Grand News Asia Close

ចំណេះដឹងទូទៅ៖ Fidel Castro បិតាបដិវត្តគុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1421
ចំណេះដឹងទូទៅ៖ Fidel Castro បិតាបដិវត្តគុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ ចំណេះដឹងទូទៅ៖ Fidel Castro បិតាបដិវត្តគុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ

(ភ្នំពេញ)៖ លោក ហ្វ៉ីឌែល កាស្ត្រូ (Fidel Castro) គឺជាបិតាបដិវត្តគុយបា ដែលបានដឹកនាំប្រទេសនេះអស់រយៈពេល៤៩ឆ្នាំ គិតចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០០៨ ក្រោយកម្ចាត់លោក ហ្វុលហ្សង់ស្យូ បាធីស្តា (Fulgenio Batista) ដែលជាប្រធានាធិបតីផ្តាច់ការ។ ក្រោមមនោគមន៍វិជ្ជាម៉ាក្សលេនីន និងជាអ្នកជាតិនិយមគុយបាមួយរូប កាស្ត្រូ ក៏បានក្លាយជាអគ្គលេខាធិការទី១ (ធំបំផុត) របស់គណបក្សកុម្មុយនីស្តគុយបា ដែលជាគណបក្សកាន់អំណាចក្នុងប្រទេសនេះផងដែរ។

កាស្ត្រូ គឺជាវីរបុរសម្នាក់ដែលបានផ្តល់ក្តីសង្ឈឹមជាថ្មីដល់ប្រជាពលរដ្ឋគុយបា ដោយបានកម្ចាត់ប្រធានាធិបតីផ្តាច់ការ បាធីស្តា នៅឆ្នាំ១៩៥៩។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំប្រទេស កាស្ត្រូ ថែមទាំងបានជួយអភិវឌ្ឍន៍ប្រទេសបានល្អជាងលោក បាធីស្តា ដោយធ្វើនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ មានផែនការដឹកនាំប្រទេសត្រឹមត្រូវ តាមរយៈការធ្វើបដិវត្តន៍ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមទៀតផង។

ហ្វីឌែល កាស្ត្រូ កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦ នៅភូមិតូចមួយក្នុងខេត្តអូរៀន ប្រទេសគុយបា ក្នុងគ្រួសារអន្តោប្រវេសន៍ជាតិអេស្ប៉ាញ ដែលជាគ្រួសារកសិករ មានជីភាពធូរធារមួយ។ លោកជាមនុស្សឆ្វេងនិយម ដែលប្រឆាំងនឹងរដ្ឋាភិបាល និងបានដើរតាមមនោគមន៍វិជ្ជាម៉ាក្សលេនីន ខណៈពេលដែលលោកសិក្សាផ្នែកច្បាប់នៅឯសាកលវិទ្យាល័យហាវ៉ាណា (Havana) ដែលជាសាកលវិទ្យាល័យដ៏ល្បីស្ថិតក្នុងរដ្ឋធានីនៃប្រទេសគុយបា។

នៅក្នុងឆ្នាំ១៩៥៣ បន្ទាប់ពីបានដើរចូលក្រុមឧទ្ទាមដែលប្រឆាំងនឹងពួកស្តាំនិយមរបស់រដ្ឋាភិបាល នៅក្នុងសាធារណរដ្ឋដូមីនិក (Dominican) និងកូឡុំប៊ី (Colombia) កាស្ត្រូ មានគម្រោងផ្តួលរំលំរដ្ឋបាលរបស់លោកប្រធានាធិបតីផ្តាច់ការ បាធីស្តា ដោយធ្វើការប៉ះបោរមួយនៅតំបន់ម៉ុងកាដាបារ៉ាក់ (Moncada Barracks ប៉ុន្តែទទួលបរាជ័យវិញ។

ការបរាជ័យនេះធ្វើឲ្យលោកត្រូវបានចាប់ខ្លួន និងត្រូវបានអាជ្ញាធររបស់លោក បាធីស្តា ផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ។ ទោះយ៉ាងណាបន្ទាប់ពីជាប់គុកបាន១ឆ្នាំ លោកត្រូវបានទទួលការលើកលែងទោសវិញ។

