Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្ស ក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការ(ទីមួយ) តាមសាលា ដែលអនុវត្តកម្មវិធីសាកល្បង នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 374

CMF:

សម្តេចធិបតី៖ សូមជម្រាបសួរទាំងអស់គ្នា។ កម្មវិធីថ្ងៃនេះមិនបានគ្រោងទុកទេ។ សូម្បីអង្គរក្សខ្ញុំ ក៏មិនដឹងដែរ។ អត់មានអ្នកណាមកយាមទេ។ ទាល់តែមកដល់នេះហើយ ទើបប្រាប់ថាខ្ញុំមកដល់ មិន​បាច់មកតាមទេ។ កិច្ចការងារសំខាន់ថ្ងៃនេះ … គឺមកជួបនិងមើលសាលា … មិនត្រឹមតែមកមើលទេ គឺមកសួរថា តើលោក​/អ្នកគ្រូមានទស្សនៈនិងយល់យ៉ាងម៉េចអំពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ)? មានអ្វីត្រូវថែមថយ? ជាពិសេស តើឪពុកម្ដាយពេញចិត្ត​ទេ? … ខ្ញុំបានគិតថាតើគួររៀបចំយ៉ាងម៉េច។ បើសិនជា surprise មែន ក្រែងលោមិន​មានមនុស្សមក។ អញ្ចឹងខ្ញុំក៏បានខ្ចីឈ្មោះ ឯកឧត្ដម ពេជ សោភ័ន ដោយអោយដំណឹងថា កម្មវិធីនេះរៀបចំនៅក្រោម​អធិបតី​ឯកឧត្ដម ពេជ សោភ័ន ព្រោះគាត់ជា(ថ្នាក់ដឹកនាំនៃ)លេខាធិការដ្ឋាន(គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ) ដែលនៅក្រោមនាយករដ្ឋមន្រ្តីផ្ទាល់។ មានវិធានគន្លឹះ ៥ ដែលខ្ញុំបានដាក់ចេញកាលពីដើម​អាណត្តិ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល ភូមិ/ឃុំសុវត្ថិភាព ដោះស្រាយក្រៅប្រព័ន្ធ​តុលាការ ត្រូវបានដាក់អោយនៅក្រោមនាយករដ្ឋមន្រ្តីផ្ទាល់។

ដោយសារ(ឯកឧត្តម) គាត់នៅក្នុងគណកម្មការនេះដែរ ខ្ញុំក៏ប្រើឈ្មោះគាត់​ខ្ចីសិនអញ្ជើញទាំង​អភិបាល ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ អភិបាលក្រុង ជាពិសេសឪពុកម្ដាយ។ សូមអរគុណចំពោះការរៀបចំនិងចំពោះការចូលរួម។ សូមសរសើរ​ចំពោះអ្វីដែលខ្ញុំបានមកឃើញ។ តាមពិត របាយការណ៍តាំងពីដាក់ចេញមក គឺខ្ញុំបានទទួលសឹងតែរាល់សប្ដាហ៍។ យើងអនុវត្តជាជំហានដំបូងលើ ៤២ សាលា។ ការតាមដាន និងត្រួតពិនិត្យការអនុវត្តសំខាន់។ យើងពិនិត្យមើលថាតើដើរយ៉ាងម៉េច មានបញ្ហាអីឬទេ? របាយការណ៍គឺរបាយការណ៍ហើយ តែខ្ញុំចង់មកមើលជាក់ស្ដែង។ តែឆ្មក់នេះ ដូចប្រាប់មុនខ្លះ។ អម្បាញ់មិញហ្នឹង ក៏មានត្រៀមរបាំជូន ឯកឧត្ដម ទេសរដ្ឋមន្រ្តីដែរ។ ទោះបី​ជាដូរតួគណៈអធិបតីក៏ដោយ។ អញ្ចឹងនឹងមានឆ្មក់មួយទៀត គឺឆ្មក់ស្ងាត់មែនទែន។ អត់មានឯកឧត្ដមទេសរដ្ឋមន្រ្តី អត់មានទាំងខេត្ត គឺចូលមើលជាក់ស្ដែងតែម្ដង។ យើងមាន ៤២ សាលា(អនុវត្តកម្មវិធី) នៅខេត្តកំពង់ឆ្នាំងមាន ៥ សាលា ដែលអនុវត្តកម្មវិធីដំបូង។

ខ្ញុំចង់យកឱកាសនេះដើម្បី ទី១ អរគុណឯកឧត្ដម ទេសរដ្ឋមន្រ្តី ពេជ សោភ័ន ក្រុមការងារ មានលោកគ្រូ ឆេង និងឯកឧត្ដមទាំងអស់​ដែលបានរៀបចំ។​ តាមពិតត្រូវអញ្ជើញឯកឧត្ដម ហង់ជួន ណារ៉ុន មកដែរ តែថ្ងៃនេះគាត់នៅបារាំង ដឹកនាំគណៈប្រតិភូកីឡាខ្មែរទៅប្រកួតអូឡាំពិក។ ជាមោទនភាពដែលកូនខ្មែរយើងប្រកួតនៅនោះ។ ស៊ីញ៉ូគាត់ដែរ តែអត់ប្រាប់គាត់ថាទៅណាដូចគ្នា … ទី២ អរគុណដល់ខាងខេត្ត គណៈអភិបាល ក៏ដូចជាមន្ទីរ និងការិយាល័យអប់រំ ដែលបានជួយជ្រោមជ្រែងគាំទ្រកម្មវិធីនេះ ហើយសំខាន់បំផុតអរគុណអ្នកអនុវត្តផ្ទាល់មាន លោកនាយកសាលា លោក/អ្នកគ្រូទាំងអស់ ដែលបានចូលរួមជាង ២០នាក់នៅទីនេះ និងឪពុកម្ដាយ។ មើលតាមទិន្ន​ន័យ ចាប់ផ្ដើមដំបូងឡើយ ចំនួននៃការចូលរួមមិនទាន់ច្រើន។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គ្រប់សា​លាទាំងអស់ដែលយើងដាក់ ក្មួយៗចូលរៀនគឺមានការកើនឡើង។ នៅទីនេះដូចមានរហូតដល់ ៩៦%។ បើសិនជាឪពុកម្ដាយមិនគាំទ្រ និងជួយបង្កលក្ខណៈឲ្យមករៀនបន្ថែមម៉ោងទេ ប្រហែលជាក៏ពិបាកដែរ។ អញ្ចឹងកម្មវិធីដែល​យើងបានដាក់អោយដើរក្នុងរយៈពេលប៉ុន្មានខែនេះ កំពុងមានសមិទ្ធផលវិជ្ជមាន។

អម្បាញ់មិញបានសួរលោកគ្រូ ហើយថាសិស្សឥឡូវច្រើន។ ឆ្នាំក្រោយអាចនឹងកើនទៀត។ ឥឡូវទើបនឹងខ្ចីអគារមួយជាន់ក្រោមរបស់គរុកោសល្យ ប៉ុន្តែលោកគ្រូថាខ្ចីប្រហែលជាមិនមាននិរន្តរភាពទេទាល់តែសុំដាច់តែម្ដង។ ចាំចុងម៉ោងចាំនិយាយគ្នា។ ឃើញអគារមួយនោះរបស់គរុកោសល្យដែរ តែធ្វើទីចាត់ការ។ សួរឯកឧត្ដមប្រធានមន្ទីរទៅគាត់ថា គរុកោសល្យយើងមានខាងនេះហើយ ឯ(គរុ)សិស្សមិនច្រើនទេ ឆ្នាំនេះប្រហែលតែ ៣០នាក់ទេ ហើយអគារនេះក៏ខ្ចីយូរមកហើយ។ អញ្ចឹងសុំឲ្យដាច់តែម្ដង។ ទោះបីយើងធ្វើអគារទីចាត់ការឲ្យផ្សេង ក៏កន្លែងហ្នឹងអាចថែមជាបណ្ណាល័យ ឬ(កន្លែងហាត់)សិល្បៈ។ សូមកោតសរសើរក្មួយៗ (ដែលរាំរបាំជូនពរ)។ សម៥ថ្ងៃ ហើយចុះទៅក្រោយគេខំសម។ ថារាំជូនឯកឧត្ដមទេសរដ្ឋមន្រ្តី តែអត់មានក្នុងកម្មវិធី។ អត់អីទេក្មួយមក អញ្ចឹងគេមករាំ … កាលជំនាន់ខ្ញុំនៅពីក្មេង បើមនុស្សមើលប៉ុណ្ណេះ ប្រហែល​ជាទៅលែងរួចហើយ។ រាំអម្បាញ់មិញស្អាត …។

ការអប់រំនេះជាកិច្ចការសំខាន់។ យើងចាប់ផ្ដើមពីបឋមសិក្សា។ ខ្ញុំធ្លាប់និយាយតាំងពី​មុនកាន់តួនាទីជានាយករដ្ឋមន្រ្តី គឺធនធានមនុស្សជាគោលដៅសំខាន់។ ធនធានមនុស្សត្រូវមានមូលដ្ឋានរឹងមាំ។ យើងត្រូវពង្រឹងពីក្រោមឡើង គឺយើងដាក់គោលការណ៍សម្រាប់អាណត្តិទី៧ ដែលវិធានការគន្លឹះគឺពង្រឹងពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ទី១២។ ពេលដែលយើងមានមូលដ្ឋាន ១២ឆ្នាំនេះរឹងមាំ ទាំងចំណេះដឹង ទាំងឥរិយាបថ គាត់គ្រប់អាយុចេញទៅរៀន ឬទៅធ្វើការអីផ្សេងៗ គាត់មានភាពរឹងមាំ។ ជាជំហានទី១ យើងចាប់យកបឋមសិក្សា។ ពីមត្តេយ្យសា​លារហូតទៅដល់វិទ្យាល័យ យើងមានមួយម៉ឺនសាលាទូទាំងប្រទេស។ បើយើងដាក់ម្ដងទាំងមួយម៉ឺនសាលា យើងរត់មិនរួចទេ ហើយយើងក៏មិនដឹងថាត្រូវដើរយ៉ាងម៉េច? អញ្ចឹង ខ្ញុំសម្រេចយកថ្នាក់បឋមសិក្សាជាមូលដ្ឋាន។ ពិតណាស់ មត្តេយ្យក៏ត្រូវការដែរ ព្រោះយើងសិក្សាទៅឃើញ អ្នកដែលបានអប់រំពីមត្តេយ្យទៅបានច្រើន ចូលដល់បឋមក៏ចាប់បានលឿនជាងគេ។ យើងមានមត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ហើយបឋមមាន ៧ពាន់សាលា។ អញ្ចឹងយើងសម្រេចយកបឋមសិក្សា និងដាក់វិធានការនេះ។ ធ្វើដូចនេះ មិនមែនមានន័យថា ​ក្រ​សួងអប់រំមិនយកចិត្តទុកដាក់ពង្រឹងមត្តេយ្យ ឬអនុវិទ្យាល័យទេ យើងមានកម្មវិធីនឹងធ្វើដដែល … ពីបឋមសិក្សា យើងរើសជាដំបូង ៤២សាលា។ មានអ្នកទូរស័ព្ទមកសួរ ឃើញ live នៅហ្នឹង សង្ស័យថាមានឃើញខ្ញុំមកឬអត់?

យើងបានដាក់វិធានគន្លឹះនេះ ទី១ ក្ដាប់ឲ្យជាប់នូវបញ្ហាមុននឹងដាក់ចេញនូវផែនការ។ មុននឹងខ្ញុំដាក់ចេញនូវផែន​ការ តាំងពីដើមឆ្នាំ២០២៣នោះ យើងបានឲ្យក្រុមការងារពីរក្រុមចុះស្រាវជ្រាវឲ្យខ្ញុំទូទាំងប្រទេស ថាតើបឋមសិក្សាប្រឈមនឹងអ្វីខ្លះ? យើងសិក្សាទៅឃើញមានបទពិសោធច្រើន ក្នុងនោះមាន(នៅ)បឋម ដែលស្តង់ដាសិក្សាដូចគ្នា។ បានន័យថាមេរៀនទទួលពីក្រសួងអប់រំដូចគ្នា ប៉ុន្តែការអនុវត្តទៅស្តង់ដាសិស្សខុសគ្នា។ អញ្ចឹងយើង(ពិចារណាថា)ទៅថ្ងៃក្រោយ នឹងខំប្រឹងក្នុងទិសដៅឲ្យសាលាបឋមសិក្សាមានស្តង់ដាស្រដៀងៗគ្នា មិនមែនថារឹងកំព្រឹសដូចគ្នាទាំងអស់ទេ តែវាមានស្តង់ដា។ ពេលជាមួយគ្នា យើងក៏ឃើញថា មានសាលាច្រើននៅទូទាំងប្រទេស ដែលជាសាលាល្អ សាលាគំរូ។ ខ្ញុំឃើញលេចធ្លោជាងគេគឺសាលាវត្តបូណ៌ នៅសៀមរាប។ ប្រ​ហែលជាឪពុកម្ដាយធ្លាប់ឃើញហើយ។ មកសាលានេះ ក៏ស្រដៀងគ្នាដែរ។ ដោយសារអី? ព្រោះគ្រូតែមួយ … ត្រូវធ្វើម៉េចមានស្តង់ដាមួយដែលយកជាបទពិសោធ ដែលចែកទៅគ្រប់សាលា។ កុំឲ្យតែសាលានេះជាសាលាលេចធ្លោ ហើយ(ក៏ស្រាប់តែ)ទាំងអស់គ្នាផ្ទេរពីសាលាផ្សេងមកនោះ។ ត្រូវតែពង្រឹងសាលាផ្សេងក្នុងខេត្តកំពង់ឆ្នាំងផង ដើម្បីគ្រប់សាលាទាំងអស់(ជាសាលាគំរូ)។ បើមិនអញ្ចឹង ឪពុកម្ដាយចេះតែមក(សុំប្ដូរកូនមករៀន)។ ដូចនៅសាលាវត្តបូណ៌អញ្ចឹង​ គេ(សុំប្ដូរ)មក។ យើងមិនមែនត្រូវការពង្រឹងតែមួយទេ ត្រូវពង្រឹងគ្រប់សាលាអោយមានស្តង់ដាដូចគ្នា។

ខ្ញុំមានកូន ៣នាក់។ ដូចបងប្អូននៅទីនេះ ក៏ដូចជាលោក/អ្នកគ្រូដែរ តែមានកូនហើយមានអីគិតក្រៅពីកូនទៀត។ កាលពីការហើយ ទៅណាយើងត្រូវគិតគូរពីគាត់។ មែនឬទេ? តែមកវិញ អត់ទិញអីផ្ញើ ចង់ខ្ញាល់។ តែឥឡូវលែងសូវគិតពីគាត់ហើយ តែគិតដល់កូន។ អញ្ចឹងទិញលួងកូនវិញ។ គិតពីកូន តើគិតពីអី? គិតពីអនាគតរបស់គាត់។ តែអត់ពីយើងទៅ កូនវាយ៉ាងម៉េច? អញ្ចឹង កូនត្រូវរៀនតាំងពីតូច រៀនមាន​សុវត្ថិភាព សាលាល្អ។ ក្រសួងអប់រំយើងខំប្រឹងណាស់តាំងពីបាតដៃទទេមក កែទម្រង់។ យើងបានធ្វើច្រើន … រៀបចំក្រុម រៀបចំផែនការ ក្រុមដែល​មានលោកគ្រូ ឆេង អតីតនាយកសាលាដែលនៅទីនេះ មានលោកគ្រូ នី និងលោកគ្រូ សីហា សុទ្ធតែអតីតនា​យកនៅទីនេះ សុទ្ធតែអ្នកចូលនិវត្តន៍ហើយ ចូលមកផ្គុំគ្នាជាក្រុមដើម្បីចែកបទពិសោធន៍បង្រៀន ជួយមើល ព្រោះពេលតាមដានអនុវត្ត លោក/អ្នកគ្រូក៏ត្រូវការជួយដែរ …។

ខ្ញុំបានទទួលរបាយការណ៍ជាប្រចាំ រាយការណ៍ឲ្យខ្ញុំស្រស់បំព្រង។ ថ្ងៃនេះ ខ្ញុំចុះមកឆែកហើយ។ ក្រុមការងាររាយការណ៍ឲ្យខ្ញុំស្រស់បំព្រង ជោគជ័យ ហើយខ្ញុំបានមកឃើញមែន។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំចង់ជួបលោក/អ្នកគ្រូផ្ទាល់ ឪពុកម្ដាយផ្ទាល់ និងនាយកផ្ទាល់ ឲ្យចូលរួមមតិយោបល់ថាតើការដាក់កម្មវិធីនេះមានការប្រែប្រួលយ៉ាងម៉េច ហើយអាចមានចំណុចអីផ្សេងទៀតដែលលោក/អ្នកគ្រូ ឬឪពុកម្ដាយចង់ឃើញបន្ថែម? ឥឡូវ យើងផ្ដោតការបន្ថែមលើកម្មវិធី ២ គឺគុណធម៌ និងសីលធម៌។ អញ្ចឹងត្រូវរៀនទាំងចំណេះដឹង ចំណេះទូទៅឲ្យកាន់តែប្រសើរ តែត្រូវមានឥរិយាបថផង។ ចេះតាំងពីសំពះ។ អម្បាញ់មិញ ខ្ញុំសួរក្មេងៗ គេចេះបត់អាវ។ ខ្ញុំសួររៀនចេះបត់អាវហ្នឹង ពេលទៅដល់ផ្ទះចេះបត់ឬអត់? គេបត់ខ្លួនឯង។ សួរថាចុះពីមុននរណាបត់ឲ្យ? ម៉ែបត់ឲ្យ។ កាលមុន បត់ដែរ តែមិនត្រូវស្តង់ដា។ ឆ្លងថ្នល់ សំពះ អនាម័យផ្សេងៗ ដែលបន្តិចៗហ្នឹងសំខាន់ណាស់។ ជាបំនិនជីវិត។ មានរាំ មានរបាំ មានកីឡាថែមទៀត។

សំរាប់ចំណេះដឹង យើងឲ្យថែម ២ម៉ោង។ កន្លងទៅ យើងឲ្យរៀនមួយកំណាត់ថ្ងៃ ហើយចប់។ ការថែមការបង្រៀន/រៀន ២ម៉ោង គឺដើម្បីយើង និងលោក/អ្នកគ្រូចូលរួមបំប៉នមុខវិជ្ជាគណិតវិទ្យា ភាសាខ្មែរ ដែលរៀនពីព្រឹកមក ក្រែងលោចាប់មិនទាន់បាន។ យើងថែមកុំព្យូទ័រ។ អម្បាញ់មិញ បានទៅមើលកុំព្យូទ័រ lab។ សួរក្មួយៗមួយក្រុមមុននេះ មើលទៅប្រហែលជាចង់ ៦០% មិនធ្លាប់ប៉ះកុំព្យូទ័រទេ។ បន្តិចទៀត បានប៉ះហើយ។ ខ្ញុំប្រាប់ថា កុំឲ្យប៉ះកុំព្យូទ័រ search តែហ្គេមណា។ រៀន research ព្រោះគ្រូបង្រៀនបន្ថែម។ កម្មវិធីមានច្រើនបែប។ ដូចមានម៉ោងសម្រាប់កម្មវិធីសង្គមផង ទៅថ្ងៃក្រោយដើម្បីឲ្យគាត់ភ្ជាប់ទៅនឹងការងារសង្គម ការងារស្ម័គ្រចិត្ត មិនចាំបាច់តែជាកាយឫទ្ធិ ឬកាកបាទក្រហមអីទេ។ គាត់ជួយសង្គម ដូចជា អនាម័យ បរិស្ថានអីៗផ្សេងៗ ជួយឲ្យគាត់យល់ ហើយអាចយកទៅប្រើប្រាស់បាន ពេលចេញពីរៀនសាលា។ ខ្ញុំសូម(មានមតិ)បើកប៉ុណ្ណឹងទៅចុះ។ ដល់ម៉ោងខ្ញុំសួរវិញ។ មុនគេ សួរលោកនាយកសាលា។ ខ្ញុំសូមសួរលោកនាយកថា ប្រៀបធៀបមុនពេលយើងដាក់កម្មវិធីនេះ និងក្រោយដាក់កម្មវិធី តើនៅសាលារបស់យើងមានប្លែកអីខ្លះ ពាក់ព័ន្ធនឹងសិស្ស?

នាយកសាលា៖ មុននឹងជម្រាបជូន រូបខ្ញុំបាទសប្បាយចិត្តណាស់ដែលសម្ដេចមកដល់សាលាអនុវត្ត ដែលជាសាលាគោលដៅ … ដោយសារមិនគ្រោងទុក សូម្បីមាតាបិតា សិស្សានុសិស្ស លោក/អ្នកគ្រូ អត់បានដឹងថាសម្ដេចមកដល់សាលាយើងខ្ញុំទេ។

ខ្ញុំបាទសូមរាយការណ៍ជូនពីវឌ្ឍនភាព និងភាពប្រែប្រួល ពីមុន និងបច្ចុប្បន្ននៃសាលាបឋមសិក្សាអនុវត្តយើង។ មុនដែលចូលជាសាលា គ.វ.អ យើងឃើញទី១ គឺសីលធម៌ ឬវិន័យ ឥរិយាបថ សិស្សនៅទីនេះ នៅមិនទាន់បានចេះសំពះល្អប្រសើរទេ។ ជួនកាល គាត់បានត្រឹមតែសំពះគ្រូបង្រៀន។ ទៅដល់ផ្ទះ គាត់មិនបាន ១០០%ទេ។ នៅពេលដែលសាលាអនុវត្តយើងបានចូលជាសាលា គ.វ.អ ដឹកនាំដោយឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្រ្តី និងក្រោមការគ្រប់គ្រងផ្ទាល់របស់សម្ដេច យើងឃើញភាពប្រែប្រួលទី១ គឺវិន័យរបស់សិស្ស។ ការចូលរៀនគាត់ទាន់ពេលវេលា។ ម៉ោង ៦:៤៥ យើងវាយជួង។ គាត់មកទាន់។ សល់ដែរតិចតូច។ ទី២ ទាក់ទងនឹងឥរិយាបថ និងសីលធម៌ គឹចេះសំពះចាស់ទុំ លោក/អ្នកគ្រូ ចេះឈរមាត់ផ្លូវចាំទទួលមិត្តភក្ដិ លោក/អ្នកគ្រូ និងឪពុកម្ដាយ។ ពេលត្រឡប់ទៅផ្ទះវិញ គាត់ចេះជម្រាបសួរ/លាឪពុកម្ដាយថែមទៀត។

មួយទៀត អ្វីដែលមានការផ្លាស់ប្ដូរ គឺទាក់ទងនឹងជំនាញទន់ ដែលសម្ដេចបានលើកឡើងនេះ ដូចជា ចេះបត់ខោអាវ ចងខ្សែស្បែកជើង។ នេះក៏ជាភាពប្រែប្រួលថ្មីដែលយើងទទួលបាន ចាប់ពីថ្ងៃទី៣ ខែមិថុនា មកដល់ពេលបច្ចុប្បន្ននេះ។ ទាក់ទងនឹងការច្រៀង … សិស្សទាំងអស់ ទាំងលោក/អ្នកគ្រូចេះពីរបៀបច្រៀង ចេះតាំងពីការស្រ​ឡាញ់ជំនាញទន់ទាំងគ្រូនិងសិស្ស។ សិស្សថ្នាក់ទី១ និងទី៣ មានជំនាញខាងភាសាអង់គ្លេស នៅប្រ​ហែលជាដាច់ខែនេះ យើងបានទទួលការហ្វឹកហាត់ និងសិក្សាផ្នែក ICTs ចាប់ពីថ្នាក់ទី៦ ដោយសារបន្ទប់កុំព្យូទ័រយើងដំឡើងបានគ្រប់គ្រាន់ហើយ។

ក្នុងគោលការណ៍វិធានការគន្លឹះ ៤ បច្ចុប្បន្ននេះ សាលាបឋមសិក្សាអនុវត្តបានត្រៀមជាង ៨០% ហើយលើ ៣ ចំណុច។ ទី១ គឺការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសាលារៀន។ ទី២ យើងបានអនុវត្ត(ថែម)២ម៉ោងពេលរសៀល និងទី៣ យើងបានជំរុញការចូលរួមរបស់សហគមន៍កៀរគរសិស្សមករៀនទាំងពេលព្រឹក និងពេលបន្ថែមម៉ោង ជាម៉ោងធ្វើការរបស់រដ្ឋ។ ពួកគាត់មានការពេញចិត្តដែលសម្ដេចបានធ្វើកំណែទម្រង់ បន្ថែម២ម៉ោងនៃការសិក្សានេះ។

ចំណុចទី៤ … ទាក់ទងការយកចិត្តទុកដាក់នឹងសុខភាព និងអាហារូបត្ថម្ភ។ ទីនេះមិនទាន់មានកម្មវិធីដែលជួយលើផ្នែកសុខភាព និងអាហារូបត្ថម្ភ ដែលសម្ដេចថាត្រូវតែមាននោះទេ។ ក្នុងចំណោមវិធានការគន្លឹះទាំង៤ យើងបានអនុវត្ត ៣ជោគជ័យហើយ ដោយសារការចូលរួម និងគាំទ្ររបស់មាតាបិតា​។ ខ្ញុំបាទជឿជាក់ថា សម្ដេចនឹងបញ្ចូលនូវការយកចិត្តទុកដាក់ផ្ដល់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅទីនេះឲ្យបានប្រសើរ។ សូមអរគុណ។

សម្តេចធិបតី៖ ចំណុចទាំងនេះល្អ។ ឥឡូវខ្ញុំសួរថា តើមានអីត្រូវការកែលម្អបន្ថែម ឬបង្កើនបន្ថែមទេ ដើម្បីឲ្យក្រុមការងារអាចគិតបន្ថែមទៀត។ អ្វីដែលយើងគិតគូរនោះ គឺផ្អែកទៅលើក្រុមស្រាវជ្រាវបូកនឹងបទពិសោធលោកគ្រូ។ ពេលដែលអនុវត្តបាន ២ខែនេះ លោកគ្រូនាយកគិតថា មានចំណុចអីទៀតគួរតែមានក្នុងកម្មវិធីនេះ ឬមួយគ្រប់គ្រាន់ហើយ ឬមួយត្រូវការអ្វីទៀត ដើម្បីឲ្យសិស្សកាន់តែបានផលពីកម្មវិធីនេះ? អនុវត្ត ២ម៉ោង ក្រៅម៉ោង នេះមានអ្វីត្រូវថែម?

