសដៅបន្ត នៃភាពជាដៃគូរបស់យើង»។

ក្នុងក្របខ័ណ្ឌតំបន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងទទួលតួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន។

សម្រាប់ទិសដៅបន្ត លោកប្រធានាធិបតីហ្វីលីពីន ម៉ាកូស ជូនៀ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវកំណើន, សុខុមាលភាព និង វិបុលភាពរួម ជូនប្រជាជនកម្ពុជា និងហ្វីលីពីន។ ហើយសម្ដេច បានអរគុណ លោកប្រធានាធិបតី ម៉ាកូស ជូនៀ ដែលបានដឹកនាំគណៈប្រតិភូធុរជនហ្វីលីពីន មកចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិស័យឯកជននៃប្រទេសទាំងពីរ តភ្ជាប់គ្នា និងកសាងភាពជាដៃគូសម្រាប់កំណើន និងនវានុវត្តន៍៕

អត្ថបទទាក់ទង