Grand News Asia Close

ទស្សនៈ៖ ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 433
ទស្សនៈ៖ ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា ទស្សនៈ៖ ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ បានចេញផ្សាយអត្ថបទវិភាគមួយមានចំណងជើងថា «ឱកាសអបអរ និងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជា»។
ក្នុងអត្ថបទវិភាគនេះបានបង្ហាញពីកត្តាជំរុញសំខាន់ៗនៅពីក្រោយការឡើងចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ហើយធ្វើការវិភាគ និងផ្តល់អនុសាសន៍លើចំណុចគន្លឹះដែលកម្ពុជាគួរពិចារណាសម្រាប់ការពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីបន្ទាប់ពីការឡើងចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះ គឺជាអត្ថបទទាំងស្រុងដែលបានលើកឡើងទាក់ទងនឹងឱកាស និងបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវដោះស្រាយនោះ។ កម្ពុជាជិតនឹងឡើងចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ ប្រទេសគួរតែពន្លឿនកំណែទម្រង់ពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហាប្រឈមដែលនឹងនាំមកជាមួយនឹងឋានៈថ្មីរបស់ខ្លួន។ ពីរទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឡើងចេញពីបញ្ចីនេះជាលើកដំបូងនៅឆ្នាំ២០២១ជាមួយនឹងផែនការឡើងចេញពីបញ្ជីនេះក្នុងអំឡុងឆ្នាំ២០២៧។ នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយដោយសារការឡើងចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច មានន័យថាប្រទេសមួយបានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។
ទោះជាយ៉ាងណាក៏ដោយ ការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួចក៏នឹងនាំមកនូវបញ្ហាប្រឈមផងដែរ។ សម្រាប់ករណីប្រទេសកម្ពុជា ការឡើងចេញពីបញ្ជីនេះ នឹងអាចនាំដល់ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មដែលប្រទេសអភិវឌ្ឍន៍តិចបំផុតទទួលបាន រួមទាំងការអនុគ្រោះពន្ធ និង «ច្បាប់កំណត់ប្រភពដើម» (rules of origin) ដែលអំណោយផល ផងដែរ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំង តាមរយៈការអនុគ្រោះពន្ធ និងការអនុគ្រោះតាមរយៈច្បាប់កំណត់ប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់អឺរ៉ុបដោយមិនបង់ពន្ធ។ បើមិនបានគ្រប់គ្រងដោយប្រុងប្រយ័ត្នទេ ការបាត់បង់ការអនុគ្រោះនេះអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ កម្ពុជាត្រូវធានាលទ្ធភាពទទួលបានទីផ្សារជំនួសនៅពេលទទួលបានឋានៈថ្មី និងពង្រឹងសមត្ថភាពប្រកួតឈ្នះរបស់ខ្លួន។ ដើម្បីធ្វើដូច្នេះយើងសូមចែករំលែកអនុសាន៍សកម្មភាពជាក់ស្តែងដូចខាងក្រោម៖ ពង្រីកការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរនាំចេញ និងនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍ទាំងនេះគឺកំពុងរងសម្ពាធខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនបន្តកើតមាននៅក្នុងតំបន់។ កម្ពុជាអាចនឹងពិចារណាលើការពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីរក្សា និងបង្កើនលទ្ធភាពទទួលបានទីផ្សាររបស់ខ្លួន។ ចលនាមួយក្នុងទិសដៅនេះគឺការចូលរបស់កម្ពុជាទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២២ បន្ថែមពីលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។ ដោយឈរលើសន្ទុះនេះ កម្ពុជាគួរតែពិចារណាលើការបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយដៃគូសំខាន់ៗរបស់ខ្លួន និងបន្តកែលម្អការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងដែលមានស្រាប់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនឹងបញ្ចៀសការធ្លាក់ថយដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះទូទៅនៅឆ្នាំ២០៣១ ហើយការពង្រីកការអនុវត្តច្បាប់កំណត់ប្រភពដើម(extended cumulation) នឹងជួយសម្រួលដល់អនុលោមភាពនៃច្បាប់កំណត់ប្រភពដើម។ ការរក្សាលទ្ធភាពទទួលបានទីផ្សារក្នុងប្រទេសជប៉ុនក៏សំខាន់ផងដែរ។ ការពិគ្រោះយោបល់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងច្បាប់កំណត់ប្រភពដើមដែលងាយស្រួលសម្រាប់អាជីវកម្មគួរតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅកម្រិតតំបន់ ការពិភាក្សានៅក្នុងលេខាធិការដ្ឋាន RCEP, គណៈកម្មាធិការរួម RCEP អាស៊ាន និងដៃគូសន្ទនាអាស៊ាន+១ គួរតែផ្តោតស៊ីជម្រៅលើការកាត់បន្ថយពន្ធនាំចូលសម្រាប់ RCEP បញ្ជាក់ពីដំណើរការនៃកម្រិតខុសគ្នានៃពន្ធនាំចូលសម្រាប់ RCEP និងសម្រេចបានការភ្ជាប់គ្នានៃច្បាប់បញ្ជាក់ប្រភពដើម នៃផលិតផលជាក់លាក់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងដែលមានស្រាប់ នឹងតម្រូវឱ្យមានការដោះស្រាយរបាំងមិនមែនពន្ធគយ។ តំបន់គួរតែពិចារណាអនុម័តការអនុវត្តល្អបំផុតដូចជាការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification of origin) ដើម្បីជួយសម្រួលដល់ចលនាឆ្លងកាត់ព្រំដែននៃទំនិញក្នុងចំណោមខ្សែសង្វាក់តម្លៃសកល។ កម្ពុជាក៏គួរតែប្រើប្រាស់យន្តការ «នីតិវិធីសម្រាប់ធ្វើពាណិជ្ជកម្មជាក់លាក់» (specific trade concerns) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីលើកកម្ពស់វិធានការអនាម័យ និងភូតគាមអនាម័យ (phytosanitary) សំខាន់ៗ ដែលកំណត់ដោយដៃគូពាណិជ្ជកម្មរបស់ខ្លួនលើការនាំចេញកសិផល។ អនុវត្តន៍កំណែទម្រង់ក្នុងស្រុក និងការផ្លាស់ប្តូរបទប្បញ្ញត្តិដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីកាន់តែមានវិសាលភាពលើសពីព្រំដែនដូចជា ការសម្របសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) លទ្ធកម្មរបស់រដ្ឋាភិបាល និងកម្មសិទ្ធិបញ្ញាជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ទ្រង់ទ្រាយធំ ក៏ជំរុញឱ្យមានការប្តេជ្ញាចិត្តពាណិជ្ជកម្មដែលមានលក្ខណៈកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមិនមែនប្រពៃណី (non-traditional)ក្នុងទំហំការចូលរួមកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក្តី អនុលោមភាពតាមការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆិតាទាំងនេះអាចជារឿងគួរឱ្យបារម្ភសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។ ដៃគូអន្តរជាតិដូចជា ADB និង UNCTAD គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយសម្រាប់ពាណិជ្ជកម្ម(Aid for Trade) ដើម្បីបង្កើនអនុលោមភាពរបស់កម្ពុជាសម្រាប់ផ្នែកដែលត្រូវការកំណែទម្រង់គោលនយោបាយនិងបទប្បញ្ញត្តិ។
