Grand News Asia Close

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ចុះ ““បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក”

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1143


CNF:

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

មុននឹងថ្លែងសុន្ទរកថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល សូមមេត្តាក្រោកឈរបន្តិច ដើម្បីយើងធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សូមអង្គពិធីទាំងមូលសង្រួម។ បាទសូមអរគុណ។ ត្រូវ MC អ្នកហៅ ប៉ុន្តែ MC មេក្រូអត់ឮ ខ្ញុំហៅជំនួសចុះ។

[ចប់សេចក្តីអធិប្បាយ]

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិ សិស្សានុសិស្ស ជាទីគោរពស្រឡាញ់!

ថ្ងៃនេះ ខ្ញុំនិងភរិយា មានមោទនភាព និងសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ ​ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា​ និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រជាតិយើង។

ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈ សមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ ប្រាជ្ញា និង ស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និង វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលយើងគ្រប់រូប កំពុងអបអរសាទរ នាឱកាសនេះ។

ជោគជ័យនៃការចុះបញ្ជីទីតាំងទាំងបី នៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានធ្វើការណែនាំកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ សិក្សាបញ្ចូលទីតាំង សារមន្ទីរទួលស្លែង ស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយ

តាមរយៈ ​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់នេះ​ ក្រសួងវប្បធម៌ និង វិចិត្រ-សិល្បៈ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ-អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ហើយសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការវាយតម្លៃខ្ពស់ពីស្ថាប័នជំនាញ អន្តរជាតិ ICOMOS (អាយកូម៉ូស) និង ICCROM(អាយស៊ីស៊ី-រម) គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់ នូវតម្លៃលេចធ្លោជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា ​និង សន្តិភាព”  ហើយធ្វើការ​ចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២៥ កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត     សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ-កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែងតែប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ច ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា។​

ខែកក្កដា បានក្លាយជាវេលាមួយ ដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិយើង ដោយហេតុថា ក្នុងខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ បានត្រូវទទួលស្គាល់ និង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៖

១. ប្រាសាទព្រះវិហារ, ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ។
២. តំបន់ប្រាសាទសំបូរព្រៃគុក, ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧។
៣. “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល ផ្សះផ្សា និង សន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២៥ នេះ។

នយោបាយ​ឈ្នះឈ្នះ និងការ​លះបង់ដ៏​ខ្ពស់​បំផុត​របស់​ សម្ដេច​អគ្គមហា-​សេនា​បតី​តេជោ​ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និង សង្គ្រាមនានាដែលរមែងកើតមាននិងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នា-អំឡុងជាង ៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​បេសកកម្ម​ក្នុង​ការ​ស្វែងរកយុត្តិធម៌ និង​ការ​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហមពីសហគមន៍​អន្តរជាតិ តាមរយៈ ​ជោគជ័យ​នៃ​ការ​បង្កើត​សាលាក្ដី​ខ្មែរក្រហម ដែល​បាន​ដំណើរការ​រយៈពេល ​១៦ ឆ្នាំ(២០០៦ ដល់ ២០២២) ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម និង​នាំ​យក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាពការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារៈសំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការ​ពារ​ដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពី  មេរៀនប្រវត្តិសាស្ត្រ និង ការថែរក្សាសន្តិភាព  ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនយើង។

“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជា-ជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សា និង សន្តិភាព។ ព្រឹត្តិការណ៍ថ្ងៃនេះ បានរំឭកមនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយ ដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬ ប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ និងការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី ។ ក្នុងន័យនេះ កម្ពុជាគឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះសន្តិភាពគឺជាមូលដ្ឋាន និងជាកត្តាចំបង។ កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ចងចាំជាសកល ហើយក៏​ជាទីតាំង​ដែលមជ្ឈដ្ឋាន​អន្តរជាតិទូទាំងសកលលោក ​បាន​យល់​កាន់​តែច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា ក្នុង​ពេល​អតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS (អាយកូម៉ូស) និង ICCROM  (អាយស៊ីស៊ី-រម)  អ្នកជំនាញជាតិ-អន្តរជាតិ  អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ អ្នកសិក្សាស្រាវជ្រាវនានា ដែលបានលះបង់ ពេលវេលា កម្លាំងកាយចិត្តស្មារតីដើម្បីរក្សាការពារទីតាំងទាំងបីនេះ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មដទៃៗទៀត ដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដែលបន្តរំឭក ជាអមតៈក្នុងសតិសម្បជញ្ញៈរបស់មនុស្សជាតិទាំង​មូលក្នុងការរក្សាដាច់ខាតនូវភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ ។ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា»   នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច ជាជ័យជម្នះនៃសន្តិភាពទៅលើភាពឃោរឃៅ និងជាជ័យជម្នះនៃការផ្សះផ្សាទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និង ឧក្រិដ្ឋកម្មនានា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រ​កម្ពុជា ។

សម្រាប់យុវជនជំនាន់ក្រោយ ខ្ញុំសូមគូសបញ្ជាក់ថា ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារអនាគតរបស់កម្ពុជាមួយ ប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព អធិបតេយ្យ និង បូរណភាពទឹកដី ដ៏ពេញលេញ នៃមាតុភូមិយើង ដែលជាមូលដ្ឋានរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រជាជាតិ និង ប្រជាជនយើង ។

ជាថ្មីម្តងទៀត  ខ្ញុំសូមអរគុណ និង វាយតម្លៃខ្ពស់ ចំពោះ​ក្រសួង​វប្បធម៌​ និង ​វិចិត្រសិល្បៈ គណៈកម្មការ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស ​សាលារាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង​ និង ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​​ភាគី​អន្តរជាតិ ជាអាទិ៍៖ ​ការិយាល័យអង្គការយូណេស្កូ​ភ្នំពេញ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) ស្ថាប័នជំនាញអន្តរជាតិ ICOMOS (អាយកូម៉ូស) និង ICCROM  (អាយស៊ីស៊ី-រម) អង្គការ KOICA អង្គការ GIZ-CPS អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះ​ដំណើរ​ការ​រៀបចំ​ឯកសារ​ចុះបញ្ជី​ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖   ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព”  រហូត​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោទនៈ។

ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុមការងារដែលបានចូលរួម​រៀបចំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវព្រឹត្តិការណ៍​នាពេលនេះ ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងទាក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់​ខ្ពស់របស់យុវជនកម្ពុជាគ្រប់ ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យ និង​ បូរណភាពទឹកដី ព្រមទាំងក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ សិល្បការិនី បណ្ដាញ​សារព័ត៌មាន និង ជនរួមជាតិ​ទាំងអស់ ​ដែល​មាន​វត្តមាន​នៅ​ទីនេះក្តី និង ​នៅតាម​គេហដ្ឋានក្តី ក្នុងនាម «​ខ្មែរតែមួយ»

ខ្ញុំសូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្ស-និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និង ឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរព្រឹត្តិការណ៍ចុះ  “បូជនីយដ្ឋានចងចាំនៃកម្ពុជាពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា​ និង សន្តិភាព”  ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី, បងប្អូនជនរួមជាតិ, សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕

អត្ថបទទាក់ទង