ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី!
(១) ប្រើហ្វេសប៊ុកជាមធ្យោបាយទទួលព័ត៌មាន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋ
ខ្ញុំមានសេចក្ដីសោមនស្សរីករាយបានមកចូលរួមក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ថ្ងៃនេះ … កាលពីថ្ងៃ១៥ ខែកញ្ញា ខ្ញុំបានចុះទៅ … ឃើញតាមសំណើតាមហ្វេសប៊ុកមក។ ឃើញក្មួយៗ ឡើងធ្វើវេទិកាសាធារណៈស្នើសុំ។ ក៏ចុះទៅមើល។ បានផ្ដល់ការសាងសង់អគារនៅទីនោះ។ តាមហ្វេសប៊ុកដដែល ឃើញលោកគ្រូចូលខម្មិនថា សម្ដេចនៅក្រុងតាខ្មៅមានវិទ្យាល័យមួយទៀត វិទ្យាល័យ ហ៊ុន សែន សេរីភាព។ ថ្ងៃ២០(កញ្ញា) បានអោយឯកឧត្តម ខេង សុមេធ ចុះទៅមើល ក៏សម្រេចសង់(អគារ)មួយខ្នង ៣០បន្ទប់ ៣ជាន់ នឹងជួសជុល(ផ្សេងៗទៀត)។ កន្លងទៅ សម្ដេចតេជោក៏ធ្លាប់ប្រើហ្វេសប៊ុកជាមធ្យោបាយមួយ(ក្នុងការទាក់ទងក្តាប់និងដោះស្រាយសំណូមពរ)។ ឥឡូវ ខ្ញុំក៏ប្រើដើម្បីឆ្លើយឆ្លង។ ខ្ញុំបានទទួលព័ត៌មានច្រើន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋតាមហ្វេសប៊ុក។ អ្នកខ្លះថា ហេតុអីក៏លោក ហ៊ុន ម៉ាណែត ចាំបាច់ boost Facebook ធ្វើអី? Boost ដើម្បីអោយខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋកាន់តែច្រើន។
ពេលដែលយើងផូស្តFacebook មិនឱ្យ(មានអ្នក)មើលឃើញបានច្រើនទេ។ ខ្ញុំអត់ boost ភាគច្រើនផេកផ្ទាល់ខ្លួនទេ។ ទាល់តែ boost ទៅឱ្យឃើញទើបបានប្រជាពលរដ្ឋអាចឆ្លើយឆ្លងជាមួយខ្ញុំ។ បើអ្នកគ្រូអត់ឃើញ ធ្វើម៉េចដឹងថាខ្ញុំអោយ(អគារសិក្សា)ទៅ(សាលា)តាខ្មៅ? មកពីបានទំនាក់ទំនង។ ថ្ងៃនេះបានមកជួបផ្ទាល់តែម្ដង គឺឃើញមានការរីកចម្រើន។ ខ្ញុំសូមអរគុណចំពោះការស្វាគមន៍ព្រឹកមិញ។ ឃើញក្មួយៗ កាន់ទូរស័ព្ទ។ ខ្ញុំសួរថ្នាក់ទីប៉ុន្មាន? អត់ឆ្លើយមួយម៉ាត់ ទាញទូរស័ព្ទថតយកតែម្ដង។ ខ្ញុំចាំមើល មានអ្នកហៅខ្ញុំតាឬអត់ ព្រោះអត់បានលាបសក់ខ្មៅ។ មានតែហៅត្រឹមអ៊ំ។ បើហៅតាព្រឹកមិញ ប្រហែលជាសុំឡើងឡានទៅវិញហើយ។ ប្រហែលមកពី ឯកឧត្តម គួច ចំរើន ឈរក្បែរ។ ទោះបីជាខ្ញុំស្កូវ ក៏មិនស្កូវដល់គាត់។ អញ្ចឹងអាចហៅខ្ញុំត្រឹមអ៊ំបាន ព្រោះឯកឧត្តម គួច ចំរើនសក់សទាំងអស់។ ក្មួយៗព្រឹកមិញគេសុំឱប។ ខ្ញុំថាឱបកុំសុំ អ៊ំអត់ដែលហ៊ានឆ្លើយទេ ឱបតែម្ដងទៅ។
(២) ដោយសារកំណើនសិស្ស មិនអាចបំបែកទីតាំងក្នុងក្រុង មានតែកសាងនៅហ្នឹងអគារខ្ពស់នៅហ្នឹងទីតាំង
សូមពាំនាំការផ្ដាំផ្ញើពីសម្ដេចតេជោ និងសម្ដេចគិតិព្រឹទ្ធបណ្ឌិត។ កាលពីពេលលោកនៅជានាយករដ្ឋមន្ត្រី សម្តេចតេជោបានជួយសាលានេះច្រើន។ ឥឡូវខ្ញុំក៏ជាអ្នកតាខ្មៅដែរ។ កាលពីមុននៅទួលគោក។ មួយឆ្នាំកន្លះនេះ បានក្លាយជាអ្នកតាខ្មៅ។ អង្គុយគិតជាមួយសម្ដេចតេជោ។ កន្លងទៅ សម្ដេចលោកថា យើងដូចជួយសាលាច្រើនទូទាំងប្រទេស តែភូមិយើងដូចអត់ទាន់បានច្រើន។ នៅទីនេះ ដូចជាមានសាលាសម្ដេចតេជោ ៦ខ្នង សង់ជាបន្តបន្ទាប់ ដោយសារកំណើនសិស្ស។ យើងអត់ជម្រើសទេ។ ជម្រើសមួយគឺបំបែកទីតាំងក៏លំបាកព្រោះសិស្សធ្វើដំណើរឆ្ងាយ។ បើនៅក្នុងក្រុង ឥឡូវនេះបំបែកទីតាំងថ្មី អត់មានកន្លែងនៅក្បែរហ្នឹងទេ។ ត្រូវទៅឆ្ងាយ។ យើងមានតែកសាងទីតាំងនៅហ្នឹងកន្លែង។ មានតែសង់អគារ(ខ្ពស់)។ កាលពីមុនសង់មួយជាន់។ ឥឡូវមានតែសង់ ៣ជាន់ ៣០បន្ទប់។ បើសិនជាសង់ស្ដង់ដាលើកមុន មួយខ្នងមួយជាន់ ៦បន្ទប់ ទាល់តែ ៥អគារ។ អញ្ចឹងយើងឡើងនៅហ្នឹងកន្លែង។ នេះគឺជាការវិវឌ្ឍនៃតម្រូវការរបស់ប្រជាជន។ ទំនើបកម្មមិនត្រឹមតែអគារទេ មិនត្រឹមតែបន្ទប់ច្រើនទេ ក្នុងបន្ទប់នីមួយៗត្រូវមានផាសុកភាពស្ដង់ដា បំពាក់គ្រឿងឧបករណ៍ឱ្យក្មួយៗរៀន។ ថ្ងៃមុនឃើញឯកឧត្តម ខេង សុមេធ យក computer, projector, slide មកបំពាក់គឺទំនើបកម្មតាមអាចធ្វើបាន។
(៣) ធ្វើឱ្យសិស្សមានលទ្ធភាពចាប់យកបច្ចេកវិទ្យាក្នុងកម្រិតណាមួយក្នុងការរៀនសូត្រតាំងពីថ្នាក់បឋមសិក្សា
យើងមិនអាចធ្វើ(អគារសិក្សាតាមតម្រូវការអោយ)គ្រប់នៅទូទាំងប្រទេសក្នុងពេលតែមួយបានទេ។ យើងខិតខំជាជំហានៗ នៅខេត្តគ្រប់កន្លែង ដែលអាចមានលទ្ធភាពធ្វើបាន។ កន្លងទៅ (រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ)ពង្រឹងថ្នាក់បឋមនេះ កន្លែងខ្លះយើងមានលទ្ធរៀបចំជាសាលកុំព្យូទ័រ។ អរគុណឯកឧត្តម ជា វ៉ានដេត ដែលបានជួយបំពាក់ជាច្រើនកន្លែង ប៉ុន្តែនៅកន្លែងខ្លះទៀតមិនទាន់បានបំពាក់ ដោយសារយើងខ្វះភ្លើងខ្វះអី។ យ៉ាងណាក្តី ទៅមុខទៀតយើងនឹងខិតខំធ្វើអោយការរៀនសូត្ររបស់ក្មួយៗ អាចមានលទ្ធភាពចាប់យកបច្ចេកវិទ្យាក្នុងកម្រិតណាមួយ តាំងពីថ្នាក់តូចៗ តែម្ដង។ នេះគឺជាគោលដៅវិស័យអប់រំ ធ្វើការពង្រឹងតាំងពីមូលដ្ឋាន មិនចាំដល់មហាវិទ្យាល័យ ឬមួយដល់កម្រិតវិទ្យាល័យ ទើបបានរៀនកុំព្យូទ័រទេ។ យើងអាចអោយគាត់ស្គាល់ អោយគាត់រៀនកម្រិតណាមួយពីថ្នាក់អនុវិទ្យាល័យ។ ឥឡូវ បឋមសិក្សាខ្លះឈានទៅមានលទ្ធភាពពង្រីកតាមដែលអាចធ្វើទៅបាន។ រដ្ឋវិនិយោគ ឬមួយធ្វើការជាមួយដៃគូឯកជន ដៃគូអភិវឌ្ឍជាច្រើននៅក្នុងការងារនេះ។ មានការខិតខំកែសម្រួលច្នៃប្រឌិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។ កន្លែងខ្លះយើងរៀបចំជាសាលាជំនាន់ថ្មី សាលាដែលរដ្ឋវិនិយោគ។ យើងមានការចូលរួមពីដៃគូ និងពីឪពុក-ម្ដាយមួយចំនួន។
(៤) សាលាជំនាន់ថ្មីជារូបមន្តជោគជ័យ តែចំនាយច្រើន កំពុងសាកល្បងរូបមន្តសាលាគំរូ
ឥឡូវយើងខិតខំរករូបមន្ត(ពង្រឹងការអប់រំថ្នាក់មូលដ្ឋាននេះ) ព្រោះការពង្រីកតាមសាលាជំនាន់ថ្មីមានកម្រិត ដោយសារចំណាយច្រើន។ យើងចំណាយជាង ១លានដុល្លារ ក្នុង ១១សាលា/ឆ្នាំ។ យើងមាន ១១សាលាដែលជាសាលាជំនាន់ថ្មី។ ថ្ងៃមុន ខ្ញុំអោយលុបមជ្ឈមណ្ឌសិក្សាទំនើប។ មិនមែនលុបសាលាជំនាន់ថ្មីទេ។ សាលាជំនាន់ថ្មីជារូបមន្តជោគជ័យមួយ ដែលរដ្ឋនិងសហគមន៍រួមគ្នាជួយដល់សាលាដែលរដ្ឋគ្រប់គ្រង ដើម្បីបង្រៀនដល់សិស្សទាំងអស់គ្នា។ តែយ៉ាងណាក្តី មិនចាំបាច់តែសាលាជំនាន់ថ្មីទេ។ យើងនឹងខិតខំធ្វើទំនើបកម្មកម្រិតណាមួយ (ដោយគិតពី)វិធីសាស្ត្រផ្សេងទៀត។ឥឡូវ សាលាគម្រូមួយចំនួនមិនចាំបាច់ទៅដល់កម្រិត(សាលាជំនាន់ថ្មី)នោះទេ។ យើងកំពុងសាកល្បងសាលាមួយចំនួន តាមរយៈការវិនិយោគបន្ថែមលើការបង្រៀនក្រៅម៉ោង ឬបន្ថែមម៉ោងដើម្បីអោយសិស្សបានសិក្សាថែម។ បន្តិចម្ដងៗ យើងធ្វើតាមលទ្ធភាព។ ប៉ុន្តែ ជាទិសដៅ ពេលណាដែលលទ្ធភាពយើងកាន់តែកើន យើងនឹងផ្ដល់ការអប់រំកម្រិតបឋមនិងកម្រិតមធ្យមនេះអោយកាន់តែល្អ។ កម្រិតទាំងពីរនេះមាន ១២ឆ្នាំ គឺពីថ្នាក់បឋម ដល់ថ្នាក់ទី១២។ បើយើងរៀន ១២ឆ្នាំ មានមូលដ្ឋានគ្រឹះរឹងមាំ ឡើងផុតពីហ្នឹងទៅមហាវិទ្យាល័យគឺលែងលំបាកហើយ។
(៥) ឪពុកម្ដាយចង់ឱ្យកូន/ចៅកាន់តែមានលទ្ធភាពល្អ រាជរដ្ឋាភិបាលចង់សំរេចបានលទ្ធផលល្អជូនប្រជាពលរដ្ឋ
ខ្ញុំសូមចូលរួមអបអរសាទរជាមួយគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មាតា បិតា អាណាព្យាបាលនិងប្រជាជនក្នុងក្រុងតាខ្មៅ ជាពិសេសសិស្សានុសិស្សដែលកំពុងរៀននៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ចំពោះសិទ្ធផលថ្មីដែលដាក់អោយសម្ពោធបន្ថែម។ យើងកំពុងតែកសាងបន្ថែមទៀត ដើម្បីធ្វើឱ្យបានផលកាន់តែច្រើន ឱ្យបានក្មួយៗ ជំនាន់ក្រោយៗ កាន់តែមានលទ្ធភាពល្អប្រសើរជាងមុន។ ការវិវឌ្ឍត្រូវតែអញ្ចឹង ពីមួយជំនាន់ទៅមួយជំនាន់។ ជំនាន់ខ្ញុំ ឪពុក-ម្ដាយឆ្លងកាត់សង្គ្រាម គាត់អត់មានឱកាស ប៉ុន្តែគាត់សប្បាយចិត្តនៅពេលដែលជំនាន់ខ្ញុំបានរៀន។ ជំនាន់ខ្ញុំអោយជំនាន់កូនខ្ញុំកាន់តែប្រសើរជាងខ្ញុំ។ យើងល្អហើយ។ យើងអត់ច្រណែនកូនៗ យើងទេ។ បន់អោយជំនាន់កូន/ចៅ កាន់តែមានលទ្ធភាពល្អជាងយើងទៀត។ នេះជាទឹកចិត្តរបស់ឪពុកម្ដាយ។ រាជរដ្ឋាភិបាលក៏ដូចគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ពីមួយអាណត្តិទៅមួយអាណត្តិ យើងរួមគ្នាចង់បានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋ។ ហ្នឹងគឺជាគោលដៅរបស់យើង។ ត្រូវរួមគ្នាធ្វើតទៅទៀត។
(៦) ដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីកុំអោយកូនៗ ឈប់រៀន
ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ហើយ។ នេះក៏ជាសមិទ្ធផលបន្ថែមក្នុងវិស័យអប់រំក្នុងខេត្ត(កណ្តាល)។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់ក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធរខេត្តកណ្ដាលគ្រប់ជាន់ថ្នាក់ មន្ទីរអប់រំដែលបានជួយជំរុញលើកកំពស់វិស័យអប់រំកន្លងទៅនេះ។ ការអប់រំមួយមិនមែននិយាយសំដៅតែទៅលើហេដ្ឋារចនាសម្ព័ន្ធទេ។ យើងនិយាយពីកម្មវិធីសិក្សា យើងនិយាយពីមធ្យោបាយសម្ភារៈសិក្សា ពីលោកគ្រូអ្នកគ្រូ ពីការយកចិត្តទុកដាក់នៅក្នុងការបង្កើត ការចូលរួមរបស់សិស្ស របស់មាតាបិតា។ បើសិនជាមានសាលាតែអត់សិស្សរៀន អត់មានគ្រូ អត់មានមាតាបិតា ក៏លំបាក។ យើងត្រូវដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីកុំអោយកូនៗ ឈប់រៀន។ ត្រូវជួយឪពុកម្ដាយ។ ត្រូវដោះស្រាយបញ្ហាគ្រប់ទាំងអស់។ នេះគឺការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរ។ ដូចជាសុវត្ថិភាព សន្តិសុខជាដើម បើសិនជាក្រុងតាខ្មៅគ្មានសុវត្ថិភាព យប់ឡើងមានចោរប្លន់ពេញហ្នឹង នឹងមិនមានកូន(ៗទៅ)រៀនទេ។ ជំនាន់ម៉ូតូសង់ប្រើពន្លឺថ្ងៃ។ លោក/អ្នកគ្រូដឹងទេ? អោយតែម៉ោង៦ ឡើង អត់ហានចេញពីផ្ទះទេ ខ្លាចចោរប្លន់។ ជិះបានតែថ្ងៃ។ ដល់ពេលយប់ចាក់សោរទុក …។
(៧) សមត្ថកិច្ចនិងកម្លាំងប្រដាប់អាវុធរួមគ្នារក្សាសុវត្ថិភាព ស្ថិរភាព សន្តិសុខ ដើម្បីការអប់រំ
