Grand News Asia Close

(វីដេអូ) សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 352


CMF:

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ៖

  • សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះតេជគុណ ព្រះមន្ត្រីសង្ឃនៃគ្រប់សាសនាគ្រប់ព្រះអង្គ ​និមន្តមកពីគ្រប់បណ្តាប្រទេសផ្សេងៗ ជាទីគោរពសក្ការៈ
  • អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
  • ឯកឧត្តម បណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”)
  • គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គពិធីទំាងមូល ជាទីមេត្រី!

ថ្ងៃនេះ  ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”) ដែលមានវត្តមានរបស់ ឯកឧត្តមបណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League) និងប្រតិភូចំនួន ១៨០ នាក់ មកពីប្រទេសចំនួន​ ៣១ ។ ខ្ញុំ​ចាំបានថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅ​ក្នុងពិធីបើកសន្និបាតលើកទី ២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (RISEAP) ខ្ញុំ​បានសន្យាថា នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលឥស្លាមនេះ ហើយខ្ញុំ​សូមឆ្លៀតឱកាសនេះ  សម្តែងនូវការកោតសរសើរ​ចំពោះ​អង្គការសម្ព័ន្ធពិភពឥស្លាម​​ ឯកឧត្តមបណ្ឌិត Mohammed Said Al-Majdouei អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងស្ថាប័នពាក់ព័ន្ធ ដែល​បាន​ជួយ​ផ្ចុងផ្តើមរៀបចំ​កិច្ចប្រជុំ​កំពូលនេះ ដែល​ជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ​ ដែល​កម្មវិធីដ៏មាន​សារៈសំខាន់ និងមានអត្ថន័យ​ជាសកល ក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបាន​ប្រារព្ធឡើងនៅលើ​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

“ជាតិ សាសនា ព្រះមហាក្សត្រ” គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ​កំណត់យក​សាសនា​ព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែ យើង​ពិតជាមានមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បាន​ទទួលស្គាល់​ពី​សាមគ្គីភាព ភាពអត់ឱន ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ ដូចដែលខ្ញុំបានលើក​កាលពីពេលកន្លងមកថា ជាតថភាព​ប្រវត្តិសាស្ត្រ ការជំរុញ​សុខដុមនីយកម្ម​សាសនា គឺជាឌីអេនអេ (DNA ) របស់គណបក្សប្រជាជន​កម្ពុជា ហើយ​គ្រប់​អាណត្តិ​នៃរដ្ឋាភិបាលរបស់​គណបក្សប្រជាជន​កម្ពុជា យើង​តែងតែប្រកាន់ខ្ជាប់នូវ​​គោលការណ៍នេះ​ ជានិច្ច។ ក្នុងនាមខ្ញុំ ​ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំ​សូមធានាអះអាងថា យើងនឹងនៅតែបន្តអនុវត្ត​គោលនយោបាយនេះ ពីព្រោះនេះ គឺជា​ការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិ យើងទាំងមូល។

ប្រធានបទថ្ងៃនេះ គឺ​ “ឥស្លាម និងពុទ្ធសាសនា” ដែល​​ជាជម្រើសប្រធានបទ​ដ៏សក្តិសមបំផុត សម្រាប់​ការរៀបចំកម្មវិធីនៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនា អន្តរសាសនា និងសន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម បណ្តារដ្ឋ ៥៧ ប្រទេស ដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេសនានា លើសាកលលោក សុទ្ធតែ​បានទទួលស្គាល់​ថា​ កម្ពុជា គឺ​ជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ បូករួម​ទាំង​បងប្អូនសាសនិកឥស្លាម។