នាយកសាលា៖ បាទមាន។ ទៅមុខ យើងនឹងត្រៀមសិល្បៈ ឧបករណ៍ភ្លេង ដើម្បីសិស្សនៅទីនេះចេះសម្ដែងសិល្បៈ។ ទី២ យើងមានផែនការទាក់ទងនឹងការអប់រំ​សង្គម បែបព្រះពុទ្ធសាសនា ក៏យើងបានបញ្ចូលដែរ។ នេះគឺ ២ម៉ោងខាងក្រៅ។

សម្តេចធិបតី៖ អំពីសិល្បៈ តើយើងបង្រៀនអ្វីខ្លះ? អម្បាញ់មិញ ឃើញមានរាំអប្សរា តែក្រៅពីហ្នឹងមានសិល្បៈអីទៀតដែលយើងចង់បញ្ចូល?

លោកនាយក៖មានរបាំគោះត្រឡោក តែសាលាច្នៃ របាំក្ងោក …។

ឃើញសប្បាយ ហើយស្របនឹងសប្បាយហ្នឹងអប់រំដែរ។ គ្រាន់តែបត់អាវ រៀបចំឥវ៉ាន់ដាក់កាតាបមករៀនហ្នឹង ដើម្បីមានសណ្ដាប់ធ្នាប់ គាត់ប្រកួតគ្នា គាត់សប្បាយ។ តែសប្បាយខុសពីសប្បាយលេងហ្គេម។ នេះគឺជោគជ័យ។ សប្បាយបានប្រយោជន៍។ ចុះឧបករណ៍ភ្លេង?

លោកនាយក៖ចង់បានមួយឈុតដែរ។

មួយឈុតហ្នឹង តើមួយឈុតបុរាណ ឬឈុតគ្រូ ឆេង? មួយឈុតដូចវត្តបូណ៌ តើមានឬនៅសាលា? នៅទេ។ ចង់បានមួយឈុត។ អាហ្នឹងស្តង់ដាគ្រូ ឆេង។ ចុះឧបករណ៍ភ្លេងអីទៀត? តើយើងមានគ្រូបង្រៀនឬអត់?

លោកនាយក៖មានគ្រូសិល្បៈអាចបង្រៀនបាន។

សម្តេចធិបតី៖ ឲ្យគាត់ស្គាល់ឧបករណ៍។ តែសំខាន់ យកឧបករណ៍មកទាល់តែប្រើ។ បើដាក់តាំង ខូចហើយ។ អញ្ចឹងទាល់តែមានគ្រូ។ យើងយកអីដែលយើងអាចមានសមត្ថភាពបង្រៀនបាននៅនឹងកន្លែង ដូចរាំអម្បាញ់មិញ ជួនពរ រាំគោះត្រឡោក … និយាយរួម ឲ្យតែមានគ្រូសម្រាប់បណ្ដុះបណ្ដាល និងកម្មវិធី។ លោក/អ្នកគ្រូ ដែលផ្ទាល់នោះ តើរបាំ និងឧបករណ៍អ្វីខ្លះដែលចង់បាន?

អ្នកគ្រូ៖ បន្ថែមទៅលើសិល្បៈ ក្រៅពីរាំ​របាំជូនពរ ក៏ចង់បន្ថែមទៀតនូវរបាំគោះត្រឡោក របាំក្ងោក របាំនេសាទ។ ប៉ុន្តែ ពួកខ្ញុំនៅខ្វះជំនាញអស់នេះ មិនទាន់ទទួលបានទេ។

សម្តេចធិបតី៖ ឥឡូវអញ្ចេះ អ្វីដែលយើងមាន ប្រើឲ្យអស់លទ្ធភាព បានន័យថា ប្រភេទរបាំអ្វីខ្លះដែលយើងអាចច្នៃខ្លួនឯងបាន ឬមួយក៏អញ្ជើញគ្រូពីក្រៅ?

អ្នកគ្រូ៖ ជាជំនាញផ្ទាល់របស់ខ្ញុំ នៅទីនេះ អាចជារាំវង់ រាំក្បាច់ សារាវ៉ាន់ ឡាំលាវ នេះពួកខ្ញុំអាចធ្វើបាន។

សម្តេចធិបតី៖ ខ្ញុំមើលឃើញថា ដោយសារពិណពាទ្យអីនេះ ត្រូវការយូរឆ្នាំណាស់​សម្រាប់ហ្វឹកហ្វឺន ហើយត្រូវការគ្រូជំនាញ … តែរបាំគោះត្រឡោកអីស្រួលទេ អញ្ជើញគ្រូផ្សេងមកបង្ហាត់បន្តិចយើងអាចធ្វើបាន។ និយាយរួម សកម្មភាពនេះជាសកម្មភាពបន្ទាប់បន្សំទៅលើការសិក្សា។ ខ្ញុំគិតថា សម្រាប់ឧបករណ៍ភ្លេង និងប្រភេទនៃរបាំ ដែលយើងរៀន ស្រួលៗដែលយើងអាចធ្វើទៅបាន និងស្រួលថែទាំ។ ក្មួយៗគាត់មិនមែនជាសិស្សសាលារចនាទេ ដែលរៀនយកជំនាញខាងហ្នឹង តែគាត់ស្គាល់។ អញ្ចឹង គោះត្រឡោក ដូចរបាំអប្សរាអម្បាញ់មិញ ក៏មិនពិបាកដែរ អ្នកគ្រូគាត់អាចយល់បានខ្លះ រាំត្រុដិ គោះអង្រែតូចៗអី ខ្ញុំគិតថាប្រសើរជាង។ និយាយរួម ឧបករណ៍ខ្ញុំផ្ដល់ជូន តែក្រែងលោអត់ប្រើ។ ឈុតឧបករណ៍ដូចគ្រូ ឆេង អី ខ្ញុំដឹងថាប្រើហើយ តែធំៗពេក អត់មានគ្រូ អត់អី ត្រូវការយូរឆ្នាំ ដូច​ភ្លេងពិណពាទ្យ មានរនាតអី យកមកទុកចោល។ ឧបករណ៍ហ្នឹងទុកឲ្យសាលារចនាចុះ។ យើងបឋម អាចឡើងបញ្ជីមួយ។ ចាំឲ្យតាមក្រុមការងារទៅ។ ប៉ុន្មានមុខដែលបម្រុងឲ្យក្មួយៗរៀន។ ចាំយើងរៀបចំឲ្យ …។

អ្នកគ្រូ៖ គាំទ្រប្រសាសន៍សម្ដេច។

សម្តេចធិបតី៖ ឥឡូវសួរលោកនាយកសិន។ កុំអាលទៅណា។ តើការធ្វើការរបស់ក្រុមការងារដែលចុះមក យើងធ្វើការប្រទាក់ក្រឡាទេ។ ខ្ញុំឲ្យកាត់ឲ្យតិចមែនទែន។ យើងតាមដាន។ កាលដែលយើងធ្វើផែនការលើកមុននោះ គ្រាន់តែក្រុមសុំចុះមកតាមដានត្រួតពិនិត្យនោះ ៣-៤ក្រុម។ ខ្ញុំថាមិនបាច់ធ្វើការតែម្ដងទៅ។ មួយក្រុមចុះមក លោកគ្រូនាយកទទួល។ ប៉ុន្មានថ្ងៃទៀត មួយក្រុមទៀតចុះមក។ ខ្ញុំថា កាត់បន្ថយឲ្យតិចបំផុត។ ទុកតែលោកគ្រូបង្គោលដែលនៅជាប់ ហើយយូរៗក្រុមមកវាយតម្លៃម្ដង។ ខ្ញុំសួរថា តើមកដល់ម៉ោងនេះ ការរៀបចំអាចប៉ះពាល់រំខានទៅដល់ដំណើរការរបស់សាលាឬទេ? … បើមិនជួយ កុំធ្វើឲ្យថយ។ គិតទាំងពីពេលវេលា និងទាំងការងាររដ្ឋបាលរបស់នាយក តើការរៀបចំរបស់ក្រុមការងារមកដល់ម៉ោងនេះ ច្រើនពេក តិចពេក ឬល្មមហើយ ក្រុមការងារដែលចុះមកប្រទាក់ក្រឡានេះ?

នាយកសាលា៖ល្មមហើយ។

សម្តេចធិបតី៖ អត់តិចពេក ឬច្រើនពេកទេ? ឥឡូវ តើលោកគ្រូបង្គោលចុះមកប៉ុន្មានដង?

នាយកសាលា៖ពីរថ្ងៃម្ដង ជួនកាលមួយថ្ងៃម្ដង ក៏មកដែរ។

សម្តេចធិបតី៖ គាត់មកធ្វើអី?

នាយកសាលា៖គាត់ចុះមកគាំទ្រ និងកែលម្អអ្វីដែលសាលាធ្វើមិនទាន់បាន ទាក់ទងនឹងវិន័យ ការគោរពទង់ជាតិ ការច្រៀងចម្រៀងជាតិ ការអង្គុយ ការតម្រង់ជួរ ផ្លាស់ប្ដូររបៀបសំពះយ៉ាងម៉េច ចម្រៀង អ្វីដែលជាគន្លឹះរបស់សាលា គ.វ.អ បានដាក់ជូន។

សម្តេចធិបតី៖ ចុះលោក/អ្នកគ្រូ តើលោកគ្រូបង្គោលគាត់មក ធ្វើការផ្ទាល់ជាមួយលោក/អ្នកគ្រូ ឬជាមួយនាយក? ជាមួយលោក/អ្នកគ្រូ។ ពេលដែលលោកគ្រូបង្គោលមក គាត់ជួយបែបហ្នឹងច្រើនពេក ឬមួយតិចពេក ឬម៉េច?

អ្នកគ្រូ៖ ចំពោះពេលនេះ ខ្ញុំគិតថា មិនតិចទេ ហើយក៏មិនច្រើនដែរ ព្រោះកម្មវិធីទើបនឹងដំណើរការរយៈពេល ២ខែ។ ពួកខ្ញុំអត់ធ្លាប់បន្ថែម ២ម៉ោងទេ។ អញ្ចឹងទាមទារឲ្យលោកគ្រូជួយគាំទ្រឲ្យបានច្រើនដង។ តែខ្ញុំគិតថា នៅពេលក្រោយ គាត់អាចនឹងរង្វើលបន្តិច។

សម្តេចធិបតី៖ ត្រូវតែអញ្ចឹង ព្រោះគម្រោងនេះមិនមែនតែនៅសាលានេះទេ។ គម្រោងនេះនឹងចល័តទៅសាលាផ្សេងៗទៀត។ អ្វីដែលខ្ញុំចង់និយាយ គឺនិរន្តរភាព។ លោកគ្រូចុះមកដំបូង គឺដើម្បីតម្រង់ទិសជួយ។ ដល់ពេលលោក/អ្នកគ្រូស្ទាត់ហើយ ក្រុមយើងនឹងដកចេញ ទៅដាក់នៅសាលាផ្សេងទៀត ដើម្បីជួយសាលាផ្សេងទៀត។ អញ្ចឹងបានសួរថា ពីដំណាក់កាលដំបូងនេះច្រើនពេកឬម៉េច?

អ្នកគ្រូ៖ មិនច្រើនទេ អាចដំណើរការបានហើយ។

សម្តេចធិបតី៖ ដំណាក់កាលដំបូងត្រូវអញ្ចឹង។ ហ្នឹងដែលខ្ញុំឧស្សាហ៍និយាយថា ពេលដែលរៀនដើរមួយជំហាន យើងនៅជាប់ ដល់ពេលដែលកូនគាត់ចេះដើរល្មមទៅ យើងព្រលែងបន្តិច ឈរបន្តិច ឲ្យគាត់ដើរ។ ដល់ពេលគាត់ចេះរត់ យើងអាចដើរ(ចេញ)ទៅដាំបាយអីក៏បានដែរ … របាយការណ៍អត់មានដាក់ទេ។ ខ្ញុំសួរអ្នកគ្រូ។ មានលោកគ្រូផ្សេងទៀត ចំណាប់អារម្មណ៍ម្ដង … ជួនកាលសម្រាប់អ្នកគ្រូ(ល្មម) តែលោកគ្រូផ្សេងទៀត(មានទស្សនៈផ្សេង)។ មិនមែនមកដើម្បីចាប់កំហុសទេ។ អង្គុយជជែកគ្នាដើម្បីវាយតម្លៃ បើថាខ្វះមិនគ្រប់ យើងថែម។

លោកគ្រូ៖… មានដំណើរការទៅមិនទាន់បានល្អប្រសើរទេ​ តែកំពុងខិតខំធ្វើបន្តទៅទៀត។ ការងារដែលបានដាក់កន្លងមកនេះ មិនច្រើន ក៏មិនតិចដែរ តែនឹងព្យាយាមធ្វើបន្តទៀតដើម្បីសម្រេចដល់គោលដៅ។

សម្តេចធិបតី៖ លោកគ្រូបង្គោល ២នាក់ លោកគ្រូ សីហា និងលោកគ្រូ ចាន់ធា (ទី១ គ្រូបង្គោល)គាត់មកគាំទ្រ មិនមែនមកធ្វើជំនួសទេ ត្រូវទេ? ហើយទី២ ការគាំទ្ររបស់គាត់ហ្នឹង មិនតិចពេក មិនច្រើនពេក? ឱ្យ(គ្រូបង្គោល)ជួយច្រើនហ្នឹង ជួយក្នុងរូបភាពអ្វី?

លោកគ្រូ៖ ជួយ(អប់រំ)អំពីឥរិយាបថរបស់សិស្ស និងជួយទៅលើបំណិនចូលរួមក្នុងសង្គម និងបំណិនទន់។

សម្តេចធិបតី៖ បំណិនទន់ យើងរៀនអំពីអ្វីខ្លះ?

លោកគ្រូ៖ បំណិនទន់ រៀនអំពីការរៀបចំ ដូចលោកនាយកមានប្រសាសន៍អញ្ចឹង គឺទៅលើការបត់សំលៀកបំពាក់ ចងខ្សែស្បែកជើង ចងខ្សែ ចងផ្លែ ចងជាថូផ្កា ឬក៏លុបមុខ សិតសក់ ដុសធ្មេញ ហើយការសម្អាតខ្លួនប្រាណពីពេលណាទៅពេលណា។

សម្តេចធិបតី៖ ចំពោះការរៀនពីរម៉ោង ដែលយើងបានដាក់ថែមពីរម៉ោងល្ងាច តើមានបញ្ហាប្រឈមអ្វីទេ ក្នុងការអនុវត្តចំពោះលោកគ្រូអ្នកគ្រូ​នៅទីនេះ?

លោកគ្រូ៖ ចំពោះគ្រូបង្រៀននៅទីនេះ មិនមានបញ្ហាប្រឈមអី្វទេ ប៉ុន្តែដំណើរការដំបូង គឺមានផលពិបាកត្រង់ថា ការកៀរគរប្រមូលសិស្សដើម្បីឱ្យគាត់មករៀន។ ប៉ុន្តែនៅពេលដែលសហគមន៍ចូលរួមទៅ គឺគាត់បានមករៀនបានសឹងតែ ៩០%។

សម្តេចធិបតី៖ ឃើញនៅក្នុងរបាយការណ៍សិស្សសរុប ៦៥១ នាក់ ហើយសិស្សដែលចូលរួមបំប៉ន ៦២៧ នាក់។ សិស្សដែលចូលរួមភាគច្រើនប្រហែល ៩០%ជាង ត្រូវទេ ឬមួយក៏អត់ដល់ហ្នឹងទេ? ត្រឹមត្រូវ។ អ្នករាយការណ៍ឱ្យខ្ញុំ។ ជួនកាល (ខ្លាចថា)សរសេរក្នុងលទ្ធផល ៩៦% ដល់ខ្ញុំសួរ អត់បានប៉ុណ្ណឹង … តើកើន ឬថយ ពីចាប់ផ្ដើមពីថ្ងៃដែលយើងអនុវត្ត ថ្ងៃទី ០៣ ខែមិថុនា។ អញ្ចឹងយើងបានមួយខែជាង។ ឥឡូវថ្ងៃទី ២៧ ខែកក្កដា ចំនួនសិស្សពេលចាប់ផ្ដើម ដល់ឥឡូវកើន ឬមួយយ៉ាងម៉េច? ចំនួនសិស្សគឺចាប់ផ្ដើមកើន។ បន្ដិចទៀត ខ្ញុំនឹងសួរខាងឪពុកម្ដាយសិស្ស។ អញ្ចឹងកើនហ្នឹង កើនដោយសារស្ម័គ្រចិត្ត ឬមួយគ្រូដាក់លក្ខខណ្ឌ ត្រូវតែមក?

លោកគ្រូ៖ គាត់សប្បាយចិត្តក្នុងការរៀន នៅពេលដែលបានបន្ថែមមុខវិជ្ជាភាសាមួយមុខទៀត ហើយបានបន្ថែមទៅលើមុខវិជ្ជាដែលបានរៀនពីពេលព្រឹករួចហើយ និងបានជំនាញមួយទៀត បំណិនទន់ បំណិនសង្គម។

សម្តេចធិបតី៖ បានន័យថា ល្ងាចសិស្សបានមករំលឹកឡើងវិញនូវអ្វីដែលរៀនពីព្រឹក។ នេះគឺជាគោលដៅសំខាន់ ពេលដែលខ្ញុំរៀបចំកម្មវិធីនេះ។ តាមពិត ឆ្លងខ្ញុំច្រើនដងណាស់។ ខ្ញុំឱ្យកែសម្រួលច្រើនដងណាស់។ ត្រូវផ្ដោតលើការពង្រឹង ព្រោះថែមម៉ោងពេលល្ងាចនេះ កុំយកអ្វីផ្សេងច្រើនពេកទៅដាក់ គឺផ្ដោតទៅលើការពង្រឹងនូវអ្វីដែលរៀនពីព្រឹកហើយ ក្រែងគាត់តាមអត់ទាន់ដើម្បី(ឱ្យទាន់)មេរៀនមួយៗ។ កាលខ្ញុំរៀន ព្រឹកល្ងាច កាលនោះ មួយអាទិត្យ រៀន ៦ថ្ងៃ (រៀនពីច័ន្ទដល់)ថ្ងៃសៅរ៍ ថ្ងៃអាទិត្យសម្រាក តែរៀនគួអីបន្ថែម។ ពេលនេះ យើងរៀនព្រឹក (រៀនបន្ថែម)ល្ងាច។ ក្មួយៗឥឡូវ ដោយសារកន្លែងខ្លះយើងរៀនតែព្រឹកទេ អញ្ចឹងពេលវេលាម៉ោងរៀនក៏មិនទាស់ ថែមម៉ោងល្ងាច។ អញ្ចឹងម៉ោងល្ងាចនេះ​ គួរតែផ្ដោតខ្លាំងទៅលើការរំលឹក។

អញ្ចឹងបានយើងដាក់ហើយ ដូចជា ៧០%ជាងនៃម៉ោង បើកទៅលើការរៀន។ យ៉ាងតិច ៧០% ក្រៅពីហ្នឹងបំណិន ៣០%។ ក្នុងការផ្ដោតអា​រម្មណ៍នៅថ្នាក់បឋមនេះ គឺត្រូវពង្រឹងខ្មែរ និងគណិតវិជ្ជា​ កុំឱ្យដល់ថ្នាក់ទី ១២ អី សរសេរអក្សរមិនត្រង់ជួរ។ ចាប់ផ្ដើមរៀនភាសាអង់គ្លេស ក្មួយៗយល់ ប៉ុន្តែនៅតែរៀនភាសាខ្មែរ និងគណិតវិជ្ជាឱ្យច្រើន ត្រូវមានមូលដ្ឋានហ្នឹង។ យើងរៀបចំ ដើម្បីឱ្យក្មួយៗច្បាស់រឿងហ្នឹង។ យើងថែមអ្វីផ្សេងៗទៀតទៅលើមេរៀនដែលរៀនពីមុន។ កាលមុន ពេលដែលរៀបចំនោះ សុំដាក់កម្មវិធី ពេលខ្លះអង់គ្លេសច្រើនម៉ោងពេក។ ខ្ញុំសួរថា ម៉ោងភាសាខ្មែរ ម៉ោងគណិតវិជ្ជាប៉ុន្មាន?

អញ្ចឹងពិភាក្សាជាមួយនឹងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ គឺនៅបថមសិក្សា យើងត្រូវធ្វើម៉េចឱ្យភាសាខ្មែរឱ្យច្បាស់ ឱ្យមានមូលដ្ឋានរឹងមាំ ពេលដែលគាត់ឡើងទៅអនុវិទ្យាល័យ វិទ្យាល័យ (គាត់)ច្បាស់លាស់។ អញ្ចឹងថែមពីរម៉ោង តើសៀវភៅអីៗ សិស្សមានគ្រប់? គ្រប់។ លោកគ្រូអញ្ជើញអង្គុយចុះ សូមលោកគ្រូផ្សេង អ្នកគ្រូផ្សេងម្ដង។ និយាយពីចំណាប់អារម្មណ៍ វាយតម្លៃពាក់ព័ន្ធនឹងកម្មវិធី ទាំងបំណិន ទាំង(ថែម)ពីរម៉ោងនៅពេលល្ងាច តើអ្នកគ្រូយល់យ៉ាងម៉េច? ថ្នាក់នេះ គឺយើងអនុវត្ត ហើយដំបូងនេះ គឺយើងចុះដើម្បីវាយតម្លៃ មានបញ្ហាអី យើងកែសម្រួលពីដើមទីឱ្យហើយ។

អ្នកគ្រូ៖ ជម្រាបសម្ដេច មួយរយៈពេលកន្លងមក ទាំងការបន្ថែមពីរម៉ោងនេះ ធ្វើឱ្យសិស្សទាំងអស់មានការកែប្រែ ទី១ ឥរិយាបថ, ទី២ សិស្សផ្លាស់ប្ដូរការរៀនរបស់គាត់។ ពីមុនដូចថាភាសាខ្មែរ គាត់មិនសូវចេះអាន ខ្វះចន្លោះ ដល់តែពេលគាត់បានរៀនបំប៉នរយៈពេលពីរម៉ោងបន្ថែមទៀត គឺឃើញថា ការអាន ការសរសេររបស់គាត់បានកាន់តែប្រសើរជាងមុន។ សិស្សក៏សប្បាយចិត្តនៅពេលដែលបន្ថែមម៉ោងភាសាអង់គ្លេស ក្នុងការរៀនបន្ថែមម៉ោង។ ទាំងមាតាបិតាសិស្ស ទាំងសិស្ស គឺពេលចិត្តចូលរួមវគ្គសិក្សាបំប៉ននេះ។

សម្តេចធិបតី៖ តើសាលាដាក់អោយរៀនភាសាអង់គ្លេសតាំងពីថ្នាក់ទីប៉ុន្មានទៅ? ពីមុន យើងដាក់ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦ តែឥឡូវចាប់ពីថ្នាក់ទី ១ ទៅ។ ពីថ្នាក់ទី ១ រៀនតិចៗ ដល់ថ្នាក់ទី ៤ បានរៀនច្រើនបន្ដិច។ ប៉ុន្តែ មានគ្រូបង្រៀនភាសាអង់គ្លេសនៅសលាហ្នឹងស្រាប់? ឬមួយយកគ្រូពីក្រៅមក? គ្រូបន្ទុកថ្នាក់។ អញ្ចឹងលោកគ្រូអ្នកគ្រូ សុទ្ធតែចេះអង់គ្លេសខ្លះ បង្រៀនអង់គ្លេសបានខ្លះ។ ដល់ពេលបង្រៀនសិស្ស ចេះខ្លួនឯងវិញ ព្រោះពេលត្រូវឡើងថ្នាក់ ត្រូវតែរៀនខ្លួនឯងបន្ថែម រំលឹកឡើងវិញ។ តើអ្នកគ្រូមើលឃើញថា ទាំងរឿងបំណិន ទាំងរឿងថែមម៉ោងនេះ តើយើងនៅខ្វះមុខវិជ្ជា ឬខ្វះអ្វីបន្ថែមទេ ដែលគួរតែផ្ដោតបន្ថែម?

