Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, សម្ពោធ​សមិទ្ធ​ផល​កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធី​ប្រគល់​សញ្ញា​បត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 367


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល,
លោកស្រី 
Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ;
ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកអប់រំ និង
ប្អូនៗ និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ ជាទីរាប់អាន !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធ  សមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ» និង «ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និង គរុនិស្សិតជ័យលាភី» សរុបចំនួន ២៧៥ នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនូវថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បរិញ្ញាបត្រ+២ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំ និង ការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដើម្បីបង្កើនការចូលរៀន កាត់បន្ថយការបោះបង់ការសិក្សា និង លើកកម្ពស់គុណភាព និងសមត្ថភាពអប់រំនៅគ្រប់កម្រិត ជាពិសេស ការកែទម្រង់ គុណភាព និង សមត្ថភាព របស់សាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។

ខ្ញុំក៏សូមកោតសរសើរចំពោះការប្រឹងប្រែង និង ការទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្រ្តបណ្តុះបណ្តាល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័នរបស់វិទ្យាស្ថានជាតិអប់រំ សំដៅលើកកម្ពស់គុណតម្លៃរបស់និស្សិត គរុនិស្សិត និង គរុសិស្ស ស្របតាមស្តង់ដាជាតិ តំបន់ និង សកល ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានសម្រេចប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ក្នុងឆ្នាំ ២០២២ និង បានប្រគល់ពានសាលាគរុកោសល្យគំរូ ដល់វិទ្យាស្ថានជាតិអប់រំ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២៥ ។ ទន្ទឹមនេះ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ក៏បានអនុញ្ញាតឱ្យដំឡើងកម្រិត បណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអប់រំ ពីកម្រិតបរិញ្ញាបត្រ+១ ទៅកម្រិតបរិញ្ញាបត្រ+២, និង បានផ្តល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដល់វិទ្យាស្ថានជាតិអប់រំ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

(១) ប្រែក្លាយសាលាគរុកោសល្យទាំង២៥ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹត្យការគ្រូគ្រប់កម្រិត ធានាគុណភាព ឧត្ដមភាព ឆ្លើយតបទៅការអប់រំក្នុងបរិបទថ្មី

អម្បាញ់មិញនេះ ក្នុងរបាយការណ៍របស់ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកអំពី ការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការកែប្រែក្លាយគរុកោសល្យទាំង ២៥ ទៅជាមជ្ឈមណ្ឌលឧត្ដមភាពក្នុងការបណ្ដុះបណ្ដាល និងវិក្រឹត្យការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបានគុណភាព ឧត្ដមភាព ឆ្លើយតបទៅការអប់រំក្នុងបរិបទថ្មី។ ចំណុចនេះ ខ្ញុំសូមគាំទ្រ ១០០% ព្រោះការអប់រំសំខាន់បំផុត គឺគ្រូ។ (ក្នុងវិស័យ)អប់រំ (តួអង្គសំខាន់)មានគ្រូ និងសិស្ស​​​។ ពិតណាស់ ការគាំទ្រពីសហគមន៍ ពីឪពុកម្ដាយ ក៏ជាការចាំ​បាច់ តែគុណភាពគឺអាស្រ័យទៅលើគ្រូ និងសិស្ស។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីសិក្សា ឧបករណ៍ និងសម្ភារៈទាំងអស់ អាចប្រើប្រាស់បានដោយប្រសិទ្ធភាព ទាល់តែគ្រូមានសមត្ថភាព។ យើងអាចបំពាក់កុំព្យូទ័រ​ទៅ​សាលាមួយ ១០០គ្រឿង ទំនើបម៉េចក៏ដោយ តែបើគ្រូមិនចេះប្រើ មិនដឹងបង្រៀន/ប្រើយ៉ាងម៉េច ក៏ទៅមិនរួចដែរ។ ត្រឹមតែចេះបើកបិទ ចេះប្រើ program បន្តិចបន្តួច បានន័យថា សមត្ថភាពសិស្សក៏ចាប់បានតែប៉ុណ្ណឹងដែរ។ រៀននៅក្រោមដើមឈើ បើសិនជាមានគ្រូល្អ ប្រហែលជាសិស្សអាចមានសមត្ថភាពខ្ពស់ជាងរៀននៅអគារថ្ម ដែលគ្រូ(ចេះ)មិនប្រាកដ។​ នេះជាកត្តាជាក់ស្ដែង។

(២) កំណើនប្រជាពលរដ្ឋលឿនជាងការផ្គត់ផ្គង់សាលា និងគ្រូបង្រៀន

ដើម្បីអប់រំគ្រូ យើងបង្រៀនគ្រូជាកិច្ចការសំខាន់។ ការធានាគុណភាពសំខាន់ណាស់។ នៅក្នុងរយៈពេលនេះ យើងឃើញថាកំណើនប្រជាពលរដ្ឋកើន។ ខ្ញុំបានទៅគ្រប់ទីកន្លែង ប្រជាពលរដ្ឋរីកច្រើនមែនទែន ហើយរីកលឿនទៀត។ អញ្ចឹងត្រូវការសាលាលឿនជាងការផ្គត់ផ្គង់។ បានន័យថា កន្លែងខ្លះយើងអត់សាលា។ យើងតម្លើងពីបឋមសិក្សា ទៅជាអនុវិទ្យាល័យ ទៅជាវិទ្យាល័យ ហើយនៅតែខ្វះទៀត។ ខ្វះមានពីរ។ ខ្វះទីមួយគឺអគារ ឯខ្វះធំគឺគ្រូបង្រៀន។ នេះជាបញ្ហាចោទដែលក្រសួងអប់រំបានខិតខំច្នៃប្រឌិតតាមរយៈគ្រូកិច្ចសន្យា និងរូបភាពផ្សេងៗ ដើម្បីអាចដោះស្រាយប្រឈមផ្ទាល់។ កន្លែងខ្លះ សហគមន៍អាចមានគ្រូស្ម័គ្រចិត្ត។ ខ្ញុំទៅកន្លែងដាច់ស្រយាល ទឹកចិត្តរបស់គ្រូ និងអ្នកស្ម័គ្រចិត្តនៅទីនោះចង់ចូលចង់ជួយ។ គាត់បានម្ចាស់ការ។ កន្លែងខ្លះរៀបចំភូមិបង្កើតថ្មី យើងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធទៅដល់ ក៏មាន(សកម្មភាព)អប់រំដែរ។

(៣) ពង្រីកចំនួនគ្រូទាំងបរិមាណនិងគុណភាព ដើម្បីចីរភាព

សំខាន់គឺការដោះស្រាយចំពោះមុខរយៈពេលខ្លី មិនអាចធានាចីរភាពបានទេ។ យើងត្រូវគិតគូរអំពីចីរភាព។ ចីរភាពត្រូវគិតគូរ​អំពីបរិមាណនិងគុណភាព។ តែសម្រាប់គ្រូ ការដោះស្រាយបរិមាណយ៉ាងណា ក៏មិនអាចធ្វើដោយលះបង់គុណភាពបានទេ។ នេះជាការចាំបាច់។ យើងសុខចិត្តប្រឈមនឹងការពង្រីកគ្រូមានល្បឿនយឺត ជាជាងបានបរិមាណបំពេញគ្រប់សាលា ដោយចាប់ដាក់ហើយបង្រៀនមិនកើតទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ សិស្សទទួលនូវគុណភាពនិងការអប់រំត្រឹមត្រូវ។ ចំណុចនេះសំខាន់​។ ​ក្នុងមួយការិយាល័យ ឧទាហរណ៍ថាការិយាល័យរដ្ឋបាល មានមនុស្ស ១០នាក់ មាន ៨នាក់ចេះ ២នាក់ទៀតអត់ច្បាស់។ យើងជួយគ្នាបាន។ ប៉ុន្តែ មួយសាលាមានគ្រូ ១០នាក់ បើគ្រូប្រាកដ ៨នាក់ គ្រូ២នាក់ទៀតមិនប្រាកដ វាជាបញ្ហា ព្រោះគ្រូ ២នាក់នេះក៏ទៅបង្រៀនសិស្សរាប់រយនាក់។ សិស្សចេញពីថ្នាក់ដែលគ្រូមិនច្បាស់ ជាបញ្ហាចោទ។ តើគេទៅធ្វើអី បើគ្រូខ្លួនឯងមិនច្បាស់។ អញ្ចឹង យើងត្រូវសហការរួមគ្នារកវិធីដោះស្រាយ។

