Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិន និងហ្វីលីពីន ពិតជាស្រុះស្រួលគ្នា ក្នុងជម្លោះសមុទ្រចិនខាងត្បូង ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 820
វិភាគអន្តរជាតិ៖ តើចិន និងហ្វីលីពីន ពិតជាស្រុះស្រួលគ្នា ក្នុងជម្លោះសមុទ្រចិនខាងត្បូង ឬ? វិភាគអន្តរជាតិ៖ តើចិន និងហ្វីលីពីន ពិតជាស្រុះស្រួលគ្នា ក្នុងជម្លោះសមុទ្រចិនខាងត្បូង ឬ?

(ហុងកុង)៖ កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលមានគោលបំណងសម្រួលដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន ទៅឱ្យទាហានមួយក្រុមតូចរបស់ខ្លួន ឈរជើង នៅលើខ្មោចនាវាចម្បាំងមួយគ្រឿងចតទុកចោល នៅតំបន់ថ្មប៉ប្រះទឹកមានវិវាទដ៏ក្ដៅគគុកមួយក្នុងតំបន់សមុទ្រចិនខាងត្បូង បានធ្លាក់ចូលទៅក្នុងភាពមន្ទិលសង្ស័យ បន្ទាប់ពី ទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានផ្ដល់ព័ត៌មានផ្ទុយគ្នាពីអ្វីដែលពួកគេបានព្រមព្រៀងគ្នា។

ការភ័យខ្លាចពីការផ្ទុះជម្លោះប្រដាប់អាវុធ បានកើនឡើងជាលំដាប់ នារយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាហូរហែរវាងនាវាឆ្មាំសមុទ្រចិន និងទូករបស់ ហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃទីប្រជុំកោះ Spratly ជាទីដែលម៉ានីលបានចតខ្មោចនាវាចម្បាំងមួយគ្រឿងនៅទីនោះ ចាប់តាំងពីឆ្នាំ១៩៩៩ ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ខ្លួនលើតំបន់ថ្មប៉ប្រះទឹកនេះ។ ក្រោយកិច្ចពិភាក្សាបន្ធូរបន្ថយហានិភ័យ ប៉េកាំង និងម៉ានីល បាននិយាយថាភាគីទាំង២ បានឈានដល់ កិច្ចព្រមព្រៀងបណ្ដោះអាសន្នស្ដីពីបេសកកម្មដឹកជញ្ជូនបុគ្គលិកប្ដូរវេន ព្រមទាំងការផ្គត់ផ្គង់សម្ភារៈចាំបាច់ ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូចឈរជើងនៅលើខ្មោច នាវាចម្បាំង BRP Sierra Madre។ ប៉ុន្តែ គ្មានភាគីណាមួយបោះបង់ចោលការទាមទារសិទ្ធិអធិបតេយ្យនោះទេ រីឯក្រុមអ្នកវិភាគវិញបានបង្ហាញការសង្ស័យថាតើចិន និងហ្វីលីពីន នឹងអនុវត្តតាមកិច្ចព្រមព្រៀងនេះដែរឬក៏យ៉ាងណា? ក្នុងពេលដែលភាគីទាំង២អះអាងផ្ទុយគ្នាស្រឡះពីអ្វីដែលពួកគេបានឯកភាពនៅក្នុងកិច្ចព្រមព្រៀងនេះ។

* តើចិន និងហ្វីលីពីនបានឯកភាពលើចំណុចអ្វីខ្លះ?
ទាំងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងសុទ្ធតែមិនបានបញ្ចេញអត្ថបទ ឬព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលសម្រេចបានកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ដើម្បីបញ្ចុះកម្ដៅភាពតានតឹងនឹងគ្នានៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ឬចិនហៅ Ren’ai Jiao ឬក៏ហ្វីលីពីនហៅថា Ayungin Shoal នោះទេ។ តំបន់ថ្មប៉ប្រះទឹកនេះស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីកោះ Palawan របស់ហ្វីលីពីន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយ កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដាថាទីក្រុងប៉េកាំងបានយល់ព្រមអនុញ្ញាតឱ្យទីក្រុងម៉ានីលធ្វើបេសកកម្មផ្គត់ផ្គង់ឡើងវិញនូវសម្ភារៈជាតម្រូវការចំាបាច់បំផុត ទៅឱ្យទាហានមួយ ក្រុមតូចឈរជើងនៅលើខ្មោចនាវាចម្បាំង Sierra Madre នៅក្រោមស្មារតីមនុស្សធម៌។