អ្នកគ្រូ៖ មានសម្ភារៈសិក្សាមួយចំនួននៅខ្វះនៅឡើយ ដូចជារូបភាពបង្ហាញ រូបភាពបិតនៅតាមជញ្ជាំង សម្ភារ

ៈឧបទេសក៍បិតលើជញ្ជាំងដើម្បីឱ្យក្មេងមើល ការរៀនយល់តាមរូបភាព។

សម្តេចធិបតី៖ សម្ភារៈឧបទេសក៍ហ្នឹង ខាងមន្ទីរអប់រំ ក្រសួងអប់រំ ដូចជាមានកម្មវិធីសម្រាប់ផ្គត់ផ្គង់អាហ្នឹងជាប្រចាំឆ្នាំ?

អ្នកគ្រូ៖ ស្នើសុំកុំព្យូទ័រសម្រាប់គ្រូបន្ទុកថ្នាក់ និង slide សម្រាប់បង្រៀន។

សម្តេចធិបតី៖ (បើផ្គត់ផ្គង់កុំព្យូទ័រ មិនផ្គត់ផ្គង់ដល់)គ្រូរបស់យើង (ដែល)មានជាង ១០ម៉ឺននាក់ នៅទូទាំងប្រ​ទេស? ក្រែងគេមានបន្ទប់រួមមួយសម្រាប់ដាក់សម្ភារ

ៈរួម ជាជាង(មានម្នាក់មួយៗ)? នៅតាមសាលាឯកជន គេមានប៊ុយរ៉ូមួយ សម្រាប់លោកគ្រូអ្នកគ្រូ ត្រូវប្រើប្រាស់(កុំព្យូទ័រ)វាយឯកសារ។ ឧទាហរណ៍ slide យើងអត់បង្រៀនតាម slide ព្រោះយើងមានក្ដារខៀនកញ្ចក់។ អញ្ចឹង slide អត់ត្រូវការប្រើគ្រប់ថា្នក់ទេ។ កាលខ្ញុំរៀននៅអាមេរិក សាលាគេមាន ៣ projector អញ្ចឹង។ ភាគច្រើន គ្រូមិនមាន projector តាមថ្នាក់នីមួយៗទេ ពេលដែលបង្រៀនធម្មតា សរសេរលើក្ដារខៀន ដល់ពេលម៉ោងហ្នឹង គាត់ត្រូវប្រើ projector គាត់(ស្នើសុំ) សាលាឱ្យខ្ចី។ ចប់យកមកវិញ។ ហ្នឹងរបស់រួម។ បើយើងដាក់មួយថ្នាក់ projector មួយ ពិបាកថែណាស់។ របស់ហ្នឹង តែក្ដៅ អត់មានម៉ាស៊ីនត្រជាក់ខូច។ ខូចធ្វើមិនកើត។ សុំ laptop ឯកជន? សម្រាប់បង្រៀនបំណិនអីហ្នឹង ថ្នាក់រៀនដែលយើងចាប់ផ្ដើមនេះ គឺមានហើយ ខ្វះតែរឿងរបាំអីអម្បាញ់មិញ ដែលយើងចង់បន្ថែម។ ចុះការអនុវត្តនេះ ប៉ះពាល់ បង្កការលំបាកដល់លោកគ្រូអ្នកគ្រូទេ? កាលពីមុន យើងមិនមាន(រៀនបន្ថែម)ពីរម៉ោងហ្នឹងទេ។

អ្នកគ្រូ៖ ពីមុនគិតថាលំបាក ឥឡូវមានតែការតស៊ូដើម្បីសិស្ស និងកុមារ ដើម្បីឱ្យគាត់បានចេះដឹងទាំងអស់គ្នា។

សម្តេចធិបតី៖ កូនយើងទេតើ ឪពុកម្ដាយ ជាឪពុកម្ដាយទី១ ឯលោកគ្រូអ្នកគ្រូ ជាឪពុកម្ដាយទី២។ អញ្ចឹងយើងបង្រៀនកូនយើង។ បើលោកគ្រូអ្នកគ្រូជាប់ម៉ោងផ្សេង បង្រៀនផ្សេង អាហ្នឹងក្រោយម៉ោង យើងអនុវត្ត ព្រោះយើងមិនមានហាមទេ។ តែថែមពីរម៉ោងនេះ សម្រាប់ទាំងអស់គ្នា។ (បន្ថែមពីរម៉ោងដល់សិស្សានុសិស្ស)ទាំងអស់គ្នានេះ គឺយើងមិនមានតម្រូវបង់អ្វីទេ គឺសម្រាប់រៀនតែម្ដង។ បន្ថែមម៉ោងរដ្ឋ។ យើងបន្ថែមឱ្យឪពុកម្ដាយ។ ដោយឡែក ក្រោយពីនេះ អ្នកណាចង់រៀនអីបន្ថែម អាហ្នឹងឪពុកម្ដាយរៀបចំចុះ។ តែយ៉ាងហោចណាស់ សិស្សគ្រប់គ្នាបានពីរម៉ោងបន្ថែមទាំងអស់គ្នា។ ក្រោយចប់ពីហ្នឹង ទៅរៀនគួអីបន្ថែម រឿងរបស់គាត់។ ដូចកាលខ្ញុំនៅពីក្មេង រៀនដល់ម៉ោង ៥ ចេញទៅ ម៉ោង ៦ ឬ៧ ហ្នឹង តភាគជាមួយនឹងលោកគ្រូអ្នកគ្រូក្រៅ។

ហ្នឹងជម្រើសសិស្សទេ។ អ្នកខ្លះ គេមិនរៀនត អាហ្នឹងរឿងរបស់គេ។ តែយើងបង្កើននេះ យើងផ្ដោតតែរឿងក្នុងសាលា រៀនម៉ោងរដ្ឋ ហើយថែមពីរម៉ោងនេះ (រៀន)ឱ្យបានច្រើនជាងមុន។ យើងសាកល្បងរុញកម្មវិធីហ្នឹង បន្ដិចទៀតយើងយកបទពិសោធន៍ទាំងអស់នេះរុញទូទាំងប្រទេស ជាជំហានតែម្ដង ជាពិសេសសាលានៅជនបទឆ្ងាយៗ។ សាលានៅក្នុងក្រុងអាច​មានលទ្ធភាពច្រើន តែសាលានៅជនបទឆ្ងាយ លោកគ្រូអ្នកគ្រូនៅឆ្ងាយ គឺភាគច្រើនថែមពីរម៉ោង ដើម្បីគាត់បានជួយបង្រៀនបន្ថែមទៀត។ ការអនុវត្តនេះ អូខេ អត់ច្រើនពេកទេ អត់តិចពេកទេ។ សូមលោកគ្រូអ្នកគ្រូប៉ុន្មាននាក់ទៀត បញ្ចេញមតិ​មក មិនបាច់ខ្ញុំសួរទេ មានអីត្រូវលើក។ ខ្ញុំចង់ដឹង ការអនុវត្តនេះ។

អ្នកគ្រូ៖ នាងខ្ញុំជាគ្រូថ្នាក់ទី ៥ សាលាអនុវត្ត ក្រុងកំពង់ឆ្នាំង សូមសំដែងនូវចំណាប់អារម្មណ៍មួយចំនួនដែលទទួលបានពី គ.វ.អ ទី១ លោកគ្រូអ្នកគ្រូបង្កើតឥរិយាបថល្អចំពោះគ្នា។ ទី២ សិស្សានុសិស្សប្រែប្រួលឥរិយាបថកាន់តែល្អ។ ទី៣ សិស្សានុសិស្សទទួលបានការសិក្សាកាន់តែល្អ ចំណេះដឹងកាន់តែច្រើនក្រោយពីបានរៀនបន្ថែមម៉ោង។

សម្តេចធិបតី៖ មួយជ្រុងទៀត តើមានអ្វីគួរកែលម្អប្រសិទ្ធភាពអត់? ល្អៗខ្ញុំបានហើយនៅក្នុងរបាយការណ៍ ឥឡូវចង់ស្ដាប់លោកគ្រូអ្នកគ្រូ ជួយបញ្ជាក់ថា របាយការណ៍ហ្នឹងត្រូវ។ ឥឡូវអ្វីដែលយើងចង់បាន មិនមែនជាចំណុចនេះទេ អាចថា ជាចំណុចដែលយើងមិនទាន់ដាក់ចេញ គិតមិនទាន់ដល់។

អ្នកគ្រូ៖ ចង់បានគ្រូផ្នែកភាសាបរទេសមួយ ជាជនជាតិបរទេស ដើម្បីបានចូលរួមក្នុងសាលា បង្រៀនភាសាបរទេស ដល់សិស្សានុសិស្ស។

សម្តេចធិបតី៖ រៀនបឋមហ្នឹង មិនចាំបាច់ទៅរកជនបរទេសមកទេ។ យើងមានសាលាបឋមសិក្សាជាង ៧ពាន់សាលា ទៅរកជនបរទេស ៧ពាន់នាក់ មកធ្វើអី។ (ចង់ឱ្យសាលាសម្ដេចឈានមុខគេ) សាលាហ្នឹង មិនមែនរបស់ខ្ញុំទេ សាលារបស់រដ្ឋ គ្រាន់តែដាក់កម្មវិធីនេះទេតើ។ បន្ដិចទៀត នឹងត្រូវពង្រីកទៅ ៧ពាន់សាលា។ យើងមើលមូលដ្ឋាន តើអាចធ្វើបានទេ? ឥឡូវលោកគ្រូអ្នកគ្រូ ជាអ្នកបង្រៀន បើយើងយកគ្រូមកគ្រប់ ២០នាក់ (បង្រៀនតែ)ភាសាអង់គ្លេស ក៏អត់កើត។ បើមក ទាល់តែប្រមូលសិស្សទាំងអស់ដាក់មួយថ្នាក់ ឱ្យគាត់រៀន។ ហ្នឹងអត់ចំ​ណេញទេ។ អាចថា រកគ្រូមួយដែលគាត់អាចចេះអង់គ្លេសច្រើនមកបង្រៀនលោកគ្រូអ្នកគ្រូ ព្រោះលោកគ្រូអ្នកគ្រូអាចចេះខ្លះហើយ។ អញ្ចឹងបំប៉នជូនលោកគ្រូអ្នកគ្រូ ដើម្បីទៅបង្រៀនបន្ត ព្រោះអញ្ចឹងអាចកើតជាង។

ចាំក្រុមការងាររបស់យើង រកមើលគ្រូអង់គ្លេសណានៅក្នុងខេត្ត ហើយអញ្ជើញគាត់មក។ មិនចាំបាច់(ផ្ដល់ក្របខណ្ឌ ឬកិច្ចសន្យា)អីទេ ព្រោះគាត់មិនមែនមកបង្រៀនជាប់ជាអចិន្រ្តៃយ៍ទេ។ គាត់មកបើកវគ្គខ្លី។ ឧទាហរណ៍ថា ៣ខែ ឬ ៦ខែ សម្រាប់បំប៉នលោកគ្រូអ្នកគ្រូ បង្រៀនក្មួយថ្នាក់បឋមប៉ុណ្ណឹង។ ថ្នាក់បឋម យើង(បង្រៀនភាសាអង់គ្លេស)តែប៉ុន្មានតើ អត់ត្រូវបង្រៀនច្រើនទេ។ អញ្ចឹង(អាចអញ្ជើញគ្រូអង់គ្លេសបើកវគ្គខ្លី) សម្រាប់បង្រៀនលោកគ្រូអ្នកគ្រូ បង្រៀនតែប៉ុណ្ណឹង យើងអាចកុងត្រាជាមួយនឹងគាត់ ៦ខែ មកបង្រៀនលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូទាល់តែព្រមរៀនចំណាយពេលទៅជាសិស្សវិញដែរ។ ព្រម។ អញ្ចឹងយើងអាច។ បើសិនជាយើងរកគ្រូផ្សេងមក គ្រូបរទេសឬខ្មែរ ចង់បង្រៀនដូចរាល់ថ្ងៃ ទាល់តែរកគ្រូ ២១នាក់ ហើយបើយើងរកគ្រូតែម្នាក់មក គឺទាល់តែផ្គុំគ្នារៀន។ អត់ប្រសិទ្ធភាពទេ។ អញ្ចឹង(រកគ្រូអង់គ្លេស)បង្រៀនទៅ ព្រោះគ្រូថ្នាក់ទី១ ទី២ ទី៣ គាត់រៀនមួយក្រុមគាត់ទៅ សម្រាប់បង្រៀនតែសិស្សថ្នាក់ទី១ ទី២ ទី៣។ ដល់ពេលលោកគ្រូអ្នកគ្រូថ្នាក់ទី៤​ ទី៥ ទី៦ សម្រាប់មួយក្រុមទៀត។ បង្រៀនមេរៀនសម្រាប់យកទៅបង្រៀនតែម្ដង។

ខ្ញុំថាអញ្ចឹង យើងដោះស្រាយទាន់។ ព្រម។ អញ្ចឹងយើងរៀបចំទៅ ហើយចាំពេលវេលាជាក់ស្ដែង ឱ្យលោកគ្រូអ្នកគ្រូសម្រេចចុះ។ ថាតើលោកគ្រូអ្នកគ្រូចង់រៀនពេលណា ខាងគណៈកម្មការនឹងដោះស្រាយ(គ្រូ)មកបង្រៀនអង់គ្លេសជូន។ ឱ្យគាត់បង្រៀនសម្រាប់ត្រៀមហ្នឹង ជាមេរៀនសម្រាប់លោកគ្រូអ្នកគ្រូបង្រៀនសិស្សផង ព្រោះកម្រិតថ្នាក់ទី១ ទី២ ទី៣ អង់គ្លេស(បង្រៀន)សម្រាប់សិស្សអត់ច្រើនទេ តែលោកគ្រូអ្នកគ្រូអាចចេះច្រើនជាងហ្នឹងចុះ។ ថ្នាក់ទី៤ ទី៥ ទី៦ ក៏(បង្រៀន)មិនច្រើនដែរ ព្រោះម៉ោងយើងក៏មិនច្រើនដែរ តែដើម្បីបង្រៀនបន្ថែម។

(អាហារូបត្ថម្ភលោកនាយកបាននិយាយហើយ។ តែខ្ញុំសូមបញ្ជាក់)អាហារូបត្ថម្ភអញ្ចេះ។ ដោយសារទំហំច្រើន យើងផ្ដោតទៅលើកម្រិតមត្តេយ្យភាគច្រើន។ បើយើងនិយាយអំពីកម្មវិធីអាហារូបត្ថម្ភរបស់ក្រសួងអប់រំ ដូចប៉ុន្មានម៉ឺននាក់នៅទូទាំងប្រទេស យើងផ្ដោតឥឡូវទៅស្រុកដាច់ស្រយាលច្រើន ព្រោះស្រុកដាច់ស្រយាល គ្នាលំបាក ហើយផ្ដោតទៅលើមត្តេយ្យ សិស្សតូចៗ ដែលយើងទិញផលិតផលក្នុងស្រុក ដូចជាអង្គរទិញពីប្រជាពលរដ្ឋនៅមូលដ្ឋាន កិនជាបបរដើម្បីឱ្យក្មួយៗ។ ហ្នឹងបើនិយាយអំពីអាហារូបត្ថម្ភហ្នឹង។

បើក្នុងកម្មវិធីអាហារូបត្ថម្ភ(នៅទី)នេះផ្សេងទេ បានន័យថាពាក់ព័ន្ធ(នឹងចំណីអាហារ)មានលក់នៅក្នុងសាលា។ អញ្ចឹង ឱ្យយោបល់ថា (អាហារ)អ្វីដែលហូបទៅ វាប៉ះពាល់សុខភាព ភាគច្រើនរឿងហ្នឹង។ បើកម្មវិធីរដ្ឋសម្រាប់ទម្លាក់មកជូនអាហារម្នាក់ ៣ពេល អីអញ្ចឹង យើងមិនទាន់មានលទ្ធភាព ព្រោះសិស្សរបស់យើងរាប់់លាននាក់នៅទូទាំងប្រទេស។ យើងផ្ដោតឥឡូវហ្នឹងនៅស្រុកដាច់ស្រយាល ៧ខេត្ត សម្រាប់ថ្នាក់មត្តេយ្យ។ ខ្ញុំសូមបញ្ជាក់បន្ដិច អាហារូបត្ថម្ភ(តាមកម្មវិធីក្រសួងអប់រំ) ដែលយើងនិយាយតម្រូវចង់ឱ្យមានស្ដង់ដារមួយ … យើងអត់កំ​ណត់អញ្ចឹងទេ។ សុខចិត្តឱ្យសាលា សមាគមឪពុកម្ដាយ និយាយជាមួយនាយក។ យើងគិតជជែក កុំហាមឃាត់។ តែជាការកិច្ច ជាការផ្ដល់យោបល់ ឧទាហរណ៍ថា អាហារខ្លះហូបទៅ ក្មេងធំឡើង អាយុ ២០ឆ្នាំ ៣០ឆ្នាំ គាត់អាចមានទឹកនោមផ្អែម ឬមួយខ្លាញ់ច្រើន។ យើងផ្ដល់យោបល់ទៅ អ្នកលក់ក៏យល់និងដូរផ្លាស់តាមហ្នឹង។ អាហ្នឹងយើងនិយាយអំពីអាហារូបត្ថម្ភបែបហ្នឹង។

អ្នកគ្រូ៖ ខ្ញុំចង់និយាយថា អ្នកគ្រូថ្នាក់ទី១ គាត់អត់មាន ​slide។ សម្ដេចមានប្រសាសន៍ថា slide ទាល់តែចូលក្នុងសាលបានបង្រៀន។ ចំណែកពួកខ្ញុំពីថ្នាក់ទី៤ ដល់ទី៦ អត់ដែលបានចូលសាលទេ ដោយសារមានមេរៀនត្រូវការ slide តាមថ្នាក់ផ្ទាល់។​ slide មាន ពីថ្នាក់ទី៤ ដល់ទី៦ ហើយមានតែ ៣ថ្នាក់ទេ បើថា កុំព្យូទ័រផ្ទាល់ខ្លួនអត់មានទេ។

នាយកសាល៖ ចង់បញ្ជាក់សម្ដេច ដែលគាត់បានលើកពីការប្រើប្រាស់ slide នេះ នៅទីនេះ បំពាក់បាន ៣ថ្នាក់ហើយ សម្រាប់ថ្នាក់ទី៤ ដល់ទី៦។ slide នេះមានប្រយោជន៍ ព្រោះពាក់ព័ន្ធនឹងម៉ោងសិក្សាសង្គម ឬម៉ោងវិទ្យាសាស្រ្តអនុវត្ត​ន៍ ឬក៏បានជាបំណិនអ្វីមួយ យើងអាចបង្ហាញសិស្សមើលបាន ងាយយល់។ តម្រូវ slide ជាការត្រឹមត្រូវហើយ។

សម្តេចធិបតី៖ Slide ត្រូវការម៉ាស៊ីនត្រជាក់។ ប្រើម៉ាស៊ីនត្រជាក់ ត្រូវចេញលុយភ្លើង។ ភាគច្រើនដែលខ្ញុំបានបំពាក់ឱ្យនៅសាលាទាហាន នៅសាលាអី បំពាក់ទាំងកុំព្យូទ័រទាំងអី រាប់រយគ្រឿង តែ ២ឆ្នាំក្រោយ អស់រលីង ដោយសារអត់ភ្លើង​ អត់មានអីថែ។ ដាក់ដំបូង ៣-៤ខែដំបូង បើកម៉ាស៊ីនថែ ដល់ពេលថ្លៃភ្លើងគេទារថ្លៃពេក ១ខែឡើងពី ១លានរៀល ទៅ ៣លានរៀល ក៏កាត់។ ដល់កាត់អញ្ចឹង បិទបន្ទប់ខ្លះទុកចោល។ ហ្នឹងខ្ញុំឱ្យគិតរឿងហ្នឹង រឿងបំពាក់ អត់អីទេ ប៉ុន្តែរឿងថែទាំ(ជាការត្រូវគិត)។ អញ្ចឹងបំពាក់តាមការចាំបាច់។ សួរថា គ្រប់ថ្នាក់ត្រូវតែបំពាក់ LED ឬយ៉ាងណា? ហ្នឹងគោលដៅក្រសួងអប់រំយ៉ាងម៉េច? ហ្នឹងខ្លាំងជាងនៅអាមេរិកទៀត ព្រោះអាមេរិកមាន slide សម្រាប់រុញ ឧទាហរណ៍ថា សាលាអញ្ចឹង ២០ថ្នាក់ គេមាន ៥គ្រឿង អត់ប្រើប្រាស់ពេលជាមួយគ្នាទេ ហើយការទទួលខុសត្រូវ ថែទាំ​ គឺនាយកសាលា។ បានន័យថា បន្ទប់មួយគេដាក់រួមតែម្ដង ថែទាំសម្ភារៈបច្ចេក​ទេស​​។ ហ្នឹងយើងគិតពីនិរន្តរភាពការប្រើប្រាស់។ ឥឡូវខ្ញុំសួរអ្នកគ្រូ តើគ្រប់ថ្នាក់ត្រូវការ slide ហ្នឹងគ្រប់ម៉ោង? ប៉ុន្មានភាគរយនៃម៉ោងដែលយើងប្រើអាហ្នឹង? ៧០% យើងប្រើ slide​។

អ្នកគ្រូ៖ ដោយសារមុខវិជ្ជាខ្លះ ដូចជា មុខវិជ្ជាវិទ្យាសាស្រ្ត ភាសាអង់គ្លេសក៏អាចដាក់បាន ហើយមួយទៀតផ្នែកជំនាញទន់ក៏យើងដាក់បានដែរ។ ជួនកាល យើងអាចបើក slide ឱ្យគាត់មើល ឱ្យគាត់ធ្វើតាម។

សម្តេចធិបតី៖ (ម៉ោងបង្រៀន) ៧០%(ត្រូវការប្រើ) ហើយរបស់ដាក់ជាប់នៅក្នុងហ្នឹងតែម្ដង? ខ្ញុំថា យកល្អ​កុំដាក់ទុក(ក្នុងថ្នាក់) ទោះបីមានគ្រប់ថ្នាក់ក៏ដោយ។ កុំទុកក្នុងថ្នាក់។ ខ្ញុំជូនយោបល់ទេ។ សុខចិត្តយើងប្រើចល័តវិញ។ យកទៅដាក់ក្នុងបន្ទប់មួយមានម៉ាស៊ីនត្រជាក់។ ពេលម៉ោងបង្រៀនថ្នាក់ណា យកចេញមក។ បទពិសោធន៍កាលខ្ញុំនៅសាលាទាហាន ដែលខ្ញុំបំពាក់ឱ្យអញ្ចឹង យើងបំពាក់បានតែ ២ឆ្នាំ ខូចអស់ ដោយសារអត់ភ្លើងបើកម៉ាស៊ីនត្រជាក់គ្រប់។ ឧទាហរណ៍ថា យើងមានគ្រប់ថ្នាក់ចុះ ទុកក្នុងថ្នាក់ដូច្នេះត្រូវមានម៉ាស៊ីនត្រជាក់បើករហូត។ ខែប្រាំងត្រូវបើកជាប់រហូត។ បើអត់បើក(ខូចអំពូល)។ អញ្ចឹងត្រូវ ២០ បន្ទប់ហ្នឹង ត្រូវបើកម៉ាស៊ីនត្រជាក់ចោល។ ខ្ញុំជូនយោបល់ទេ។ បង់លុយភ្លើងខ្លួនឯង ហើយការថែទាំ។ លោកគ្រូអ្នកគ្រូគិតមើលទៅ​ ហើយក្រសួងអប់រំក៏គិតមើលដែរ។ រុញចល័តដាក់បាញ់(បញ្ចាំង)មក វាដូចតែគ្នាហ្នឹង។ យើងយកមកដាក់លើតុមួយ ពេលបញ្ចាំងទៅលើក្ដារខៀនដូចគ្នា។ ដល់ចប់ យកទៅទុកថែទាំនៅកន្លែងមួយបាន។ អត់ព្រួយរឿងអ្នកណាលួចតាមថ្នាក់ទៀត។ គិតគូររឿងហ្នឹង ប៉ុន្តែមួយ slide គួរតែមានមួយ computer ហើយ។ កុំព្យូទ័រមួយត្រូវភ្ជាប់ជាមួយ slide តើ slide នីមួយៗ មានភ្ជាប់ computer ឬអត់?

