Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 352


CMF: 12 September, 2024

[សេចក្ដីអធិប្បាយ១]

អម្បាញ់មិញ ជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត(ជប៉ុន ខ្ញុំបាននិយាយ)ថា (១) តាំងពីខ្ញុំទទួលតួនាទីជានាយករដ្ឋមន្រ្តី យើង(បាន)ជួបគ្នា ៧ដងហើយ។ ជាមួយជប៉ុន យើងបានសម្ពោធសមិទ្ធផលច្រើន ហើយនៅទីនេះ ៣ដង ក្រៅពីនោះមានសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ស្ថានីយពិពិធកម្មទឹកស្អាត និងមន្ទីរវះកាត់នៅខេត្តសៀមរាប។ នេះបង្ហាញពីសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាលជប៉ុននិង(រាជរដ្ឋាភិបាល)កម្ពុជាបានធ្វើរួមគ្នា ជាពិសេសក៏សូមអរគុណទៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការកសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់យើង។ នៅទីនេះ ក៏ជាលើកទី៣ ដែលខ្ញុំបានជួបជាមួយនឹងបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជួប ៣ដង និង៣រដូវ។ ជួបលើកទី១ រដូវរងា, ជួបលើកទី២ ខែចេត្រ។ ខ្ញុំចាំ(ពេលហ្នឹង)ក្ដៅខ្លាំង។ ដល់ជួបលើកទី៣ ខែវស្សា គឺមានភ្លៀង។ ព្រឹកមិញ មកតាមផ្លូវ ក្រុមជំនួយការប្រាប់មកថា “បងអើយ! ភ្លៀងអត់រាំងទេ។ ឧតុនិយមប្រាប់ថា មិនថយទេ។

(ពួកគាត់)ថតរូប(បង្ហាញថា)ខ្យល់កំពុងតែប៉ើង(របស់របរ)។ ថាឥឡូវធ្វើម៉េច? ឱ្យយោបល់ថា មក(ដល់) គ្រាន់តែខ្ញុំរត់ឡើងវេទិកា បើកប្រកាសហើយចុះទៅវិញ។ ខ្ញុំអត់ឆ្លើយអ្វីទាំងអស់។ ខ្ញុំមិនជឿថាទេវតាឯណាដាច់មេត្តាដល់ថ្នាក់ហ្នឹងទេ។ ទម្លាប់របស់ខ្ញុំជាង ១០ ឆ្នាំមកហើយ រឿងពិធីបែបនេះ ស្រដៀងគ្នាច្រើនណាស់។ កន្លែងខ្លះមកឆាវ ដល់កម្មវិធី(បើកក៏)រាំង។ ចាំមើលថ្ងៃនេះមើល នៅឆុតទៀតអត់។ ដល់កម្មវិធីទៅ ឥឡូវស្ងប់ទាំងខ្យល់ ភ្លៀងក៏នៅ តែត្រជាក់ត្រជុំល្មម អត់ជោគជាំ​។ ជាង ១០ឆ្នាំមកនេះ គេថាច្រើនតែកុងជាមួយនឹងភ្លៀង។ ថ្ងៃនេះ ទេវតាក៏អបអរសាទរការរៀបចំពិធី ការសម្ពោធបើកឱ្យប្រើប្រាស់ (ចំណតផែកុងតឺន័រ)បំពេញបន្ថែមនៅទីនេះ ដែលជាសមិទ្ធផលសម្រាប់វិស័យភស្តុភារកម្មដឹកជញ្ជូន។

[សេចក្ដីអធិប្បាយ២]

ពិតណាស់ យើងបាននិងកំពុងតែកសាងសមត្ថភាពបន្ថែមកំពង់ផែទឹកជ្រៅនៅកំពត និងនៅកោះកុង។ យើងកំពុងបន្ត។ ប៉ុន្តែផែនៅទីនេះ ជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងជាផែដែលមានសក្ដានុពលធំ។

[សេចក្ដីអធិប្បាយ៣]

ដូចឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់នៅក្នុងរបាយការណ៍អម្បាញ់មិញនេះ ចំណតផែកុងតឺន័របន្ថែម ២៥៣ម៉ែត្រ បានសាងសង់ និងស្ដារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ។ កាលពីចុងឆ្នាំទៅ ខ្ញុំបានជួបជាមួយឯកឧត្តម ​លូ គឹមឈន់ ដែលគាត់ទៅរាយការណ៍ឱ្យថាឥឡូវ capacity របស់យើងមានតែ ៥៥ម៉ឺន TEU ទេ ក្នុងមួយឆ្នាំ ប៉ុន្តែជាក់ស្ដែង យើងធ្វើដល់ ៧៥ម៉ឺនទៅហើយ។ អត់កន្លែងដាក់។ (២) យើងធ្វើមួយជំហានទៀត ប៉ុន្តែបច្ចុប្បន្នត្រូវច្នៃអ្វីដែលមាន។ អញ្ចឹងក៏ច្នៃកន្លែងនេះ រៀបចំទៅជាផែបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យើង។ ការជីកបន្ថែមនោះ បានអនុញ្ញាតឱ្យកប៉ាល់(ដែលបច្ចុប្បន្ន)អាចចូលដល់តែ ១៨% ហើយ ៨២%ត្រូវសាងនៅខាងក្រៅ ដូចជានៅសឹង្ហបុរី ដើម្បីដូរកប៉ាល់មក។ អញ្ចឹងការដឹកជញ្ជូន វាត្រូវថ្លៃជាង។ ដោយយើងពង្រីកចំណតផែកុងតឺន័របន្ថែមនេះបាន និងជីកជម្រៅថែមដល់ ១១,៥ម៉ែត្រ អាចឱ្យប្រភេទកប៉ាល់ដឹកទំនិញក្នុងអាស៊ីប៉ាស៊ីហ្វីកចេញចូលបាន ៤៩,២៥% ហើយនាវាកម្រិតចរាចរណ៍នៅលើពិភពលោកបានពី ១៨%។

ប្រការនេះបានកាត់បន្ថយថ្លៃដឹកជញ្ជូន។ អ្នករកស៊ីដឹកជញ្ជូន គាត់គិតជាកប៉ាល់នីមួយៗ ដឹករាប់ពាន់កុងតឺន័រ។ អញ្ចឹង មួយកុងតឺន័រ ថយតែ ១០០ដុល្លារ គឺមួយកប៉ាល់ដឹកបានចំណេញរាប់ម៉ឺនរាប់សែនដុល្លារ។ ការជ្រើសរើសមកចូលផែកម្ពុជា ឬមួយផែប្រទេសជិតខាង វាអាស្រ័យទៅលើតម្លៃនៃការដឹកជញ្ជូនឆ្លងកាត់ផងដែរ។ (៣) អញ្ចឹងការជំ​រុញពង្រីក(ចំណតផែកុងតឺន័របន្ថែម)នៅថ្ងៃនេះ ក៏ដូចជាការកសាង ៣ជំហានទៀត​ នឹងជួយឱ្យផែកម្ពុជាអាចប្រ​កួតប្រជែងជាមួយនឹងផែលើពិភពលោក ហើយជាផែដែលធ្វើភស្តុភារកម្មដឹកជញ្ជូន ជាកន្លែងប្រកួតប្រជែង។ ដឹក​ជញ្ជូនអី្វ? គឺដឹកជញ្ជូនទំនិញ។ ទំនិញអ្នកណាផលិត? មានទាំងកសិករ ឧស្សាហករ មានទាំងអ្វីទាំងអស់។ អញ្ចឹងខាងភស្តុភារកម្មដើរ ដឹកជញ្ជូនដើរ គឺជួយទៅដល់សេដ្ឋកិច្ចនៅគ្រប់កន្លែង។ ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកឡូជីស្ទីករឹងមាំ គឺជួយឱ្យប្រទេសជាតិមានលំនឹង និងមានសក្ដានុពលកាន់តែខ្លាំងក្នុងអនាគត។ អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ យើងអាចទាញឧទាហរណ៍ដូចក្នុងរោងនេះអញ្ចឹង។

