Grand News Asia Close

ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ 356
ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

 

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតីក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលេីផ្នែកខ្សែច្រវាក់ផលិតកម្ម ។

សម្តេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង