Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល និងមន្ត្រីកិច្ចការព្រំដែន ក៏ជាអ្នកជាតិនិ​យម ហើយទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រទៀតផង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 346


(២៦) រដ្ឋាភិបាល និងមន្ត្រីកិច្ចការព្រំដែន ក៏ជាអ្នកជាតិនិ​យម ហើយទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រទៀតផង

ពាក់ព័ន្ធនឹងរឿងព្រំដែន រឿងប្រាសាទតាមាន់ រឿងកោះគុត អស់ពីបង្កការយល់ច្រឡំអំពី CLV-DTAនេះ។ បងប្អូនឃើញហើយថា ថ្មីៗនេះ ចលនាជាតិនិយម ឬមួយក៏ចលនាអ្នកនយោបាយជំរុញស្មារតីជាតិនិយមទាំងនៅថៃ ទាំងនៅកម្ពុជា បាននិងកំពុងរុញស្ថានភាពនេះខ្លាំង។ រឿងនេះខ្ញុំសូមឲ្យមានការគិតគូរឲ្យបានច្បាស់លាស់។ រឿងព្រំដែន អ្នកណាក៏គិតដែរ មិនមែនតែអ្នកជាតិនិយមនោះទេ។ រដ្ឋាភិបាល មន្ត្រីកិច្ចការព្រំដែន ក៏ជាអ្នកជាតិនិ​យម​ដែរ។ អ្នកជាតិនិយមឆ្អិនឆ្អៅផង ចរចាអត់បាយទឹកដើម្បីការពារមួយចំអាមៗ។ ប៉ុន្តែរឿងព្រំដែននេះវាមិនមែនជាងាយស្រួល ដោះមួយថ្ងៃចប់ទេ។ ម្សិលម្ង៉ៃ ខ្ញុំជួបប្រជាពលរដ្ឋនៅទំនប់ក៥ ដែលមានទំនាស់ ២៥ឆ្នាំជាង ប្រ​មាណ ១០០០គ្រួសារ។ នេះដីនៅក្នុងប្រទេសផង។ ទម្រាំដោះចប់ វាស្មុគស្មាញ។ ពីដើមចូលទៅអត់មានកន្លែងស្អីស្រួល​បួល។ យើងជាមួយថៃ មានព្រំដែន ២កង់។ មួយកង់បោះពី ជាំ រហូតដល់ចាំយាម ៧៤បង្គោល។ តែពី​​ មុំ៣ មកដល់ចាំយាម អត់មានបង្គោលទេ តែមានផែនទីឆ្នាំ ១៩០៨ ដែលធ្វើដោយក្រុម​គណៈកម្មការកំណត់ព្រំដែនរបស់ឥណ្ឌូចិន និងសៀម។

តាំងពី១៩៩៨ មក យើងបានបន្តធ្វើកិច្ចការនេះ។ យើងរកបានបង្គោលហើយ នៅកន្លែងខ្លះនៅបាត់ … ដូចជាបង្គោល៧៣ យើងមិនទាន់ត្រូវគ្នាផង។ បង្គោលតាមផែនទី តាមកិច្ចព្រមព្រៀងឆ្នាំ ១៩០៧ នៅកន្លែងនេះ។ ឥឡូវមកដល់នេះ យើងអត់ឯកភាពទទួល។ ចរចាគ្នាទៀត។ សួរថា តើហ្នឹងឬជាការមិនទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬបងប្អូនខាងព្រំដែន? ម្នាក់ៗ ជាខ្មែរដែរ។ បញ្ហាព្រំដែនជាបញ្ហារសើប។ ប្រទេសច្រើនណាស់ដែលមិនទាន់ដោះស្រាយចេញ។ ថៃនិងម៉ាឡេស៊ីនៅដោះព្រំដែនទឹកមិនទាន់ចប់ផង។ ចិននិងឥណ្ឌាវាយគ្នាពីមុនមិនទាន់ចប់ផង មហាអំណាចមានលុយមួយគគោក មានអ្នកបច្ចេកទេស ដោះមិនទាន់ចប់ផង។ កន្លែង Ladakh ស្អីគេហ្នឹង វាយគ្នានៅចំណុចខ្ពស់។ ជប៉ុននិងរុស្ស៊ី។ រឿងវាយូរអង្វែង។ យើងឃើញរឿងក្តៅនៅសមុទ្រចិនខាងត្បូងទេ។ រឿងព្រំដែនទឹករវាងប្រទេសប៉ុន្មានជាមួយចិន វាត្រូវការការដោះស្រាយ។ ផ្អែកទៅលើអ្វី?

