ទង់ទាំងបីបង្ហូតឡើងវិញនៅប្រាសាទព្រះវិហារ ជានិមិត្តរូបនៃវត្តមាន និងការពារបេតិកភណ្ឌ
Gopura V of the Preah Vihear Temple complex, standing near the UNESCO and World Heritage flags, was damaged during what Cambodia describes as Thailand’s ‘war of aggression’ in July and December 2025. Hong Raksmey
ព្រះវិហារៈ ទង់ជាតិកម្ពុជា ទង់យូណេស្កូ និងទង់បេតិកភណ្ឌ ត្រូវបានបង្ហូតឡើងវិញនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីបង្គោលទង់ទាំងបីបានរងការខូចខាតពីសង្គ្រាមឈ្លាមពានកាលពីខែធ្នូ ឆ្នាំ២០២៥ ខណៈអាជ្ញាធរចាត់ទុកការលើកទង់ឡើងវិញថា ជានិមិត្តរូបនៃសាមគ្គីភាព វត្តមាន និងការបន្តការពារបេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ពិធីនេះធ្វើឡើងនៅប្រាសាទព្រះវិហារ ដែលនៅតែបន្សល់ស្លាកស្នាមនៃការខូចខាតពីជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុន ហើយមួយថ្ងៃបន្ទាប់ពីរបាយការណ៍បេសកកម្មរួមរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង ICOMOS ស្ដីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងមុនពិធីបង្ហូតទង់ថា បង្គោលទង់ទាំងបីបានដួលក្នុងអំឡុងការប៉ះទង្គិចកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយក្រោយមកត្រូវបានជួសជុលឡើងវិញ។
លោកបាននិយាយថា៖ «កាលបាញ់គ្នាខែធ្នូ ដួលទង់ទាំងបីហ្នឹង។ អ៊ីចឹងស្នាមលាបពណ៌សលើសរសរទង់ទាំងនេះ សុទ្ធតែកន្លែងប៉ះជួសជុល ដើម្បីឱ្យឈរឡើងវិញបាន»។
លោកបន្តថា ការបង្ហូតទង់ឡើងវិញមិនមែនគ្រាន់តែជាពិធីការប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងបង្ហាញពីសាមគ្គីភាពរួមគ្នាក្នុងការការពារជាតិ និងបេតិកភណ្ឌ។
លោកថ្លែងថា៖ «ថ្ងៃហ្នឹងយើងធ្វើពិធីមួយ ដើម្បីចាត់ទុកថាយើងបង្ហាញពីសាមគ្គីភាពរួមគ្នា។ រួមសាមគ្គីគ្នាដើម្បីជាតិយើង ដើម្បីបេតិកភណ្ឌយើងទាំងអស់គ្នា»។

លោកបានបន្ថែមថា៖ «បញ្ឈរទង់យើងឡើងវិញ បានន័យថាវត្តមានយើងនៅទីនេះ។ ទង់យើងនៅឈរយ៉ាងរឹងមាំ»។
ការបង្ហូតទង់ឡើងវិញកើតមានក្នុងពេលដែលស្ថានភាពនៃប្រាសាទព្រះវិហារកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីអន្តរជាតិ ក្រោយរបាយការណ៍បេសកកម្មរួម WHC-ICOMOS ដែលបានចុះពិនិត្យប្រាសាទពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានវាយតម្លៃថា ការវាយប្រហារក្នុងឆ្នាំ២០២៥ ជាពិសេសនៅខែធ្នូ បានបង្កការខូចខាតយ៉ាងទូលំទូលាយដល់តំបន់បេតិកភណ្ឌ។
តាមរបាយការណ៍នោះ អាជ្ញាធរកម្ពុជាបានកំណត់ទីតាំងខូចខាតចំនួន ១៤២ កន្លែងពីការប៉ះទង្គិចកាលពីខែកក្កដា និង ៤២០ កន្លែងទៀតពីការប៉ះទង្គិចក្នុងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មបានកត់សម្គាល់ថា ទំហំនៃការខូចខាតពីជម្លោះចុងក្រោយនេះ មិនអាចប្រៀបធៀបបាននឹងការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទ។