(៤) រើសបែបណា បំពេញគុណវុឌ្ឍិកម្រិតណា ត្រូវធានានូវនិយាម តាមគោលការណ៍ “រើសឱ្យត្រូវ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”

ការបំពេញក្របខ័ណ្ឌកន្លងទៅ យើងបានអនុញ្ញាតឲ្យរើសគ្រូកិច្ចសន្យាតាមនិយាម។ សូមអនុវត្តការងារនេះឲ្យបានល្អ។ កន្លែងខ្លះ នៅជនបទដាច់ស្រយាលខ្លាំង។ យើងទទួលស្គាល់។ កន្លែងខ្លះថ្នាក់បឋម ថ្នាក់មតេយ្យ យើងអនុញ្ញាតខ្លះ ប៉ុន្តែកម្រិតនោះក៏មិនទាន់សំខាន់ប៉ុន្មានទេ។ គ្រូមតេយ្យអីអាចចេះខុសពីគ្រូមធ្យម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការគិតគូរបញ្ចូលទៅក្នុងក្របខ័ណ្ឌ ឬមួយយ៉ាងម៉េច ក៏ត្រូវមាននិយាម និងការគិតគូរបំពាក់បំប៉នកម្រិតណា … គ្រូត្រូវរៀន៤ឆ្នាំ។ កន្លែងខ្លះមានលទ្ធភាព មានសក្ដានុពល មានបាក់ឌូប្លិ៍រហូតដល់បរិញ្ញាបត្រទៅទៀត ស្ម័គ្រចិត្តធ្វើគ្រូ ៤ទៅ ១០ឆ្នាំរួចហើយ។ អញ្ចឹងអាចចូលមកបំពាក់បំប៉នវគ្គខ្លីកម្រិតណាមួយ។ ឧទាហរណ៍ ពាក់កណ្ដាល(នៃ៤ឆ្នាំ) ដូចជា ១ឆ្នាំកន្លះ ឬ ២ឆ្នាំ ជាជាង៤ឆ្នាំពេញ។ គាត់ធ្លាប់បានបង្រៀន ហើយមូលដ្ឋាននៅឆ្ងាយ យើងមានការលំបាកប្រឈម ក្នុងការបញ្ជូនគ្រូពីឆ្ងាយ។ នៅជាយក្រុង មិនសូវប្រឈមទេ តែបើសិនជាដល់ឃុំ ទៅដល់លើភ្នំអី យើងត្រូវគិត … មិនខុសពីនៅកងទ័ពទេ។ ទ័ពរើសពីភ្នំពេញទៅបំពេញឲ្យនៅព្រះវិហារ ពួកគាត់មិនងាយនៅទេ។ តែបើរើសនៅខេត្តព្រះវិហារ នៅតំបន់នោះ គាត់នៅច្រើន ដោយសារកត្តាគួបផ្សំ កត្តាដោះស្រាយជីវភាព កត្តារៀបចំកន្លែងស្នាក់នៅអី។ អញ្ចឹងការរើសក៏យើងឱ្យអាទិភាពទៅតំបន់។ ទោះជាយ៉ាងណា រើសបែបណា ចូលកម្រិតណា ត្រូវធានានូវនិយាម ត្រូវធានានូវការបំពាក់បំប៉នបំពេញគុណវុឌ្ឍិជូន។ រើសឱ្យត្រូវ បំពេញឱ្យត្រូវ ហើយរក្សាឱ្យនៅ នេះជាគោលការណ៍

(៥) រៀបចំនិយាមបើកច្រកជ្រើសរើសអ្នកមានគុណវុឌ្ឍិ ចូលជា “គ្រូកិច្ចសន្យាបច្ចេកទេស”

ល្ងាចមិញនេះ ខ្ញុំបានចុះហត្ថលេខាលើអនុក្រឹតមួយ។ ការងារនេះ យើងបានធ្វើតាំងពីដើមអាណត្តិមក ដែលគិតគូរពីការកង្វះនៅក្នុងវិស័យអាទិភាព២ គឺ អប់រំនិងសុខាភិបាលនៅមូលដ្ឋាន។ អញ្ចឹង យើងរៀបចំនិយាមថ្មីបើកច្រកបន្ថែមទៀត សម្រាប់ជ្រើសរើសអ្នកដែលមានគុណវុឌ្ឍិ ចូលជាក្របខណ្ឌកុងត្រា ដូចកិច្ចសន្យា ប៉ុន្តែជាកិច្ចសន្យាបច្ចេកទេស ដែលយើងគិតគូរពីក្របខណ្ឌបៀវត្សរ៍ គិតគូរពីក្របខណ្ឌអត្ថប្រយោជន៍ ស្រដៀងនឹងមន្ត្រីក្របខណ្ឌ ប៉ុន្តែមិនមែនជាក្របខណ្ឌទេ ហើយក៏មិនជាប់ក្នុងលក្ខន្តិកៈ អាចលើសពីអាយុ ៣០ ឬ ៤០ឆ្នាំអី បើគាត់មានគុណវុឌ្ឍិ។ យើងសាកល្បងក្នុងវិស័យ ២នេះ ឱ្យអនុវត្តដំបូងផ្តោតទៅលើវិស័យអប់​រំ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២។ សុខាភិបាលសម្រាប់ប៉ុស្តិ៍សុខភាព រហូតដល់ពេទ្យបង្អែកស្រុក។ ជួនកាលនៅស្រុក ឬមួយខេត្ត ខ្វះគ្រូ តែមានអ្នកដែលមានសក្តានុពល។ បើយើងយករូបមន្តដូចសព្វថ្ងៃនេះគឺពិបាកទាញគាត់ចូល។ ទី១ បើឱ្យក្របខណ្ឌ គាត់លើសអាយុហើយ។ មួយទៀត បើឱ្យត្រឹមកិច្ចសន្យាធម្មតាប្រាក់ខែទាបពេកគឺគាត់មិនទៅទេ។

ឧទាហរណ៍ នៅស្រុកមួយ មានម្នាក់ដែលមានមូលដ្ឋានអប់រំអាចធ្វើគ្រូជីវៈវិជ្ជាបាន។ គាត់មានសក្តានុពល។ បំប៉នតិចតួចអាចធ្វើបាន។ តែបើមិនប៉ះប៉ូវគ្រប់យើងពិបាក។ នេះគឺជាការ​សាកល្បងនៅក្នុងកម្មវិធី២នេះ។ អនុវត្តទៅ ក្រោយមកយើងនឹងកែសម្រួលដើម្បីបំពេញ ​មុននឹងអនុវត្តនៅវិស័យផ្សេងៗទៀត។ ប៉ុន្តែ កិច្ចការទាំងអស់នេះគឺដើម្បីដោះស្រាយអី? យើងធានាបរិមាណនិងគុណភាព ដែលមិនអាចថាត្រូវដោះស្រាយ តែគុណភាពតឹងពេក ដែលយើងខ្វះបរិមាណក៏ពិបាក។ មួយថ្នាក់សិស្សរៀន ៥០ ឬ ៦០ ឬ១០០នាក់ គឺពិបាក។ តែបើយើងខំប្រឹងរើសមនុស្សចូលដែលអត់មានសក្តានុពលគ្រប់ គុណវុឌ្ឍិគ្រប់ ទៅបង្រៀនក៏បញ្ហា។ មួយថ្នាក់ ៣០នាក់មែន ប៉ុន្តែមានប៉ុន្មានថ្នាក់អត់ច្បាស់លាស់។ អញ្ចឹងយើងបើកច្រកថាតើមានធនធានណាទៀត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គុណវុឌ្ឍិគ្រប់គ្រាន់ធ្វើគ្រូនៅកន្លែងហ្នឹង។ ប៉ុន្តែលក្ខខណ្ឌយើង ច្បាប់យើងបច្ចុប្បន្ន មិនអាចទាញគាត់ចូល នេះជាគោលការណ៍ដែលឱ្យសាកអនុវត្ត។

(៦) ជម្រើសមន្ត្រីកិច្ចសន្យាបច្ចេកទេស នឹងមិនធ្វើឱ្យក្របខណ្ឌមន្ត្រីរាជការប៉ោងធំទៅថ្ងៃមុខ

