Grand News Asia Close

លោក បៃឌិន ចុះហត្ថលេខាដាក់ឱ្យប្រើច្បាប់ពិដានបំណុលដើម្បីបញ្ចៀសការបរាជ័យសងបំណុលដ៏មហន្តរាយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 869
លោក បៃឌិន ចុះហត្ថលេខាដាក់ឱ្យប្រើច្បាប់ពិដានបំណុលដើម្បីបញ្ចៀសការបរាជ័យសងបំណុលដ៏មហន្តរាយ លោក បៃឌិន ចុះហត្ថលេខាដាក់ឱ្យប្រើច្បាប់ពិដានបំណុលដើម្បីបញ្ចៀសការបរាជ័យសងបំណុលដ៏មហន្តរាយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីចុងសប្តាហ៍មុន បានចុះហត្ថលេខាដាក់ឱ្យប្រើច្បាប់ស្តីពីពិដានបំណុលដែលបានអនុម័តដោយសភា បន្ទាប់ពីជាប់គាំងជាច្រើនសប្តាហ៍ ដែលជួយបញ្ចៀសមហន្តរាយក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយកាណ៍ថា ច្បាប់ស្តីពីទំនួលខុសត្រូវសារពើពន្ធឆ្នាំ២០២៣ ឬហៅថាច្បាប់ពិដានបំណុលនេះអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធពង្រីកនូវអ្វីដែលគេហៅថា ពិដានបំណុល ដើម្បីបន្តការខ្ចីប្រាក់ដែលជួយឱ្យមានប្រាក់ចាយតទៅតទៀត។

រតនាគារបានព្រមានកន្លងមកថា ប្រសិនបើពិដានបំណុលត្រូវបានរារាំងរហូតដល់ក្រោយថ្ងៃចន្ទ ទី៥ ខែមិថុនានេះ អាមេរិកនឹងបរាជ័យសងបំណុលសម្រាប់កម្ចីចំនួន ៣១ពាន់ពាន់លានដុល្លាររបស់ខ្លួន។

ការបរាជ័យសងបំណុលទំនងជាបង្កឱ្យមានការភ័យស្លន់ស្លោក្នុងទីផ្សារ ការបាត់បង់ការងារដ៏ច្រើន និងការដើរថយក្រោយនៃសេដ្ឋកិច្ច រួមជាមួយនឹងផលប៉ះពាល់ជាសកលផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា សេតវិមានបានថ្លែងអំណរគុណដល់មេដឹកនាំគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យនៅក្នុងសភា «សម្រាប់ភាពជាដៃគូរបស់ពួកគេ»។

នៅក្នុងការថ្លែងសុន្ទរកថារបស់ការិយាល័យ Oval Office ដ៏កម្រមួយកាលពីល្ងាចថ្ងៃសុក្រ លោកប្រធានាធិបតី បៃឌិន បាននិយាយថា ច្បាប់ពិដានបំណុលបានជួយសង្គ្រោះប្រទេសពី «ការដួលរលំនៃសេដ្ឋកិច្ច»។

លោក បៃឌិន បានថ្លែងថា កិច្ចព្រមព្រៀងដែលដោះស្រាយការប្រឈមមុខដាក់គ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋគឺជាការសម្របសម្រួលមួយដែល «គ្មាននរណាម្នាក់ទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះទេ»។ ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា៖ «យើងបានជៀសវាងវិបត្តិសេដ្ឋកិច្ច»៕

អត្ថបទទាក់ទង