ការវាយតម្លៃរបស់អាជ្ញាធរជាតិព្រះវិហារក្រោយការប៉ះទង្គិចពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានកត់ត្រាថា សំណង់សំខាន់ៗស្ទើរតែគ្រប់ផ្នែកនៃប្រាសាទបានរងការខូចខាត ដោយការខូចខាតនៅខែធ្នូមានទំហំធ្ងន់ធ្ងរជាងអ្វីដែលបានកត់ត្រាកាលពីខែកក្កដា។
អាជ្ញាធរកម្ពុជាបានចោទប្រកាន់យោធាថៃថា ការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសបានបង្កការខូចខាតដល់ប្រាសាទ។ ភាគីថៃវិញបានអះអាងថា ប្រតិបត្តិការរបស់ខ្លួនផ្ដោតលើគោលដៅយោធា និងបានចោទកម្ពុជាថាប្រើប្រាស់តំបន់ប្រាសាទសម្រាប់គោលបំណងយោធា ដែលកម្ពុជាបានបដិសេធ។
នៅពេលជម្លោះកំពុងកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងកម្ពុជា-ថៃ ជាពិសេសនៅក្បែរប្រាសាទព្រះវិហារ និងបានអំពាវនាវឱ្យការពារបេតិកភណ្ឌវប្បធម៌ជាបន្ទាន់។
យូណេស្កូក៏បានរំឭកភាគីទាំងអស់អំពីកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២។
បញ្ហាសន្តិសុខនៅជុំវិញប្រាសាទក៏នៅតែជាឧបសគ្គចំពោះការអភិរក្ស។ របាយការណ៍ WHC-ICOMOS បានអំពាវនាវឱ្យមានវិធានការបន្ទាន់ ដើម្បីធានាសុវត្ថិភាពសំណង់ដែលមិនមានស្ថិរភាព បញ្ចប់ការចងក្រងឯកសារស្ដីពីការខូចខាត និងការពារបំណែកសំណង់ដែលបានធ្លាក់បាក់។ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក៏ត្រូវបានចាត់ទុកជាលក្ខខណ្ឌចាំបាច់សម្រាប់ឱ្យក្រុមអភិរក្សអាចធ្វើការដោយសុវត្ថិភាព។
យូណេស្កូកំពុងអនុវត្តគម្រោង «ការការពារបន្ទាន់ និងការចងក្រងឯកសារប្រាសាទព្រះវិហារ» សម្រាប់ឆ្នាំ២០២៦-២០២៧ ដែលមានថវិកា ១២០,០០០ ដុល្លារ។ គម្រោងនេះផ្ដោតលើការធានាថាតំបន់ស្នូលគ្មានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការចងក្រងឯកសារស្ថានភាពប្រាសាទ ការប្រមូលនិងរក្សាទុកបំណែកថ្មដែលបែកខ្ចាត់ខ្ចាយ និងការទប់ទ្រសំណង់បុរាណដែលប្រឈមនឹងការដួលរលំ។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ក្រុមការងារសម្របសម្រួលកម្ពុជា ក៏បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ដែលដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន ចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ២០០៨។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចនៅឆ្នាំ១៩៦២ ថាប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា ហើយក្នុងសេចក្ដីសម្រេចបកស្រាយឆ្នាំ២០១៣ តុលាការបានបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់ដីខ្ពស់នៃប្រាសាទព្រះវិហារ។
ក្នុងបរិបទដែលស្លាកស្នាមនៃជម្លោះនៅតែមានលើសំណង់បុរាណ ការបង្ហូតទង់ជាតិ ទង់យូណេស្កូ និងទង់បេតិកភណ្ឌឡើងវិញ ត្រូវបានអាជ្ញាធរជាតិព្រះវិហារចាត់ទុកថា ជាការបង្ហាញថា ការងារការពារ និងអភិរក្សប្រាសាទនឹងបន្ត បើទោះបីជាការស្ដារឡើងវិញពេញលេញនៅតែពឹងផ្អែកលើស្ថានភាពសន្តិសុខក៏ដោយ។
–Post Khmer–