អ្នកគ្រូ៖ ភ្ជាប់ computer តែភ្ជាប់ computer របស់គ្រូផ្ទាល់ខ្លួន។

សម្តេចធិបតី៖ អញ្ចឹងអត់មានភ្ជាប់ជាមួយប្រព័ន្ធរួមហ្នឹងទេ?

អ្នកគ្រូ៖ សម្តេចដោយសារអត់មានសាលសម្រាប់រួម។

សម្តេចធិបតី៖ អត់ទេ អាចល័តហ្នឹងមិនបាច់សាលរួមទេ។

អ្នកគ្រូ៖ អត់មានថ្នាក់/សាលសម្រាប់ធ្វើ។

សម្តេចធិបតី៖ បើយើងចល័ត ថ្នាក់លោកគ្រូហ្នឹងឯង​យកទៅដាក់នៅថ្នាក់យើងបង្រៀន។

អ្នកគ្រូ៖ ចង់និយាយអញ្ចេះសម្តេច ដោយសារបឋមសិក្សាអញ្ចឹង កម្មវិធីរបស់ក្រសួងមានម៉ោងពីទី ៤ ដល់ទី ៦ គឺម៉ោងដូចគ្នាតែម្តង ម៉ោងជាន់គ្នា។ អញ្ចឹងត្រូវរៀនទាំង ៣ ថ្នាក់ អត់អាចប្តូរចល័តគ្នាបាន។

សម្តេចធិបតី៖ ខ្ញុំជម្រាបអ្នកគ្រូអញ្ចេះទេ បើយើងដាក់នៅលើនេះទាល់តែថ្នាក់មាន slide ហ្នឹងបានយើងបង្រៀនបាន ត្រូវទេ? តែបើ slide ដែរតែចល័តដូច computer មួយនៅលើតុ មួយយួរដៃ អាចល័តអ្នកគ្រូយកទៅណាក៏បានដែរ ត្រូវទេ? ខ្ញុំគិតថារបស់ដែលអ្នកគ្រូចង់បានហ្នឹង មិនមែនសុំឧបករណ៍លើតុទេ។ អញ្ចឹង slide ដូចគ្នា ដែលខ្ញុំឲ្យយោបល់គឺចល័ត។ យើងរៀបតុរៀបទូមួយទៅសម្រាប់ចល័តមួយគ្រឿងហ្នឹង។ អញ្ចឹងដល់ម៉ោងចង់រៀននៅណា ដាក់នៅហ្នឹង។ ចង់ធ្វើរោងនៅក្រៅក៏បានដែរ តតែខ្សែភ្លើងយកឧបករណ៍ហ្នឹងដាក់អេក្រង់មកបង្រៀនបាន។ ចប់យើងរុញចូលបន្ទប់មួយ។ ឧទាហរណ៍មាន ១៥ គ្រឿង ដាក់តែមួយជាមួយ computer មួយទៅគឺយើងបើកម៉ាស៊ីនត្រជាក់ចាក់សោរឲ្យជាប់នៅតែកន្លែងហ្នឹងមួយ។

យល់ខ្ញុំនិយាយទេ? ឥឡូវប៉ុន្មានថ្នាក់ដែលមាន slide នេះ។ នៅសាលានេះ? តែ ៣ ទេ។ អញ្ចឹងអ្នកគ្រូផ្សេងទៀតដែលចង់ចាក់ slide ទាល់តែមកថ្នាក់ ៣ ហ្នឹង​ ត្រូវទេ? ហ្នឹងហើយ។ ដោយសារយើងចាប់ជាប់ជញ្ចាំង។ តែដែលខ្ញុំនិយាយនោះ slide ដែលឲ្យមកក្រោយ ឧទាហរណ៍ ថាខ្ញុំឲ្យហ្នឹង គឺមិនគួរចាប់ជាប់ជញ្ជាំងទេ ដាក់ចល័តវិញ។ មកទាញតុមួយដាក់វានៅលើហ្នឹងទៅ ចប់ម៉ោងហ្នឹងយើងឈប់ប្រើ។ ដល់ម៉ោងគ្រូផ្សេងប្រើ ឧទាហរណ៍ជាន់គ្នា របស់គាត់ខូច ខ្ចីរបស់យើងយកទៅ អាហ្នឹងស្រួល។ ចុះមានអីទៀតអ្នកគ្រូ?

ពេលដែលបំពាក់សម្ភារៈ ខ្ញុំគិតមុនគេគឺការថែទាំ និងនិរន្តរភាព។ អង្គភាពប្រឆាំងភេរវកម្មគេថាគេមានកន្ទុំរុយមួយឲ្យមកខ្ញុំ។ អង្គភាពយើងគួរតែមានខ្លួនឯង។ ខ្ញុំថាអត់ទេ ខ្ញុំឲ្យទ័ពអាកាសទុកចុះ មានពេលខ្ញុំទៅប្រើ។ បើឲ្យខ្ញុំ ខ្ញុំត្រូវចាក់សាំង ខ្ញុំត្រូវថែទាំបច្ចេកទេស។ ការបំពាក់ យើងត្រូវគិតពីលទ្ធភាពធានាពេលខូចជួសជុល។ នេះដែលខ្ញុំនិយាយពី smart board ត្រូវហើយ។ បើសិនជាខូចត្រូវការជួសជុលអស់ប៉ុន្មាន? តែបើ projector វាពាក់ព័ន្ធតែរឿងនេះមួយទេ។ អញ្ចឹងការបំពាក់ smart board យើងមានហើយ ប៉ុន្តែយើងមិនបំពាក់ច្រើនទេ យើងបំពាក់ច្រើន slide វិញ។ ហើយ slide ខ្ញុំឲ្យយោបល់គឺចល័តវិញកុំដាក់ជាប់អញ្ចេះ។ នៅសាលប្រជុំធំដាក់ចុះ តែបើបន្ទប់ថ្នាក់តូចៗ ជាជាងពិបាកថែទាំ ពិបាកការពារផង។ ឥឡូវមាន ៣ នៅខ្វះប៉ុន្មាន set?

លោកគ្រូ៖ តម្រូវការគ្រូគាត់ចេះប្រើប្រព័ន្ធ IT ហ្នឹង ចូលជិត ៨០ ភាគរយ ហើយបច្ចុប្បន្នយើងកំពុងតែបំពាក់ចំពោះថ្នាក់ធំ ថ្នាក់ធំពីថ្នាក់ទី​ ៤ ដល់ទី ៦ ។

សម្តេចធិបតី៖ ភាគច្រើនថ្នាក់ទី ៤ និងទី ៦ មានប៉ុន្មានថ្នាក់?

លោកគ្រូ៖ ៦ ថ្នាក់។

សម្តេចធិបតី៖ ៦ ថ្នាក់មិនទាន់មានទេ?

លោកគ្រូ៖ មាន ៣ ខ្វះ ៣។

សម្តេចតេជោ៖ អញ្ចឹងជូន slide ហ្នឹង ៣ គ្រឿងទៅ ហើយ lap​top ៦ គ្រឿងទៅ។

​លោកគ្រូ៖ បាទអរគុណ។

សម្តេចធិបតី៖ កុំព្យូទ័រយកប្រភេទលើភ្លៅ ឬលើតុអ្នកគ្រូ។ laptop លើភ្លៅ desktop។ លើតុ យកមួយណា?

អ្នកគ្រូ៖ យកលើភ្លៅ។

សម្តេចធិបតី៖ អញ្ចឹងកុំព្យូទ័រ ៦ គ្រឿងសម្រាប់ថ្នាក់ទី ៤ និងទី ៦ ព្រោះអាថ្នាក់ទី ១ ដល់ទី ៣ មិនសូវប្រើ slide ទេ អាហ្នឹងយើងប្រើរួម។

អ្នកគ្រូ៖ សម្តេចជូនកុំព្យូទ័រហ្នឹងទី ៤ ដល់ទី ៦ គ្រឿង ចុះថ្នាក់ទី ១ ដល់ទី ៣ ត្រូវការកុំព្យូទ័រដែរតើសម្តេច។ សម្តេចអត់ជូនផង។ អញ្ចឹងអត់សម។

សម្តេចធិបតី៖ អញ្ចឹងគ្រប់សាលាទៅហ្នឹងត្រូវតែដោះអញ្ចឹងតែម្តង។ បន្តិចទៀត អនុវិទ្យាល័យ វិទ្យាល័យរករឿងដែរ។ ឥឡូវអញ្ចេះមួយម្នាក់ពិបាកតែខ្ញុំបង្កើនឲ្យ។ ឥឡូវខ្ញុំថែម ១០ គ្រឿងទៀតឲ្យ។ អញ្ចឹង ១៦ គ្រឿងសម្រាប់ laptop ហើយនិង projector ៣ គ្រឿង ៦ ថ្នាក់។ មានអីទៀត?​

អ្នកគ្រូ៖ ដូចអស់ហើយសម្តេចអត់ទាន់នឹកឃើញទៀត។

សម្តេចធិបតី៖ បើខ្ញុំឲ្យត្រៀម ២យប់មុន ប្រហែលជាមានច្រើនជាងនេះ។

អ្នកគ្រូ៖ សូមគោរពជម្រាបសួរសម្តេច នាងខ្ញុំឈ្មោះ សម សុផានី ជាគ្រូបន្ទុកថ្នាក់ទី ៤ នៃសាលាបឋមសិក្សាអនុវត្ត។ រយៈកន្លងមក លោកនាយក និងគ្រូបង្រៀននៅក្នុងសាលានេះ បានធ្វើការឆ្លើយតបជាមួយនឹងអ្វីដែលសម្តេចបានសួរ ប៉ុន្តែសម្តេចសួរថាមានអ្វីបន្តទៀត។ នាងខ្ញុំសុំបន្ថែម។ លើចំណុចបន្ថែមនេះគឺទាក់ទងជាមួយនឹងវិធីសាស្រ្តបង្រៀនទេ។ ប្រសិនបើខាងក្រសួងអប់រំ ឬក៏ខាងគណកម្មការ គវអ គាត់មានវិធីសាស្រ្តបង្រៀនសិស្ស​បែបថ្មី ទំនើបទាំងវិធីសាស្រ្តបង្រៀនគណិតវិទ្យា ឬមួយក៏ភាសាអង់គ្លេស ក្រុមគ្រូបង្រៀននៅសាលានាងខ្ញុំសូមសំណូមពរឲ្យមានវគ្គបំប៉នដើម្បីទទួលនូវព័ត៌មានថ្មីៗ និងវិធីសាស្រ្តថ្មីៗដែលសកលលោកកំពុងតែអភិវឌ្ឍ។ ពួកខ្ញុំរៀនទាក់ទងនឹងគរុកោសល្យបង្រៀនកុមារនេះតាំងពីឆ្នាំ ១៩៩៩-២០០០ អាចនិយាយថាខ្ញុំក្មេងជាងគេព្រោះអីបងៗគាត់រៀនមុនខ្ញុំទៅទៀត ក្នុងគ្រូបង្រៀន ១២ នាក់ហ្នឹង។ អញ្ចឹង ២០ ឆ្នាំហើយ។ វិធីសាស្រ្តគឺខ្ញុំមានតែចាស់ដដែល។ ខ្ញុំចង់បានវិធីសាស្រ្តដែលថ្មីសម្រាប់អភិវឌ្ឍកុមារនៅក្នុងខេត្តកំពង់ឆ្នាំងរបស់នាងខ្ញុំ …។

សម្តេចធិបតី៖ សួរឯកឧត្តមប្រធានមន្ទីរ …​ ក្រសួងអប់រំដូចមានបង្រៀនវិធីសាស្រ្តថ្មី កញ្ចប់អំនាននៅសាលានេះធ្លាប់បានអនុវត្តទេ?

លោកគ្រូ៖ នៅសាលានេះបានកញ្ចប់អំនាន។

សម្តេចធិបតី៖ ហ្នឹងមានទាំងវិធីសាស្រ្តបង្រៀន ប៉ុន្តែអ្នកគ្រូថាអត់ទាន់បាន ឬមួយ​អត់ចំ។

លោកគ្រូ៖ ថ្នាក់ទី ៤ នៅសម្តេច។ ឥឡូវនេះយើងពីថ្នាក់ទី ១ ដល់ទី ៣។ បន្តិចទៀតនឹងបន្តពីថ្នាក់ទី ៤ ឡើងទៅ។

សម្តេចធិបតី៖ ទី៤ ឡើងទៅ ប៉ុន្តែនៅទូទាំងប្រទេសមានអនុវត្តនៅកន្លែងខ្លះនៅ?

លោកគ្រូ៖ ថ្នាក់ទី ៤ ទី ៦ នៅទេ សម្តេច​ មានតែទី ១ ដល់ទី ៣ សម្តេច។ វិធីសាស្រ្តទាំងអស់ កញ្ចប់អំនាន កញ្ចប់គណិតវិទ្យាសម្តេច។

អ្នកគ្រូ៖ ទី ១ដល់ ទី ៣ មានប៉ុន្តែនាងខ្ញុំចង់ផ្តោតទៅលើវិធីសាស្រ្តប្លែកថ្មី ចង់និយាយថាអាចរកឃើញអ្វីដែលប្លែកថ្មីហ្នឹងអាចជួយបង្ហាញពួកខ្ញុំបន្ថែម ប៉ុន្តែខាងពីមុនមកមានតែទី ១ ដល់ទី ៣ កញ្ចប់អំនាន គណិតវិទ្យា និងភាសាខ្មែរ។

សម្តេចធិបតី៖ ហ្នឹងហើយ ក្រសួងអប់រំនឹងធ្វើរួមព្រោះការអនុវត្តនេះ ត្រូវការស្តង់ដារ។ អញ្ចឹងខ្ញុំជជែកជាមួយនឹងឯកឧត្តម ហង់ ជួនណារ៉ុន ដើម្បីឲ្យជំរុញដល់ថ្នាក់ទី ៤ ដល់ ៦ ព្រោះឥឡូវយើងធ្វើទី ១ ដល់ ៣។ យើងអត់អាចយកស្តង់ដារបង្រៀនសាលាខុសៗ គ្នាទេ។ អញ្ចឹងក្រសួងអប់រំនឹងជំរុញបន្ថែម … អញ្ចឹងសូមប្រធានមន្ទីរកុំភ្លេចសាលាអនុវត្ត ព្រោះអ្នកគ្រូសុំផង។ មានអីទៀតទេលោកគ្រូ អ្នកគ្រូ មុននឹងខ្ញុំទៅជូនឪពុក ម្តាយ ។ ឥឡូវសូមអញ្ជើញឪពុក ម្តាយម្តង សូមស្តាប់ឮអាណាព្យាបាល ព្រោះឥឡូវស្តាប់ខាងគ្រូហើយ។

អាណាព្យាបាល៖ ជាបឋមនាងខ្ញុំសូមគោរពសម្តេចបវរធិបតី ឯកឧត្តម លោកជំទាវ និងអង្គពិធីទាំងមូលជាទីគោរព។ នាងខ្ញុំឈ្មោះ លន់ សិត្យា គឺជាម្តាយរបស់សិស្សថ្នាក់ទី ១ ហើយក៏ជាប្រធានគណកម្មការថ្នាក់រៀនផងដែរ។ នាងខ្ញុំសូមអនុញ្ញាតិជម្រាបជូនពីការវិវត្តថ្មីៗទៅលើសាលារៀនបឋមសិក្សាអនុវត្ត។ មុនពេលដែល គវអ គណកម្មការ គវអ ចូល នាងខ្ញុំក៏មានកូនរៀននៅទីនេះមួយថ្នាក់ទី ៦។ ឥឡូវគាត់ឡើងទៅអនុវិទ្យាល័យហើយ ហើយពេលនេះមានកូនរៀនថ្នាក់ទី ១ ដែរ។

មកដល់បច្ចុប្បន្ននេះ នាងខ្ញុំមានអារម្មណ៍រំភើប សប្បាយរីករាយមែនទែន ដែលកម្មវិធី គវអ ត្រូវបានដាក់នៅសាលារៀននេះ។ អ្វីដែលខ្ញុំសង្កេតឃើញនៅផ្នែកខាងក្រៅនៃសាលារៀន ទី១ គឺការប្រែប្រួលឥរិយាបថរបស់សហគមន៍ដែលរូបនាងខ្ញុំផ្ទាល់ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ពីមុនមក យើងអត់ដែលមានការធ្វើចរា​ចរនៅលើដងផ្លូវ មានប៉ុន្តែមិនមាននិរន្តរភាព។ ពេលនេះកូនខ្ញុំ ថ្នាក់ទី១ មែន ពេលខ្លះខ្ញុំមិនបានជូនមកក្តី តែខ្ញុំគិតថាមានសុវត្ថិភាព ព្រោះមានស្លាកចរាចរណ៍ មានរបាំងចរាចរណ៍ ហើយមានប៉ូលីសលោកចូលរួមធ្វើចរាចរណ៍មុនពេលចូលមកសាលារៀន គឺមានចំងាយយ៉ាងហោចណាស់កន្លះគីឡូដីពីមុខរបងទ្វារសាលាដែរ ដែលគិតថាជាសុវត្ថិភាពមួយដល់កូននាងខ្ញុំក្នុងការធ្វើដំណើរមកសាលារៀន។

ទី ២ គឺពាក់ព័ន្ធទៅនឹងឥរិយាបថរបស់នាងខ្ញុំក៏ដូចកូន។ សាលារៀនម៉ោង ៦កន្លះ ឬក៏មុន ៥នាទីគឺម៉ោង ៧ លោកបិទទ្វាររបងហើយ។ អញ្ចឹងប្រែប្រួលទាំងឥរិយាបថរបស់នាងខ្ញុំដែលជាម្តាយ កូនតែងតែតឿនថាម៉ាក់ស្រូតឡើងកូននៅក្រៅរបស់ទៀតឥឡូវហើយ។ ធ្លាប់យឺត។ នៅពេលដែលយឺត លោកនាយកថតវីដេអូឬថតសន្លឹករូបកូននាងខ្ញុំ បាញ់ទៅភ្លាម។ កូននាងខ្ញុំបាននៅក្រៅរបង។ នេះគឺជាការប្រែប្រួលឥរិយាបថមួយទាំងរូបនាងខ្ញុំនិងកូនផងដែរ ដែលគាត់មានចិត្តចង់ចូលមកសាលារៀន។

បើនិយាយពីផ្នែកខាងក្នុងនៃសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានសាលារៀនប្រែប្រួលលឿនតែរយៈពេល ២ ទៅ ៣ខែនេះស្រស់បំព្រង។ ពីមុនមក មិនមែនថាមិនមានទេ ក្រសួងអប់រំលោកមានថវិកាកិច្ចដំណើរការសាលារៀនហើយ ប៉ុន្តែលោកជួយអត់អស់ទេ។ កិច្ចដំណើរការនោះតិចតួច។ នៅពេលដែល គវអ ចុះមកដល់ភ្លាមជំរុញល្បឿននៃការអភិវឌ្ឍសាលា ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានស្រស់បំព្រង ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍កូននាងខ្ញុំចង់មករៀន។ អ្វីដែលលោកគ្រូនាយក ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានជម្រាបជូនហើយ ឥរិយាបថរបស់កូនមានការប្រែប្រួលច្រើនមែនទែន ដោយពីមុនការជំរាបសួរ ជំរាបលាកូនអៀន ខ្មាសអៀនចំពោះឪពុកម្តាយ គាត់ធ្វើតែនៅសាលារៀនទេ។ ប៉ុន្តែដល់ពេលបច្ចុប្បន្ននេះគាត់ប្រែប្រួល គាត់លែងខ្មាសអៀនជាមួយឪពុកម្តាយ។

ខ្ញុំឃើញកូនមានការប្រែប្រួលគឺការចែករំលែក និងការយោគយល់ អធ្យាស្រ័យ នៅក្នុងគ្រួសារពីមុនមក បងប្អូនដណ្តើមរបស់គ្នាជាកម្មសិទ្ធិមិនមានការចែករំលែកទេ។ ខ្ញុំមិនដឹងថាសាលាមានកម្មវិធីប្រែប្រួលយ៉ាងម៉េចបានជាកូនខ្ញុំមួយរៈពេលខ្លីគឺគាត់ចេះចែករំលែក​គ្នា។ ខ្ញុំមានកូនរៀននៅទីនេះគឺកូនពៅ។ កូនពៅ ពីមុនចរិករាងច្រងេង​ច្រងាងបន្តិច។ ប៉ុន្តែឥឡូវគាត់ប្រែប្រួលច្រើន។ នេះគឺពាក់ព័ន្ធនឹងផ្នែកបរិស្ថាន ហើយនិងឥរិយាបថ។ ខ្ញុំហាក់ដូចជានិយាយជំនួសគ្រូបង្រៀនបន្តិចពាក់ព័ន្ធទៅនឹងគុណភាពគ្រូ ក៏ដូចជាថ្នាក់រៀន កម្មវិធីសិក្សា ដោយសារតែនាងខ្ញុំក៏ស្ថិតនៅប្រព័ន្ធអប់រំដែរ នាងខ្ញុំយល់ច្រើនពាក់ព័ន្ធទៅនឹងការងារហ្នឹង។ ដោយសារតែយើងនិយាយអំពីកម្មវិធីសិក្សាសម្តេចបានបន្ថែមនៅ ២ ម៉ោងបន្ថែមទៀតគឺដូចជាការហ្វឹកហាត់បន្ថែមមានន័យថារៀនច្រើនប្រសើរជាងរៀនតិច។

ក្នុងនេះក៏ជាការសំណូមពរមួយដែរពាក់ព័ន្ធទៅនឹងកម្មវិធីដែលបង្រៀន។ ប្រហែលជាកាលវិភាគនេះសាកល្បងទេគឺចេញម៉ោង ១១ ចូលម៉ោង ១។ អញ្ចឹងសម្រាប់អ្នកគ្រូគាត់ថាមួយរយៈពេលនេះគាត់ស្រកគីឡូដោយសារគាត់ហត់ពេក។ គាត់ថាចេញទៅ ជួនកាលគាត់ត្រូវមានកាតព្វកិច្ចមួយ។ បើសិនជាគ្រូស្រីវិញគាត់មានកាតព្វកិច្ចមួយទៀតជាមេផ្ទះដូច្នេះគាត់ត្រូវដាំ ស្ល ឲ្យកូនចៅញ៉ាំ។ អញ្ចឹងកាលណាចូលម៉ោងមួយវិញ អាហារូបត្ថម្ភក្នុងគ្រួសារគឺក្រៀមក្រោះជាញឹកញាប់។​ អញ្ចឹងអត់មានកម្លាំងបន្តទៅយប់ព្រលប់ទេ។

