Grand News Asia Close

(វីដេអូ) ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម កើត រិទ្ធ បកស្រាយពីមូលហេតុនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣  នៅសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1129


ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  បកស្រាយពីមូលហេតុនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣  នៅសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

(ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥)

ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជា​ណាច​ក្រ​កម្ពុជា ជាទី​គោរព ដ៏ខ្ពង់ខ្ពស់បំផុត
សូមគោរពឯកឧត្តមអនុប្រធានព្រឹទ្ធសភាទី១​ ឯកឧត្តម​អនុប្រធាន​ព្រឹទ្ធ​សភាទី ២ នៃប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់
ទូលបង្គំ សូមថ្វាយបង្គំ​សម្តេ​ច​ព្រះរាជបុត្រី ព្រះអនុជ ព្រះអង្គម្ចាស់ និងសូមគោរព ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិ​ការនៃព្រឹ​ទ្ធសភាដ៏ឧត្តុង្គឧត្តម!

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទូលបង្គំ ខ្ញុំបាទ សូម​គោរ​ពអនុញ្ញា​​តជម្រាបជូនបន្ថែមពីលើអ្វីដែល ឯកឧត្តម អង្គវង្ស វឌ្ឍនា ប្រធានគណៈកម្មការនិតិកម្ម និងយុត្តិ​ធម៌​ នៃរដ្ឋសភា និងជាតំណាងក្រុមតំណាងរាស្ត្រហត្ថលេខី ដែលបានរា​យការ​ណ៍ជូនអង្គ​ព្រឹទ្ធសភា ដ៏​ឧត្តុង្គ​ឧត្តមមុននេះបន្តិច ទូលបង្គំខ្ញុំបាទ សូមគូសរំលេចបន្ថែម ជូននូវចំណុចសំខាន់ៗមួ​យចំនួនជូន​អង្គ​ព្រឹទ្ធ​ស​ភាដ៏ឧត្តុង្គឧត្តមដូចតទៅ៖

ទី១- អំពីដំណើរការនៃការធ្វើវិសោធនកម្មមាត្រា៣៣៖
ដូច ឯកឧត្តម អង្គវង្ស វឌ្ឍានា បាន​លើក​ឡើងមុននេះបន្តិច និងដូចដែលតំណាងក្រុមនីមួយៗបានលើកឡើងមុននេះ យោងតាមរដ្ឋធម្មនុញ្ញ​របស់​យើង មាត្រា១៥៣ថ្មី បានចែងថា មានតែឥស្សរជនជាន់ខ្ពស់របស់ជាតិតែ៣រូបប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ  ទី១​៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​ស​ក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ទី២៖ នាយករដ្ឋមន្ត្រី និង ទី៣៖ ប្រធានរដ្ឋសភា តាមសេចក្តីស្នើសុំពីតំណាងរាស្ត្រយ៉ាងតិច ១/៤។

លើកនេះ ជាវិសោធនកម្មលើកទី១១ នៃរដ្ឋធម្មនុញ្ញ វិសោធនកម្ម ១០ លើកកន្លងមក ការផ្តើ​មគំនិ​ត​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពេលខ្លះចេញមកពីខាងរដ្ឋសភា ឯពេលខ្លះគឺចេញមកពីរាជរដ្ឋាភិបាល។  នេះជា​លើកទី១ នៅ​ក្នុងប្រវត្តិសាស្ត្រច្បាប់របស់កម្ពុជាដែលការធ្វើវិសោធនកម្មរដ្ឋធម្មនុ​ញ្ញ គឺជាគំនិតផ្តើ​មរួមគ្នារវាង​នាយ​ករដ្ឋម​ន្ត្រី និង សម្តេចប្រធានរដ្ឋសភា។ ដូច ឯកឧត្តម អង្គវង្ស វឌ្ឍានា បានលើកជូន មុននេះបន្តិច វិសោធ​នកម្ម​លើក​ទី១១​នេះ មានលក្ខណពិសេសខុសពីវិសោធនកម្ម១០​លើកកន្លងមក ក្រៅពីការ​ធ្វើ​សកម្មភាព​រួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា លើកនេះ ក៏ជាលើកទី១ ដែលតំណាងរាស្ត្រទាំង ១២៥ រូប មាន​ន័យ​​​ថា១០០% នៅក្នុងរដ្ឋសភា បានធ្វើសេចក្តីស្នើសុំធ្វើវិសោធនកម្ម តាមរយៈប្រធានរដ្ឋសភា។ កន្លង​ទៅ ​សេចក្តីស្នើសុំដើម្បីធ្វើច្បាប់នានា តំណាងរាស្ត្រមិនដែលមាន១២៥នោះទេ  លើកនេះ​លើក​ទី១។

