Grand News Asia Close

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រាន​ចោល​ទាំងស្រុង​នូវការ​អះ​អាង​ផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់​អ្នក​នាំ​ពាក្យ​កងទ័ពជើងគោកថៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 533
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រាន​ចោល​ទាំងស្រុង​នូវការ​អះ​អាង​ផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់​អ្នក​នាំ​ពាក្យ​កងទ័ពជើងគោកថៃ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រាន​ចោល​ទាំងស្រុង​នូវការ​អះ​អាង​ផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់​អ្នក​នាំ​ពាក្យ​កងទ័ពជើងគោកថៃ

 

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រាន​ចោល​ទាំងស្រុង​នូវ​ការ​អះ​អាង​ផ្ទុយ​ពីការពិត និងគ្មានការទទួលខុសត្រូវ របស់​អ្នក​នាំ​ពាក្យ​កង​ទ័ពជើងគោកថៃ ពាក់ព័ន្ធ​នឹង​ករណី​ទាហាន​ថៃនាំ​អ្នក​ជិះ​កង់​ជន​ជាតិថៃ១៥០នាក់ ឡើងប្រាសាទ​តាមាន់ធំ​ដោយមិន​មានការ​ជូន​ដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជា​បញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅ​ក្នុងទឹក​ដី​កម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមាន​ភាព​សមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំង​ជៀស​វាងការ​ផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត​ដែលប៉ះ​ពាល់​ដល់ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។

កង​យោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រាន​ចោល​យ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំង​ស្ថិត​នៅ​ភូមិ​តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរ​មាន​ជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បី​ផ្តល់​​ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កង​យោធ​ពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូម​ធ្វើការ​បញ្ជាក់​ចំនួន បួនចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែល​ថា​ខ្លួនបានជូន​ដំណឹងដល់កងទ័ព​កម្ពុជាអំពីការ​មកទស្សនា​របស់​អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជា​ពុំបានទទួល​ការជូន​ដំណឹង​ពីភាគី​ថៃ មិនថាជាពាក្យសំដី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និង​គ្មាន​ចេត​នាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និង​ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែល​បញ្ជាក់​យ៉ាង​ច្បាស់ពាក់ព័ន្ធនឹងពេលវេលា និង​លក្ខ​ខណ្ឌ​នៃការ​ចេញ​ចូល​ប្រាសាទ។

ទីពីរ៖ ពេលសង្កេត​ឃើញការមក​ទស្សនា​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ព​កម្ពុជា​បាន​ឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមក​ទស្សនា​ដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការ​បំពាន​លើ​កិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមាន​ការបំពាន​ដូចបាន​រៀបរាប់ខាងលើក៏ដោយ កងទ័ព​កម្ពុជា​បានអនុញ្ញាត​ឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើក​ឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនា​បិទបាំង​កំហុសឆ្គង​របស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិន​ហ៊ានទទួល​ខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។

អ្នកនាំពាក្យក្រសួងការពារជាតិ
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញ,ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទាក់ទង