បើផ្អែកទៅលើការស្រែកពីជាតិនិយមរៀងៗខ្លួន ក៏នឹងវាយគ្នាប្រាវ។ យើងស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួលខុសត្រូវមួយជាងបងប្អូនដែលនៅក្រៅ ឬមួយអ្នកដែលវាយប្រហារនោះ គឺយើងធ្វើការទទួលខុសត្រូវនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រែកៗបានតែស្រែកទេ ប៉ុន្តែយើងដោះដោយទទួលខុសត្រូវ។ សួរថា តើបញ្ហាព្រំដែនត្រូវដោះបែបណា? វិធីសាស្ត្រខុសគ្នាក្នុងការដោះស្រាយ។ អ្នកខ្លះតាំងខ្លួនជាអ្នកស្នេហាជាតិបបួលទៅប្តឹង រឿងកោះគុត។ គេថាបើអ្នកឯងមិនប្តឹង គឺក្បត់ជាតិ ទាល់តែធ្វើតាមខ្ញុំបានស្នេហាជាតិ។ អត់ទេ។ យើងមានលទ្ធភាពដោះស្រាយតាមវិធីសាស្ត្រច្បាស់លាស់។ អត់លេងសើចទេ។ អ្នកនយោបាយនៅថៃ ដែលកំពុងប្រ​ឆាំងរដ្ឋាភិបាលថៃ ក៏កំពុងជំរុញរឿងប្តឹងរឿងស្អីៗដូចគ្នា តែរដ្ឋាភិបាលក៏មានយន្តការធ្វើការដែរ។

(២៧) ចចារព្រំដែនជាមួយថៃដោយយកព្រំដែនជំនាន់បារាំង១៩០៨ លិខិតតុបករណ៍ MOU២០០០ ជាគោល

យើងដោះស្រាយដោយផ្អែកលើមូលដ្ឋានបច្ចេកទេស ដែលមានផែនទី មានក្រុមការងារបច្ចេកទេស មានលិខិតតុបករណ៍ច្បាស់លាស់។ សូម្បីតែចរចាព្រំដីជាប់គ្នាហ្នឹង ក៏មិនអាចចេះតែកាន់ផ្គាក់ទៅកាប់គ្នា ហើយទាមទារដែរ ទាល់តែមានអំណះអំណាង ប័ណ្ណស្លាបមាន់ស្អីៗ យកទៅ មានកុងត្រាទិញលក់អីផ្សេងៗ ច្បាស់លាស់។ ប្រ​ទេសជាតិអត់មានកុងត្រាទិញលក់ទេ។ នៅអាមេរិក ពីដើមធ្លាប់ទិញពីបារាំង ដូច Louisiana ទិញតែ ១ដុល្លារទេ ឥឡូវបំរុងចរចាទិញឯណាទៀត។ ខ្ញុំមិនដឹងទេ។ គ្មានអ្នកណាលក់ greenland ទេ។ ប៉ុន្តែព្រំដែនប្រទេសអត់ទិញលក់ទេ។ កាលជំនាន់បារាំងមានការដោះដូរដោយសារគ្រប់គ្រងឥណ្ឌូចិនកន្លែងណា ហ្នឹងរឿងជំនាន់បារាំង។ ទម្រាំតែយើងមានសន្ធិសញ្ញា ១៩០៧ ក៏ដោយសារកើតឡើងពីការដោះដូរ ៣ខេត្តយើងជាមួយនឹងប៉ុន្មានខេត្ត។ ហ្នឹងរឿងពីមុន។ យើងមិនរើកកាយពីនោះទេ តែយើងត្រូវផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ដែលបន្សល់ទុក ជាមួយព្រំដែនថៃនេះ គឺមានសន្ធិសញ្ញា១៩០៧ …។

យើងឯកភាពគ្នាតាម MOU២០០០ យកព្រំដែនឆ្នាំ១៩០៨ មកធ្វើជាគោល មិនមែនព្រំដែន google ទេ។ ខ្ញុំឃើញអ្នកណាយក​ google ថាមួយនេះមួយនោះ។ ឯកឧត្តម វ៉ា គឹមហុង ប្រាប់ខ្ញុំល្ងាចមិញថា ពីប៉ុន្មានឆ្នាំមុន ខាងថៃធ្លាប់យកព្រំដែន google ថាតំបន់អីនៅក្នុងហ្នឹង។ អញ្ចឹងបើយើងយក google ចុះឡើងនេះ វាអត់ជាគោលទេ។ google ហ្នឹងអ្នកណាក៏កែសម្រួលបាន។ ប៉ុន្តែព្រំដែនដែលយើងឯកភាពជាផ្លូវការគឺព្រំដែនពីជំនាន់បារាំង១៩០៨ ដើម្បីជាគោលក្នុងការចរចា និងលិខិតតុបករណ៍ផ្សេងៗ MOU២០០០ ឬមួយកិច្ចព្រមព្រៀងផ្សេងៗដែលយើងយកជាគោល។ គ្រាន់តែប្រាប់ថាយើងធ្វើកិច្ចការតាមវិធីចាស់ទុំ ដើម្បីធ្វើការចរចា មានអ្នកឌឺថាចាំទាល់តែចាស់ទុំបាត់អស់។ បើចឹងមានអី ចង់លេងអ្នកនយោបាយលឿន ធ្លាប់ហើយតើ ២០០៨ និង ២០១១។

(២៨) កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធការពារខ្លួនតាមគ្រប់មធ្យោបាយ