តែព្រមពេលពេលជាគ្នា លោកស្រី Mao Ning ក៏បានបញ្ជាក់ដែរថាបេសកកម្មផ្គត់ផ្គង់ឡើងវិញទាំងនោះអាចធ្វើទៅបាន លុះត្រាណាតែហ្វីលីពីនជូនដំណឹងដល់ភាគីចិន និងបន្ទាប់ពីគោលដៅត្រូវផ្គត់ផ្គង់នោះឆ្លងកាត់ការផ្ទៀងផ្ទាត់ ជាមុនសិន។ លោកស្រីបន្ថែមទៀតថាភាគីចិននឹងធ្វើការត្រួតពិនិត្យទាំងស្រុងលើនីតិវិធីផ្គត់ផ្គង់ឡើងវិញ។ ភា្លមៗ ក្រោយការអះអាងពីភាគីចិន ក្រសួងការបរទេសហ្វីលីពីន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាហ្វីលីពីននឹងនៅតែបន្តទាមទារ សិទ្ធិរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាមួយការសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយប៉េកាំង មិនមែនសម្រេចបានដោយបំផ្លាញគោលជំហររបស់ជាតិ នោះឡើយ។ «ដូច្នេះសេចក្ដីថ្លែងការណ៍របស់ចិនពាក់ព័ន្ធនឹងការជូនដំណឹង និងការផ្ទៀងផ្ទាត់ជាមុននោះ គឺជារឿងមិនពិតទេ»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសហ្វីលីពីន ដោយបន្ថែមថាហ្វីលីពីនឈានដល់កិច្ចព្រមព្រៀងដោយសុច្ឆន្ទៈ ហើយត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត និងជំរុញឱ្យចិនធ្វើបែបនេះដូចគ្នាដែរ។

* ចុះបើដូច្នេះ តើនឹងមានអ្វីកើតឡើង នៅពេលខាងមុខ?
លោក Gregory Poling ជានាយកគំនិតផ្ដួចផ្ដើម Asia Maritime Transparency បាននិយាយថាភាគីទាំង២ប្រហែលជាបានលាក់បាំងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង គឺដើម្បី ការពារមុខមាត់កុំឱ្យបាក់មុខ តែការបកស្រាយផ្ទុយគ្នាអាចនឹងបំផ្លាញកិច្ចព្រមព្រៀង។ លោក Gregory Poling បានពន្យល់ដូច្នេះថា «យើងនឹងបានដឹងយ៉ាងពិតបា្រកដ នៅពេល ដែលយើងបានឃើញថាតើអ្វីទៅជាប្រតិកម្មរបស់ចិន តបទៅនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីននៅពេលខាងមុខនេះ»។ «ពោលគឺប្រសិនបើបេសកកម្មនេះអាចធ្វើទៅ បានដោយរលូនគ្មានការរំខាន ទោះបីជាហ្វីលីពីនមិនបានប្រាប់ចិនជាមុន ឬក៏មិនអនុញ្ញាតការត្រួតពិនិត្យការដឹកជញ្ជូនក៏ដោយនោះ វានឹងក្លាយជាជោគជ័យមួយសម្រាប់ យុទ្ធសាស្ត្ររបស់ហ្វីលីពីនក្នុងរយៈពេល២ឆ្នាំមកនេះ។ ហើយវាក៏អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកធូរទ្រូងខ្លះដែរ ខណៈកំពុងជាប់ដៃជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីផង និងជួយអ៉ីស្រាអែលក្នុងសង្រ្គាមនៅហ្កាហ្សាផង»។

ដោយឡែក លោក Derek Grossman ជាអ្នកវិភាគជាន់ខ្ពស់ខាងយោធាមកពីស្ថាប័នស្រាវជ្រាវ RAND Corporation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាកិច្ចព្រមព្រៀង មិនបានដោះស្រាយជម្លោះទឹកដីជាមូលដ្ឋាននោះទេ ហើយមើលទៅ វាបានបរាជ័យតាំងតែពីពេលចាប់ផ្ដើមមកម្ល៉េះ។ តាមលោក Grossman កិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន បានបរាជ័យរួចទៅហើយ ក៏ប្រហែលដោយសារតែទីក្រុងប៉េកាំងមានបំណងរក្សាយន្ដការការទូត ខណៈបន្តរក្សាឱ្យបាននូវផលប្រយោជន៍ស្នូលរបស់ខ្លួន ដែលនេះជាយុទ្ធសាស្ត្រមួយ មានប្រសិទ្ធភាពខ្ពស់ និងមានហានិភ័យទាប៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង