Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ 373
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម
ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា
នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។ សម្ដេចតេជោបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិត
ស្និទ្ធមួយកម្រិតថែមទៀត។ ជាងនេះទៅទៀតសម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៥ នេះគឺជាខួបទី១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្ដេចបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ថាជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយនៅពេលដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ឯកឧត្តម ជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី៤ខែមុន នៅប្រទេសចិន តែពេលនេះ ឯកឧត្តមបានមកជួប សម្ដេចតេជោផ្ទាល់នៅប្រទេសកម្ពុជា។
ឯកឧត្តមបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្តមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តម មើលទៅលើទឹកមុខរបស់ប្រជាជនដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយស្វាគមន៍ឯកឧត្តម ដោយចេញពីបេះដូង ឯកឧត្តមពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងអំពីតួនាទីរបស់ចិន ដែលសម្ដេចបានកោតសរសើរចំពោះមុខឯកឧត្តមប្រធានាធិបតីចិន ថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិតផ្ដួចផ្ដើមសន្តិសុខសាកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សាកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការ សហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។
សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្ត នយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ ។
សម្ដេចតេជោក៏បានរំលេច បន្ថែមដោយលើកឡើងស្នើឲ្យភាគីចិនបន្តគាំទ្រនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេស ដោយសម្ដេចបានមានប្រសាសន៍លើកឡើងឱ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនូវមិត្តភាព បន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ប្រទេសទាំងសងខាង។
សម្ដេចតេជោក៏បានបន្ថែមឲ្យភាគីចិនបន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានាក្នុងការអភិវឌ្ឍរបស់កម្ពុជា។ ជាការឆ្លើយតប នឹងការលើកឡើងរបស់សម្ដេចតេជោ ឯកឧត្តម ស៊ី ជីនពីង បានមានប្រសាសន៍បន្ថែមថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។ ឯកឧត្តមបន្តទៀតថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការអភិវឌ្ឍនក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់ឯកឧត្តម ស៊ី ជីនពីង ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដោយសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តមប្រធានាធិបតី ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាចុងក្រោយ ភាគីទាំងពីរបានសំដែងនូវការអរគុណគ្នាទៅវិញទៅមក ជាពិសេសសម្ដេចតេជោក៏បានជូនពរចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីងនៅកម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យ៕
 

អត្ថបទទាក់ទង