ខ្ញុំសូមយកឱកាសនេះ បញ្ជូនសារទៅអ្នកនយោបាយទាំងខ្មែរទាំងថៃ សូមកុំយករឿងនយោបាយមកឡូកឡំក្នុងកិច្ចការបច្ចេកទេស ព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រទេ។ សូមទុកឲ្យអ្នកបច្ចេក​ទេសគេធ្វើការតាមការងារបច្ចេកទេស។ រឿងព្រំដែនទាក់ទងទៅនឹងបច្ចេកទេស និងច្បាប់អន្តរជាតិ។ ឲ្យគេប្រើមូលដ្ឋានហ្នឹងដើម្បីដោះស្រាយ។ យើងកុំទៅនាំឲ្យវាយគ្នា។ សំរាប់អ្នកនយោបាយថៃ ខ្ញុំសូមបញ្ជូនសារថាកុំជំរុញរឿងនេះយកចំណេញនយោបាយ ហើយមកយកហេតុផលនេះឬនោះ ត្បិតគេមិនទាន់ឯកភាពគ្នា មិនមានអ្វីយកជាការបានទេ។ កម្ពុជា សូមផ្អែកលើមូលដ្ឋានថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។ យើងរកវិធីដោះស្រាយបញ្ហាដែលបន្សល់ទុកពីមុន តាមរយៈយន្តការដែលយើងឯកភាពគ្នាជាផ្លូវការ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ។ ធ្វើការផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកទៅលើផែនទីដែលតំកល់ទុកនៅបារាំង ដែលយើងឯកភាពគ្នាទៅលើលិខិតតុបករណ៍ផ្សេងៗ ទៅលើក្រុមបច្ចេកទេស

កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធការពារខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា។ កាលពី២០០៨, ២០១១ អ្នកខ្លះយករឿង(ព្រដែន)នេះ(បង្កជម្លោះ)។ យើងមិនចង់ធ្វើការវាយគ្នាទេកាលពីឆ្នាំ២០០៨ ហ្នឹង គឺយកនយោបាយមកដើរមុខ។ ឆ្នាំ១៩៩៨ យើងចរចាគ្នាជាមួយនឹងថៃ។ គណៈកម្មការព្រំដែនបច្ចេកទេសធ្វើការស្រួលនឹងគ្នា មិនមែនត្រូវគ្នានោះទេ ចរចាតឹងសរសៃកដាក់គ្នា ប៉ុន្តែមិនវាយគ្នា។ វាចង្រៃអីឆ្នាំ២០០៨ នេះមានអ្នកជ្រុល​និយមមួយចំនួនចូលមកនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ បញ្ជូនទ័ពចុះឡើង ក៏វាយគ្នា ៣ឆ្នាំ ស្លាប់ប៉ុន្មាន របួសប៉ុន្មាន ធ្វើឲ្យយើងខាតបង់ប៉ុន្មាន ទំនាក់ទំនងកម្ពុជាជាមួយថៃ ប្រជាជនមើលមុខគ្នាមិនត្រូវ។ សូមឱ្យចាំប្រវត្តិសាស្ត្រថ្មីៗនេះ។ បើមិនចាំប្រវត្តិសាស្ត្រចាស់ ឆ្នាំ២០០៨ ទើបតែ១០ ឆ្នាំជាងមុនទេ។ ដោយសារយកនយោបាយមកឡូកឡំហ្នឹងហើយ បានជាវាយគ្នាប្រាវនោះ។

(២៩) គឺត្រកូលហ៊ុន ដែលការពារព្រំដែន និងការពារប្រជាពលរដ្ឋពីកូវីដ១៩

ឥឡូវសូមអ្នកជាតិនិយមមួយចំនួន កុំយកនយោបាយមកដឹកមុខ ដើម្បីឲ្យមានបញ្ហា ហើយកុំថាអ្នកឯងស្នេហាជាតិនោះ។ នាំទាហានវាយគ្នាស្លាប់ នាំប្រទេសមើលមុខគ្នាមិនត្រង់ មិនមែនស្នេហាជាតិទេ។ ស្រឡាញ់ជាតិដូចគ្នា រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល ខ្ញុំ ឪពុកខ្ញុំ គ្រួសារខ្ញុំ ក៏ស្នេហាជាតិដូចគ្នាដែរ ហើយយើងបានធ្វើការច្រើន បំរើជាតិនេះផងដែរ។ អ្នកដែលស្រែកស្នេហាជាតិពីក្រៅប្រទេស មេដឹកនាំអតីតបក្សប្រឆាំងជាតិ ដែលកំពុងទាម​ទារប្តឹងអី … កាលមុនវាយឪ ឥឡូវវាយទាំងត្រកូល ថាយើងធ្វើឲ្យបាត់នេះបាត់នោះ។ ខ្ញុំសូមរំលឹកបន្តិច តាំងពី ២០០៨ មក ពេលដែលមានសភាពការណ៍រឿងព្រំដែន មុខអស់លោកដែលថាស្នេហាជាតិ មិនដឹងនៅឯណាទេ។ ផ្ទុយទៅវិញ ឃើញតែមុខត្រកូលហ៊ុនហ្នឹងឯងដែលដឹកនាំសម្របសម្រួល។ កាលមុន គឺសម្តេចតេជោដែលដឹក​នាំការពារទឹកដីនោះ និយាយឲ្យច្បាស់ចឹងទៅ។ ឆ្នាំ២០០៨ ដែលយើងប៉ះគ្នានៅព្រះវិហារឈានទៅដល់ ២០១១ ប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាល សម្តេចតេជោបញ្ជាផ្ទាល់នៅក្នុងនោះ។ ខ្ញុំក៏បានចូលរួមក្នុងកម្រិតមួយដែរ មិនមែនជាមេបញ្ជាការសមរភូមិ តែមានមុខពី២០០៨ មក។ សួរអ្នកព្រំដែន។

