Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត,អបអរសាទរ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ការអនុវត្តប្រកដដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 955

CMF:

អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ!

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃនាយករងទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតី អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃសុខសន្តិភាព។ ពិធីនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្ត ដែលរំលឹកនូវការបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា និង ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ។

ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ក្រោមបរិយាកាសសប្បាយរីករាយ និងមោទនភាពជាតិខ្ពស់បំផុត ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ ក្នុងពិធីដ៏មហោឡារិកនេះ នៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលបានកើតចេញមកពី នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដើមី្បទុកជាកេរដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយ។

ខ្ញុំសូមយកឱកាសនេះផងដែរ ដើម្បីគោរពវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកសេ្នហាជាតិគ្រប់រូប គ្រប់ជំនាន់ រួមទាំងយុទ្ធមិត្ត អតីតយុទ្ធជន ប្រតិបត្តិករ ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង រហូតដល់មានការបូជាអាយុជីវិត ដើម្បីបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជន ព្រមទាំងដើម្បីសុខសន្តិភាព សម្រាប់មាតុភូមិជាទីស្នេហារបស់យើង។

ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងជានិមិត្តរូបនៃការធ្វើពលិកម្ម សម្រាប់មនុស្សខ្មែរជំនាន់ក្រោយៗ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសដ៏ថ្លៃថ្លានេះ សម្ដែងនូវការកោតសរសើរ និងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ជូនចំពោះកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតសម្រេចបានជោគជ័យដ៏ធំធេង ដែលការណ៍នេះបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងអំណរព្រះគុណ និងអរគុណដ៏ជ្រាលជ្រៅ ជាមួយនឹងការគោរពស្រឡាញ់កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនជនរួមជាតិ ទាំងអស់ ដែលបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការកសាង វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីជាតិខ្ពស់បំផុត តាមរយៈការចូលរួម និងបរិច្ចាគ ទាំងកម្លាំងកាយចិត្ត សម្ភារៈ ថវិកា យ៉ាងសស្រាក់សស្រាំ ក្រោមបាវចនា «កតញ្ញូ សុខដុម ការចូលរួម» នៃវិមានឈ្នះ-ឈ្នះរបស់យើងទាំងអស់គ្នា។

ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ យើងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់រយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ជាពិសេសសមិទ្ធផលវិមានឈ្នះ-ឈ្នះ ដែលបង្ហាញនូវការរៀបរាប់រាល់ព្រឹត្តិការណ៍ និងការវិវឌ្ឍនៃដំណើរជាតិខ្មែរ និងប្រវត្តិសាស្រ្តខ្មែរ សម្រាប់ប្រជាជន និងយុវជនខ្មែរគ្រប់ជំនាន់។ ការកសាងសំណង់ប្រវត្តិសាស្រ្តនេះ បង្ហាញយ៉ាងច្បាស់នូវអត្ថន័យខ្លឹមសារ និងទ្រង់ទ្រាយនៃវិមានតំណាងឱ្យអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការជីកកកាយ និងលាតត្រដាងតថភាពនៃដំណើររឿងប្រវត្តិសាស្រ្តទាំងអស់ ហើយនឹងក្លាយជាអត្តសញ្ញាណតាមរយៈការបង្ហាញនូវដួងព្រលឹងជាតិ និងជានិមិត្តរូបក្នុងការរួបរួមសាមគ្គី និងការអភិវឌ្ឍ ព្រមទាំងជាមេរៀនជាក់ស្តែង សម្រាប់ប្រវត្តិសាស្ត្រជាតិខ្មែរ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ត្រង់ចំណុចនេះ … កន្លងទៅ មានសំណួរថា តើវិមានឈ្នះ-ឈ្នះនេះសាងសង់ដើម្បីអ្វី? តែមុននឹងឈានទៅដល់ចំណុចនេះ ខ្ញុំសូមចូលរួមជាមួយឯកឧត្ដម ទៀ សីហាធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ពិសេស សម្ដេចពិជ័យសេនា ទៀ បាញ់ នៅក្នុងការកសាងក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ។ ខ្ញុំផ្ទាល់បានចូលរួមនៅក្នុងការគិតគូរតូចតាចមួយក្នុងជំហានដំបូងនៃការរៀបចំកសាង។ កន្លែងនេះជាទីតាំងអំ​ណោយផលមួយ។ ប៉ុន្តែ ទម្រាំសំរេចបានសមិទ្ធផលដែលយើងបានឃើញនៅថ្ងៃនេះ មិនមែនបានមកដោយ​ធម្មតានោះទេ។ (១) ទាំងទីតាំងទាំងដី ទាំងការចរចា ទាំងការកៀរគរថវិកា និងការរៀបចំប្លង់មេដោយមានអត្ថន័យនិងការកសាង ត្រូវគិតគូរយ៉ាងហ្មត់ចត់និងពុះពារខ្លាំង។ បើគ្មានការប្ដេជ្ញាចិត្តខ្ពស់ នៅទីនេះសង់មិនបានទេ។ ខ្ញុំជាសាក្សីផ្ទាល់ចំពោះការប្ដេជ្ញាចិត្តរបស់សម្ដេចពិជ័យសេនា នៅក្នុងការដាក់ទិសដៅធ្វើយ៉ាងណាកសាងវិមានប្រវត្តិសាស្រ្តនេះឲ្យបានតាំងពីដើមទី។ ខ្ញុំសូមអរគុណណាស់ចំពោះសម្ដេចពិជ័យសេនា ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងពុះពារក្នុងការរៀបចំនូវវិមានប្រវត្តិសាស្រ្តនេះ

