សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងចូលរួមគ្រប់រូបភាពដើម្បីការពារ និងលើកស្ទួយវប្បធម៌ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្រូវការនៃការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈវប្បធម៌ជារភងចាំបាច់ ដើម្បីសេដ្ឋកិច្ចសង្គម និងការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលវប្បធម៌ដទៃដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពាក្យថាគោរពស្រលាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយប៉ុន្តែដើម្បីឱ្យមានការគោរពស្រលាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ពោលគឺយើងត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៕