មេទ័ពនៅព្រំដែនមួយចំនួន ថា នឹកមេណាស់។ មេឯងទាល់តែផ្ទុះអាវុធបានឃើញមុខ។ អត់ផ្ទុះអាវុធខ្ញុំដើរតាមសាលា សម្ពោធវត្តអីកាលមុន ទៅទទួលស្នាមស្លាជាប់ថ្ពាល់អីចឹងទៅ។ ២០០៨ ផ្ទុះអាវុធ ពេលនោះរដ្ឋាភិបាលសម្តេចតេជោដឹកនាំបញ្ជូនកម្លាំងទៅ រួមនឹងកងពល៤២ ដែលមានឯកឧត្តម ប៉ែន វ៉ូយ ពេលនោះ​ឯកឧត្តម នាក់ វង្ស ជាសេនាធិការ។ ខ្ញុំឡើងទៅដល់នោះ។ ខ្ញុំឡើងពេលដែលគ្រាប់កំពុងតែរង្គើ។ ខ្ញុំបញ្ជូនកម្លាំងពីអង្គភាពរបស់ខ្ញុំ ខាងទ័ពពិសេសទៅ។ ខ្ញុំទៅផ្ទាល់ជាមួយទីបញ្ជាការជួរមុខ ​នៅសំរោង ជាមួយឯកឧត្តម ជា តារា ជាមួយឯកឧត្តម ឈិន ចាន់ពណ៌ ។ ទៅដល់តែប៉ុន្មានគីឡូពីភ្នំហ្នឹងទេ។ ដំបូងគឺកាំភ្លើងធំថៃបាញ់មក។ បន្ទាប់មកបេអឹម យើងចេញទៅឡើងរង្គើដី។

ខ្ញុំបានឃើញទាហានដែលរបួស/ស្លាប់នៅសមរភូមិ។ ខ្ញុំឃើញជនភៀសខ្លួនដែលវេទនាជម្លៀសចេញទៅនៅក្នុងជំរុំតាមផ្លូវ ប៉ុន្មានគីឡូដីទៅពីសៀមរាប។ វេទនាណាស់។ អ្នកទាំងអស់គ្នាដែលថាស្នេហាជាតិនៅណាពេលនោះ។ មិនត្រឹមតែមិនជួយទេ  កាលនោះ ពេលដែលយើងទូទាំងប្រទេសអបអរសាទរដាក់ប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌ អតីតគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ចេញទៅសម្ភាសថាគាត់មិនអបអរទេ ថារឿងហ្នឹងជាល្បិចស្មោគគ្រោករបស់គណបក្សប្រជាជនចរចាជាមួយថៃ រឿងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញ។ ប្រជាជនខ្មែរអបអរសាទរ យើងចរចារាប់សិបឆ្នាំទម្រាំតែបានប្រាសាទព្រះវិហារដាក់ក្នុងបេតិកភណ្ឌឆ្នាំសម្តេច សុខ អាន ដឹកនាំចរចា។ គេអត់អបអរ។ ពេលដែលយើងវាយគ្នា សួរថាអស់លោកស្នេហាជាតិនោះមានចេញមកអំពាវនាវឲ្យជួយកងទ័ពទេ? ស្ងាត់ជ្រៀប ហើយឡើងទៅអង្គុយជាមួយ(នាយករដ្ឋមន្ត្រីថៃពេលនោះ) អាភីស៊ីត។

ខ្ញុំនៅតែប្រាសាទព្រះវិហារ។ ខ្ញុំមិនមែនមេបញ្ជាការសមរភូមិទេ។ មានឯកឧត្តម គន់ គីម ឯកឧត្តមនាយឧត្តមសេនីយ៍ផ្សេងៗច្រើន តែខ្ញុំសម្របសម្រួលរឿងគ្រាប់រឿងអីមួយចំនួន។ មានមុខនៅនោះ ដឹកនាំប្រជុំជាមួយនឹងមេសេនាធិការជើងគោកថៃនៅជាំដើម្បីផ្អាកការវាយគ្នា។ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោកពេលនោះ ខ្ញុំជាមួយឯកឧត្តម ស្រី ឌឹក បានចរចាដើម្បីផ្អាកការប្រយុទ្ធមួយរយៈ។ ខ្ញុំក៏បានចូលរួមមួយផ្អែកតូចដែរ។ អស់លោកដែលជេរខ្ញុំថាក្បត់ជាតិហ្នឹងនៅឯណាពេលនោះ។ វាយគ្នានៅសំរោង ខ្ញុំនិយាយ ខ្ញុំនៅមិនឆ្ងាយពីរង្វង់ទីបញ្ជាការសំរោងដែលកាំភ្លើងធំរបស់ថៃវាយចូលទេ។ ខ្ញុំនៅទីនោះ ខ្ញុំមិនបានរត់ទៅណាទេ។ កូននាយករដ្ឋមន្ត្រីទៅឈរជើងនៅកន្លែងហ្នឹងជាមួយទីបញ្ជាការ។ ខ្ញុំមិនរត់ទេ។ ពេលដែលមានរឿងអូរអាឡៃ អូរតាង៉ាវ ត្រកូលហ៊ុននេះឯងជាអ្នកដែលចាត់ចែងការពារតំបន់អូរអាឡៃ អូរតាង៉ាវ។ ខ្ញុំឡើងទៅដល់ជួរមុខតាំងពីអត់ទាន់មានអី កាត់កន្លែងគ្រោះថ្នាក់ រៀបចំកម្លាំង ពង្រាយទ័ព កងពល ១២៨ ដែលសម្តេចតេជោបញ្ជាបង្កើត។ ខ្ញុំជាសេនាធិការដឹកនាំក្នុងការសម្របសម្រួលបំពាក់អាវុធ។ សភាពការណ៍នៅមុំ៣ ក្នុងនាមមេជើងគោក ទៅអង្គុយធ្វើផែនការការពារនៅទីនោះ ពេលដែលកាំភ្លើងធំអាចវាយគ្រប់ពេលចូលទីតាំង។ អ្នកដែលថាស្នេហាជាតិទាំងអស់នោះនៅទីណា។

