ចិន និងរុស្ស៊ីចាប់ផ្ដើមយុទ្ធនាការល្បាតដែនអាកាសរួមគ្នា ដែលបង្កការភ្ញាក់ផ្អើលដល់កូរ៉េខាងត្បូង
ប្រទេសចិន និងរុស្ស៊ី បានធ្វើយុទ្ធនាការល្បាតដែនអាកាសរួមគ្នាកាលពីថ្ងៃអង្គារ នៅពីលើសមុទ្រជប៉ុន និងសមុទ្ធចិនខាងកើត ជាលើកទីប្រាំមួយហើយ គិតចាប់ពីឆ្នាំ ២០១៩ ។ ការល្បាតរួមគ្នានេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រទេសកូរ៉េខាងត្បូង ហើយនាំឲ្យកូរ៉េខាងត្បូង និងជប៉ុនបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន។
ក្រសួងការពារជាតិរបស់ចិនបាននិយាយថា ការល្បាតនោះ គឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរបស់យោធាប្រទេសទាំងពីរ ។ យោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន ក្រោយពេលដែលយន្តហោះយោធាបួនគ្រឿងរបស់រុស្ស៊ី និងបួនគ្រឿងរបស់ចិន ឆ្លងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួននៅភាគខាងត្បូង និងភាគខាងកើតនៃឧបទ្វីបកូរ៉េ ។
តំបន់ការពារដែនអាកាស គឺជាតំបន់ដែលបណ្ដាប្រទេសនានាទាមទារឲ្យយន្តហោះរបស់បរទេស បញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ។
យោធារបស់ជប៉ុននិយាយថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំងផងដែរ ក្រោយពេលពិនិត្យមើលឃើញថា យន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងរបស់រុស្ស៊ី បានរួមគ្នាជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងរបស់ចិន ហោះពីលើសមុទ្រជប៉ុន ហើយបានហោះជាមួយគ្នារហូតដល់សមុទ្រជិនខាងកើត ហើយនៅទីនោះ ក៏មានយន្តហោះចម្បាំងរបស់ចិនពីរគ្រឿងទៀតចូលរួមហោះហើរដែរ។