ប៉ុន្តែដោយលក្ខណៈពិសេសដោយឡែក គឺថា ក៏ជាលើកទី១ដែរ ដែលតំណាង​រាស្ត្រពីគ្រប់គណ​បក្ស​ន​យោ​បា​យទាំងអស់ក្នុងរដ្ឋសភា មានការឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ បើក​ផ្លូវឱ្យមានក្រមខណ្ឌច្បាប់ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ពលរដ្ឋខ្មែរដែលឃុបឃិតជាមួយបរទេស ក្បត់ជា​តិ​ឯង ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជន។

ការធ្វើ​សក​ម្មភាពជាធ្លុងមួយរួមគ្នាជាលើកទី១ បែបនេះ យើងមិនដែលឃើញទេ ប៉ុន្តែក៏យើ​ងបាន​ឃើញថា ហេតុអ្វីបា​ន​ជាពេលនេះច្បាប់មួយនេះមានលក្ខណៈពិសេស ហើយមានការគាំទ្រគ្រប់ជ្រុងជ្រោយ លើ​ទិដ្ឋភាពនយោ​បា​យ សម្រាប់ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្ម ក៏ដូចជាការអនុម័ត?

ឯកឧត្តម អង្គវង្ស វឌ្ឍានា បានបញ្ជាក់ជូន មូលហេ​តុនៅ​ទីនេះ គឺមាន៣ធំៗ៖
មូលហេតុធំទី១- ច្បាប់​នេះបាន​ប​ញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងហេតុ ការរៀបចំ​ច្បាប់នេះគឺធ្វើឡើងគ្មា​នអ្វីក្រៅពីការបន្សុទ្ធ​នូវទឹកចិត្តស្នេ​ហា​ជាតិ​​របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិរបស់ខ្លួនទេ។ ក្នុងសេចក្តីថ្លែងហេតុ បានបញ្ជាក់ច្បាស់ ការ​ធ្វើ​សេ​ច​ក្តីស្នើសុំវិសោធនកម្មនេះ គឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងសេច​ក្តីស្មោះត្រ​ង់ឥតងាករេ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ដូច្នេះហើយច្បាប់នេះ ត្រូ​វបានចាត់​ទុក​ជា​ឧបករណ៍​គតិយុត្តមួយរបស់រដ្ឋ ដើម្បីការពាររដ្ឋប្រឆាំងជាមួ​យពលរដ្ឋដែល​ឃុបឃិតជាមួយ​បរទេស​ប្រព្រឹត្តនូវអំ​ពើក្ប​ត់ជាតិ ឬធ្វើសកម្មភាពដែលប៉ះពាល់ធ្ងនធ្ងរដល់ផលប្រយោជន៍របស់ប្រទេសជាតិ។ នេះគឺជាហេតុផ​លធំ​ទី១។

ហេតុផលធំទី២- គឺរដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ​ត្រូវតម្កល់ផល​ប្រយោ​ជន៍ជាតិជាធំ ហើយនិងមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ដោយប្រយោលក្តី ​នាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា គឺមានចែងនៅក្នុងមាត្រា ៤៩ថ្មី គឺមាន​ចែង​ច្បាស់​នូវ​អ្វី​ដែលជាកាតព្វកិច្ចរបស់ពលរដ្ឋ។ ម្យ៉ាងទៀត ការធ្វើវិសោធនកម្មលើកនេះ​ ក៏ជាការចូលរួមចំណែកសំ​ខាន់​នៅ​ក្នុ​ងកា​រប្រឆាំងនឹងកា​រជ្រៀ​តជ្រែងចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចមានចែងក្នុងមាត្រា ៥៣ថ្មីនៃរដ្ឋធ​ម្ម​នុញ្ញ​។

ដូច្នេះការធ្វើសកម្មភាព​រួមគ្នាបែបនេះ យើងឃើញជាលើកទី១ ប៉ុន្តែមូលហេតុនៃកា​រធ្វើវិសោធន​កម្ម​នេះ គឺមានមូល​ហេតុដ៏​ធំមួយ ដើម្បី​បង្កើតច្បាប់ការពាររដ្ឋ។ ក្នុងនេះយើងអាចដាក់ជាសំនួរថា ធ្វើច្បាប់មួយ ដើ​ម្បីក្រើនរំ​លឹក​ជាប់ជា​ប្រចាំ​ឱ្យ​ពលរដ្ឋរបស់ខ្លួនមានទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ចំពោះជាតិ មានមន​សិ​ការ​ស្នេហាជាតិជាប់ជា​និច្ចចំ​ពោះជាតិ តើច្បាប់នេះបម្រើឱ្យផលប្រយោជន៍របស់ជាតិដែរឬទេ? ខ្ញុំគិត​ថា​នេះ​ហើយ គឺជាមូល​ហេតុដែល​នៅពីក្រោយការធ្វើសកម្មភាពរួមគ្នារវាងស្ថាប័នរដ្ឋសភា និងស្ថាប័នរាជរដ្ឋាភិ​បាល​រវាងតំ​ណាង​រាស្ត្រនៃគ្រប់​គណបក្សនយោបាយទាំងអស់ដែលមាននៅក្នុងរដ្ឋសភា នេះជាចំណុចទី១ ដែល ទូលបង្គំ​​ខ្ញុំបាទ សុំគោរពរា​យការណ៍​ជូន​អង្គព្រឹទ្ធសភាអំពីមូលដ្ឋាននៃការរៀបចំនេះ។

នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង រាល់វិសោធនកម្មទាំងអស់ គឺដាច់ខាតត្រូវតែ​គោរពនូវគោលការណ៍នៃ​ការ​ធ្វើវិសោ​ធនកម្ម ជាពិសេសមិនត្រូវបំពានលើចំណុចហាមឃាត់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ស្ថាប័ន​រដ្ឋស​ភា និងព្រឹទ្ធសភា បានធ្វើលិខិតរួមគ្នាថ្វាយព្រះមហាក្សត្រ ជាទីសក្ការៈគោរពដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះ​អង្គ​ទ្រង់​​​មាន​ពិគ្រោះមតិពីក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបញ្ជា​ក់ជូនហើយថា វិសោធ​នក​ម្មលើកនេះ គឺថាមិនប៉ះពាល់ទៅនឹងគោលការណ៍គ្រឹះរបស់រដ្ឋធម្មនុញ្ញដែលក្នុងនោះហាមឃាត់មាន ២​ចំ​ណុ​ចធំ៖ ទី១- មិនត្រូវធ្វើឱ្យប៉ះពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងទី២- មិនត្រូវធ្វើក្នុងពេលដែលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន។ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា វិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនេះ អាចធ្វើទៅបាន ដោយសារមិ​នបានបំពានទៅលើអ្វីដែល​ជាចំណុ​ចហាមឃាត់ក្នុងរដ្ឋធម្មនុញ្ញ។

ចំណុចទី២- អំពីមូលដ្ឋានក្នុងការរៀបចំនូវសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣​នៃ​រដ្ឋ​ធម្មនុញ្ញ

ដើម្បីរៀបចំនូវសេចក្តីស្នើច្បាប់មួយនេះ គឺយើងបានធ្វើការសិក្សាលើមូលដ្ឋាន ៣ រួមមាន៖

ទី១- មូលដ្ឋានច្បាប់ជាតិ

ទី២- មូលដ្ឋានច្បាប់អន្តរជាតិ និង

ទី៣- មូលដ្ឋានច្បាប់នៃបណ្តារដ្ឋ និងបណ្តាប្រទេសធំៗនៅក្នុងពិភពលោក

យោងតាមការសិក្សាស្រាវជ្រាវសម្រាប់ច្បាប់ជាតិរបស់យើង គឺថានេះមិនមែនជារឿងថ្មីទេ ដោយ​សារ​ក្នុ​ងសម័យសង្គមរាស្រ្តនិយម គឹមានច្បាប់នេះរួចទៅហើយ យើងមានទាំងក្រមរដ្ឋប្បវេណីនៅឆ្នាំ១៩២០ ដែ​លត្រូវ​វិសោ​ធនកម្មនៅឆ្នាំ១៩៥៩ ដែលចែងអំពីការដកសញ្ជាតិនៅក្នុងករណីទាំង ៧ករណី ហើយបន្ទាប់​មក​ឆ្នាំ​១៩៦៨ យើង​មានច្បាប់ស្តីពីការបាត់សញ្ជាតិដែលអ​នុញ្ញាតឱ្យតុលាការដក​សញ្ជាតិខ្មែរពី​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្ត​នូវបទឧក្រិដ្ឋថ្នាក់ទី១ ចំនួន ៣ប្រភេទ រួមមាន៖

ទី១- បទវិទ្ធង្សនា

ទី២-បទក្បត់ជាតិ និង

ទី៣- អំពើធ្វើឱ្យមានការប្រទូសរ៉ាយទៅនឹងការសុខសាន្តរបស់រដ្ឋទាំងខាងក្នុងរដ្ឋ ទាំងខាង​ក្រៅ​រដ្ឋ ដូច​នេះច្បាប់កាលពីសម័យសង្គមមានរួចជាហើយ។ ទី២- យើងក៏ស្រាវ​ជ្រាវក្នុងច្បាប់​បច្ចុប្បន្នដែ​លមានមូល​ដ្ឋាន ២ ដែលត្រូវយក​មកគិត​ពិចារណា៖

ទី១- ធំជាងបំផុត គឺមាត្រា ៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងដាក់កាតព្វកិច្ចឱ្យប្រ​ជាពលរដ្ឋខ្មែរ​គ្រប់​រូប​ត្រូវ​តែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយក៏មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ទោះ​ដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែ​រឡើយ នេះ​គឺជាមូលដ្ឋានធំជាងគេ។