សូម្បីតែខ្ញុំនេះអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើផ្លូវតាមក្រវ៉ាត់ព្រំដែនការពារអធិបតេយ្យជាតិរបស់យើង តើអ្នកទាំងអស់នោះបានជួយអត់? អត់មានជួយទេ ថែមទាំងជេរប្រទេចបណ្តាសា ឌឺដងទៀត។ ធ្វើឯងស្នេហាជាតិ ស្នេហាតែមាត់។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរយើង ៧០ម៉ឺននាក់ជាង រៃអង្គាសបាន ២៧លានដុល្លារ។ ឥឡូវកំពុងតែធ្វើបន្តបន្ទាប់។ ខ្ញុំកំពុងតែបើក(អោយទៅមើល)។ ខាងសិល្បករសុំនាំគ្នាទៅមើល (ការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន)។ ធ្វើហើយយើងដាក់ប៉ាណូដើម្បីជាតឹកតាងប្រវត្តិសាស្ត្រថា ទីនេះ ផ្លូវកំណាត់ផ្លូវក្រវ៉ាត់ព្រំដែននេះឯងនេះ ជាផ្លូវដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងទូទាំងសកលលោក បានរួមគ្នាកសាង ដើម្បីការពារទឹកដីរបស់យើង។ ឥឡូវយើងចាប់ផ្តើមធ្វើផ្លូវឱ្យទៅដល់កន្ទុយនាគ កន្លែងដែលយើងមិនដែលទៅសោះ  នៅពេលខាងមុខ។ នេះហើយជាការការពារទឹកដី។ មិនចាំបាច់វាយលើសមរភូមិទេ។

ជំនាន់កូវីដ១៩ ក៏ត្រកូលហ៊ុនចូលរួមដែរ។ ខ្ញុំក៏ទៅមុខដែរ។ អ្នកដែលស្រែកជេរពីក្រៅប្រទេស ប្រាប់(ប្រជាពលរដ្ឋ)កុំឲ្យចាក់វាក់សាំង។ សុទ្ធតែអ្នកស្នេហាជាតិ ស្នេហាប្រជាជន។ សូមជូនសារទៅ មិនមែនស្នេហាជាតិតែអស់លោកឯងទេ។ ខ្ញុំក៏ស្នេហាជាតិ ត្រកូលខ្ញុំ គ្រួសារខ្ញុំ ឪខ្ញុំក៏ស្នេហាជាតិដែរ។ ដាក់ចេញនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ៥០០ឆ្នាំដែលរ៉ាំរៃជីវិតប្រជាពលរដ្ឋ ហ្នឹងហើយបើមិនស្នេហាជាតិ តើជាស្អីទៀត។ សម្តេចតេជោ ជាមួយប្រតិបត្តិករថ្នាក់ដឹកនាំទាំងអស់ រាជរដ្ឋាភិបាលកសាងពង្រឹងគ្រប់វិស័យ រួមទាំងវិស័យអប់រំដែលមានវត្តមាននេះ បើមិនស្នេហាជាតិ ចាំបាច់ឲ្យកូនខ្មែររៀនចេះដឹងធ្វើអី? គឺឲ្យកូនខ្មែរចេះដឹង ដើម្បីខ្មែរអាចម្ចាស់ការ(គ្រប់គ្រងនិងការពារ)ប្រទេស។ ហ្នឹងហើយគឺស្នេហាជាតិនោះ