ខ្ញុំក៏សូមអរគុណនិងកោតសរសើរការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់នៃគណៈកម្មការសាងសង់ (រួមមាន)ឯកឧត្ដមនាយឧត្ដមសេនីយ៍ នឹម សុវត្ថិ និងថ្នាក់ដឹកនាំទាំងអស់ដែល (២) ខិតខំជំរុញនិងយកចិត្តទុកដាក់ចំពោះទិដ្ឋភាពប្រវត្តិសាស្រ្ត ដើម្បីភ្ជាប់នឹងកន្លែងនេះឲ្យពេញដោយអត្ថន័យជាវិមានប្រវត្តិ​សាស្រ្តនៃកម្ពុជា ក្នុងដំណាក់កាលដែលយើងមានសុខដុមរមនា រហូតដល់ដំណាក់កាលនៃការផ្ទុះសង្រ្គាម និងកាកសំណល់សង្រ្គាម។ នៅម្ខាង យើងមានប្រាសាទមួយចំនួនដែលតំណាងនូវភាពសុខដុមរមនានៅពេលដែលប្រទេសយើងកំពុងរីកចម្រើននិងមានការឯកភាពជាតិ។ ម្ខាងទៀត យើងមានសួនតេជោសន្តិភាព ដែលតាំងនូវយុទ្ធោបករណ៍ពេលសង្រ្គាម មិនមែនសម្រាប់ដាក់លក់ដូចនៅប្រទេសខ្លះនោះទេ … តែជាយុទ្ធោ​បករណ៍ដែលធ្លាប់ប្រើប្រាស់នៅក្នុងសង្រ្គាម នៅក្នុងការប្រយុទ្ធគ្នា នៅពេលដែលយើងបែកបាក់គ្នា ដែលបានប្រើប្រាស់យុទ្ធោបករណ៍ទាំងនេះដើម្បីកម្ទេចគ្នាទៅវិញទៅមក។ បន្ទាប់មក នៅជិតនោះយើងមានសួនដែលខាង CMAC និងមជ្ឈមណ្ឌលសន្តិភាព បានរៀបចំតម្កល់ទុកគំរូគ្រាប់បែក ដែលមិនមែនយកចេញពីរោងចក្រមកទេ។ គឺជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្ហាញពីការកាប់សម្លាប់គ្នាយ៉ាងអាណោចអាធម។ នៅភាគកណ្ដាល យើងឃើញថា (២) វិមានឈ្នះ-ឈ្នះនេះបានរៀបរាប់ពីតថភាពជាក់ស្ដែងនៃការខំប្រឹងប្រែង និងដឹកនាំ ការចូលរួមរបស់ស្ថាបនិក និងមគ្គុទេសក៍ឯកសម្ដេចតេជោ ក៏ដូចជាប្រតិបត្តិករសំខាន់ៗ ទាំងប្រតិបត្តិករស្នូល ទាំងប្រតិបត្តិករទូទៅ មិនត្រឹមតែបញ្ចប់សង្គ្រាមនៅថ្ងៃ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ នោះទេ ប៉ុន្តែគឺមានទុកកន្លែងសម្រាប់ភ្ជាប់ជាមួយនឹងការវិវឌ្ឍបច្ចុប្បន្ន

អ្វីដែលយើងឃើញនៅទីនេះ ភ្ជាប់ពីភាពសុខ​ដុមរមនាពីអតីតកាល រហូតមកដល់ភាពសុខដុមរមនានិងអភិវឌ្ឍបច្ចុប្បន្នកាល ប៉ុន្តែត្រូវឆ្លងកាត់នៃដំណាក់កាលវេទនា។ ហេតុអី(៣) (ការរៀបចំនេះគឺ)ដើម្បីឱ្យអ្នកដែលមើល ឃើញជាតឹកតាងយ៉ាងហោចណាស់ ដែលសូម្បីមើលតែមួយភ្លែត/មួយជុំ ក៏ដឹងបានថា កម្ពុជាបានឆ្លងកាត់អីខ្លះទម្រាំបានប៉ុណ្ណេះ, ឱ្យស្គាល់តម្លៃនៃសន្តិភាពកាន់តែមាំ។ ដើម្បីស្គាល់ពីតម្លៃនៃសន្តិភាព ទាល់តែមើលឃើញថានៅពេលដែលបាត់សន្តិភាពវេទនាយ៉ាងណា។ គ្រាន់តែទិន្នន័យនៃគ្រាប់បែកសម្លាប់មនុស្ស និងយុទ្ធោបករណ៍ដែលធ្លាប់សម្លាប់គ្នានេះ ក៏អាចបញ្ជាក់ឱ្យយើងកូនខ្មែរជំនាន់ក្រោយបានចងចាំថា សង្គ្រាមមិនមែនជាអ្វីដែលយើងចង់បានទេ។ ត្រូវរួមគ្នាការពារសន្តិភាព។ អត្ថន័យនៃវិមាននេះជាការគិតគូរល្អិតល្អន់។ ទីនេះក៏ក្លាយទៅជាឃ្លាំងនៃចំណេះដឹង ឃ្លាំងឯកសារនិងការរៀបរាប់អំពីប្រវត្តិដោយសង្ខេប។

ថ្នាក់ដឹកនាំជាច្រើន ទាំងកងទ័ពនិងស៊ីវិល ដែលមកកន្លែងនេះ មើលមួយត្រួសក៏បានឃើញពីអត្ថន័យនិងការអភិវឌ្ឍរបស់កម្ពុជា ទាំងភាពជូរចត់និងភាពជោគជ័យ … (៤)សំណួរសួរថាតើវិមានឈ្នះឈ្នះនេះសង់ដើម្បីលើកតម្កើងសម្ដេចតេជោ? ថ្នាក់ដឹកនាំប្រតិបត្តិករស្នូលមួយចំនួន? ឬមួយក៏សង់ដើម្បីអ្វី? ពិតណាស់សម្ដេចតេជោ ជាស្ថាបនិកមគ្គទេសក៏ឯកក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ នយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត។ ប៉ុន្តែ មគ្គុទេសក៏នយោបាយឈ្នះឈ្នះម្នាក់ឯងមិនអាចធ្វើបាន(ជោគជ័យ)ទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ ប្រតិបត្តិករស្នូលជាច្រើន ជាថ្នាក់ដឹកនាំដែលមានវត្តមាននៅលើវេទិកានេះ បានចូលរួមជាតួអង្គសំខាន់និងដោយស្មោះត្រង់។ បើសិនជាគ្មានការចូលរួមដោយស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាមនិងធានាបាននិរន្តរភាពនៃសន្តិភាពបានទេ។ យើងអាចមានបទឈប់បាញ់ ប៉ុន្តែយើងមិនអាចមាននិរន្តរភាពនៃសន្តិភាពដូចសព្វថ្ងៃទេ។ ការចូលរួមរបស់ប្រតិបត្តិករទូទៅ គឺជាការចាំបាច់។

