Grand News Asia Close

វិចារណកថា៖ ការពិតនៃគុណភាពខ្យល់, យើងបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរ​កំហុសមកលើយើង

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1010
វិចារណកថា៖ ការពិតនៃគុណភាពខ្យល់, យើងបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរ​កំហុសមកលើយើង វិចារណកថា៖ ការពិតនៃគុណភាពខ្យល់, យើងបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរ​កំហុសមកលើយើង

#វិចារណកថា

(ភ្នំពេញ)៖ ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើង​ តាមរយៈការចោទប្រកាន់​គ្នាទៅ​វិញ​ទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ និង​ជា​ប្រព័ន្ធ ដើម្បីរក្សាឱ្យខាងតែបាននូវគុណភាពខ្យល់នៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជា​ផង និងសម្រាប់ប្រទេសជិតខាងផង។

ខណៈដែលបញ្ហាបំពុលខ្យល់កំពុងក្លាយជាវិបត្តិសុខភាពសាធារណៈសកល ទំនុកចិត្ត និង​ភាពស្មោះត្រង់លើទិន្នន័យវិទ្យាសាស្ត្រ បានក្លាយជាអាវុធដ៏សំខាន់បំផុតសម្រាប់ដោះ​ស្រាយ​បញ្ហានេះ។ ប្រទេសកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវ «តម្លាភាពនៃទិន្នន័យខ្យល់» ដោយ​មិនលាក់លៀម និងមិនប្រើប្រាស់ល្បែងនយោបាយទម្លាក់កំហុស ដើម្បីបិទបាំង​ភាព​អសកម្មរបស់ខ្លួនឡើយ។

១៖ ភាពស្មោះត្រង់ដើម្បីសុខភាពប្រជាពលរដ្ឋ

ប្រទេសកម្ពុជាយល់ច្បាស់ថា ការទទួលស្គាល់ការពិតនៃប្រភពបំពុលក្នុងស្រុក មិន​មែន​ជា​ការបង្ហាញភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃ ការទទួលខុសត្រូវ​ខ្ពស់ចំពោះ​សុខភាពប្រជាពលរដ្ឋកម្ពុជា។ ប្រទេសកម្ពុជា បានវិនិយោគលើប្រព័ន្ធត្រួត​ពិនិត្យ​គុណ​ភាពខ្យល់កម្រិតខ្ពស់ ដែលផ្តល់ទិន្នន័យជាក់ស្តែង (Real-time data) លើកំហាប់​ភាគ​ល្អិត PM2.5។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយ​ជាប្រចាំ​ថ្ងៃ​ជូន​សាធារណជនយល់ដឹង។ តាមរយៈការបញ្ចេញទិន្នន័យ ត្រួតពិនិត្យ និងវិភាគគុណ​ភាព​ខ្យល់​ដោយចំហនេះ ប្រទេសកម្ពុជាបានផ្តល់អំណាចឱ្យពលរដ្ឋខ្លួនឯងអាចការពារខ្លួន និង​ជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់បរិស្ថានលើរោងចក្រ និងឧស្សាហកម្មក្នុងស្រុក​ដោយ​គ្មាន​ការលើកលែង។ នេះគឺជា «ភាពស្មោះត្រង់ដែលសង្គ្រោះជីវិត»។

២៖ បញ្ឈប់វប្បធម៌ «ទម្លាក់កំហុស» និង «ជាតិនិយមបិទបាំងផ្សែង»