គ្មានសាសនា​ណាមួយ​ ដែលបង្រៀន​ប្រជាជន ឱ្យប្រព្រឹត្តអំពើបាបនោះទេ។ គ្រប់សាសនាទាំងអស់​ សុទ្ធតែបាន​តម្រង់ទិស សាសនិករបស់ខ្លួន ទៅរក​ផ្លូវ​ល្អ ប្រកបដោយ​សីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និង​ សេចក្តីប្រោសប្រណី​ ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់​នៅលើលោក។ គ្រប់សាសនា សុទ្ធតែ​បាន​ពន្យល់ បង្ហាត់បង្ហាញ ដោយ​យកចិត្តទុកដាក់ជាប្រចាំ នៅក្នុងការជំរុញ​អំពើ​ជាផលកុសល ដើម្បីសេចក្តីសុខផ្លូវចិត្ត​ និងដំណើរឆ្ពោះទៅកាន់ឋានសួគ៌ ហើយ​អប់រំទូន្មានឱ្យដើរប្រាសចាកឆ្ងាយ ពី​ការធ្វើ​ទុក្ខបុកម្នេញទៅលើ​មនុស្ស សត្វ និងជីវិត​ដទៃ និងរាល់អំពើ​បាបកម្ម ដែលជាដំណើរ​ឆ្ពោះ​ទៅកាន់ឋាននរក។

លើកម្រិតគោលនយោបាយដឹកនាំប្រទេស ការយកចិត្តទុកដាក់ទៅលើបងប្អូនខ្មែរឥស្លាម និងបងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូល ដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋានជាក់ស្តែង ដូចជាព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ បានផ្តល់ការសណ្តោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួនដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា បានរាជានុញ្ញាតដល់ជនជាតិចាម ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង និងបានប្រទាននាមដល់បងប្អូនជនជាតិភាគតិចចាមថាជា  “ខ្មែរឥស្លាម”  នៅក្រោយទទួលបានឯករាជ្យពីបារាំងនាឆ្នាំ១៩៥៣ ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរ កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។

ជាអកុសល សហគមន៍ខ្មែរឥស្លាមបានរងគ្រោះដូចសហគមន៍ខ្មែរដទៃទៀត​ នៅក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ដែលនៅពេលនោះ ប្រជាជនខ្មែរគ្រប់រូប បានបាត់បង់សិទ្ធិគ្រប់យ៉ាង រួមទាំង​សិទ្ធិរស់រានមានជីវិតផងដែរ។​

ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរឥស្លាមមានការរីកចម្រើន និងមានសេរីភាពជំនឿសាសនាយ៉ាងពេញលេញ និងរាជរដ្ឋាភិបាលបានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ។

រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ខ្មែរឥស្លាម ដូចជា៖ ការរៀបចំអាហារស្រាយបួសរ៉ាម៉ាឌនប្រចាំឆ្នាំ តាំងពីឆ្នាំ ២០១៤ មក ដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាមធ្យម ប្រមាណ ៥០០០ នាក់ ក្នុងមួយឆ្នាំ ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំនិងភរិយា នឹងចូលរួមជាលើកទី ២ ក្នុងពិធីពិសា-អាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៩ ឆ្នាំ២០២៥ នេះ ដែលមានការចូលរួមសរុបចំនួន ៦ ២០០នាក់ ។ ខ្ញុំក៏សូមអញ្ជើញមិត្តភក្តិបរទេស ចូលរួមជាមួយខ្ញុំផងដែរ។

លើសពីនេះ សេរីភាពនៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្ត្រីអាចទទូរក្បាល ហើយបុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ ។ល។ យើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

លក្ខណៈពិសេសមួយទៀតនៅកម្ពុជា គឺនៅពេលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតជាសាកល បណ្តាប្រទេសជាច្រើនបានតម្រូវឱ្យបូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ រួមទាំងសពបងប្អូនឥស្លាម។ ប៉ុន្តែ សម្រាប់កម្ពុជា ដោយសារមានសំណូមពរពីថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម ដើម្បីអនុវត្តស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ប្រមុខរាជរដ្ឋាភិបាល នាពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតលើកលែងការបូជា ហើយបានអនុវត្តតាមប្រពៃណីរបស់សាសនា។ លើសពីនេះ រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់កញ្ចប់ថវិកាជូនគ្រួសារនៃសពជាទូទៅ រួមទាំងខ្មែរឥស្លាម ដែលរងគ្រោះដោយជំងឺកូវីដ-១៩ បានផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ និងងាយរងគ្រោះកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កភាពងាយស្រួលដល់អ្នកជំងឺកូវីដ-១៩ ជាឥស្លាម ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ អាចទទួលបានម្ហូបអាហារហាឡាល និងបានផ្តល់ឱកាសផ្សេងៗផងដែរ។

