វិភាគអន្តរជាតិ៖ វិបត្តិតៃវ៉ាន់ខិតជិតមកដល់ លោក ស៊ី ជីនពីង អាចនឹងមិនរង់ចាំទៀតឡើយ
(វ៉ាស៊ីនតោន)៖ ស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយកំពុងកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ហើយសហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ស្ថានការណ៍នេះនោះទេ។ នេះជាការយល់ឃើញរបស់លោក Hal Brands ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន American Enterprise Institute for Public Policy Research (AEI) មានមូលដ្ឋាន ក្នុងសហរដ្ឋអាមេរិក។ កាលពីដើមខែមិថុនាកន្លងទៅ ឆ្មាំសមុទ្រចិនបានធ្វើការទាក់ទងទៅកាន់កប៉ាល់ដឹកទំនិញ ៣គ្រឿងក្នុងដែនទឹកស្ថិតនៅក្បែរភាគខាងកើតកោះតៃវ៉ាន់ ដោយស្នើឱ្យ ពួកគេបញ្ជាក់ពីប្រភពដើម និងគោលដៅដែលត្រូវធ្វើដំណើរ។ ចិនមិនបានឃាត់ទុកកប៉ាល់ទាំងនេះទេ។ ប៉ុន្តែនេះប្រៀបដូចជាការដើរតួនាទីជាប៉ូលិសចាត់ចែងការធ្វើចរាចរសមុទ្រ ស្ថិតនៅក្បែរតៃវ៉ាន់ ហើយវាក៏ជាសញ្ញាមួយបង្ហាញដែរថាវិបត្តិដ៏សំខាន់មួយអាចនឹងកើតឡើងក្នុងពេល ១ ទៅ២ឆ្នាំខាងមុខ។
ក្រុមអ្នកតាមដានស្ថានការណ៍ចិន-តៃវ៉ាន់ជាច្រើនបារម្ភថាវិបត្តិតៃវ៉ាន់មួយអាចនឹងកើតឡើងនៅឆ្នាំ២០២៧។ បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យកងទ័ពរំដោះប្រជាជនចិន PLA ត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងតៃវ៉ាន់ក្នុងឆ្នាំ២០២៧។ ប៉ុន្តែសម្រាប់លោក Hal Brands ពេលវេលាដ៏សំខាន់អាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២៨ទៅវិញទេ ជាពេលដែលតៃវ៉ាន់ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ហើយលោក ស៊ី ជីនពីងប្រហែលជាអាចនឹង ចាត់វិធានការធ្វើសកម្មភាព។ ជាការពិតណាស់ ស្ថានការណ៍ឥលូវមានភាពស្ងប់ស្ងាត់។ វិបត្តិតៃវ៉ាន់ធំលើកចុងក្រោយបំផុតបានកើតឡើងកាលពីជិត ៤ឆ្នាំមុន នៅពេលដែលអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងមាន ស្ថិរភាពជាបណ្ដោះអាសន្ន ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជីនពីង បានព្រមព្រៀងគ្នាលើទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រ នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំងកាលពីខែឧសភា។
ក៏ប៉ុន្តែសូមកុំយល់ច្រឡំឱ្យសោះ។ លោក ស៊ី ជីនពីង នៅតែបន្តប្រមូលផ្ដុំអំណាចយោធាដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះញ៉ម ហើយបង្រួបង្រួមជាមួយចិន ខណៈកំពុងបង្កើនការដាក់សម្ពាធពីមួយថ្ងៃ ទៅមួយថ្ងៃ នៅក្រោមការធ្វើសកម្មភាពនៅក្រោមកម្រិតសង្រ្គាម។ តៃវ៉ាន់ត្រូវបានឡោមព័ទ្ធស្ទើរតែជាប្រចាំដោយនាវាចម្បាំងចិន។ រីឯយន្ដហោះចម្បាំងចិនបានបង្កើនការហោះហើរនៅក្បែរ និងជុំវិញកោះតៃវ៉ាន់ ព្រមទាំងធ្វើសមយុទ្ធយោធាហាត់សមការវាយប្រហារលើតៃវ៉ាន់ និងការបិទខ្ទប់។ ប៉េកាំងក៏កំពុងបន្តវាយប្រហារព័ត៌មានវិទ្យា និងធ្វើចារកម្មប្រឆាំងតៃវ៉ាន់ផងដែរ។ ស្ថានការណ៍ពិតជាមានភាពស្ងប់ស្ងាត់ពិតមែន តែគ្រាន់តែដោយសារលោក ស៊ី ជីនពីងបានធ្វើឱ្យគេមើលឃើញថាសកម្មភាពយោធារបស់ចិននៅក្បែរកោះតៃវ៉ាន់ក្លាយជាទៅជារឿងធម្មតា តែប៉ុណ្ណោះ។ គោលដៅរបស់ចិនគឺយកឈ្នះដោយមិនបាច់ច្បាំង តែត្រៀមខ្លួនប្រើប្រាស់កម្លាំងយោធាជានិច្ចក្នុងករណីចាំបាច់។ លោក ស៊ី ជីនពីងកំពុងព្យាយាមបំបាក់ស្មារតីរបស់ ប្រជាជនតៃវ៉ាន់ ហើយធ្វើឱ្យពួកគេសង្ស័យចំពោះការគាំទ្រពីសហរដ្ឋអាមេរិក។ លោកសង្ឃឹមថាសង្គមតៃវ៉ាន់មួយដែលឯកោ និងទន់ជ្រាយអាចនឹងទទួលយកការបង្រួបបង្រួមជាមួយចិន ព្រោះគ្មានជម្រើសល្អផ្សេង។ ប៉ុន្តែលោក ស៊ី ជីនពីងដែលមានអាយុ ៧៣ឆ្នាំទៅហើយនោះ មិនមែនមានជីវិតអមតៈនោះទេ។
ដូច្នេះយុទ្ធសាស្ត្រផ្សេងរបស់លោក នោះគឺធ្វើយ៉ាងណាឱ្យតៃវ៉ាន់មានមេដឹកនាំថ្មីមួយដែលមានទំនោរងាកទៅរកចិន ហើយដែលនេះអាចនឹងធ្វើឱ្យការបោះឆ្នោតសកលតៃវ៉ាន់នៅឆ្នាំ២០២៨ នឹងក្លាយជាចំណុចក្ដៅមួយ។ ចិនបានហៅមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ជាជនឧទ្ទាមផ្ដាច់ខ្លួន។ ម្លោះហើយ លោក ស៊ី ជីនពីងនឹងមិនឈរនៅស្ងៀមឡើយ ប្រសិនបើលោក Lai Ching-te ប្រមូលយកការគាំទ្រពីប្រជាជនតៃវ៉ាន់សម្រាប់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោកតាមរយៈការធ្វើសេចក្ដីថ្លែងការណ៍ម៉ឺងម៉ាតអំពីអធិបតេយ្យរបស់តៃវ៉ាន់។ លោក ស៊ី ជីនពីងនឹងព្យាយាមបញ្ជា្របឥទ្ធិពលលើការបោះឆ្នោតរបស់តៃវ៉ាន់ ជាមួយការបង្កើតការសម្លុតគំរាម។ ជាឧទាហរណ៍ដូចជាការធ្វើតេស្តបាញ់មីស៊ីល ការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ដើម្បីបញ្ជូនសារទៅកាន់ប្រជាជនតៃវ៉ាន់ថាជ័យជម្នះរបស់លោក Lai នឹងធ្វើឱ្យតៃវ៉ាន់ធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែគ្រោះថ្នាក់។