(ដើម្បីបង្កើត)សង្គ្រាម (គេ)មិនចាំបាច់ប្រើមនុស្សច្រើនរាប់ពាន់រាប់ម៉ឺននាក់នោះទេ។(…) ត្រឹមតែមួយវរសេនាតូចទៅឈរជើងនៅកន្លែងណាមួយធ្វើសកម្មភាព ជាតំបន់ផ្ដាច់ខ្លួន ក៏ការឯកភាពទឹកដីមិនអាចចប់បានដែរ។ ទោះបីជាមេដឹកនាំនយោបាយខ្មែរក្រហមចូលក៏ដោយ បើសិនជាថ្នាក់មេកងពលមិនចូលរួមជាមួយក៏យើងមិនអាចសម្រេចបានជោគជ័យដែរ។ ហើយបើមេកងពលចូលរួម តែកម្លាំងខាងក្រោមមិនចូលរួមដោយប្រាកដប្រជា ក៏នៅមានការមិនទុកចិត្តគ្នា និងអាចឈានទៅដល់ការប្រេះស្រាំបែកបាក់ពេលណាមួយ(ជាមិនខាន)។ (៥) នយោបាយឈ្នះឈ្នះកើតចេញពីការដឹកនាំ ដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ ប្រាកដប្រ​ជារបស់សម្ដេចតេជោ ដែលជាស្ថាបនិកមគ្គទេសក៏ឯក ដោយមានការចូលរួមដ៏ស្មោះត្រង់របស់ប្រតិបត្តិករស្នូល និងប្រតិបត្តិករទាំងអស់ និងប្រជាពលរដ្ឋ។ បើយើងនិយាយពីផល គឺផលបានទាំងអស់គ្នា រួមទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្ត អ្នកដែលមិនជឿនិងនៅសង្ស័យលើនយោបាយឈ្នះឈ្នះ ប៉ុន្តែអ្នកទាំងនោះកំពុងតែបានផលពីសន្តិភាព និងការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ

សួរថាវិមានឈ្នះឈ្នះសង់ដើម្បីអី? វិមានឈ្នះឈ្នះជានិមិត្តរូបនៃខ្មែរទាំងអស់គ្នា និងនៃសន្តិភាព។ សួរថាខ្មែរណាដែលមិនចង់បានសន្តិភាព? ទាំងអស់គ្នាប្រាកដជាចង់បានការបញ្ចប់សង្គ្រាម មិនចង់ឱ្យ(ជីវិតនិងប្រទេសជួបនូវការ)វេទនាឡើយ។ (៦) វិមានឈ្នះឈ្នះនេះ សង់ដើម្បីខ្មែរទាំងអស់គ្នា ជាការអបអរសាទរចំពោះសមិទ្ធផលដែលគ្រប់ភាគីខ្មែរទាំងអស់រួមគ្នាសម្រេចបាន ក៏ដូចជារំលឹកនូវប្រវត្តិសាស្ត្រ ដើម្បីឱ្យកូនខ្មែរជំ​នាន់ក្រោយចងចាំពីតម្លៃនៃសន្តិភាព និងពីតថភាពជាក់ស្ដែងនៃប្រវត្តិសាស្ត្ររបស់យើង។ បើមិនចាំប្រ​វត្តិសាស្ត្រទេ យើងដើរទៅមុខមិនបានទេ។ យើងនឹងវង្វេង។ យើងត្រូវមានអត្តសញ្ញាណប្រវត្តិសាស្ត្រមួយច្បាស់លាស់។ ការស្រាវជ្រាវ ការចងក្រងឯកសារផ្សេងៗដើម្បីផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ ក៏ដូចជាការរៀបចំប្រវត្តិសាស្ត្រយោធាផ្សេងៗគឺជាតឹកតាងសំខាន់ណាស់ (…) សមនឹងកសាងដោយអ្នកដែលដឹងផ្ទាល់ អ្នកដែលប្រឡូកផ្ទាល់ អ្នកចូលរួមផ្ទាល់ សម្រាប់បន្សល់ទុកនូវអ្វីដល់កូនខ្មែរជំនាន់ក្រោយ។ បើសួរថាវិមានឈ្នះឈ្នះសង់ដើម្បីអី? គឺដើម្បីយើងទាំងអស់គ្នា និមិត្តរូបនៃសន្តិភាពនៅលើដឹកដីដ៏បវររបស់យើង ឱ្យសន្តិភាពនេះបន្តនៅរៀងរហូត ធានាការអភិវឌ្ឍនៃប្រទេសជាតិរបស់យើង (ដើម្បី)ឱ្យមាននៅលើជញ្ជាំងនេះនិងមានសមិទ្ធផលវិជ្ជមានបន្តទៀត។

ដែលខ្ញុំនិយាយថាយើងមិនចប់ត្រឹមថ្ងៃ ២៩ ធ្នូ ឆ្នាំ១៩៩៨ នៅលើវិមាននេះ គឺចុងក្រោយនេះមានរហូតដល់ស៊ីហ្គេមដែលកូនខ្មែរឈ្នះមេដាយជិត ៣០០ (…) កម្ពុជាតូចតែបេះដូងធំ។ ម្សិលមិញនាវាទេសចរណ៍ Westerdam ដឹកទេសចររាប់ពាន់នាក់បានចូលមកកម្សាន្តសប្បាយ(នៅខេត្តព្រះសីហនុ)។ ក្រសួងទេស​ចរណ៍ ដែលមានឯកឧត្តម សុខ សូកេន និងគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងសប្បាយរីករាយ។ នេះជាសមិទ្ធផលសម្រាប់ជាតិ សម្រាប់កូនចៅយើង អោយបន្តមោទនភាព។ (៧) សង្ឃឹមថាសមិទ្ធផលទាំងនេះនិងសមិទ្ធផលផ្សេងៗ នឹងបន្តត្រូវបានកសាង ហើយយកមកឆ្លាក់នៅលើជញ្ជាំងទីនេះ។ សូមបញ្ជាក់ថា​វិមានឈ្នះឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណាឬតែក្រុមណាមួយនោះទេ តែសម្រាប់កត់សម្គាល់កត់ត្រា ទុកជាសក្ខីភាព ជាតឹកតាងឱ្យកូនខ្មែរនិងអន្តរជាតិបានឃើញដំណើរប្រវត្តិសាស្ត្ររបស់យើង …។

