Grand News Asia Close

ព័ត៌មានក្លែងក្លាយ គឺជាគ្រាប់ឈើគូសនៅលើស្មៅស្ងួត៖ អណ្តាតភ្លើងដ៏តូច អាចបំផ្លាញសន្តិភាពទាំងមូលបាន

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ English ទស្សនៈ-Opinion ព័ត៌មានជាតិ 20401
ព័ត៌មានក្លែងក្លាយ គឺជាគ្រាប់ឈើគូសនៅលើស្មៅស្ងួត៖ អណ្តាតភ្លើងដ៏តូច អាចបំផ្លាញសន្តិភាពទាំងមូលបាន ព័ត៌មានក្លែងក្លាយ គឺជាគ្រាប់ឈើគូសនៅលើស្មៅស្ងួត៖ អណ្តាតភ្លើងដ៏តូច អាចបំផ្លាញសន្តិភាពទាំងមូលបាន

(ភ្នំពេញ)៖ ខណៈពេលដែលសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវបានស្ដារឡើងវិញ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលទើបតែចូលជាធរមានបានប្រមាណមួយសប្តាហ៍ កំណើននៃព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម បានក្លាយជាឧបសគ្គដ៏គួរឱ្យព្រួយបារម្ភជាទីបំផុត។ ព័ត៌មានមិនពិតទាំងនេះ មិនត្រឹមតែបង្កអារម្មណ៍ភ័យស្លន់ស្លោប៉ុណ្ណោះនោះទេ ប៉ុន្តែនឹងអាចជាគ្រោះបង្កឱ្យមានភាពខូចខាតលើសន្តិភាព ដែលកំពុងផុយស្រួយ ដូចគ្រាប់ឈើគូសនៅលើស្មៅស្ងួត ដែលអាចជាចំណុចចាប់ផ្តើមនៃការឆាបឆេះប្រកបដោយគ្រោះថ្នាក់ដល់ប្រជាជាតិនៃប្រទេសទាំង សងខាង។

ការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានការត្រួតពិនិត្យ និងគ្មានប្រភពច្បាស់លាស់ មិនត្រឹមតែជាទង្វើ មិនទទួលខុសត្រូវនោះទេ ប៉ុន្តែគឺជាផ្នែកមួយ នៃសកម្មភាពបំផ្លាញសង្គម និងដំណើរការប្រជាធិបតេយ្យនៃសិទ្ធិទទួលព័ត៌មានដ៏ត្រឹមត្រូវផងទៀត។ នៅក្នុងស្ថានការណ៍ដែលកម្ពុជានិងថៃ កំពុងប្រឹងប្រែងធ្វើការចរចាស្វែងរកសន្តិភាពពិតប្រាកដ តាមរយៈយន្តការ GBC នៅប្រទេសម៉ាឡេស៊ី ព័ត៌មានក្លែងក្លាយទាំងនេះ អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចការទាំងមូលរបស់ប្រជាជាតិកម្ពុជា និងថៃ។

ក្នុងបរិបទសន្តិភាពកំពុងផុយស្រួយជាបណ្តោះអាសន្នក្នុងកាលៈទេសៈនេះ ព័ត៌មានមិនពិត បានរីករាលដាលយ៉ាងលឿន ហើយបើសិនជាយើង មិនមានវិធានការការពារទប់ទល់នោះទេ វានឹងប្រៀបដូចជាគ្រាប់ឈើគូសនៅក្នុងស្មៅស្ងួត ដែលនឹងធ្វើឱ្យអណ្តាតភ្លើងអាចឆាបឆេះបានគ្រប់ពេលវេលា។
ការបង្ហោះមិនពិត ដូចជាការអះអាងក្នុងពេលនេះថា សង្គ្រាម «ចាប់ផ្តើមផ្ទុះរាលដាលបង្កឡើងដោយថៃ», «ប្រជាជននៅតាមាន់រត់ដូចគ្នា», «តាក្របី អានសេះ ឮសូរផ្ទុះ» ឬ ថា «កោះកុង កំពុង តែបាញ់គ្នា», ឬថា «ពួកវាមិនឈប់ទេ ចូលមកទៀត ដោយអត់រាង» ឬថា «ពុទ្ធោអើយ ផ្ទុះបាត់ទៅហើយ» នោះជាដើម គឺជាព័ត៌មានមិនពិត និងក្លែងក្លាយ ដែលអាចបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមជនស៊ីវិល។ សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិតទាំងនេះ មិនត្រឹមតែបំផ្លាញអារម្មណ៍សាធារណៈនោះទេ ប៉ុន្តែបង្ហាញពីភាពខ្វះវប្បធម៌ នៅក្នុងការទទួល និងប្រើប្រាស់ព័ត៌មានផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា នៅថ្ងៃទី៤សីហា បានអំពាវនាវដល់ពលរដ្ឋ ខ្មែរទាំងក្នុងនិងក្រៅស្រុក ត្រូវប្រុងប្រយ័ត្នចំពោះ «ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ ដែលជាព័ត៌មានបំពុលសតិអារម្មណ៍»៖ «អញ្ចឹងដើម្បីឲ្យបងប្អូនយើងបានទទួលពត៌មានពិត ព័ត៌មានផ្លូវការ ខ្ញុំសុំឲ្យបងប្អូនតាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យរបស់យើង ចេញពីកម្មវិធីដែលយើងកំពុងតែធ្វើនេះ និងចេញពីគេហទំព័រផ្លូវការ របស់ថ្នាក់ដឹកនាំ មានដូចជាគេហទំព័ររបស់សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី គេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាព និងគេហទំព័ររបស់ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គេហទំព័ររបស់គណកម្មាធិការជាតិរៀបចំសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណ:មតិដែលមានឈ្មោះថា PR Government Page ដែលសុទ្ធសឹងតែជាប្រភពផ្លូវការ ផ្តល់ព័ត៌មានពីរាជរដ្ឋាភិបាលជូនដល់សាធារណជន»។