សេដ្ឋកិច្ចវាដូចរដូវ។ ខែវស្សាភ្លៀងអញ្ចឹងទៅ ខែប្រាំងក្ដៅបន្ដិចទៅ ខែកត្ដិករងាអញ្ចឹងទៅ។ ប៉ុន្តែខែប្រាំង ខែភ្លៀង យើងមានដំបូលជ្រក បើសិនជាខ្យល់ខ្លាំង ហេដ្ឋារចនាសម្ព័ន្ធយើងរឹងមាំ យើងមានដំបូល មានកន្លែងនេះអង្គុយ យើងអត់ខ្លាចទទឹកទេ។ បើសិនជា (៤) យើងអត់មានហេដ្ឋារចនាសម្ព័ន្ធ អត់មានកន្លែងជ្រករឹងមាំទេ ខ្យល់តែបន្តិចព្រឹកមិញ គឺប៉ើងខ្ទិចខ្ទីអស់ហើយ។ ការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ គឺដូច្នេះ។ សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិឡើងចុះ ប៉ុន្តែការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រកួតប្រជែង ជួយឱ្យយើងប្រកួតប្រជែងកាន់តែខ្លាំង ទាញសក្ដានុពលឱ្យល្អ សេដ្ឋកិច្ចកើន ហើយពេលសេដ្ឋកិច្ចមានបញ្ហា យើងអាចទប់សភាពការណ៍ និងបន្តដំណើរទៅមុខ។ ភ្លៀងយ៉ាងណាក៏ដោយ កម្មវិធីនេះអត់លើកទេ ដោយសារយើងមានដំបូល យើងមានមូលដ្ឋានរឹងមាំ។ នេះគឺជាការកសាងនៃមូលដ្ឋានសេដ្ឋកិច្ច។ អាចមានការគិតថា សេដ្ឋកិច្ចមានតែមួយជ្រុង។ មិនដូចនោះទេ។ មានគ្រប់ជ្រុងទាំងអស់។ បើយើងដាំដំណាំកសិកម្ម យើងគិតថាផ្ដោតតែកសិកម្ម ដាំឱ្យតែថោកទៅ។ ប៉ុន្តែបើថ្លៃដឹកជញ្ជូនថ្លៃ ក៏យើងប្រកួតមិនបានដែរ។ នាំចេញក៏ពិបាក។

ការរៀបចំមូលដ្ឋានសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ គ្រប់វិស័យទាំងអស់ជាកិច្ចការសំខាន់។ អ្វីដែលដើរតួនាទីសំខាន់មួយគឺផែនៅទីនេះ។ ប្រព័ន្ធផែទឹកជ្រៅ បូកជាមួយនឹងប្រព័ន្ធគមនាគមន៍តភ្ជាប់។ អម្បាញ់មិញ ជួបឯកឧត្តម ឯកអគ្គរាជទូត (៥) បានលើកឡើងពីការចូលរួមរបស់ជប៉ុន និងបន្តិចទៀតគិតគូរអំពីការបង្កើតទំនើបកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងនៃផ្លូវដែក។ សូមអរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលយកចិត្តទុកដាក់ មានការចាប់អារម្មណ៍ជួយទៅដល់ការពង្រឹងនេះ ផ្អែកទៅលើប្រព័ន្ធភស្តុភារកម្មរបស់យើង។ ខ្ញុំមកទីនេះ ៣ដងហើយ។ មិនធុញទេ បើមានសមិទ្ធផលបន្ថែមទៀត។ ឯកឧត្តម លូ គឹមឈន់ នៅ ខ្ញុំក៏ចេះតែមក ព្រោះមិនមែនមកសម្ពោធផ្ទះខ្ញុំទេ តែគឺសមិទ្ធផលរបស់ជាតិ របស់រួម មិនមែនសម្ពោធតែសមិទ្ធផលរបស់បងប្អូនដែលធ្វើការនៅទីនេះទេ ប៉ុន្តែជាសេវាកម្មសម្រាប់ជួយទៅដល់សេដ្ឋកិច្ចជាតិ។ ទោះភ្លៀងក្ដី ខ្យល់ក្ដី ដូចឯកឧត្តម លោកជំទាវ ក៏មកទីនេះដូចគ្នា ភ្លៀងក្ដី ខ្យល់ក្ដី មិនថាតិចមិនថាច្រើន យើងនៅតែមក រួមគ្នាអបអរសាទរ ដើម្បីធ្វើយ៉ាងណាអបអរសាទរនូវសក្ដានុពលរបស់ជាតិយើង ដែលកាន់តែរឹងមាំតទៅទៀត។

