Grand News Asia Close

សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1018
សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ថ្លែងទៅកាន់អង្គពិធី, សម្ដេចធិបតីមានប្រសាសន៍ថា រោងចក្រផ្គុំដំឡើងរថយន្តថ្មីនេះ ជាការវិនិយោគ និងគ្រប់គ្រងប្រតិបត្តិការដោយកូនខ្មែរ ១០០% ដោយមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងទម្រង់ CKD (Completely Knocked Down) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ព្រមទាំងបានបង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន ២៥០ នាក់។ វត្តមាននៃរោងចក្រនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម (ពឹងផ្អែកលើកម្លាំងពលកម្ម) ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន, បច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម មិនមែនអាស្រ័យទៅលើការវាស់វែងតែលើចំនួនរោងចក្រដែលបានបើកដំណើរការនោះទេ ប៉ុន្តែ ស្ថិតនៅលើសមត្ថភាពរស់រាន រីកចម្រើន, ភាពធន់ និងចីរភាពរបស់រោងចក្រទាំងនោះ។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យលើការរក្សានូវតុល្យភាព និងសមាមាត្ររវាងតម្រូវការទីផ្សារក្នុងស្រុក និងចំនួនរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងគោលដៅធានាដល់ការរីកចម្រើននៃរោងចក្រដែលមានស្រាប់ ដែលជាការធានានូវបរិស្ថានវិនិយោគ និងការរក្សាទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះកម្ពុជា។ សម្ដេចធិបតីក៏បានបន្ថែមទៀតថា ការដាក់ចេញគោលនយោបាយ និងការអនុគ្រោះពន្ធនានា គឺសំដៅគាំទ្រដល់ «វិស័យទាំងមូល» មិនមែនផ្តល់ការអនុគ្រោះដោយឡែកសម្រាប់ក្រុមហ៊ុនណាមួយនោះឡើយ និងសំដៅធានាបរិយាកាសធុរកិច្ចដែលមានតម្លាភាព, យុត្តិធម៌ និងការប្រកួតប្រជែងស្មើភាព។

ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងពីទិសដៅជំរុញ «ឧស្សាហកម្មប្រតិគមន៍ (backward linkages)» ដោយរាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដើម្បីជំរុញឱ្យក្រុមហ៊ុនផ្គុំដំឡើងរថយន្តធំៗ ភ្ជាប់កិច្ចសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងស្រុក ក្នុងការផលិតគ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងជំរុញឱ្យកម្ពុជាក្លាយជាចំណែកមួយនៃខ្សែច្រវាក់ផលិតកម្មយានយន្តក្នុងតំបន់អាស៊ាន តាមអភិក្រម «ផ្គុំដំឡើង, ផលិតគ្រឿងបង្គុំ, បង្កើតជំនាញវិស្វកម្ម, អភិវឌ្ឍបច្ចេកវិទ្យា និងនាំចេញ»។ សម្តេចធិបតី បានចាត់ទុកការវិនិយោគលើវិស័យនេះ គឺជាមោទនភាពជាតិ និងជាការផ្ទេរបច្ចេកវិទ្យាជាក់ស្តែងដល់ធនធានមនុស្សកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹង, ជំនាញ និងបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕

អត្ថបទទាក់ទង