ខ្ញុំនិយាយបែបនេះតាំងពីដើមអាណត្តិ ប៉ុន្តែអ្វីដែលយើងធ្វើគឺជាការវិវត្តន៍។ យើងនិយាយ ប៉ុន្តែមិនមែននិ​យាយចោលទេ។ យើងបានធ្វើការគិតគូរមុខងារសាធារណៈ ប្រជុំជាមួយអន្តរក្រសួងច្រើនដង គ្រប់វិស័យ ជាពិសេសអប់រំ និងសុខាភិបាល ដើម្បីពិចារណាយកច្រកបែបនេះ។ ទៅថ្ងៃក្រោយ យើងសង្ឃឹមថាក្របខណ្ឌនៃមន្ត្រីរាជការរបស់យើងក៏មិនប៉ោងធំ។ បានន័យថា មន្ត្រីស្នូលមានក្របខណ្ឌ អញ្ចឹងមានជម្រើសមន្ត្រីកិច្ចសន្យាបច្ចេកទេស និងមន្ត្រីក្របខណ្ឌ។ អញ្ចឹង បើសិនកន្លែងហ្នឹងមានមុខការសម្រាប់តែ ១០នាក់ទេ តែម្តងម្តាលត្រូវការឡើងទៅដល់ ១៥នាក់ ជាជាងទៅយកក្របខណ្ឌ ១៥នាក់ ហើយទុករហូតដល់ ៣០ឆ្នាំ ៤០ឆ្នាំ យើងយកតែមួយពេលហ្នឹង។ ការងារបែបនេះជួយដល់មន្ត្រីរាជការរបស់យើង។ ពីមុនមក គាត់មិនចង់ធ្វើគ្រូទេ។ តែឥឡូវគាត់មានគុណវុឌ្ឍិ គាត់ចង់ជួយ។ អញ្ចឹងមានរូបមន្តនេះ។ ដោះស្រាយជូនគាត់យ៉ាង។​ហោចណាស់ក៏មានអត្ថប្រយោជន៍ផ្សេងៗ ស្មើនឹងអ្នកដែលមានក្របខណ្ឌ តែអត់មិនចងរយៈពេលវែងទេ។ ការដោះស្រាយបែបនេះ ជាការអនុវត្តសាកល្បងក្នុងវិស័យអប់រំដែលប្រឈមខ្លាំងជាងគេ។

(៧) ការបណ្តុះបណ្តាលគ្រូប្រចាំឆ្នាំ ដើម្បីជួសលោក/អ្នកគ្រូដែលចូលនិវត្តន៍សឹងតែមិនចង់ទាន់ផង កុំថាដល់ទៅឆ្លើយតបនឹងតម្រូវការថ្មី

ថ្ងៃមុនទៅស្រុកវាលវែង អភិបាលខេត្តពោធិសាត់លើកឡើងថា ឥឡូវគ្រូកិច្ចសន្យា ១៦៨នាក់ នៅទីនោះ និងស្នើសុំក្របខណ្ឌ។ ខ្ញុំថា ការគិតគូរសម្រាប់គ្រូមិនអាចចេះតែបញ្ចូលបានទេ។ ខ្ញុំសូមទោសគាត់។ ប៉ុន្តែ ខ្ញុំឱ្យក្រ​សួងអប់រំ ពិនិត្យមើល ដាក់និយាមបែបណាដើម្បីជួយសម្រួល តែមិនអាចលះបង់នូវគុណវុឌ្ឍិនិងគុណ​ភាពទេ។ ជួនកាល ការរើសចូលជាកិច្ចសន្យាអត់ច្បាស់ … អញ្ចឹងយើងអត់មានទឡ្ហីករណ៍ច្បាស់លាស់យើងពិបាក។ អញ្ចឹង ស្តង់ដារត្រូវមាន ភាពបត់បែនបែបណាមួយ ដើម្បីផ្តល់ការលើកទឹកចិត្ត និងលក្ខខណ្ឌសម្រាប់យើងដោះស្រាយបញ្ហាកង្វះគ្រូនេះឱ្យសមស្រប ព្រោះយើងមិនអាចយកក្បួនតែមួយ។ បើសិនជាយើងដើរក្បួនតែមួយ អត់ស្របទៅតាមស្ថានភាពនៃតម្រូវការ យើងនឹងប្រឈម។ មុននឹងចេញក្បួនគឺចេញវិធាននៅក្នុងការដោះស្រាយ។ វិធានដោះស្រាយវាផ្អែកទៅលើអី? មិនមែនយើងយកមកពីស្រុកផ្សេងទេ។

យើងមើលបញ្ហាប្រឈមស្ថានភាពជាក់ស្ដែង វិភាគសភាពការណ៍ច្បាស់លាស់ហើយ បានដាក់ចេញនូវវិធានការ។ បើពីមុន ប្រជាពលរដ្ឋយើងធ្លាប់តែនៅប្រមូលផ្ដុំ យើងមិនមានបញ្ហាទេ។ ឥឡូវគាត់ពង្រាយនៅគ្រប់កន្លែង ជាពិសេសក្រោយនយោបាយឈ្នះ-ឈ្នះ យើងបានបង្កើតភូមិច្រើន។ ឧទាហរណ៍ នៅស្រុកវាលវែង ឆ្នាំ១៩៩៩ មានតែ ៥០០គ្រួសារទេ។ ឥឡូវជាង ១ម៉ឺនគ្រួសារ បានន័យថា​កំណើនសិស្សកើនលឿនមែនទែន។ បើពឹងសាលាគរុកោសល្យវិក្រឹតការរបស់យើងប្រចាំឆ្នាំ ប្រហែលជាយើង​​បំពាក់បំប៉នជួសអោយតែលោកគ្រូអ្នកគ្រូ ដែលចូលនិវត្តន៍សឹងតែមិនចង់ទាន់ផង កុំនិយាយដល់រៀបចំឆ្លើយតបទៅនឹងតម្រូវការថ្មី។ ទាល់​តែយើងប្រើរូបភាពបត់បែន។ ប៉ុន្តែធ្វើយ៉ាងណាក៏ដោយ បំពេញបរិមាណកុំចោលគុណភាព។ ត្រូវមាននិយាម/ស្ដង់ដារច្បាស់លាស់ សម្រាប់ក្រសួងអប់រំនិងក្រសួងសុខាភិបាល …។

(៨) ការផ្តល់កិច្ចសន្យាបច្ចេកទេស ជួយអោយមានការប្រ​កួតប្រជែងជាមួយវិស័យឯកជន ទាំងក្នុងនិងក្រៅវិស័យអប់រំ

យើងអាចផ្ដល់និយាមនិងការបត់បែនជ្រើសរើសដើម្បីបំពេញ(តម្រូវការ)។ កម្រិតខ្លះអោយស្របទៅតាមស្ថានភាព ព្រោះឥឡូវនៅជាយក្រុង ខ្ញុំឃើញយកនិស្សិតបរិញ្ញាបត្រមួយចំនួន(ចូល)។ គ្រូចូលមក (ត្រូវបណ្តុះបណ្តាលតាមរូបមន្ត) ១២+៤។ ខ្លះមានបរិញ្ញាបត្រ បរិញ្ញាបត្រគីមីសាស្ត្រ ឬ(មុខវិជ្ជាអ្វី)មួយ។ គាត់អាចភ្ជាប់ជាមួយ(មុខវិជ្ជា)ហ្នឹង។ យើងអាចផ្តល់ជាក្របខណ្ឌបច្ចេកទេស កុងត្រាជាបច្ចេកទេស ជាជាងចូលជាក្របខណ្ឌពេញ។ កុងត្រាបច្ចេកទេស មានបៀវត្សរ៍ និងអត្ថប្រយោជន៍ខុសពីកុងត្រារដ្ឋបាលធម្មតាតិចតួច។ សេ​វាដូចអ្នកសំអាត​​​​អ្នកអីផ្សេងៗ មានលក្ខខណ្ឌខុសគ្នា។ ការរៀបចំកុងត្រាបច្ចេកទេសធ្វើអញ្ចឹង ដើម្បីប្រ​កួត(ប្រជែង) ជាពិសេសប្រកួតជាមួយវិស័យឯកជន។ មិនមែនតែសាលាឯកជនទេ និស្សិតឬមួយអ្នកដែលមានសញ្ញាបត្របែបនេះ ក៏ប្រកួតជាមួយវិស័យឯកជនក្នុងវិស័យក្រៅពីអប់រំដែរ។ ដើម្បីអោយគុណភាពអប់រំខ្លាំងទាល់តែយើងមានលទ្ធភាពទាញគ្រូ។