ព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហាសង្គមធម្មតានោះទេ។ វាជាគ្រោះថ្នាក់ជាតិ ដែលអាចបំផ្លាញសន្តិភាព និងឥទ្ធិពលនយោបាយទាំងមូល។ នៅក្នុងស្ថានភាពដែលកងទ័ពរបស់កម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ ដែលជាកិច្ចព្រមព្រៀងផ្លូវការចុះហត្ថលេខារវាងថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជានិងថៃ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន លោក Anwar Ibrahim នោះ ព័ត៌មានមិនពិត គឺប្រៀបដូចជាឧបករណ៍បំផ្លាញពីខាងក្នុង ដែលអាចធ្វើឱ្យសុខសន្តិភាពដែលកំពុងស្វែងរកដោយលំបាក អាចរលាយអស់ ដោយសារតែព័ត៌មានខ្វះការទទួលខុសត្រូវទាំងនោះ។

ការផ្សាយព័ត៌មានមិនពិត គឺជាទង្វើគ្មានភាពស្មោះត្រង់មួយ ដែលអាចធ្វើឱ្យស្ថានភាពនៃ«សន្តិភាពផុយស្រួយ» ពេលនេះ អាចវិលត្រឡប់ចូលមករកសង្គ្រាមឡើងវិញ។ សន្តិភាព គឺមិនមែនជារឿងដែលទទួលបានមកដោយស្រួលនោះទេ ដូច្នេះ យើងត្រូវរួមគ្នាការពារ ដោយការ រារាំងមិនត្រូវឱ្យព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មកនាំសន្តិភាពដែលមិនទាន់រឹងមាំ ធ្លាក់ចូលក្នុងអណ្តាតភ្លើងសង្គ្រាមសាជាថ្មីវិញឡើយ។
ក្នុងករណីនេះ នាពេលវេលា ដែលការបញ្ចេញព័ត៌មានក្លែងក្លាយដោយត្រឹមតែចុចលើប៊ូតុង Share តែមួយ នឹងអាចធ្វើឱ្យអណ្តាតភ្លើងឆាបឆេះបានវិញនោះ, ប្រជាពលរដ្ឋ គួរត្រូវប្រុងប្រយ័ត្នជាទីបំផុតនូវអ្វីជាព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ និងមិនត្រូវឱ្យព័ត៌មាននោះ ក្លាយជាគ្រាប់ឈើគូស ដុតមកលើស្មៅស្ងូតក្នុងពេលនេះបានឡើយ។

យើងមិនត្រូវគិតថា ព័ត៌មានក្លែងក្លាយ មិនមែនជារឿងធម្មតា ឬជាសិទ្ធិបញ្ចេញមតិក្នុងសង្គម នោះទេ វាគឺជាហានិភ័យរបស់សង្គម និងជាតិរបស់យើង។ ក្នុងស្ថានភាពដែលសន្តិភាពកំពុង ស្ថិតក្នុងភាពផុយស្រួយបែបនេះ បើសិនជាព័ត៌មានមិនពិតមួយ អាចបង្កជាសង្គ្រាមសាជាថ្មីមួយទៀតនោះ យើងជាប្រជាជន ដែលមានភារកិច្ចការពារសន្តិភាព ត្រូវមានភាពម្ចាស់ការ រារាំងកម្ទេចកម្ទីព័ត៌មានទាំងនោះ ដោយការបដិសេធការចែករំលែក និងរួមគ្នាថ្កោលទោស អ្នកបង្កើតព័ត៌មានក្លែងក្លាយ ដែលគ្មានការទទួលខុសត្រូវនោះវិញ ដើម្បីការរក្សាសន្តិសុខ និង សុវត្ថិភាពដល់ប្រជាជនកម្ពុជា។

អ្វីដែលយើងត្រូវចងចាំ៖ ព័ត៌មានមិនពិត គឺដូចជាគ្រាប់ឈើគូស នៅក្នុងស្មៅស្ងួត។ ភ្លើងតូចៗនៃព័ត៌មានមិនពិតទាំងនោះ និងរាលដាលបង្កការឆាបឆេះដល់ប្រទេសជាតិទាំងមូលបាន ថែមទៀត។ យើងត្រូវរួមគ្នាប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ឱ្យបានសក្តិ សិទ្ធិ!

** អត្ថបទទស្សនៈរបស់អ្នកសារព័ត៌មានជើងចាស់ លោក ម៉ារ យ៉ារិទ្ធិ បច្វុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ និងប្រធានមជ្ឈមណ្ឌល បង្រៀនសារព័ត៌មានរបស់ Fresh News៕