មូលដ្ឋានធំទី២ គឺនៅក្នុងច្បាប់សញ្ជាតិរបស់យើង សញ្ជាតិជាគោលកា​រណ៍ច្បាប់ គឺ​អាចទទួល​បានតា​មវិធី៣យ៉ាង៖

ទី១- គឺការទទួលសញ្ជាតិពីកំណើត ហើយកម្ពុជា បានអនុម័តយក «ច្បាប់ឈា​ម» មានន័យថា កូ​ន​ដែល​កើត​ចេញទេពីឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ កូននោះទទួលបានសញ្ជាតិខ្មែរពីកំណើត។ យើង​អត់​អនុ​ម័ត​យក «ច្បាប់ដី» ទេ មិនមែនគ្រប់បុគ្គលទាំងអស់ដែល​កើត​លើទឹកដីព្រះរាជា​ណាចក្រកម្ពុជា មា​ន​ស​ញ្ជា​តិ​ខ្មែរ​ដោ​​​យ​ស្វ័យប្រវត្តិទេ។

ទី២- គឺសញ្ជាតិតាមរយៈការទាមទារ គឺជាសិទ្ធិមួយដែលច្បា​ប់យើងអនុញ្ញាតឱ្យបុរ​ស ឬស្រ្តី​ដែលរៀ​ប​អាពាហ៍ពិពាហ៍ជាមួយបុរស ឬស្រ្តីខ្មែរ មានសិទ្ធិដើម្បីទាមទារសញ្ជាតិខ្មែរបាន ជាសិទ្ធិមួយ។

ទី៣- ជាកា​រសុំ​សញ្ជាតិដែលយើងហៅថាសញ្ជាតូបនីយកម្ម មានន័យថា ជនបរទេសគ្រប់រូប នៅពេ​លបំពេញលក្ខខណ្ឌតាមច្បាប់ អាចស្នើសុំសញ្ជាតិបាន ប៉ុន្តែពុំមែនជា​សិទ្ធិនោះទេ ហើយរដ្ឋមា​នឆន្ទានុសិទ្ធិក្នុ​ង​ការសម្រេចផ្តល់ជូនឬមិនផ្តល់ជូន។

យោងតាមច្បាប់សញ្ជាតិរបស់យើង យើងបានកំណត់ថា បុគ្គលគ្រ​ប់រូបដែ​លមានសញ្ជាតិខ្មែ​រ គឺជា​ប្រ​ជា​​​​ពលរដ្ឋខ្មែរ សញ្ជាតិគឺជាចំណងផ្លូវច្បាប់ ចំណងខាងនយោបាយ ចំណ​ងខាងវប្បធម៌ ចំណងខា​ងសង្គ​ម​ដែ​លចងភ្ជាប់បុគ្គលមួយរូបទៅនឹងរដ្ឋមួយ។

យោងតាមច្បាប់សញ្ជា​តិ អ្នកដែល​ចូលតាមសញ្ជាតូបនីយកម្ម​ទទួលសញ្ជាតិ តាមរយៈ​ការទាមទា​រ​សញ្ជា​តិ ​មានកាតព្វកិច្ចធំមួយ មុនពេលដែលអាចក្លាយទៅជាពលរដ្ឋខ្មែរ គឺការធ្វើសច្ចាប្រណិធាន។ ច្បាប់​រប​ស់​យើ​ងបានកំណត់ឱ្យជនបរទេស ដែល​ទទួលបានសញ្ជាតិតាមព្រះរាជក្រឹត្យ ត្រូ​វធ្វើសម្បថនៅចំពោះ​មុខ​តុ​លា​ការកំពូល ហើយខ្លឹមសារនៃសម្បថ គឺ​ពុំមានអ្វីក្រៅពីការប​ង្ហាញនូវភក្តីភាពស្មោះ​ត្រង់ឥតងាករេ​ចំពោះ​ជា​តិ និងការប្តេជ្ញាចិត្តការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាឡើយ។

ទូលបង្គំ ខ្ញុំបាទ សូមអាននូវខ្លឹមសារសម្បថដែលមានចែងនៅក្នុងច្បាប់សញ្ជាតិ និងអនុក្រឹត្យទាក់ទ​ងនឹ​ងការអនុវត្តច្បាប់សញ្ជាតិដូចតទៅ៖ «ខ្ញុំសូមសច្ចាជាឱឡារិកថា ខ្ញុំមានភក្តីភាព និងសេចក្តីស្នេ​ហាចំពោះ​ជាតិ​មាតុភូមិកម្ពុជារបស់ខ្ញុំ ហើយប្តេជ្ញាធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារ និងគោរពរដ្ឋធម្មនុញ្ញ និង​ច្បា​ប់នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគត។ ខ្ញុំសូមប្តេជ្ញា​ជាឱឡារិកថា នឹ​ង​តាំងខ្លួនជាពលរដ្ឋខ្មែរដ៏ល្អ ហើយ​ហ៊ានលះបង់គ្រប់បែបយ៉ា​ង ដើម្បីចូលរួម​ចំណែកក្នុង​ការការពា​រខឿនឯករា​ជ្យ​ជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រម​ទាំ​ង​ការលើកកម្ពស់កិត្យានុភា​ពនៃព្រះរាជាណាចក្រកម្ពុជា​ទំាងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគត»។