យ៉ាងនេះក្ដី ចាប់តាំងពីឆ្នាំ២០១៦មក ការដាក់សម្ពាធរបៀបនេះមិនបានសមតាមបំណងរបស់លោក ស៊ី ជីនពីងនោះទេ ដ្បិតប្រជាជនតៃវ៉ាន់បានដកខ្លួនចេញឆ្ងាយពីបេក្ខជនដែលប៉េកាំង ពេញចិត្ត។ តែបើមិនសមតាមបំណង លោក ស៊ី ជីនពីង អាចនឹងបញ្ចេញប្រតិកម្មអវិជ្ជមានចំពោះលទ្ធផលបោះឆ្នោតរបស់តៃវ៉ាន់ដែលលោកមិនពេញចិត្ត។ បេក្ខជនដែលលោក ស៊ី ជីនពីង ពេញចិត្ត នោះគឺលោកស្រី Cheng Li-wun ជាមេដឹកនាំគណបក្ស Kuomintang (KMT) ជាគណបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ និងដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉េកាំង កាលពីខែឧសភា ដើម្បីស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយចិន។ តាមលោក Hal Brands គោលនយោបាយរបស់លោកស្រី Cheng Li-wun អាចនឹងធ្វើឱ្យលោកស្រីបាត់បង់ ការគាំទ្រពីប្រជាជនតៃវ៉ាន់ដែលជាអ្នកបោះឆ្នោតទូទៅមិនមែនជាអ្នកគាំទ្រផ្គាប់មុខលើគណបក្សណាមួយ និងដែលកំពុងមានការសង្ស័យស្រាប់ចំពោះលោកស្រីលើបញ្ហាសន្តិសុខជាតិ ក្រោយគណបក្ស Kuomintang បានរាំងខ្ទប់ការអនុម័តកញ្ចប់ថវិកាយោធាពិសេស នៅក្នុងសភាតៃវ៉ាន់។ កញ្ចប់ថវិកាយោធាពិសេសនេះត្រូវបានគេមើលឃើញថាមានគោលដៅ បំពាក់អាវុធឱ្យតៃវ៉ាន់ត្រៀមទប់ទល់ជាមួយចិន។
លោក Lai ទោះជាប្រជាប្រិយភាពហាក់កំពុងថមថយក៏ពិតមែន តែគេរំពឹងថាលោកនៅតែអាចជាប់ឆ្នោតមួយអាណត្តិទៀត ទោះឈ្នះយ៉ាងប្រផិតប្រផើយក៏ដោយ។ ឬគណបក្ស KMT អាចនឹងទទួលជ័យជម្នះដោយសំឡេងប្រកៀកប្រកិត ប្រសិនបើគណបក្សនេះជ្រើសរើសយកបេក្ខជនផ្សេងដែលមានភាពប្រាកដនិយមខ្លាំងជាងលោកស្រី Cheng។ យ៉ាងណាក៏ដោយ មិនថាលទ្ធផលចេញមកបែបណាទេ ក៏តៃវ៉ាន់ប្រហែលជានឹងនៅតែមានរដ្ឋាភិបាលមួយដែលនឹងមិនដើរតាមការបង្រួបបង្រួមជាមួយចិនតាមដែលលោក ស៊ី ជីនពីងចង់បាននោះទេ។ ដូច្នេះ បើមិនសមតាមបំណង លោក ស៊ី ជីនពីងអាចនឹងបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ឱ្យកាន់តែខ្លាំងឡើង។ តែនេះមិនមែនមានន័យថាលោក ស៊ី ជីនពីងនឹងប្រើកម្លាំងយោធាវាយផ្ដាច់យក តៃវ៉ាន់តែម្ដងនោះទេ។
