វិភាគអន្តរជាតិ៖ ហេតុអ្វី NATO លូកដៃចូលក្នុងតំបន់អាស៊ី?
(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon រួមទាំងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles សុទ្ធតែបានបង្ហាញវត្តមាននៅឯកិច្ចប្រជុំកំពូល NATO លើកទី៧៥ នៅឯទីក្រុងវ៉ាស៊ីនតោន ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដានេះ។ នេះគឺជាលើកទី៣ជាប់ៗគ្នា ដែលមេដឹកនាំមកពីបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ Indo-Pacific Four (IP-4) ជាមួយមេដឹកនាំ NATO និងអឺរ៉ុប ចំពោះមុខការកើនឡើងការព្រួយបារម្ភថាចិនអាចនឹងបើកការវាយប្រហារលើតៃវ៉ាន់ និងការបារម្ភពីការពង្រឹងទំនាក់ទំនងរបស់រុស្ស៉ី ជាមួយចិន និងកូរ៉េខាងជើង។
នៅក្រោមអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំង ឥណ្ឌា។ តែវ៉ាស៊ីនតោនក៏ខកចិត្តមិនតិចនោះដែរចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi សម្រាប់ការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូជួបជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ប៉ុន្មានថ្ងៃមុននឹងកិច្ចប្រជុំកំពូល NATO នៅវ៉ាស៊ីនតោន ដែលលោក Modi មិនទៅចូលរួមនោះទេ។
ពិតមែនទៅ ការប្រាស្រ័យទាក់ទំនងគ្នារបស់ NATO ជាមួយអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ ឬគេស្គាល់ថា Indo-Pacific 4 (IP4) បានចាប់ផ្ដើមឡើងតាំងតែពីក្រោយ ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា លើសហរដ្ឋអាមេរិកមកម្ល៉េះ ដោយនៅពេលនោះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនៅអាហ្វហ្កានីស្ថាន និងបេសកកម្មប្រឆាំងចោរសមុទ្រ នៅមហាសមុទ្រឥណ្ឌា។ រហូតដល់ដើមទសវត្សរ៍ឆ្នាំ២០១០ ទើប NATO បានចុះកិច្ចព្រមព្រៀងភាពដៃគូផ្លូវការជាមួយ IP4 ហើយកិច្ចប្រជុំ IP4 បានធ្វើឡើងជាលើកដំបូង ក្នុងឆ្នាំ២០១៦ ជាមួយ ការផ្តោតលើកង្វល់រួមស្ដីពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្រោយមកទៀត ភាពជាដៃគូរវាង NATO និង IP4 ត្រូវបានដំឡើងកម្រិតដោយមានការចូលរួមជាលើកដំបូងពីមេដឹកនាំ មកពីប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំង៤ ក្នុងទីក្រុងម៉ាឌ្រីដកាលពីឆ្នាំ២០២២ ព្រមទាំងកិច្ចប្រជុំ NATO ក្នុងទីក្រុងវីលនីញូសឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន។ តាមរយៈ ភាពជាដៃគូរវាង NATO និង IP4 គេមើលឃើញកាន់តែច្បាស់ថា NATO កាន់តែពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ី។
ក៏ប៉ុន្តែថាតើមានមូលហេតុអ្វីទៅដែលជំរុញឱ្យ NATO លូកដៃចូលក្នុងតំបន់អាស៊ី? សម្រាប់សហរដ្ឋអាមេរិក គេមិនពិបាកឆ្លើយទេ ពោលគឺអាមេរិកត្រូវការការចូលរួមរបស់ NATO ដើម្បីជួយខ្លួន ក្នុងការប្រជែងជាមួយចិន ក្នុងតំបន់អាស៊ី។ រីឯ NATO វិញ ត្រូវលូកដៃចូលក្នុងតំបន់អាស៊ី ពីព្រោះពួកគេចង់បានការប្ដេជ្ញាចិត្តពីអាមេរិក ដើម្បីការពារពួកគេទប់ទល់ជាមួយរុស្ស៉ីនៅអឺរ៉ុប។ ខណៈ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក នោះគឺចិន ប្រទេសដទៃទៀតជាសម្ព័ន្ធមិត្ត NATO ត្រូវការ ជាចំាបាច់នូវការធានាមួយថាសហរដ្ឋអាមេរិកនឹងនៅតែបន្តប្ដេជ្ញាចិត្តលើសន្តិសុខរបស់ពួកគេ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។
ម្លោះហើយ ប្រទេសជាសមាជិក NATO មួយចំនួនអាចយល់ថាមានតែពង្រីកតួនាទីរបស់បក្សសម្ព័ន្ធយោធាមួយនេះនៅក្នុងតំបន់អាស៊ីទេ ទើបអាចបញ្ចុះបញ្ចូលឱ្យវ៉ាស៊ីនតោន គិតថា NATO នៅតែ មានប្រយោជន៍ចំពោះអាមេរិក។ ការយល់ឃើញបែបនេះឯងត្រូវបានក្រុមអ្នកវិភាគខ្លះមើលឃើញថាជាមូលហេតុនៅពីក្រោយការសម្រេចចិត្តមួយ កាលពីឆ្នាំ២០១៩ អំឡុងអាណត្តិជាប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ ក្នុងការលើកឈ្មោះ «ចិនចំៗ» ជាលើកដំបូង ក្នុងសេចក្ដីថ្លែងការណ៍មួយនៃកិច្ចប្រជុំកំពូល NATO។ កាន់តែច្បាស់ជាងនេះទៅទៀត ក្នុងឆ្នាំ២០២២ យុទ្ធសាស្ត្រមួយរបស់ NATO ឬ Nato Strategic Concept បានព្រមានថាចិនអាចបង្កបញ្ហាប្រឈមជាលក្ខណៈប្រព័ន្ធដល់សណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ជាមូលដ្ឋាន។ លោក ដូណាល់ ត្រាំ ដែលបច្ចុប្បន្ន ជាបេក្ខជនប្រធានាធិបតីត្រូវបានសន្មត់ថានឹងតំណាងឱ្យបក្សសាធារណរដ្ឋរួចជាស្រេច និងដែលធ្លាប់បានបង្ហាញពីចេតនាមិនចូលចិត្ត NATO ដោយឥតលាក់លៀម ក្នុងពេលកំពុងកាន់អំណាច បានចាត់ទុកចិន ដោយមើលរំលងរុស្ស៉ីថាជាសត្រូវយុទ្ធសាស្ត្រទី១របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ខណៈរដ្ឋបាលលោក ចូ បៃដិន បាន និងកំពុងជំរុញឱ្យសម្ព័ន្ធមិត្ត NATO ក្នុងតំបន់អឺរ៉ុបបង្កើនការចូលរួមក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០២១មក កិច្ចពិភាក្សាជាមួយប្រទេស ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំង៤ នៅលើកនេះ គឺត្រូវងាកទៅផ្ដោតថាតើប្រទេសទាំងនេះអាចជួយអ្វីខ្លះ ឬតើត្រូវជួយអ៊ុយក្រែនវិញដោយរបៀបណា៕ ប្រភព៖ Fresh News