សំណួររបស់យើងក្នុងពេលនេះគឺថា នៅពេលដែលពល​រដ្ឋខ្មែរគ្រប់រូប មិនគោរពកា​តព្វកិច្ចជា​ព​លរដ្ឋ​តា​​មមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ពលរដ្ឋខ្មែរដែលទទួ​លសញ្ជាតិតាមសញ្ជាតូបនី​យកម្ម ឬការទា​មទារ ក្បត់នូវ​ពាក្យសម្បថរបស់ខ្លួន តើអ្វីដែលជាទណ្ឌកម្មរបស់រដ្ឋចំពោះពលរដ្ឋនោះ?

សម្រាប់ម៉ោងនេះ ពេលនេះ ច្បាប់​សញ្ជាតិរបស់យើង បើកច្រ​កសម្រាប់ការចូលសញ្ជា​តិ ប៉ុន្តែគ្មា​នច្រ​ក​​​ស​ម្រា​ប់ដកសញ្ជាតិទេ​ទោះបីជាអ្នកនោះ​បានប្រព្រឹត្តខុសក៏ដោយ។ ការរៀបចំច្បាប់មួ​យនេះ គឺដើ​ម្បី​បំពេ​ញ​ប​ន្ថែមទៅឱ្យ​​អ្វីដែលជាកង្វះខា​តនៅក្នុងពេលបច្ចុប្បន្ន នៅក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា។ ការធ្វើច្បា​ប់មួ​យ​ដែ​ល​​​អនុញ្ញាត​ឱ្យជា​តិ អាចដ​កចេញនូវពលរដ្ឋដែ​លក្បត់ជាតិចេ​ញពីជាតិរបស់ខ្លួន គឺជារឿង​សមស្រប​បំ​ផុត​ដែល​បានអនុវត្តន៍មិនមែនតែនៅកម្ពុជាទេ គឺនៅលើបណ្តាប្រទេសភាគច្រើននៅក្នុងពិភពលោក។

បន្ថែម​ពីនេះ យើង បានធ្វើ​ការសិក្សា​ស្រាវជ្រាវទៅលើអ្វីដែលជាមូលដ្ឋានច្បា​ប់អន្តរជាតិ ហើ​យនិ​ង​ទៅ​​​លើ​អ្វីដែល​ជាច្បា​ប់នៃបណ្តាប្រទេសធំៗនៅ​ក្នុងពិភពលោក។ ទូលបង្គំ ខ្ញុំបាទ សូមអនុញ្ញា​តគោរពរាយ​ការណ៍​ជូនស​ម្តេច​តេជោប្រ​ធាន និងអង្គប្រជុំព្រឹទ្ធស​ភា ដ៏ឧត្តុង្គឧត្តម មេ​ត្តាជ្រាបថា មកដល់ម៉ោ​ងនេះ អត្ថប​ទសន្ធិសញ្ញា​ស្តី​​ពីសិទ្ធិមានពីរធំជាងគេក្នុងលោករបស់ UN៖

ទី១- គឺសេចក្តីប្រកា​សជាសកលស្តីពី​សិទ្ធិ​មនុ​ស្សឆ្នាំ១៩៤៨ និង

ទី២-គឺកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឆ្នាំ១៩៦៦

ការសិក្សាស្រាវជ្រាវលើ​អត្ថ​បទ​អំពី​សិទ្ធិគ្រឹះជាមូលដ្ឋា​នរបស់ពលរដ្ឋនេះ យើ​ងបានបង្ហាញថា គ្មា​នមា​ត្រា​ណាមួយ គ្មានប្រការណាមួយ គ្មានបទប្បញ្ញតិ្តណាមួយ ដែ​លហាមឃាត់រដ្ឋមិន​ឱ្យធ្វើច្បា​ប់ដក​សញ្ជា​តិ​ឡើយ ផ្ទុយទៅវិញការសិក្សាស្រាវជ្រាវយើង​បានរកឃើញថា មានប្រទេសជា​ង១៥០ប្រទេស ក្នុ​ងពិភព​លោក​បា​នបង្កើតឱ្យមានច្បាប់ក្នុងការដកសញ្ជាតិ។ ក្នុងនោះបណ្តាប្រទេសធំៗក្នុងលោក ដូចជា សហរដ្ឋអាម៉េរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្រ្តាលី សុទ្ធតែមានច្បាប់ស្តីពីការដកសញ្ជាតិ។ នៅអឺរ៉ុប ប្រទេស​ចំនួន១៨ មានច្បាប់ដកសញ្ជាតិ នៅអាស៊ានយើង ក្នុងចំណោមប្រទេសទាំង១០ មាន ៩ប្រទេស មានច្បាប់ ដកសញ្ជាតិ មានតែកម្ពុជាមួយគត់ដែលពុំទាន់មានច្បាប់ដកសញ្ជាតិ។