សមត្ថកិច្ចនិងកម្លាំងប្រដាប់អាវុធ នគរបាលក៏ដូចជាអាវុធហត្ថ បានបំពេញភារកិច្ចរួមគ្នា។ ពាក្យហ្នឹងដូចជា ព្រហ្ម ម៉ាញ ឬនាយកុយ ហៅ ម៉ូតូសង់ប្រើពន្លឺថ្ងៃ។ អោយតែម៉ោង៦ ងងឹត ម៉ូតូគាត់ចូលផ្ទះ។ ក្នុងដំណាក់កាលមួយនោះឆ្នាំ១៩៩៨, ១៩៩៩ មានអស្ថិរភាពខ្លាំង។ ថ្ងៃមុនមានជនជាតិមកពីប្រទេសណាទេ ខ្ញុំអត់ចាំ។ គាត់មានអារម្មណ៍ថានៅស្រុកខ្មែរដើរម៉ោង ១០យប់ អត់មានអារម្មណ៍ខ្លាចអ្នកណាមកចាប់គាត់ ឬប្លន់គាត់។ គាត់ថាមិនគួរណាសោះនៅប្រទេសមហាអំណាចខ្លះ ចេញពេលយប់អញ្ចឹងខ្លាចគេប្លន់ទូរស័ព្ទ។ តែនៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ មានអារម្មណ៍ថាសុវត្ថិភាពជាងប្រទេសមហាអំណាចមួយចំនួន … បងប្អូនចេញទៅក្រៅប្រទេសឧស្សាហ៍បាត់ការបូប ក៏ដឹងហើយ។ ថ្ងៃមុន មានអ្នកថតមួយត្រូវចោរឆក់។ មួយម៉ោងឬ២ម៉ោងក្រោយ ប៉ូលីសនគរបាលរាជធានីបានចាប់ចោរបាន។ ខ្ញុំអរគុណ … យើងត្រូវមានសុវត្ថិភាព ស្ថិរភាព សន្តិសុខ ព្រោះវាពាក់ព័ន្ធជាមួយការអប់រំរបស់យើង។ សូមឆ្លៀតឱកាសនេះអរគុណទៅដល់គ្រប់ អ្នកពាក់ព័ន្ធទាំងអស់ មន្ត្រីរបស់យើង កងកម្លាំងប្រដាប់អាវុធ ជាពិសេសមន្ទីរអប់រំ និងក្រសួងអប់រំដែលជាខ្សែបណ្ដោយអាណាព្យាបាល ជាមួយមួយរដ្ឋបាលខេត្តខិតខំធានាជំរុញការងារនេះ។
(៨) កសាងធនធានមនុស្សសម្រាប់ជាតិ ដើម្បីជាតិម្ចាស់ការដោយឯករាជ្យ
យើងដឹងហើយពីសារៈសំខាន់នៃធនធានមនុស្ស។ មិនថាអ្នកមានអ្នកក្រ អ្នកនៅតាខ្មៅ អ្នកនៅបានលុង អ្នកនៅឆ្លូង សួរមើលចុះ តើចង់អោយកូនមានឱកាសអីទេ? ឪពុក-ម្ដាយណាក៏ប្រាកដជាថាទី១ ចង់អោយកូនមានឱកាសរៀនសូត្រ ដើម្បីថ្ងៃក្រោយមានសមត្ថភាពធ្វើការងារបានគ្រាន់បើ ជួយចិញ្ចឹមខ្លួនឯង និងឪពុក-ម្ដាយ។ ដូចតែគ្នា។ សារៈសំខាន់នៃការកសាងធនធានមនុស្សសម្រាប់ជាតិមួយដូចគ្នា។ យើងអត់អាចធ្វើអីបានច្រើនដោយម្ចាស់ការខ្លួនឯង ឯករាជ្យខ្លួនឯង បើសិនជាយើងគ្មានធនធានមនុស្សដែលអាចធ្វើការងារនេះបាន។ បើសិនជាយើងមិនមានសមត្ថភាពធ្វើទេ យើងនឹងនៅពឹងគេ។ ចាំទេ ចេញពីសង្គ្រាមឆ្នាំ១៩៧៩ មក យើងបាត់បង់មនុស្សមានចំណេះដឹងច្រើន។ ប៉ុល ពត សម្លាប់។ ពីដំបូងឡើយ យើង(មាន)ការងារជាច្រើនត្រូវការពឹងជំនាញការរុស្សី, វៀតណាម ទាំងប្រទេសលោកខាងកើត ដល់ឆ្នាំ១៩៩០ ជាង ពេលសមាហរណកម្មលើកដំបូង យើងពឹងជំនួយការ ជំនាញការជាច្រើនពីខាង IMF, World bank ពីបារាំង មកជួយធ្វើផែនការ ជួយធ្វើកម្មវិធីគោលនយោបាយសេដ្ឋកិច្ច។ តែឥឡូវនេះយើងធ្វើខ្លួនឯង។ មានទីប្រឹក្សាមួយចំនួនដូចជាខាង World Bank ក្នុងវិស័យមួយចំនួន ពេលខ្លះមាន IMF យើងជជែកជាមួយគេ តែម្ចាស់កសាងផែនការគឺយើងធ្វើទាំងអស់។ យើងពង្រឹងមធ្យោបាយ សមត្ថភាព លទ្ធភាព ប្រមូលទិន្នន័យធ្វើការងារនេះ។
(៩) ជួយគ្នាកសាងបន្ត ពង្រឹងសមត្ថភាពម្ចាស់ការខ្លួនឯង ប្រែស្ថានភាពពីប្រទេសនាំចូលទៅជាផលិតនាំចេញ
នៅក្នុងវិស័យអប់រំដូចគ្នា។ កាលមុនដូចជាគ្រឹះស្ថានឧត្តមសិក្សា ខាងសាលាពេទ្យយើង កាលហ្នឹងមានបារាំងជួយច្រើន។ ឥឡូវ យើងម្ចាស់ការខ្លួនឯង។ សិស្សទៅរៀននៅហ្នឹង។ តិចណូ ក៏បារាំងដែរ។ សូម្បីសាលាទាហានខ្លះកាលពីពេលមុនក៏មាន(គ្រូពីបារាំង) … បង្កើតដំបូង នាយទាហានសកម្មក៏មានទីប្រឹក្សាបារាំងនៅហ្នឹង។ ឥឡូវគាត់ដកចេញ។ យើង(មាន)សមត្ថភាពខ្លួនឯង។ ដោយសារអី? ដោយសារធនធានមនុស្ស។ កងវិស្វកម្មរបស់ ឯកឧត្តម ខេង សុមេធ អត់មានមកពីប្រទេសណាទេ សុទ្ធតែខ្មែរទាំងអស់។ តាំងពី សម្តេចតេជោ ឱ្យធ្វើ ២៥រាជធានី/ខេត្ត មិនដឹងកូនចៅគាត់មានប្រពន្ធមានកូនប៉ុន្មានខេត្តហើយទេ។ បើតាមខ្ញុំដឹង មាននៅស្ទឹងត្រង់មួយ។ អ្នកគ្រូស្នើសុំអគារមួយខ្នង។ សម្តេចតេជោ បញ្ជូនឯកឧត្តម ខេង សុមេធ(អោយចុះសិក្សា)។ ឯកឧត្តម ខេង សុមេធ បញ្ជូនមេការមួយកម្លោះទៅ។ ២ឆ្នាំក្រោយមក ខ្ញុំទៅសម្ពោធសាលា។
មេការរបស់ឯកឧត្តម ខេងសុមេធ និងអ្នកគ្រូដែលបានស្នើសុំអគារសិក្សា (បានរៀបការ)មានកូនមួយទៅហើយ។ នេះមិនខុសពី កាលអង្គរក្សចុះទៅជួយបូមទឹកនៅក្រាំងយ៉ូវ។ ពុកម៉ែ ថាទេ! តាំងពីបញ្ជូនទៅបូមទឹកបានធៀបការច្រើន។ ធ្វើម៉េចភ្ជាប់និស្ស័យមកទេវតាចារមកតែអញ្ចឹង។ សម័យនោះអត់ហ្វេកប៊ុក … យើងត្រូវធ្វើជំរុញជួយកសាងបន្តគ្នា។ បានន័យថាសមត្ថភាពរបស់កូនខ្មែរត្រូវម្ចាស់ការខ្លួនឯង។ ពីមុន របស់របរភាគច្រើនត្រូវបាននាំចូល។ ឥឡូវយើងផលិតនាំចេញ។ កាលមុនខាងធុរកិច្ចមួយ ក្រុមហ៊ុនមួយ ចង់ធ្វើ Program សម្រាប់គ្រប់គ្រងគណនេយ្យទីផ្សាររបស់គាត់។ ខ្ញុំចាំដូចផ្សារ lucky អីហ្នឹង ទៅទិញពីសិង្ហបុរីពីអីនោះ។ គេធ្វើ Program ឱ្យ។ ឥឡូវកូនខ្មែរយើងធ្វើខ្លួនឯង។ ការងារខ្ញុំធ្វើ ក្រុម IT របស់ខ្ញុំបង្កើត Program សរសេរកូដខ្លួនឯង។ គេដោះស្រាយបញ្ហាបាន។
(១០) បរិមាណក្នុងការបណ្តុះបណ្តាលមិនសំដៅតែហេដ្ឋារចនាសម្ព័ន្ធទេ តែក៏លទ្ធភាពទទួលបានការអប់រំច្រើន
អាចឈានដល់នេះបានដោយសារអី? ដោយសារការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាលធនធានមនុស្ស យើងមើលទៅលើ២កត្តា។ ទី១ បរិមាណ និងទី២ គុណភាព។ បរិមាណចង់និយាយពីអី? បរិមាណ មិនមែននិយាយតែពីហេដ្ឋារចនាសម្ព័ន្ធអោយមានច្រើននោះទេ។ បរិមាណ សំដៅផ្តល់លទ្ធភាពឱ្យបានច្រើន ឱ្យកូនខ្មែរទទួលបានការអប់រំ។ វាអត់មានផលប្រយោជន៍ច្រើនទេ បើយើងកសាងសាលា ១០០០ខ្នង នៅតែខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយសិស្សនៅខេត្តដ៏ទៃនៅតែអត់មានលទ្ធភាពរៀន។ យើងត្រូវពង្រាយសាលាឱ្យបានដល់ចុងកាត់មាត់ញកដែល សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្ត្រីបានខិតខំកសាងទាំង ២៥រាជធានី/ខេត្ត។ ខ្ញុំបាននិងកំពុងបន្តធ្វើតទៅទៀត ដើម្បីឱ្យកូនសិស្សនៅគ្រប់កន្លែងមានលទ្ធភាព(ចូល/បន្តសិក្សា)។ នេះហើយជានិយមន័យនៃបរិមាណ(នៃការបណ្តុះបណ្តាលក្នុងវិស័យអប់រំ) … ជាការទទួលផលជាបរិយាបន្ន។ យើងកសាងនិងពង្រាយសាលានៅគ្រប់កន្លែង។
សម្តេចតេជោ តែងមានប្រសាសន៍ថា “កុំឱ្យជំនាន់ក្រោយលំបាកដូចជំនាន់គាត់នៅក្មេងដែលខ្វះសាលា” … ឪពុកខ្ញុំអាចចេញមករៀននៅភ្នំពេញនៅវត្តនាគវ័ន្ត ១០ឆ្នាំជាង។ ត្រូវបែកពីឪពុក-ម្តាយ។ ក្នុងវ័យជំទង់ តែឪពុក-ម្តាយមិនចង់ឱ្យបែកទេ បើមានជម្រើស។ ក្មេងជំទង់រាងខិលបន្តិច។ ឪពុក-ម្តាយណាមានកូនអាចដឹងហើយ។ ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំនេះ គឺជាវ័យដែលថារស់រវើកខ្លាំងបន្តិច។ ដល់ពី ១៨ឆ្នាំឡើងទៅរាងស្រគត់ស្រគំមកវិញ។ អ្នកណាខ្លះអាយុ ១២ឆ្នាំទៅ ១៨ឆ្នាំលើកដៃ? ទាំងអស់ហ្នឹងតែម្តង។ ឪពុកម្តាយនិយាយត្រូវស្តាប់ណា។ មិនខូចអីទេ គ្រាន់តែថាការឆ្លើយតបរាងរស់រវើកជាងកាលនៅក្មេងត្រឹម ១១ឆ្នាំ ១២ឆ្នាំ។ ពេលដែលគាត់ដល់វ័យ ១៨ឬ ១៩ឆ្នាំ ក៏កំពុងតែពេញស្រឡាញ់ កំពុងតែត្រូវការថ្នាក់ថ្នមជាប់ជាមួយឪពុកម្តាយដើម្បីណែនាំតម្រង់ទិស។
(១១) ពង្រឹងបរិមាណក្នុងការសិក្សា គឺធ្វើឱ្យសិស្សរៀនបានច្រើន រៀនបានវែង និងរៀនបានខ្ពស់
ហ្នឹងហើយដែលថាខិតខំធ្វើឱ្យជំនាន់ក្រោយកុំឱ្យលំបាក ពិសេសអ្នកនៅជនបទ ដើម្បីឱ្យកូនមានឱកាសរៀន។ បើស្រីៗ គឺដឹងតែអត់តែម្តង ភាគច្រើនគឺសឹងតែអត់តែម្តង ត្រូវចេញទៅឆ្ងាយពីឪពុក-ម្តាយអាយុប៉ុណ្ណឹងគឺមិនងាយទេ។ ការជំរុញបរិមាណក្នុងការសិក្សាគឺផ្តល់ឱកាស។ មិនមែនតែថ្នាក់ថ្នាក់មត្តេយ្យសិក្សា ឬបឋមសិក្សាទេ។ យើងពង្រាយទៅដល់កំរោតឧត្តមសិក្សាហើយ។ វិស័យឯកជនបានចូលរួមពង្រីកមហាវិទ្យាល័យ សាកលវិទ្យាល័យតាមខេត្ត ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ រួមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនទៅរៀន។ ខ្ញុំចែកសញ្ញាបត្រម្តងៗជួបលោកគ្រូ អ្នកគ្រូ វិទ្យាល័យ ទៅរៀនយកបរិញ្ញាបត្រជាន់ខ្ពស់។ គាត់ធ្វើ(ការផងរៀន)ផង។ បើកាលមុន (ដើម្បីបានសិក្សា)ទាល់តែមកភ្នំពេញ ទាល់តែបោះបង់(ការងារ)។ ឥឡូវគាត់ធ្វើការផងគាត់រៀនថ្ងៃសៅរ៍-អាទិត្យ ឬមួយក៏រៀនយប់។ តស៊ូយកបាន។ នេះចង់និយាយអំពីបរិមាណ។ បរិមាណគឺត្រូវធ្វើឱ្យសិស្ស ឱ្យប្រជាពលរដ្ឋកូនចៅយើងរៀនឱ្យបានច្រើន ហើយរៀនឱ្យបានវែង និងរៀនឱ្យខ្ពស់។
(១២) ការតម្លើងហ្នឹងកន្លែងពីបឋមសិក្សាទៅអនុវិទ្យាល័យ/វិទ្យាល័យ ជួយឱ្យសន្សំបានមួយចំនួន
អញ្ចឹងបានជាយើងរុញបឋមសិក្សា ទៅជាអនុវិទ្យាល័យ និងកន្លែងខ្លះ ដំឡើងទៅជាវិទ្យាល័យតាមដែលអាចធ្វើទៅបាន។ យើងមិនអាចពង្រាយវិទ្យាល័យច្រើនដូចបឋមនោះទេ។ យើងខិតខំពង្រីកឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេសកន្លែងខ្លះ យើងដំឡើងនៅហ្នឹងកន្លែង។ ដូចនៅកន្លែងនេះ យើងដំឡើងពីអនុវិទ្យាល័យ មកវិទ្យាល័យនៅឆ្នាំ ២០០៤ឬ ២០០៥។ ដូចជា ២០ឆ្នាំមុន។ បើសិនជាយើងមិនដំឡើងជាវិទ្យាល័យនៅហ្នឹងកន្លែងទេ ក្មួយៗ ត្រូវធ្វើដំណើរទៅរៀននៅវិទ្យាល័យកន្លែងផ្សេង។ នៅខេត្តកណ្តាលអាចមាននៅក្បែរនេះ អាចដាក់បន្ទុកនៅកន្លែងណាមួយឱ្យច្រើន។ ប៉ុន្តែនៅខេត្តមួយចំនួនគឺ ២០ទៅ ៣០គីឡូដែលកន្លែងខ្លះសិស្សត្រូវពិបាក។ ដោយហេតុនេះ យើងដំឡើងនៅហ្នឹងកន្លែងជាជាងទៅឆ្ងាយ។ គាត់នៅកន្លែងហ្នឹងរៀនតាំងពីបឋមរហូតទៅដលកន្លែងខ្លះអនុវិទ្យាល័យ ទៅដល់វិទ្យាល័យ។ ធ្វើដូចនេះ យើងសន្សំបានមួយចំនួនដូចជាគ្រូបង្រៀន ធនធាន គណៈគ្រប់គ្រង បូកនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ដូចនេះ និយាយពីបរិមាណ ដើម្បីឱ្យសិស្សច្រើន បានរៀនច្រើន មានតែយើងវិនិយោគលើការកសាងសាលា កសាងទីតាំង កសាងអគារ។
(១៣) កំណើនសិស្សក្នុងរយៈពេល ១០ឆ្នាំ បង្ហាញពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងអត្រាកំណើតខ្ពស់
អគារឥឡូវការបំពាក់(ឧបករណ៍និងធ្វើ)ទំនើបកម្ម ក្រៅពីនោះ យើងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ តាមកន្លែងដែលមាន។ កន្លែងខ្លះមានតារាងបាល់ទាត់ កន្លែងខ្លះមានតារាងបាល់បោះ ដើម្បីឱ្យសិស្សបានរៀនច្រើន ឱ្យសិស្សមានឱកាសដំឡើង Computer … ឱ្យបរិមាណសិស្សដែលស្គាល់ Computer ពីថ្នាក់តូចមក តាំងពីមុនសាកលវិទ្យាល័យ។ នេះហើយនិយមន័យនៃបរិមាណ។ តាមរបាយការណ៍របស់ ឯកឧត្តម គួច ចំរើន (ក្នុងខេត្តកណ្តាល)បូកសរុបពីមត្តេយ្យសាលារហូតដល់មធ្យមសិក្សា មាន ៩១០ស្ថាប័ន ទាំងឯកជនទាំងរដ្ឋ ព្រោះបើ ៧៦៩ ជាគ្រឹះស្ថានរដ្ឋហើយ ១៤១ទៀតគឺគ្រឹស្ថានឯកជន។ ពីមត្តេយ្យរហូតដល់មធ្យមសិក្សា មានសិស្សនុសិស្សជាង ៣២ម៉ឺននាក់។ នេះជាគោលដៅនៃការពង្រីក។ ឯកឧត្តម ហង់ជួន ណារ៉ុន បានរាយការណ៍ឱ្យខ្ញុំថា ក្នុង ១០ឆ្នាំនេះ ចំនួនសិស្សរៀននៅថ្នាក់បឋមសិក្សា ថ្នាក់មធ្យមសិក្សា បានកើនដូចជាជិត ៤០ម៉ឺននាក់។ កំណើននេះ អាចថាបានពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងប្រហែលគួបផ្សំនឹងការដែលយើងមាន(អត្រាកំណើតខ្ពស់ឬ)កូនច្រើនផង កាល ពី ១០ឆ្នាំជាងមុន។ ឥឡូវគាត់ដល់ពេលអាយុចូលរៀនវិទ្យាល័យ។