អស់លោកខ្លះមិនដែលអបអរសាទរ និងលើកសរសើរវិស័យអប់រំទេ ឃើញតែជេរវិស័យអប់រំ។ វាមិនទាន់ល្អទេ តែបងប្អូនកសាងតាំងពីកវែកកឆ្នាំង។ ក្រសួងយើងប៉ុន្មានជំនាន់ វិស័យឯកជន កសាងបានប៉ុណ្ណេះហើយត្រូវអបអរសាទរ។ អ្នកដែលថាស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន មើលងាយតែវិស័យអប់រំខ្លួនឯងហ្នឹងឯង … ខ្ញុំមិនចង់និយាយទេ តែឥឡូវវាជ្រុលជានិយាយ រឿងមើលងាយពូកែណាស់។ ថ្ងៃមុន ខ្ញុំនិយាយពីគោលនយោបាយកសិ​កម្ម ដែលមានការងារមួយចំនួនយើងបានធ្វើ។ ស្រាប់តែចេញមកថានេះជាគោលនយោបាយល្អ។ គាត់សរសេរមួយអត្ថបទដាក់ក្នុងកាសែតមួយអនឡាញ។ ដល់គេឆែកមើលទៅ អត្ថបទដែលសរសេរហ្នឹង ៧៩ភាគរយ AI generated គឺ AI សរសេរឲ្យ។ ក្រសួងកសិកម្មបាញ់ឲ្យខ្ញុំ។

គាត់ដាក់នៅ Facebook បង្ហោះ … មានសាស្រ្តាចារ្យណាប្រើ AI ហ្នឹងទេ? ដើម្បីដេញជើងសិស្ស។ សិស្សសរសេរជាភាសាអង់គ្លេស copy ហើយ computer ហ្នឹង​ program ហ្នឹងប្រាប់ថាហ្នឹងគឺ computer សរសេរឲ្យ។ ឥឡូវមាន AI មាន chat gpt មាន deepseek មានអីហ្នឹង។ ចង់សរសេររឿងប្រធានបទកសិកម្មគ្រាន់តែ chat gpt ជួយសរសេរខ្ញុំ please help me write article on agriculture វាក៏ចេញមក។ ហើយយកមកថារបស់គាត់ យកមកវាយគេ។ ខ្មាសក្មេងៗ ព្រោះអ្នកដែលរកហ្នឹងគឺក្មេងៗ IT នៅក្រសួងកសិកម្ម។ គ្នា copy យកមកដាក់មើល ៧៩ភាគរយ AI generated។ ឯកឧត្តម  ឌិត ទីណា មកទេ? ជួយបង្ហោះក្រែងលោគាត់ថាយើងភូត។

(៣០) សូមអ្នកនយោបាយថៃពិនិត្យប្រវត្តិសាស្រ្ត មើលទឡ្ហីករណ៍ បកស្រាយដោយបច្ចេកទេសនិងទទួលខុសត្រូវ

និយាយរឿងព្រំដែនវិញ … កុំឲ្យតែយើងធ្វើអីឲ្យទ័ពយើងខ្លាំង ក៏តាំងជេរ។ ជំនាន់នោះខ្ញុំទិញឡាន ២៩០គ្រឿង បំពាក់ឲ្យកងទ័ពរបស់យើង គេជេរ គេធ្វើសន្និសិទ្ធិតុមូលស្អីណានោះ។ លោកស្រី មួរ សុខហួរ និងគ្នាគាត់ប៉ុន្មាននាក់ជេរ។ គេថាទី១ អត់ចាំបាច់, ទី២ ខាតលុយជាតិ, ទី៣ ស្អីៗ …​ ពេលហ្នឹងខ្ញុំពន្យល់ ទី១ អត់មានប្រើលុយជាតិមួយរៀលទេ គឺការចូលរួមពីការរៃអង្គាសប្រភពច្បាស់លាស់ សប្បុរសជនជួយ ២៧លានដុល្លារ ខ្ញុំរៃអង្គាសធ្វើផ្លូវនេះ អត់យកលុយជាតិមួយរៀលទេ។ ប្រជាពលរដ្ឋចូល។ ទី២៖ គេថាអត់ចាំបាច់។ អ្នកដែលប្រាប់ខ្ញុំថាអត់ចាំ​បាច់បំពាក់ឡានទំនើបឲ្យកងទ័ព មិនដែលស្គាល់កងទ័ពមួយថ្ងៃផង។ មធ្យាបាយដឹកជញ្ជូនសំខាន់ណាស់សម្រាប់ចល័តទ័ព។ ពេលដែលទ័ពប្រទេសគេទំនើបសរសើរគេ ហើយបង្អាប់ទ័ពឯង។ គ្រាន់តែបំពាក់ឡានថ្មីដល់ទ័ពឯងក៏វាយដែរ។ នេះឬស្មារតីស្នេហាជាតិរបស់អស់លោក។ លោកជំទាវដែលថាជាអ្នកប្រឆាំងនោះ ស្នេហាជាតិត្រូវយល់ ស្អីដែលគួរប្រឆាំង ស្អីដែលគួរអបអរសាទររួមគ្នាទៅ។

បើកងកម្លាំងរបស់យើងចេញទៅបំពេញភារកិច្ចល្អនៅខាងក្រៅ ជួយអបអរសាទរទៅ។ បើនិសិត្សរបស់យើង កីឡារបស់យើងចេញទៅប្រកួតឈ្នះមេដាយមាសចូលរួមអបអរសាទរទៅ កុំបង្អាប់វិស័យអប់រំរបស់យើង វិស័យកីឡារបស់យើង។ ហ្នឹងហើយស្នេហាជាតិ គឺសាមគ្គីជាតិលើកតម្កើង​ចំណុចវិជ្ជមានរបស់ជាតិ ប្រទេសមិនមែនល្អឥតខ្ចោះទេ ប៉ុន្តែរួមគ្នាការពារនូវអ្វីដែលអវិជ្ជមាន រួមគ្នាកែលម្អនូវចំណុចអវិជ្ជមាន។

