Grand News Asia Close

វិភាគអន្តរជាតិ៖ តើប្រធានាធិបតីរបស់សហរដ្ឋអាមេរិក អង្គុយលើច្បាប់ ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 820
វិភាគអន្តរជាតិ៖ តើប្រធានាធិបតីរបស់សហរដ្ឋអាមេរិក អង្គុយលើច្បាប់ ឬ? វិភាគអន្តរជាតិ៖ តើប្រធានាធិបតីរបស់សហរដ្ឋអាមេរិក អង្គុយលើច្បាប់ ឬ?

(វ៉ាស៊ីនតោន)៖ សំណុំរឿងក្ដីក្តាំទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌជាច្រើនករណីប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដើរដល់ចំណុចដ៏ចម្រូងចម្រាស បំផុតមួយ នៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក នោះគឺ «អភ័យឯកសិទ្ធិរបស់ប្រធានាធិបតី»។ ការអះអាងរបស់លោក ត្រាំថារូបលោកមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ជុំវិញការលូកលាន់លទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ បាន និងកំពុងបង្កឱ្យមានការជជែកវែកញែកពីរយៈពេល និងរបៀបដែលប្រធានាធិបតី ត្រូវបានការពារពីបណ្ដឹងតាមផ្លូវច្បាប់។

កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈ សាលាឧទ្ធរណ៍សហព័ន្ធ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (DC Circuit) បានចេញសាលក្រមដោយសម្រេចថាលោក ត្រាំ មិនស័ក្តិសមទទួលបាន អភ័យឯកសិទ្ធិប្រធានាធិបតីនោះទេ។ តែព្រមពេលជាមួយគ្នា លោក ត្រាំ ត្រូវបានគេរំពឹងថានឹងប្ដឹងជំទាស់សាលក្រមនេះទៅកាន់ តុលាការកំពូលអាមេរិក ដែលជាអ្នកសម្រេចចិត្តចុងក្រោយ។

* តើអ្វីទៅជាអភ័យឯកសិទ្ធិប្រធានាធិបតី?
ទ្រឹស្តីនៅពីក្រោយអភ័យឯកសិទ្ធិប្រធានាធិបតី នោះគឺអ្នកដែលកាន់តំណែងជាប្រធានាធិបតីអាមេរិក នឹងត្រូវបានការពារពីការប្ដឹងផ្ដល់តាមផ្លូវច្បាប់ ដូច្នេះពួកគេ អាចដឹកនាំប្រទេស ដោយមិនបាច់ភ័យខ្លាចថាត្រូវបានកាត់ទោសសម្រាប់សកម្មភាពដែលពួកគេបានប្រព្រឹត្ត អំឡុងពេលកាន់អំណាច។ តែបើនិយាយពីការអនុវត្ត ជាក់ស្ដែងវិញ ច្បាប់សហរដ្ឋអាមេរិកមិនបានចែងពីការផ្ដល់អភ័យឯកសិទ្ធិប្រធានាធិបតីរួចផុតពីការចោទប្រកាន់ខាងព្រហ្មទណ្ឌនោះទេ ហើយក៏មិនមានចែងក្នុង រដ្ឋធម្មនុញ្ញនោះដែរ ដោយច្បាប់គ្រាន់តែនិយាយថាប្រធានាធិបតី អនុប្រធានាធិបតី និងមន្ត្រីសហព័ន្ធដទៃទៀត នឹងត្រូវបានដក ឬទម្លាក់ចេញពីតំណែង ប្រសិនបើត្រូវបានចោទប្រកាន់ដកតំណែង ដោយសភាអាមេរិក និងត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្តបទល្មើសតូចធំ ក្នុងនោះរួមមានទាំងអំពើក្បត់ និងស៊ីសំណូក។

ការធ្វើតេស្ដជាក់ស្ដែងលើអភ័យឯកសិទ្ធិនេះដែរ បានកើតឡើងដំបូងបំផុតលើអតីតប្រធានាធិបតីអាមេរិក លោក Richard Nixon ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌ ក្នុងសំណុំរឿងអាស្រូវ Watergate។ រឿងអាស្រូវ Watergate បានជំរុញឱ្យក្រសួងយុត្តិធម៌អាមេរិក ក្នុងឆ្នាំ១៩៧៣ ធ្វើការថ្លឹងថ្លែងលើឋានៈជា ប្រធានាធិបតីរបស់លោក Nixon ជាមួយការបញ្ចេញយោបល់ថាការចោទប្រកាន់ ឬកាត់ទោសប្រធានាធិបតីម្នាក់កំពុងកាន់អំណាចនឹងបង្កឧបសគ្គរារាំងដល់កាតព្វកិច្ចរបស់ លោក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ រហូតដល់ឆ្នាំ២០០០ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាន់ជំហររបស់ខ្លួនថាមានតែសភាតំណាងរាស្ត្រអាមេរិកតែមួយគត់ដែលអាច ដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតីបាន។ គោលជំហរនេះមិនមែនជាច្បាប់មានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមនោះទេ ប៉ុន្តែវាជួយបំភ្លឺការគិតរបស់ ក្រុមរដ្ឋអាជ្ញាអាមេរិក នៅពេលមានសកម្មភាពតាមផ្លូវច្បាប់ប្រឆាំងប្រធានាធិបតីកំពុងកាន់អំណាច។

