សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកសិល្បៈទាំងអស់ដែលទទួលបានជោគជ័យនៃការសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ
នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់នៃទិវាវប្បធម៌ជាតិនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេសផងដែរ៕