សំណួរសួរថា ហេតុអ្វីបានជាច្បាប់នៅតាមបណ្តាប្រទេសក្នុងលោក រៀបចំឱ្យមានច្បាប់ដកសញ្ជាតិ? យើងបានសិក្សាអំពីមូលហេតុ គឺមានមូលហេតុសំខាន់ធំៗចំនួន៤ ដែលក្នុងនោះច្បាប់នីមួយៗកំ​ណត់ជា​មូល​ហេតុក្នុងការដកសញ្ជាតិ ​រួមមាន៖

ទី១- ការប្រព្រឹត្តអំពើក្បត់ជាតិ ស្ទើរតែក្លាយទៅជាលក្ខខណ្ឌរួមដែលរដ្ឋនីមួយៗដកសញ្ជាតិ ពីពលរដ្ឋ ដែលប្រព្រឹត្តអំពើក្បត់ជាតិ

ទី២- អំពើដែលធ្វើឱ្យប៉ះពាល់ទៅដល់សន្តិសុខរបស់ជាតិ ដូចជា អំពើវិទ្ធង្សនា អំពើភេរវកម្ម ថ្មីៗ​កន្លង​ទៅនេះ ទាំង បារាំង ទាំងអង់គ្លេស បានសម្រេចដកសញ្ជាតិជាច្រើននៅក្នុងឆ្នាំ២០២៤-២០២៥ ដោយ សារតែពលរដ្ឋរបស់ខ្លួន បានចូលរួមនៅក្នុងក្រុមប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាមហៅថា ISIS។ គ្រាន់តែគេដឹង គេចាប់ផ្តើមរៀបចំដកសញ្ជាតិ ហើយកាដកសញ្ជាតិនោះ មិនធ្វើតាមនីតិវិធីរបស់តុលាការផង គេប្រើអំណា​ចនីតិប្រតិបត្តិ ដើម្បីហាមឃាត់ និងការពារសន្តិសុខរបស់រដ្ឋមួយ ការវិលត្រឡប់របស់ពលរដ្ឋដែលស្ថិតនៅ ក្នុង​ក្រុមភេរវកម្ម គឺមិនអនុញ្ញាតឱ្យចូលក្នុងស្រុក។ នេះមិនមែនជារឿងថ្មីទេ ជារឿងដែលយើងអាចស្រាវជ្រាវ បាននៅក្នុងអ៊ីនធឺណេត។

ទី៣- អំពើដែលបង្ហាញអំពីភាពមិនស្មោះត្រង់របស់ពលរដ្ឋ ឬការប្រកាសសច្ចាភក្តីភាពចំពោះរដ្ឋបរ​ទេស ដូចជាពលរដ្ឋដែលគាត់ចូលទៅក្នុងការបម្រើកងទ័ពរបស់រដ្ឋបរទេស ដែលជាទូទៅស្ទើរតែគ្រប់ប្រទេស អាចសម្រេចដកសញ្ជាតិពីពលរដ្ឋនោះបាន ប្រសិនបើពលរដ្ឋនោះ មិនបានលាលែងពីក្របខណ្ឌការងារ​យោ​ធា​នៅទីនោះដើម្បីចូលមកបម្រើប្រទេសជាតិឡើងវិញ។

ទី៤- រាល់អំពើដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិនិងប្រជាជន គឺជាហេតុ ផលដ៏សំខាន់មួយនៅក្នុងការដកសញ្ជាតិ សម្រាប់កម្ពុជា គឺមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ។   យើងបាន​ធ្វើ​ការសិ​ក្សាស្រាវជ្រាវ នៅលើច្បាប់ក្នុងពិភពលោក ជាពិសេសបណ្តាប្រទេសធំៗ។

ទូលបង្គំ ខ្ញុំបាទ ក៏សុំឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងឆ្លើយបំភ្លឺទៅលើអ្វីដែលក្រុមជ្រុលនិយមខ្លះ បានលើកឡើងថា ការធ្វើច្បាប់ដកសញ្ជាតិ គឺជាអំពើប្រល័យពូជសាសន៍។ សំណួរសួរថា បើសិនជាការធ្វើ ច្បាប់ដកសញ្ជាតិ គឺជាអំពើប្រល័យពូជសាសន៍ ចុះបណ្តាប្រទេសជាង១៥០ក្នុងលោក ដែលមានច្បាប់ដក សញ្ជាតិរួមទាំងប្រទេសអាម៉េរិក រួមទាំងបារាំង រួមទាំងអង់គ្លេស អាល្លីម៉ង់ កាណាដា អូស្រ្តាលី ដែលមាន​ច្បាប់​ដកសញ្ជាតិ សុទ្ធតែប្រទេសដែលប្រល័យពូជសាសន៍? ការលើកឡើងនោះ គឺជាការបំភ្លៃជាការបំភ័ន្ត ដើម្បីបំភ័យប្រជាជនតែប៉ុណ្ណោះ។