(៩) ការផ្តល់ប្រាក់ឧបត្ថម្ភជាគោលដល់គរុសិស្ស/និស្សិត ដើម្បីរួមគ្នាកសាងធនធានគ្រូ ដើម្បីរួមកសាងធនធានមនុស្ស

ពីដើមអាណត្តិ ខ្ញុំបានសួរឯកឧត្តម ហង់ជួន ណារ៉ុន ពីការទាក់ទាញគ្រូ។ ឯកឧត្តម ហង់ជួន ណារ៉ុន ថាគ្រូគាត់ចង់មកបង្រៀន ប៉ុន្តែដោយសារកត្តាបៀវត្សនិងកត្តាឧបត្ថម្ភមួយចំនួន យើងលំបាកបន្តិច។ អ្នកដែលពូកែនិទ្ទេសA ឬនិទ្ទេសផ្សេងៗ​ គាត់ទៅប្រឡងការងារផ្សេងៗអស់ទៅ​​។ លោក/អ្នកគ្រូ ខាំស្មៅលំបាក សុទ្ធតែអ្នកតតាំង។ មិនមែនថាអត់គុណភាពល្អទេ ប៉ុន្តែបរិមាណដែលយើងចង់បានអ្នក(ពូកែ)ច្រើននោះ មិនទាន់ដូចគោលដៅ។ ពេលប្រឡងជាប់ជាគ្រូបង្រៀន ខុសពីមន្ត្រីផ្សេង។ មន្ត្រីផ្សេងប្រឡងជាប់ ចូលទៅកម្មសិក្សា​មួយឆ្នាំ មុននឹងតាំងស៊ប់។ ក្នុងកម្មសិក្សានេះ បៀវត្សអីផ្សេងៗខ្ពស់ ប៉ុន្មានភាគរយនៃបៀវត្សគោល។ ដោយឡែក គ្រូប្រឡងជាប់ចូលមករៀន មានអាហារូបករណ៍ ដូចជានិស្សិតដែរ។ សម្ដេចតេជោបានដំឡើងជាប្រចាំដែរ ប៉ុន្តែពាក្យថាអាហារូបករណ៍នោះមិនដូចបៀវត្ស។ អាហារូបករណ៍បានន័យថាចូលមករដ្ឋជួយប៉ុន្មាន ក្រៅពីហ្នឹងរៀនយកសញ្ញាបត្រ។ មន្ត្រីផ្សេងទៀត ជាប់ប៉ុណ្ណាអត់មានធ្វើការ ៤ឆ្នាំ បានសញ្ញាបត្រទេ មានតែគ្រូទេ មករៀននៅទីនេះបានបរិញ្ញាបត្របូក២។ អញ្ចឹងចាត់ទុកដូចនិស្សិតផ្សេងៗ។

បានពិភាក្សាជា​មួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ យើងចាប់ផ្ដើមគិតគូរពីការដំឡើង។ ដូចអម្បាញ់មិញក្នុងរបាយការណ៍ឯកឧត្តម ហង់ជួន ណារ៉ុន យកប្រាក់ឧបត្ថម្ភជាគោល។ សង្ឃឹមថាយើងអាចទាក់ទាញបានច្រើន។ ជាពិសេស (ការផ្តល់ប្រាក់ឧបត្ថម្ភជាគោលនេះ)ជួយសម្រាល(ការលំបាក)ដល់សិក្ខាកាមខាងគរុកោសល្យ។ បងប្អូនលះបង់និងព្យាយាម ព្រោះស្រលាញ់អាជីពនេះ។ អញ្ចឹងយើងខិតខំជួយទៅវិញ ដើម្បីរួមគ្នាកសាងធនធានគ្រូ ទាក់ទាញធនធានដែលមានគុណវុឌ្ឍិល្អ ចូលមករៀន ជួយគាត់នៅក្នុងការដោះស្រាយបញ្ហាជីវភាពបានខ្លះ​ ដើម្បីប្រមូលផ្ដុំកម្លាំងរៀនសូត្រ ធ្វើជាគ្រូដើម្បីកសាងធនធានមនុស្ស។ នេះគឺជាមូលជាមូលហេតុនៃការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ក្នុងរាជរដ្ឋាភិបាលអាណត្តិមុនៗ យកចិត្តទុកដាក់លើវិស័យអប់រំ។ ថ្ងៃនេះយើងសម្ពោធនៅទីនេះក៏ជានិមិត្តរូបមួយ ក៏ជាសមិទ្ធផលមួយ​នៅក្នុងការពង្រឹងវិស័យអប់រំផងដែរ។ ថ្ងៃនេះមានអ្នកដែលទទួលសញ្ញាបត្រច្រើន ជិត ៣០០នាក់ មួយភាគប្រហែលជាត្រូវក្លាយទៅជាអ្នកដែលបន្តកសាងធន​ធានមនុស្សបន្តទៅទៀត។ សូមអបអរសាទរសារជាថ្មីចំពោះនិស្សិតជ័យលាភី ក៏ដូចជាគរុសិស្ស។

[ចប់សេចក្ដីអធិប្បាយ១]

ជារួម បន្ទាប់ពីបានធ្វើការកែលម្អជាបន្តបន្ទាប់ វិទ្យាស្ថានជាតិអប់រំ មានហេដ្ឋារចនាសម្ព័ន្ធ កាន់តែសម្បូរបែប និង ទំនើប ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការសិក្សា និងការបណ្តុះបណ្តាលក្នុងសតវត្សរ៍ទី ២១ ។ ការធ្វើទំនើបកម្ម និង បរិវត្តកម្ម-ឌីជីថលនេះ គឺជាសមិទ្ធផលដ៏លេចធ្លោបំផុតរបស់វិទ្យាស្ថានជាតិអប់រំ ក្នុងរយៈពេល ១១៤ ឆ្នាំនៃប្រវត្តិសាស្រ្តវិទ្យាស្ថាន ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក ព្រមទាំង ប្អូនៗ និស្សិតគរុនិស្សិត និង  គរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បន្តថែរក្សាកេរដំណែលនេះឱ្យបានឋិតថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ជំនាន់ ។

ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានចូលរួម និង គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និយាយជារួម, និង ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា និយាយដោយឡែក ជាពិសេស ការកែលម្អវិទ្យាស្ថានជាតិអប់រំ ដោយបាន    វិនិយោគលើសំណង់បណ្ណាល័យ «សម្តេចព្រះសង្ឃរាជ ជួន ណាត» ថ្មី, ការជួសជុលកែលម្អអគារបេតិកភណ្ឌចំនួន ៨ ការបំពាក់សម្ភារការិយាល័យ សម្ភារពិសោធន៍, សម្ភារ   បច្ចេកវិទ្យាឌីជីថល និង សៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យ ព្រមទាំងការគាំទ្រផ្នែកទន់ជាច្រើនផ្សេងទៀត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១០) ការអានសៀវភៅច្រើន នឹងឲ្យតំលៃលើការសរសេរ ការគិតគូរ និងជជែកគ្នារស់រវើក

ចំណុចនេះ ខ្ញុំសូមគាំទ្រ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្នុងការជំរុញរៀបចំបណ្ណាល័យ ហើយក៏ស្របនឹងការជំរុញការអាន និងស្រាវជ្រាវ។ ខ្ញុំសប្បាយរីករាយ ដែលក្មេងៗ (ត្រូវបាន)បណ្ដុះ (ឲ្យមានទំលាប់អានសៀវភៅ) តាំងពីតូច។ ថ្ងៃមុន ជួបជាមួយខាងអូស្ដ្រាលី គាត់មានការចាប់អារម្មណ៍លើការជំរុញវិស័យអប់រំ និង TVET ដូចជាទេសាភិបាលនៃអូស្រា្ដលីខាងត្បូង។ ការអានសៀវភៅច្រើន នឹងឲ្យតំលៃលើការសរសេរ។ អានច្រើនឲ្យតំលៃ (និងគំនិត) ទៅលើការគិតគូរ ជជែកគ្នា បែបរស់រវើក។ ខ្ញុំប្រាប់គាត់ថា កាលពីខ្ញុំរៀនថ្នាក់បឋមរហូតដល់វិទ្យាល័យ មួយបណ្ណាល័យមានសៀវភៅ ៥ក្បាលគត់សំរាប់មុខវិជ្ជាមួយ។