ខ្ញុំថាសៀវភៅក្រាស់មានប្រធានបទច្រើន ប៉ុន្តែរឿងនេះវាពាក់ព័ន្ធជាមួយរឿងព្រំដែន។ ថាអត់ចាំបាច់ អត់បានប្រយោជន៍ទិញមកខ្ជះខ្ជាយលុយ។ ជេរខ្ញុំអញ្ចឹង ដល់ពេលជំនាន់កូវីដ-១៩ យកឡានហ្នឹងទៅដឹកពលករដែលមកពីថៃ។ បានឡានហ្នឹងហើយដឹកស្បៀងទៅកន្លែងបិទខ្ទប់ ទឹកជំនន់បានឡានហ្នឹងហើយជួយជម្លៀសប្រជាពលរដ្ឋ។ ដល់អញ្ចឹងអត់មានមាត់មួយម៉ាត់។ ជេរថាអត់ប្រយោជន៍។ នេះគឺជារឿងដែលខ្ញុំសុំបញ្ជាក់ អ្នកដែលថាស្ម័គ្រចិត្តស្នេហាជាតិស្អីនោះ ហើយបបួលគ្នាទៅ។ បើថារដ្ឋាភិបាលមិនប្តឹងទេ ថៃក៏គេបបួលរដ្ឋាភិបាលគេប្តឹង។ យើងក៏ប្តឹង។ ឥឡូវយកល្បែងនយោបាយមក។ ចុះអ្នកជំនាញបច្ចេកទេសដែលខំកកើតរាល់ថ្ងៃទៅណា? ២០០៨ ម្តងទៀត វាយគ្នាម្តងទៀតអី?

សូម្បីតែថ្នាក់ដឹកនាំនយោបាយរបស់ថៃក៏ចេញមកនិយាយអត់ត្រូវដែរ។ អញ្ចឹងខ្ញុំសុំឲ្យអ្នកនយោបាយនៅថៃពិនិត្យប្រវត្តិសាស្រ្តឲ្យបានច្បាស់ មើលទឡ្ហីករណ៍ឲ្យបានច្បាស់ យល់ឲ្យបានច្បាស់ពីតម្រូវការក្នុងការបកស្រាយបញ្ហា ប្រកបដោយបច្ចេកទេស ប្រកបដោយភាពទទួលខុសត្រូវ។ កុំយកការជំរុញមួយឆាវៗ ដោយសារគេស្រែកខ្លាំងតាម Facebook តាម telegram ឈានទៅដល់ការវាយគ្នា វាខាតប្រយោជន៍។ វាយគ្នាហើយមិនដែលចំណេញទេ។ វាយគ្នាហើយយ៉ាងច្រើនចូលមកយកស្ថានភាពដើម។ ក្រោយពីស្លាប់ ឬរបួសអស់គគោក រឿងតែប៉ុណ្ណឹង។ ខ្ទេចអស់រលីងទំនុកទុកចិត្តនៅប្រទេសទាំង២។ អញ្ចឹងសុំឲ្យអ្នកនយោបាយខ្មែរកុំជ្រុលនិយម កុំរុញជ្រុលពេក។ អ្នកនយោបាយថៃដូចគ្នា សូមទុកឱកាសឲ្យជំនាញរបស់ប្រទេសយើងទាំង២ ធ្វើការតាមជំនាញ តាមក្របខ័ណ្ឌស្តង់ដារអន្តរជាតិ ដូចគេដូចឯង ដើម្បីបញ្ចប់បញ្ហាប្រវត្តិសាស្រ្តរាប់រយឆ្នាំនេះដោយសន្តិវិធីដោះស្រាយជាដំណើរ។

(៣១) កងទ័ពគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស មិនប្រើកម្លាំងទេ

ទុកឱកាសឲ្យខ្មែរយើងសហការគ្នាជាមួយថៃនៅផ្នែកផ្សេងៗទៀត កុំបង្កើតជាសត្រូវ។ អញ្ចឹងសូមកុំយកនយោ​បាយមកលូកលាន់នៅក្នុងរឿងបច្ចេកទេស ទុកឲ្យជំនឿលើកទឹកចិត្តឲ្យមន្រ្តីរបស់យើងទាំងសងខាងជឿទុកចិត្តគ្នា ស្នេហាជាតិពួកគាត់មានខ្លាំង មន្រ្តីខាងព្រំដែនរបស់យើង។ ប្រទេសគាត់ដែរ ទឹកដីគាត់ដែរ តាំងពីជំនាន់ឯកឧត្តម វ៉ា គឹមហុង លោកជំទាវ កុយ ពិសី។ ឥឡូវមកឯកឧត្តម ឡាំ ជា គណកម្មការបូកជាមួយនឹងមូលដ្ឋានរបស់យើង កងទ័ពយើងព្រំដែន។ ខ្ញុំសូមបញ្ជាក់ទៅកងទ័ពភាគីទាំងសងខាងនៅក្នុងដំណាក់កាល ដែលព្រំដែនមិនទាន់ដោះស្រាយដោយគណកម្មការព្រំដែនថា កងទ័ពគ្មានភារកិច្ចដោះស្រាយព្រំដែនទេ។ កងទ័ពគាំទ្រទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយព្រំដែន តាមយន្តការបច្ចេកទេសដែលរដ្ឋាភិបាលទាំង២ មិនមែនប្រើប្រាស់កងទ័ព ប្រើកម្លាំងដើម្បីដោះស្រាយ។ អញ្ចឹងស្ថានភាពឈរជើងកន្លែងណា ឈរជើងកន្លែងហ្នឹងសិនទៅ ល្បាតកន្លែងណា ល្បាតកន្លែងហ្នឹងសិនទៅ កុំឲ្យមានប្រែប្រួល  ទុកឲ្យគណកម្មការយើងធ្វើការ បើមិនអញ្ចឹងវាយគ្នាឈ្លោះគ្នាពេញហ្នឹង។