(១៤) ដើម្បីមានគុណភាពសិក្សា ត្រូវធ្វើការកែទម្រង់ និងធ្វើទំនើបកម្មសិក្សា
យើងត្រូវវិនិយោគថែមទៀតលើការបណ្តុះបណ្តាលគ្រូ និងរកវិធីសាស្រ្តដោះស្រាយ(ចំណោទខ្វះគ្រូ)។ និយាយពីគុណភាព គឺនិយាយពីការកែទម្រង់ និងទំនើបកម្មសិក្សា ដែលក្រសួងបានខិតខំច្នៃប្រឌិតដាក់គោលដៅកែទម្រង់ប្រព័ន្ធសិក្សា ផ្តោតលើ STEM (science, technology, engineering and mathematics ឬការប្រមូលផ្តុំសិក្សាលើមុវិជ្ជាដែលមានការពាក់ព័ន្ធគ្នាគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដោយសារយើងព្យាករណ៍ពីភាពប្រកួតប្រជែងខាងបច្ចេកវិទ្យាកាន់តែខ្លាំងនាអនាគត។ មានការកែសម្រួលមួយចំនួន ប៉ុន្តែមិនត្រឹមចប់ពី ១០ឆ្នាំមុនទេ។ ក្រសួងធ្វើការវាយតម្លៃជាប្រចាំ។ ម្សិលមិញ ខ្ញុំថា អាមេរិកប្រហែលជាអាចនឹងរំលាយនាយកដ្ឋានអប់រំថ្នាក់សហព័ន្ធ ទុកមន្ទីរអប់រំតាមរដ្ឋធ្វើការ។ ដល់ខ្ញុំជិះឡានចេញទៅវិញ ប្រធានាធិបតី ត្រាំម៍ ស៊ីញ៉េ ២ម៉ោងមុនបាត់។ អាមេរិករំលាយក្រសួងអប់រំ។ នៅអាមេរិកខុសពីយើង។
រដ្ឋមួយៗ មានឯករាជ្យ មានសមត្ថភាពធំ។ ប្រទេសធំ អញ្ចឹងរដ្ឋមួយៗ មានដូចនាយកដ្ឋាន ឬថាជាមន្ទីរនៅក្រោមគាត់ដែលមានឯករាជ្យភាព ហើយនៅខាងលើនេះ គ្រាន់តែមានតួនាទីសម្របសម្រួលជួយថវិកាមួយចំនួន។ គាត់ចំណាយប៉ុន្មានពាន់លានដុល្លារ។ អញ្ចឹង រដ្ឋបាលលោក ដូណាល់ ត្រាំម៍ សម្រេចកាត់បន្ថយដើម្បីឱ្យសិទ្ធិទៅមន្ទីរនីមួយៗធ្វើការ។ អាមេរិកខុសពីគេ។ ជាប្រទេសធំ ជារដ្ឋសហព័ន្ធ គាត់មានលទ្ធភាពច្រើន។ រដ្ឋមួយៗ មានថវិកា។ ឯយើងគឺប្រមូលផ្តុំ តែយើងក៏វិមជ្ឈការសិទ្ធិមួយចំនួនទៅដល់ខេត្តហើយ។ មានការធ្វើវិមជ្ឈការ ប៉ុន្តែស្តង់ដានិយាមអីត្រូវការតភ្ជាប់ពីក្រសួងអប់រំ ដើម្បីយើងធានាសង្គតិភាពការអប់រំ។ នៅអាមេរិក រដ្ឋគាត់ ៥០ធំៗ។ រដ្ឋខ្លះគាត់អត់ចាំបាច់មានសង្គតិភាពជាមួយគ្នាទេ។ យើងត្រូវមានសង្គតិភាព។ យើងប្រឡងបាក់ឌូប្លិ៍ ២៥រាជធានី/ខេត្ត ប្រឡងវិញ្ញាសារតែមួយពេលតែមួយ។ សូម្បីតែសាលាឯកជនក៏ត្រូវយកនិយាមស្តង់ដាថ្នាក់កម្មវិធីជាតិពីក្រសួងអប់រំដែរ ហើយបន្ថែមអី(ក៏បន្ថែម)ចុះ ដើម្បីឱ្យមានការឯកភាពគ្នា …។
(១៥) “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម” … ការកសាងមនុស្សទាមទារក្រសួងមានចក្ខុវិស័យត្រូវ
យើងនិយាយពីការកែសម្រួលរចនាសម្ព័ន្ធដឹកនាំ កម្មវិធីគោលនយោបាយរបស់ក្រសួងអប់រំ ប៉ុន្តែក្នុងសាលាយើងត្រូវធ្វើជាប្រចាំ។ យើងកែសម្រួលកម្មវិធីសិក្សាទំនើបកម្មជាប្រចាំ។ បន្ថែមបន្ថយកែសម្រួលយ៉ាងណាឱ្យស្របទៅតាមស្ថានភាព និងការវិវឌ្ឍបច្ចុប្បន្ន និងទៅអនាគត។ អ្វីដែលយើងកំពុងរៀន មិនឆ្លើយតបទៅអ្វីដែលកំពុងកើតមាននោះ(ទាំងស្រុងទេ) សិក្សាដើម្បីមានសមត្ថភាពដោះស្រាយ តែព្យាករណ៍ទៅអ្វីដែលជាតម្រូវការធនធានមនុស្សនៅអនាគត។ យើងកសាងផ្ទះ យើងអត់កសាងផ្ទះអនាគតទេ។ យើងអត់កសាងអ្វីដែលលើសពីឥឡូវ យើងកសាងអ្វីដែលមានស្រាប់បច្ចុប្បន្ន ព្រោះត្រូវធ្វើឥឡូវ។ តែកសាងមនុស្សដើម្បី ៤ឬ ៥ឆ្នាំក្រោយ ទាមទារចក្ខុវិស័យរបស់ក្រសួងដាក់គោលដៅឱ្យត្រូវ។ បើវិទ្យាសាស្ត្រគេផ្តោតទៅលើ IT ការកែសម្រួលកម្មវិធីអប់រំរបស់យើងត្រូវតម្រង់ទិសទៅហ្នឹង។ មានមូលដ្ឋានគណិតវិទ្យាផ្សេងៗឱ្យរឹងមាំ។ នេះគឺជាកិច្ចការព្យាករណ៍។ រៀនថ្ងៃនេះ បានផលទៅថ្ងៃក្រោយ។ ដែលយើងថាដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គមនោះ។ ឥឡូវកំពុងតែរៀនអត់ទាន់ទៅធ្វើអីទេ។ ក្មួយៗសិស្ស ដឹងតែមករៀន រៀនឱ្យជាប់ រៀនឱ្យពូកែ ឪពុក-ម្តាយធានាឱ្យបានមករៀន។ មានខ្លះជួយឪពុក-ម្តាយ ប៉ុន្តែភាគច្រើនគឺឪពុក-ម្តាយ(ធ្វើ)ខ្លួនឯងទេ យើងអត់ទាន់មានភារកិច្ចអីច្រើនទេ។ ពេលដែលយើងចប់ពីសាលា យើងចេញធ្វើការ នេះហើយផលនៅក្នុងសង្គម …។
(១៦) ចេញពីសាលាគរុកោសល្យ អនុវត្តច្នៃប្រឌិតតាមស្ថានភាពសាលា/សិស្ស បន្តស្រាវជ្រាវនិងធ្វើទំនើបកម្មជាប្រចាំ
សូមឱ្យក្រសួងអប់រំខិតខំដោះស្រាយបង្កើនប្រសិទ្ធភាពច្នៃប្រឌិតនូវកម្មវិធីជាបន្តទៀត រួមទាំងពង្រឹងគុណវឌ្ឍិរបស់គ្រូ។ ការជួយដល់គ្រូក្នុងការបង្រៀនរបស់គាត់ ដែលកន្លងទៅក្រសួងអប់រំក៏មានកម្មវិធីបណ្តុះបណ្តាលគរុកោសល្យ ៤ឆ្នាំ ឬ(រូបមន្ត) ១២+៤ បន្ថែមដោយការរៀបចំជាកញ្ចប់អំណានសម្រាប់ថ្នាក់កម្រិតមួយចំនួន។ សាលាមួយចំនួន គ្រូៗ ចង់បាន(កញ្ចប់អំណាន) ព្រោះជួយគាត់ឱ្យបង្រៀនបន្ថែម។ គ្រូៗ ក៏ត្រូវស្រាវជ្រាវជាប្រចាំដែរ ដើម្បីបង្កើន(ចំណេះដឹង)។ យើងចេញពីសាលាគរុកោសល្យ។ រៀនចប់ទៅ យើងមានមូលដ្ឋានទ្រឹស្តីមួយចំនួន។ យើងចុះអនុវត្តមួយចំនួន។ ប៉ុន្តែដល់បង្រៀនជាក់ស្តែង យើងត្រូវចេះច្នៃប្រឌិតតាមជាក់ស្តែង ត្បិតស្ថានភាពសាលាខុសគ្នា សិស្សខុសគ្នា ទាមទារការស្រាវជ្រាវជាប់ជាប្រចាំ និងធ្វើទំនើបកម្មនៅក្នុងយើង។
(១៧) ខិតខំធ្វើអោយអាជីពគ្រូបង្រៀនកាន់តែមានការទាក់ទាញ
សួរថា ការលើកកំពស់គុណវុឌ្ឍិគ្រូ ការទាក់ទាញគ្រូ និងការគិតគូរពីកម្រិតជីវភាពរបស់គ្រូ គ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ សំរាប់មន្ត្រីរាជការមិនទាន់គ្រប់។ តែយើងបានប្រសើរជាងមុនច្រើន។ យើងនឹងខិតខំទៅទៀត។ មានតម្រូវការច្រើន ជាប្រចាំជានិច្ច។ ប្រទេសណាក៏ដោយ ក៏មិនទាន់មានភាពគ្រប់គ្រាន់ទេ។ អ្វីដែលយើងខិតខំគឺអោយមានការទាក់ទាញ។ ការរៀបចំប្រឡងគ្រូ ចូលមួយជំហានដំបូងជាគ្រូក្របខណ្ឌត្រូវតែរៀនគរុកោសល្យ។ ត្រូវប្រឡងចូលគរុកោសល្យ លើកលែងតែលោកគ្រូកិច្ចសន្យា។ សួរថា ៤ឆ្នាំ ដែលគ្រូបាន(ចូលរៀននៅសាលាគរុកោសល្យ)នេះ បើប្រៀបធៀបជាមួយការប្រឡងចូលក្រសួងផ្សេងៗគឺខុសគ្នា។ ក្រសួងផ្សេង កាលណាប្រឡងជាប់ គេចូលធ្វើកម្មសិក្សាមួយឆ្នាំ។ ចប់ទៅតាំងស៊ប់យកតែម្តង។ លោកគ្រូអ្នកគ្រូ ត្រូវវិនិយោគពេលវេលាខ្លួនឯង ៤ឆ្នាំ។ ហើយ ៤ឆ្នាំនេះ អត់គិតជាមន្ត្រីទេ។ ជាសិស្ស។ យើងគ្រាន់តែប្រឡងយកកៅអីចូលរៀនទេ។ រហូតទាល់តែរៀនចប់ ទើបបានយើងក្លាយជាមន្ត្រី …។
នៅជាសិស្ស ជានិស្សិត អត់មានប្រាក់ខែ មានតែប្រាក់ឧបត្ថម្ភ។ កន្លងទៅ រាជរដ្ឋាភិបាលក៏បានកែសម្រួលតម្លើងគួរសមដែរ។ មុននឹងយើងដំឡើងមកនេះ គឺ(ទទួលបានប្រាក់ឧបត្ថម្ភ) ១០ដុល្លារមួយខែ ឬបួនម៉ឺនក្នុងមួយខែ។ កាលចូលរួមកម្មវិធីទិវាគ្រូក្នុងឆ្នាំ២០២៣ ខ្ញុំបានដំឡើងឲ្យដល់៧០% នៃប្រាក់ខែមូលដ្ឋានរបស់គ្រូ។ អញ្ចឹង គរុសិស្សដែលរៀនបច្ចុប្បន្នហេងជាងពីមុន។ ឥឡូវអ្នកខ្លះជាង ១លានក្នុងមួយខែ អ្នកខ្លះ ៨០ម៉ឺន, ៧០ម៉ឺន … ឯកឧត្តម ហង់ជួន ណារ៉ុន ថា យើងចង់បង្កលក្ខណៈខ្ពស់ដើម្បីទាញយកអ្នកមានបំណងធ្វើគ្រូ។ ប៉ុន្តែ ដូចជាមិនសូវទាក់ម៉ូយបានសោះ។ គាត់ទៅកន្លែងផ្សេង មួយឆ្នាំបានចូលជាកម្មសិក្សាការី។ អញ្ចឹងយើងគិតគូរពីដំណាក់កាលហ្នឹង។ ពេលដែលជាប់ ប្រាក់បៀវត្សរ៍មូលដ្ឋានវិជ្ជាជីវៈគ្រូគឺបានខ្ពស់ជាងអាជីពផ្សេងៗទាំងអស់។ បើយើងប្រៀបធៀប។ យើងនឹងបន្តបង្កើនតទៅទៀត។ ពេលមានលទ្ធភាព យើងនឹងបង្កើន។
សួរថាគ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ សួរថាបានប្រសើរជាងមុនទេ? ថាបានប្រសើរជាងមុន។ នឹងខិតខំគិតគូរឲ្យបានកាន់តែប្រសើរ។ បច្ចុប្បន្ននេះ ក្រៅពីបៀវត្សរ៍ យើងមានអត្ថប្រយោជន៍ផ្សេងៗ ដូចជាគោលនយោបាយថែទាំសុខភាពតាមរយៈ ប.ស.ស។ ពេលមានផ្ទៃពោះ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីស្ត្រីមានផ្ទៃពោះ ក៏ដូចជាកូន(រហូត)អាយុ ២ឆ្នាំ។ យើងរៀបចំប្រាក់សោធនសម្រាប់គ្រូ ជួយបំប៉ន … យើងមានប្រាក់សោធនធម្មតា តែរៀបចំគោលនយោបាយបន្ថែម។ សង្ឃឹមថាពេលខាងមុខ យើងអាចជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ពិតណាស់ យើងក៏មិនចោលលោកគ្រូអ្នកគ្រូ ដែលចូលនិវត្តន៍ដែរ គ្រាន់តែថា ដូចមន្ត្រីរាជការដំបូងជាបន្ទុករបស់យើង។ យើងត្រូវរែកទាំងពីរ ទាំងមន្ត្រីថ្មីដែលត្រូវចូលធ្វើការ និងមន្ត្រីដែលមានចាស់។
(១៨) បើកប្រាក់ទាំងពីរចំណែកតែមួយលើកក្នុងខែមេសា … រដ្ឋមិនកញ្ជើធ្លុះនិងមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់
យើងគិតគូរអំពីសុខភាព ប្រាក់បៀវត្សរ៍ ប្រាក់សោធន(និវត្តន៍) យើងដំឡើង។ ឆ្នាំនេះក៏ខ្ញុំដំឡើង។ ឆ្នាំមុនក៏ខ្ញុំស៊ីញ៉េដំឡើងដែរ។ ឡើងជាប្រចាំ។ សូម្បីតែចូលឆ្នាំបុណ្យទានហ្នឹងក៏យើងអត់ភ្លេចដែរ។ ឧបត្ថម្ភ ៥ ម៉ឺន(រៀល)។ ខែ ៤ នេះ យើងបើកប្រាក់ខែឌុប(ទាំងពីរដង) ជូនលោកគ្រូអ្នកគ្រូ មន្ត្រីរាជការទាំងអស់ បូកទាំងប្រាក់(ឧបត្ថម្ភចូលឆ្នាំ) ៥ម៉ឺនថែមទៀត។ បើកមិនឲ្យយឺតជាងថ្ងៃ ១១ខែមេសាទេ។ បើកទាំងពីរតែ(ចំណែក)តែមួយដង ដើម្បីលោកគ្រូ អ្នកគ្រូ អាច(ប្រើប្រាស់ពេល)ចូលឆ្នាំ។ រាល់ដង យើងបើកប្រាក់ខែ(ជាពីរចំណែក ដោយត្រូវបើក) ២ដងក្នុងមួយខែ។ ក្នុងខែមេសានេះ លោក/អ្នកគ្រូបើកសរុប មិនឲ្យយឺតជាងថ្ងៃ ១១ ខែមេសា បូកជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលអ្នកខ្លះថា រាជរដ្ឋាភិបាលអស់លុយហើយ បានទៅបោះពុម្ពក្រដាស ២០ម៉ឺន(រៀល)។ ធនាគារជាតិបោះក្រដាស ២០ម៉ឺន(រៀល) គឺដើម្បីអបអរសាទរពិធីឡើងគ្រងរាជ្យគ្រប់ ២០វស្សារបស់ព្រះមហាក្សត្រ។ បើសិនជារដ្ឋអស់លុយមែន បោះ ២០ម៉ឺន(រៀល)មក ប្រាកដជាក្រដាស ២០ម៉ឺន(រៀល)ចរាចរពេញក្រុងហើយ។ វាមិនមាន។ បើគេចង់បោះ តើបោះក្រដាស ២០ម៉ឺន(រៀលអោយ)ពិបាកចាយធ្វើអ្វី។ បោះអាតូច។ តែមិនមានការចាំបាច់ទេ។
បើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារ គ្មានលទ្ធភាពណាបើកឌុបខែមេសា ហើយបើកទាន់ពេលវេលា ថែមទាំងប្រាក់ឧបត្ថម្ភ មិនឲ្យដាច់នោះ ទាំងមន្ត្រីចូលនិវត្តក៏បើកឲ្យអត់ដាច់ទេ។ លុយយើងនៅធានាបាន។ យើងមិនកញ្ជើធ្លុះទេ។ យើងបានគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុច្បាស់លាស់។ ប្រាក់ខែអត់យឺតទេ។ មានដែលយឺតទេលោកគ្រូអ្នកគ្រូ? ដល់ថ្ងៃដឹងតែមកតាម ABA អេស៊ីលីដាក៏បាន។ ខ្ញុំនិយាយភាសា តាមប្រព័ន្ធធនាគាររបស់យើងតែម្តង។ មន្ត្រីរបស់យើងត្រូវតែធ្វើឲ្យទាន់ ព្រោះបើធ្វើអត់ទាន់ ប្រាកដជាតាមហ្វេសប៊ុកហើយ។ ខ្ញុំដឹងព័ត៌មាន។ ឥឡូវស្រួល។ សូម្បីតែសំណូមពរនៅនេះក៏បានមកតាមហ្វេសប៊ុកដែរ។ ថ្ងៃមុនគ្រាន់តែរឿងមេដាយហ្នឹង ក៏ខ្ញុំបានដំណឹងតាមហ្វេសប៊ុកដែរ។ ប័ណ្ណសរសើរផ្សេងៗ យើងធ្វើ។ ក្រសួងស្ថាប័នខិតខំធ្វើជាប្រចាំ ប៉ុន្តែច្រើន។ អញ្ចឹងខ្ញុំគិតថា ដោយសារទំហំច្រើន យើងឲ្យគិតកូតា១០% ក្នុងមួយឆ្នាំ ក្នុងការស្តារហើយឆ្លាស់គ្នា។ អញ្ចឹង ពីក្រោមដល់លើ។ ប៉ុន្តែសំណូមពរទាំងអស់នេះ បានដោះស្រាយ តាមមធ្យោបាយនៃការទំនាក់ទំនង តាមប្រព័ន្ធ។ បើបើកប្រាក់ខែយឺតប្រាកដហើយ (នឹងមានដំណឹងតាមបណ្តាញសង្គម)។