អញ្ចឹង សិស្សនិងគ្រូគ្មានជំរើស​ទេ មានតែស្ដាប់លោកគ្រូសង្ខេប ហើយចូលនៅក្នុងថ្នាក់អង្គុយស្ងៀម កត់ ទន្ទេញឲ្យចាំ ធ្វើតេស្ដកុំឲ្យបាត់មួយពាក្យ។ ពេលគ្រូហៅសូត្រមេរៀន កុំឲ្យបាត់មួយពាក្យ។ បានន័យថាយើងផ្ដោតទៅលើ វិន័យរឹងកំព្រឹស ដោយសារយើងខ្វះធនធាន។ ការបញ្ចេញការគិតគូរ មានតែតែងសេចក្ដីមួយ​គត់ ដែលយើងអង្គុយសរសេរបាន។ គ្រូឲ្យប្រធានបទ យើងអង្គុយបញ្ចេញមតិ។ ប៉ុន្ដែក្មេងៗឥឡូវ របៀបសិក្សាមានសៀវភៅអាន គ្រូដាក់វិញ្ញាសារឲ្យគិតខ្លួនឯង។ ជួនកាលនាំទៅមើល(ផ្ទាល់) កន្លែងចាក់សំរាមមួយទៅ មកវិញឲ្យអង្គុយគិតពីបរិស្ថាន។ គាត់អង្គុយគិតគូរតាំងពីក្មេង។

ខ្ញុំឃើញក្មួយៗស្រាវជ្រាវជាក្រុមឡើងតស៊ូមតិ។ ខ្ញុំអង្គុយស្ងើចសរសើរ។ (អាយុទើប)តែ ១០ឆ្នាំជាង ក្មួយខ្លះ តស៊ូមតិគឺច្បាស់ ទាំងស្រីទាំងប្រុស និយាយទាំងខ្មែរនិងបរទេស។ គាត់អាចនិយាយជាភាសាអង់គ្លេសកន្លែង​ខ្លះជាភាសាខ្មែរ គាត់រួមគ្នាស្រាវជ្រាវ។ នេះជាការបណ្ដុះបណ្ដាល(ដោយ)គិតគូរអំពីការអាន។ ឃើញប្អូនៗមួយចំនួនដើរប៉ុន្មានខេត្ត ។ គាត់បើកបណ្ណាល័យចល័តដើរគ្រប់ខេត្ត។ ឃើញមានការចាប់អារម្មណ៍ (ពីអ្នកអាន)។ ថ្ងៃមុនអ្នកស្គាល់ខ្ញុំម្នាក់បើកបណ្ណាគារមួយដូចនៅ Aeon យកពីជប៉ុនមក។ គាត់ថាបើកតែប៉ុន្មានអាទិត្យដំបូង សៀវភៅរាប់ពាន់ក្បាលត្រូវបានសិស្សក្មេងៗ ចូលទៅទិញ។ ខ្ញុំសួរថាជាសៀវភៅអ្វី? គាត់ថាមានសៀវភៅវិទ្យាសាស្ដ្រ សៀវភៅផ្សេងៗ មិនមែនតែសៀវភៅរឿងប្រលោមលោកសុទ្ធទេ។ អញ្ចឹងការអានជាចំណុចសំខាន់។ ប៉ុន្ដែពេលខ្លះក៏ខ្វះឯកសារ ជាពិសេសឯកសារកំរិតខ្ពស់សំរាប់ការស្រាវជ្រាវ។

(១១) បង្កើតទំលាប់ស្រាវជ្រាវ ចងក្រងទុក ​ចែករំលែកទុកឲ្យប្អូនៗ ជំនាន់ក្រោយស្រាវជ្រាវ

កាលរៀននៅក្រៅប្រទេស ចូលទៅបណ្ណាល័យ វាយអក្សរ(ទៅលើម៉ាស៊ីនកុំព្យូទ័រដែលមានកម្មវិធីគ្រប់​គ្រង​ចំនងសៀវភៅ)ថា​ Cambodia ដើម្បីមើលថា section ហ្នឹង មានសៀវភៅប៉ុន្មានក្បាលដែលសរសេរដោយខ្មែរ។ មានតិចណាស់។ ខ្មែរខ្លួនឯងទៅស្រាវជ្រាវប្រវតិ្ដសេដ្ឋកិច្ចប្រទេសខ្លួនឯងពីបរទេសជាអ្នកសរសេរ។ គេចងក្រងទុក។ អញ្ចឹងការបង្កើតទំលាប់ស្រាវជ្រាវ ចងក្រងទុក ហើយ​ចែករំលែកនេះ គឺគួរតែត្រូវជំ​រុញឲ្យបានច្រើន។ និក្ខេបទផ្សេងៗ ដែលកូនខ្មែរសរសេរ នៅក្នុងឬក្រៅប្រទេស ចប់ចែកមកទុកនៅក្នុងនេះ (បណ្ណាល័យ) ទុកឲ្យប្អូនៗជំនាន់ក្រោយស្រាវជ្រាវបាន។ នេះជាកិច្ចការសំខាន់។ ពិតណាស់ និក្ខេបទ មិនដូចជាឯកសារស្រាវជ្រាវធំៗ ប៉ុន្ដែជាបណ្ដុំនៃគំនិត អ្នកស្រាវជ្រាវអាចយកជាគំនិត ឬអាចយកជាធាតុផ្សំបន្ថែមទៀត ដើម្បីស្រាវជ្រាវបន្ដ។ ខ្ញុំសូមអរគុណដែលទទួលយកនិក្ខេបទរបស់ខ្ញុំ(ថ្នាក់បណ្ឌិត) ដាក់បញ្ចូលក្នុងបណ្ណាល័យនេះ ដើម្បីចែករំលែក។ អ្នកណាមើលក៏មើល ហើយក៏មាននិក្ខេបទកម្រិត masters ផងដែរ។ បងប្អូនច្រើនណាស់ ថ្នាក់ដឹកនាំយើង  និស្សិតរបស់យើងស្រាវជ្រាវ ហើយអាចដាក់ចូលជាការចែករំលែក។ ឥលូវនេះ​ក៏មានការចងក្រង អង្គអ្នកស្រាវជ្រាវផ្សេងៗ សមាគមអ្នកនិពន្ធ ជាដើម។

(១២) ក្រសួងអប់រំ យុវជននិងកីឡា​ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវគិតគូរពីការបណ្ដុះបណ្ដាល និងចងក្រងប្រវត្ដិសាស្ដ្រ

ជាពិសេសការបណ្ដុះបណ្ដាល និងចងក្រងអំពីប្រវត្ដិសាស្ដ្រ គឺក្រសួងអប់រំ​ វប្បធម៌ និង វិចិត្រសិល្បៈ (ត្រូវគិតគូរធ្វើ) ព្រោះរឿងនេះសំខាន់។ កត្ដាប្រវត្ដិសាស្ដ្រសំខាន់។ ឯកសារ(ប្រវត្ដិសាស្ដ្រ) បើសរសេរមិនស្រួល នឹងចំលងតគ្នា។ ឧទាហរណ៍ យើងចង់ស្រាវជ្រាវពីប្រវត្ដិសាស្ដ្រខ្មែរ។ ភាគច្រើនវាយទៅមាន​ David P.  Chandler មានអីហ្នឹង។ សួរថា តើអ្វីដែលគាត់សរសេរហ្នឹងគ្រប់ជ្រុងជ្រោយឬអត់?​ តែមិនស្រួល អ្នកដែលចម្លងតាមក្រោយហ្នឹង យកទៅ refer បន្តតាម ដោយមិនមានប្រភពអីផ្សេងទៀតយកមកអះអាង។ យូរៗទៅ កាន់តែ(ឆ្ងាយពីរឿងដើម)។ អញ្ចឹង ទាមទារឱ្យមានឯកសារច្រើន។ ឯកសារដែលសរសេរដោយ David P. Chandler ក៏មាន អ្នកផ្សេងៗ ក៏មាន ប្រមូលផ្ដុំមក ស្រាវជ្រាវទុក (យកទៅ)ដាក់ចូលជាបណ្ណាល័យ​ឌីជីថលថែមទៀត។ នេះខ្ញុំសូមអរគុណណាស់ដល់ស្ថាប័នមួយចំនួនបានរៀបចំ។ ខ្ញុំឃើញដាក់វចនានុក្រមសម្ដេច ជួន ណាត ក្នុង internet ហ្នឹង ដើម្បីយើងអាចប្រើជាប្រព័ន្ធអេឡិចត្រូនិក ឆែកបានភ្លាមៗ។ ក្នុងបណ្ណាល័យ នេះ យើងអាចរៀបចំបែបណាមួយ។ សូមលើកទឹកចិត្តឱ្យបណ្ដានិស្សិត ទាំងអ្នកនៅក្នុងនិងក្រៅទីនេះ បើសិនជាស្រាវជ្រាវបានស្នាដៃ(ល្អ)ហើយ អាចគិតគូរជាមួយសាលា ដើម្បីបរិច្ចាគចូលមកក្នុងបណ្ណាល័យទុក​ដាក់ឱ្យ​ស្រួល ធ្វើជាមូលដ្ឋានសម្រាប់ការសិក្សាបន្តទៀត។ ទោះបីរាប់ពាន់ឆ្នាំ ប្រែប្រួល​បច្ចេកវិទ្យាក៏ដោយ មនុស្សនៅតែទៅមើលឯកសារតែដដែលទេ

