Grand News Asia Close

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធី បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ១, ២០២៣ ក្រោមប្រធានបទ កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 114

CNV:

សម្តេច ឯកឧត្តម លោកជំទាវ
ឯកឧត្តម ប៊ូវៀនខាម វង្សតារា (BoviengKhan Vongdara) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ!


​ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបើក “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើក ទី ១, ២០២៣” ក្រោមប្រធានបទ “កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូនៃក្រសួងស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញមកចូលរួមក្នុង ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ២០២៣ សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង“ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១, ២០២៣” ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីចក្ខុវិស័យ និងយុទ្ធសាស្រ្ត​អភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ផ្តល់​ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាម​និន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។ ខ្ញុំក៏សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង​គោល​នយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ខ្ញុំសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកប​ដោយនវានុវត្តន៍នាពេលអនាគត។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំផែនការបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព កំណត់ប្រធានបទស្រាវជ្រាវឱ្យ​បាន​​​ជាក់លាក់ ដោយទទួល​បាន​លទ្ធផល អាចយកមកអនុវត្តបាន និងជំរុញការអភិវឌ្ឍផលិតផលបច្ចេកវិទ្យា​សមស្របទាន់ពេល និង​ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព​។ ផ្អែកតាមនេះ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេក​វិទ្យាថ្មី ស្របតាមពាក្យស្លោក “បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី”។

លើសពីនេះ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា​ អប់រំ និង ៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ហើយក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន ៣ បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង ៣).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៊ីសម្រាប់បណ្តុះនវធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យា នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាអាទិ៍ វិនិយោគិន គ្រាប់​ពូជក្នុងស្រុក មូលនិធិទុនឯកជន មូលនិធិបណ្តាក់ទុន មជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី និងកន្លែងធ្វើការរួមគ្នា។ ជាមួយនេះ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាលពិសេសសម្រាប់មុខជំនាញ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) បង្កើតការិយាល័យទំនាក់ទំនងផ្ទាល់ជាមួយសហគ្រាស និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១. រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី២. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវជំរុញការរៀបចំក្របខណ្ឌគតិយុត្ត ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឱ្យឆ្លើយតបបានពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជា​ ការ​ប្រែ​​​ប្រួលនៃនិន្នាការតំបន់ និងសកល។

ទី៣. រាជរដ្ឋាភិបាលជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា។

ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់គ្រឹះស្ថានឧត្តមសិក្សា បន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី សំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងនវធុរកិច្ចនៅកម្ពុជា។

ទី៥. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្តល់គ្រាប់ពូជមូលធនដល់សហគ្រិន និងនវធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្តាក់ទុនជាដើម។

ជាទីបញ្ចប់ជាមួយនឹងការប្រកាសបើក “ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី១, ២០២៣” នាពេលនេះ ខ្ញុំសូមជូនពរ “ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិ លើកទី ១, ២០២៣” ទទួលបានជោគជ័យ និងសម្រេចបានផ្លែផ្កា ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ សូមមានផាសុកភាពល្អ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។

សូមអរគុណ!

អត្ថបទទាក់ទង