ថ្ងៃមុន នៅក្រសួងសង្គមកិច្ច មានបញ្ហាបច្ចេកទេសបន្តិចទេ ប៉ុន្តែដំណាក់កាលទី២ បើកយឺតមួយអាទិត្យ។ មានការដាក់តាម tiktok។ ខ្ញុំសួរទៅរដ្ឋមន្ត្រី សួរទៅរតនាគារ ថាអត់អីទេគ្រាន់តែយឺតបន្តិច តែបានដោះស្រាយហើយ។ មិនមែនរឿងអត់លុយទេ។ យើងត្រូវទទួលខុសត្រូវ។ នេះហើយការកែទម្រង់។ មួយទៀត លោកគ្រូ អ្នកគ្រូ ត្រូវធ្វើដំណើរទៅខេត្តឆ្ងាយពីភ្នំពេញ មានរៀបចំ bus free អាចជិះទៅបាន free គ្រាន់តែត្រូវធ្វើដំណើរពីនេះទៅភ្នំពេញ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់។ bus ចេញពីភ្នំពេញ។ អញ្ចឹងអ្នក(ខេត្ត)កណ្តាលក៏ស្វាគមន៍ដែរ ព្រោះជួនកាលអស់តែថ្លៃពីនេះជិះទៅជ្រោយចង្វារ ឡើងពីជ្រោយចង្វារទៅបន្ទាយមានជ័យ មិនគិតប្រាក់ ព្រោះសាលារាជធានីរៀបចំ។ មួយឆ្នាំៗ យើងផ្តល់រថយន្តជូនប្រជាពលរដ្ឋទៅមក(ក្នុងឱកាសពិធីបុណ្យ)នេះ។
(១៩) ធានាគុណវុឌ្ឍិគ្រូ បង្កើនកញ្ចប់ឧបត្ថម្ភមូលដ្ឋាន មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តល្អ គឺធានាគុណភាពអប់រំ
ដើម្បីអបអរសាទរ នឹងធ្វើយ៉ាងណាធានាគុណភាពអប់រំ និងគុណភាពលោកគ្រូអ្នកគ្រូ ការយកចិត្តទុកដាក់ សាលានៅតាមមូលដ្ឋានជនបទ យើងបានធ្វើទាំងផ្ទះគ្រូជូនទៀត។ តែមិនគ្រប់ទាំងអស់ទេ។ យើងខិតខំធ្វើ។ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមុខងារសាធារណៈ (ក្រសួងសេដ្ឋកិច្ចនិង)ហិរញ្ញវត្ថុ បានគិតគូរលើកកំពស់កញ្ចប់ឧបត្ថម្ភមូលដ្ឋាន (ដើម្បី)រកវិធី(ទាក់ទាញ)ផ្សេងទៀត ព្រោះការលំបាកនៅមូលដ្ឋានដាច់ស្រយាល ប្រៀបធៀបជាមួយក្រុង ស្ថាប័ន យើងខុសគ្នា។ ដើម្បីផ្តល់លទ្ធភាព លោកគ្រូអ្នកគ្រូដែលបានទៅ(បង្រៀននៅទីឆ្ងាយ)។ ការពង្រាយគ្រូសំខាន់ណាស់។ ពង្រាយសាលាមិនមែនពង្រាយតែអគារទេ ពង្រាយធំបំផុតគឺពង្រាយគ្រូ។ អត់គ្រូ សាលាទំនើបយ៉ាងម៉េចក៏បង្រៀនមិនបានដែរ។ បើអត់អគារក៏ដោយ ឲ្យតែមានគ្រូគឺបង្រៀនបាន។ យើងចេញពីរបប ប៉ុល ពត មក ក៏មានការបង្រៀនក្រោមដើមឈើ … អត់មានសាលា ឬ smart board កញ្ចក់ទេ។ ជំនាន់ខ្ញុំរៀន អត់ដូចក្មួយៗឥឡូវទេ។ ជំនាន់អ៊ំរៀន ដីសជាមួយនឹងក្រណាត់ស។ អ៊ំអង្គុយតុមុខហ្នឹង ឲ្យតែលោកគ្រូជូត ហើយគោះហ្នឹងគឺមកហើយ។ អត់មានកុំព្យូទ័ររៀនអញ្ចេះទេ។ អត់មានសៀវភៅអានច្រើនដូចអញ្ចេះទេ។ ប៉ុន្តែបើសិនជាអត់មានលោកគ្រូអ្នកគ្រូ សៀវភៅឬកុំព្យូទ័រនេះ គឺទុកចោលហើយ។ អាចរៀនខ្លួនឯងបានខ្លះ។ ដោយហេតុនេះហើយ ទើបបានជាមានការខិតខំគិតគូរពីគុណវុឌ្ឍិលោកគ្រូអ្នកគ្រូ ការទាក់ទាញ ការផ្តល់ការលើកទឹកចិត្ត តាំងពីចូលជាគរុសិស្ស រហូតដល់ចូលនិវត្តន៍ បូកជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានល្អ ព្រោះហេដ្ឋារចនាសម្ព័ន្ធមិនមែនសម្រាប់តែសិស្សទេ សម្រាប់គ្រូបង្រៀនដែរ ដើម្បីផាសុកភាព ក៏ដូចជាងាយស្រួលក្នុងការបង្រៀន។ នេះយើងនិយាយពីគុណភាពនៃការអប់រំដែលយើងបានធ្វើនិងការអនុវត្ត។
(២០) “ពង្រឹងជាជាងពង្រីក” ក្នុងវិស័យអប់រំគឺពង្រឹងការសិក្សា១២ ថ្នាក់ ផ្តោតលើបឋមសិក្សាមុន ក្នុងអាណត្តិទី១
ចំពោះការពង្រឹងការអប់រំ តើយើងយកគោលដៅណា? យើងត្រូវធ្វើគ្រប់ថ្នាក់ តាំងពីមតេ្តយ្យសិក្សាដល់ឧត្តមសិក្សា ហើយក្រសួងអប់រំបានធ្វើតាំងពីចេញពី របប ប៉ុល ពត មក រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ យើងបន្តធ្វើតទៅទៀត។ ក្នុងនោះ ក៏មានសសរស្តម្ភមួយចំនួនដែលត្រូវបង្កើនល្បឿនលឿន ហើយឲ្យធំ។ គឺយើងយកមូលដ្ឋាន។ ឆ្នាំនេះ អាណត្តិនេះ គឺអាណត្តិនៃការពង្រឹងជាជាងពង្រីក។ ពង្រីកតែតាមការចាំបាច់បំផុត គឺសាលានីមួយៗត្រូវពង្រឹងនៅហ្នឹងកន្លែង។ ក្នុងវិស័យអប់រំ យើងមានច្រើនថ្នាក់ តែយើងពង្រឹងថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២។ យើងនៅបន្តកសាងមត្តេយ្យសិក្សាបន្ថែម។ យើងនៅរៀបចំ។ កន្លែងខ្លះច្នៃប្រឌិត។ ថ្ងៃមុននៅកន្លែងរោងចក្រ យើងឲ្យការចូលរួមពីវិស័យឯកជន រៀបចំជូនកូនចៅរបស់កម្មករកម្មការិនី។ កន្លែងខ្លះដែលយើងអាចធ្វើបាន យើងធ្វើបន្ត។ បឋមសិក្សាគឺជាមូលដ្ឋាន។ មធ្យមសិក្សាកម្រិតមួយ កម្រិតពីរ ដែលយើងហៅថាអនុវិទ្យាល័យ វិទ្យាល័យនេះ ឬការសិក្សា ១២ឆ្នាំនេះ បើរឹងមាំហើយ យើងអាចមិនព្រួយបារម្ភ។ ពេលទៅប្រឡងមន្ត្រី គាត់មានសមត្ថភាព … មានមូលដ្ឋានរឹងមាំ។ នេះមិនមែនជាមូលដ្ឋានត្រឹមតែចំណេះដឹងទេ តែឥរិយាបថផង។ ការបណ្តុះបណ្តាលឥរិយាបថតឹ្រមត្រូវ ក្នុងចំណោមសិស្សរៀន ១២ឆ្នាំនេះនិងជំនាញ គឺយើងបានធនធានមនុស្សល្អ មិនថាចេញទៅធ្វើការខ្លួនឯង មិនថាចេញទៅធ្វើការក្នុងរដ្ឋ មិនថាចេញទៅធ្វើការក្នុងវិស័យឯកជន NGO ឬយ៉ាងណាទេ គឺមានចំណេះដឹងច្បាស់លាស់ និងឥរិយាបថល្អ។
នេះហើយធនធានមនុស្សដែលយើងចង់បណ្តុះ។ គេហៅមូលធនមនុស្ស។ សុខភាពល្អ ក៏ចាំបាច់ តែរឿងសុខាភិបាល ខ្ញុំអត់និយាយទេថ្ងៃនេះ ខ្ញុំនិយាយតែអប់រំ។ អញ្ចឹងហើយ ការអប់រំពីថ្នាក់តូចត្រូវតែផ្តោតទាំងពីរ។ យើងចាប់ផ្តើមក្នុងអាណតិ្តនេះ បង្កើតគណៈកម្មាធិការពង្រឹងវិស័យអប់រំ គ.វ.អ ផ្តោតទៅលើ(ការសិក្សា)១២ឆ្នាំ តែក្នុងអាណត្តិទី១ នេះ យើងផ្តោតទៅលើបឋមសិក្សាមុន ព្រោះមានសាលាជាង ១ម៉ឺន។ យើងធ្វើ(ទាំងអស់តែ)ម្តងពិបាក។ យើងយក ៧ពាន់សាលាជាគោលដៅ គឺបឋមសិក្សាច្រើនជាងគេ។ យើងឈានមួយជំហាន។ ឆ្នាំទៅយើងយក៤២។ ឥឡូវពង្រីក។ ឆ្នាំក្រោយ ដំណាក់កាលទី៣ ចង់ឲ្យរីក ៥០០សាលា ឬអី យើងរុញបន្ថែមដើម្បីពង្រឹងមូលដ្ឋានដែលអាចធ្វើទៅបាន តាមវិធីសាស្ត្រនិងលទ្ធភាពដែលអាចធ្វើទៅបាន។ កន្លែងខ្លះយើងបំពាក់កុំព្យូទ័រ កន្លែងខ្លះអត់បំពាក់កុំព្យូទ័រ មិនទាន់មានលទ្ធភាព ក៏កុំឲ្យរង់ចាំ។ ត្រូវមានវិធីបង្រៀនមួយចំនួនដែលមិនចាំបាច់កុំព្យូទ័រទេ។ ការបន្ថែមម៉ោងរៀន អត់ចាំបាច់ទេ រៀបចំកន្លែងមួយចំនួន បង្រៀនគាត់ឲ្យចេះឥរិយាបថល្អ។
(២១) ជួបមូលដ្ឋានផ្ទាល់ ដើម្បីក្តាប់ព័ត៌មានបន្ថែមលើរបាយការណ៍ ហើយយកមកគិតគូរដំណោះស្រាយ
កន្លងទៅ ខ្ញុំបានទៅមើល ២ទៅ៣ សាលាសាកមើល ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន។ កន្លែងខ្លះក៏ជួប/អង្គុយស្តាប់ឪពុកម្តាយ។ ទៅអង្គុយតែម្ដង។ ទៅអត់ប្រាប់ទេ។ គេប្រាប់គាត់ថា ពេលខ្លះឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋានទៅ កន្លែងខ្លះគេថាចៅហ្វាយខេត្តទៅ។ ដល់ខ្ញុំចុះពីលើឡាន ពួកគាត់ភ្ញាក់។ ទៅនិយាយផ្ទាល់តែម្ដង។ បើប្រាប់គាត់មុន គាត់ភ័យ។ អញ្ចឹងចុះទៅបង្ហាញមុខ ទល់មុខគ្នាសួរតែម្ដង។ ខ្ញុំចង់ដឹងការដាក់ចេញនូវគោលនយោបាយមួយៗ (មានការងាយស្រួល/ការលំបាកយ៉ាងណាខ្លះ) … ទី១ ចុះក្ដាប់(ព័ត៌មាន)សិន។ តើត្រូវការអី? ទី ២ យើងយកមកគិតគូរ។ ដាក់អោយអនុវត្ដ ហើយត្រូវចុះតាមដានត្រួតពិនិត្យ។ សួរផ្ទាល់។ ខ្ញុំបានអានរបាយការណ៍ដែលគណៈកម្មការលេខាធិការដ្ឋានរុញមកឲ្យខ្ញុំ បូកជាមួយសេចក្តីរាយការណ៍របស់ក្រសួងអប់រំមកខ្ញុំ ប៉ុន្ដែពេលខ្លះចុះទៅឆែកជាក់ស្តែង។ តើមើលយ៉ាងម៉េច។ សួរគាត់ឲ្យច្រើន។ ចុះទៅ ខ្ញុំអត់រៀបចំអញ្ចេះទេ។ បើដូចអញ្ចេះ ខ្ញុំរៀបចំចំណុចដែលខ្ញុំនិយាយ។ បើខ្ញុំចុះទៅផ្ទាល់ គឺខ្ញុំរៀបចំតែសំណួរទេ។ ទៅជួបកសិករ(ដាំ)ស្វាយចន្ទី កសិករអី ខ្ញុំរៀបតែសំណួរទេ។ ចុះទៅសួរ ហើយស្ដាប់ ដើម្បីឲ្យគាត់ប្រាប់ខ្ញុំថាយើងធ្វើនឹងត្រូវ ឬ អត់? មិនមែនខួរក្បាលខ្ញុំល្អឥតខ្ចោះ មិនមែនគណៈកម្មការគិតទៅថាធ្វើទៅប្រាកដជាល្អឥតខ្ចោះទេ។ ប្រាកដជាមានបញ្ហាត្រូវ ឬ ខុស ដែលត្រូវយកមកកែ(សម្រួល)។ សំខាន់គោលដៅធំធ្វើបាន ឬអត់?
(២២) ចុះតាមសាលាពិនិត្យការងារ៤ – ពង្រឹងអភិបាលកិច្ចសាលា កែសម្រួលកម្មវិធីសិក្សា គិតគូរពីសុខភាពសិស្ស និងការចូលរួមពីមាតាបិតា/អាណាព្យាបាល សហគមន៍
ការចុះទៅ(ពិនិត្យ)កិច្ចការទាំងអស់នោះផ្ដោតលើការងារ៤ ដែលយើងត្រូវពង្រឹង។ ទី១ ពង្រឹងអភិបាលកិច្ចសាលារៀន។ ការរៀន ជាពិសេសសិស្សបឋមធ្វើទៅតាមអ្វីដែលឃើញគ្រូធ្វើ ច្រើនជាងអ្វីដែលគ្រូនិយាយ។ ថ្នាក់ទី១, ២, ៣ រហូតដល់ថ្នាក់ទី៦ ភាគច្រើន ឃើញគ្រូនិយាយបែបណា ទង្វើបែបណា គាត់ឃើញឪពុកម្ដាយយ៉ាងម៉េច (គាត់ធ្វើតាម)។ អញ្ចឹងហើយបានជាមានកូនខ្លះ តាំងពីក្មេងម៉េចចេះជេរ។ ប្រហែលនៅផ្ទះលឺសូរឪពុកម្ដាយជេរ។ អញ្ចឹងត្រូវបង្រៀនពីអភិបាលកិច្ច។ ឲ្យសិស្សមកទាន់ម៉ោង ទាល់តែលោកគ្រូអ្នកគ្រូមកទាន់ម៉ោង។ ឲ្យសិស្សចេះអនាម័យទាល់តែលោក/អ្នកគ្រូបង្ហាញជាគំរូ … ឲ្យសិស្សចេះសំពះ ទាល់តែចាប់ផ្ដើមពីលោកគ្រូអ្នកគ្រូចេះសំពះដែរ។ នេះជាការរៀនក្នុងការដឹកនាំ។ ខ្ញុំជឿថានៅសាលាគរុកោសល្យ មានការបង្រៀនឱ្យលោក/អ្នកគ្រូគ្នាឯង(អនុវត្ត)។ ពេលធ្វើគរុសិស្ស អត់មានត្រូវខ្លាចទេ។ ជាការបង្រៀនផ្ទាល់។ អភិបាលកិច្ច ជាកិច្ចការសំខាន់ក្នុងការចាត់តាំង ការពង្រឹងថ្នាក់ដឹកនាំ នាយកនាយករង រួមទាំងមន្ដ្រីបុគ្គលិកក្នុងសាលាគឺត្រូវមានឥរិយាបថមួយ ដែលសិស្សក្មួយៗ តូចៗធ្វើតាម។
ទី២ ពិនិត្យកែសម្រួលកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោង ស្របតាមកម្មវិធីពង្រឹងសីលធម៌និងឥរិយាបថ។ រឿងតូចៗនេះសំខាន់។ គាត់ឆ្លងថ្នល់ គាត់ចេះសំពះអរគុណអ្នកដែលឈប់ចរាចរឲ្យ គឺជាឥរិយាបថមួយល្អ។ គាត់មិនរត់ប្រសាច អ្នកណាបានទៅរួចៗ(ក៏រួច អ្នកណាទៅ)មិនរួចអត់នោះទេ។ ទៅដល់ផ្ទះ គាត់ចេះសំពះឪពុក-ម្ដាយ មកដល់សាលា ចេះសំពះគ្រូ ធ្វើទៅជាទំលាប់ លែងអៀន ទៅជាបញ្ហាធម្មតា។ ងើបពីដំណេក គាត់ចេះបត់ភួយខ្លួនឯង។ រៀនម្ចាស់ការខ្លួនឯងតាំងពីរឿងតូចៗទៅ។ (ទោះមិន)ចេះដាំបាយខ្លួនឯង ក៏ចះបត់ភួយ (មាន)ការទទួលខុសត្រូវខ្លះ ជាជាងដើរលេងល្ងាច គាត់ចេះស្រឡាញ់សាលា។ ជួបជាមួយលោក/អ្នកគ្រូ ឪពុកម្ដាយ នៅកំពង់ឆ្នាំង និងកំពង់ស្ពឺ … នៅកំពង់ឆ្នាំងពួកគាត់ថា មុនទៅរៀនកូនៗ រៀបចំកាតាបពីយប់ឲ្យហើយ។ បើកាលពីមុនអត់ទេ។ ព្រឹកឡើងងើបមិនដុសធ្មេញផង ភួយចោលនៅហ្នឹង កាតាបញ៉ុកមិនដឹងស្អីខ្លះ ទាញទៅហើយ។ យប់ឡើងរាយពេញហ្នឹង។ ឥឡូវគាត់ចេះរបៀបរបបគិតគូរ(ដោយសារ) លោក/អ្នកគ្រូបង្រៀននៅនោះ មក(ផ្ទះ) ឪពុក-ម្ដាយជួយណែនាំ … ឥរិយាបថ តូចៗនេះ កុំគិតថាមិនសំខាន់។ នេះហើយជាវិន័យ។
