Grand News Asia Close

ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ

ដោយ៖ ម៉ម សុគន្ធ ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 316
ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។

​តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេច​បវរធិបតី​នាយករដ្ឋមន្ត្រី​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​សុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី
ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុង​ការផលិត​សុីម៉ង់ត៍ក្នុងស្រុកដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមសមរម្យ ដើម្បីជួយជា​ប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ប្រេីប្រាស់។

អត្ថបទទាក់ទង