[ចប់សេចក្ដីអធិប្បាយ១]

សន្តិភាព ដែលបានតាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាយើងទាំងមូល។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ សម្ដែងនូវអំណរព្រះគុណចំពោះ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេតែងតែប្រទាននូវការគាំទ្រចំពោះដំណើរការបង្រួបបង្រួម និង ផ្សះផ្សាជាតិផងដែរ នៅក្នុងដំណាក់កាលនៃការខិតខំចរចា ។

យើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ និង ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក ដោយមានយុទ្ធសាស្ត្រ DIFID ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ ដទៃទៀត ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ជាមួយនឹងខ្លឹមសារស្នូលចំនួន ៣ ដូចខាងក្រោម៖

ទី១. ការធានាអាយុជីវិត និង រូបកាយ ៖ នេះជាបញ្ហាដ៏មានសារៈសំខាន់បំផុតដែលអ្នក ផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវទទួលបាននូវការចាប់ចង ឬ ការធ្វើទុក្ខបុកម្នេញរហូតទៅដល់ការសម្លាប់នោះទេ។

(ផ្តើមសេចក្តីអធិប្បាយ២)

(ស្តីពី)ស្នូល ៣ នៃគោលនយោបាយឈ្នះឈ្នះនេះ ខ្ញុំធ្លាប់បានសួរថ្នាក់ដឹកនាំកងទ័ព កាលពីខ្ញុំនៅកងទ័ពជើង​គោក។ នៅក្នុងបណ្តាប្រទេសអាស៊ានរបស់យើងក៏ដូចជានៅក្រៅប្រទេស ជាច្រើនលើកគេតែងតែសួរថា (៨) ហេតុអ្វីបានជានយោបាយឈ្នះឈ្នះនៅកម្ពុជាបញ្ចប់សង្គ្រាមដោយចីរភាព និងនិរន្តរភាព? ហេតុអីបានជារូបមន្តនេះពិបាកអនុវត្តនៅកន្លែងផ្សេង? ដែលមានបទឈប់បាញ់ ប៉ុន្តែពេលខ្លះមិនយូរទេ(ការប្រយុទ្ធគ្នាក៏)បានផ្ទុះឡើងវិញ? ខ្ញុំបានបញ្ជាក់ប្រាប់ពីគោលការណ៍សំខាន់មានដូចជា៖ ស្នូលគន្លឹះ ៣ ដែលបានដាក់ចេញជាការធានា ៣យ៉ាង និងយុទ្ធសាស្ត្រ DIFID។ យ៉ាងណាក្តី គន្លឹះពិតប្រាកដគឺការជឿទុកចិត្ត។ ការធានា ៣ចំណុចនេះមិនអាចបញ្ចប់សង្គ្រាមបានទេ បើគ្មានការទុកចិត្ត។ បើគ្មានការជឿជាក់ ចង់ឯកសារល្អយ៉ាងណាក៏មិនអាចបានដែរ។ សំខាន់គឺអ្វី(ដែលកើតជាក់ស្តែង)នៅលើដី។

ក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានចុះទៅតាមបណ្តាអតីតកងពលខ្មែរក្រហម។ ខ្ញុំធ្លាប់សួរមេបញ្ជាការ(នៅទីនោះ) ដោយប្រើពាក្យសាមញ្ញថា “ហេតុដូចម្តេចបានជាកម្លាំងខ្មែរក្រហមព្រមទម្លាក់អា​វុធ​ចុះ?”។ ពួកគាត់រៀបរាប់ពីការធានា ពីគោលនយោបាយផ្សេងៗ ប៉ុន្តែអ្វីមួយដែលធ្វើអោយពួកគាត់សុខចិត្តនិងហ៊ានទម្លាក់អាវុធព្រមចូលរួមអនុវត្តដោយស្មោះត្រង់(នូវគោលនយោបាយឈ្នះឈ្នះ) គឺជឿទុកចិត្តលើអ្នកធានានយោបាយនេះ គឺសម្តេចតេជោ។ គឺការជឿទុកចិត្តទៅលើសម្តេចតេជោ ថាគោរពនូវពាក្យសន្យារបស់ខ្លួនដោយមិនរារែក។ កិច្ចការធំគឺការទុកចិត្ត។ កាន់ទ័ពរាប់ពាន់នាក់ ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ត្រួតត្រា អាវុធគ្រាប់ក្នុងដៃ រថក្រោះនៅជាប់ព្រំដែន ចាំបាច់អីត្រូវព្រលែង។ បើសិនជាចូលមកជាប់គុក ចូលមកត្រូវបាត់បង់អ្វីៗ (អ្នករៀបចំគោលនយោបាយ)មិនគោរព តើចូលមកធ្វើអ្វី?

ពិតណាស់ (ការធ្វើ)សង្គ្រាមយូរឆ្នាំ ក៏ធ្វើឱ្យធុញថប់ដែរ។ ប៉ុន្តែបើសិនជាចូលមក ត្រូវចាប់ខ្លួន គេធ្វើបាបកូនចៅ តើ(ចូលមកធ្វើ)អ្វី … តួអង្គសម្តេចតេជោ ដែលជាអ្នកធានា(ពីការអនុវត្តគោលនយោបាយឈ្នះឈ្នះនេះ)ផ្ទាល់ ជាកត្តាសំខាន់ណាស់។ កត្តាគន្លឹះមួយដែលធ្វើឲ្យនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោបានបញ្ជាក់ហើយថា អត់មានេកសារ/កិច្ចព្រមព្រៀងចុះហត្ថលេខានោះ គឺការធានានេះតែម្តង។ (៩) (បើមានកិច្ចព្រមព្រៀងលើ)ក្រដាស ក៏វាមិនមានន័យអី្វទេ។ ត្រឹមតែក្រដាសចុះកិច្ចសន្យា … ប៉ុន្តែ(ភាគីក្នុងការអនុវត្តគោលនយោបាយនេះមាន)ការទុកចិត្ត ទី១ លើសម្តេចតេជោជាអ្នកធានា។ ទី២ លើខ្លួនឯង គឺមេដឹកនាំខ្មែរក្រហមគ្រប់ជាន់ ថ្នាក់ជឿទុកចិត្តខ្លួនឯង ជឿទុកចិត្តទៅលើភ្នែកខ្លួនគាត់ ទុកចិត្តទៅលើត្រចៀកខ្លួនគាត់។ ថ្ងៃឆ្នួនផ្ទុះដែលចាប់ផ្តើមពីឱរ៉ាល់ ៩៦ រហូតដល់ ៩៨ បន្តផ្ទុះរហូតទៅដល់អង្គការចាត់តាំងខ្មែរក្រហមចូល។