កាលខ្ញុំរៀននៅសាលាទាហានចូលឆ្នាំទី១ ព្រឹកឡើងគេឲ្យរៀបពូក ស្បែកជើង ឲ្យមានរបៀប។ ខ្នើយបត់ត្រូវមានជ្រុង បត់ខុសបន្ដិចក៏ជាប់ពិន័យ។ ខោអាវបើកទូរ ព្យួរខុសលំដាប់លំដោយក៏ត្រូវពិន័យ ខុសតែចន្លោះព្យួរបន្ដិចៗក៏ត្រូវពិន័យ។ គេបង្រៀនឲ្យចេះមើលការងារតូចៗឲ្យម៉ត់ចត់ ព្រោះការងារតូចហ្នឹងអាចមានបញ្ហា។ គេបង្រៀនវិន័យពីតូចៗទៅ។ ខ្ញុំចេះពីសាលា WESTPOINT មក។ ខ្ញុំអត់ចាំទេមេរៀនដែលខ្ញុំរៀននៅទីនោះ ប៉ុន្ដែខ្ញុំចាំរបៀបរបបរស់នៅដែលគេបង្រៀន។ ខ្ញុំសូមសួរលោក/អ្នកគ្រូ ប៉ុន្មាននាក់ដែលចាំរូបវិទ្យាថ្នាក់ទី១០? បើលោកគ្រូបង្រៀន(រូបវិទ្យា) គាត់ចាំ ប៉ុន្ដែខ្ញុំមិនចាំទេ។ ខ្ញុំរៀនបានលេខ១ ខាងរូបវិទ្យាកាលពីថ្នាក់ទី១០ ទី១១ ប៉ុន្ដែឥឡូវទៅមើលកូនរៀន អង្គុយមើល(គិត)ឯងដូចធ្លាប់ដឹង …។
ប៉ុន្ដែឥរិយាបថលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំ (ដូចជា)ការស្មោះត្រង់ ការជួយគ្នា ធ្វើអីខុសគ្រូពិន័យ ឪពុកម្ដាយខ្ញុំទិញអីឲ្យខ្ញុំខ្លះ ខ្ញុំអត់ដឹងទេ ប៉ុន្ដែដែលគាត់បង្រៀនខ្ញុំថា កូនកុំអួតអាង យាយខ្ញុំថាកុំអួតគេ។ ឃើញមនុស្សជួយគ្នា។ គាត់ប្រាប់ថាទ្រព្យសម្បត្ដិរលាយថ្ងៃណាក៏បានដែរ ប៉ុន្ដែទឹកចិត្តមនុស្សកូនត្រូវចាំ។ ពុកម៉ែមានលទ្ធភាពថ្ងៃនេះនៅជាមួយកូន ថ្ងៃក្រោយអត់ពុកម៉ែ កូនត្រូវយកទឹកចិត្តមនុស្ស។ ពាក្យនេះចាំមួយជីវិត។ គាត់ទិញអីឲ្យមិនចាំទេ ទិញអាវឲ្យ តែមិនដឹងអាវអីខ្លះទេ (ប៉ុន្ដែ(នៅចាំ)ការ)បង្រៀនពីឥរិយាបថ សីលធម៌ គុណធម៌ … នេះហើយជាការយកចិត្តទុកដាក់។ ទី២ យើងបន្ថែម៉ោងនេះចំណេញអី? នៅកំពង់ស្ពឺ ម្ដាយម្នាក់ឡើងនិយាយថា ពីមុន ល្ងាចឡើងកូនបង្ហោះកង់។ អត់ម៉ូតូ បង្ហោះកង់។ គាត់ខ្លាចផ្លូវដែលជិះនឹងផ្លូវកៅស៊ូ ឡានមកលឿនៗ ខ្លាចគេបុកកូន។ (កូន)បងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សល់តែកូនប្រុសមួយហ្នឹង។ ដល់ពេលរៀនថែមពីរម៉ោងល្ងាចនឹង កូននឹងគឺបាយថ្ងៃត្រង់ដល់ម៉ោង ១កន្លះ ទារម្ដាយឲ្យជូនមកសាលារៀន។ គាត់ប្រែក្លាយពីឪពុក-ម្ដាយមួយដែលព្រួយបារម្ភ មិនដឹងកូនធ្វើអី … មកជាឪពុក-ម្ដាយដែលសប្បាយចិត្ត កូននៅក្នុងសាលាមានគ្រូមើលថែ ពេលចេញទៅមានអ៊ំជួយបង្រៀនទៀត។ ដល់តែឃើញក្មួយទៅរៀននៅនោះ ដល់ចេញមកអ៊ំបង្រៀនបន្ថែមឲ្យ … ខ្ញុំសួរឪពុកម្ដាយ ពីរទៅបីនាក់ (ឃើញថាមានអារម្មណ៍)ស្រដៀងគ្នា (ពេញចិត្តនឹងការ)បន្ថែមម៉ោង។
យើងក៏បានផ្ដល់លទ្ធភាពឲ្យគ្រូ(បានបង្រៀន)បន្ថែមម៉ោង មានប្រាក់ឧបត្ថម្ភអីមួយចំនួន ប៉ុន្ដែមិនមែនគោលដៅទៅលើប្រាក់ឧបត្ថម្ភទេ។ សំខាន់បំផុត គ្រូមានវិធីសាស្ដ្រ(បង្រៀនបន្ថែម) ជួនកាលរៀនព្រឹកប៉ុន្មានម៉ោងអត់ណែនចន្លោះ។ ដល់ល្ងាចគ្រូបន្ថែមឲ្យ។ យើងឃើញគុណភាពសិស្សរៀនពិន្ទុឡើងល្អ។ នេះជាការវិវត្តន៍ដែលយើងចង់បាន។ កម្មវិធីបន្ថែមម៉ោងដែលយើងកំពុងអនុវត្ដ/ពង្រឹង … ខុសពី(អ្វី)ដែលខ្ញុំនិយាយពីដើមអាណត្ដិ។ មូលហេតុដែលខ្ញុំនិយាយនេះខុសពីដើមអាណត្ដិ ដោយសារយើងធ្វើបានច្រើន(ហើយ)។ ឥឡូវ អ្វីដែលខ្ញុំនិយាយគឺនិយាយពីអ្វីដែលយើងបានធ្វើពិតប្រាកដ មិនមែនជាគោលនយោបាយត្រូវធ្វើទៀតទេ។ ពីដើមអាណត្ដិ ខ្ញុំនិយាយពីគោលនយោបាយ ទិសដៅដែលវាត្រូវទៅអញ្ចឹង។ អ្វីដែលខ្ញុំនិយាយថ្ងៃនេះ ជាអ្វីដែលកើតមានហើយ។ ខ្ញុំស្ដាប់ពីឪពុក-ម្ដាយដើម្បីចែករំលែក លើកទឹកចិត្ត ជំរុញការងារនេះបន្ដទៀតដើម្បីឲ្យទូទាំងប្រទេសពង្រឹងគ្រូ ការអប់រំ បន្ថែមម៉ោង ច្នៃប្រឌិត …។
ទី៣ យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស។ រឿងនះ ខ្ញុំបានឲ្យក្រសួងអប់រំ ក្រសួងសុខាភិបាល ធ្វើការណែនាំ ហើយ។ សូមឱ្យមានការចូលរួមពីគណៈគ្រប់គ្រង ឪពុកម្ដាយ។ សូមណែនាំ(កូន) ពិសេសធ្វើការជាមួយសហគមន៍អាជីវករដើម្បីឲ្យពួកគាត់គិតគូរពីអាហារូបត្ថម្ភដល់សិស្ស … ធម្មតាមនុស្ស ទាំងខ្ញុំទាំងគេ របស់សុខភាពល្អ វាមិនសូវឆ្ងាញ់។ របស់ឆ្ងាញ់ ច្រើនតែរបស់បំពង ចៀន ផ្អែម … យើងត្រូវមានការណែនាំ។ កម្រិតណាមួយដើម្បីឲ្យការប្រើប្រាស់នោះ វាមិនជ្រុលពេក កុំឲ្យវាលើស ដែលប៉ះពាល់ដល់សុខភាព។ ប្រើប្រាស់យ៉ាងណាដើម្បីជួយ(សុខភាព)។ យើងមិនហាមសិទ្ធិសេរីភាពក្នុងការលក់ដូរ ប្រកបរបរ ប៉ុន្ដែសូមឲ្យមានការចូលរួមតាមការណែនាំ និងអនុវត្ដបែបនេះ។ បញ្ហាជំងឺទឹកនោមផ្អែម លើសឈាមផ្សេងៗ ខ្លះគេថាជា(តំណ)ពូជ។ ប្រសិនបើឪពុក-ម្ដាយមានហ្សែន ប៉ុន្ដែខ្លះក៏(បណ្ដាល)មកពីអាហារូបត្ថម្ភផ្សេងៗ ដែលហូបតាំងពីក្មេង។ កិច្ចការទាំងអស់នេះជាអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្ដក្នុងការពង្រឹងមូលដ្ឋាន។
ទី៤ ជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល សហគមន៍ នៅក្នុងការអប់រំស្របតាមពាក្យស្លោក ឬអភិក្រម ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ ការនេះសំខាន់ណាស់។ កាលពីក្មេង ហ៊ានតែត្រូវរំពាត់លោក/អ្នកគ្រូ ទៅដល់ផ្ទះប្រាប់ម៉ែឪ ប្រាកដជាដាក់ថែម គ្មានសួរមួយម៉ាត់ទេ។ នេះការទុកចិត្តរវាងគ្រូ និង ឪពុក-ម្ដាយ។ គាត់ប្រាប់ថាគាត់មិនជឿ។ គាត់ស្គាល់លោកគ្រូអ្នកគ្រូ។ ជំនាន់នោះអត់មានទូរស័ព្ទទេ។ អញ្ចឹង គាត់មិនអាចខលទូរស័ព្ទមកបានទេ។ ជំនាន់នោះមានតែទូរស័ព្ទលើតុទេ។ អញ្ចឹងមិនអាចខលទៅសួរអីបានទេ (ប៉ុន្ដែ) ឪពុក-ម្ដាយ គាត់បានប្រគល់ការទុកចិត្តលើលោក/អ្នកគ្រូដើម្បីជួយបណ្ដុះបណ្ដាលខ្ញុំ។ គាត់គិតថាលោក/អ្នកគ្រូក៏ប្រដៅគ្មានអីខុសទេ។ ខ្ញុំគិតថាឪពុក-ម្ដាយជាច្រើនស្រឡាញ់កូន ប៉ុន្ដែស្រឡាញ់កូនមិនចង់ទំយើកូនទេ។ ស្រឡាញ់កូនចង់ឲ្យកូនល្អ។ អញ្ចឹង យើងអប់រំផង អ្នកផ្សេងអប់រំផង តាមដែលអាចធ្វើទៅបាន លោក/អ្នកគ្រូ។ រឿងនេះសំខាន់ ត្រូវយកការចូលរួមដើម្បី បង្កើតការទុកចិត្ត និងការសហការគ្នា។
(២៣) បរិស្ថាន៣ គឺសាលា ផ្ទះ និងសង្គម ឯតួអង្គសំខាន់២ គឺឪពុកម្តាយនិងគ្រូ
(បរិស្ថាន)អប់រំមាន៣ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្ស។ ទី១ ក្នុងសាលា, ទី២ ក្នុងផ្ទះ និងទី៣ ក្នុងសង្គម។ ទី៣ នេះគឺងាយរេណាស់។ តំលៃមនុស្សត្រូវកំណត់និងបង្រៀនឲ្យច្បាស់នៅផ្ទះ និងសាលា ព្រោះសង្គមនេះ តែចេញទៅអង្គុយមើលហ្វេសប៊ុក ឃើញច្រើនណាស់ HOLLYWOOD ផង អ្នកកាប់ដាវផង។ យកមួយណា? មួយណាល្អ មួយណាអាក្រក់ គាត់ត្រូវឲ្យតំលៃក្នុងខ្លួនគាត់។ ការទាក់ទាញ LIKE SHARE ចង់បានហើយលើហ្វេសប៊ុក។ ប៉ុន្ដែគួរធ្វើសកម្មភាពណា? ត្រូវមានព្រំដែនកម្រិតណា? ត្រូវធ្វើមាតិការអប់រំ ឬជេរបញ្ចោរគ្នា? ត្រូវបង្កើតរឿងល្អ ឬ រឿងដែលហួសព្រំដែននៃវប្បធម៌។ ត្រូវបង្កើតតំលៃក្នុងខ្លួន។ ឪពុកម្ដាយ និងគ្រូ ត្រូវយល់គ្នា ទុកចិត្តគ្នា សហគ្នាធ្វើ។ ពាក្យខ្មែរយើងថា «ឪពុក-ម្ដាយបង្កើតជាឪពុកម្ដាយទី១ លោកគ្រូអ្នកគ្រូជាឪពុក-ម្ដាយទី២»។ ម្នាក់បង្កើតជីវិតថែរក្សាឲ្យធំធាត់ ចិញ្ចឹមឲ្យរស់ ទំនុកបំរុង ផ្ដល់ឱកាសឲ្យរៀនសូត្រ។ លោកគ្រូអ្នកគ្រូជាឪពុក-ម្ដាយទី ២ បំពាក់បញ្ញាញាណស្មារតី ចំណេះដឹង សមត្ថភាពដើម្បីទៅជាធនធានល្អ។
ឪពុកម្ដាយទី១ និងឪពុក-ម្ដាយទី២ ត្រូវរួមគ្នា ថែរក្សាគ្នា។ ខ្ញុំគិតថាមានតែតួនាទី២នេះទេ ដែលថែរក្សាមួយជីវិត។ ឪពុកម្ដាយបង្កើតមក ទោះបីជាអ្នកខ្លះទៅណាក៏ដោយ ក៏យើងនៅតែហៅឪពុក-ម្ដាយដែរ។ លោកគ្រូអ្នកគ្រូ បង្រៀនតែមួយឆ្នាំក៏ដោយ ទោះបីជាសិស្សកើនដល់កម្រិតណា ក៏ហៅលោកគ្រូអ្នកគ្រូដែរ។ ជំនាញផ្សេងៗទៀតរឿងផ្សេង។ កិច្ចការនេះ ត្រូវរួមគ្នាសហការគ្នា។ បើមិនអញ្ចឹងទេ យើងសហការអត់បានទេ។ ខ្ញុំចាំ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ហ្នឹងឯង … ដូចជា ៤ ឆ្នាំមុន។ មានក្មួយៗមួយចំនួននាំគ្នាគូសសរសេរពេញសាលាហើយរត់ពេញហ្នឹង។ ៤ឆ្នាំហើយ។ លឿនផង ២០២១ … ក្មេងៗ សប្បាយជ្រុល ភ្លេចវិន័យ។ ពេលលោកគ្រូហៅតម្រង់ជួរ មានមួយនោះគាត់តមាត់ ត្រូវមួយដៃចំស្មា។ ឪពុក-ម្តាយអ្នកណាមិនស្រលាញ់កូន? ក៏ប្រតិកម្មភ្លាមតាមហ្វេសប៊ុកមក។
បើសិនជារឿងនេះលោកគ្រូអ្នកគ្រូ និងឪពុក-ម្តាយស្គាល់គ្នា ទុកចិត្តគ្នា អត់តាមអ្នកទី៣ តាមហ្វេសប៊ុកទេ ប្រាកដជាទាក់ទងមកសួរគ្រូហើយ។ លោកគ្រូប្រាកដជាប្រាប់ពីរឿងរបស់កូនពួកគាត់។ ជួនកាលកូនទៅទូលពិតប្រាប់ម្តាយថាគាត់ត្រូវ មិនដែលគាត់ថាគាត់ខុស។ បើសិនជាគាត់ខុស គាត់ប្រាកដជាមិនទៅទូលពិតម៉ែទេ។ តែបើទៅទូលពិត ប្រាកដជាថាគាត់ត្រូវ។ អញ្ចឹងពត៌មានមួយចំនួនត្រូវបាត់ … ឥឡូវតាមសាលាខ្លះ កូនអត់មករៀន។ ឪពុក-ម្ដាយ ទទួលបានពត៌មានតាម telegram ភ្លាម។ តិចថាដល់ផ្ទះម៉ោង១១ រៀនដូចគេដូចឯង។ អត់ទេ។ មកដល់សាលាផ្លោះរបង អាវនៅក្នុងកាតាបមានអាវដើរលេង និងអាវមករៀន។ មានអត់ប៉ុន្មាននាក់? ខ្លះមករៀនមិនមែនមានតែសៀវភៅទេ ជួនកាលអត់មានសៀវភៅស្រួលបួលផង មានទឹកអប់មានក្រែម មានអាវដើរលេង មានសំពត់ខ្លី … បាត់ភ្លាមគឺគ្រូនិងឪពុកម្តាយដឹងគ្នាភ្លាម ហើយសូមឲ្យមានការទុកចិត្តរវាងគ្រូ និងឪពុកម្តាយ ឪពុកម្តាយទី១ និងឪពុកម្តាយទី ២។
(២៤) ពង្រឹងការចូលរួមរបស់សហគមន៍ តាមអភិក្រម “អប់រំដើម្បីទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីអប់រំ”
ក្នុងគោលនយោបាយពង្រឹងមូលដ្ឋាននេះ យើងដាក់គោលដៅពង្រឹងការចូលរួមរបស់សហគមន៍ … ដើម្បីអប់រំកូនឲ្យបានល្អ។ កន្លែងខ្លះ បើសិនជាឪពុក-ម្តាយមានការចូលរួមគាំទ្រ បើសិនជាលោកគ្រូ អ្នកគ្រូ ចង់ពង្រឹងវិន័យ សណ្តាប់ធ្នាប់ តែឪពុក-ម្តាយ អត់ដេញកូនឲ្យមករៀនទាន់ម៉ោងក៏ពិបាក។ បើសិនជាលោកគ្រូអ្នកគ្រូបង្រៀនអនាម័យនៅសាលា ដល់ផ្ទះឪពុក-ម្តាយ អត់ជួយត្រួតពិនិត្យមើល ក៏មិនកើត។ នេះហើយជាការអប់រំលត់ដំ។ អរគុណចំពោះការចូលរួមរបស់សហគមន៍ ឪពុក-ម្តាយ មាតាបិតានេះ។ សូមអរគុណដល់សប្បុរសជន ប្រជាពលរដ្ឋ អតីតសិស្ស នៅសាលានីមួយៗ។ ឥឡូវគាត់មានលទ្ធភាព គាត់ចូលមកជួយទៀត។ ជួយជំរុញបែបនេះគឺការងារប្រជាជនដើម្បីអប់រំ។ ធ្វើការងារទាំងអស់នេះរួមគ្នា ព្រោះការបណ្តុះបណ្តាលដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ។ នេះគឺជាអភិក្រមដែលយើងធ្វើ។ ការចូលរួមនិងការជំរុញការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ ជាគោលដៅដែលយើងត្រូវបន្តទៀត។ ខ្ញុំឃើញនៅទូទាំងប្រទេសមានសាលាច្រើនដែលធ្វើកិច្ចការទាំងអស់នេះបានជោគជ័យ។
ខ្ញុំសូមអំពាវនាវមាតាបិតា អាណាព្យាបាល ធ្វើការចូលរួមគាំទ្រដល់សាលាប្រទាក់ក្រឡា ទុកចិត្តដល់លោកគ្រូ អ្នកគ្រូធ្វើការអប់រំកូនចៅ។ មានការអីរួមគ្នាអប់រំកូនរបស់យើង កូនទី ២ របស់លោកគ្រូអ្នកគ្រូ ប៉ុន្តែកូនបង្កើតរបស់យើង។ គ្មានឪពុក-ម្តាយណាដែលចង់ឲ្យកូនអាក្រក់ទេ។ គ្មានឪពុក-ម្តាយណាចង់ឲ្យកូនដើរខុសគន្លងទេ។ មានឬក្រយ៉ាងណាក៏ដោយ ខិតខំឲ្យកូនទៅរៀន។ កន្លែងខ្លះ ឪពុក-ម្តាយលំបាក ចង់ឲ្យកូនរៀន យកទៅផ្ញើអង្គការដើម្បីឲ្យកូនបានរៀន។ ខ្លួនសុខចិត្តលំបាកព្រោះជាកូនរបស់ខ្លួនចិញ្ចឹមថែរក្សា។ យើងខិតខំដើម្បីធ្វើកិច្ចការនេះ ហើយក៏គ្មានលោកគ្រូអ្នកគ្រូណាមិនចង់ឲ្យសិស្សរបស់ខ្លួនជោគជ័យ ហើយគ្មានភាពច្រណែនជាមួយនឹងសិស្សខ្លួនឯងទេ។ មិនមែនថា សិស្សខ្លួនឯងថ្ងៃក្រោយឡើងធ្វើរដ្ឋមន្រ្តី ឡើងធ្វើឧកញ៉ា គ្រូច្រណែន ទៅទាមទារគុណសម្បត្តិទេ។ មានតែអបអរសាទរពីចំងាយ។ គាត់អាចប្រាប់គេថា លោកនេះពីមុនសិស្សរបស់ខ្ញុំដែរ ខ្ញុំធ្លាប់បង្រៀនគាត់ដែរ។ មានតែមោទនភាពបែបនេះ។ ឪពុកម្តាយដូចតែគ្នាទេ។
អញ្ចឹងទិសដៅដូចគ្នា ចក្ខុវិស័យដូចគ្នា។ យើងចង់ឃើញការចូលរួមកសាងអនាគត។ អញ្ចឹង សូមឲ្យមានការប្រទាក់ក្រឡាគ្នារៀបចំ ហើយមានការពិគ្រោះយោបល់ជាបណ្តើរ។ កន្លែងខ្លះ នៅតាមខេត្តមួយចំនួន សាលាគំរូ សាលាសាមគ្គីនេះ សាលាសេរីភាពនេះ ក៏ជាសាលាគំរូមួយដែរ តែងតែមានកម្មវិធីជួបជាមួយនឹងឪពុក-ម្តាយ។ ឧទាហរណ៍មួយឆ្នាំ យើងជួប ២ដង។ កន្លែងខ្លះគេជួបញឹកជាងហ្នឹងដើម្បីឪពុក-ម្តាយដឹងថា(ព័ត៌មានពី)កូនជាសិស្ស។ ជួនកាលថ្ងៃសៅរ៍ថ្ងៃអាទិត្យ ឬមួយថ្ងៃណាមួយ ២ឬ ៣ខែជួបម្តង ជជែកគ្នា។ យើងមិនបានជួបមួយៗ បើថាលោកគ្រូអ្នកគ្រូប្រចាំថ្នាក់អាចមាន។ ជួនកាលសិស្សថ្នាក់ច្រើនអាចជួប។ បង្កើតការជួបដូចអត់មានខាតអីទេ តែបង្កើនមិត្តបន្ថែម។ យើងបង្រៀនសិស្សម្នាក់ យើងអាចបង្កើនមិត្តជាមួយឪពុកម្តាយបានទៅហើយ។ បង្កើតញាតិលោកគ្រូអ្នកគ្រូ ញាតិកាន់តែច្រើនកាន់តែល្អ។ ជួនកាលជិះម៉ូតូទៅបែកកង់កន្លែងណា ផ្ទះរបស់កូនសិស្សខ្លួន ឪពុក-ម្តាយកូនសិស្សចេញមកហៅចូលផ្ទះខ្ញុំសិន …។
(២៥) អំពើល្អទទួលបានការការពារនិងជួយពីប្រជាជន គ្រូបង្រៀន/អប់រំសិស្សល្អ ប្រជាពលរដ្ឋនឹងស្រលាញ់
ពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ខ្ញុំបើកឡានពេលយប់ពីត្បូងឃ្មុំទៅកងមាស កាត់ផ្លូវស្ងាត់មួយ។ ឡានតែពីរបីទេ។ ផ្លូវកំពុងតែធ្វើ។ យើងពង្រីកហើយអត់ទាន់ចាក់កៅស៊ូ ក៏រអិលធ្លាក់។ គ្នាយើងប៉ុន្មាននាក់អត់មានឧបករណ៍ទាញ។ ពូម្នាក់ចេញពីភូមិមក។ គាត់អើតមកឃើញខ្ញុំ គាត់ថាឯកឧត្តម ហ៊ុន ម៉ាណែត គាត់រត់បាត់។ ខ្ញុំថាចុមម៉េចចេះ។ ម៉ែអើយ ១០នាទីក្រោយ ប្រជាជនមួយភូមិចេញមកជួយរុញឡាន។ ពេលហ្នឹងដែលខ្ញុំថា អំពើល្អយើងមានការការពារ និងជួយពីប្រជាជន។ លោកគ្រូអ្នកគ្រូធ្វើការងារល្អ ជួយបង្រៀនកូនបានល្អ ប្រជាពលរដ្ឋនឹងស្រលាញ់ហើយ។ គាត់រត់ចូលទៅក្នុង។ ពេលយប់ប្រហែលម៉ោង១០ គាត់ចេញមកវិញមួយភូមិ។ គាត់ថាតោះទៅជួយឯកឧត្តម ហ៊ុន ម៉ាណែត នាំមករុញឡាន។ គាត់ទាញខ្សែពួរគាត់មកផង។ ខ្ញុំរំភើបមែនទែន … ដល់ពេលឡានចេញពីជង្ហុក គាត់ឈរជម្រាបសួរទះដៃ។ អត់ចាំបាច់ទូរស័ព្ទហៅកម្លាំងប៉ូលីសប៉េអឹមមកសណ្តោងទេ ប្រជាជននៅកន្លែងដាច់ស្រយាលមួយ។ ម៉ោង ១០យប់។ គាត់មានជម្រើស២។ គាត់ឈរមើលនិងបន់ថាឲ្យផុងទៅ។ តែគាត់ជ្រើសរើសរត់ទៅហៅគ្នា … មួយភូមិចេញមកស្រុះដៃរួមគ្នារុញ ជួយអូស។ ខ្ញុំជឿថាលោកគ្រូអ្នកគ្រូដូចគ្នា។ យើងសាងអំពើល្អ ទោះពេលខ្លះយើងកាចជាមួយក្មួយៗ តែគ្មានគ្រូណាកាចដើម្បីតែកាចនោះទេ។
(២៦) កុំឲ្យម្តាយឪពុកវិនិយោគផ្លូវចិត្ត ធ្វើបុណ្យជាមួយគ្រូ ដោយស្តាប់ និងរៀនឱ្យពូកែ
គ្រូជំនាន់ឥឡូវស្លូត។ លោកគ្រូមានផ្តៅ? លោកគ្រូមានឲ្យខោកតុអត់។ លោកគ្រូមានឲ្យលត់ជង្គង់លើផ្លែទុរេនអត់? គ្រូស្លូតហើយ។ កាលជំនាន់ខ្ញុំ គោះតុ ផ្តៅនៅក្នុងថតតុ ហើយថ្នាក់ខ្ញុំហ្នឹងមានជើងល្អទៅលួចផ្តៅលោកគ្រូ មានដឹងថាគាត់មានផ្តៅបម្រុងឯណា។ មានអ្នកខ្លះទៀតខូចទៅយកខ្ញែរយកមកដាក់លើកៅអីលោកគ្រូ។ ម៉ែអើយត្រូវទាំងអស់មួយថ្នាក់។ ការអប់រំណែនាំមិនបាច់ប្រើវិធីក្តៅនោះទេ។ តែពូគ្រាន់តែនិយាយថាពួកយើងសំណាងហើយ។ វិធីសាស្រ្តអប់រំត្រជាក់។ តែត្រូវយល់ការអប់រំណែនាំគឺចង់ឱ្យក្មួយៗល្អទេ។ តឹងដើម្បីល្អ។ ជីវិតយើងត្រូវដើរតាមគន្លងមួយដែលមានវិន័យច្បាស់លាស់។ យើងមានសិទ្ធិសេរីភាព ប៉ុន្តែកុំឲ្យធ្វើអ្វីមួយភ្លេចនូវអនាគតខ្លួន ធ្វើទៅលេងទៅ ប៉ុន្តែកុំចោលម៉ោងសិក្សា កុំឲ្យប៉ះពាល់ខ្លួនឯង ប៉ះពាល់សង្គម កុំធ្វើគ្រឿងញៀន។ កុំប៉ះពាល់អ្នកដទៃ កុំឲ្យយកដាវសាមូរ៉ៃមកសម្ញែង វាធ្វើឲ្យវេទនាឪពុកម្តាយ វេទនាខ្លួនឯង … មួយភូមិគ្មានអ្នកណាហ៊ាន។ ឪពុកម្តាយយំ។
ថ្ងៃមុនតាមហ្វេសប៊ុក ឪពុកម្នាក់ហៅលោកកូនថ្វាយបង្គំកូន។ គាត់ស្រលាញ់ដល់ថ្នាក់ហ្នឹងណា។ មើលកូនមានសាក់មិនដឹងនាគ ឬកូនចាប … រឿងសាក់រឿងមួយ ប៉ុន្តែកុំកាចៗពេក។ អនាគតពេលយើងចាស់ទៅ គ្នីគ្នាយើងហ្នឹងមិនមែននៅជាមួយយើងមួយជីវិតទេ។ គេនឹងមានប្តីមានប្រពន្ធ យើងនឹងមានប្តីមានប្រពន្ធ។ យើងនឹងត្រូវទទួលខុសត្រូវខ្លួនឯង។ គេមិននៅជាមួយយើងទេ។ បើសិនជាជាប់គុក មានបញ្ហា្កកាប់គ្នាដាច់ដៃដាច់ជើង យើងជាអ្នកទទួលខុសត្រូវ។ យើងប្រើគ្រឿងញៀនខូចសុខភាពយើង។ យើងទទួលខុសត្រូវ។ កូនទាហានខ្ញុំម្នាក់នៅបន្ទាយ កូនតែមួយគត់។ ឪពុកម្តាយរាងធូរធារ។ ឲ្យកូនចូលធ្វើទាហាន។ ចេញទៅបេសកកម្មនៅក្រៅមួយរយៈទៅរៀន។ ទៅដល់នោះវាប្រើគ្រឿងញៀន។ វាលួចប្រើ ៤ឆ្នាំ ក្រោយមកខូចខួរក្បាល។ ឥឡូវមកវិញមិនបានដល់ ១០០ភាគរយទេ។ ឪពុកម្តាយមានកូនប្រុសតែមួយគត់។ បើកូនហ្នឹងវាគ្រោះថ្នាក់ ឬអីជារឿងមួយ តែអានេះកូនជ្រើសរើសបែបនេះ។ ដល់ញៀនខ្លាំងពេកទៅ វាអត់ដឹងអីតែម្តង។ ឪពុក-ម្តាយមានកូនតែមួយ តស៊ូចិញ្ចឹមពីបាតដៃទទេ មាន business មានអី។ កូនចង់ធ្វើទាហានឲ្យវាចូលរៀនចូលអី។ ទីបំផុតវាធ្វើខុស។ វេទនា។ ខ្ញុំអាណិតឪពុក-ម្តាយខ្លោចចិត្ត។
ឪពុកម្តាយណាក៏ដូចគ្នា។ ក្មួយៗចៀសឲ្យផុតពីរឿងគ្រឿងញៀន។ ខំប្រឹងរៀនសូត្រ។ ឪពុក-ម្តាយជួយទំនុកបម្រុងមានស្បែកជើង មានស្អីល្អៗហ្នឹង ដោយសារឪពុកម្តាយខំប្រឹងលះបង់ញើសឈាមទិញឲ្យយើង។ ឲ្យគាត់វិនិយោគកម្លាំងកាយបានហើយ កុំឲ្យវិនិយោគផ្លូវចិត្ត។ កូនមិនបាច់ធ្វើបុណ្យធ្វើអី សង្ឃទានជូនគាត់ទេ កុំតែខូច រៀនឲ្យពូកែ ឪពុកម្តាយសប្បាយចិត្តហើយ។ នេះហៅថាធ្វើបុណ្យជាមួយម៉ែឪយើង។ ធ្វើឲ្យឪម៉ែសប្បាយចិត្ត កុំឲ្យពិបាកចិត្ត គឺយើងធ្វើបុណ្យជាមួយគាត់ហើយ។ ធ្វើកុំឲ្យគាត់ពិបាកចិត្ត ព្រួយតែរឿងយើង។ ហ្នឹងហើយធ្វើបុណ្យ។ ធ្វើបុណ្យឲ្យគាត់ទាន់ គាត់នៅមានជីវិតជាមួយយើង ឲ្យគាត់សប្បាយចិត្ត។ គាត់ឃើញយើងឲ្យមានទំនុកចិត្ត។ នេះហើយធ្វើបុណ្យជាមួយគាត់ ធ្វើបុណ្យជាមួយគ្រូដូចគ្នា។ កុំឲ្យលោកគ្រូលំបាក ស្តាប់គ្រូ រៀនឲ្យពូកែប្រឡងឲ្យបាននិទ្ទេស Aឲ្យបានច្រើន។
ឆ្នាំនេះ ទូទាំងខេត្តកណ្ដាល អ្នកបាននិទ្ទេស A គ្រាន់បើដែរ។ សិស្សប្រលងជាប់ ៩០០០ នាក់ជាង ស្មើនឹង ៨៣% ហើយនិទ្ទេសA បាន ២១៦នាក់។ សង្ឃឹមថា នឹងបានច្រើនជាងនេះទៀត នៅឆ្នាំ(នេះនឹងឆ្នាំ)ក្រោយ សម្រាប់ខេត្តកណ្ដាល។ វិទ្យាល័យ ហ៊ុន សែន សេរីភាព បាននិទ្ទេស Aប៉ុន្មាននាក់នៅទីនេះ? ២៥នាក់។ អញ្ចឹងឡើង១០% នៃ ២១៦នាក់។ ឆ្នាំ(នេះនឹងឆ្នាំ)ក្រោយ យកឱ្យបានច្រើនជាងហ្នឹងទៀតសម្រាប់អ្នកថ្នាក់ទី១២ (ប្រលង)ឱ្យបាននិទ្ទេស A ឱ្យបានច្រើន ជាប់ឱ្យបានច្រើន ជូនពរ។ មិនមែនអ៊ំជូនពរហើយ ជាប់ដោយស្វ័យប្រវត្តិនិទ្ទេសA ទេ មិនមែនអ៊ំជូនពរហើយ ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យ(ជាប់)ជាការយោគយល់ទេ។ មិនបាច់រកគ្រូទាយ គ្រូសូត្រមន្តអី អត់ជាប់ទេ (ខិតខំប្រឹង)រៀនខ្លួនឯងទៅ។ ក្នុងការអប់រំ ការពង្រឹងមូលដ្ឋានរបស់យើងគឺបែបនេះ។ សូមឆ្លៀតឱកាសនេះ អរគុណសាជាថ្មី ជូនដល់លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាល័យទាំងអស់ គណៈគ្រប់គ្រងសាលា ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនដល់សិស្សានុសិស្ស តាមរយៈនេះ ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ផងដែរ ទាំងគ្រូកិច្ចសន្យា គ្រូក្របខណ្ឌ សុទ្ធតែគ្រូទាំងអស់ដែលខិតខំចូលរួមចំណែកចែករំលែក។ អរគុណចំពោះមាតាបិតា អាណាព្យាបាល ដែលបានចូលរួមគាំទ្រទៅដល់សាលា ចូលរួមអប់រំ ហើយជាពិសេសក្មួយៗ។
(២៧) រើសសាលាធំៗ ក្នុងចំណោមសាលាជាង៩០០ សាងសង់ដោយរដ្ឋាភិបាលសម្តេចតេជោ ដើម្បីសម្ពោធ
អ៊ំបាននិយាយអម្បាញ់មិញហើយ។ ខំប្រឹងបន្តទៅទៀតដើម្បីអនាគតខ្លួនឯង។ (វេលាដើរ)លឿនណាស់។ ២០ឆ្នាំជាងមុន ពូអង្គុយដូចក្មួយឯងដែរ។ អត់ដឹងអីទេ ដឹងតែមួយថ្ងៃ(ខំ)រៀនឱ្យតែចប់ បានពិន្ទុល្អ។។ តែចប់ហើយ អ្នកថ្នាក់ទី១២ ជិតដល់ផ្លូវបំបែកនៃជីវិត។ ឪពុក-ម្ដាយជួយយើង(ត្រឹម)ថ្នាក់ទី១២។ បន្ទាប់ពីហ្នឹង យើងត្រូវរៀនរស់ខ្លួនឯង។ ឪពុក-ម្ដាយមានលទ្ធភាពក៏ដោយ។ អនាគតយើងត្រូវ(ពឹងលើ)ខ្លួនឯង។ ដើម្បីដល់ថ្នាក់ទី១២ បាន ចេញពីថ្នាក់ទី១២ ក្មួយត្រូវខំប្រឹងគ្រប់ថ្នាក់។ កុំថាខំប្រឹងតែថ្នាក់ទី១២ យកបាក់ឌូប្លិ៍ ថ្នាក់ទី៩ ទី១០ អត់ខំប្រឹង។ (ត្រូវ)ខំប្រឹងតាំងពីបឋមសិក្សាមក ខំប្រឹងរហូត។ រាជរដ្ឋាភិបាលនឹងបន្តខិតខំជួយជ្រោមជ្រែងលើវិស័យអប់រំ ការច្នៃប្រឌិត ការវិនិយោគបន្ថែម ការសហការជាមួយដៃគូ លើកកម្ពស់វិស័យគ្រប់ផ្នែក … ខ្ញុំសូមនិយាយតែប៉ុណ្ណឹងចុះពាក់ព័ន្ធនឹងការអប់រំ ទាក់ទងនឹងសមិទ្ធផលថ្ងៃនេះ។ ជាថ្មីម្ដងទៀត សូមអរគុណទៅដល់ឯកឧត្តម ខេង សុមេធ ដែលបានចាត់ការយ៉ាងលឿន។ ប្រាប់ថ្ងៃហ្នឹង ស្អែកឡើងដល់ហើយ។ តាំងពីជំនាន់សម្ដេចតេជោ គឺប្រាប់ភ្លាម ជួនកាលសាលា គេមិនទាន់គូសប្លង់ផង ជាងទៅដល់បាត់។