ផ្អែកលើការកើនឡើងសកម្មភាពរបស់កងឆ្មាំសមុទ្រចិនកាលពីពេលថ្មីៗនេះ លោក ស៊ី ជីនពីងអាចនឹងអនុវត្តវិធានការរឹតបន្តឹងការត្រួតពិនិត្យគយជំនួសវិញ ហើយអាចនឹងបង្កការរំខានដល់ ការធ្វើចរាចរសមុទ្រ និងដែនអាកាសឆ្ពោះទៅកាន់កោះតៃវ៉ាន់។ ក្នុងសេណារីយ៉ូនេះ ចិនអាចនឹងទាមទារឱ្យកប៉ាល់ទាំងឡាយណាដែលមានគោលដៅធ្វើដំណើរឆ្ពោះទៅតៃវ៉ាន់ ត្រូវឆ្លងកាត់ ការត្រួតពិនិត្យគយនៅចិនជាមុនសិន។ ធ្វើបែបនេះគឺចិនចង់បង្ហាញថាបើប៉េកាំងចង់ខ្ទប់ដង្ហើមតៃវ៉ាន់ វាមិនមែនជារឿងពិបាកទេ។ ការបំបែកការបិទខ្ទប់ ឬការហ៊ុមព័ទ្ធតៃវ៉ាន់របស់ចិន គឺជារឿងដ៏ពិបាក ពីព្រោះវាតម្រូវឱ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់ស្ដែងប្រឆាំងបកទៅនឹងចិន តួយ៉ាងដូចជាការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា រួមជាមួយការថ្កោលទោស ជាលក្ខណៈអន្តរជាតិ និងត្រៀមលក្ខណៈបំបែកការហ៊ុមព័ទ្ធដោយប្រើកម្លាំងយោធាក្នុងករណីចាំបាច់ដោយមិនធ្វើឱ្យជម្លោះផ្ទុះរាលដាលកាន់តែធំ។ ក៏ប៉ុន្តែ ជាសំណាងអាក្រក់ ការដកថយ របស់លោក ត្រាំ ចេញពីការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនដែលលោកខ្លួនឯងជាអ្នកចាប់ផ្ដើមមុនកាលពីឆ្នាំ២០២៥ បានធ្វើឱ្យ ចិនកំណត់ក្នុងចិត្តរួចទៅហើយថាសហរដ្ឋអាមេរិកនឹងមិន ប្រថុយប្រឈមមុខជាមួយចិន ក្នុងសកម្មភាពដាក់សម្ពាធនៅក្រោមកម្រិតសង្រ្គាមនោះទេ។
លោក ត្រាំ ក៏បានឱ្យសញ្ញាដែរថាលោកមិនសូវចាប់អារម្មណ៍ចំពោះវិបត្តិតៃវ៉ាន់ឡើយ ដូច្នេះហើយទើបលោកសម្រេចចិត្តពន្យារពេលលក់អាវុធឱ្យតៃវ៉ាន់ ដើម្បីបញ្ចៀសកុំឱ្យកិច្ចប្រជុំកំពូល របស់លោកជាមួយលោក ស៊ី ជីនពីងដែលគ្រោងធ្វើឡើងនៅខែកញ្ញាខាងមុខក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានលុបចោល ឬលើកពេល។ ម្យ៉ាង មន្ទីរបញ្ចកោណកំពុងផ្តោតលើការគំរាមកំហែង នៃការឈ្លានពាន ឬសង្រ្គាមទ្រង់ទ្រាយធំ ជាជាងផ្ដោតលើការហ៊ុមព័ទ្ធធម្មតា ឬសេណារីយ៉ូតំបន់ពណ៌ប្រផេះដែលគេស្គាល់ថាជាសកម្មភាពយោធានៅក្រោមកម្រិតនៃសង្រ្គាម។
សម្រាប់លោក Hal Brands នៅឆ្នាំ២០២៨ សហរដ្ឋអាមេរិកក៏ត្រូវរវល់ជាប់ដៃរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនឯងដែរ ដូច្នេះលោក ស៊ី ជីនពីង អាចនឹងបង្កើនយុទ្ធនាការ ដាក់សម្ពាធលើតៃវ៉ាន់ ក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងផ្ដោតលើកិច្ចការផ្សេងក្នុងស្រុក៕
-Fresh News-