សម្តេច៖ អ្នកកំពង់ឆ្នាំងអាចថយប្រជាជនអញ្ចឹង។

អ្នកគ្រូ៖ ចា៎អរគុណច្រើន។ នាងខ្ញុំបន្តបន្តិចទៀតពាក់ព័ន្ធទៅនឹងកម្មវិធីបង្រៀននេះ។ នាងខ្ញុំសំណូមពរថាអាចបត់បែនកាលវិភាគនេះ អាចចូលម៉ោង ១ កន្លះ ហើយអាចបន្ថែមម៉ោង ប៉ុន្តែបន្ថែមម៉ោងនេះមិនពាក់ព័ន្ធទៅដល់អ្នកគ្រូទេ ព្រោះពួកគាត់ហត់ហើយ។ សូមបន្ថែមម៉ោង មួយម៉ោងជាប្រចាំថ្ងៃ ទៅលើភាសាបរទេស ដោយសារតែរូបនាងខ្ញុំ និយាយគិតអំពីសេដ្ឋកិច្ចក្នុងគ្រួសារ។ កាលណាសាលាមានការបង្រៀន(ភាសាបរទេស) ខ្ញុំអត់ចាំបាច់យកកូនទៅរៀននៅខាងក្រៅទេ។ អញ្ចឹងកាលណាខ្ញុំយកកូនទៅរៀនអង់គ្លេសនៅខាងក្រៅ ខ្ញុំត្រូវចំណាយសេដ្ឋកិច្ចផ្ទាល់ខ្លួនគ្រួសារដែរ ប៉ុន្តែបើសាលារៀនមាន ព្រោះឃើញកម្មវិធីដាក់មួយសប្តារ៍តែ ២​ ម៉ោងទេ។ អញ្ចឹងរៀនភាសាបរទេស បើយើងធៀបជាមួយនឹងអ្នករៀននៅទីក្រុងដើរយឺតជាងគេមែនទែនចា៎។ អត់មានស្តង់ដារភាសាបរទេសហ្នឹងជាមួយនឹងអ្នកទីក្រុងទេ។

រៀនតាមបែបទំនើបក៏ខ្ញុំសុំគាំទ្រទៅលើសំណូមពររបស់លោកគ្រូ អ្នកគ្រូ projector សម្តេចថាអាចចល័តបាន ប៉ុន្តែ laptop ប្រចាំខ្លួនមិនមែនបម្រើតែការធ្វើការ​ងារតែមួយមុខក្នុងការបញ្ចាំង slide ទេ។ គ្រូបង្រៀនត្រូវមានកិច្ចការស្រាវជ្រាវ ធ្វើកិច្ចតែងការ ការងាររដ្ឋបាល​គ្រូ ជាពិសេសគឺការរៀនតាមបែបស្រាវជ្រាវ បែបទំនើបដែលតម្រូវឲ្យគាត់មានជារបស់ផ្ទាល់ខ្លួន បើបច្ចុប្បន្នគ្រូយើងលះបង់ច្រើនណាស់ គាត់ប្រើថវិកាជំពូក ៦៤ គឺប្រើថវិកាប្រាក់ខែទិញ laptop ក្នុងការបង្រៀនប៉ុន្តែពេលនេះសម្តេចប្រគល់ជូនដល់ទៅ ១៦ គ្រឿង។ ក្នុងនោះតើមានមតេយ្យសិក្សាដែរឬទេដែលទទួលបាន laptop នេះ។ កុំឲ្យភ្លេចគ្រូមតេយ្យព្រោះគ្រូមតេយ្យ។ មិនមែនថាគ្រូមតេយ្យគឺបង្រៀនតែច្រៀង ហើយរាំទេ គាត់មាន ៥ មុខវិជ្ជាដូចបឋមសិក្សាដែរ។ លោកក៏មានកិច្ចការស្រាវជ្រាវផលិតសម្ភារៈថ្មីៗជាច្រើនទៀត។ ក្នុងនោះសាលារៀនខ្ញុំអត់មានឮសុំទេ print color ដែលជាចាំបាច់បំផុតក្នុងកិច្ចការគ្រូមតេយ្យសិក្សា។

នេះគ្រាន់តែជាចំណាប់អារម្មណ៍មួយពាក់ព័ន្ធទៅនឹងសាលារៀនតែប៉ុណ្ណោះ។ សារជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់សម្តេចបវរព្រមទាំងក្រុមការងារដែលលោកបានយកដុំពេជ្រ ដុំមាសជាកម្មវិធី គវអ នេះមកដាក់ក្នុងសាលារៀនក្នុងខេត្តកំពង់ឆ្នាំងមានដល់ទៅ ៥ សាលា ហើយសាលានេះចាត់ទុកថាសាលាគោលដៅមួយដែលលោកចង់អភិវឌ្ឍលឿន ក្នុង ៥ សាលាមែនប៉ុន្តែស្ទុះលឿនជាងគេដោយសារតែឆន្ទៈ និងមនសិការរបស់គ្រូ។ យប់មិញឆាតទៅខ្ញុំម៉ោង ១១ ទៅ ១២ យប់ថាសុំឲ្យឪពុកម្តាយ មកជួយជជែកគ្នាដើម្បីឲ្យសាលាយើងអភិវឌ្ឍលឿនចា៎។ សូមអរគុណច្រើនចា៎។

សម្តេចធិបតី៖ អរគុណអ្នកគ្រូ។ ពាក់ព័ន្ធទៅនឹងការបញ្ជាក់អំពីការប្រែប្រួលឥរិយាបថរបស់កូន ខ្ញុំសូមអរគុណហើយនេះដែលយើងចង់បាន ព្រោះយើងគិតថាកម្មវិធីធ្វើយ៉ាងណារកគន្លឹះឲ្យវាដើររហូត។ កុំឲ្យដើរតែពេលកម្មវិធីដាក់ ដល់ពេលដកទៅវិញលែងដើរ។ ធ្វើម៉េចផ្នត់គំនិតឲ្យការចូលរួមគាត់ចង់បាន។ ហ្នឹងហើយដែលគន្លឹះខ្ញុំមកចង់សួរនេះថា តើស្អីដែលថាដាក់ទៅកុំឲ្យមានសម្ពាធការចូលរួមអាហ្នឹងបានទៅរួច។ ដែលថាគ្រាន់តែចេះសំពះ និយាយរួមឥរិយាបថទាំងអស់នេះ … បើយើងគិតមើលទៅ ឪពុកម្តាយ និងគ្រូ អ្នកណាក៏ចង់បានដែរ ចង់បានឲ្យកូនៗរបស់ខ្លួនប្រកបដោយធម៌។ អញ្ចឹង ធ្វើម៉េចឲ្យអាចអនុវត្តទៅឲ្យ។ លែងអៀន ធ្វើដោយស្វ័យប្រវត្តិអាហ្នឹងជាការល្អ។ អញ្ចឹងសូមអរគុណ ហើយសូមបន្ត … ខ្ញុំថាសូមបន្តការអនុវត្ត។ ២ខែមិនទាន់អាចថាគ្រប់គ្រាន់ទេ។ ទើបចាប់ផ្តើមក្តៅម៉ាស៊ីនបន្តិចៗ បើបានអនុវត្តជាប់ជាប្រចាំយូរវាទៅជាធម្មជាតិរបស់យើង។

ទី២ ទាក់ទងទៅនឹងទាន់ម៉ោងពេលវេលា ខ្ញុំបានប្រាប់ទៅក្រុមការងារដែរគឺធ្វើម៉េចឲ្យមានភាពបត់បែនអាស្រ័យទៅលើលោកគ្រូ អ្នកគ្រូ គោលដៅយើង ២ម៉ោង អញ្ចឹងចាប់ផ្តើមម៉ោងប៉ុន្មានអីម៉ោងប៉ុន្មាន … ត្រូវជជែកជា​មួយនឹងអ្នកគ្រូលោកគ្រូ ឯកភាពគ្នាទៅឲ្យមានភាពបត់បែនថាស្អីដែលល្អជាងគេ។ ជួនកាលអត់អាច ១០០ ភាគរយទេ តែត្រូវឲ្យមានភាគច្រើនដាច់ខាតដើម្បីឲ្យយើងអនុវត្ត … គណកម្មការចង់បានគឺថែម ២ម៉ោង … សូមឲ្យមានភាពបត់បែនជាមួយនឹងលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូអត់បានប្រាប់រឿងស្រកគីឡូដោយសារចាប់ផ្តើម​ម៉ោង ១។ បើលោកគ្រូថាម៉ោង ១ ក៏បានម៉ោង ១ចុះ ប៉ុន្តែឲ្យមានការឯកភាពគ្នា ព្រោះគណកម្មការមកសម្រាប់ជំរុញ … ម៉ោងព្រឹកអាហ្នឹងម៉ោងរដ្ឋហើយ។ ម៉ោងរដ្ឋយើងយកម៉ោងប៉ុន្មាន?

លោកគ្រូ៖ ព្រឹក ៧ ដល់ម៉ោង ១ ល្ងាចម៉ោង ១ ដល់ម៉ោង ៥។

សម្តេចធិបតី៖ អញ្ចឹង នៅក្នុងម៉ោង ១ និង ម៉ោង ១ កន្លះអីនេះ វាខុសគ្នាបន្តិចបន្តួចហ្នឹងមិនអីទេ។ ពិនិត្យមើលផងទៅ។ បើសិនជាគាត់ចាំបាច់ ព្រោះសំខាន់លោកគ្រូ បើថែមថយទៅម៉ោង ១កន្លះត្រូវចេញម៉ោង ៣កន្លះ។ អញ្ចឹងប៉ះម៉ោងលោកគ្រូផ្សេងទៀតអត់? ហ្នឹងសំខាន់ឲ្យសម្រេចយកមួយ។ អញ្ចឹងបើភាគច្រើនថាយកម៉ោង ១ យកម៉ោង ១ តែខ្ញុំថាគួរយកភាពបត់បែននៅក្នុងចន្លោះរង្វង់ម៉ោង ១ ទៅម៉ោង ២ ហ្នឹង។ យើងមិនអាចថយទៅល្ងាចពេកទេ។ ក្នុងហ្នឹងជួនកាលខែក្តៅពេក ជួនកាលត្រូវ adjust យ៉ាងម៉េច ប៉ុន្តែធ្វើម៉េចធានាឲ្យបាន ២ ម៉ោងឲ្យខ្ញុំ គណកម្មការកុំកាត់ម៉ោង ព្រោះម៉ោងនេះទាក់ទងគុណភាពនៃអ្វីដែលក្មួយៗរៀនបាន។ ថែមម៉ោង ថយម៉ោង ម៉ោង ១ ឬ ១ កន្លះ អាហ្នឹងទុកឲ្យលោកគ្រូ អ្នកគ្រូចុះ។ សូមលោកគ្រូបង្គោលរបស់យើងពិនិត្យមើលភាពបត់បែនបន្តិចបន្តួចដើម្បីប្រសិទ្ធិភាពឈ្នះ-ឈ្នះ។ យើងនៅតែបាន ២ម៉ោង ហើយអ្នកគ្រូក៏មិនស្រកគីឡូប៉ុន្មាន ហើយល្ងាចក៏មិនសូវអស់កម្លាំងប៉ុន្មាន។

ចំណុចទី ៣ ភាសាអង់គ្លេស។ ភាសាអង់គ្លេសនេះអញ្ចេះ។ យើងមានតែ ២ម៉ោងទេក្នុង ១ ថ្ងៃ។ ឥឡូវយើងត្រូវឲ្យអាទិភាពទៅលើអី? យើងគិតថាកូនយើងពីតូចត្រូវចេះឲ្យច្បាស់ខ្មែរ ហើយគណិត ហើយរៀនបំប៉នទៅលើអ្វីដែលគាត់អត់រៀនបាន។ បើយើងកាត់ពាក់កណ្តាលហើយទៅ ៥០ ភាគរយ ភាសាអង់គ្លេស យើងបង្រួមម៉ោងដែលកូនត្រូវចេះបទផ្សេង។ អញ្ចឹងយើងត្រូវរើសមួយ។ ភាសាអង់គ្លេស តែធំបន្តិចចាប់អារម្មណ៍ក៏មិនអីដែរ ព្រោះខ្ញុំរៀនភាសាអង់គ្លេសថ្នាក់វិទ្យាល័យបានខ្ញុំចាប់ផ្តើម។ កាលហ្នឹងថ្នាក់វិទ្យាល័យថ្នាក់ទី ៩ បានមានភាសាអង់គ្លេសបន្តិចបន្តួច តែនេះយើងបង្រៀនពីតិចទៅ។ អញ្ចឹងខ្ញុំគិតអញ្ចេះ អ្នកគ្រូ លោកគ្រូ ឪពុក ម្តាយខ្ញុំយល់អំពីការចំណាយក្រៅដើម្បីកូនរៀន ប៉ុន្តែសម្រាប់ខ្ញុំកូនខ្មែរត្រូវតែចេះខ្មែរ និងគណិតឲ្យខ្លាំងឲ្យរឹងមាំ។ បើមិនអញ្ចឹង​ទេ យើងពិបាក។ ថ្ងៃមុន ខ្ញុំថាធ្វើម៉េចឲ្យក្រសួងអប់រំ ណែនាំសាលាបរទេសស្អីក៏ដោយត្រូវដាក់ភាសាខ្មែរឲ្យកូនខ្មែររៀន។ ខ្ញុំបញ្ជាឲ្យបាន។ ខ្ញុំគិតថាបឋមសិក្សានេះគឺដូចក្រដាស់ស។ អញ្ចឹងលោកគ្រូ អ្នកគ្រូឪពុកម្តាយគិតមើលមួយថ្ងៃយើងមានតែ ២ម៉ោង តែបើយើងយកពាក់កណ្តាលនេះទៅឲ្យរៀនភាសាអង់គ្លេស យើងនៅសល់តែ ១ ម៉ោងទៀតសម្រាប់បំប៉នគណិត បំប៉នជំនាញផ្សេងៗ បំប៉នភាសាខ្មែរ។ នេះគឺយើងថ្នាក់តូច ដល់ថ្នាក់ទី ៤ គឺយើងបន្ថែមបន្តិចទៀត។

ទោះជាយ៉ាងណា ខ្ញុំគិតថាចំណេះដឹងទូទៅរបស់គាត់សំខាន់ បានន័យថាគាត់រៀនចំណេះទូទៅភាសាអង់គ្លេសល្អហើយ ប៉ុន្តែដំណាក់កាលនេះ សម្រាប់យើងគឺមិនទាន់ដូច beltie គេរៀនជាភាសាអង់គ្លេសទេ។ ខ្ញុំថាត្រូវតែពង្រឹងភាសាខ្មែរនិងគណិត។ ម៉ោងយើងដាក់កម្មវិធីរៀនប៉ះប៉ូវបន្តិចបន្តួចឲ្យគាត់ចាប់ផ្តើមស្គាល់បន្តិចបន្តួចទេ A B C អី សម្រាប់អ្នកថ្នាក់ទី ១ ដល់ ទី ៣ តែយកម៉ោងនេះខ្ញុំថាពង្រឹងគណិតវិទ្យា ភាសាខ្មែរ ឲ្យច្បាស់។ ឥឡូវឪពុក ម្តាយ ប៉ុន្មានអ្នកដែលឯកភាពថាកូនថ្នាក់បឋមសិក្សានេះគួរតែពង្រឹងភាសាខ្មែរ ហើយគណិតឲ្យច្រើន ដើម្បីគាត់មានមូលដ្ឋានទៅវិទ្យាល័យ។ សុំមើលបន្តិច។ បាទទាំងអស់។ រវាងភាសាអង់គ្លេស និងភាសាខ្មែរ និងគណិតដែលថ្នាក់បឋមសិក្សានេះត្រូវពង្រឹងជាអាទិភាពចំបង។ អ្នកណាយកខ្មែរ និងគណិតវិទ្យាជាអាទិភាព ហើយអង់គ្លេសអា​ទិ​​ភាពបន្ទាប់បន្សំ បានន័យថាម៉ោងតិចចុះក៏តិច។ ប៉ុន្តែសុខចិត្តឲ្យថែមខ្មែរនិងគណិតឲ្យច្រើន។

សូមម្តងទៀត សួរអញ្ចេះវិញ។ កូនខ្មែរមិនអាចមិនចេះខ្មែរច្បាស់លាស់ទេ។ បើទៅដល់វិទ្យាល័យ អនុវិទ្យាល័យ សរសេរខ្មែរមិនត្រង់ជួរមិនបានទេ។ បើអ្វីដែលគាត់រៀនពេលព្រឹកនៅក្នុងថ្នាក់បឋម លោកគ្រូបង្រៀនអត់ទៅ យើងនៅសល់តែម៉ោងបន្ថែមក្រែងគុណភាពគាត់មិនសូវចាប់បាន។ អញ្ចឹងអរគុណអ្នកគ្រូដែលបានលើក ប៉ុន្តែទទួលនូវសំណូមពរអត់មានលទ្ធភាពដោះស្រាយជូន … ជំនាន់ខ្ញុំ សរសេរតាមអានតឹងណាស់។ យើងចេះស្អីក៏ដោយតែយើងសរសេរមិនត្រូវអក្សរ សរសេរមិនត្រូវពាក្យឲ្យគេយល់យ៉ាងម៉េច។ អញ្ចឹងត្រូវមានការផ្ចិតផ្ចង់អក្សរសាស្រ្តជាតិត្រូវតែមាន ភាសាអង់គ្លេសបន្ទាប់បន្សំ។ យើងនឹងគិតម៉ោងតាមហ្នឹង។

លោកគ្រូ អ្នកគ្រូ ដូចគ្នា បង្រៀនក្មួយៗ ក៏ទៅជាជំនាញ … អញ្ចឹងដែលយើងរកលោកគ្រូ អ្នកគ្រូ ភាសាអង់គ្លេសមកបង្រៀនអ្នកគ្រូ ក៏មិនទៅបង្រៀនអ្នកគ្រូឲ្យចេះ អាចបង្រៀន book 5ដែរ ត្រឹមចេះ elementary អញ្ចឹងទៅ ឧទាហរណ៍។ អញ្ចឹងប្អូនស្រីអាយុប៉ុន្មានហើយ? ខ្ញុំថាប្អូនខ្ញុំទេ។​ ប្អូនស្រីដែលបានលើកនេះគឺខ្ញុំទទួលបាន។ តាមពិតខ្ញុំគិតគូរ។ ហ្នឹងហើយដែលពេលព្រាងកម្មវិធី ខ្ញុំបានឱ្យក្រុមការងារដាក់ភាសាអង់គ្លេសច្រើនម៉ោងពីដំបូង។ ដល់ខ្ញុំអង្គុយគិតមើលទៅ យើងត្រូវធាក់ថយភាសាខ្មែរ និងម៉ោងបំប៉នសម្រាប់ចំណេះដឹងទូទៅ អញ្ចឹងយើងត្រូវធ្វើម៉េចកាត់បន្ថយឲ្យគាត់ខ្លាំងអានេះ អក្សរសាស្រ្តជាតិរបស់យើង។ អញ្ចឹងភាពបត់បែននេះខ្ញុំសូមឲ្យសាលាពិនិត្យមើលតែក្នុងរង្វង់កុំឲ្យក្រោយម៉ោង ២ សម្រាប់លោកគ្រូ អ្នកគ្រូ។ តែសុំឲ្យលោកគ្រូ អ្នកគ្រូ ជាអ្នកឯកភាពទៅលើហ្នឹង ជាជាងយើងអ្នកកំណត់ឲ្យ … ឲ្យតែអ្នកគ្រូទទួលបានថាខ្ញុំសុខចិត្តបញ្ចប់ម៉ោង ៣កន្លះ មិនមែនថាឲ្យចាប់ផ្តើមម៉ោង ១កន្លះ ចប់ម៉ោង ៣។ អញ្ចឹងថយកន្លះម៉ោង។ អញ្ចឹងអ្នកគ្រូឯកភាពទេ? អាណាព្យាបាលគាត់ចង់បាន ២ម៉ោងត្រូវទេ?

មើលឪពុកម្តាយណាចង់បាន ២ម៉ោង? ប៉ុន្មានអ្នកចង់បានកាត់ត្រឹមតែ ១ម៉ោង? ប៉ុន្មានអ្នកចង់បាន ៤ម៉ោង? អញ្ចឹង ២ម៉ោងត្រូវហើយ។ អញ្ចឹងសុំឲ្យ ២ម៉ោង។ អញ្ចឹងលោកគ្រូ អ្នកគ្រូ សម្រាប់ម៉ោងចាប់ផ្តើមពេលល្ងាច ពេលព្រឹកត្រូវតែម៉ោង ​៧ ដដែល បាទអាហ្នឹងទូទាំងប្រទេស តែល្ងាចឲ្យភាពបត់បែបចុះ។ ដោយសារនៅស្រុកយើង ដូចប្អូនស្រីលើកអញ្ចឹង អង្កាលមុនធ្លាប់មានគិតម្តងថាមន្រ្តីរាជការរបស់យើងគឺចូលព្រឹក ថ្ងៃអត់មានសម្រាកទេ ហើយយើងចេញមុន។ អញ្ចឹងមន្រ្តីរាជការដែលយើងធ្វើស្ទង់មតិភាគច្រើនគាត់ថាសុំ ព្រោះថ្ងៃត្រង់គាត់ត្រូវចេញធ្វើបាយធ្វើទឹកឲ្យប្តីឲ្យកូន។ អញ្ចឹងបានសុខចិត្តយើង ២វេណដដែល។ ឥឡូវនៅភ្នំពេញអីគេអាចប្រែប្រួលដោយសារនៅធនាគារនៅអីគេខុសពីហ្នឹង។ អ្នកធ្វើការភាគច្រើនអត់សូវទៅដាំបាយអីទៀត តែនៅតាមខេត្តនៅតែត្រូវការនៅឡើយ។ ដល់ពេលណាមួយលែងត្រូវការ។ ដល់ម៉ោង ១ ហ្នឹងសិស្សខ្លះដូចវេចបាយមក ខ្ជិលទៅផ្ទះ។ ម្តាយត្រូវតែទៅដដែល ត្រូវដាំបាយឲ្យកូនផ្សេងទៀត។

ឪពុកម្តាយអ្នកលើកទេ ខ្ញុំអត់ឮពីអ្នកគ្រូ។ សួរអ្នកគ្រូថាអត់មានពាក់ព័ន្ធរឿងហ្នឹងផង ប៉ុន្តែខ្ជិលធាក់ថយក្រែងលោអត់ហ៊ានលើក។ ខ្ញុំឲ្យបត់បែនពេលល្ងាចអាចចន្លោះពីម៉ោង ១ ទៅម៉ោង ២ លោកគ្រូ អ្នកគ្រូ អាចគិតចុះ អាចចាប់ផ្តើមម៉ោងប៉ុន្មាន។ ប៉ុន្តែធ្វើម៉េចឲ្យបាន ២ម៉ោងឲ្យខ្ញុំ។ បើចូលម៉ោង ២ ត្រូវចេញម៉ោង ៤ ចូលម៉ោង ១ កន្លះចេញម៉ោង ៣កន្លះ ហើយបើចូលម៉ោង ១ ចេញម៉ោង ៣។ សូមឲ្យបាន ២ ម៉ោងឲ្យខ្ញុំ។ មើលសុំឪពុកម្តាយណាទៀត? បាទអញ្ជើញ ខាងនោះលើកដៃ ឲ្យបងស្រីមុន។ ឲ្យមេក្រូគាត់ផង។ ចាំបន្តិចទៀតជួបគ្នានៅក្រៅយើងថត selfie ជួបគ្នាកុំឲ្យពិបាកចេញមកចាំពេលចប់។ ពិការដោយសារអី? ទាហានឬមួយអីពីមុន?ប្រពន្ធកូនគ្រោះថ្នាក់យ៉ាងម៉េច?

អាណាព្យាបាល៖ បានលោកគ្រូ អ្នកគ្រូ បង្រៀនកូនខ្ញុំនៅកន្លែងនេះល្អណាស់សម្តេច តាំងពីបានលេខ ២២ លេខ ៨ ឥឡូវបានលេខ ៤ មានប័ណ្ណសរសើរទៀត។ ខ្ញុំអរគុណលោកគ្រូ អ្នកគ្រូទាំងអស់។

សម្តេចធិបតី៖ អញ្ចឹងបានន័យថាអ្នកផ្សេងថយ?

អាណាព្យាបាល៖ អត់ដឹងទេសម្តេច។ ខ្ញុំមិនដឹងទេ គ្រាន់តែដឹងពីកូនខ្ញុំ។

សម្តេចធិបតី៖ ឥឡូវម៉េចបានពីកូនរៀនលេខ ២២ មកលេខ ៤ ដោយសារអី?

អាណាព្យាបាល៖ គាត់មាវិន័យល្អសម្តេច។ គាត់ចេះគោរពឪពុកម្តាយ ចេះគោរពលោកគ្រូ អ្នកគ្រូ ហើយគាត់ទៅត្រង់ណាចេះគោរពចាស់ទុំ។ គាត់សុភាពរាបសាណាស់សម្តេច។

សម្តេចធិបតី៖ ចុះពីមុន?