ដោយសារឃើញអ្នកចូលមុន(មានសុខសុវត្ថិភាពពិត)ប្រាកដ ជា (១០) លទ្ធផលនៃការអនុវត្តដ៏ឆ្លាតវៃនូវយុទ្ធសាស្រ្ត DIFID ដែលចំណុចពីរចុងក្រោយគឺសមាហរណកម្ម និងការអភិវឌ្ឍជាក់ស្តែង បានបង្កើននូវភាពជឿទុកចិត្ត។ នេះហើយបានជានយោបាយឈ្នះឈ្នះបានជោគជ័យ ដោយសារការបង្កើនការទុកចិត្ត ហើយការទុកចិត្តនេះមិនមែននៅលើក្រដាសទេ ប៉ុន្តែនៅលើដី(ជាក់ស្តែង)តែម្តង គឺការមិនយកទោស ការធានានូវទ្រព្យសម្បត្តិ អាយុជីវិត និងការរក្សាតួនាទីជូនបងប្អូនទាំងអស់។ នេះហើយជាកត្តាសំខាន់សម្រាប់និរន្តរភាពនៃបទឈប់បាញ់មួយ … ចាប់ផ្តើមពីការឈប់បាញ់។ ប៉ុន្តែការចុះចូលបានផ្ទុះទៅហើយ។ ខុសពីបទឈប់បាញ់ ដែលភាគីទាំងអស់ឈប់បាញ់គ្នា ប៉ុន្តែអត់មានលក្ខខណ្ឌអីសម្រាប់បង្កើតភាពទុកចិត្តគ្នានោះទេ។ កន្លែងខ្លះឈប់រាប់សិបឆ្នាំមែន តែថ្ងៃណាមួយកេះតែមួយគ្រាប់ផ្ទុះឡើងវិញ ដោយសារភាគីទាំងសងខាង នៅមានការស្អប់និងមិនទុកចិត្តគ្នាដដែល (…) កន្លែងខ្លះរាប់សិបឆ្នាំហើយជាតំបន់សង្រ្គាម ឧទាហរណ៍​ នៅមជ្ឈិមបូព៌ា មានការព្យាយាមដោះស្រាយតាំងពីឆ្នាំ ៧០ជាង។ នៅតំបន់ខ្លះនៃបណ្តាប្រទេសអាស៊ាន កន្លែងខ្លះដើម្បីបញ្ចប់សង្រ្គាមត្រូវវាយកម្ទេចចោល ដោយវាយយកចាញ់ឈ្នះឲ្យដាច់តែម្តង។ ប៉ុន្តែ នៅកម្ពុជា នយោបាយឈ្នះឈ្នះគឺធ្វើឲ្យទាំងអស់គ្នាឈ្នះ ទាំងអស់គ្នាឈ្នះបង្កើតនូវភាពជឿទុកចិត្ត ហើយការអនុវត្តរាប់សិបឆ្នាំមកដល់ម៉ោងនេះគឺបានផលជាក់ស្តែង។ ហ្នឹងហើយជាកត្តាគន្លឹះនៃជោគជ័យនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យយើងមាននិរន្តរភាពសន្តិភាព និងការអភិវឌ្ឍ ដែលយើងត្រូវបន្តថែរក្សាឲ្យបានដាច់ខាត។

[ចប់សេចក្តីអធិប្បាយ ២]

តើផលប្រយោជន៍ពិតប្រាកដនៃនយោបាយឈ្នះឈ្នះមានអ្វី?

ទី១. សង្គ្រាម, ជម្លោះប្រដាប់អាវុធ, ការស្លាប់ ឬ របួស ឬ ការព្រាត់ប្រាសដោយសារសង្គ្រាម ត្រូវបានបញ្ចប់ទាំងស្រុងរហូតដល់ពេលបច្ចុប្បន្ននេះ ។

[ផ្តើមសេចក្តីអធិប្បាយ៣]

សំនួរសួរថា បើសិនជាសង្គ្រាមមិនទាន់ចប់ទេ ២៥ ឆ្នាំមកនេះ តើ(ស្ថានភាពនឹង)ទៅជាយ៉ាងណា? (ចំឡើយគឺជា)សំណួរដ៏សាមញ្ញ។ កងទ័ពដែលឈរនៅទីនេះ នគរបាលដែលឈរនៅទីនេះ បើសិនជាសង្រ្គាមមិនទាន់ចប់ទេ តើប៉ុន្មាននាក់ទៅដែលអាចអវត្តមាននៅទីនេះ ដោយសារស្លាប់និងរបួស។ តើថ្នាក់ដឹកនាំ នាយទាហានរបស់យើងនៅលើវេទិកានេះប៉ុន្មាននាក់ដែលអាចបាត់បង់ជីវិត មិនបាននៅទីនេះ? តើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ក្លាយទៅជាស្ត្រីមេម៉ាយ និងកូនកំព្រា? (បើដូចនេះ) តើមានឱកាសទេដែលនាយទាហានរបស់យើងពីភាគីផ្សេងៗគ្នាជួបគ្នា? ខ្ញុំឧស្សាហ៍បានជួប (១១) នាយទាហានដែលពីមុន ម្ខាងនៅរដ្ឋកម្ពុជា ម្ខាងទៀតនៅអតីតខ្មែរក្រហមជជែកគ្នាពីបទពិសោធន៍ប្រយុទ្ធ។ ពេលនោះកំពុងតែធ្វើផែនការសម្លាប់គ្នាទៅវិញទៅមក។ ឥឡូវពួកគាត់អង្គុយជាមួយគ្នា ហូបចុកជាមួយគ្នា ដឹកនាំធ្វើផែនការការពារជាតិជាមួយគ្នា។ សួរតែប៉ុណ្ណឹង? នាយទាហាន យោធិន នគរបាលជាតិ ដែលឈរនៅទីនេះ (…) គ្រប់ភាគីទាំងអស់ (ប៉ុន្មាននាក់អាចនឹងអវត្តមាន?) … គេឧស្សាហ៍ថតរូបទាហានខ្មែរក្រហមដែលស្ពាយកាំភ្លើងអូសដី គឺដោយសារ(មិនមាន)មនុស្សគ្រប់អាយុ។ តថភាពសង្គ្រាមគឺជាអញ្ចឹង។ (១២) មិនមានផលប្រយោជន៍(អីពី)សង្គ្រាមទេ … គ្មានអីពីក្រៅពីការកាប់សម្លាប់គ្នា ជាពិសេសសង្គ្រាមសម្លាប់ខ្មែរគ្នាឯង។ ផ្ទុយទៅវិញ ផលធំណាស់បានពីសន្តិភាព។ យើងអាចវាស់បាន។យើងមិនអាចវាស់បាន ឬស្មានត្រូវពីផលអវិជ្ជមានដែលអាចកើតមានដោយសារសង្គ្រាមមិនទាន់ចប់(នោះទេ)។ គ្រាន់តែសំណួរ(បង្កប់ចំឡើយរបស់)ខ្ញុំថា “បើសង្គ្រាមមិនទាន់ចប់ តើប៉ុន្មាននាក់ដែលឈរជាផែននៅទីនេះ អាចនឹងមិនមានវត្តមាននៅទីនេះ? ប៉ុន្មាននាក់ដែលនៅទីនេះ នឹងត្រូវកំពុងឈរជើងវាយគ្នានៅព្រំដែន? (វាស្មានមិនត្រូវរួចទៅហើយ)។

