ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ព្រមទាំងរៀចំជា« ទិវាបុណ្យរបស់ប្រជាជនកម្ពុជា» ដែលបានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក ក្នុងប្រទេសកម្ពុជា បានឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងទិវាបុណ្យនេះ ។
៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត និងបានធ្វើឱ្យប្រជាជនគ្រប់ទិសទី តំបន់ និងពិភពលោក ចងចាំជានិច្ចចំពោះគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលសព្វថ្ងៃដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រមួយចំនួនគឺ៖
ទី១) បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ វិលត្រឡប់មកជាលើកទី២
ទី២) បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ ត្រវបានបនប្រល័យពូជសាសន៍ ប៉ុល ពត បានកំចាត់ចោល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ
ទី៣) បានស្តារនិងកសាងប្រទេសឡើងវិញពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ
ទី៤) បានធ្វើជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។
ទី៥) សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
និងទី៦) រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
សរុបសេចក្តីមក ប្រជាជនកម្ពុជា បានចូលរួមអបអរសាទរទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ក្នុងថ្ងៃនេះ ប្រកបដោយក្តីកត្តញ្ញូ ការគោរពដឹងគូណដ៏ស្មោះស្ម័គ្រ ចំពោះឥស្សរជនគ្រប់ៗរូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញាស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្ម ស្វែងរកការរំដោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតជាថ្មី ស្វែងរកការបញ្ចប់សង្រ្គាម ការបង្រួបប្រួមជាតិ ទឹកដីមាតុភូមិកម្ពុជា នាំមកនូវសន្តិភាព សេចក្តីសុខដុមរមនា និងការរីកចម្រើនជឿនលឿនគ្រប់វិស័យ។
ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរទាំងសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រជាជនកម្ពុជាមានមោទនភាព និងក្តីសោមនស្ស ចូលរួមអបអរសាទរខួបអនុស្សាវរិយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ជាមួយការអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗ ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។រាជរដ្ឋាភិបាល និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិ និងក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នា បានមើលឃើញ សមិទ្ធផលលេចធ្លោមួយចំនួន រួមមាន៖
ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា
បានកសាង ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារនានា
បានធ្វើឱ្យមានការរីកចម្រើននៃសេដ្ឋកិច្ច រក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ប្រចាំឆ្នាំកើនដល់ទៅជិត ២ ០០០ ដុល្លារ
ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម បានក្លាយជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។
រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញជាចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយគ្នាដោយមោះមុត ស្មោះស្ម័គ្រឥតងាករេ ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕
ដោយ ៖ AMS