Grand News Asia Close

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 388
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ តបតាមការសូមយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងឯកឧត្ដម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្ដម ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar អនុប្រធានាធិបតី និងឯកឧត្ដមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្ដីការបរទេស ចូលក្រាបបង្គំគាល់ និងសវនាការ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

ដោយ៖ពលជ័យ

អត្ថបទទាក់ទង