រាជរដ្ឋាភិបាលក៏​បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៥០០ នាក់ និង គ្រូជាប់កិច្ចសន្យា ១៧៨ នាក់ ក្នុងនេះ មានស្ត្រី ៣៥០ នាក់ តាំងពីឆ្នាំ ២០១៥  ដែលទទួលបៀវត្សសរុបប្រមាណ ៦,៦ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ ដើម្បីបង្កភាពងាយស្រួលដល់សាសនិកឥស្លាមទាំងក្នុងប្រទេស និងបរទេស ពិសេសភ្ញៀវទេសចរជាឥស្លាម ក្នុងការទទួលទានអាហារ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នហាឡាល តាំងពីឆ្នាំ ២០១៦ ដោយមានកិច្ចសហការជាមួយបណ្តាស្ថាប័នបរទេស ដែលមកដល់ពេលនេះ មានម្ហូបអាហារហាឡាលមួយចំនួនត្រូវបាននាំចេញទៅកាន់ពិភពលោក។

ទន្ទឹមនឹង​ការអនុវត្ត​គោលនយោបាយដែលមាន​ភាពទន់ភ្លន់​របស់រាជរដ្ឋាភិបាល យើង​ក៏ត្រូវ​កោតសរសើរចំពោះ​ការចូលរួម​ដោយសកម្ម និងមានការទទួលខុសត្រូវ ពី​​គណៈគ្រប់គ្រងសាសនានីមួយៗ ចៀសវាង​ការធ្វើ​សកម្មភាព និងការ​ប្រើប្រាស់រូបភាពសាសនា លើ​ផ្លូវមិនត្រឹមត្រូវ​។ ជាមួយនឹង​ការរីកចម្រើន​នៃប្រព័ន្ធឌីជីថល និង ការផ្សព្វផ្សាយតាមបណ្តាញសង្គម យើងទាំងអស់គ្នា​ត្រូវមាន​ការទទួលខុសត្រូវ​ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ការបណ្តុះមនោសញ្ចេតនារើសអើងស្អប់ខ្ពើម និង​ការលើកស្ទួយ​លទ្ធិជ្រុលនិយម។ ខ្ញុំ​សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់​គណៈគ្រប់គ្រងសាសនា ដែល​គ្រប់គ្រង​បាន​យ៉ាងល្អ​នូវសមាសភាពដែលជា​តំណាងនៃសាសនានីមួយៗ និងបានចូលរួមដោយសកម្ម នៅក្នុងការ​អនុវត្ត​គោលនយោបាយ​ធានាសុខដុមរមនាជាតិសាសន៍ និងសាសនារបស់កម្ពុជា។

កិច្ចប្រជុំ​ថ្ងៃនេះ គឺជាគំរូជាក់ស្តែងមួយ ហើយ​ខ្ញុំ​ពិតជាចង់ឃើញសកម្ម​ភាពសង្គមជាច្រើនទៀត ដែល​មាន​ការចូលរួម​អន្តរសាសនា ដែល​អាចបង្ហាញ​ជូន​ដល់សាសនិក​ទាំងអស់ អំពីសាមគ្គីភាព ជាសង្គមមួយ ដែលមាន​បរិយាប័ន្ន មាន​ភាពអត់ឱន និងភាព​និយមកណ្តាល។