(១៣) ទោះបីមានជំនួយពី AI/Chat​GPT ឬ DeepSeek ក៏មនុស្សនៅតែត្រូវអាន

មិនមានពេលណាមួយ ដែល(ប្រើ) Chat​GPT ឬ DeepSeek AI ដោយមិនបាច់អានទេ។ ខ្ញុំឃើញគេផ្សាយ app នៅតាមទូរទស្សន៍។ ប្រជុំម្ដងៗមិនបាច់កត់ត្រាទេ។ ថតតែសំឡេង (កម្មវិធីសិប្បនិម្មិត្ត)វាចម្លងឱ្យយើង ហើយវាសង្ខេបឱ្យយើងទៀត។ យូរៗទៅ ​​មនុស្សលែងចេះអាន។ រវល់តែប្រើឧបករណ៍ឆ្លាតពេក។ ថ្ងៃណាមួយរបស់ហ្នឹងខូច លែងចេះសរសេរ លែងចេះសង្ខេប (អ្នកប្រើនឹងមិនអាចធ្វើអ្វីបាន ពេលគ្មានវា) ព្រោះការគិត ការសរសេរ ការសង្ខេប វាជួយយើង។ តែបើយើងពឹងទៅលើ(របស់)ក្រៅខ្លួនហើយ (នឹងមាន)បញ្ហា(ពេលអត់មានវា)។ ហ្នឹងហើយដែលថា សិស្សត្រូវបង្រៀនឱ្យចេះលេខ មុននឹងឱ្យប្រើម៉ាស៊ីនគិតលេខ ត្រូវចេះគុណចែកតាមដៃ ប្រយ័ត្នថ្ងៃណាមួយរបស់ហ្នឹងអស់ថ្ម អត់ចេះ(គុណចែកខ្លួនឯង)។ នេះជាការពិត។ មានម្ដង GPS​ ទាហាន។ យើង(ចូលព្រៃ)។ កាលនោះ សមយុទ្ធក្នុងព្រៃនៅអាមេរិក ជាមួយកងរថក្រោះ។

យើងទៅវាយទីតាំងមួយនៅពេលយប់ម៉ោង ១០។ មេឃងងឹត។ ត្រូវដើរ។ មិនអាចយករថក្រោះទៅក្បែរទេ។ យើងត្រូវដើរប្រហែលជិត ១០គីឡូម៉ែត្រកាត់ព្រៃ។ យើងមាន GPS មួយ ហើយមានផែនទី។ ទម្លាក់ទ័ពហើយ រថក្រោះចេញអស់ យើងដើរចល័តទៅមុខ។ ដើរប្រហែលមួយម៉ោង យើងចូលទៅព្រៃជ្រៅទៅៗ មើល GPS និយាមកា និងផែនទី … ម៉េចក៏ខុសទីតាំង។ ដល់ទីបំផុត ដោយសារព្រៃក្រាស់ GPS ហ្នឹងអត់ update វាឱ្យនិយាមកាខុស។ ទម្រាំដឹង ចាប់ពីម៉ោង ១០ ដល់ម៉ោង ១២ យប់នៅកប់កណ្ដាលព្រៃ។ រឿងនេះ ធ្លាប់នៅនៅអឺរ៉ាក់ GPS ខុស ទាហានអាមេរិកចូលទៅដល់ (សុទ្ធតែពួកទាហាន)អ៊ីរ៉ាក់ ចាប់វាយចងសម្លាប់ចោល។ អញ្ចឹងកុំពឹងលើឧបករណ៍ច្រើនពេក ត្រូវចេះមូលដ្ឋានគ្រឹះ។ នេះហើយជាបញ្ហា នេះហើយគឺជាកំណប់។

(១៤) ទោះបីបច្ចេកវិទ្យាវិវត្តដល់ណា ក៏កុំភ្លេចអាន សរសេរ ស្រាវជ្រាវ និងចងក្រងទុក

ការស្រាវជ្រាវ ការអាននេះ ទោះបីជាមានប្រព័ន្ធកុំព្យូទ័រជួយកត់ត្រាឱ្យយើងក្តី ជួយសង្ខេប ជួយសរសេរឱ្យក៏ដោយ កុំភ្លេចសរសេរ(ដោយដៃខ្លួនឯង)។ មានអ្នកខ្លះអួតថា “សរសេរគោលនយោបាយកសិកម្ម” ដើម្បីវាយ​ប្រហារខ្ញុំ។ ដល់គេ(យក)ទៅ(វិភាគ ឃើញថា)៧៩% គឺ ChatGPT សរសេរឱ្យ។ អញ្ចឹង បើយើងជាអ្នកសិក្សា ទោះបីបច្ចេកវិទ្យាទៅដល់ណាក៏ដោយ កុំភ្លេចការអាន ការសរសេរ ការស្រាវជ្រាវ និងការចងក្រងទុក។ មានតែធ្វើដូចហ្នឹងទេ ដែលអាចឱ្យយើងមានចំណេះក្នុងខ្លួនពិតប្រាកដ មិនពឹងទៅលើរបស់ក្នុងហោប៉ៅមកធ្វើឱ្យយើងនោះទេ។ វាជាជំនួយការល្អហើយ ប៉ុន្តែវាមិនអាចជួយយើងដោះស្រាយពេលមានសភាពការណ៍នោះទេ។ ពេលដែលគេអញ្ជើញបណ្ឌិត​មួយ ឬមួយអ្នកដែលមានសញ្ញាបត្រ បរិញ្ញាបត្រស្រាវជ្រាវខាងអ្វីមួយទៅសម្ភាសន៍ ឬមួយផ្តល់មតិលើទូរទស្សន៍ គាត់មិនអាចថាសុំយក ChatGPT ទៅផងទេ។ គេមិនអាចយក doctor ម្នាក់ចូលទៅបន្ទប់វះកាត់ មួយជំហានត្រូវមើលគ្រឿងជំនួយឡើងវិញសិនទេ។ ត្រូវមានការចងចាំនៅក្នុងខួរក្បាល។

(១៥) គ្រូត្រូវចេះ១០១ឬ១១០% និងរៀបចំកិច្ចការដាក់ឱ្យសិស្សធ្វើ ទោះវិធីសាស្រ្តបង្រៀនខុសគ្នាក៏ដោយ

លោក/អ្នកគ្រូក៏អញ្ចឹងដែរ។ រៀនគរុកោសល្យ​ ចេញទៅធ្វើជាគ្រូ។ មិនអាចឡើងទៅបង្រៀនបានបន្តិច ក៏(ប្រាប់​សិស្សថា) គ្រូលែងបង្រៀនហើយ ចាក់(វីដេអូរៀនខ្លួនឯង) ព្រោះមាន project មានអីហើយនោះទេ។ យើងមិនអាចត្រឡប់ទៅវិធីដើមវិញទេ។ ពីមុន យើងអត់មានឧបករណ៍ លោក/អ្នកគ្រូអត់ជម្រើស ត្រូវសរសេរលើក្ដាខៀន ឱ្យយើងកត់។ ឥឡូវមានឧបករណ៍ច្រើន កុំអោយគ្រូលែងធ្វើកិច្ចការផ្ទះដាក់ឱ្យសិស្សដោយកត់នៅលើក្ដាខៀន (តែឱ្យទៅ)កត់ពី YouTube ឬមួយថា នេះកូនយកវេបសាយត៍នេះទៅរៀនខ្លួនឯងទៅ។ កន្លែងខ្លះមាន។ ការបង្រៀន ការអប់រំ មានវិធីសាស្រ្តខុសគ្នា។ កន្លែងខ្លះ ចូលមក គ្រូពន្យល់ហើយ ទៅរៀន(ខ្លួនឯង)។ កន្លែងខ្លះ គ្រូឱ្យរៀនទៅមុន។ កូនសិស្សរៀនហើយ បានម​ក(ឱ្យគ្រូពន្យល់បន្ថែម)។