ចំពោះផែនការអភិវឌ្ឍន៍កំពង់ផែ ភាគីជប៉ុនក៏បានជួយនៅក្នុងការរៀបចំកន្លែងនេះ គឺមិនត្រឹមតែអោយក្លាយជាកំ​ពង់ផែប៉ុណ្ណោះទេ (តែនៅបាន)រៀបចំជាប្រព័ន្ធភស្ដុភារកម្មតំបន់​។ ខ្ញុំបានជួបជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងបានសុំឱ្យរៀបចំផែនការមេ ដើម្បី(កំពង់ផែនេះ)ក្លាយទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ បម្រើសេវាមិនត្រឹមតែនៅក្នុង(ប្រទេស) ប៉ុន្តែអាចបម្រើសេវាដល់តំបន់ថែមទៀត។ យើងបាននិងកំពុងតែបន្តធ្វើកិច្ចការនេះតទៅទៀត។ សូមអរគុណណាស់ដល់ភាគីជប៉ុន ដែលបន្តយកចិត្តទុកដាក់ជួយ(ក្នុងកិច្ចការនេះ)។ ខ្ញុំគិតថា (៦) (នេះជា)សមិទ្ធផល(ធំមួយ)នៃទំនាក់ទំនងការទូត ៧១ឆ្នាំ ហើយក្នុងមួយឆ្នាំនេះ (យើង)ក៏បានជួបគ្នាច្រើនដង និងសម្ពោធសមិទ្ធផលច្រើន។ សង្ឃឹមថានឹងមានបន្តតទៅទៀត។ ជប៉ុនជាដៃគូមួយសំខាន់ ដែលបានជួយដល់កម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្ដិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាលទាំងមូល ក៏ដូចជាការកសាងប្រទេសក្រោយសង្រ្គាម ក្រោយឆ្នាំ ១៩៩៣ ក៏ដូចមកដល់បច្ចុប្បន្ន … ក្នុងនាមរាជរដ្ឋាភិបាល ក៏ខ្ញុំសូមធ្វើការថ្លែងអំណរគុណសាជាថ្មី ជូនទៅដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការជូនដល់ប្រជាពលរដ្ឋកម្ពុជា។

[សេចក្ដីអធិប្បាយ៤]

នៅថ្ងៃនេះ សម្រាប់បុគ្គលិក កម្មករកម្មការិនីកំពង់ផែស្វយ័ត ១៥៥០នាក់ (មានថវិកា)ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនយុវជនកាយារិទ្ធ កាកបាទក្រហម ស្រលាញ់សន្តិភាព សហភាពសហព័ន្ធ អ.វ.ត ក្រុម៨ ចលនាយុវជន ១៥៧ សមាគមនារីដើម្បីសន្តិភាពអភិវឌ្ឍន៍ ៤០០នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល។ សាលាក្រុងព្រះសីហនុថវិកា ២លានរៀល។ គ្រូពេទ្យប្រចាំការកម្មវិធី ៣លានរៀល។ ជូនក្រុមតន្រ្តីសម័យ ៥លានរៀល។ សូមអរគុណ៕

អត្ថបទទាក់ទង