Grand News Asia Close

ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1088
ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានន័យថា កម្ពុជាបោះបង់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនដូចដែលក្រុមប្រឆាំងចោទប្រកាន់ដែរឬទេ?

ចម្លើយ៖ មិនមែនទេ។ ការដោះស្រាយបញ្ហាដោយសន្តិវិធី គឺជាវិធីសាស្ត្រដែលកម្ពុជាជ្រើសរើស ដើម្បីការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈច្បាប់អន្តរជាតិ កិច្ចសន្ទនា និងយន្តការដែលមានស្រាប់។ ការជ្រើសរើសមធ្យោបាយសន្តិវិធី មិនមែនមានន័យថា កម្ពុជាមិនការពារទឹកដី ឬបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ វាជាមធ្យោបាយដែលអាចឱ្យកម្ពុជាការពារផលប្រយោជន៍ជាតិ និងសិទ្ធិស្របច្បាប់របស់ខ្លួន ខណៈដែលរាជរដ្ឋាភិបាលព្យាយាមបញ្ចៀសភាពតានតឹង និងការប្រឈមមុខដាក់គ្នាដោយអាវុធដែលអាចនាំឱ្យមានជម្លោះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ កម្ពុជាផ្តល់អាទិភាពដល់សន្តិភាព ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។ លើពិភពលោកនេះ ប្រទេសណាក៏គាំទ្រដំណោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិដែរ ហើយមានតែក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចទេដែលចង់ជំរុញឱ្យផ្ទុះសង្គ្រាម។

សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាផ្តល់អាទិភាពដល់សន្តិភាព ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

ចម្លើយ៖ សន្តិភាពគឺជាមូលដ្ឋានសម្រាប់ស្ថិរភាព ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ កម្ពុជាធ្លាប់ឆ្លងកាត់សោកនាដកម្ម និងផលប៉ះពាល់ធ្ងន់ធ្ងរពីសង្គ្រាម ដូច្នេះកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងផលវិបាកដែលអាចកើតឡើង ប្រសិនបើជម្លោះក្លាយទៅជាការប្រឈមមុខដោយកម្លាំង។
ការរក្សាសន្តិភាពក៏ជួយបង្កើតបរិយាកាសអំណោយផលឱ្យភាគីទាំងពីរអាចពិភាក្សា ស្វែងរកចំណុចរួម និងដោះស្រាយបញ្ហាតាមយន្តការដែលបានឯកភាព។ ដោយហេតុនេះ កម្ពុជាមិនចង់ឱ្យបញ្ហាព្រំដែនក្លាយជាមូលហេតុនៃការប្រឈមមុខ ឬជម្លោះឡើងវិញទេ ប៉ុន្តែចង់ឱ្យបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពរយៈពេលវែង។ សរុបទៅ ការដោះស្រាយជម្លោះដោយសន្តិវិធីគឺអាចបញ្ចៀសការស្លាប់បាត់បង់ជីវិតមនុស្ស និងអាចផ្ដល់នូវដំណោះស្រាយពិតប្រាកដ និងយូរអង្វែង។

សំណួរទី៣៖ ក្នុងបរិបទដែលស្ថានការណ៍តំបន់ និងពិភពលោកកាន់តែស្មុគស្មាញ តើកម្ពុជាបន្តអនុវត្តគោលការណ៍អ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែន?

ចម្លើយ៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងពហុភាគីនិយម ព្រមទាំងប្រើប្រាស់កិច្ចសន្ទនា និងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា។ ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជានឹងបន្តគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រើប្រាស់យន្តការដែលពាក់ព័ន្ធ ដើម្បីឱ្យការដោះស្រាយមានមូលដ្ឋានច្បាស់លាស់ និងស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីរក្សាបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហា និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ វិធីសាស្ត្រទាំងនេះអាចជួយឱ្យកម្ពុជាបន្តការពារផលប្រយោជន៍ជាតិ និងសិទ្ធិស្របច្បាប់របស់ខ្លួន ខណៈដែលរាជរដ្ឋាភិបាលកំពុងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាព៕

អត្ថបទទាក់ទង