ហេតុអ្វីបានជាយើងត្រូវរួមគ្នាគាំទ្រកងទ័ពដែលប្រយុទ្ធការពារទឹកដី?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកវិភាគមួយរូបដែលមាត់ស្ពែះ ក្បាលទំពែក បាននិយាយវិភាគបែបបំបាក់ទឹកចិត្តកងទ័ពកម្ពុជាក្នុងពេលដែលកំពុងតែមានបញ្ហាប្រឈមមុខដាក់គ្នា ដែលការនិយាយបែបនេះមិនបានផ្តល់ផលចំណេញអ្វីបន្តិចសោះឡើយដល់ប្រទេសជាតិយើង។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី ឆ្នាំ២០០៨-២០១១ ពេលមានជម្លោះប្រាសាទព្រះវិហារ លោក សម រង្ស៊ី ស្របពេលដែលប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមថវិកាជួយកងទ័ពដើម្បីការពារជាតិ បែរជារូបគាត់ ចោទថា យើងបង្កើតព្រឹត្តិការណ៍ជាមួយប្រទេសថៃដើម្បីទាញចំណាប់អារម្មណ៍ទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកនយោបាយប្រឆាំង រួបរួមគ្នាចូលរួមគាំទ្រកងទ័ពរបស់យើងដើម្បីប្រយុទ្ធការពារទឹកដី កុំប្រើសារញុះញង់បំបែកបំបាក់ផ្ទៃក្នុងរបស់កងទ័ព ដែលប្រការទាំងអស់នេះមិនបានជួយដល់កម្ពុជាទេ បែរជាបម្រើនយោបាយរបស់ប្រទេសដទៃទៅវិញទេ៕