ប៉ូលីស ទាហាន ដែលបានខំប្រឹងជួយ យកចិត្តទុកដាក់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅទូទាំងប្រទេស។ ឥឡូវ សាលានៅសល់ប៉ុន្មានរយសាលាទៀតនៅទូទាំងប្រទេស មិនទាន់បានសម្ពោធ។ បន្តិចទៀត នឹងត្រូវសម្ពោធ។ (មាន)៩០០ សាលាជាងទៀត ដែលសម្ដេចតេជោធ្វើហើយប៉ុន្មានឆ្នាំនេះ មិនទាន់បានសម្ពោធ។ ប្រហែលជាមិនអាចទៅសម្ពោធ(ទាំង) ៩០០ទេ … អញ្ចឹងយើងនឹងរើសសាលាធំៗមួយចំនួន ហើយអាចសម្ពោធសមិទ្ធផលរួមនៅកន្លែងខ្លះ។ ដូចថ្ងៃមុន តាកែវ ដាក់មក ៤-៥ កន្លែងអញ្ចឹង យើងទៅម្ដងទៅ។ សម្ពោធសមិទ្ធផលរួម (សាលា)ធំៗ។ កន្លែងខ្លះ អាចទៅ ២កន្លែងអីទៅ។ នឹងខិតខំជួបជាមួយនឹងលោកគ្រូអ្នកគ្រូ ជាមួយក្មួយៗផង ព្រោះប្រជុំនៅក្នុងម៉ាស៊ីនត្រជាក់យូរទៅ ឥឡូវគេថា ខ្ញុំសពេក ព្រោះមិនសូវត្រូវថ្ងៃ។ កាលនៅជាទាហាន ឡើងខ្មៅ ព្រោះចុះរហូត។ ឥឡូវសពេក។ អញ្ចឹងចុះផ្លូវការសម្ពោធ ចុះក្រៅផ្លូវការ(ដើរពិនិត្យ)។ ជំនួយការខ្ញុំមួយចំនួនថាកាលខ្ញុំនៅយុវជនចុះរហូត។ ជំនួយការខ្ញុំ (ជា)ទាហានអីថា ពេលនៅជាមួយបង កាលមុនចុះរហូត។ ឥឡូវឡើង(ជានាយករដ្ឋមន្រ្តី)មក សង្ស័យលែងស្គាល់ជាតិមូលដ្ឋាន។ ខ្ញុំថា អត់អីទេចាំមើលទៅ។ មែន! ជួនកាលព្រឹកខ្លះ ខ្ញុំហៅមកម៉ោង៥ មានមុខ។ ទៅណាមិនដឹងទេ ដាក់ស្បែកជើងឡើងភ្នំ(ផង)។
ថ្ងៃមុន (ខ្ញុំហៅ)រដ្ឋមន្រ្តីពីរនាក់។ គាត់មិនដឹងថាទៅណាទេ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាំទៅខ្នងផ្សារ។ ហៅអភិបាលខេត្តកំពង់ស្ពឺ ក៏អត់ដឹងថាទៅណាដែរ។ ចុះពីឡានជាមួយគ្នាម៉ោង ៤កន្លះ។ ឯកឧត្តម ហួត ហាក់ ទើបចុះពីយន្តហោះមកពីបារាំង។ ទៅដើរផ្សព្វផ្សាយទេសចរណ៍។ ព្រឹកឡើង គាត់ឮតែទៅភ្នំដាក់មួយសាកាដូ មិនដឹងស្អីខ្លះទេ។ ដំបូងគាត់មិនទាន់ទម្លាក់អីវ៉ាន់ទេ (គិតថា)ក្រែងជិះឡានឡើងទៅដល់បាតជើងព្រះ។ ដល់គ្រាន់តែចុះនៅឡើងភ្នំ គាត់ចុះពីលើឡាន រើអីវ៉ាន់ចេញពីសាកាដូទាំងអស់។ ឯកឧត្តមអភិបាលខេត្តនោះ ពាក់ស្បែកជើងឡើងភ្នំ ប៉ុន្តែស្បែកជើងឡើងភ្នំរបស់គាត់ហ្នឹង បាតរាបស្មើសម្រាប់ឡើងភ្នំមណ្ឌលគិរីមានស្មៅអីនោះ។ គ្រាន់តែមកដល់កន្លែងហ្នឹងភ្លាម រត់ទៅខ្ចីស្បែកជើងផ្ទាត់អ្នកណាមានក្រឡា ពាក់ស្បែកជើងផ្ទាត់ឡើងភ្នំដែរ។ និយាយបានដូចចិត្ត ពេលឡើងភ្នំ គឺឯកឧត្តម(រដ្ឋមន្ត្រី)បរិស្ថានជាប់សរសៃ ដើរគេចាំរហូត។ ដល់ពេលចុះពីលើភ្នំឯកឧត្តម(រដ្ឋមន្ត្រី)ទេសចរណ៍ជាប់ជង្គង់ ចាំរហូត។ រូបថតដែលមានគេគ្រាហ្នឹង គឺតិចទេ។ ជើងគាត់ដើរត្រង់ចុះមក ហើយចុះពិបាក។ ចុះភ្នំពិបាកជាងឡើងភ្នំ។ វេទនា។ តែយើងចុះទៅមើលផ្ទាល់ យើងជួបជាមួយប្រជាពលរដ្ឋនោះ (ពិនិត្យ)សក្ដានុពល សម្រេចមួយចំនួន។ ឥឡូវធ្វើផ្លូវឡើង រៀបចំនៅកន្លែងមួយចំនួន។ អញ្ចឹងដើរចុះ(ពិនិត្យ)ទាំងអស់។ អញ្ចឹងសាលាខ្លះខ្ញុំនឹងចូលមើល។
(២៨) ត្រៀមចុះសួរព័ត៌មានមណ្ឌលសុខភាព/ពេទ្យបង្អែកដែលដំណើរការ២៤/២៤ម៉ោង
មិនមែនតែសាលាទេ។ ថ្ងៃមុន ខ្ញុំប្រាប់ឯកឧត្តម ឈាង រ៉ា ថា សូមអោយត្រៀមបញ្ជីឈ្មោះមណ្ឌលសុខភាពណាខ្លះ ពេទ្យបង្អែកស្រុកណាខ្លះ ដែលមួយឆ្នាំជាងនេះ បាន(ធ្វើ)ទំនើបកម្មតាមស្តង់ដា។ ឱ្យឈ្មោះមកខ្ញុំ។ មណ្ឌលសុខភាពណាខ្លះដែលអាចដំណើរការ ២៤ម៉ោងលើ ២៤ម៉ោង។ ប្រាប់ខ្ញុំមក។ សូមធ្វើមួយបញ្ជីឱ្យខ្ញុំ។ ចាំមើលថ្ងៃណាមួយម៉ោង ៩យប់ ខ្ញុំនឹងហៅគាត់មកជិះឡានទៅមណ្ឌលសុខភាពណាមួយ ព្រោះគាត់ថា (មណ្ឌលសុខភាព)២៤ម៉ោង។ អញ្ចឹងម៉ោង ៩យប់ ក៏នៅក្នុង ២៤ម៉ោងហ្នឹងដែរ។ ចុះទៅមើលយប់ស្រួល ទៅនិយាយជាមួយគាត់តែម្ដង។ ទៅថ្ងៃ រំខាន ព្រោះគាត់(កំពុង)ព្យាបាលមនុស្ស។ ទៅ(សួរ)តែម្ដងថា ឥឡូវថ្នាំយ៉ាងម៉េច ល្អជាងមុនអត់ ព្រោះតាមរបាយការណ៍មក ថ្នាំតាមមណ្ឌលសុខភាព ជាពិសេសថ្នាំលើសឈាម ឱ្យ(ផ្ដល់តាមមណ្ឌលសុខភាព)ឱ្យច្រើន វិនិយោគខ្លាំង។ តាំងពីខ្ញុំទៅសម្ពោធពេទ្យសម្ដេចតេជោចុងឆ្នាំ ២០២៣ ខ្ញុំថាយើងត្រូវបង្កើនបរិមាណថ្នាំនិងគុណភាពថ្នាំ។ លើថ្នាំទូទៅទាំងឧបករណ៍បរិក្ខាអីហ្នឹង ប៉ុន្តែដែលផ្ដោតខ្លាំងមួយទៀត បរិមាណសម្រាប់ថ្នាំលើសឈាមសម្រាប់(ផ្ដល់ឱ្យ)ខេត្តឆ្ងាយៗ កុំឱ្យគាត់ពិបាកមកយកច្រើនដង។ កាលមុន យក ៥ថ្ងៃ ឥឡូវកន្លែងខ្លះ ប្រជាពលរដ្ឋធ្វើដំណើរមកម្ដងយកទៅហូបបានមួយខែ។ ជំងឺ(លើសឈាម)ហ្នឹងជាជំងឺរ៉ាំរ៉ៃត្រូវតែធ្វើ។ គាត់ថាបានហើយ។ កន្លែងខ្លះ ខ្ញុំស្ដាប់លោកគ្រូអ្នកគ្រូ។ ពេលដែលមកជួបខ្ញុំៗ មិនទាន់ចុះ។ ដូចនៅព្រៃវែង គាត់ថាអ្នកជំងឺមិនសូវទៅយកថ្នាំនៅគ្លីនិកទេ។ គាត់មកយក(នៅមណ្ឌលសុខភាព)ដោយសារគុណភាព។ អញ្ចឹងប្រជាពលរដ្ឋ គាត់ទុកចិត្ត។
(២៩) សមាធិ ជាវិទ្យាសាស្រ្តដើម្បីរម្ងាប់អារម្មណ៍និងវាយតម្លៃខ្លួនឯង មិនមែនជាវិធីរៀនធម៌ទេ
ចាំមើល(ថ្ងៃណាមួយ) ខ្ញុំចុះទៅមើល (ដូចជា)កសិកម្ម សហគមន៍ទំនើបស្អីៗហ្នឹង។ មានតែចុះបែបនេះទេ បានខ្ញុំមាន(ព័ត៌មាន)។ ទី១ ផ្ទាល់ខ្លួន។ មានហេតុផលដែលថា ទៅដល់ផ្ទះ ប្រពន្ធមិនសួរថាចុះទៅណា។ ទៅធ្វើការងារតែក្រៅផ្លូវការ … ចុះទៅតាមផ្លូវការមិនកើត។ ចុះទៅក្រៅផ្លូវការ។ ជួបផ្ទាល់។ ថ្ងៃមុន ទៅគូលេន អន្លង់ធំ។ គាត់ថា មកអត់ប្រាប់។ ខ្ញុំថា បើខ្ញុំប្រាប់ ជួបអត់។ គាត់ថា អត់មាននិស្ស័យទេ។ បើសិនជាមក មិនស្រួលប៉ូលីសទាហានមិនឱ្យខ្ញុំមកក្បែរសម្ដេចទេ។ គ្នាច្រើនក៏ពិបាក មិនដឹងជួបយ៉ាងម៉េច។ អញ្ចឹង(ចុះគ្នា)តិច ជួប(ប្រជាពលរដ្ឋផ្ទាល់)។ តែកម្មវិធីផ្លូវការ ក៏យើងនឹងចុះទៅសម្ពោធសាលាផ្សេងៗ។ សូមទោសព្រះតេជព្រះគុណ ព្រះសង្ឃ កាលមុន ខ្ញុំមាននិស្ស័យជាមួយសាសនា។ ខ្ញុំសម្ពោធវត្តទាំងអស់។ ទាំងសាសនាព្រះពុទ្ធ សាសនាគ្រីស្ដ ក៏ដូចជាវិហារអ៊ីស្លាម។ ខ្ញុំទៅសម្ពោធទាំងអស់ ហើយបានជាប់ជាប់ស្នាមស្លាជាប់ថ្ពាល់។ ឥឡូវសម្ពោធ(មួយចំនួន) បានប្អូនៗខ្ញុំ ឬមួយក្រុមការងារគណៈពង្រឹងចុះទៅ។ យើងមានសមិទ្ធផល មិនមែនតែអប់រំទេ តែគ្រប់វិស័យ គ្រប់ពេលទាំងអស់។ យើងត្រូវចូលរួមអបអរសាទរ។
គ្រួសារខ្ញុំ ជាមួយនឹង(សម្ពោធវត្ត) គាត់ចូលចិត្ត ព្រោះគាត់អ្នកសមាធិ។ គាត់ហៅខ្ញុំទៅសមាធិ។ ខ្ញុំថាបើទៅសមាធិ ឱ្យបើកទូរស័ព្ទអត់? គាត់ថាអត់ទេ។ អញ្ចឹងទៅមិនកើតទេ ចាំដល់ពេលណាមួយ។ តាមពិតសមាធិ ជាវិទ្យាសាស្រ្ត។ ថ្នាក់ដឹកនាំធំៗនៅលើពិភពលោក គេមានពេលសម្រាប់សមាធិ meditation សម្រាប់ឱ្យអារម្មណ៍ល្អ។ កាលខ្ញុំនៅរៀនមានកៅអីវិទ្យាសាស្រ្តមួយ។ គេឱ្យចូលទៅសម្រាកប្រហែល ១០នាទីទេ។ ពេលដែលយើងសម្រាក គេឱ្យយើងបិទភ្នែក គេឱ្យយើងរំសាយអារម្មណ៍ ស្ដាប់ភ្លេង។ យើងងើបឡើងមានកម្លាំងជាងយើងសម្រាកមួយម៉ោងពីរម៉ោង។ ឥឡូវ កន្លែងការងារខ្លះ នៅអាមេរិក នៅអី ម៉ោងថ្ងៃត្រង់ គេអនុញ្ញាតឱ្យយកខ្នើយទៅកន្លែងធ្វើការ ដើម្បីឱ្យអ្នកហ្នឹងអាចសម្រាកខួរក្បាលបាន។ សមាធិដូចគ្នា។ ថ្ងៃមុន ប្រពន្ធខ្ញុំគាត់សមាធិ ស្រាប់តែមានអ្នកដាក់ថា ប្រពន្ធសមាធិដោយដឹងថាប្ដីហ្នឹងធ្វើបាបកម្មច្រើនពេក។ ទៅជាអញ្ចឹង យ៉ាប់តែម្ដង …។
ក្នុងសាលាខ្លះ ក៏មានទស្សនៈខុសគ្នារឿងសមាធិសម្រាប់សិស្ស។ សមាធិ មិនមែនរឿងសាសនាទេ។ ជាវិទ្យាសាស្រ្ត គ្រាន់តែសាសនារបកគំហើញនេះ បានប្រើរាប់ពាន់ឆ្នាំមកហើយ។ សូម្បីតែវិទ្យាសាស្រ្តទំនើបនេះ ក៏គេប្រើ meditation ហ្នឹងដែរ។ ការរម្ងាប់អារម្មណ៍រយៈពេលខ្លី ការផ្ដោតអារម្មណ៍។ បើនិយាយពីសមាធិ កន្លែងខ្លះ(មាន)រយៈពេលយូរដើម្បីឱ្យវាយតម្លៃខ្លួនឯង ព្រោះមួយពេលហ្នឹង គឺគេឱ្យវាយតម្លៃខ្លួនឯង។ ពេលដែលយើងធ្វើការ យើងគិតតែពីរបស់ក្រៅខ្លួនទាំងអស់ អត់បានគិតពីខ្លួនឯងទេ។ យើងគិតថា ស្អែកធ្វើអី អ្នកនេះយ៉ាងម៉េច គិតយ៉ាងណា។ យើងត្រូវឆ្លើយតបតម្រូវការការងារ។ គេទៅកន្លែងសមាធិហ្នឹង គឺបង្រៀនឱ្យអង្គុយមើលខ្លួនឯង មើលកន្លែងណាខុស ចំណុចខ្សោយ ចំណុចអីរបស់ខ្លួនឯង។ ហ្នឹងសមាធិ។ មិនមែនទៅរៀនសូត្រធម៌ទេ ហើយកន្លែងសមាធិ អត់មានសាសនាណាទេ។ អ្នកដែលទៅសមាធិ មួយកន្លែងហ្នឹងមាន(ទាំង)សាសនាព្រះពុទ្ធ គ្រីស្ដ អ៊ីស្លាម។ គេទៅដោយសារការបង្រៀនសមាធិមួយចំនួន គឺបង្រៀនតែវិទ្យាសាស្រ្តនៅក្នុងការគិតគូរ ការមើលអារម្មណ៍ និងដកដង្ហើម ស្អីៗ(ដើម្បី)ខ្លួនឯង។ ហ្នឹងវាជាវិទ្យាសាស្រ្ត។ ការអប់រំនេះ គឺកុំឱ្យក្មេងៗប្រកាន់ចរិតឆេវឆៅ ច្រងេងច្រងាង រម្ងាប់អារម្មណ៍ ហ្នឹងវាជាវិទ្យាសាស្រ្ត។ ទស្សនៈថា ក្មេងពេកទៅរៀនសមាធិ ក្មេងឬចាស់ គឺទស្សនៈរៀងៗខ្លួនទេ។ សេរីភាពដូចគ្នា ព្រោះរឿងហ្នឹងអត់ខុសច្បាប់ទេ អត់មានធ្វើឱ្យខូចសុខភាពកូនទេ។
ខ្ញុំឃើញ រវាងព្រះតេជព្រះគុណ ព្រះសង្ឃ យ៉ន សេងយៀត ម្ខាង, ឯកឧត្តម សុខ ទូច ម្ខាង មានទស្សនៈខុសគ្នា (តែ)មិនចាំបាច់ទៅឈ្លោះគ្នាទេ។ ជាការបញ្ចេញទស្សនៈរៀងៗខ្លួន។ ត្រូវទាំងសងខាង ខុសទាំងសងខាង។ ចំណុចនីមួយៗ សុទ្ធតែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មិនមែនល្អឥតខ្ចោះ ម្ខាងទៀតក៏មានហេតុផលម្យ៉ាង ក៏ប៉ុន្តែ មិនល្អឥតខ្ចោះ។ ទុកឱ្យប្រជាជនសម្រេច ទុកឱ្យការអប់រំសម្រេច។ យើងមិនសម្រេចយកមួយ ដើរមិនទៅមុខទេ។ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យខុសច្បាប់ កុំឱ្យខូចផលប្រយោជន៍ដល់សិស្ស។ ការសមាធិនេះ ធ្វើឱ្យមនុស្ស កូនសិស្ស ក្លាយទៅជាមនុស្សខូចឬទេ? ប្រហែលជាអត់ទេ។ តើពេលវេលា(ធ្វើសមាធិ)នេះ អាចយកទៅបង្រៀនអីផ្សេងទៀត អាចបាន ប៉ុន្តែត្រូវរើសមួយ។ យកមួយណា ទុកឱ្យសាលា ឪពុកម្ដាយ អាណាព្យាបាលធ្វើទៅ។ ការអប់រំជាច្រើននេះ យើងធ្វើបែបនេះ។
(៣០) ពិចារណារក្សាជំរើសទាំងពីរ សំរាប់ការសិក្សាសញ្ញាបត្រ DES គឺរៀន ១២ឆ្នាំ និងរៀន ១០ឆ្នាំ
មុននឹងបញ្ចប់ សូមបញ្ជាក់រឿងមួយដែលម្សិលមិញខ្ញុំបាននិយាយទៅ ហើយមានការបកស្រាយច្រឡំ។ រឿងពង្រឹងគុណភាពអប់រំសាលាពេទ្យ និងជម្រើសពាក់ព័ន្ធ។ ខ្ញុំនិយាយរឿងជម្រើសនេះ។ ម្សិលមិញ ខ្ញុំនិយាយអំពីការរៀនយក DES វេជ្ជបណ្ឌិតបច្ចេកទេស ដែលមិនចាំបាច់ទៅរៀន ៨ឆ្នាំ ដោយរៀនតែ ៦ឆ្នាំយក DES។ បងប្អូនមួយចំនួនជាអ្នកសារព័ត៌មានមិនយល់ពី DES ឬបច្ចេកទេសពេទ្យហ្នឹងបានសរសេរព័ត៌មាន ដែលប្រពន្ធខ្ញុំផ្ញើមកថា “បងឯងនិយាយ។ ខ្ញុំស្ដាប់សារមិនអញ្ចឹងទេ”។ សារព័ត៌មានមួយចំនួនច្រឡំ។ ប្រហែលជាគាត់មិនយល់រឿងពេទ្យ។ គាត់ថានាយករដ្ឋមន្រ្តីផ្ដល់រូបមន្តពង្រឹងពេទ្យរៀនត្រឹម ៦ឆ្នាំ មិនបាច់រៀន ៨ឆ្នាំ។ ហ្នឹងខុសហើយ។