នៅក្នុងសាលក្រមកាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ DC Circuit បានសម្រេចថាអតីតប្រធានាធិបតីអាមេរិកម្នាក់ អាចនឹងត្រូវបានកាត់ទោសដោយអាជ្ញាធរសហព័ន្ធ ចំពោះអ្វីដែល ពួកគេបានប្រព្រឹត្តខុសច្បាប់ក្នុងពេលកាន់អំណាច។ ប៉ុន្តែ បានបញ្ជាក់ថាការវិភាគរបស់ខ្លួន មិនបាននិយាយពីប្រធានាធិបតីកំពុងកាន់អំណាចនោះទេ។ កន្លងមក តុលាការកំពូលអាមេរិក ធ្លាប់បានធ្វើសេចក្ដីសម្រេចតែទៅលើអភ័យឯកសិទ្ធិប្រធានាធិបតី ក្នុងសំណុំរឿងរដ្ឋប្បវេណីប៉ុណ្ណោះ ពោលមិនដែលសម្រេចក្នុងសំណុំរឿងព្រហ្មទណ្ឌ ទេ។ ជាឧទាហរណ៍ លោក Nixon ត្រូវបានប្ដឹងទៅតុលាការដោយបុរសម្នាក់ ដែលបានបាត់បង់ការងាររបស់ខ្លួន ក្នុងជួរកងទ័ពអាមេរិកអាមេរិក ហើយរហូតដល់ឆ្នាំ១៩៨២ តុលាការកំពូលអាមេរិក បានសម្រេចថាប្រធានាធិបតីមានអភ័យឯកសិទ្ធិពីបណ្ដឹងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងសកម្មភាពដែលបានប្រព្រឹត្តអំឡុងពេលកាន់អំណាច។ ក្នុងការមូលមតិគ្នា ភាគច្រើន តុលាការកំពូលអាមេរិកបានគូសបញ្ជាក់ថា «ដោយសារតែសារៈសំខាន់ មិនអាចខ្វះបាននៃភារកិច្ចរបស់ប្រធានាធិបតី ការបង្វែងចំណាប់អារម្មណ៍ដោយសារតែ បណ្ដឹងរដ្ឋប្បវេណី នឹងបង្កើនហានិភ័យដល់ប្រសិទ្ធភាពនៃដំណើរការរបស់រដ្ឋាភិបាល»។

លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានចាញ់ក្ដីក្នុងសំណុំរឿងរដ្ឋប្បវេណីដែលស្ត្រីម្នាក់ឈ្មោះ Jean Carroll បានប្ដឹងរូបលោកពីបទបរិហាកេរ្តិ៍ និងបៀតបៀនផ្លូវភេទផងដែរ។ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ និងអះអាងថារូបលោកមានអភ័យឯកសិទ្ធិប្រធានាធិបតី។ ប៉ុន្តែ សាលាឧទ្ធរណ៍សហព័ន្ធមួយរបស់សហរដ្ឋអាមេរិក បានច្រានចោលការអះអាង របស់អតីតប្រធានាធិបតីរូបនេះ និងបង្គាប់កាលពីខែមករា ឱ្យរូបលោកសងជំងឺចិត្ត ៨៣.៣លានដុល្លារដល់លោកស្រី Carroll។ លោក ត្រាំ បានសន្យាថាលោកនឹងប្ដឹងជំទាស់ សាលក្រមសម្រេចចិត្តនេះ។