កាលខ្ញុំរៀននៅសាលា WestPoint គេយក Thayer System ពីបារាំងមក ដោយ(ផ្ដល់)ឯកសារឱ្យសិស្សរៀនមុន។ ពេលចូលទៅក្នុងថ្នាក់ គ្រូដឹកនាំពិភាក្សា។ ប៉ុន្តែធ្វើបែបនេះ បើគ្រូអត់ចេះ គ្រូអត់ធ្វើ homework មិនអាចដឹកនាំពិភាក្សាបានទេ។ ធ្វើគ្រូត្រូវចេះ ១០១ ភាគរយ។ ធ្វើសិស្សអាចចេះ ៩៩ ភាគរយ។ មែនអត់? មួយមេរៀនៗ យើងត្រូវត្រៀមលក្ខណៈ ១០១ ឬ ១១០ ភាគរយ ព្រោះយើងមិនអាចឲ្យសិស្សសួរតែអ្វីដែលយើងកត់ទេ។ គាត់អាចសួរអ្វីបន្ថែមទៀត។ រឿងហ្នឹងអញ្ចឹង។ យើងត្រូវមានលទ្ធភាពដោះ។ ខ្ញុំធ្លាប់ធ្វើគ្រូជំនួយកាលរៀននៅ Bristol។ រៀន math ទេ។ ដាក់នៅហ្នឹងអញ្ចឹងទៅ។ ស្រាប់តែសិស្សលើកដៃសួរបន្ថែមលើសពីមេរៀនហ្នឹងទៀត។​ យើងត្រូវតែច្បាស់។ អញ្ចឹងធ្វើគ្រូទាល់តែចេះ ១១០ ភាគរយ មិនអាចពឹងលើ Chat GPT ឬមួយក៏កម្មវិធីថ្មីគ្រូបង្រៀនជំនួសយើង ១០០% នោះទេ។

(១៦) ប្រមូលស្នាដៃស្រាវជ្រាវនិស្សិត/បញ្ញវន្តខ្មែរ មកទុកក្នុងមជ្ឈមណ្ឌលឯកសារ ឬបណ្ណាល័យក្នុងប្រ​ទេសឲ្យបានកាន់តែច្រើន

ខ្ញុំចង់ឃើញនូវស្នាដៃការស្រាវជ្រាវ ការរៀបចំនូវឯកសារ ជាពិសេសលទ្ធផលរបស់និស្សិត/បញ្ញវន្តខ្មែរជាច្រើន បានប្រមូលយកមកទុកក្នុង(មជ្ឈមណ្ឌល)ឯកសារ ឬបណ្ណាល័យនៅក្នុងប្រទេសរបស់យើងឲ្យមានកាន់តែច្រើន ជាជាងស្រាវជ្រាវប្រវត្តិខ្មែរលើទឹកដីខ្មែរ តែមានតែសៀវភៅបរទេសសរសេរឲ្យ។​ អញ្ចឹងយើងបន្តកសាងរួមគ្នា រួមទាំងស្នាដៃនិក្ខេបទ។ ទោះបីជាមិនមែនសៀវភៅក៏ដោយ។ ប៉ុន្តែជាការស្រាវជ្រាវ របកគំហើញរបស់ខ្មែរ។ មិនថារៀននៅក្រៅប្រទេស នៅក្នុងប្រទេស សូមយកមកដាក់ទុកឲ្យច្រើនទៅ។ មិនថានៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ឬនៅតាមបណ្ណាល័យ នៅសាកលវិទ្យាល័យនីមួយៗ។ សូមចែកគ្នា។ នេះជាអ្វីដែលយើងចង់បាន។ បើយើងបង្រៀនឲ្យចេះអានហើយ ចេះសរសេរហើយ ចេះស្រាវជ្រាវហើយ ចងក្រងទុកផង។

បញ្ហាយើងមួយ គឺចងក្រងឯកសារ។ នេះមិនមែនតែរឿងអប់រំទេ។ គ្រប់វិស័យទាំងអស់។ ឧទាហរណ៍ ស្ថានទូតនៅខាងក្រៅ អ្នកមន្រ្តីជំនាញមួយគាត់ធ្វើការ។ កន្លែងខ្លះពេលចប់ គាត់យកឯកសារមកអស់។ អ្នកចូលថ្មីគិតឡើងវិញទាំងអស់។ ឥឡូវឃើញចាប់ផ្តើមរៀបចំច្រើន។ អ្នកដែលទៅបន្តការងារពីគាត់ មានឯកសារដែលគាត់ទុកឱ្យ។ អញ្ចឹង បើកាន់ជំនាញ ឧទាហរណ៍ថាពាណិជ្ជកម្ម អ្នកមួយទៅធ្វើការ ៤ឆ្នាំ។ គាត់ប្រទាក់ក្រឡាជាមួយគេ ហើយរាល់ឯកសារគាត់ចងទុក។ អ្នកថ្មីទៅ មានឯកសារនេះ(ប្រើ​ប្រាស់)។ អញ្ចឹងការចងក្រងឯកសារសំខាន់ណាស់។ របៀបរបបប្រតិបត្តិ នៅតាមក្រសួងស្ថាប័ន​នីមួយៗ នៅតាមរដ្ឋបាល​មួយៗ ខ្ញុំគិតថាការចងក្រងនិងរក្សានេះគឺជាកេរដំណែលសំខាន់។ មនុស្សដូរដៃ ប៉ុន្តែបទដ្ឋាន និងការងារមិនចាំបាច់សារឡើងវិញនោះទេ។ វាមិនខុសពីការស្រាវជ្រាវដែលយើងតំកល់នៅទីនេះ។ ខ្ញុំគិតថាបទដ្ឋានការងារល្អ។

(១៧) ការកត់ត្រានិងរក្សាទុកឯកសារ ធានានិរន្តភាពចំណេះដឹង បទដ្ឋានការងារ ជៀសវាងការស្រាវជ្រាវប្រធានបទដដែលៗ ឡើងវិញ

សូម្បីនៅសាកលវិទ្យាល័យមួយ ខ្ញុំមិនចេញឈ្មោះទេ ខាងកងទ័ព លោកគ្រូជំនាញបង្រៀន ៣០ឆ្នាំ។ ដល់ពេលចូលនិវត្តន៍ កន្លែងខ្លះគាត់យកទៅទាំងអស់។ សាលាអត់មានគោលការណ៍ប្រមូលផ្តុំដាក់ជារួម។ អ្វីដែលគាត់អាច copy គាត់យកទៅ។ អញ្ចឹង ពេលដែលស្រាវជ្រាវ លោកគ្រូម្នាក់ៗ ដាច់ដោយឡែកតែឯង។ គាត់មានម្ចាស់ការក្នុងការចងក្រងមេរៀន ប៉ុន្តែការតំកល់ទុកនៅខ្វះ។ ពេលដែលគាត់ចប់ទៅ អ្នកមកថ្មីក៏ពិបាក ហើយការបន្សាំ ការបន្ស៊ីគ្នារវាងគ្រូបន្តវេន និងគ្រូដែលមាន(បទពិសោធន៍) … បើអាចមានលទ្ធភាពកន្លែងណាគួរផ្សាំ។ កន្លងទៅដូចមានគ្រូស្តា ដែលត្រូវចុះដើម្បីធានាចីរភាព និងនិរន្តភាពនៃឯកសារ និងកម្មវិធីសិក្សា ក៏ដូចជាការយល់អំពីរបៀបរបប។ អញ្ចឹងគឺការកត់ត្រានេះសំខាន់។ កត់ត្រាហើយ គឺការរក្សាទុកឯកសារដើម្បីបន្តប្រើប្រាស់។ បានន័យថាធានានិរន្តភាពនៃចំណេះដឹង ធានានូវនិរន្តភាពនៃបទដ្ឋានការងារ ដើម្បីកុំឲ្យពេលដែលចប់ហើយ ពេលដែលសិស្សត្រូវស្រាវជ្រាវប្រធានបទដដែល ត្រូវស្រាវជ្រាវឡើងវិញទាំងអស់។

នៅពេលដែលរៀមច្បង៤ ទៅ ៥នាក់សរសេរប្រធានបទដដែល អញ្ចឹងដល់ពេលថ្ងៃក្រោយយក ៦នាក់ ៧នាក់ ទៅមើល សឹងតែដូចគ្នាទាំងអស់ ទោះបីមិន copy ក៏ដោយ ប៉ុន្តែសរសេរដដែល។ ប៉ុន្តែ បើយើងមានសិស្សច្បង ៤ទៅ ៥នាក់ដំបូងមាន(ទុកសារណាមក)ហើយ អញ្ចឹងសរសេរប្រធានបទហ្នឹងដែរ តែជ្រុងផ្សេងដោយសារ ៤ទៅ ៥នាក់មុន សរសេរពីអ្វី/ជ្រុងណា គាត់បានមើលហើយ។ អញ្ចឹង កុំសរសេរជាន់ទៀត។ យើងយកមកបំបែកទៅជ្រុងផ្សេង។ អញ្ចឹងវាកាន់តែរីក។ បើយើងអត់មាន​ឯកសារគោលពីមុនទេ អញ្ចឹងយើងសរសេរតែមួយជ្រុងហ្នឹងដដែល ព្រោះវាស្រួល នេះជាអត្ថប្រយោជន៍។​ ខ្ញុំសូមលើកទឹកចិត្តជំរុញបន្ថែមការចងក្រង និងការរក្សាទុកនូវឯកសារ ជាពិសេសរបកគំហើញ ក៏ដូចជាស្នាដៃដែលនិស្សិតមួយជំនាន់មួយជំនាន់សរសេរ។

(១៨) ត្រូវធ្វើទំនើបកម្មបច្ចេកវិទ្យានិងវិធីសាស្រ្តក្នុងការបង្រៀនជាប្រចាំ

សាស្រ្តាចារ្យគ្រូបង្រៀន ក៏ត្រូវស្រាវជ្រាវបន្ថែមខ្លួនឯងដែរ។ គ្រូមិនមែនរៀនចប់គរុកោសល្យហើយចប់នោះទេ។ ប្រព័ន្ធអប់រំដើររហូត។ វិធីសាស្រ្តអប់រំដើររហូត។ ចំណេះថ្មីក៏ដើររហូត។ ហេតុនេះហើយបានជាក្រសួងអប់រំដាក់គោលការណ៍ និងជំរុញការស្រាវជ្រាវបន្ថែម។ គ្រូមានម៉ោងបង្រៀន និងម៉ោងស្រាវជ្រាវ គ្រាន់តែកន្លងទៅ កន្លែងខ្លះ យើងមិនទាន់បានអនុវត្តដោយសារកត្តាកង្វះខាតផ្សេងៗ ជាសម្ភារៈ ថវិកា ឬម៉ោង។ ប៉ុន្តែមានមូលហេតុ​ដែលថាគ្រូមិនមែនមានតែម៉ោងបង្រៀនទេ មានម៉ោងស្រាវជ្រាវ គឺដើម្បីស្រាវជ្រាវរបកគំហើញមួយបន្ថែម។ ប្រធានបទ មេរៀនដែលយើងមានហើយ ក៏អាចធ្វើទំនើបកម្មថែមថយដើម្បីឲ្យកាន់តែល្អ បន្ថែមទៅលើអ្វីដែលក្រសួងអប់រំបានដាក់ឲ្យ មិនឲ្យបាត់ទម្រង់ដើម មិនឲ្យបាត់ខ្លឹមសារដើម។ ប៉ុន្តែ បច្ចេកវិទ្យាក្នុងការបង្រៀន វិធីសាស្រ្តក្នុងការបង្រៀន គឺត្រូវធ្វើទំនើបកម្មជាប្រចាំ។ នេះជាអ្វីដែលធា​នានូវប្រសិទ្ធភាព ដើម្បីធានាប្រសិទ្ធផលស្នាដៃរបស់យើង។ អញ្ចឹងខ្ញុំសូមលើកទឹកចិត្តដល់ការស្រាវជ្រាវ និងតម្កល់ទុកឯកសារ និងសូមអរគុណឮចំពោះការរៀបចំ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះប្អូនៗ និស្សិត និង គរុនិស្សិត ជ័យលាភីទាំងអស់ នៃវិទ្យាស្ថានជាតិអប់រំ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ និង សូមលើកទឹកចិត្តដល់ប្អូនៗ និស្សិត និងគរុនិស្សិត ជ័យលាភី ទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេស ក្រសួងអប់រំ យុវជន និង កីឡា ក្នុងបេសកកម្មសម្រេចឱ្យបាននូវគោលដៅរួមរបស់វិស័យអប់រំ ជាពិសេស ការកសាងធនធានមនុស្ស ដែលមានចំណេះដឹងទូលំទូលាយ ជំនាញពិតប្រាកដ និង ឥរិយាបថល្អ សំដៅចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព តាមរយៈការពង្រឹង, នវានុវត្តន៍, ពិពិធភាព និង ភាពប្រកួតប្រជែង ។ ទន្ទឹមនេះ ខ្ញុំសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា ប្អូនៗ និស្សិត និង គរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អដោយប្រើនូវចំណេះនិងជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ល្អនិងការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង ។

រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ទាំងក្នុងស្រុក តំបន់ និង សកល ។ លើសពីនេះ ការអប់រំមិនត្រឹមតែបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ ប៉ុណ្ណោះទេ ប៉ុន្តែ វិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំង ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំ និងការបណ្តុះបណ្តាល និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ។

ជាក់ស្តែង អ្នកសិក្សា សន្សំបាន   «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និង ក្រុមគ្រួសារ ក្រោមរូបភាពជា ការងារ ការវិនិយោគ ឬ សហគ្រិនភាព ។ ជាមួយគ្នានេះ ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន ភស្តុតាងជាអន្ដរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង «ជាទ្រព្យសកម្ម, និងមិនមែនជាបន្ទុក របស់សង្គមជាតិ» ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាល បាន និង កំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាង មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន បណ្ណាល័យ ជាដើម ។ ជាលទ្ធផល គ្រឹះស្ថានបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងរដ្ឋ និង ឯកជន បាន និង កំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និង អន្តរជាតិ ។

លើសពីនេះ, រាជរដ្ឋាភិបាលទទួលស្គាល់ និង វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គ្រូបង្រៀនគ្រប់លំដាប់ថ្នាក់ ក្នុងការកសាង និង ការអភិវឌ្ឍ ចំណេះដឹង ជំនាញ និងផ្នត់គំនិត ដល់សិស្ស-និស្សិតកម្ពុជា ។ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិ ដោយបង្កលក្ខណៈងាយស្រួលដល់យុវជនកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និង ស្មើសិទ្ធិ នៅក្នុងសកម្មភាពសង្គម និង សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសមត្ថភាព ទេពកោសល្យ និង សីលធម៌វិជ្ជាជីវៈ ។ រាជរដ្ឋាភិបាលក៏បាន និង កំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករ សម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច និង អភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និង សុខភាព រួមនឹងគុណតម្លៃខាង សីលធម៌ គុណធម៌ និង មនសិការ ។

ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាព និង សមត្ថភាពរបស់វិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១.      ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និង ធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដាសាលាគរុកោសល្យគំរូ» ។

ទី២.     ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្រ្តថ្មី នៃការបង្រៀន ការរៀន និងការវាយតម្លៃ ដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និង ភាពច្នៃប្រឌិតខ្ពស់ ។

ទី៣.     ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀន តាមរយៈ ការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និង ការរៀន ការកែលម្អមាតិកាឌីជីថល ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្តុះបណ្តាលនាយកសាលាគ្រប់កម្រិត ។

ទី៤.     ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសារធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លងអាជីពគ្រូបង្រៀន នាយក អ្នកឯកទេសអប់រំនិងគ្រូឧទ្ទេស ដើម្បីទាក់ទាញ និងរក្សាគ្រូបង្រៀន គ្រូឧទ្ទេស ដែលមានសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលគ្រូ  បង្រៀន ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី, សូមទទួលបាននូវសេចក្ដីសុខ, សេចក្ដីចម្រើន និង ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ៕

អត្ថបទទាក់ទង