ចំណុចទី៣- គឺទាក់ទងជាមួយនឹងនីតិវិធី៖ ដើម្បីបង្កើតឱ្យមានក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរពីពល​រដ្ឋខ្មែរដែលគុបគិតជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ឧត្តមប្រយោជន៍ ជាតិ សម្រាប់កម្ពុជាត្រូវធ្វើជាពីរជំហ៊ាន រួមមាន៖

ទី១- ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ ការដកសញ្ជាតិ ព្រោះមាត្រា៣៣បច្ចុប្បន្ន គឺបានចែងបិទផ្លូវពលរដ្ឋខ្មែរ សញ្ជាតិខ្មែរ មិនអាចត្រូវបានដកហូត ឡើយ។ ដូច្នេះ វិសោធនកម្មលើកនេះ គឺជាការបើកផ្លូវមួយដ៏សំខាន់ក្នុងការរៀបចំក្របខណ្ឌច្បាប់មួយ ដែល នឹងក្លាយជាឧបករណ៍គតិយុត្តរបស់រដ្ឋដើម្បីការពាររដ្ឋឱ្យបានរឹងមាំ និងស្ថិតស្ថេរ តាមរយៈការបន្សុទ្ធ​នូវទឹ​កចិ​ត្ត​ស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្រោមដំបូលតែមួយ គឺឧត្តមគតិជាតិខ្មែរដូចគ្នាតែមួយសម្រាប់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ នេះជាដំណាក់កាលទី១។ បន្ទាប់ពីច្បាប់ធម្មនុញ្ញនេះចូលជាធរមាន គឺយើងមាន ភាពចាំបាច់ក្នុងការរៀបចំវិសោធនកម្មនៅក្នុងច្បាប់ស្តីពីសញ្ជាតិ។

ច្បាប់សញ្ជាតិយើងបច្ចុប្បន្ន ក្នុងជំពូកទី៧ ដែលចែងអំពីការបាត់បង់សញ្ជាតិ គឺមានចែងតែមួយគត់ អំពីការលះបង់សញ្ជាតិ ប៉ុន្តែមិនអាចចែងករណីទាំងឡាយដែលទាក់ទងទៅនឹងស្ថានភាព ដែលនាំទៅ​ដល់​ការ​ដកសញ្ជាតិឡើយ។ ដូ​ច្នេះ​ នៅពេលដែលច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ចូលជាធរមាន យើង​មានភាពចាំបាច់ក្នុងការធ្វើវិ​សោ​ធនកម្ម ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ២០១៨។

ទូលបង្គំ ខ្ញុំបាទ សូមគោរពរាយការណ៍ជូនសម្តេចប្រធាន និងអង្គប្រជុំព្រឹទ្ធសភា សម្តេចមហា​បវ​រធិបតី នា​​យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ ដឹកនាំរៀបចំ​កិច្ចការ​ងារ​នេះ​រួចហើយ​ ហើយក្រសួងយុត្តិធម៌ បានចូលរួមយោបល់នៅក្នុងកិច្ចប្រជុំនានាទា​ក់ទងនឹងការធ្វើ​វិសោ​ធន​កម្ម​​ច្បាប់​ស្តីពីសញ្ជាតិ ក៏ដូ​ចជាអនុក្រឹត្យទាក់ទងនឹងការអនុវត្តច្បាប់នេះផងដែរ។

ទូលបង្គំ ខ្ញុំបាទ ក៏សូមអនុញ្ញាតគោរពរាយការណ៍ជូនផងដែរថា យោងតាមរដ្ឋធម្មនុញ្ញរបស់យើង ច្បាប់សញ្ជាតិ ត្រូវបានចាត់ទុកជាច្បាប់អង្គការមួយ ដោយសារតែច្បាប់សញ្ជាតិ ត្រូវបានកំណត់ ក្នុ​ងមាត្រា​៣៣ ថា ការ​ទទួលសញ្ជាតិ ការបាត់បង់សញ្ជាតិដោយរួមទាំងការដកសញ្ជាតិត្រូវកំណត់ដោយច្បាប់។ ដូច្នេះ ច្បាប់សញ្ជា​តិ ដើម្បីទទួលបានការអនុម័តត្រូវឆ្លងកាត់នូវការត្រួតពិនិត្យធម្មនុញ្ញភាពពីក្រុមប្រឹក្សាធម្មនុញ្ញ។

