Grand News Asia Close

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 19:28 pm ព័ត៌មានជាតិ 335
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.យ.ប. លើកទី៤ ដើម្បីពិនិត្យនិងពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះ ដែលមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន​ និងចំណុចដៅពេញលេញនៅក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មរបស់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (ក្របខ័ណ្ឌ M&E-PS1)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដមជាសមាជិក គ.យ.ប. និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និង​អគ្គលេខាធិការដ្ឋាន គ.យ.ប. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូស​រំលេចជូនអង្គប្រជុំថា បន្ទាប់ពី​ក្របខ័ណ្ឌ M&E-PS1 ត្រូវបាន​សម្រេចដាក់ឱ្យអនុវត្តផ្លូវការនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ, ក្នុងចំណោម​សូចនាករសមិទ្ធកម្មគន្លឹះ (KPI) សរុបទាំង ៣៩, គ.យ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះដែលនៅសេសសល់មួយចំនួន ដែលពុំ​ទាន់មានបន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅឡើយ ទាំងសូចនាករដែល​​ប្រើប្រាស់​ទិន្នន័យរដ្ឋបាល និង ​ទិន្នន័យដែល​​តម្រូវឱ្យមានការអង្កេតថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ គឺជាកិច្ច​ការមួយដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​ប្រទេស​ ដើម្បីវាស់វែងសមិទ្ធកម្ម​នៃការអនុវត្ត​គោលនយោបាយ​ សម្រាប់​​ជាមូលដ្ឋាន​​ ក្នុងការលើកកម្ពស់គណ​នេយ្យ​ភាពរបស់​ក្រសួង ស្ថាប័ន ចំពោះប្រមុខរាជរដ្ឋាភិបាលផង និង​ប្រជាពលរដ្ឋផង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​បញ្ជាក់​ជូន​អង្គប្រជុំថា ការកំណត់ចំណុចដៅ គឺមានភាពខុសគ្នាពីការព្យាករទូទៅ ដោយសារការកំណត់ចំណុចដៅ ត្រូវពិនិត្យលើនិន្នាការកន្លងមកនៃទិន្នន័យដោយវាយតម្លៃនូវនិន្នាការ ឬការវិវឌ្ឍទៅមុខ (Business As Usual) ផង និងរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់ក្រសួង ស្ថាប័ន (Additional Effort) ផង តាមរយៈការដាក់ចេញនូវគោលនយោបាយ វិធានការជំរុញ ឬផែនការសកម្មភាពនានា ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត ដែលបានកំណត់ជាចំណុចដៅ។ ពាក់ព័ន្ធនឹងការកំណត់​បន្ទាត់មូលដ្ឋាន និង​ចំណុចដៅនេះ អង្គប្រជុំបានពិភាក្សាយ៉ាង​ផុសផុល​លើ​បញ្ហាជាច្រើន​ ដែល​សង្គម​ សេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងជួបប្រទះ និង​ត្រូវគិតគូរដោះស្រាយជាយុទ្ធសាស្រ្តនិងជាដំណាក់​កាល​ៗ រួមមាន៖ កំណើន​​សេដ្ឋកិច្ច សន្តិសុខសង្គម ភាពក្រីក្រ គ្រោះ​មហន្តរាយ ការអប់រំ ការកៀរគរវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាស​ធុនតូចនិង​មធ្យម និងកសិកម្ម ជាពិសេសបញ្ហាទិន្នន័យនិង​ស្ថិតិ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ច​ការ​ដ៏មានសារៈសំខាន់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន​ សម្រាប់​រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាស​វៃ ស្វាហាប់ និង​ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​តាមដានវឌ្ឍនភាព និង​សមិទ្ធកម្មរបស់​ក្រសួង ស្ថាប័នលើ​ការអនុវត្ត​គោលនយោបាយ​ កម្មវិធីអាទិភាព និង​វិធានការ​គន្លឹះនានា​ ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ច​ដំណើរការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់​កម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់​លើ​កិច្ចការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ទាំងក្នុងដំណាក់​កាល​នៃការរៀបចំបន្ទាត់​មូលដ្ឋាននិងចំណុចដៅ រហូតដល់ដំណាក់កាលតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់​ស្តែង ជាពិសេសការប្រមូល និងការ​ប្រើប្រាស់​ទិន្នន័យប្រកបដោយគុណភាព និង​ប្រើប្រាស់វិធីសាស្រ្ត​​បែបលក្ខណៈវិទ្យា​សាស្រ្ត ដើម្បីបន្ត​ធានា និង​បង្កើនភាពជឿទុកចិត្តរបស់​ប្រជាពលរដ្ឋ និង​ធុរកិច្ច​មកលើ​រាជរដ្ឋាភិបាល​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដមជាសមាជិក គ.យ.ប. និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ​ផ្ដល់ធាតុចូល ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ក្នុង​តារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម នៃ​ក្របខ័ណ្ឌ M&E-PS1 ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានបន្តសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកិច្ចការនេះឱ្យមានគុណភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្ត​សម្អាត​តារាង​ម៉ាទ្រីស​វាស់​វែង​សមិទ្ធកម្ម និង​រៀបចំ​របាយការណ៍វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ M&E-PS1 ដើម្បី​ដាក់​ជូនកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ​ ពិភាក្សា និង​តម្រង់​ទិស នាពេល​ខាងមុខ ​ក្នុងន័យធានាគណនេយ្យភាព​របស់​ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងការ​បន្តកិច្ចដំណើរការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ចជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិទាំងមូល៕

 

    

អត្ថបទទាក់ទង