ដោយសារយើងបញ្ចប់សង្គ្រាម ២៥ឆ្នាំមុន នេះហើយ ទើបអ្នកទាំងអស់គ្នាមានវត្តមាននៅទីនេះ។ នាយទាហាន ពលទាហានរបស់យើងមានឱកាសរួមគ្នានៅទីនេះ ដោយគ្មានបែងចែកភាគី តែជាកងយុទ្ធពលខេមរភូមិន្ទ(តែមួយ) រួមគ្នាការពារសុខសន្តិភាពនិងស្ថិរភាព ជូនប្រជាពលរដ្ឋ … (១៣) ខ្ញុំបានចុះទៅប្រ​កាសខេត្តច្រើនថាអស់មីន។ មកដល់ម៉ោងនេះ ជាងពាក់កណ្តាល(នៃចំនួនខេត្ត)ទៅហើយ។ បើសិនជាមិនទាន់មាននយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ១៩៩៨ សួរថាខេត្តប៉ុន្មានទៅអាចប្រកាសថាអស់មីន? មិនត្រឹមតែមិនអស់ទេ តែថែមទាំងកើនឡើងថែមទៀត។ សួរថាប្រជាពលរដ្ឋនៅបន្តស្លាប់ដោយសារមីននឹងកើនប៉ុន្មានបន្ថែមទៀត? នេះគឺជាផលដែលយើងទទួលបានពីនយោបាយឈ្នះឈ្នះនិងការបញ្ចប់សង្គ្រាម។

[ចប់សេចក្តីអធិប្បាយ ៣]

ទី២. ជោគជ័យដ៏ធំបំផុតគឺការធ្វើសមាហរណកម្មកងទ័ពអតីត ៤ភាគី មកនៅតែ ១ភាគី។ នេះគឺជាកងទ័ពតែមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលក្នុងរយៈពេល ៥០០ឆ្នាំ នេះការឯកភាពជាតិទឹកដីពេញលេញ និងការបង្រួបបង្រួមជាតិរបស់យើង អវត្តមាននៅក្នុងទឹកដីរបស់យើង។ អញ្ចឹងការបង្រួបបង្រួម និងទាញនូវភាគីទាំងអស់បញ្ចូលគ្នាគឺជាកិច្ចការសំខាន់ ហើយត្រូវថែរក្សា។

ទី៣. ការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដ៏យូរលុងរបស់កម្ពុជា។

ទី៤. ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍ។

[ផ្តើមសេចក្តីអធិប្បាយ៤]

ពាក្យថាអតីតសមរភូមិគឺ(សំដៅទៅ)កន្លែងដែលមនុស្សកាប់សម្លាប់គ្នាយកឈ្នះចាញ់។ មនុស្សដាក់មីនមិនត្រឹមតែកម្ទេចមនុស្សនោះទេ ប៉ុន្តែវាធ្វើឱ្យតំបន់ទាំងនោះក្លាយទៅជាតំបន់ខ្មោច មិនអាចមានដាំដុះ ឬមួយបង្កបង្កើនផលអីបាន (…) (១៤) ឥឡូវតាមព្រំដែន យើងប្រែពីតំបន់ដែលសង្គ្រាមវេទនាទៅជាតំបន់អភិវឌ្ឍ។ អភិ​វឌ្ឍសាមញ្ញបំផុតគឺធ្វើឱ្យប្រជាជនមានបាន មានសន្តិភាព មានឱកាសរៀនសូត្រ មានឱកាសធ្វើសេដ្ឋកិច្ច មានឱកាសកសាងវត្តអារាម។ ខ្ញុំធ្លាប់បានទៅសម្ពោធវត្តមួយនៅបាត់ដំបង (កសាងនៅក្នុងទីតាំង)ជាអតីតសមរភូមិ(មកបានប្រមាណ) ៧ឆ្នាំតែប៉ុណ្ណោះ។ ហេតុអី ទើបតែបាន ៧ឆ្នាំ? ដោយសារកន្លែងហ្នឹងពីមុនសុទ្ធតែមីននិងកន្លែងសម្លាប់គ្នា។ កន្លែងដាក់ទីតាំងឈរជើង និងបាញ់គ្នាទៅវិញទៅមក។ (១៥) យើងដោះមីនអស់ យើងបង្កើតភូមិយើងកសាងបាន។ នេះហើយ និយមន័យប្រែពីសង្គ្រាមការបែកបាក់វិនាស វិនាសទាំងមនុស្ស វិនាសទាំងសត្វ ហានិភ័យទាំងភូមិសាស្ត្រ ដីធ្លី ទៅជាកន្លែងមួយដែលអាចអំណោយផលប្រើប្រាស់បានសម្រាប់អភិវឌ្ឍប្រទេសជាតិរបស់យើង