ខ្ញុំសូមពន្យល់ បងប្អូនសារព័ត៌មានពីក្របខ័ណ្ឌពេទ្យ។ ការរៀនពេទ្យមានវេជ្ជបណ្ឌិត ២ប្រភេទ គឺវេជ្ជបណ្ឌិតទូទៅ ឬ General និងវេជ្ជបណ្ឌិតឯកទេស។ ឧទាហរណ៍ ឯកទេសបំពង់ក សួត ក្រពះ។ ពីមុន គេរៀន ១២ឆ្នាំ គឺរៀន ៨ឆ្នាំ យកឯកទេសពេទ្យទូទៅ។ ចប់ហើយបានទៅប្រឡងចូលរៀន ៤ឆ្នាំទៀត យកឯកទេសជំនាញ ក្លាយជាវេជ្ជបណ្ឌិតឯកទេស។ អញ្ចឹងរៀន១២ឆ្នាំ បានវេជ្ជបណ្ឌិតទូទៅផង បានវេជ្ជបណ្ឌិតឯកទេសផង។ ក្រោយមកមានការកែទម្រង់។ បើអ្នកចង់រៀន ៤ឆ្នាំយកវេជ្ជបណ្ឌិតឯកទេស មិនចាំបាច់រៀន ២ឆ្នាំចុងក្រោយ ដែល២ឆ្នាំនេះគេហៅ ឆ្នាំ intern ឬឆ្នាំចុះ stage (ធ្វើកម្មសិក្សា) ដែលភាគច្រើនសម្រាប់វេជ្ជបណ្ឌិតទូទៅរៀន ៦ឆ្នាំ។ ក្នុង២ឆ្នាំនេះគាត់ទៅចុះ Stage នៅមន្ទីរពេទ្យ បូកនឹងរៀនថ្នាក់មួយចំនួននៅសាលាគេហៅឆ្នាំ Intern។ អញ្ចឹង ក៏មានការគិតគូរមួយចំនួនថា បើគាត់ទៅរៀនឯកទេស គាត់មិនបាច់រៀន ២ឆ្នាំនេះទេ។ គាត់រៀន ៦ឆ្នាំហើយ ប្រឡងចូលឯកទេសរៀន ៤ឆ្នាំ សរុបទៅ ១០ឆ្នាំ។ មិនមែន ៦ឆ្នាំទេ។
ដោយពិនិត្យវាយតម្លៃទៅឃើញថារវាងអ្នកដែលរៀន ១០ឆ្នាំ និង១២ឆ្នាំនេះ អ្នកដែលរៀន ១០ឆ្នាំខ្វះបទពិសោធវាយតម្លៃទូទៅ ព្រោះ ២ឆ្នាំចុងក្រោយគឺថ្នាក់ Intern ចុះទៅពេទ្យវាយតម្លៃពិនិត្យជំងឺមុននឹងបានជាដុកទ័រទូទៅ។ អញ្ចឹងគាត់មានមូលដ្ឋានវិភាគ។ ជំនាញក៏ដោយ បើគាត់វាយតម្លៃរោគសញ្ញាដំបូង មិនអាចវាយតម្លៃថាអាហ្នឹងជំនាញរបស់គាត់ទេ។ គាត់វាយតម្លៃទូទៅសិន។ លើកលែងតែមានអ្នកវាយតម្លៃនៅពេទ្យឯកទេសទូទៅថាជំងឺក្រពះ បានជាមកពេទ្យក្រពះ។ អ្នកខ្លះទៅរកពេទ្យក្រពះតែម្ដង។ អញ្ចឹងគាត់វាយតម្លៃនៅខ្សោយកន្លែងនេះ។ នេះហើយដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាលពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងសាលាមួយចំនួនគិតថា ចង់យក ១២ឆ្នាំមកវិញ បានន័យថាកុំចោល២ឆ្នាំនោះ។ យើងបន្ថែម ២ឆ្នាំវិញទៅ ហើយចាំបានវេជ្ជបណ្ឌិតទូទៅ ចាំថែមទៅ DES វិញ។
ខ្ញុំបានប្រាប់ថា កុំអាលយកជម្រើសហ្នឹងជាជម្រើសងាប់ក្រឡាតែមួយ។ សូមឲ្យពិចារណាជម្រើសផ្សេងទៀត។ ខ្ញុំក៏បានឲ្យយោបល់យកទៅពិចារណា មិនមែនជាបទបញ្ជាទេ ព្រោះនិស្សិតមានជម្រើស២ មិនមែនបាត់ ១នោះទេ។ បានន័យថា ពីមុនមានតែ ១ទេ រៀន៨ឆ្នាំហើយ បានចប់ ៨ឆ្នាំ ទៅរៀនឯកទេស។ ឥឡូវ មានជម្រើស២ គឺអ្នកណាចង់រៀនយកវេជ្ជបណ្ឌិតទូទៅ ៨ឆ្នាំ ចប់ហើយទៅយកឯកទេសក៏បាន។ អ្នកខ្លះអត់ចាំបាច់ទៅរៀនយកវេជ្ជបណ្ឌិតទូទៅ ៨ឆ្នាំ រៀនតែ ៦ឆ្នាំ តែអត់បានវេជ្ជបណ្ឌិតទូទៅទេ គាត់យកឯកទេសបានសញ្ញាបត្រតែមួយ។ អ្នកខ្លះគាត់ជ្រើសរើសយកជម្រើសហ្នឹង ព្រោះអត់ចង់ទៅ។ ពីមុនខ្លាចហួសក្របខ័ណ្ឌអីជាដើម។
គួររក្សាជម្រើស២ដដែល។ បើសិនជាយើងត្រឡប់ទៅគន្លងចាស់ យើងដកជម្រើស ៦ឆ្នាំចោល។ តែខ្ញុំថាគួរតែរក្សាជម្រើសទី២ ដដែល។ ជម្រើសទី១ វា perfect ហើយ។ អ្នកដែលគ្រប់ ៨ឆ្នាំនោះ។ តែជម្រើសទី២នេះគួរតែពិចារណា ជាជាងយើងឲ្យគាត់មកយកជម្រើសត្រូវតែរៀនថែម ២ឆ្នាំ។ យើងគួរឲ្យរក្សា ៦ឆ្នាំដដែល ហើយទៅរៀនឯកទេស ៤ឆ្នាំ។ តែយើងសុំយក module ដែលបង្រៀនក្នុង ២ឆ្នាំចុងក្រោយជាមួយstage នេះមកពង្រាយក្នុង ៤ឆ្នាំដែលគាត់រៀនឯកទេស។ គាត់រៀនឯកទេសផង បានរៀនបន្ថែមទៀត អាចថែមចុងសប្ដាហ៍ឬមួយអីទៅ ដើម្បីរៀនបែបនេះ។ ហ្នឹងស្មើនឹងគេ។ គ្រាន់តែរៀន ១០ឆ្នាំនេះ ៤ឆ្នាំចុងក្រោយ រៀនច្រើនជាងអ្នកដែលយក ៨ឆ្នាំ។ បើចង់រៀនថ្នាក់តិច រៀន ៨ឆ្នាំ ចប់សិន ចាំទៅរៀន ៤ឆ្នាំនោះ។ តែបើថាអត់ចង់រៀន ១២ឆ្នាំនោះទេ រៀន ១០ឆ្នាំដដែល។ តែបើយកផ្លូវហ្នឹង ត្រូវតែរៀនច្រើនជាងអ្នកទៅ ១២ឆ្នាំ។ ដោយសារ ៤ឆ្នាំឯកទេស ត្រូវបន្ថែមម៉ោង ដែលយើងយក modules ពី ២ឆ្នាំចុងក្រោយនេះ។ យកតែ modules ដែលសំខាន់ៗ បំប៉ន កុំឲ្យបាត់នូវជំនាញ ចំណេះដឹងវេជ្ជបណ្ឌិតវាយតម្លៃជំងឺទូទៅ ថែមទាំងម៉ោង stage អីហ្នឹងចូលទៅក្នុងហ្នឹងតែម្ដង។ លៃម៉ោងយ៉ាងម៉េចដើម្បីឲ្យចូលគ្នាក្នុង៤ឆ្នាំនេះ។ គាត់បានទាំងឯកទេសទាំងពិគ្រោះទូទៅហ្នឹងផងដែរដើម្បីបង្កើនគុណវុឌ្ឍិឲ្យគាត់។
រឿងឲ្យសញ្ញាបត្រ២ ឬ១ ឬមួយរើសយកជម្រើសមួយណា។ ខ្ញុំឲ្យយោបល់យកទៅពិចារណាក្នុងការគិតគូរជាមួយគណៈអប់រំ គណៈវេជ្ជសាស្រ្តអីទៅ។ មិនមែនជា
បទបញ្ជាទេ។ ខ្ញុំឲ្យផ្ដល់យោបល់ជាជម្រើស។ គាត់មកសុំយោបល់ខ្ញុំ ថាតើគួរតែ(ត្រឡប់)ទៅ(ក្រោយ)ឬទេ? ខ្ញុំថា កុំបិទជម្រើសទាំង ២ហ្នឹង។ ជម្រើស ១២ឆ្នាំក៏នៅតែបើកដដែល។ ជម្រើស ១០ឆ្នាំនេះ ជាជាងយើងបិទត្រឡប់ទៅជម្រើសទី១ វិញ យើងសាកល្បងគិតគូរពិចារណាបែបនេះទៅ។ យើងនៅរក្សា ១០ឆ្នាំដដែល តែអ្នកដែលយកជម្រើសនេះ យើងបន្ថែមឲ្យរៀនច្រើនជាងអ្នកយក១២ឆ្នាំ … ថែមទាំង modules និងការ stage មួយចំនួន តាមដែលអាចធ្វើទៅបានក្នុងរយៈពេល៤ឆ្នាំ។ នេះជាការផ្ដល់យោបល់របស់ខ្ញុំទៅវិញ។ ខ្ញុំមិនមែនជំនាញទេ។ ខ្ញុំគ្រាន់តែផ្ដល់គោលការណ៍ឲ្យធ្វើការបណ្ដុះបណ្ដាលសិស្ស បណ្ដុះបណ្ដាលពេទ្យឲ្យមានគុណភាព។ សម្រាប់ការច្នៃប្រឌិតយ៉ាងណា កុំឲ្យបាត់គុណភាព ក៏សូមច្នៃប្រឌិតទៅ។ ខ្ញុំឲ្យជម្រើស ២នេះ ពិចារណា។ សូមឲ្យក្រសួងសុខាភិបាល និងគណៈវេជ្ជសាស្រ្តទាំងប៉ុន្មាន ពិគ្រោះគ្នាជាមួយសាលាទៅ។
ដែលឃើញគេ(ចុះផ្សាយ)ព្រាត អ្នកដែលចង់រៀនពេទ្យកុំអរថារៀនតែ ៦ឆ្នាំបានវេជ្ជបណ្ឌិត។ អត់ទេ។ (នៅទីនេះ)មានអ្នកណាត្រៀមចង់រៀនពេទ្យឬអត់? មានអ្នកខាងក្រោយនោះ។ ម្សិលមិញចុះផ្សាយច្រឡំទេ។ រៀនវេជ្ជបណ្ឌិត(ទូទៅ)៨ឆ្នាំដដែល។ វេជ្ជបណ្ឌិតឯកទេសមានជម្រើស ១២ឆ្នាំ និង ១០ឆ្នាំ។ ខ្ញុំសុំឲ្យកាសែត សារព័ត៌មាន ក្នុងនោះមានសារព័ត៌មានដំរី ដែលប្រពន្ធខ្ញុំផ្ញើមកដាក់ថានាយករដ្ឋមន្រ្តីបានផ្ដល់គោលការណ៍ឲ្យពង្រឹងគុណភាពពេទ្យ ហើយរៀនតែ ៦ឆ្នាំ អត់ឲ្យ ៨ឆ្នាំ។ ដាក់អញ្ចឹង មិនត្រឹមត្រូវទេ … គោលការណ៍គឺ១២ ឬ ១០ឆ្នាំ ដូចបច្ចុប្បន្ន ជម្រើសមាន២ … តែយើងថែមម៉ោង ២ឆ្នាំដែលយើងដកចេញនោះ។ យក modules ហ្នឹងទៅដាក់ពង្រាយក្នុង៤ឆ្នាំនោះទៅ ចេញមកបើមិនបានដូច ១២ឆ្នាំនោះ ក៏បានគ្រាន់បើដែរ …។
សូមបញ្ជាក់ប៉ុណ្ណេះ … ប្រពន្ធខ្ញុំជាពេទ្យ។ គាត់ដឹងច្បាស់។ ដំបូងចង់ប្រតិកម្មខ្ញុំ … បញ្ជូន(សម្លេង)ហ្នឹងទៅឲ្យស្ដាប់។ គាត់ថា បងឯងនិយាយត្រូវតើ រឿង DES។ តែ DES បងឯងនិយាយមួយម៉ាត់ បងប្អូនមួយចំនួនគាត់អត់ដឹងជំនាញពេទ្យ គាត់គិតថានាយករដ្ឋមន្រ្តីឲ្យកាត់រៀនតែ ៦ឆ្នាំ។ អត់បានទេ។ ពេទ្យជាជំនាញទេវតាៗ ត្រូវតែច្បាស់លាស់។ ខ្ញុំឈឺ ខ្ញុំត្រូវរកពេទ្យ ពេទ្យឲ្យថ្នាំខ្ញុំ។ មុនដំបូងបង្អស់ ពេទ្យត្រូវតែវិភាគជំងឺខ្ញុំត្រូវសិន។ កុំឲ្យចុកពោះ វិភាគថាត្រូវវះខ្នែងពោះវៀន។ វាអាស្រ័យទៅលើគុណភាពនៃការពិនិត្យវាយតម្លៃ។ ទី១ ពិនិត្យវាយតម្លៃឲ្យត្រូវ និងទី២ ព្យាបាលឲ្យមានប្រសិទ្ធភាព។ តែវិភាគខុសហើយ វាយថ្នាំខុសហើយ។ សំខាន់បំផុតគឺបង្ការកុំឲ្យឈឺ។
យើងពង្រឹងពេទ្យ មិនមែនបានន័យថា ចង់ឲ្យប្រជាជនឈឺច្រើនទេ។ យើងពង្រឹងក្នុងដំណាក់កាលដែលប្រជាជនចៀសមិនផុតពីឈឺគឺយើងព្យាបាល។ តែល្អបំផុតបង្កា។ ខ្ញុំឲ្យដំឡើងថវិកាប៉ុន្មានពាន់លាន(រៀល)ឆ្នាំទៅ និងឆ្នាំនេះ សម្រាប់តែថ្នាំលើសឈាម និងទឹកនោមផ្អែម មិនមែនចង់ឲ្យប្រជាពលរដ្ឋឈឺច្រើនទេ។ តែបើឈឺហើយ យើងបង្កើនថ្នាំឲ្យគាត់។ តែយើងបង្កាកុំឲ្យឈឺ(ប្រសើរជាង)។ សង្ឃឹមថា prevalence នៃអ្នកកើតជំងឺនេះទៅថ្ងៃក្រោយកាន់តែថយចុះ កុំឲ្យមាន(តទៀត)។ អញ្ចឹងទាល់តែរួមគ្នា រួមទាំងសាលា ទាំងគ្រូ ទាំងវិស័យអប់រំ គ្រប់សាលាទាំងអស់ ជាពិសេស គឺអាហារូបត្ថម្ភក្មេងៗតាំងពីតូចតែម្ដង។ មិនមែនថាហាមមិនឲ្យហូបរបស់ផ្អែម ឬរបស់មានខ្លាញ់នោះទេ ឬមួយកាត់ចោលទៅជាហូបបន្លែសុទ្ធនោះទេ។ តែត្រូវហូបក្នុងកម្រិតណា ការដាំស្លកម្រិតណា ប្រើប្រាស់កម្រិតណាធានាសុខភាព កុំឲ្យប៉ះពាល់សុខភាព។ ខ្លួនយើងបើអត់ជាតិខ្លាញ់សោះ ក៏មិនកើតដែរ។
ថ្ងៃមុន មានម្នាក់ស្លាប់នៅអាយុ ៣០ឆ្នាំ នៅបរទេស ជាសកម្មជនខាង Vegan អ្នកអត់ហូបសាច់។ អញ្ចឹង គឺតាំងពីអាយុ ២០ជាង ក្នុង ១០ឆ្នាំក្រោយមកនេះ គាត់ហូបតែបន្លែផ្លែឈើ ទីបំផុតស្លាប់ដោយសារខ្វះជីវជាតិ។ សូម្បីតែទឹក ក៏គាត់កិនពីផ្លែឈើ ពីសាឡាដ៍ ហូបក៏សាឡាដ៍ទាំងអស់ … ខួរក្បាលយើងត្រូវការខ្លាញ់ខ្លះដើម្បីឲ្យវាឆ្លាត តែកុំឲ្យច្រើនពេក វាមកកកនៅបេះដូង។ ស្ករក៏ត្រូវការ បើខ្វះជាតិស្ករក៏មិនកើត ដូចលោកតាអញ្ចឹង។ មួយថ្ងៃៗ ត្រូវចាក់ ខ្វះជាតិស្ករ គាត់ឈឺក្បាល។ បើលើសក៏ពិបាក។ ល្អយើងកុំឲ្យលើស។ ខ្វះរឿងមួយដែរ។ តែអ្វីៗក៏កុំឲ្យលើស។ លើសសេចក្ដីស្រឡាញ់អូខេ ស្រឡាញ់ស្ទើរលេបៗបាន តែកុំលេប។ តែលើសជាតិស្ករកុំឲ្យលើសអី។ ក្មួយៗ ម៉ូតូជិះឲ្យត្រង់ផ្លូវ។
អរគុណណាស់ ហើយសូមជូនពរ និងប្រសិទ្ធពរដល់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋ មាតាបិតា សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ទទួលបាននូវពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ
សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ ជូនក្រុមយុជនកាយរិទ្ធកម្ពុជា យុវជនកាកបាតក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្រលាញ់សន្តិភាព ក្មេងវត្ត សមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍ យវុជននិស្សិតអ.ម.ត យុវជនមូស្លីមកម្ពុជា សមាគមន៍រាជសីហ៍ និងយុវជនមូលដ្ឋាន ៥១០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ៤១១នាក់ ម្នាក់ថវិកា៥ម៉ឺនរៀល, ក្មួយសិស្សានុសិស្ស ១៥៤៤នាក់ ម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា១ម៉ឺនរៀល, វិទ្យាល័យ ហ៊ុន សែន សេរីភាពថវិកា២លានរៀល, វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ថវិកា២លានរៀល, សាលាគរុកោសល្យវិក្រឹតការខេត្តកណ្ដាល ថវិកា៣លានរៀល, មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន កណ្ដាល ៥លានរៀល, សាលាក្រុងតាខ្មៅ២លានរៀល, ក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា៣លានរៀល៕