ក្រោយមានសេរីភាពវិញ កាស្ត្រូ បានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៉ិក (Mexico) ហើយប្រកាសបង្កើតក្រុមបដិវត្តន៍មួយឈ្មោះថា ការរើបម្រះថ្ងៃទី២៦ ខែកក្កដា (the 26th of July Movement) ជាមួយប្អូនប្រុសលោកឈ្មោះ រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) និងលោក អ៊ែរណេសស្តូ ហ្សេ ហ្គុយអឺវ៉ារ៉ា (Ernesto “Che” Guevara) ដែលជាអ្នកដើរតាមមនោគមន៍វិជ្ជាម៉ាក្សលេនីនដូចគ្នា។ បុរសទាំង៣រូបនេះបានចំណាយពេលរួមគ្នាអស់រយៈពេល៣ឆ្នាំ ដើម្បីបង្កើតទ័ពព្រៃក្នុងការទៅវាយផ្តួលរំលំលោក បាធីស្តា។ នៅឆ្នាំ១៩៥៩ កាស្ត្រូ បានចូលមកក្នុងប្រទេសគុយបាវិញ ដោយមានគ្នាត្រឹមតែ៧នាក់ និងអាវុធ ៧ដើមតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោកបានអូសទាញប្រជាពលរដ្ឋឲ្យចូលរួមគម្រោងផ្តួលរំលំរដ្ឋបាលផ្តាច់ការរបស់ បាធីស្តា រហូតទាល់តែជោគជ័យនៅឆ្នាំដដែលនោះ។

បន្ទាប់ពីដើរតួនាទីយ៉ាងធំក្នុងការផ្តួលរំលំរដ្ឋបាលលោក បាធីស្តា លោកកាស្ត្រូ បានក្តោបក្តាប់ទាំងអស់រួមមានទាំងអំណាចយោធា និងនយោបាយរបស់គុយបាទាំងមូលក្នុងនាមជានាយករដ្ឋមន្ត្រីតែម្តង។ ក្នុងនាមជាប្រទេសស្ថិតមួយ ដែលនៅក្នុងប្លុកកុម្មុយនីស្ត របស់សហភាពសូវៀត លោក កាស្ត្រូ តែងតែត្រូវបានសហរដ្ឋអាមេរិករំខានការដឹកនាំ និងចង់ផ្តួលរំលំរបបដឹកនាំរបស់លោក មិនលោះពេលសោះឡើយ ហើយអាមេរិកព្រមទាំងបានកាត់ផ្តាច់ការទូត ជាមួយគុយបាថែមទៀត។

យោងតាមសារព័ត៌មាន Theguardian និង Wikipedia បានសរសេរថា អាមេរិកបានប៉ុនប៉ងធ្វើឃាតលោក កាស្ត្រូ រហូតដល់ទៅ៦៣៨ដង ប៉ុន្តែមិនបានសម្រេចនោះដែរ។ ក្នុងនោះដើម្បីផ្តួលរំលំលោក កាស្ត្រូ គេឃើញអាមេរិក រៀបចំគម្រោងសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីភ្នាក់ងារធ្វើឃាត (Assassination) ការរាំងខ្ទប់ផ្នែកសេដ្ឋកិច្ច (Economic Blockade) និងការវាយប្រហារនៅឈូងសមុទ្រជ្រូក (Bay of Pigs Invasion) នៅឆ្នាំ១៩៦១។

ឆ្លើយតបនឹងការប៉ុនប៉ងរបស់អាមេរិក លោក កាស្ត្រូ បានងាកទៅចាប់ដៃជាមួយសហភាពសូវៀតកាន់តែខ្លាំងទៅៗ និងថែមទាំងអនុញ្ញាតឲ្យសហភាពសូវៀត ដាក់អាវុធនុយក្លេអ៊ែរនៅដែនកោះរបស់ខ្លួន ដែលមានប្រវែងជាង១០០គីឡូម៉ែត្រតែប៉ុណ្ណោះពីទឹកដីសហរដ្ឋអាមេរិក។ ការដាក់អាវុធនុយក្លេអ៊ែរក្នុងឆ្នាំ១៩៦២លើដែនកោះគុយបានេះ មិនត្រឹមតែអាចការពាររដ្ឋបាល កាស្ត្រូ បានប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើឲ្យសូវៀតងាយទប់ទល់នឹងសង្គ្រាមត្រជាក់ជាមួយអាមេរិកផងដែរ។ ដោយសារជំនាន់ កាស្ត្រូ មិនសេពគប់អាមេរិក អាមេរិកនៅតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា រហូតដល់សព្វថ្ងៃនេះ។

កាស្ត្រូ បានធ្វើកំណែទម្រង់គុយបាឲ្យទៅជារដ្ឋសង្គមនិយម ក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មនុយនីស្តតែមួយ និងប្រកាន់ការដឹកនាំតាមទ្រឹស្តីម៉ាក្សលេនីន។ គួរជម្រាបថា តាមរយៈកំណែទម្រង់ប្រទេសបែបនេះមានតែគុយបាប៉ុណ្ណោះ ដែលបានធ្វើមុនគេបើរាប់តែប្រទេសស្ថិតនៅអឌ្ឍគោល (ពាក់កណ្តាលភូគោល) ប៉ែកខាងលិច៕ Fresh News

Fidel Castro, dead at 90

អត្ថបទទាក់ទង