[ចប់សេចក្តីអធិប្បាយ ៤]

ទី៥. ការបញ្ចប់បានសង្គ្រាមបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងបានចូលរួមដោះស្រាយកិច្ចការអន្តរជាតិ។

[ផ្តើមសេចក្តីអធិប្បាយ ៥]

នយោបាយឈ្នះឈ្នះ មិនមែនបានផលតែយើងទេ។ កម្ពុជាមានសន្តិភាពតំបន់ក៏មានសន្តិភាព។ កម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់។ ជាក់ស្តែង ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នក៏ជះទៅដល់ឥទ្ធិពលនៅក្នុងតំបន់។ ជនភៀសខ្លួនទៅថៃ ទៅឥណ្ឌា ប្រជាពលរដ្ឋនៅក្នុងប្រទេសត្រូវធ្វើចំណាកស្រុក … ថវិកាជាតិច្រើនណាស់ត្រូវចំណាយទៅលើការទិញគ្រាប់ ទិញអាវុធ ដើម្បីយកមកសម្លាប់គ្នា ធ្វើឱ្យតំបន់ទាំងមូលក៏មិនរីកចម្រើន ក៏ប៉ះពាល់មួយចំនួន។ ដូចគ្នាដែរកាលពីកម្ពុជានៅមានសង្គ្រាម ការចូលរួមដោយប្រទេសជិតខាងដើម្បីជួយធ្វើឱ្យសន្តិភាព ជាកិច្ចការសំខាន់ដើម្បីធានាសន្តិភាពរបស់ប្រទេសទាំងអស់នោះដែរ។ នៅពេលដែល (១៦) កម្ពុជាមានសន្តិភាព កម្ពុជាបានពង្រឹងខ្លួន ដើរតួនាទី ចូលរួថែរក្សាសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ មិនតែប៉ុណ្ណោះ យើងក៏ចូលរួមថែរក្សាសន្តិភាពនៅប្រទេសផ្សេងទៀតនៅលើពិភពលោក

បច្ចុប្បន្នយើងមានកងកម្លាំងរក្សាសន្តិភាពជាង ៨០០០នាក់ ដែលចេញទៅបេសកកម្មនៅច្រើនប្រទេសដើម្បីចូលរួមថែរក្សាសន្តិភាព។ កងទ័ព កងដោះមីន បានចូលរួមបង្ហាត់បង្រៀនការដោះមីន ជួយមនុស្សធម៌ ជួយដល់ប្រទេសដែលមានសង្គ្រាមមួយចំនួន។ អញ្ចឹង (១៧) ផ្លែផ្កានយោបាយឈ្នះឈ្នះ មិនត្រឹមតែបានសម្រាប់ប្រជាជាតិខ្មែរ កូនចៅខ្មែរពេលបច្ចុប្បន្ន នឹងទៅអនាគតនោះទេ ប៉ុន្តែថែមទាំងចែកផ្លែផ្កាទៅដល់ប្រទេសផ្សេងៗនៅក្នុងតំបន់ និងនៅលើពិភពលោក (…) ការបញ្ចប់សង្គ្រាមអាចឱ្យយើងលើកតម្កើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋ …។

[ចប់សេចក្តីអធិប្បាយ ៥]

ទី៦. ការបញ្ចប់សង្គ្រាមនាំមកនូវវិនិយោគ និងទេសចរណ៍។

ទី៧. ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ ផ្ដល់ឱកាសមាស-ពេជ្រ សម្រាប់ឱ្យយើងប្រមូលផ្ដុំកម្លាំងមនុស្ស កម្លាំងប្រាជ្ញា, និង កម្លាំងទ្រព្យសម្បត្ដិ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ។

[ផ្តើមសេចក្តីអធិប្បាយ ៦]

(កម្ពុជា)លែងវាយគ្នាទៀតហើយ។ មនុស្សរៀនដើម្បីយកកម្លាំងបង្កើតការងារ ជួយដល់គ្រួសារនិងប្រទេសជាតិ។ ការចូលកងទ័ពជាការស្ម័គ្រចិត្ត មិនមែនចាប់បញ្ចូល ឬមួយបរិចារកិច្ច(យោធា)នោះទេ។ តែវាយគ្នាយូរអស់មនុស្សគឺចូល(ដល់បរិចារកិច្ច)ហើយ។ ប្រទេសច្រើនណាស់នៅលើពិភពលោក នៅអឺរ៉ុបកំពុងវាយគ្នា ចាប់ផ្តើមពីទ័ពជំនាញ។ ដល់អស់ទ័ពជំនាញ ក៏ដាក់កាតព្វកិច្ចទាញទ័ពក្មេងៗ។ បើវាយអស់ទៅទៀត ទៅដល់ណា? មិនមែនតែប្រុសៗទេ នៅក្នុងសង្គ្រាមគឺស្ត្រីក៏ត្រូវចូលរួមនៅក្នុងសកម្មភាពបម្រើដល់សង្គ្រាម … កាលសង្គ្រាមលោកទី១ ទី២ មនុស្សប្រុសចេញទៅវាយអស់ មនុស្សស្រ្តីចូលរោងចក្រផលិតអាវុធដើម្បីវាយគ្នា … អញ្ចឹង (១៨) សុខសន្តិភាពបង្កជម្រើស/បង្កើតឱកាសឱ្យដល់យុវជនជំនាន់ក្រោយ ជាពិសេសកូនចៅរបស់យើង(ជំនាន់ក្រោយ ដែល)នៅក្នុងតំបន់ដែលធ្លាប់វាយគ្នា។ (មាន)អតីតយុទ្ធជនច្រើនណាស់ដែលសល់ពីស្លាប់ មានកូនចៅបានទទួលផលនៅក្នុងការអភិវឌ្ឍនេះ។ ផលទាំងអស់នេះ មិនមែនសម្រាប់តែបច្ចុប្បន្នទេ ប៉ុន្តែសម្រាប់កូនខ្មែរទៅអនាគតរាប់រយរាប់ពាន់ឆ្នាំតទៅទៀត។ យើងត្រូវប្ដេជ្ញារក្សាឱ្យបាននូវសន្ដិភាពនិងការអភិវឌ្ឍជាតិ ដើម្បីផលនៃសន្ដិភាពដែលបានបញ្ចប់សង្រ្គាម ៥០០ឆ្នាំ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងបានទទួលផលជាបន្តបន្ទាប់នៅថ្ងៃអនាគតគ្រប់ជំនាន់តទៅទៀតសម្រាប់កូនខ្មែរ គឺផលយូរអង្វែងរបស់សន្ដិភាព …។