សូមឲ្យភាគីថៃ និងកងទ័ពខ្មែរបន្តទំនាក់ទំនងប្រចាំថ្ងៃ មានអីដោះស្រាយបញ្ហាជាមួយគ្នា ប៉ុន្តែសុំឲ្យរក្សាស្ថានភាពដែលមានពីមុនមកកុំឲ្យមានបញ្ហា។ មិនមែនជាតួនាទីរបស់កងទ័ព ឬអ្នកនយោបាយដោះស្រាយរឿងបច្ចេក​ទេសព្រំដែនទេ គឺជាកាតព្វកិច្ចរបស់យន្តការថ្នាក់ជាតិទាំង២ តាមជំនាញព្រំដែន និងយន្តការច្បាប់ដែលយើងមានដើម្បីធ្វើការដោះស្រាយតាមវិធីសាស្រ្ត កុំចេះតែស្រែកឡូឡា វាយគ្នាផ្ទុះទៀតឥឡូវហើយ។ សម្រាប់អ្នកស្នេហាជាតិ អស់លោកដែលជេរ ខ្ញុំគ្រាន់តែលើកឧទាហរណ៍ខ្លីៗ ថា អស់លោកមិនបានចូលរួមធ្វើបែបនេះទេ ហើយពេលដែលខ្ញុំឡើងមេជើងគោក លោកអ្នកនយោបាយចាស់វស្សាមួយថ្ងៃៗ អង្គុយតែជេរថាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល នៅពេលដែលក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលចុះទៅតាមព្រំដែនដើម្បីពង្រឹងភាពការពារជាតិក្នុងរយៈពេល ៣ឆ្នាំនេះ ខ្ញុំចុះទៅដល់ព្រំដែនខាងមុខទាំងអស់ ពង្រឹងលេណដ្ឋាន ពង្រឹងអាវុធគាំទ្រ ហ្វឹកហ្វឺនកងទ័ព កសាងផ្លូវចល័ត។ ឥឡូវទៅមើលព្រំដែន តាមាន់ តាក្របីសុទ្ធតែផ្លូវបេតុង។ ទៅមើលនៅព្រះវិហារ ចាក់ច្រែង​ តាសុត … ​ចុះទៅដល់ភូមិភាគ៥ ចុះទៅដល់កន្លែងដែលទាហានឈរជើងជួរមុខ។

សួរថាអ្នកដែលនៅស្រុកបា​រាំងអង្គុយជេររាល់ថ្ងៃ (គិតទេ)ពេលដែលមេជើងគោកត្រហូល ហ៊ុន ម្នាក់នេះ ដែលគេចោទថាក្បត់ជាតិ ចុះពង្រឹងកងទ័ព និងជួយដល់កងទ័ពដើម្បីការពារជាតិរបស់យើង។ នេះហើយជាអ្វីដែលខ្ញុំចូលរួម ហើយគ្រួសារខ្ញុំក៏បានចូលរួម កុំចេះតែចោទ ហើយថាខ្លួនស្នេហាជាតិតែម្នាក់ឯង ថាគេក្បត់ជាតិដោយ​សារវិធីសាស្រ្តគេដោះស្រាយខុសពីអ្វីដែលខ្លួនឯងទាមទារនោះ។ សូមនិយាយរឿងហ្នឹងបន្តិចចុះ។ រឿងនេះជារឿងដែលត្រូវ ជារឿងទំនុកទុកចិត្តថារដ្ឋាភិបាលមិនបាននៅស្ងៀមដោយយើងចាញ់គេ ដោយយើងមិនហ៊ានជេរត្រឡប់ទៅវិញ នៅពេលដែលខាងថៃគេថាអីថាទៅនោះទេ។ (តើ)វាចំណេញទេ ២០០៨ ដែលបញ្ជូនមនុស្សចូលទៅវាយគ្នាប្រាវ វាអត់ចំណេញអ្វីទាំងអស់។ ដោះស្រាយបន្ត ព្រំដែនទឹកអីដូចគ្នា។ រឿងព្រំដែនគេ​ដោះរាប់សិបឆ្នាំ ១ mm ៗ អាបង្គោល ៧៣ រកឃើញប៉ុន្មាននៅសល់ប៉ុន្មានទៀត មិនទាន់ឯកភាពគ្នាផង …។

អត្ថបទទាក់ទង