​* អ្វីទៅជាអំណះអំណាងរបស់លោក ត្រាំ?
លោក ដូណាល់ ត្រាំ កំពុងបញ្ចុះបញ្ចូលតុលាការអាមេរិកថារូបលោកមិនគួរប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌសហព័ន្ធនោះទេ ជុំវិញការចោទប្រកាន់ថា រូបលោកបានបង្កឧបសគ្គ និងព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ ដែលលោកបានចាញ់ក្រោមថ្វីដៃរបស់លោក ចូ បៃដិន។ ប៉ុន្តែ នៅក្នុងសាលក្រម សម្រេចដោយ​ឯកច្ឆន្ទ ចៅក្រមទាំង៣រូបនៃសាលាឧទ្ធរណ៍ DC Circuit បានបញ្ជាក់ថា «អភ័យឯកសិទ្ធិដែលអាចការពារលោក ត្រាំ អំឡុងពេលនៅកាន់តំណែងជាប្រធានាធិបតី មិនអាចការពាររូបលោកពីការចោទប្រកាន់ ឬការកាត់ទោសតទៅទៀតបានឡើយ»។

នៅត្រង់នេះ បញ្ហាដែលសំខាន់ នោះគឺស្ថិតនៅត្រង់លក្ខខណ្ឌនៃការកំណត់ព្រំដែនអភ័យឯកសិទ្ធិប្រធានាធិបតី ហើយរដ្ឋអាជ្ញាពិសេសអាមេរិកដែលត្រួតពិនិត្យសំណុំរឿងលោក ត្រាំ គឺលោក Jack Smith ធ្លាប់បានស្នើឱ្យតុលាការកំពូលអាមេរិកទទួលយកសំណុំរឿងអភ័យឯកសិទ្ធនេះទៅពិចារណាជាបន្ទាន់ដែរ។ ប៉ុន្តែ តុលាការកំពូលអាមេរិកបានបដិសេធ និងរុញសំណុំរឿងនេះទៅឱ្យសាលាឧទ្ធរណ៍ DC Circuit ជាអ្នកសម្រេចជាមុនសិន។ អំឡុងសវនាការនៅឯសាលឧទ្ធរណ៍នេះដែរ ក្រុមមេធាវីរបស់លោក ត្រាំ​ បាននិយាយថា លោកអតីតប្រធានាធិបតី អាចត្រូវបានកាត់ទោស ប្រសិនបើពីមុន រូបលោកត្រូវបានសភាទាំង២របស់អាមេរិកដកតំណែង និងកំណត់ថាមានពិរុទ្ធ។ នៅពេលចៅក្រម លោកស្រី Florence Pan ប្រឆាំងនឹងការអះអាងនេះដោយសួរត្រឡប់ទៅវិញថាតើនេះមានន័យថាប្រធានាធិបតីម្នាក់អាចបញ្ជាឱ្យកុម្ម៉ង់ដូរ Seal សម្លាប់គូប្រជែងនយោបាយបានដែរឬ? ក៏ក្រុមមេធាវីលោក ត្រាំ នៅតែនិយាយដដែលថាលោក ត្រាំ គួរតែត្រូវបានដកតំណែង និងសម្រេចថាមានពិរុទ្ធសិន មុននឹងត្រូវបានកាត់ទោស។

គួរបញ្ជាក់ថា ក្រុមអ្នកច្បាប់អាមេរិកភាគច្រើន បានយល់ស្របគ្នាថាអភ័យឯកសិទ្ធិប្រធានាធិបតី ក្នុងកាលៈទេសខ្លះគឺជារឿងត្រឹមត្រូវ តែពួកគេមានការខ្វែងគំនិតគ្នាពីវិសាលភាព និងរយ​ៈពេលនៃអភ័យ​ឯកសិទ្ធិនេះ។ លោក Saikrishna Prakash ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of Virginia School of Law ធ្លាប់បានលើកឡើង កាលពីឆ្នាំ២០២១ថា វាមានហេតុផលតិចតួចបំផុត ក្នុងការសន្មត់ថារដ្ឋធម្មនុញ្ញអាមេរិកបានផ្ដល់អភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស និងដាក់ពិន័យ ហើយការដាក់ពិន័យដែល អាចធ្វើទៅកើត ទាល់តែឆ្លងកាត់នីតិវិធីចោទប្រកាន់ដកតំណែងដោយសភា នឹងបណ្ដោយឱ្យប្រធានាធិបតីម្នាក់បន្តបំពានលើច្បាប់ រួមទាំងរដ្ឋធម្មនុញ្ញ។

តាមលោក Prakash «ទោះជាប្រធានាធិបតីជាតួអង្គពិសេសទាំងក្នុងរដ្ឋធម្មនុញ្ញ និងអាយុជីវិតប្រទេសជាតិក៏ដោយ ក៏ពួកគេមិនអាចប្រើអភ័យឯកសិទ្ធិ ដើម្បីជាខែលការពារ ការប្រព្រឹត្តទោសឧក្រិដ្ឋរបស់ពួកគេបាននោះឡើយ៕

អត្ថបទទាក់ទង