ជាឧទាហរណ៍ នៅក្រោម RCEP ការវិភាគគម្លាត និងជំនួយគោលដៅ គឺត្រូវការជាចាំបាច់ដើម្បីគាំទ្រកម្ពុជាក្នុងការទទួលយកវិធីសាស្រ្តឆ្ពោះទៅរកភាពស្មើភាពសម្រាប់សហគ្រាសវិនិយោគបរទេស (negative list approach) ដើម្បីសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មកាន់តែធំធេង, ភាពស៊ីសង្វាក់គ្នានៃបទប្បញ្ញត្តិ និងតម្លាភាព។ ប្រើប្រាស់ឌីជីថលភាវូបនីយកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារឆ្លងព្រំដែនកាន់តែទូលំទូលាយ៖ សេណារីយ៉ូពាណិជ្ជកម្មកាន់តែមានភាពស្មុគស្មាញ ដោយសារតែការពង្រីកវិសាលភាពពាណិជ្ជកម្មទៅកាន់ផ្នែកថ្មីៗដូចជាពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល។ អស់ជាច្រើនទស្សវត្សមកហើយសេវាឆ្លងព្រំដែនលេចធ្លោជាងគេក្នុងការនាំចូលរបស់កម្ពុជាហើយជាតំបន់ពាណិជ្ជកម្មយុទ្ធសាស្ត្រមួយ។
កម្ពុជាអាចពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានបទប្បញ្ញត្តិបង្កលក្ខណៈដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថលដើម្បីបង្កើនការចូលរួមពាណិជ្ជកម្មឌីជីថលរបស់ខ្លួនបន្ថែមទៀត។ កម្ពុជាក៏អាចអនុម័តគំនិតផ្តួចផ្តើមពហុភាគី ដូចជាកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO’s Information Technology Agreements) ដែលលុបបំបាត់ពន្ធគយលើផលិតផលបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកផ្សេងៗទៀតដើម្បីសម្របសម្រួលការបញ្ជាក់លើផលិតផលអគ្គិសនីនានា។ យ៉ាងណាក៏ដោយកង្វះជំនាញ និងធនធានឌីជីថលដែលរារាំងដល់ការប្រើឧបករណ៍ និងវេទិកាឌីជីថលនៅតែជាឧបសគ្គដ៏ធំដែលដាក់កំហិតសក្តានុពលពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា។ កំណែទម្រង់រចនាសម្ព័ន្ធនិងគោលនយោបាយគឺចាំបាច់ដើម្បីបន្ស៊ីបទប្បញ្ញត្តិក្នុងស្រុកទៅនឹងស្តង់ដារអន្តរជាតិ និងដើម្បីពង្រឹងវិធីសាស្រ្តដែលកាន់តែមានសុវត្ថិភាព និងប្រកបដោយបរិយាបន្នបន្ថែមទៀតសម្រាប់អន្តរកម្មឌីជីថល។
អវត្ដមាននៃច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការការពារទិន្នន័យ នៅតែជាឧបសគ្គផ្លូវច្បាប់ក្នុងការសម្របសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។ លក្ខខណ្ឌតម្រូវក្នុងការចេញអាជ្ញាប័ណ្ណ និងការអនុញ្ញាតសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក បង្កការលំបាកមួយចំនួនដល់ធុរកិច្ចក្នុងស្រុកបើប្រៀបធៀបទៅនឹងប្រតិបត្តិករបរទេស។ ជំនួយសម្រាប់ពាណិជ្ជកម្មអាចជួយកម្ពុជាក្នុងការដោះស្រាយភាពស្មុគស្មាញនៃឌីជីថលភាវូបនីយកម្ម កំណត់និងអនុវត្តន៍វិធានការនានាដើម្បីកែលម្អបរិយាកាសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យមានការចូលរបស់កម្ពុជាជាសមាជិកកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមឌីជីថល។ ជាមួយនឹងការឡើងចេញរបស់កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដែលនឹងមកជាអ្វីដែលប្រទេសកម្ពុជាត្រូវអបអរ។ វាជាសមិទ្ធផលដ៏ធំធេង។ ប៉ុន្តែវានាំមកនូវបញ្ហាប្រឈមក្នុងកម្រិតថ្មីទៀតជាពិសេសភាពស្មុគស្មាញនៃពាណិជ្ជកម្មអន្តរជាតិដែលកម្ពុជាត្រូវដោះស្រាយ៕


ដោយ Gerald Pascua ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច Pramila Crivelli ជាសេដ្ឋវិទូនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ របស់ ADB និង Stefano Inama ជាប្រធានជំនួយបច្ចេកទេសរបស់ UNCTAD

 

អត្ថបទទាក់ទង