Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជាកម្លាំងស្នូលក្នុងការចូលរួមថែរក្សាសុខសន្តិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 162
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជាកម្លាំងស្នូលក្នុងការចូលរួមថែរក្សាសុខសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជាកម្លាំងស្នូលក្នុងការចូលរួមថែរក្សាសុខសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មូលដ្ឋានធំបំផុតរបស់កម្ពុជា គឺសុខសន្តិភាព និងស្ថិរភាពសង្គម។ បើគ្មានសន្តិភាព យើងមិនអាចអភិវឌ្ឍប្រទេស និងធានាបានការឯកភាពទាំងជាតិ ទាំងការឯកភាពកងទ័ពបានឡើយ។

សម្តេចធីបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានវិវដ្ដខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ អត្រានៃភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ដោយសារតែកម្ពុជាមានសុខសន្តិភាព។ ហើយសុខសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពដែលសម្តេចបានចូលរួមចំណែកនាពេលកន្លងមក ក្នុងការដឹកនាំធ្វើកំណែទម្រង់និងអភិវឌ្ឍន៍កងទ័ព តាមរយៈការពង្រឹងសមត្ថភាពកម្លាំងទ័ព និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កន្លងមកកងទ័ពបានថែរក្សានិងកសាងសមិទ្ធិផលនានា បម្រើឲ្យការអភិវឌ្ឍ ក្នុងនោះមានការចូលរួមជួយប្រជាពលរដ្ឋ ការថែរក្សាសន្តិភាព សន្តិសុខសង្គម និងការជួយសង្គ្រោះពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ កាងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម នៅក្នុងតំបន់អតីតសមរភូមិ និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការចូលរួមបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្តេចបានបន្តថា កងទ័ពកម្ពុជា មិនត្រឹមតែការពារសុខសន្តិភាពក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយការពារសុខសន្តិភាពនៅបណ្តាប្រទេសផ្សេងៗទៀតលើសកលលោកទៀតផង។

សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវជាថ្មីម្តងទៀតដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង៕

អត្ថបទទាក់ទង