ចុងក្រោយ គឺការអនុវត្តសេរីភាពសាសនា​ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​កម្រិតប្រជាពលរដ្ឋ។ ការប្រណិប័តន៍​បាន​យ៉ាង​ខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទម្លាប់​សាសនា ពីសំណាក់សាសនិកនីមួយៗ ដោយ​គ្មាន​ភាពជ្រុលនិយម គឺជាអត្តសញ្ញាណមួយដ៏សំខាន់​​នៃសង្គមកម្ពុជា។

លទ្ធិជ្រុលនិយម​ គឺជា​សត្រូវ​នៃភាព​សុខដុមរមនា និងសន្តិសហវិជ្ជមាន នៅក្នុងសង្គម ។ ជាក់ស្តែង, គ្មាន​សង្គម​ណាមួយ​ ដែលមាន​ភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និងសាសនា នោះទេ ហើយ​សង្គម​ដែល​ទាមទារ​ភាពបរិសុទ្ធបែបនេះ គឺតែងតែ​នាំមកនូវសោកនាដកម្ម​ ការធ្វើទុក្ខបុកម្នេញ ការសងសឹក​គ្មានទីបញ្ចប់ ហើយ​ដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរក​សកម្មភាពបោសសម្អាតជាតិសាសន៍។ តាមពិត ពិភពលោកយើង​ពិតជាមាន​មេរៀន​ច្រើនរាប់​មិន​អស់​ ពីសោកនាដកម្ម​ ដែល​មាន​ឫសគល់ចេញពី​លទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែល​កម្ពុជា បានឆ្លងកាត់​ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយម​ ព្រោះតែមហិច្ឆតា​នយោបាយ​របស់ខ្លួន​ បាន​បរិហារដោយបំពាន​លើ​តថភាពប្រវត្តិសាស្ត្រ និងគុណតម្លៃមិន​អាច​កាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែល​ជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ ។ ដើម្បីឆ្លើយតប-ទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដើម្បីទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម, ការកើតមាន​ឡើងសាជាថ្មីនៃអំពើប្រល័យពូជសាសន៍ ទូទាំងពិភពលោក និងការពារតថភាពប្រវត្តិសាស្ត្រ ដែល​ទទួលស្គាល់ជាអន្តរជាតិ តាមរយៈ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម ដែល​ជាតុលាការកូនកាត់រវាងកម្ពុជា និង អង្គការសហប្រជាជាតិ ដែលបាន​​កាត់ទោសអតីតមេខ្លោងដឹកនាំកំពូលនៃរបបកាប់សម្លាប់ខ្មែរក្រហមទាំងឡាយ ដែលពាក់ព័ន្ធនឹងអំពើសម្លាប់រង្គាល នៅកម្ពុជាកាល​ពីអតីតកាល ថ្មីៗនេះ​។

ដូច្នេះ ការជំរុញ​សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និងការចូលរួមសហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយរបស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុមរមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំ​សូមចូលរួម​អបអរសាទរការរៀបចំ​កិច្ចប្រជុំ​កំពូលឥស្លាម នៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណ ចំពោះ​អង្គការសម្ព័ន្ធពិភពឥស្លាម ក៏ដូចជា ​ស្ថាប័នសាសនាដទៃទៀត ដែល​បាន​ផ្តល់ទំនុកចិត្តចំពោះព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ភាពជាគំរូរបស់កម្ពុជា នៅក្នុងការជំរុញ​កិច្ចសន្ទនាអន្តរសាសនា​ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ជាទីបញ្ចប់ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។

ខ្ញុំសូមព្រះអល់ឡោះ ប្រទាននូវពរជ័យ សិរីសួស្ដីជូនអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ។ ព្រះអល់ឡោះ នឹងផ្តល់នូវការរីកចម្រើន រុងរឿង សុភមង្គល និងសេចក្តីសុខសប្បាយ សម្រាប់គ្រប់ៗគ្នា តរៀងទៅ។

ខ្ញុំសូមប្រកាសបើក “កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម” ចាប់ពីពេលនេះតទៅ!

សូមអរព្រះគុណ និងសូមអរគុណ!

អត្ថបទទាក់ទង