[ចប់សេចក្ដីអធិប្បាយ ៦]

ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដី ទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និង សេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។ ដូចទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានរៀបរាប់ដោយសង្ខេបខាងលើ កម្ពុជាដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្រ្គាម និង ការរួមរឹតដោយភាពក្រីក្រ បានក្លាយមកជាប្រទេសដែលមានសន្ដិភាពពេញលេញ និង រឹងមាំ ប្រជាជនរាប់លាននាក់ត្រូវបានរំដោះឱ្យចាកផុតពីភាពក្រីក្រ និង បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ។ បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយក្ដីសង្ឃឹម ក្លៀវក្លា រឹងប៉ឹង និង កាន់តែជឿជាក់ ។ សម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ ដែលជាវដ្តថ្មីនៃការអភិវឌ្ឍ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង    តាមរយៈ ការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និង មានវិបុលភាព ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។

ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកយាយ លោកតា ពូមីង បងប្អូន និង ជនរូមជាតិទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាពដែលស្ថាបនិកសន្តិភាព និង បងប្អូនជនរួមជាតិទាំងអស់ ខិតខំរកបានយ៉ាងលំបាកបំផុតឱ្យបានស្ថិតស្ថេរគង់វង្ស។ ជយោ សន្តិភាព!

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវការដឹងគុណ និង គុណូបការៈយ៉ាងជ្រាលជ្រៅដល់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមគ្គទេ្ទសក៍ឯក និង ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ជាពិសេស កងកម្លាំងដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់នូវពលិកម្មដ៏ធំធេង ក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតដល់ការសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និង ការអភិវឌ្ឍគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជាជាទីគោរពស្រឡាញ់ទាំងអស់ ។

[ផ្ដើមសេចក្ដីអធិប្បាយ៧]

មុននឹងបញ្ចប់ ខ្ញុំ (១៩) សូមចូលរួម ៥ ចំណុច គួរយកចិត្តទុកដាក់

ទី១ សូមលើកទឹកចិត្តឱ្យមានការបន្តស្រាវជ្រាវ ចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ និងដំ​ណើរការពាក់ព័ន្ធ និងការស្វែងរកសន្ដិភាព និងការបញ្ចប់សង្រ្គាមនៅកម្ពុជា។ នេះជាកត្តាសំខាន់។ នយោ​បាយឈ្នះឈ្នះ បាន(អនុវត្តជោគជ័យដោយ)មកដោយប្រតិបត្តិករជាច្រើន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមការងារបានខិតខំស្រាវជ្រាវចងក្រង, សម្ដេចពិជ័យសេនា និងតួអង្គជាច្រើន រួមជាមួយនឹងសម្ដេចតេជោ បានផ្ដល់នូវធាតុផ្សំជាច្រើនហើយ។ ខ្ញុំគិតថា បទពិសោធន៍និងជ្រុងផ្សេងៗនៅមានច្រើនទៀត។ សូមបន្ត។ ដោយសារអ្វី? ដោយសារអ្នកសរសេរនិងអ្នកដែលចងក្រងនេះ គឺជាអ្នកដែលប្រតិបត្តិផ្ទាល់ អាចដឹងព័ត៌មានច្រើន និងត្រូវការប្រមូលធាតុផ្សំបន្ថែមទៀតដើម្បីចងក្រងទុកឱ្យកូនចៅរាប់រយឆ្នាំទៀត។ បើមិនអញ្ចឹង ក្នុង ២០-៣០ឆ្នាំ ៥០ឆ្នាំទៀត ឯកសារថ្មីគឺបានត្រឹមតែពីអ្នកសរសេរពីការស្រាវជ្រាវបន្ត …។

ទី២ បន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះឈ្នះ តាមរយៈការធ្វើសិក្ខាសាលា វេទិកាផ្សេងៗ ក៏ដូចជាបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ ក្នុងកម្មវិធីសិក្សាដើម្បីឱ្យសិស្សានុសិស្សបានយល់កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃនៃនយោបាយឈ្នះឈ្នះផងដែរ។

ទី៣ បន្តស្រាវជ្រាវនិងរៀបចំវិមានឈ្នះ-ឈ្នះ នៅតាមបណ្ដាតំបន់សំខាន់ៗ ក៏ដូចជារៀបចំតំបន់ប្រវត្តិ​សាស្រ្តយោធាសំខាន់ៗមួយចំនួន ដែលមានតម្លៃសំខាន់ជាប្រវត្តិសាស្រ្ត សម្រាប់ជាតឹកតាងប្រវត្តិសាស្រ្ត និងសម្រាប់ការធ្វើទស្សនកិច្ចសិក្សា។

ទី៤ យកចិត្តទុកដាក់នៅក្នុងការកៀងគរ និងស្វែងរកដៃគូក្នុងការកសាង ថែទាំវិមានឈ្នះ-ឈ្នះ ដែលជានិមិត្ត​រូបនៃសន្ដិភាពរបស់ប្រទេសយើង។ ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់បណ្ដាសប្បុរជន អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនសប្បុរជន ប្រជាពលរដ្ឋ ចូលរួមជួយឧបត្ថម្ភគាំទ្រដល់កិច្ចការងារនេះបន្តទៀត។

(ទី៥) សូមថ្លែងអំណរគុណសាជាថ្មី ចំពោះការខិតខំទៅដល់ថ្នាក់ដឹកនាំនៅក្នុងគណៈកម្មការសាងសង់ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋយើងគ្រប់និន្នាការ គ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងការកសាងនូវឯកសារ ក៏ដូចជាតឹកតាងប្រវត្តិសាស្រ្ត តាមរយៈការសាងសង់សំណង់ និងរៀបចំទីតាំងប្រវត្តិសាស្រ្តផ្សេងៗ។

[ចប់សេចក្ដីអធិប្បាយ ៧] ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង បងប្អូនជនរួមជាតិទាំងអស់ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និង ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ៕


 

អត្ថបទទាក់ទង