អាណាព្យាបាល៖ ពីមុនខ្ញុំមិនដឹងដែរសម្តេច។ ដល់មកចូលរៀនថ្នាក់ទី ១ នៅកន្លែងលោកគ្រូហ្នឹង។

សម្តេចធិបតី៖ ពីមុនអត់ដឹង អត់នៅជាមួយកូនទេ?

អាណាព្យាបាល៖ ពីមុនកូនខ្ញុំគ្រប់គ្រងល្អតើសម្តេច អត់មានខុសអីទេ ​វាអត់មានច្រឡើសបើសជាមួយឪពុកម្តាយដែរ។

សម្តេចធិបតី៖ មិនមែននៅផ្ទះផ្សេងៗ?

អាណាព្យាបាល៖ បាទអត់ទេលោកគ្រូ អត់ទេ។ ខ្ញុំចង់ជួបសម្តេចយូរហើយ ខ្ញុំចង់ជួបសម្តេច។

សម្តេចធិបតី៖ អ្នកខ្លះមាន ពីរបីសំបុក។

អាណាព្យាបាល៖ ចង់ជួបសម្តេចតាំងពីសម្តេចតាម្ល៉េះ សម្តេចតេជោ ហើយមកចាំ​ជួបសម្តេចទៀត អត់ដែលបានជួប ខ្ញុំរកស្នើខាងណាទៅជួបសម្តេច ខ្ញុំនៅខេត្តក៏ខ្ញុំបានជួបដែរ ខ្ញុំចង់ថាឲ្យសម្តេចជួយខ្ញុំបន្តិចបន្តួចដើម្បីខ្ញុំទៅដកដែកសម្តេច។

សម្តេចធិបតី៖ ដកដែកចាំបងជួយ ចាំយកឈ្មោះទៅ។ ចាំពេលបន្តិចទៀតទៅដកដែកទៅ។

អាណាព្យាបាល៖ អរគុណសម្តេច។

សម្តេចធិបតី៖ បុកប៉ុន្មានខែហើយ? មួយឆ្នាំជាង។ មិនអីទេ។ ចាំឲ្យទៅខាងពេទ្យបង ទៅដកដែកទៅ។ ចាំឲ្យទៅពេទ្យ TYDA នឹងជួយ។ ថវិកាអីអត់អីទេ។

អាណាព្យាបាល៖ កែវ សុផាត ជាអាណាព្យាបាលសិស្សនៅសាលាអនុវត្ដ មានចៅ ៤ នាក់​ ដែរ។ ខ្ញុំគាំទ្រលើប្រ​សាសន៍ប្អូនស្រី ប៉ុន្ដែដែលខ្ញុំចង់បង្ហាញបន្ថែម។ ខ្ញុំគិត​ថាពីមុនមកសាលាអនុវត្ដមិនមែនថាមិនល្អទេ ល្អប៉ុន្ដែមិនបានប្រសើរ ប៉ុន្ដែដោយសារមានគោលនយោបាយដាក់ចុះមករបស់សម្ដេចហ្នឹង គឺ​រយៈពេលខ្លីវឌ្ឍនភាពរបស់សាលាអនុវត្ដន៍គឺល្អប្រសើរ។ ខ្ញុំឃើញថាសិស្សទាំងអស់ចេះកែឥរិយាបថទាំងអស់តាមការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ​។ ម្យ៉ាងទៀតខ្ញុំគិតថាការបង្រៀន(ថែម)២ ម៉ោងគឺល្អប្រសើរខ្លាំងត្រង់ចំណុចថាកូនអ្នកក្រីក្រក៏បានចូលរៀនដែរ។ ពីមុនមកយើងបង្រៀនតែមួយពេលគឺកូន​អ្នកក្រអត់បានរៀនគួរទេ។ អញ្ចឹងបានតែកូនអ្នកមានលុយបានរៀនគួរ។ ដល់ពេលបាន(បន្ថែម) ២​ ម៉ោង កូនអ្នកក្រីក្រគឺសប្បាយចិត្តខ្លាំងមែនទែន។

ដោយសារឃើញគោលនយោបាយសម្ដេចល្អបែបនេះ ពួកខ្ញុំរីករាយខ្លាំងណាស់ពេញចិត្តខ្លាំងមែនទែន។ អ្វីដែលប្រែប្រួលគឺកូនមកពីសាលាវិញ​ចេះ​ជំរាបសួរ ជួយការងារផ្ទះ យកកិច្ចការផ្ទះមករៀននៅពេលដែលលោកគ្រូ​អ្នកគ្រូដាក់ពីសាលាទៅ ហើយពេលខ្លះគាត់អានឲ្យមាតាបិតាស្ដាប់។ ខ្ញុំមិនមានអីច្រើនទេព្រោះប្អូនស្រីខាងដើមគាត់បានលើកអស់ហើយ​ពីវឌ្ឍនភាពរបស់សាលា ហើយអ្វីមួយទៀតដែលខ្ញុំចង់បានមិនមែនថាសុំទេ សម្ដេច​ ប៉ុន្ដែសំណូមពរថា សិស្សសាលាមត្ដេយ្យអត់មានឧបករណ៍សំរាប់ក្មេងលេង ដោយសារទីធ្លាតូចពេក ដូច(ឧបករណ៍)រំអិលលេង។ សូមគោរពរាយការណ៍ជូនសម្ដេចប៉ុណ្ណឹង។ សូមគោរពជូនពរសម្ដេចមានសុខភាពល្អ ដើម្បីដឹកនាំយើងខ្ញុំជាកូនចៅតទៅទៀត ខ្ញុំគាំទ្រសម្ដេចជាដរាប។

សម្តេចធិបតី៖ ឥឡូវមតេ្ដយ្យចាំ(​ឲ្យ)Laptop ពីរគ្រឿង Projector មួយគ្រឿង កុំឲ្យថាអត់។ ទោងអីនោះចាំសិក្សាជាមួយគ្រូមត្ដេយ្យមើលត្រូវការអី។ អាចធ្វើឲ្យ slide សំរាប់ក្មួយៗតូចៗ។ មានដីទេ? នៅខាងមុខដូចមានដី។ មានតែដីឬ! មានទោងតូច? (ដែកតោង)អាចរៀបបន្ដិចទៅ។ ចៅសំពះអីគាត់លែងអៀនហើយ? រៀនថ្នាក់ទីប៉ុន្មាន? (ចៅមួយថ្នាក់មត្ដេយ្យ ថ្នាក់ទី ១ ថ្នាក់ទី ២ និងមួយទៀតថ្នាក់ទី ៥)។ តើឪពុកម្ដាយតែមួយគូឬផ្សេងគ្នា? (ឪពុកម្ដាយផ្សេងគ្នា)ចៅប៉ុន្មាន? (ចៅ ៧ នាក់ កូន ៤)។ ឃើញការវិវឌ្ឍរបស់ចៅអញ្ចឹងសប្បាយ? ឪពុកស្រ​ឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។ ប៉ុន្ដែខ្ញុំសួរថាតើគាត់អាចធ្វើអញ្ចឹងរហូតទេ ដោយធម្មជាតិដែលគាត់ភ្ញាក់រលឹកខ្លួនឯង ឬមួយគាត់ធ្វើតែពេលគ្រូឬឪពុកម្ដាយប្រាប់ (បើ)អត់ប្រាប់គាត់ដូរ? តើអាចមាននិរន្ដភាពទេ? គាត់ថាប្រហែលគាត់​អាចទំលាប់ខ្លួនបាន ព្រោះមកសាលាអ្នកគ្រូលោកគ្រូ ពង្រឹង ទៅផ្ទះមាតា​បិតា ពង្រឹង ប្រហែលជាគាត់អាចទំលាប់នេះទំលាប់ល្អជារៀងរហូត។ ​អញ្ចឹង​ទាល់លោកគ្រូអ្នកគ្រូពង្រឹងរហូតបានទេ? បាន។ ថ្ងៃក្រោយដកលោកគ្រូទៅកន្លែង​ផ្សេងក៏បានដែរត្រូវទេ? ព្រោះនេះជាអ្វីដែលលោកគ្រូអ្នកគ្រូវចង់បាន ចង់ឃើញ។ អរគុណអ្នកគ្រូ ព្រោះសំខាន់និរន្ដភាព វិធីសាស្ដ្រអីដែលស្រួលអនុវត្ដ មិនពឹងផ្អែកលើកត្ដាក្រៅច្រើនអានឹងជោគជ័យ។ ខ្ញុំជូនយោបល់ រឿងprojector នឹង។ អ្វីដែលពឹង កុំពឹងទៅលើការប្រើភ្លើងច្រើនពេក។ យើងប្រើល្មមធានាការប្រើ រកវិធីសាស្ដ្រប្រើអស់អ្វីដែលយើងមាន។

នាយករងសាលា៖ ខ្ញុំសូមគោរពសម្ដេចបវរធិបតី លោកគ្រូ អ្នកគ្រូ ទាំងអស់ជាទីគោរព ខ្ញុំជា​នាយករងសាលា ក្សាមាសចាន់លាភ សូមសំណូមពរ ដល់សម្ដេចបវរធិបតី ត្រង់(ចំណុច) សម្ដេចមានប្រសាសន៍ថា ចូលម៉ោង ១ ចេញម៉ោង ៣ ហើយសាលាខ្លះអាចប្រែប្រួលចូលម៉ោង ១ កន្លះ ចេញ ម៉ោង ៣ កន្លះ។ ប៉ុន្ដែដោយសាលា​បឋមសិក្សា(ខាង)ខ្ញុំមាន បីសាសន៍ ដែលរៀននៅជាមួយគ្នា មានខ្មែរ វៀតណាម ឥស្លាម។ ខាងឥស្លាមមានគ្រូដែលគ្នាបង្រៀនផ្នែក​សាសនា គាត់ចូលម៉ោង ១ដែរ។ គាត់ចូលម៉ោង ១ ចេញម៉ោង ៥។ គាត់ដូចជាគ្រូកិច្ចសន្យា ហើយគាត់ទទួលប្រាក់ខែពីរដ្ឋដែរ។

ចាប់ផ្ដើមដំបូង ឃើញសាលាខ្ញុំដែលមានវត្ដមានច្រើនជាងគេ ក្នុងសាលាគោលដៅទាំង ៥។ សិស្សជនជាតិឥស្លាម ១៥៨នាក់ មកបានតែ ១០នាក់ទេ ប៉ុន្មាននាក់ទៀតបាត់សូន្យ។ ខ្ញុំជាមួយគ្រូបង្គោល អាជ្ញាធរ ចៅសង្កាត់ទៅតាម។ តាមហើយមិនមក(រៀន)ទៀត។ ខ្ញុំ​បានអញ្ជើញគ្រូខាងឥស្លាមប្រចាំខេត្ត មកធ្វើការសម្របសម្រួលគ្នា ​ខ្ញុំផ្ដល់អាទិភាពឲ្យគាត់ខាងគ្រូបង្គោល ទោះបីជាគាត់ជាប់រៀនយើងមិនឲ្យខានទេ។ យើងសុំគាត់ចូលម៉ោង ១ ចូលម៉ោង ២កន្លះ យើងសុខចិត្តលះបង់កន្លះម៉ោងឲ្យគាត់ចេញមុន ទុកសិស្សខ្មែរ និងសិស្សវៀតណាមចេញម៉ោង ៣។ សម្ដេច ប្រសិនបើសាលាដទៃប្រែប្រួលចូលម៉ោង ១ កន្លះ អាចឆ្លងមក។ អញ្ចឹង(សិស្ស)ឥស្លាម(អាច)ថាគេចូលម៉ោង ១ កន្លះ ហេតុម៉េចសាលានឹងចូលម៉ោង ១។ សូមមេត្តាសម្ដេច​ជ្រាបរឿងនេះ។ សំណូមពរទី ២ សាលាខ្ញុំជាសាលាដាច់​ស្រយាលជាយក្រុង ហើយលោកគ្រូអ្នកគ្រូទាំងអស់អត់មានកុំព្យូទ័រអីប្រើប្រាស់ទេ ប៉ុន្ដែដោយសារខ្ញុំជានាយករង ខ្ញុំមានកុំព្យូទ័រ​លើ​តុមួយ បើធ្វើឯកសារធ្វើទៅ ដល់ម៉ោងបិទ(កុំព្យូទ័រ)ទៅផ្ទះ។ ទៅដល់ផ្ទះ​ស្រាប់តែខាងការិយាល័យ ឬក្រុមការងារថាសូមផ្ញើឯកសារ អត់មានឯកសារ ជិះម៉ូតូមកពីផ្ទះ(ទៅសាលាវិញ)បើកកុំព្យូទ័រផ្ញើឯកសារឲ្យគេ។

សម្តេចធិបតី៖ តើសាលានេះ នៅក្នុងចំណោម ៤២ សាលានឹងដែរឬអី? ដូចជាត្រូវមានរៀបចំកុំព្យូទ័រ laptop អោយ។ ប៉ុន្ដែ​មានភ្លើងឬអត់នៅសាលាហ្នឹង។ មានភ្លើង។ រាល់ថ្ងៃក្រុមជាងកំពុងរៀបចំកុំព្យូទ័រដែលសម្ដេច​បញ្ជូនឲ្យ។ ខាងក្រុម គវអ ជូនកុំព្យូទ័រសំរាប់ក្មេង ២៥ គ្រឿង ប៉ុន្ដែខ្ញុំចង់សុំថាអាចដូចជាសាលាអនុវត្ដអញ្ចឹង។

តើលោកគ្រូអ្នកគ្រូប៉ុន្មាននាក់?

នាយករង៖ ១៩ នាក់។ ជួបអកុសល្យដោយសារស្លាប់អស់ ២ នាក់ ក្នុងឆ្នាំនេះសល់ ១៧នាក់។ រាល់ថ្ងៃកំពុងជួបបញ្ហាខ្វះគ្រូ​ថ្នាក់ទី២ ដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍។ គ្រូថ្នាក់ទី ២ មាន៣ ថ្នាក់ ដល់គាត់ស្លាប់មួយនៅសល់ ២ថ្នាក់។ អ្នកគ្រូថ្នាក់ទី ២ គាត់ចូលមាតុភាពទៀតអញ្ចឹងថ្នាក់ទី ២ ដល់ជាង ១៣២ នាក់ អញ្ចឹងរៀងយ៉ាប់ដែរ។

សម្តេចធិបតី៖ អញ្ចឹងម៉ោងជល់គ្នាជាមួយសាលាឥស្លាម?

នាយករង៖ ខាងឥស្លាម ខ្ញុំបានសម្របសម្រួលជាមួយគ្រូ វិហារឥស្លាម មេភូមិ មេឃុំអស់ ពីដើមគាត់រៀនម៉ោង១ ក្រោយពីយើង​សំរួលនិយាយពីគោលនយោបាយកែទំរង់របស់រាជរដ្ឋាភិបាលក៏គាត់យល់ អញ្ចឹងគាត់សុំ ១៥ នាទី ដោយចេញម៉ោង ២ និង ៤៥ នាទី ហើយយើងបាន​ឯកភាពគ្នាក្នុងអង្គប្រជុំជាមួយនឹងលោកមេ​ឃុំ ហើយបានឯកភាពនឹងឱ្យអ្នកដឹក(សិស្ស)គាត់មករៀនទាន់ពេលវេលា។ យើងសុខ​ចិត្តឲ្យគាត់ចេញមុន ១៥ នាទីចុះ ហើយគាត់បង្កើនម៉ោងរបស់គាត់ ដោយសារសាលាគាត់នៅជិតផ្ទះ រៀនបែបសាសនា និង អក្សរគាត់។ អញ្ចឹងគាត់រៀនតែទី ១ ដល់ទី ៦ ទេ ដល់ទី ៧ ចូលមកលែងរៀនហើយ។ គាត់កើនរៀនពី ម៉ោង ៣ ដល់ម៉ោង ៦ ហើយឲ្យគាត់ថែមម៉ោងនៅថ្ងៃ សៅរ៍ ដែលខេត្តកំពង់ឆ្នាំងអត់រៀន និងថ្ងៃអាទិត្យដើម្បីឲ្យគាត់បង្គ្រប់ម៉ោងរដ្ឋបាលរបស់គាត់។ យើងបានឯកភាពគ្នា។ ប៉ុន្ដែខ្ញុំស្ដាប់លោកនាយករងគាត់​មានប្រសាសន៍នេះ ខ្ញុំដឹងថាគាត់មានគំនិតថាសាលាគាត់មិនអាចកែម៉ោង​បានទេ។ ដោយសារកែម៉ោងបានទេ។ បើសិនកែមកម៉ោង ១ កន្លះ វាទៅរំកិលសិស្សឥស្លាម ឬវៀតណាម ហើយប្រសិនណាជាសាលាយើងទាំង ៥ មាន ៤កែម៉ោង សាលា១អត់កែម៉ោង ដល់អនុវត្ដទៅខុសគ្នា មានបញ្ហាដល់គ្រូអីតវ៉ា។

សម្តេចធិបតី៖ និយាយរួមគឺភាពបត់បែន ប៉ុន្ដែឆ្លើយតបនឹងតំរូវការជាក់ស្ដែងនៅនេះ គេអត់មានបញ្ហាប្រឈមដូចយើងទេ។នៅកន្លែងនោះមាន ៣។ ដោយសារ​បញ្ហាប្រឈមសំខាន់គឺសាលាឥស្លាម ដែលគាត់ត្រូវចេញទៅរៀន។ នៅទីនេះអត់មានសិស្សឥស្លាមដែលត្រូវរៀនខាតម៉ោងទេ។ អញ្ចឹងគាត់មានភាពបត់បែនខ្លះលើម៉ោងចាប់ផ្ដើម ប៉ុន្ដែនៅសាលា លោកគ្រូបើ​សិនបើភាពបត់បែន បាន​ន័យថាសិស្សត្រូវខាត។ សិស្សឥស្លាមគាត់មិនបានរៀនពេញទេ។ បើសិន​យើងថយទៅម៉ោង ១កន្លះ, ម៉ោង ២កន្លះ, គាត់នៅតែត្រូវចេញម៉ោង២កន្លះដដែល។ សំរាប់គាត់គឺខាត។ នៅនេះគេអាចសារ៉េបានដោយសារគេចេញម៉ោង ៣កន្លះ។ ប៉ុន្ដែនៅសាលាលោកគ្រូត្រូវតែចេញម៉ោង ២កន្លះ។ បានជាខ្ញុំឲ្យមើលព្រោះត្រូវគិតទាំងសហគ​មន៍។ សាលាលោកគ្រូបែប​ចៀសមិនផុតពី(ចូល)ម៉ោង ១ ទេ ហើយសុំអនុញ្ញាតគាត់ផង សុំទោសគាត់ផង។ ប្រសិនបើចង់ឲ្យគ្រប់គ្នាបាន (រៀនថែម) ២ម៉ោង។ តែ​មិនស្រួលចូលម៉ោង ១២កន្លះទៀត។ យើងសុខចិត្តថា ក្មួយៗសិស្សឥស្លាមគាត់សុខចិត្តខាតកន្លះម៉ោងចុះ។ មិនបានរៀនដូចគេ ២ម៉ោង … យើងដោះបានតែប៉ុណ្ណឹងទេ។ ដូចលោកគ្រូសីហានិយាយអញ្ចឹងគឺទាល់តែឲ្យគាត់យល់ ម៉ោងដែលយើងសម្របសម្រួលក្នុងសហគមន៍នេះ។

សូមអរគុណដល់សហគមន៍ឥស្លាមដែលគាត់សារ៉េម៉ោងគាត់ ដើម្បីឲ្យក្មួយៗបានរៀនកម្មវិធីយើងផង។ អញ្ចឹងគាត់បាន(រៀន)១ ម៉ោងកន្លះដែរ។ ប្រសិនបើអត់(បត់បែន)ទេ … ប្រសិនបើ​យើងរុញម៉ោងថែមទៀត ឥស្លាមគាត់អស់ម៉ោង វាប៉ះពាល់សាសនា។ អញ្ចឹងទាល់តែយើងដកឱកាសក្មួយៗ ឥស្លាមមិនឲ្យរៀនពេញម៉ោង។ ខាងសម្របសម្រួលយើង គឺថាសម្របសម្រួលអស់ហើយក្នុងករណីនេះ។ អញ្ចឹងសូមលោកគ្រូយល់ផង ដើម្បីឲ្យផលប្រយោជន៍សិស្សរួមជាពិសេស​សិស្សសហគមន៍ឥស្លាម ដែលគាត់ជាប់(រៀនសាសនា) … អញ្ចឹងឪពុកម្ដាយឥស្លាម ក៏ដូចឪពុកម្ដាយខ្មែរដែរចង់បានឲ្យកូន(រៀនបន្ថែម)ឱ្យបានច្រើន។ អម្បាញ់មិញខ្ញុំសួរ មួយម៉ោងកន្លះអត់មានអ្នកណាចង់បាន ខាងនោះគាត់មិនចង់បានទាបជាងនឹងដែរ។ ​យើង​មេដឹកនាំត្រូវចេះសំរបសំរួលការងារ មិនមែនស្រួលទាំងអស់ទេ។ ត្រូវ​ពន្យល់ហេតុផលធ្វើអីក៏ដោយ។ សូម្បីរៀបចំនៅទីនេះ លោកគ្រូអ្នកគ្រូ កាលមុនពេលល្ងាចគាត់ជាប់រវល់ដែរ។​ ឥឡូវគាត់យល់ហេតុផល។ គាត់សុខចិត្ត ព្រោះកូនគាត់ ទោះមិនមែនកូនបង្កើតកូនសិស្សគាត់ត្រូវការរៀន។ ​អញ្ចឹងលោកគ្រូអ្នកគ្រូខាងនោះត្រូវយល់ដែរថាបើមិនបានឲ្យក្មួយៗឥស្លាមរៀនបាន ២ម៉ោង ក៏បានមួយម៉ោងកន្លះដែរ។ ចាំសំរបសំរួលបន្ថែមទៅលើកិច្ចការនេះ។ អនុវត្ដសាកល្បងតែនៅទីនេះតាម​ជាក់ស្ដែង។ កន្លែងផ្សេងទៀតយើងរៀបចំអនុវត្ដ។ ដូចគ្នាអញ្ចឹង ​មិនឲ្យថយតិចជាង ២ម៉ោងទេ។ នៅនោះថយអស់កន្លះម៉ោងរបស់​សិស្ស​ឥស្លាមរួចទៅហើយ(សិស្សឥស្លាម៣០%) ។ អញ្ចឹង ៣០% នៃសិស្សរបស់​គ្រូ គ្នាខាតកន្លះម៉ោងបាត់ទៅហើយក្នុងមួយថ្ងៃ។ ត្រូវទេ? អត់បានឱកាសរៀន​ដូចគេ ២ម៉ោង ទេ។

ប្រសិនបើយើងថយទៀត ឱកាសរបស់គ្នាកាន់តែលំបាកព្រោះរៀននេះក៏សំខាន់ដែរ។ កូនខ្មែរដូចតែគ្នា។ ឥស្លាមខ្មែរថ្ងៃក្រោយធ្វើការជាមួយតែគ្នានឹង។ ខ្ញុំយល់ថាលោកគ្រូពិបាកនឹង​ពន្យល់ ប៉ុន្ដែចាំឲ្យលោកគ្រូជួយទៅពន្យល់បន្ថែម។ នេះជាសំណូមពររបស់​ខ្ញុំ ហើយឥឡូវ live ទៀត ខ្ញុំសូមឲ្យលោកគ្រូអ្នកគ្រូនៅទីនោះយោគយល់​ព្រោះស្ថានភាពនៅទីនោះមានចំណងនៅខាងក្រោយ។ ដើម្បីផលប្រយោជន៍រួមរបស់សិស្ស យើងអាចនឹងសុំអញ្ចឹង។ បើមិនអញ្ចឹងទេ ទាល់​តែយើងលែងគិតគូពីសិស្សឥស្លាមទុកគាត់ចោល។ ឥឡូវខាងសហគមន៍​ឥស្លាមបានឯកភាពបន្ថយកន្លះម៉ោងទៅហើយ ដូរម៉ោង(រៀន)ពីម៉ោង១ ទៅម៉ោង៣ វិញ។ ​ឪពុក​ម្ដាយខាងឥស្លាមបាត់កូនគាត់ ដោយពីមុនត្រឹមម៉ោង ៣ បានកូន​ទៅផ្ទះ​។ ឥឡូវគាត់ត្រូវបាត់ដល់ម៉ោង៦ តែក្នុងសាលាទេ។ បើសិនបើយើងកែ​មិន​ស្រួលឪពុកម្ដាយឥស្លាមតវ៉ាទៀត ថាម៉េចឲ្យកូនខ្ញុំរៀនតែមួយម៉ោង? អញ្ចឹងលោកគ្រូត្រូវឆ្លើយជាមួយ ៣០% ទៀត។ ខ្ញុំគិតថាយកគោលការណ៍​បែបនេះ សុំបន្ដអនុវត្ដ ហើយលោកគ្រូសូមទៅពន្យល់លោកគ្រូអ្នកគ្រូផង។ ពីមុនអត់បានរៀនទេបំប៉ន។ ត្រូវទេ? សិស្សចប់ទៅផ្ទះ។