ដោយឡែកយោងតាមរដ្ឋធម្មនុញ្ញ បានចែងថា ទម្រង់នៃការអនុម័ត គឺមានតែពីរទេ គឺអនុម័ត​ចំ​ពោះ​រដ្ឋ​ធម្មនុញ្ញ វិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម ច្បាប់ធម្មនុញ្ញនានាគឺត្រូវប្រើសំឡេង២ភាគ៣ ដោយឡែកស​ម្រា​ប់​ច្បាប់ ទោះបីជាច្បាប់អង្គការ ឬក៏ច្បាប់ធម្មតា គឺត្រូវអនុម័តដោយសំឡេង៥០បូក១។ ប៉ុន្តែយ៉ាង​ណាក៏​ដោ​យ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិរបស់យើងត្រូវចាត់ទុកជាច្បាប់អង្គកា​រមួយ​ដែលជា​ទូ​ទៅ​មាន​តម្លៃខ្ពស់ជាងច្បាប់ធម្មតា ហើយត្រូវទទួលការត្រួតពិនិត្យធម្មនុញ្ញភាពពីក្រុមប្រឹក្សាធម្មនុញ្ញ មុន​ពេល​ដែល​ច្បាប់​នេះត្រូវបានប្រកាសឱ្យប្រើ។

ជាចុងក្រោយ ទូលបង្គំ ខ្ញុំបាទ សូមអនុញ្ញាតគោរពថ្លែងជូនជា លក្ខខណ្ឌចុងក្រោយ គឺទាក់ទងនឹងថា តើ​ការដកសញ្ជាតិត្រូវធ្វើឡើងតាមលក្ខខណ្ឌបែបណា? ហើយត្រូវអនុវត្តនីតិវិធីបែបដូចម្តេច? ទាំងអស់នេះ គឺនឹងត្រូវឆ្លើយនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិនាពេលខាងមុខ ហើយក្រសួ​ងយុត្តិ​ធម៌ និង​​ក្រសួងមហាផ្ទៃ បានសិក្សារួមគ្នាដោយយកការទទួលខុសត្រូវមួយនៅចំពោះមុខអង្គព្រឹទ្ធសភាថា វិ​សោ​​ធ​នកម្ម​ច្បាប់របស់យើង ឬក៏ការរៀបចំក្របខណ្ឌច្បាប់ទាក់ទងការដកសញ្ជាតិនឹងត្រូវបានធានាថា នឹង​ប​ម្រើឱ្យ​ផលប្រយោជន៍របស់ប្រទេសជាតិ ហើយធានាថាច្បាប់នេះនឹងឆ្លើយតបហើយ​ស្របទៅតាម​និយាម​ឬ​ស្តង់ដាអនុវត្តជាអន្តរជាតិ។

នេះជាចំណុចដែលទូលបង្គំ ខ្ញុំបាទ ចង់គោរពរាយការណ៍ជូន ហើយជាការរំពឹងទុក ចេញពីការរៀបចំ ច្បាប់នេះ ដូចអ្វីដែល ឯកឧត្តម អង្គវង្ស វឌ្ឍនា បានលើកឡើង នៅពេលដែលយើង​បានអនុម័ត​ច្បាប់​នេះ​ហើយ ផ​លប្រយោជន៍ធំ រួមមាន៖

ទី១- ច្បាប់នេះ ជាការក្រើនរំលឹកជាប់ជាប្រចាំ ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានទឺ​ក​ចិ​ត្តស្នេហាជា​តិ​ជា​ប់​​ជាប្រចាំ​ចំ​ពោះ​​ជាតិ មាតុភូមិ និងប្រជាជនរបស់ខ្លួន។ ច្បាប់នេះនឹងមិនប៉ះពាល់ឡើយទៅ​ដល់ប្រ​ជា​ព​លរដ្ឋខ្មែ​រភា​គ​ច្រើន​លើសលប់ ដែលជាអ្នកស្រឡាញ់ជាតិ ស្នេហាជាតិ និងស្មោះ​ត្រង់ចំពោះ​ជាតិ​ឥ​ត​ងាករេ។

ទី២- ច្បាប់នេះ នឹងធ្វើឱ្យជាតិខ្មែរ កាន់តែរឹងមាំ កាន់តែគង់វង្សតាម​រយៈ​ការ​បន្សុទ្ធទឹកចិត្តស្នេហាជាតិ រប​ស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យមានការឯកភាពគ្នាជាធ្លុងមួយ ក្រោមដំបូល​នៃ​ឧត្ត​ម​គ​​តិស្នេហាជា​តិខ្មែ​រដូច​គ្នា​តែមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានន័យថា យើងដកចេ​ញតែពលរដ្ឋ​ដែលមិនមានឧត្តមគតិខ្មែរ ដែ​ល​ក្បត់ជាតិឯងតែប៉ុណ្ណោះ។

ទូលបង្គំ ខ្ញុំបាទ សូមគោរព អរព្រះគុណ សូម​អរគុ​ណ!

អត្ថបទទាក់ទង