ផ្ទុយស្រឡះពីប្រទេសកម្ពុជា យើងសង្កេតឃើញថា ប្រទេសជិតខាងខ្លះ​តែងតែប្រើ​ប្រាស់​យុទ្ធសាស្ត្រ «បង្វែរដាន»។ រាល់ពេលដែលខ្យល់ពុលឡើងដល់កម្រិតអាសន្ន ពួកគេ​តែង​​តែចង្អុលមុខមកប្រទេសកម្ពុជា ឬប្រើលេស «ខ្យល់បក់ឆ្លងដែន» ដើម្បីដោះសារ​ចំពោះ​បរាជ័យនៃគោលនយោបាយក្នុងស្រុករបស់ខ្លួន។ ការប្រើប្រាស់ «ជាតិនិយម» ឬ​ការបញ្ជាឱ្យប្រព័ន្ធផ្សព្វផ្សាយសរសេរភូតភរ ដើម្បីការពារមុខមាត់រដ្ឋាភិបាលក្នុង​បញ្ហាបរិ​ស្ថាន គឺជាទង្វើអសីលធម៌បំផុត។ ផ្សែងពុលមិនស្គាល់ព្រំដែន ហើយវាក៏មិនចេះស្តាប់​បង្គាប់​តាមការឃោសនាអកុសលនោះដែរ។ ការទម្លាក់កំហុសឱ្យប្រទេសជិតខាង មិន​ត្រឹម​តែបំផ្លាញទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបណ្តោយឱ្យពលរដ្ឋខ្លួន​ឯងស្លាប់ក្នុងផ្សែងពុល ដោយសារតែមិនព្រមដោះស្រាយឫសគល់នៃបញ្ហាក្នុងស្រុក។

៣៖ ការអំពាវនាវ
កិច្ចសហការផ្អែក​លើវិទ្យាសាស្ត្រ មិនមែនមនោសញ្ចេតនា ក្នុងនាមជា​ប្រទេស​ដែល​រស់​នៅក្រោមមេឃតែមួយ កម្ពុជាសូមអំពាវនាវយ៉ាងទទូចដល់ប្រទេសជិតខាងទាំងអស់៖
– ហ៊ានទទួលស្គាល់ការពិត៖ សូមបញ្ឈប់ការទម្លាក់កំហុសមកលើប្រទេសកម្ពុជាហើយងាកមកពិនិត្យប្រភពបំពុលក្នុងស្រុករបស់ខ្លួន (រោងចក្រ ភ្លើងឆេះព្រៃ និងការបំភាយឧស្ម័ន) ដោយភាពត្រឹមត្រូវ​តាម​បច្ចេកទេស

– ចែករំលែកទិន្នន័យដោយតម្លាភាព៖ មានតែការប្រើប្រាស់ទិន្នន័យផ្កាយរណប និង​ព័ត៌​មានវិទ្យាសាស្ត្ររួមគ្នាប៉ុណ្ណោះ ទើបយើងអាចកំណត់ប្រភពបំពុលបានច្បាស់លាស់ និង​រក​ដំណោះស្រាយរួម

– វិជ្ជាជីវៈសារព័ត៌មាន៖ សូមឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ប្រើប្រាស់ប៊ិច ដើម្បីជម្រះ​ផ្សែងពុល តាមរយៈការចុះផ្សាយព័ត៌មានពិត ដើម្បីដាក់សម្ពាធឱ្យមាន​ការកែទម្រង់​ច្បាប់​បរិស្ថាន មិនមែនប្រើប៊ិចដើម្បីបក់ផ្សែងបិទបាំងភ្នែករាស្ត្រឡើយ។

ជារួមមក ខ្យល់ពុលបក់មិនស្គាល់ព្រំដែននោះ​ទេ ដំណោះស្រាយសកល​ដែលយូរអង្វែង​បំផុត គឺប្រទេសនីមួយៗត្រូវ ហ៊ានសំឡឹងមើលការពិត និងកែលម្អគុណភាពខ្យល់​ក្នុង​ស្រុក​ខ្លួនឯងឱ្យបានល្អបំផុត។ តួយ៉ាងប្រទេសកម្ពុជារក្សានូវគុណភាពខ្យល់ខ្លួនបាន ហើយ​មិនមានការសាយភាពជាតិពុលទៅប្រទេសដទៃទៀតឡើយ។

នៅពេលដែលគ្រប់រដ្ឋទាំងអស់ឈប់សាយភាយជាតិពុលចេញពីដែនដីរបស់ខ្លួន និង​ឈប់ប្រើលេសទម្លាក់កំហុសដាក់គ្នា នោះផ្ទៃមេឃពណ៌ខៀវនឹងត្រលប់មកវិញ។ យើង​រួម​គ្នាទាំងអស់គ្នា នោះគុណភាពខ្យល់នឹងល្អទូទាំងពិភពលោក៕

ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

អត្ថបទទាក់ទង