ខ្ញុំជឿថាឪពុកម្ដាយនៅទីនោះប្រាកដជាចង់បានឲ្យកូនរៀនហើយ ចូលរៀនប៉ុន្មានភាគរយគិតទាំង ៣ សាសន៍? ចូល​រៀនបាន ៩០%។ បានន័យឪពុកម្ដាយ៩០%ចង់ឱ្យកូនរៀនម៉ោងបន្ថែម។ បើយើងថយវិញអត់កើតទេ។ អត់​មានបង្ខំទេមែនទេ? ខ្ញុំគិតថាគ្រូមិនមែនទៅបង្ខំឪពុកម្ដាយឲ្យបង្ខំកូនទេ ​គឺឪពុកម្ដាយជាអ្នកជំរុញកូនមក។ បានន័យថាអ្នកដែលជំរុញកូនមកគាត់ចង់​ហើយឲ្យកូនបានរៀនបន្ថែម។ យើងលុបកម្មវិធីនឹងអត់បានទេ បាន​ន័យថាបើដកសាលានឹងចេញពីកម្មវិធី ៤២ម៉ោង នេះ ត្រឡប់ទៅដូចដើម មិនបាច់រៀនទេ។ អញ្ចឹង ៩០% នៃឪពុកម្ដាយ គាត់ឃើញកម្មវិធីនឹងគាត់ចង់ឲ្យកូនរៀន គាត់រុញកូនឲ្យមករៀនត្រូវទេ? អញ្ចឹងមានតែប៉ុណ្ណឹង។ មានតែចែក​គ្នាទាំងឥស្លាមទាំងអីហ្នឹង។ ឥស្លាមគាត់បន្ថយហើយដើម្បីឲ្យកូនគាត់បានរៀនបន្ថែម។ អញ្ចឹងលោកគ្រូចាំធ្វើការបន្ដទៀត។ ប៉ុន្ដែលោកគ្រូអ្នកគ្រូនៅទីនេះ​ក៏ប្រាកដថាគាត់យកម៉ោង ១កន្លះដែរ ព្រោះត្រូវម៉ោងគាត់ទៀត។ តើលោកគ្រូ អ្នកគ្រូ ណាចាប់ផ្ដើមម៉ោង១ មានបញ្ហា? ប៉ុន្មាននាក់ដែលគាំទ្រការ​ចាប់ផ្ដើមម៉ោង១ នៅទីនេះ? នៅតែម៉ោងដដែល។ អញ្ចឹង​ប្អូនស្រីគាត់លើកឲ្យត្រូវហើយ។ ខ្ញុំឲ្យភាពបត់បែនទេ បើសិនចាំបាច់ … ខ្ញុំមិនចង់ឲ្យកាត់រយៈពេល ២ម៉ោងនឹងទេ។ ទី ២ បានតិចបានច្រើន នៅនេះគេចូល ១០០% បានពីរម៉ោង។ នៅនោះដោយសារឥស្លាមត្រូវកាត់កន្លះម៉ោង សុខចិត្តឲ្យរៀនមួយម៉ោងកន្លះ។ កុំកាត់គាត់បន្ថែមទៀត។ គាត់ទៅរៀន ១ ម៉ោងកន្លះ (ព្រោះ)គាត់មានត្រូវ​កាតព្វកិច្ចត្រូវទៅរៀនសាលាមួយទៀត។ អញ្ចឹងបានយើងបន្ថយម៉ោង។ គាត់មិនមានឱកាស(បានរៀនបន្ថែម) ហើយសមត្ថភាពត្រូវការដូចគ្នា។ ​អញ្ចឹងឯកភាព? ឥឡូវ Laptop ជូន ១០ គ្រឿងនិង projector ព្រោះយើងជូនអញ្ចឹងមិនបានមួយនាក់ទេ។ ខ្ញុំមាន ៧ ពាន់ សាលា ត្រូវឆ្លើយតប …ប្រើប្រាស់យ៉ាងម៉េច(ចាត់ចែងតាមនឹងចុះ) ជាជំហានសិន …

អាណាព្យាបាល៖ ជាបឋម​ សូមគោរពសម្ដេច។ ថ្ងៃនេះសប្បាយចិត្តសម្ដេច surprise តែម្ដង បះសក់ជ្រោង ព្រោះនាយកសាលាអញ្ជើញថាឯកឧត្តមទេសរដ្ឋមន្ដ្រីអញ្ជើញមក។ អង្គុយចាំឯកឧត្តមទេសរដ្ឋមន្ដ្រី ដល់ងាកមើល សម្ដេចសោះ ភ្ញាក់ព្រើត។ សូមអនុញ្ញាតគោរពសម្ដេចនិងឯកឧត្តមក្រុមការងារទាំងអស់។ ខ្ញុំបាទជាឪសិស្សថ្នាក់ទី៦ ត្រូវបាន​គេបោះឆ្នោតជាប់ជាប្រធានគណៈកម្មាធិការគ្រូថ្នាក់រៀនផងដែរ គ.គ.ថ។ ​យន្ដការនេះ ខ្ញុំសង្កេតឃើញថាមានការប្រែប្រួលខ្លាំង មានការសហការគា្នល្អ ព្រោះមាតាបិតាសិស្សទាំងអស់បានដឹងលឺជ្រាបពីព័ត៌មាន​សាលា​បានគ្រប់គ្រាន់។ ជាក់ស្ដែងដូចអ្នកគ្រូ សំបូរ លាភី និង លោកគ្រូ គង់ ឡូត ថ្នាក់ទី៦ តែងផ្ដល់ព័ត៌​មានជារឿយទាក់ទងនឹងការប្រែប្រួលផ្សេង​ៗក្នុងសាលា ជាពិសេសទាមទារការចូលរួមពីសហគមន៍ នឹងឪពុកម្ដាយសិស្ស។

ក្នុងនាមជាឪពុកម្ដាយបានកៀរគរថវិកាជួយផងដែរ ពិសេសដើរឲ្យទាន់សម័យបច្ចេកវិទ្យា។ ពិតណាស់សម្ដេចបានផ្ដល់ជូនអម្បាញ់មិញគឺខ្ញុំគាំទ្រទាំងស្រុង។ ការសិក្សាក្នុងថ្នាក់រៀនត្បិតប្រើពេលវេលាកាលវិភាគ ខុសគ្នា ប៉ុន្តែការផ្ដល់ projector slide គឺសំខាន់ណាស់។ ពីដើមយើងរៀនមើលតែរូបគូរទេ ក្រពះពោះវៀនកាលពីក្មេង ប៉ុន្ដែឥឡូវឃើញជាក់ស្ដែង។ បើលោកគ្រូអ្នកគ្រូគាត់ចេះ​ស្រាវជ្រាវទៀត បើកមកឃើញច្បាស់តែម្ដង។ ថានេះក្រពះ ថ្លើម ស្ពែម៉ាតូសូអ៊ីត លំអងកេសរញីឈ្មោល។ ពីដើមអត់ទេ។ ទម្រាំលោកគ្រូគូសចេញវៀចមួយចំហៀង។ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំសូមអរគុណសម្ដេច និងសុំឲ្យមានវគ្គបំប៉នភាសាបរទេស ​ត្បិតយើងបន្ថែមក្រៅពីភាសាខ្មែរនិងគណិត ប៉ុន្ដែចង់ឲ្យពួកគាត់ចេះដឹងច្រើនដែរ ពេលវេលាស្រាវជ្រាវគាត់មានច្រើន ប៉ុន្ដែជំនាញភាសាអង់គ្លេសនៅតែស្ទាក់ស្ទើ។ ប្រសិនបើសម្ដេចបានឲ្យមានគ្រូល្បីក្នុងខេត្តនេះក៏បាន បំប៉នកាន់តែល្អ ហើយម៉ោងសិល្បៈ និងកីឡា ក្ដី បន្ថែមបានក៏ល្អព្រោះជួយបន្ថែមជំនាញ។

ខ្ញុំឧស្សាហ៍ចូលមើលសាលា ព្រោះស្រឡាញ់សាលាដូចផ្ទះ​អញ្ចឹង។ ជាក់ស្ដែងគ្រួសារខ្ញុំម៉ោងបាយគឺមកជុំគ្នានៅសាលាអនុវត្ដនេះ​នៅសាលាមត្ដេយ្យ។ អញ្ចឹងសូមសម្ដេចជួយសំភារៈអីឲ្យក្មេងៗបានគ្រប់គ្រាន់ផង។ អាណិតណាស់។ ថ្ងៃឡើងសំរាកជុំគ្នា បានគុណលោក​នាយកដាក់កង្ហារឲ្យទៀតត្រជាក់ៗ។ គោរពអរគុណថ្នាក់ដឹកនាំខេត្តផងដែរ ឯកឧត្តម អភិបាល តែងជួយជានិច្ចជាមួយការងារសន្ដិសុខសុវត្ថិភាព ប៉ុន្ដែក៏សុំ ឯកឧត្តម ជួយបន្ថែមជាពិសេសតំបន់ទីប្រជុំជន និងសាលាឆ្ងាយៗទៀតដែលមានចរាចរណ៍ខ្វែងខ្វាត់។ ប្រសិនបើអាចសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ម្នាក់​ក៏បានដែរ ព្រឹកពេលសិស្សចូលរៀន ល្ងាចពេលសិស្សចេញពីរៀនដើម្បីសុវត្ថិភាពទាំងអស់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះមើលមិនឃើញទេ មួយភ្លែត​ត្រូវបាត់បង់កូនជាទីស្រឡាញ់។

ឥឡូវនេះលោក​ប្រធានមន្ទីរ បានដាក់គោលការណ៍ច្រើនដែរដល់លោកនាយកសាលាសូម​មានស្លាកសញ្ញាចរាចរណ៍បន្ថយល្បឿនមុខសាលា ហើយមានគ្រូចេញទៅទទួល ប៉ុន្ដែសូមឯកឧត្តម អភិបាល ជួយមានអាជ្ញាធរប៉ុស្ដិ៍អីបានម្នាក់មួយថ្ងៃគឺគាត់ជួយមួយព្រឹកបន្ដិច ល្ងាចបន្ដិច។ សូមអភ័យទោសឯកឧត្តម បើការខ្ញុំស្នើសុំនេះខុសឆ្គងក្ដី។ សូមគោរពជូនពរសម្ដេចមានសុខភាពល្អ សប្បាយចិត្តណាស់មិនដែលបានមកនិយាយផ្ទាល់ជាមួយសម្ដេចទេ។

សម្តេចធិបតី៖ អរគុណចំពោះការលើកនេះ។ ទាក់ទងនឹងសុវត្ថិភាពនៅជុំវិញសាលានេះសំខាន់។ ខ្ញុំជិះមកព្រឹកមិញឃើញទីប្រជុំជនតាមផ្លូវមានប៉ូលីសមក។ ខ្ញុំថាបែកការណ៍ហើយ ឃើញមានប៉ូលីសមកអញ្ចឹង។ គេប្រាប់ថាអត់ទេ កន្លែងប្រជុំជនគឺមានប៉ូលីស។ អម្បាញ់មិញ​ឃើញមាននៅគ្រប់សាលារៀនទាំងអស់។ បើសិនបើប៉ូលីសយើងមិនគ្រប់ ​ប្រើប្រជាការពារបន្ថែមពេលម៉ោងចូលរៀន ម៉ោងចេញពីរៀន (បញ្ចៀស)គ្រោះថ្នាក់។ សូមហៅថាប្អូនប្រុស។ អាយុប៉ុន្មានហើយ? ៤០ឆ្នាំ។ នៅពេលនាយកសាលាក្មេងជាងយើងគឺយើងចាស់ហើយ។ អរគុណសំរាប់ការគិតគូរនេះ។ ការ​ចូលរួមពីឪពុកម្ដាយសំខាន់ បើគ្មានការចូលរួមរបស់ឪពុកម្ដាយគឺទៅអត់រួចទេ។ ការបង្រៀនមានតែ ៣ កន្លែងទេ គឺបង្រៀននៅផ្ទះ សាលា និងបរិស្ថានជុំវិញគឺសង្គម។ បើនៅផ្ទះបង្រៀនល្អ នៅសា​លា​បង្រៀនល្អ អញ្ចឹងតំលៃនៅក្នុងខ្លួនគាត់ពេលចេញទៅក្នុងសង្គមដែលមានបញ្ហាច្រើន គាត់អាចដឹងអ្វីដែលល្អអាក្រក់។ បើនៅផ្ទះគាត់មិនសូវបានបង្រៀន សាលាក៏មិនសូវ​មានពេលបណ្ដុះបណ្ដាលរឿងឥរិយាបថអីនេះ គាត់សល់ពេលសង្គមបង្រៀន បានន័យថាដើរជាមួយពួកម៉ាកស្អីៗ ហ្នឹងឯងដែលជាបរិស្ថានជុំវិញ។

បង្រៀនមានតែ ៣ នឹងទេ។ ឥឡូវយើងធ្វើ ២នេះ យើងពង្រឹងក្នុងសាលា​ ពង្រឹងនៅផ្ទះជាមួយឪពុកម្ដាយ។ កូនចេញមកគាត់ដឹង(ល្អអាក្រក់)ព្រោះនៅសង្គមនេះយើងមិនអាចគ្រប់គ្រងបានទេ។ ក្នុងលំហរ ហើយសម័យនេះ INTERNET គឺថាមិនបាច់ទេ។ ក្មួយៗ ថ្នាក់ទី ៤ , ទី៥, ទី ៦ ខ្ញុំជឿថា​សុទ្ធតែ selfie។ ឥឡូវនេះ ថ្នាក់ទី១ ទី ២ ក៏មានទូរស័ព្ទដែរ។ អញ្ចឹងឥទ្ធិពលដែលជះតាមទូរទស្សន៍ ទូរស័ព្ទ អីផ្សេងៗ ច្រើន ដែលត្រូវការការពង្រឹង។ ការចូលរួមរបស់សហគមន៍ របស់ប្រជាពលរដ្ឋ … សំខាន់ការភ្ជាប់ជាមួយគ្រួសារនិងសាលា ដែលខ្ញុំតែងលើកតាមវេទិកា ដែលមានករណីនៅខេត្តកណ្ដាលនោះ។ កូនគាត់ធ្វើខុស ដល់លោកគ្រូ​នាយកតឹងគាត់ដាក់ពិន័យ កូនទៅដល់ផ្ទះប្រាប់ម្ដាយ។ ធម្មតាកូនតែប្រាប់មិនដែលខ្លួនខុសទេ ព្រោះខ្លាចម៉ែវ៉ៃថែម។ ម្ដាយមិនទាន់បានអី ឡើង​ facebook ដាក់គ្រូផាំងៗ។ ភាគច្រើនដោយសារតែគ្មានទំនាក់ទំនងរវាងគ្រូនិងម្ដាយ។ បើសិនមានទំនាក់ទំនងជាប់ជាប្រចាំ ស្គាល់គ្នា មានរឿងអីគាត់​ទូរស័ព្ទមកសួរ … ការភ្ជាប់ ការទុកចិត្តគ្នាទៅវិញទៅមក យើងមិនក្លាយជាអ្នកស្តាប់កូនជាអ្នកនាំពាក្យ។ អញ្ចឹងកូនអត់មករៀន ក៏ម្ដាយអត់ដឹង ព្រោះកូនដល់ម៉ោងដល់ផ្ទះដែរ។

ចេញពីផ្ទះម៉ោង ៧ មកដល់សាលាហើយគាត់ប្ដូរខោអាវចេញប្រុចបាត់។ ចតម៉ូតូទុក ជិះម៉ូតូមួយពីរនាក់។ ផ្លោះរបង រឿងផ្លោះរបងនេះជំនាន់ខ្ញុំក៏មានដែរ។ មិនមែនទើបតែមានឥលូវទេ។ ខ្ញុំមិនដែលផ្លោះទេ ប៉ុន្ដែផ្លោះរបងមានដូចតែគ្នា។ ឪពុក​ម្ដាយអត់ដឹងកូនទៅណាទេ។ បើសិនលោកគ្រូអ្នកគ្រូដឹង កូនមកយឺតក្រៅរបង ថតផ្ញើឪពុកម្ដាយ នឹង(គាត់)ដឹង(កូនគាត់)យឺតទៀតហើយ។ កូនចេញ(ពីផ្ទះ)តាំងម៉ោង ៦ ម៉េចបានទៅដល់(យឺត)។ ​រវល់ទៅជាមួយពួកម៉ាក។ សំខាន់ការភ្ជាប់រវាងឪពុក-ម្ដាយនិងគ្រូ ជាក្រុមជាអេគីបមួយសម្រាប់បណ្ដុះបណ្ដាលកូនរួម នេះហើយគឺការចូលរួមដែលយើងចង់ភ្ជាប់។ ទូទាំងប្រទេសយើងចង់ធ្វើអញ្ចឹង។ ខ្ញុំមើលសាលាដែលឱ្យខ្ញុំសិក្សាកាលពីឆ្នាំទៅ សាលាដែលល្អ សាលាដែលភ្ជាប់ជាក្រុម ពេលណាដែលមានសហគមន៍គ្រួសារភ្ជាប់ ភាគច្រើនគាត់ទៅ​គ្រប់គ្រង ហើយខ្លាំង។ មិនមានអ្នកសប្បុរសជនពក្រៅ ឬរដ្ឋាភិបាលធ្វើលើសគេទេ។ គាត់មានកម្លាំងចិត្ត។ កន្លែងខ្លះអត់ប្រើថវិកាបន្ថែម កន្លែងខ្លះសហគមន៍គ្រួសារគាត់មានថវិកា​ជួយធ្វើនេះ/នោះ កន្លែងខ្លះអត់ចាំបាច់មានផង។ ការជួយគ្នាការប្រទាក់ក្រឡាគ្នាលើកទឹកចិត្ត … មានអីនិយាយគ្នា នេះជាកិច្ចការល្អ។ រឿងនេះគឺអរគុណ ប្អូនអម្បាញ់មិញដែលជាប្រធាន រហូតមកដល់ហូបបាយនៅទីនេះ។ ផ្ទះជិតហ្នឹងទេឬបានមកបាយនៅទីនេះ? នៅឆ្ងាយ។ ម៉េចបានមកបាយនៅទីនេះ? ចាំប្រពន្ធកូននៅទីនេះ។

អាណាព្យាបាល៖ ​​ជាបឋមសូមគោរពសម្ដេចមហាបវរធិបតី ​​​ជាទីគោរព។ សូមគោរពឯកឧត្តម លោកគ្រូ អ្នកគ្រូ មាតា បិតាសិក្សជាទីគោរព។ ខ្ញុំបាទ អេង ហៃ ជាប្រជាពលរដ្ឋរស់នៅក្នុង​ភូមិក្រសារ សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ខ្ញុំឡើងមកនេះអត់មានអីពាក់ព័ន្ធបញ្ហាសាលាទៀតទេ គ្រាន់តែថាវឌ្ឍនៈភាពការងាររបស់សាលាគឺថាបងប្អូន មាតាបិតា លោកគ្រូ អ្នកគ្រូ គាត់មានប្រសាសន៍អស់ហើយ … ខ្ញុំសូមកោតសរសើរដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបច្ចុប្បន្ននេះ លោកបានខិតរវាងសាលានិងសហគមន៍មាតា បិតា ឱ្យនៅជិតគ្នា។ មានបញ្ហាអីក៏ដោយឬមួយក៏មានបញ្ហាការងារថ្មីៗ គាត់បញ្ជូនទៅដល់ មាតា បិតា សិស្សទាំងអស់ ជាពិសេសបច្ចុ​ប្បន្នគឺនៅជិតគ្នាតែម្ដង មានរឿងអីហេតុអីគឺគាត់ផ្ដល់ឱ្យគ្នាទៅវិញទៅមក។ ខ្ញុំសូមអបអរសាទរ គាំទ្រលោកគ្រូអ្នកគ្រូ ទាំងអស់។ ចុងក្រោយនេះខ្ញុំសូមប្រកាសថ្ងៃ ក្នុងនាមតំណាងឱ្យមាតា បិតា សិស្សទាំងអស់ដែលបានមកនេះ ហើយក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំគាំទ្រនូវគម្រោងព្រែកជីកហ្វូណន-តេជោ ថ្ងៃទី០៥ នេះ(បើកការដ្ឋាន)​ ខ្ញុំទ្រ១០០% និងគាំទ្រគោលនយោបាយសម្ដេចរហូត អស់មួយជីវិត សូមអរគុណ។

សម្តេចធិបតី៖ ធ្វើដើម្បីទាំងអស់គ្នា ដើម្បីទុកឱ្យកូនចៅយើង។ រួមគ្នាបង្រៀនថ្ងៃនេះ ខ្ញុំមានអាយុ៤៦ឆ្នាំ។ យើងទាំងអស់គ្នានៅនេះយ៉ាងច្រើន ១៥០ឆ្នាំ។ ប៉ុណ្ណឹងបានហើយ។ ផុតពីហ្នឹងទៅគឺកូនចៅយើងជំនាន់ក្រោយ កសាង​មូលដ្ឋានធនធានមនុស្សសម្រាប់គាត់តទៅ។

អាណាព្យាបាល៖ ​សូមគោរពសម្ដេច ថ្ងៃនេះពិតជាមានសំណាងធំធេងណាស់។ ចង់ជួបសម្ដេចពុកតាំងពីនៅក្មេងរហូតដល់អាយុ៤០ ឥឡូវបានជួបសម្ដេចកូន។ អត់បានដឹងមុនថាសម្ដេចអញ្ជើញមកទេ។ នាងខ្ញុំតំណាងអាណាព្យាបាលម្នាក់ដែលមានកូនរៀន គឺមានសេចក្ដីសប្បាយរីករាយខ្លាំងណាស់ សម្រាប់កូនរបស់នាងខ្ញុំរៀនថ្នាក់ទី២។ ការរៀនរបស់គាត់ខ្ញុំទទួលស្គាល់ថាមានភាពល្អប្រសើរ រយៈ២ខែនេះ ទាក់ទងនឹងឥរិយាបទក្នុងសំពះ ពីមុនគ្រាន់តែចុះពីលើម៉ូតូ កូនជំរាបសួរម៉ាក់ ជំរាបលាម៉ាក់ ទាល់តែយើងប្រាប់។ ដល់ឥឡូវយើងមិនបាច់ប្រាប់គាត់ទេ គាត់ចុះគឺគាត់ជម្រាបលា គាត់ឡើងគាត់ជម្រាបលាយើងតែម្ដង។ ពីមុន​នៅផ្ទះ គាត់អត់ចេះជួយទេ។ សូម្បីតែកាន់ឆ្នាំងបាយ គាត់ថាកូនកាន់អត់រួចទេធ្ងន់ណាស់។ ឥឡូវម៉ោងបាយអញ្ចឹងគ្រាន់តែថាអូនជួយរៀបចំម៉ាក់។ គេជួយរៀបចំ។ ព្រឹកឡើងក្រោកពីគេង អូនរៀបចំភួយ គេចេះ។ ខ្ញុំមានមោទនភាពខ្លាំងណាស់ ខ្ញុំសប្បាយរីករាយមែនទែនដែលឃើញកូនរៀន ការវិ​វឌ្ឍរបស់គាត់ទាក់ទងទៅហ្នឹងសុជីវធម៌គឺគាត់​រីកចំរើនខ្លាំង។ ចំពោះម៉ោងពេលវេលារៀនគឺពីមុនគាត់រៀនមួយពេល ថ្ងៃគាត់ទំនេរ។

ថ្ងៃខ្ញុំធ្វើការ ពេលដែលយកគាត់ទៅជាមួយគឺធ្វើបាបខ្ញុំ គឺគាត់បង្កការលំបាកឱ្យខ្ញុំ។ នៅពេលដែលសាលាបន្ថែមម៉ោង២ម៉ោងទៀត ខ្ញុំសប្បាយចិត្ត។ បើសិនជាបាន ៥ម៉ោងទៀតរឹតតែសប្បាយចិត្ត​ព្រោះពីពេលដែលខ្ញុំយកគាត់ទៅផ្ទះ យកគាត់ទៅកន្លែងធ្វើការ​ខ្ញុំ គាត់ទំនេរ គាត់ទារមើលទូរស័ព្ទ ទម្រាំតែដល់តែម៉ោង ៥គាត់រៀនភាសាអង់គ្លេស។ ខ្ញុំគិតថាបើរៀនដល់ល្ងាចតែម្ដងរឹតតែល្អ។ ខ្ញុំក៏ជាគ្រូបង្រៀនដែរ បង្រៀនៅសាលាឯកជនទេ គ្រាន់តែខ្ញុំដឹងថាការបង្រៀនលំបាក មានតែលោកគ្រូ អ្នកគ្រូ ដែលគាត់​ស្រុះគ្នាដើម្បីជួយឱ្យកូននាងខ្ញុំមានភាពល្អប្រសើរ។ ថ្នាក់ទី២ អានអក្សរនៅលើពិដាន លើអីឡើងម៉ាក់ប៉ាគេឆ្ងល់ថាកូនរៀនថ្នាក់ទីប៉ុនា្មន? កូនទើបថ្នាក់ទី២ទេ ស្ទើរអា​យុបន្តិចទៀត ប៉ុន្តែគាត់អានអក្សរនៅលើពិដាន នៅលើស្លាកលេខម៉ូតូបាន។

ខ្ញុំជាម្ដាយខ្ញុំសប្បាយចិត្តណាស់សម្ដេច ពិតជាមានមោទនភាពមែនទែនចំពោះសាលា និងអរគុណយ៉ាងធំធេងចំ​ពោះការផ្ដល់ឱ្យនូវ​ម៉ោងបន្ថែមដែលសម្ដេចបានផ្ដល់ឱ្យសាលាគោលដៅ។ សូមជូនពរសម្ដេចជួបប្រទះតែនូវអ្វីដែលល្អពេញមួយជីវិតសម្ដេច សូមអរគុណ។

សម្តេចធិបតី៖ ខ្ញុំសួរវិញបន្តិច កូនដែលប្ដូរឥរិយាបទដែលគាត់ធ្វើហ្នឹង​ តើប៉ុន្មានភាគរយជាលទ្ធផលនៃការបណ្ដុះបណ្ដាលថ្មី? ឬមួយគាត់ភ្ញាក់រលឹកដោយសារកត្តាអីផ្សេង?

អាណាព្យាបាល៖ កត្តាដែលគាត់ផ្លាស់ប្ដូរ ៥០%គឺគ្រូ ពីព្រោះ​ខ្ញុំគិតថាការលូតលាស់របស់កុមារ កត្តាឪពុកម្ដាយគឺជាត្តាបន្ទាប់ កត្តាទីមួយគឺគ្រូ គាត់នៅជាមួយច្រើន ព្រោះនៅជាមួយឪពុកម្ដាយគឺនៅតែពេលយប់ទេ គឺគេងបាត់ហើយ។ អញ្ចឹងម៉ោងនៅជាមួយគ្រូគឺច្រើន កត្តាបន្ទាប់បន្សំ​គឺខ្លួនរបស់គាត់ នឹងនាងខ្ញុំ ស៊ី នេតា។ ខ្ញុំ​ក៏បានជួយគាត់បន្ថែមទៅលើកន្លែងដែលគាត់ភ្លេច ខ្ញុំជួយគាត់បន្ថែម … ដូចជាពីមុនគាត់អត់យល់គណិតវិទ្យា អោយជួយពន្យល់។ ជួនកាលម្ដាយកំពុងស្លរ ម៉ាក់បង្រៀនកូន បង្រៀនបូកលេខ ដកលេខ។ ខ្ញុំអត់មានពេលទេ។ តែម្នាក់ឯងព្រោះប្ដីធ្វើការឆ្ងាយ។ ខ្ញុំអត់សូវមានពេល។ ជួនកាលខឹងកូនទៀត កូនឱ្យបង្រៀន។ ឥឡូវ អ្នកគ្រូបានបន្ថែម២ម៉ោង កិច្ចការរបស់គាត់អត់សូវមកសួរយើងទេ។​ គាត់មកសួរយើងតែអំណាន ពាក្យណាដែលពិបាក។ គាត់អាចសួរឱ្យជួយ … ការ​បន្ថែម២ម៉ោងនេះគឺជួយសម្រាលបន្ទុកដល់នាងខ្ញុំច្រើនណាស់សម្ដេច។

​សម្តេចធិបតី៖ ដល់​វគ្គសួរតួឯក អ្នកណាកាន់មេក្រូ? ថ្នាក់ទីប៉ុន្មាន? អាយុប៉ុន្មាន? តាំងពីដាក់កម្មវិធីថ្មីមកថែម២ម៉ោងល្ងាចក្មួយសប្បាយចិត្តឬមួយក៏អត់សប្បាយចិត្ត រៀនច្រើនពេក?

សិស្ស៖ ជម្រាបសួរសម្ដេច, ថ្នាក់ទី៥, នៅពេលរៀនថែម២ម៉ោងរសៀលនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ការៀននេះមិនចំណាយថវិកា រៀនបានចេះភាសាខ្មែរ គណិត និងភាសាបរទេស។ ខ្ញុំចេះជួយកិច្ចផ្ទះម៉ាក់ប៉ានៅផ្ទះ និងជួយកិច្ចការសាលា។ ជួយបោសផ្ទះ លាងចាន បោកខោអាវ។

សម្តេចធិបតី៖ ប្រុសៗ ណាខ្លះដែលពីមុនមិនជួយការងារផ្ទះកាលពីមុន? ថ្នាក់ទីប៉ុន្មាន? ល្ងាចៗរៀនអ្វីខ្លះក្នុងមួយសប្ដាហ៍?ក្រៅពីរៀនភាសាខ្មែរ​ គណិតវិទ្យា អង់គ្លេស រៀនអ្វីខ្លះ?

សិស្ស៖ ថ្នាក់ទី៦ ក។ មួយសប្ដាហ៍ពេលល្ងាចៗ រៀនភាសាខ្មែរ គណិតវិទ្យា និងអង់គ្លេស។ ចូលចិត្តភាសាខ្មែរជាងគេ។ ចេះការសំពះ ការគោរពទង់ជាតិ ការតម្រង់ជួរ ការបំបែកជួរ ការច្រៀងចម្រៀងជាតិ និងការបង្ហូតទង់ជាតិ ឱ្យបានត្រឹមត្រូវ។ កាលពីមុនទៅផ្ទះអត់ជម្រាបសួរប៉ាម៉ាក់ទេ តែឥឡូវជម្រាបសួរគាត់ លែងអៀនហើយ។ លោកគ្រូ អ្នកគ្រូគាត់ជាអ្នកប្រាប់។

សម្តេចធិបតី៖ ​ឪពុក-ម្ដាយ តើកូនអីមានអីប្លែកកាលពីមុន? រឿងសំពះ ឥវិយាបទ វិន័យ រឿងដើរលេង? វិន័យឥរិយាបទសំខាន់។ ទាហានមុននឹងគេដាក់ឱ្យធ្វើ គេយកទៅលត់គឺវិន័យហ្នឹងឯង។ ធ្លាប់តែងើបម៉ោង៨ ឥឡូវងើបម៉ោង៣។ យើងមិនមែននិយាយតែទាហានទេ ប៉ុន្តែដូចគ្នាដែរ។ ប៉ុន្តែឥរិយាបទគាត់ បានន័យថាគាត់ចេះធ្វើអីមានរៀបរយ គឺស្រួលទេ តែអត់មានអីរៀបរយមិនដឹងថាធ្វើអីចំណាយពេលអត់ប្រយោជន៍។ ការរៀបចំថែមម៉ោង ការធ្វើឱ្យក្មួយចេះងើបឡើងរៀបចំខ្លួនប្រាណ គឺរៀបរយខ្លួនឯងរៀបចំជីវិត។ បើក្មួយចេះអាហ្នឹងហើយយ៉ាងហោចណាស់ បើថ្ងៃហ្នឹងពិន្ទុមិនសូវល្អ ទៅវិញក៏គ្រែយើងស្អាតដែរ។​ យើងបត់តាំងពីព្រឹក ចូលទៅដល់មានអារ្មណ៍ល្អតែម្ដង។ ពុកម៉ែក៏អញ្ចឹងដែរ លែងរអ៊ូហើយ។ ចូលទៅដល់ដូចសម្បុកកណ្ដុរ។ ឥឡូវលែងដូចពីមុនហើយ តែមិនទាន់ល្អឥតខ្ចោះទេ ល្អជាងមុន និងជាការវិវឌ្ឍហើយបន្តទៅទៀត។ ល្ងាចរៀនថែម២ម៉ោងហ្នឹងធ្វើអោយក្មួយៗអាចមានឱកាសរៀនមេរៀនមួយក្នុងមួយថ្ងៃហ្នឹង យល់បានជាងមុន។ រៀនពេលល្ងាចគ្រូរំលឹកពីអ្វីដែលយើងរៀនពីព្រឹក យល់ថែម។ ប្រឹងប្រែងណាក្មួយ។

ខ្ញុំអរគុណចំពោះការពេលចំណាយមួយព្រឹកជាមួយខ្ញុំ។ ៤៦ឆ្នាំ​យើងជួបគ្នាម្ដង។ តែខ្ញុំចង់បានអញ្ចឹង។ ខ្ញុំចង់បានថាតើកម្មវិធីនេះយ៉ាងម៉េច? ស្ដាប់ទាំងអស់គ្នា អត់មានលាក់លៀម។ គាត់ក៏អត់ប្រាប់មុនដែរ។ បើប្រាប់មុន​គាត់ត្រៀមសំណួរឱ្យសួរ ឬមួយរៀបអ្នកឆ្លើយ។ ខ្ញុំអត់រៀបឱ្យមក។ ប៉ុន្តែប្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រីមក មិនស្រួលរៀបចំឱ្យឆ្លើយ ប៉ុន្តែអត់មានរៀបទេ។ ទោះរៀបមិនរៀប ខ្ញុំសួរហើយ។ ថ្ងៃនេះគឺឱ្យស្ម័គ្រចិត្តតែម្ដង។ ចំណុចដែលលើក មិនសួរប៉ុននេះសម្រាប់ចប់កម្មវិធីទេ គឺកម្មវិធីយើងនឹងបន្ត អ្វីដែលយើងអាចអនុវត្តថ្ងៃនេះបានធាតុផ្សំមួយចំនួន ទាំងក្នុងការងារក៏សប្បាយចិត្តដឹងថាអ្វីដែលយើងបានគិតគូរ មកប៉ុន្មានខែនេះបានដាក់ចេញទៅការអនុវត្ត … យើងព្រួយបារម្ភធំបំផុតគឺការកែសម្រួលឥរិយាបទ និងការកែសម្រួលការចូលរួម។ ធ្លាប់តែទំនេរម៉ោងហ្នឹង អញ្ចឹងមានទាំងលោកគ្រូអ្នកគ្រូនិងឪពុកម្ដាយគាត់មានកម្មវិធីធ្វើអីផ្សេង ​ដល់ឥឡូវត្រូវគិតពីរឿងកូនត្រូវមករៀន២ម៉ោងថែមទៀត ត្រូវតែរបត់ថ្មី។ ថាតើគាត់លំបាកទេ? ពិបាកមិនស្រួលទេ។

ការចូលរួមមកដល់ម៉ោងនេះ ខ្ញុំគិតថាជាគំរូល្អ ព្រោះវាស្ថិតនៅក្នុងគោលដៅរួមរបស់យើង។ កសាងកូនៗរបស់យើង។ គ្នា(នៅតូច)ប៉ុននេះ មិនយូរមិនឆាប់នឹងទៅជាមនុស្សជំទង់។ តើពេលនោះគាត់មានសមត្ថភាព​ គាត់មានចំណេះដឹងយ៉ាងម៉េច ឥរិយាបទយ៉ាងម៉េច។ យើងនៅបឋម នៅមត្តេយ្យនេះក៏ចូលរួមសំខាន់។ អ្នកគ្រូបង្រៀនគេ ប៉ុន្តែមកនៅសាលា កូនគឺឱ្យលោកគ្រូអ្នកគ្រូផ្សេងបង្រៀន។ យើងជាម្ដាយឪពុកទី២របស់កូនគេ។ ប៉ុន្តែកូនយើងក៏មានម្ដាយឪពុកទី ២ដែរ។ ការចិញ្ចឹមកូនដូចអ្នកគ្រូគាត់និយាយ បើបន្ថែម ៥ម៉ោងក៏បាន ប៉ុន្តែ … យ៉ាងហោចណាស់ក៏បាន ២ម៉ោងក្នុងមួយថ្ងៃ។ ២ម៉ោង មិនមែន២ម៉ោងតែត្រឹម ២ម៉ោងលើក្រដាសទេ សុំឱ្យ២ម៉ោងនេះ ២ម៉ោងដែលសកម្ម ២ម៉ោងដែលរៀបឱ្យត្រូវ។ ថ្ងៃនេះខ្ញុំចង់ដឹងប៉ុណ្ណឹង ថាតើរៀបឥឡូវត្រូវឬនៅ រៀបឥឡូវមានការរំខានឬអត់? មានការប្រឈមយ៉ាងម៉េច? ប្រឈមស្អីខ្លះ ដែលយើអាចគិត អាចមកដល់ម៉ោងនេះមានឱកាសជួបផ្ទាល់ស្ដាប់ផ្ទាល់។

ជាថ្មីម្ដងទៀត អរគុណដល់គណៈកម្មាធិការ ខាងលេខាធិការដ្ឋាន គ្រូបង្គោលទាំងអស់ ដែលបានចូលរួម ខេត្ត មន្ទីរ ក្រុង និងការិយាល័យ សូមបន្តជួយជំរុញ មិនមែនតែសាលានេះទេ គ្រប់សាលាទាំងអស់ដែលត្រូវធ្វើ ដែលយើងនឹងអភិវឌ្ឍ។ កន្លែងនេះ យើងអាចថាមិនចាំបាច់ចូលជាកម្មវិធីទេ ចាំ ៤២ សាលាផ្សេងទៀត ទោះបីចូលឬមិនចូល ក៏អាចយកគម្រូពីនេះទៅអនុវត្តបន្ត ព្រោះដូចគ្នាទេ។ សាលានេះក៏មិនអាចក្រុមការងារនៅរហូតរាប់សិបឆ្នាំជាមួយទេ។ យើងអនុវត្តកន្លែងនេះ ពេលដែលអាចតរលូនបន្តិចទៅ ពេលដែលសហគមន៍គ្រួសារឪពុកម្ដាយដឹងពីវិធី លោកគ្រូ អ្នកគ្រូ ដឹង នាយកដឹង យើងរុញទៅខ្លួនឯង អោយនិរន្តរភាព។ ក្មួយៗធ្លាប់គឺទៅ។ យើងចាប់ផ្ដើម ២ខែ។ ខ្ញុំឱ្យវាយតម្លៃម្ដងទៀតនៅពេលដូចមួយឆ្នាំ។ យើងមើលទៀត។ ដល់ខែឡើងគាត់ចេះ សង្ឃឹមថាគាត់ចេះ។ បុព្វហេតុអត់មានសម្រាប់អ្នកណាទេ គឺសម្រាប់ធនធានមនុស្ស សម្រាប់កូនលោកគ្រូ អ្នកគ្រូ។ លោកគ្រូ​ អ្នកគ្រូ ក៏ត្រូវមានកូនចៅ ត្រូវទៅរៀននៅសាលាផ្សេងនិងសាលានេះ អញ្ចឹងដូចគ្នាគេក៏មានអញ្ចឹង។

គោលដៅរបស់យើងសាលាឯកជន អត់ទៅប៉ះពាល់ទេ តែគាត់ក៏បានចូលរួមដែរ។ អ្វីដែលគោលដៅសំខាន់គឺពង្រឹងសាលារដ្ឋ។ សាលារដ្ឋយើងចាប់ផ្ដើមមួយអាណត្តិនេះ យើងជំរុញពង្រឹងសាលាបឋមសិក្សាឱ្យរឹង អាណត្តិក្រោយយើងអាចចាប់ផ្ដើមពង្រឹងអនុវិទ្យាល័យ និងវិទ្យាល័យ។ បើសិនជាមូលដ្ឋានបឋមអត់គ្រប់ហើយ ប្រ​ហោងធ្លុងគឺពិបាក។ បើគាត់ចូលដល់ថ្នាក់ទី៧ សរសេរអក្សរអត់ត្រង់ជួរផង គណិតបូកលេខអត់ត្រូវផង ឱ្យគាត់ទៅរៀនថ្នាក់អនុវិទ្យាល័យម្តេចកើត។ ត្រូវតែពង្រឹងកន្លែងនេះ។ ចំពោះគរុកោសល្យ លោកគ្រូក៏ត្រូវតែយកចិត្តទុកដាក់។ អម្បាញ់មិញអ្នកគ្រូលើកត្រូវហើយ។ យើងបានរុញកញ្ចប់អប់រំនេះ សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី៣ បន្តិចទៀតសម្រាប់ថ្នាក់ទី៤, ទី៥, ទី៦, ត្រូវបន្តទៀត។ ក្រសួងអប់រំដូចរៀបចំហើយកម្មវិធីហ្នឹងនៅតែអនុវត្ត ប៉ុន្តែ​ពេលជាមួយគ្នា ខ្ញុំថាកុំចាំថ្នាក់លើយើងអាចស្រាវជ្រាវខ្លួនឯងខ្លះ។ ទោះបីជាមិនស្ដង់ដា យើងអាចនៅក្នុងពេលដែលយើងរៀនហ្នឹង ក៏អាចបន្ថែមទៅលើអ្វីដែលយើងមាន។ យើងអាចគិតគូរហ្នឹងជាការស្រាវជ្រាវខ្លួនឯង ដើម្បីយើងមានការវិវឌ្ឍទៅខ្លះ ហ្នឹងសម្រាប់សិស្សយើង និងសម្រាប់ខ្លួនយើងផង។ អត់មានអ្នកណាហាមទេ គ្រាន់តែស្ដង់ដារួមគឺត្រូវចាំក្រសួងអប់រំ ប៉ុន្តែមិនហាមឃាត់ឱ្យលោកគ្រូ អ្នកគ្រូ មិនអោយច្នៃប្រឌិតខ្លះទេ។ ឧទាហរណ៍ បង្រៀនសិស្សឧបករណ៍មិនចាំបាច់ក្រសួងអប់រំទម្លាក់៥មុខ នៅតែ៥មុខទេ ច្នៃប្រឌិត។

សូម្បីតែរៀនបំនិនមិនចាំបាច់ថាទាល់តែយកស្ដង់ដាពីក្រសួងអប់រំ។ ខ្ញុំឱ្យមើលថាមាន ២០រើសទៅ អ្នកណាធ្វើអីបានច្នៃខ្លួនឯង ធ្វើម៉េចឱ្យគាត់ចេះកិច្ចការ។ បំនិនជីវិតវាមិនមែនចេះតែមួយមុខ ចេះគ្រប់មុខ … ព្រោះ​ជាបំនិនជីវិត ដែលថាបន្ថែមទុកឱ្យភាពបត់បែនចុះ។ ប៉ុន្តែជាគោលគំនិតធំត្រូវតែមាន។ បំនិនជីវិតមានការងារសង្គមបូកជាមួយនឹងការរៀនសូត្រចំណេះដឹងទូទៅ ដែលមានកុំព្យូទ័រ និងភាសាអង់គ្លេសខ្លះៗ តែពង្រឹងភាសាខ្មែរ លោកគ្រូ អ្នកគ្រូ​។ ភាសាអង់គ្លេសក៏យើងចង់បាន ប៉ុន្តែភាសាជាតិត្រូវ​តែរឹងមាំ ពេលវេលាចំណេះដឹងទូទៅដែលរៀនពេលព្រឹកមកនេះ បូកជាមួយភាសាជាតិ និងគណិតវិទ្យាយើងនេះត្រូវមានមូលដ្ឋាន​រឹងមាំ ភាសាផ្សេងទៀតយើងនឹងបន្ថែមតាមហ្នឹង។ កុំឱ្យទៅជាភាសាអង់គ្លេស ភាសាផ្សេងៗជាភាសានាំមុខ ហើយម៉ោងតិចនេះគឺសុំរក្សា …។

អរគុណ ឪពុកម្ដាយ ដែលបានមកអង្គុយជាមួយខ្ញុំ។ អញ្ជើញមកតាំងពីម៉ោងប៉ុន្មាន? ៦។ ជូនកូនមកដាក់ហើយមកទីនេះតែម្ដង។ សូមបន្តកម្មវិធីនេះ។ អម្បាញ់មិញកុំព្យូទ័រអីខ្ញុំប្រគល់ហើយ។ សាលានៅទីនេះដើរមើលអម្បាញ់មិញខ្វះទីចាត់ការ។ បណ្ណាល័យយើងរក្សានៅទីនេះ បន្តិចទៀតខ្ញុំធ្វើទីចាត់ការឱ្យមួយខ្នង។ បន្ទប់ដែលធ្វើទីចាត់ការរាល់ថ្ងៃនេះ អាចធ្វើជាបណ្ណាល័យបន្ថែមឬមួយអីទៅ។ ថ្នាក់រៀនអម្បាញ់មិញឃើញខ្វះ ខ្ញុំជូនមួយខ្នង២ជាន់ ១២បន្ទប់​។ បណ្ណាល័យមានស្រាប់ហើយច្នៃទៅ។ សម្ភារៈភ្លេង​ ផ្យានីកា ខ្ញុំជូនមួយ set តែម្ដងអោយទាំង៥សាលា តែជូនតែសាលាបឋមទេ ព្រោះគាត់ត្រូវការ។ ឥឡូវមើលសាលា ៤២ដែលយើងដាក់ជំហានដំបូង ព្រោះ​ស្ដង់ដាហ្នឹង ស្ដង់ដាវត្តពោធិ៍ ស្ដង់ដាគ្រូ ឆេង … មើលសាលាណាដែលអត់ ឱ្យតែម្ដងទៅ។ ​ឃើញគោរពទង់ជាតិអីគាត់ធ្វើបានល្អ។ ហ្នឹងជាផ្នែកមួយនៃការអប់រំវិន័យ។ ​​​​យើងហ្នឹងអភិវឌ្ឍជាបន្តៗទៀតជាជំហាន។ ក្រៅពីហ្នឹងគឺជូនក្មួយនៅសាលានេះ ៦៥១នាក់ ម្នាក់ សៀវភៅ២ក្បាល ប៉ិច១ដើម ថវិកា១ម៉ឺនរៀល, ជូនដល់លោកគ្រូ​ អ្នកគ្រូ នៅនេះ មត្តេយ្យទាំង២១ ម្នាក់ជូន១០ម៉ឺនរៀល, ជូនវិទ្យាល័យ១០លានរៀល, សាលាបឋម១០លានរៀល, មត្តេយ្យ៥លានរៀល, បឋមដែលមកជាមួយនេះជូន៥លានរៀលដែរ ,ឱ្យស្មើគ្នាសាលាគោលដៅទាំង៥របស់ គ វ អ នៅខេត្តកំពុងឆ្នាំ laptop១០ និង projector ៤។ ដីនៅកន្លែងដីសល់ ៥២ម៉ែត្រ។ អគារមាន២ខ្នាត។ មួយខ្នាត​មួយជាន់ ៥បន្ទប់ និងមួយខ្នាតទៀតមួយខ្នាត ១ជាន់ ៦បន្ទប់ បណ្ដោយខុសគ្នា វាស់តាមស្ថានភាពជាក់ស្ដែង។ ខ្ញុំឱ្យ ​បើសិនជាដីគ្រប់យកស្ដង់ដាធំមួយជាន់ ៦បន្ទប់ ២ជាន់ ១២បន្ទប់ … ៥២ម៉ែត្រប្រហែលជាអាចបាន។ ជូនពរបងប្អូន លោកគ្រូ អ្នកគ្រូ ទាំងអស់នៅទៅនេះ ទាំងឯកឧត្តមអភិបាលនិងខាងមន្ទីរ ការិយាល័យទាំងអស់ ដែលបានចូលរួម និងបន្តជួយជ្រោមជ្រែងតទៅទៀត, ជូនពរជោជ័យទាំងអស់គ្នា ជូនពរក្មួយៗឱ្យបានជោគជ័យ រៀនពូកែទាំងអស់គ្នា៕

អត្ថបទទាក់ទង